ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៦ ឯកសារ​គ្រូបង្រៀន ៖ ការស្គាល់ និង​ការព្យាបាល​ពី​ការរំលោភ​បំពាន


« មេរៀន​ទី ២៦ ឯកសារ​គ្រូបង្រៀន ៖ ការស្គាល់ និង​ការព្យាបាល​ពី​ការរំលោភ​បំពាន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២៦ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀនទី ២៦ ឯកសារ​គ្រូបង្រៀន

ការស្គាល់ និង​ការព្យាបាល​ពី​ការរំលោភ​បំពាន

ព្យាការី និង​សាវក​បាន​ព្រមាន​ថា « បុគ្គល​ណា​ដែល … បាន​ធ្វើបាប​ភរិយា ឬ​កូនចៅ … គង់តែ​ថ្ងៃ​ណាមួយ​នឹង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​ពី​របៀប​ស្គាល់ និង​ឆ្លើយតប​ចំពោះ​ស្ថានភាព​នៃ​ការរំលោភ​បំពាន ។ សិស្ស​ក៏​នឹង​ពិភាក្សា​ពី​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ការប្រទាន​នូវ​ការព្យាបាល​ដល់​អស់អ្នក​ដែល​បាន​រងគ្រោះ​ដោយសារ​ការរំលោភ​បំពាន​ផងដែរ ។

កំណត់​ចំណាំ ៖ អ្នក​អាច​មាន​សិស្ស​ដែល​បាន​រងគ្រោះ​ដោយ​ការរំលោភ​បំពាន ។ ដោយសារ​លក្ខណៈ​ដ៏​រសើប និង​ប្រឈម​នៃ​ការរំលោភបំពាន នោះ​ផ្នែកខ្លះ​នៃ​មេរៀន​នេះ​អាច​បណ្តាល​ឲ្យ​សិស្ស​ដែល​ជា​ជនរងគ្រោះ​នៃ​ការរំលោភ​បំពាន​មាន​ប្រតិកម្ម​ផ្លូវចិត្ត ជាពិសេស​អ្នក​ដែល​មិន​បាន​និយាយ​អំពីវា ។ អ្នក​គួរ​អនុញ្ញាត​ឲ្យ​សិស្ស​ដឹង​ជាមុនថា ប្រសិន​បើ​ពួកគេ​ណាម្នាក់​ពុំ​មាន​ភាព​ស្រណុក​ចិត្ត​ក្នុង​ការចូលរួម​រៀន​មេរៀន​នេះទេ នោះ​ពួកគេ​អាច​ពិភាក្សា​ជាមួយ​អ្នក​សម្រាប់​ការរៀបចំ​ផ្សេងទៀត​បាន ។ សូមពិចារណា​ពី​បទពិសោធន៍​រៀនសូត្រ​ដ៏​មានន័យ​មួយទៀត ដែល​អ្នក​អាចអញ្ជើញ​ពួកគេ​ឲ្យចូលរួម​នៅ​ក្រៅ​ថ្នាក់រៀន ។

ប្រសិនបើ​សិស្ស​ទំនងជា​និយាយ​ជាមួយ​នឹង​អ្នក​អំពី​ការពាក់ព័ន្ធ​ផ្ទាល់ខ្លួន ឬ​ជាគ្រួសារ​ជាមួយ​នឹង​ការ​រំលោភបំពាន នោះ​អ្នក​គួរតែ​ពន្យល់​ដោយ​ប្រុងប្រយ័ត្ន​ថា អ្នក​ត្រូវ​រាយការណ៍​ពី​ការចោទ​ប្រកាន់​គ្រប់​ប្រភេទ​ទាំងអស់​នៃ​ការរំលោភ​បំពាន​តាមរយៈ​ទូរសព្ទ​ទៅកាន់​ផ្នែក​ជំនួយ ឬ​ក្រុមប្រឹក្សា​ច្បាប់​ប្រចាំ​តំបន់​របស់​សាសនាចក្រ ។ សូម​មានភាព​អត់ធ្មត់ ប្រុងប្រយ័ត្ន ធានា និង​យល់ដឹង ពេល​អ្នក​ដឹកនាំ​សិស្ស​ទៅរក​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​គាត់​ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នេះ ។ សូម​ធ្វើតាម​ច្បាប់​ក្នុងមូលដ្ឋាន​ស្ដីពី​ការទទួល​ខុសត្រូវ​សម្រាប់​ការរាយការណ៍​អំពី​ការរំលោភ​បំពាន ។

យោបល់​សម្រាប់​ការបង្រៀន

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ប្រយ័ត្ន​ចំពោះ​សេចក្ដី​ត្រូវការ និង​អារម្មណ៍​របស់​សិស្ស ។ វិធី​ដែល​អ្នក និង​សិស្ស​របស់​អ្នក​ពិភាក្សា​គ្នា​អំពី​ការរំលោភ​បំពាន​អាច​បង្កើន​ការឈឺចាប់ ឬ​ក៏​អាច​ផ្ដល់នូវ​សេចក្ដី​សង្ឃឹម ។ អ្នក​គួរតែពិភាក្សា​ជាមួយនឹង​សិស្ស​អំពី​ហេតុផល​សំខាន់​ដើម្បី​ស្វែងយល់ និង​យកចិត្តទុកដាក់​ចំពោះ​ការឈឺចាប់ និង​ការរងទុក្ខ​ដែល​ជនរងគ្រោះ​នៃ​ការរំលោភ​បំពាន​ដកពិសោធន៍ ។ នៅពេល​អ្នកគិត​ពី​របៀបដែល​អ្នក​នឹងដឹកនាំ​ការពិភាក្សា​នេះ នោះ​អ្នកអាច​រកឃើញ​ថា​វាមាន​ប្រយោជន៍​ដើម្បី​អាន « How Can I Support Someone Who Has Been Abused? » ( នៅលើ​គេហទំព័រ abuse.ChurchofJesusChrist.org ) ។

អស់​អ្នក​ដែល​រំលោភ​បំពាន​លើ​មនុស្ស​ដទៃ​នឹង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះ ។

សូមដាក់បង្ហាញ​សេចក្ដីថ្លែងការណ៍​ដូចតទៅ​នេះ​មកពី « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ៖ បុគ្គល​ណា​ដែល​បាន​ធ្វើបាប​ភរិយា ឬ​កូនចៅ​គង់តែ​ថ្ងៃ​ណាមួយ​នឹង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះ ( សូមមើល​ផង​ដែរ វិវរណៈ ២០:១២–១៣; នីហ្វៃទី២ ៩:១៥–១៧ ) ។

សូម​ទុកពេល​ឲ្យ​សិស្ស​ពីរបីនាទី​ដើម្បី​រំឭក ផ្នែក​ទី ១ និង​ទី ២ នៃ​ឯកសារ​រៀបចំខ្លួន ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​សំណួរ ឬ​ចំណាប់អារម្មណ៍​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​បាន​សិក្សា​ផ្នែក​ទាំងនេះ ។ ប្រសិន​បើ​ចាំបាច់ អ្នក​អាច​នឹង​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្វី​ជា​ការរំលោភ​បំពាន ? តើ​គោលការណ៍​នៃ​ដំណឹងល្អ​អ្វី​ខ្លះ​ត្រូវ​បាន​រំលង នៅពេល​មាន​ការរំលោភ​បំពាន​កើតឡើង​នោះ ?

  • តើ​បម្រាម និង​យោបល់​អ្វីខ្លះ​សំខាន់​ចំពោះ​អ្នក​នៅ​ក្នុង​ផ្នែកទាំងនេះ​នៃ​ឯកសារ​រៀបចំ ?

  • តើ​អ្នក​មាន​គំនិត​អ្វីខ្លះ កាល​អ្នក​ពិនិត្យមើល​សញ្ញា​រួម​នៃ​ការរំលោភ​បំពាន ?

  • តើ​មនុស្ស​ម្នាក់​ដែល​ស្ថិត​នៅក្នុង​ស្ថានភាព​រំលោភ​បំពាន​អាច​ស្វែងរក​ជំនួយ​ដោយ​សុវត្ថិភាព​ដោយ​របៀបណា ? ប្រសិនបើ​អ្នក​ដឹង​ពី​ស្ថានភាព​រំលោភ​បំពាន​មួយ តើ​អ្នក​អាច​រាយការណ៍​ពី​រឿង​នោះ​ដោយ​សុវត្ថិភាព​ដោយ​របៀបណា ? ( សូម​ពិចារណា​ចំណាយពេល​ជួយ​សិស្ស​ឲ្យ​ស្វែង​រក​ធនធាន​ដើម្បី​រាយការណ៍​អំពី​ការរំលោភ​បំពាន ។ ឧទាហរណ៍ សូមមើល « In Crisis? Talk Now » [ នៅលើ​គេហទំព័រ​abuse.ChurchofJesusChrist.org ] ) ។

ព្រះយេស៊ូវ​គ្រីស្ទ​អាច​ព្យាបាល​អស់​អ្នក​ដែល​រងទុក្ខ​ដោយ​ការរំលោភ​បំពាន​បាន ។

សូមពិចារណា​បង្ហាញ​ផ្នែកទីមួយ​នៃ​វីដេអូ « Living with the Pain of Childhood Abuse » ( លេខ​កូដម៉ោង ០:០០–២:២៧ ) ។ ពីមុន​បង្ហាញ​ពី​វីដេអូនេះ សូម​ពន្យល់​ថា វីដេអូ​នេះ​ប្រាប់​ពី​ដំណើររឿង​ពិត​នៃ​អ្នកដែល​បាន​ឆ្លងកាត់​ការរំលោភ​បំពាន​ម្នាក់​ឈ្មោះ អេរីន ។ សូម​ឲ្យ​សិស្ស​រកមើល​របៀប​ដែល​អេរីន​បាន​រងគ្រោះ​ដោយសារ​ការរំលោភ​បំពាន​ដែល​នាង​បាន​ដក​ពិសោធន៍​នេះ ។

សូម​ពិចារណា​សួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ការព្យាបាល​ពី​ការរំលោភ​បំពាន​កើតឡើង​ដោយ​របៀបណា ? ( ប្រសិន​បើ​ចាំបាច់ នោះ​អ្នក​គួរតែ​រំឭក សេចក្ដី​ថ្លែងការណ៍​ទីពីរ​ដោយ​អែលឌើរ រីឆាដ ជី ស្កត នៅក្នុង​ផ្នែក​ទី ៣ នៅក្នុង​ឯកសារ​រៀបចំ ) ។

  • តើ​អ្នក​នឹង​ចែកចាយអ្វីខ្លះ​ជាមួយ​នឹង​មិត្តម្នាក់​ដូចជា អេរីន ដែល​កំពុង​ពុះពារ​នឹង​ឥទ្ធិពល​នៃ​ការរំលោភ​បំពាន ? តើ​មាន​រឿង​មួយ​ចំនួន​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​វា​ពិបាក​ក្នុង​ការព្យាបាល​ពី​ការរំលោភ​បំពាន ?

សូម​អាន អេសាយ ៦១:១–៣ រួមគ្នា ហើយ​កំណត់​ពី​សេចក្ដីពិត​ដែល​អាច​មានន័យ​ចំពោះ​ជនរងគ្រោះ​នៃ​ការរំលោភ​បំពាន ( សូមមើល​ផង​ដែរ នីហ្វៃទី ២ ២:១–២ ) ។ ក្នុង​ចំណោម​សេចក្ដីពិត​ផ្សេងៗ​ទៀត សិស្ស​អាច​នឹង​ស្គាល់​សេចក្ដីពិត​មួយ​ដែល​ស្រដៀងគ្នា​នឹង​សេចក្ដីពិត​ដូចតទៅ​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​ព្យាបាល​ដួង​ចិត្ត​ខ្ទេចខ្ទាំ ហើយ​លួងលោម​ចិត្ត​អស់​អ្នក​ដែល​ទួញយំ​ទាំងអស់ ។

  • តើ​អ្នក​បានធ្វើ​អ្វីខ្លះ ដើម្បី​នាំមក​នូវ​ការលួងលោម ជំនួយ និង​ការព្យាបាល​មកពី​ព្រះអង្គ​សង្គ្រោះ ទោះ​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ជំនួស​ភាពសោកសៅ ឬ​ភាពអស់​សង្ឃឹម​ដោយ​ភាព​ស្រស់ស្អាត​នៅ​ក្នុង​ជីវិត​តាម​របៀប​ណា ?

ប្រសិន​បើ​អ្នក​បង្ហាញ​ផ្នែក​ទីមួយ​នៃ​វីដេអូ « Living with the Pain of Childhood Abuse » កាលពី​មុន នោះ​សូម​បង្ហាញ​ផ្នែកនៅសល់​ឥឡូវ​នេះ ( លេខ​កូដម៉ោង ២:២៧–៤:៥០ ) ។ សូម​ស្នើសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ដល់អេរីន ។

  • តើ​អ្វីទៅ​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​អត់ធ្មត់ និង​ស្មោះត្រង់ នៅពេល​ឆ្លងកាត់​ពេលវេលា​នៃ​ការព្យាបាល ?

សូម​ឲ្យ​សិស្ស​មាន​ពេល​ពីរបី​នាទី​ពិចារណា​ពី​របៀប​ដែល​ការបង្រៀន​នៅ​ក្នង​មេរៀន​នេះ អាច​ជះឥទ្ធិពល​ដល់​ជីវិត​របស់​ពួកគេ​នាពេល​បច្ចុប្បន្ន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​កត់ត្រា​ចំណាប់​អារម្មណ៍​ណាមួយ ដែល​ពួកគេ​អាច​ទទួល​បាន ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ការជួយ​អស់​អ្នក​ដែល​បាន​រងគ្រោះ​ដោយសារ​ការរំលោភ​បំពាន ។ អ្នក​អាច​បង្ហាញ​វីដេអូ « The Prince of Peace » ( ២:៣២ ) ដែល​មាន​សេចក្ដីយោង​នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ។

សម្រាប់​ពេល​ក្រោយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​វិធី​ដែល​ពួកគេ​ធ្លាប់​ឃើញ​សាតាំង និង​មនុស្ស​ដទៃ​ទៀត​កំពុង​ខិតខំ​បំផ្លាញ​គ្រួសារ ។ នៅពេល​ពួកគេ​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​លើកក្រោយ សូម​លើកទឹក​ចិត្តសិស្ស​ឲ្យ​មើល​រក​លទ្ធផល​នៃ​ការបែកបាក់​ក្រុម​គ្រួសារ​នៅ​ក្នុង​សង្គម ហើយ​ពិចារណា​ពីអ្វី​ដែល​ពួកគេ​អាចធ្វើ​បាន​ដើម្បី​ការពារ​ការបង្រៀន​របស់​ព្រះអម្ចាស់​អំពី​គ្រួសារ ។