ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១២ ឯកសារ​គ្រូបង្រៀន ៖ ការបីបាច់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍


« មេរៀន​ទី ១២ ឯកសារ​គ្រូបង្រៀន ៖ ការបីបាច់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១២ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

មេរៀន​ទី ១២ ឯកសារ​គ្រូបង្រៀន

ការបីបាច់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ជួយ​យើង​ឲ្យ​ស្ថាបនា​អាពាហ៍ពិពាហ៍​ដ៏រីករាយ និង​ដ៏នៅ​អស់កល្ប​ជានិច្ច ។ ដោយ​ប្រើប្រាស់​ការប្រឹក្សា​របស់​ព្យាការី និង​ការបង្រៀន ក៏ដូចជា​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ សិស្ស​នឹង​រកឃើញ​របៀប​ដែល​ពួកគេ​អាច​បីបាច់​អាពាហ៍ពិពាហ៍​នាពេល​បច្ចុប្បន្ន ឬ​នាពេល​អនាគត​របស់​ពួកគេ ។ សិស្ស​ក៏នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​កំណត់​ពី​របៀប ដើម្បី​នៅជាប់​នឹង​ស្វាមី ឬ​ភរិយា​របស់​ពួកគេ​ដោយ​ស្មោះត្រង់​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

យើង​អាច​បីបាច់​អាពាហ៍ពិពាហ៍​របស់​យើង​បាន តាមរយៈ​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​រំពឹង​ថា​សិស្ស​នឹង​បំពេញ​តួនាទី​របស់​ពួកគេ ជា​អ្នករៀនសូត្រ ។ « វិញ្ញាណ​នៃ​គោលបំណង​មួយ​មាន​នៅក្នុង​ថ្នាក់រៀន ជា​កន្លែង​ដែល​គ្រូបង្រៀន​រំពឹង​ចង់​ឲ្យ​សិស្ស​បំពេញ​តួនាទី​របស់​ពួកគេ​ក្នុង​នាម​ជា​អ្នករៀន ហើយ​ជួយ​ពួកគេ​ឲ្យ​ធ្វើ​បែប​នោះ ហើយជា​កន្លែង​ដែល​សិស្ស​ត្រូវ​បាន​ទុកចិត្ត​ដើម្បី​ចែកចាយ​តាម​របៀប​ដ៏​សំខាន់ » ( ការបង្រៀន និង ការរៀនសូត្រ​ដំណឹងល្អ ៖ ក្បួនខ្នាត​សម្រាប់​គ្រូបង្រៀន និង អ្នកដឹកនាំ​ទាំងឡាយ​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា [ ឆ្នាំ ២០១២ ] ទំព័រ ១៥ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ក្នុង សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​ពី​គំរូ​របស់​គូស្វាមី​ភរិយា​ដែល​ពួកគេ​ស្គាល់ ដែល​មាន​អាពាហ៍ពិពាហ៍​ដ៏រីករាយ ។

សូម​រៀបចំ​សិស្ស​ឲ្យធ្វើការ​ជា​ក្រុម​តូចៗ ហើយ​ចាត់តាំង​ឲ្យ​មាន​មេក្រុម​ម្នាក់​សម្រាប់​ក្រុម​នីមួយៗ ។ សូម​ផ្ដល់​ដល់​ក្រុម​នីមួយៗ​នូវ​ច្បាប់​ចម្លង​សំណៅ​ចែក​ដូច​ខាង​ក្រោម អាន​ការណែនាំ​រួមគ្នា ហើយ​បន្ទាប់មក សូម​ឲ្យ​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​សកម្មភាព​នេះ​ឲ្យ​ចប់ ។ ( ប្រសិនបើ​មាន​ពេលវេលា អ្នក​ក៏អាច​អញ្ជើញ​ក្រុម​ទាំងឡាយ​ឲ្យ​ចុះផ្សាយ​ប្លក់ ឬ​វីដេអូ​របស់​ពួកគេ នៅក្នុង​អំឡុងពេល​សកម្មភាព​នេះ ហើយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​វា​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ) ។

គោលការណ៍​សំខាន់ៗ​ដើម្បី​បីបាច់​អាពាហ៍ពិពាហ៍​ដ៏រីករាយ និងដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ

ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច—មេរៀន​ទី ១២

សូម​ស្រមៃ​ថា ក្រុម​របស់​អ្នក​នឹង​សរសេរ​ប្លក់​មួយ​ដើម្បី​ចុះផ្សាយ ឬ​បង្កើត​វីដេអូ​មួយ ដែល​មាន​ចំណងជើង​ថា « គោលការណ៍​សំខាន់ៗ​ដើម្បី​បីបាច់​អាពាហ៍ពិពាហ៍​ដ៏រីករាយ និង​ដ៏នៅ​អស់កល្ប​ជានិច្ច​មួយ » ។ គោលការណ៍​ទាំងឡាយ​សម្រាប់​ការចុះផ្សាយ​ប្លក់ ឬ​វីដេអូ​របស់​អ្នក គួរតែ​ទាញ​ចេញ​មកពី ផ្នែក​ទី ១ និង ២ នៃ​ឯកសារ​រៀបចំ ឬ​ចេញពី​ព្រះគម្ពីរ ។ ដោយសារ​អ្នក​មិន​អាច​លើកឡើង​ពី​ចំណុច​សំខាន់ៗ​ទាំងឡាយ​នៅក្នុង​ការចុះផ្សាយ​ប្លក់ ឬ​វីដេអូ​របស់​អ្នក​បាន​តែម្ដង​ឲ្យអស់ នោះ​សូម​សម្រេច​ចិត្ត​ពី​របៀប​ដ៏សំខាន់​បំផុត​ចំនួន​ប្រាំ​យ៉ាង ដើម្បី​បំពេញ​គោលការណ៍​ដូច​តទៅ​នេះ ៖ ស្វាមី និង​ភរិយា​អាច​បីបាច់​អាពាហ៍ពិពាហ៍​ដ៏រីករាយ និងដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ​បាន តាមរយៈ …

ឧទាហរណ៍ ៖

ស្វាមី និង​ភរិយា​អាច​បីបាច់​អាពាហ៍ពិពាហ៍​ដ៏រីករាយ និងដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ​បាន តាមរយៈ​ការធ្វើតាម​គំរូ​នៃ​សេចក្ដី​ស្រឡាញ់ និង​ការលះបង់​ដ៏សុចរិត​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល អេភេសូរ ៥:២៥, ២៨–៣១ ) ។

សំណួរ​នៅ​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​សម្រេច​ថា គោលការណ៍​ណាមួយ​ដែល​ត្រូវ​ដាក់​បញ្ចូល ៖

  • ហេតុអ្វី​បានជា​គោលការណ៍​នេះ​គួរតែ​ដាក់​បញ្ចូល​នៅក្នុង​ការចុះផ្សាយ​ប្លក់ ឬ​វីដេអូ​របស់​យើង ? តើ​ការរស់នៅ​តាម​គោលការណ៍​នេះ​រួម​ចំណែក​ដល់​អាពាហ៍ពិពាហ៍​ដ៏រីករាយ និង​យូរអង្វែង​តាម​របៀប​ណា ?

  • តើ​គូស្វាមី​ភរិយា​ដែល​បាន​រៀបការ​ដ៏រីករាយ ដែល​យើង​បាន​ជជែក​គ្នា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់ បាន​លើកឡើង​ពី​គោលការណ៍​នេះ​ដែរ​ឬទេ ? ប្រសិនបើ​ពួកគេ​បាន​លើកឡើង តើ​ពួកគេ​បាន​ចែកចាយ​អ្វីខ្លះ​អំពី​វា ?

គោលការណ៍​សំខាន់ៗ​ដើម្បី​បីបាច់​អាពាហ៍ពិពាហ៍​ដ៏រីករាយ និងដ៏​នៅ​អស់កល្ប​ជានិច្ច​មួយ

រូបភាព
សំណៅ​ចែក​របស់​គ្រូបង្រៀន

ក្រោយពី​ក្រុម​ទាំងឡាយ​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​កំណត់ និង​កត់ត្រា​គោលការណ៍​ទាំងប្រាំ​រួចហើយ សូម​ឲ្យពួកគេ​សរសេរ​គោលការណ៍​ចំនួន​បី​សំខាន់​បំផុត​នៅលើ​ក្ដារខៀន ( ឬ​ឲ្យ​ពួកគេ​ចែកចាយ​ការចុះផ្សាយ​ប្លក់ ឬ​វីដេអូ​របស់​ពួកគេ ) ។ បន្ទាប់ពី​កំណត់​គោលការណ៍​ទាំងឡាយ​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ចេញពី​បទពិសោធន៍​នេះ ។ នៅពេល​ពួកគេ​ចែកចាយ សូម​ពិចារណា​សួរ​សំណួរ​ដែល​ស្រដៀងគ្នា​ទៅនឹង​សំណួរ​ដូច​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ដ៏មាន​ប្រសិទ្ធភាព និង​សុចរិត ។

  • តើ​អ្នក​បាន​ឃើញ​គោលការណ៍​នេះ​អនុវត្ត​ជា​សកម្មភាព​នៅពេល​ណា​ដែរ ? តើ​អ្នក​បាន​សង្កេត​ឃើញ​អ្វីខ្លះ ?

  • តើ​ព្រះជន្ម និង​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ពង្រីក​ការយល់ដឹង​របស់​អ្នក​អំពី​គោលការណ៍​នេះ​ដោយ​របៀប​ណា ?

  • ប្រសិនបើ​អ្នក​នៅលីវ តើ​អ្នក​អាច​អនុវត្ត​គោលការណ៍​នេះ​តាម​របៀប​ណាខ្លះ ដើម្បី​ជួយ​រៀបចំ​អ្នក​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏រីករាយ​មួយ ?

  • ប្រសិនបើ​អ្នក​បាន​រៀបការ​រួចហើយ តើ​ការអនុវត្ត​គោលការណ៍​នេះ​នៅក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក អាច​ដឹកនាំ​ទៅរក​សុភមង្គល​កាន់តែ​ខ្លាំង​ឡើង​តាម​របៀប​ណា ?

បន្ទាប់ពី​មាន​ការពិភាក្សា​ដ៏មាន​អត្ថន័យ​មួយ​រយៈ​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​សកម្មភាព​ជាក់លាក់​មួយ ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​ដ៏រីករាយ​មួយ ឬ​ដើម្បី​បីបាច់​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង ។

ស្វាមី និង​ភរិយា​ត្រូវ​នៅ​ជាប់​នឹង​គ្នា​ទៅវិញ​ទៅមក ។

ប្រសិនបើ​អាច​ធ្វើ​បាន សូម​បង្ហាញ​ក្លីប​វីដេអូ​ខាងក្រោម​នេះ​មកពី​ប្រធាន រ័សុល អិម ណិលសុន ដែល​បាន​ចែកចាយ​ពី​បទពិសោធន៍​មួយ ដែល​លោក​បាន​សង្កេត​ឃើញ​ពី​គូស្វាមី​ភរិយា​រៀបការ​ហើយ​មួយគូ​នៅលើ​យន្ដហោះ ( សូម​មើល​ពី​លេខ​កូដ​ពេលវេលា ០:២៤ ដល់ ១:៥០ ) ។ ក្លីប​វីដេអូ​នេះ​គឺ​មកពី​សុន្ទរកថា « Nurturing Marriage » ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣៦ ) ។

ប្រសិនបើ​មិន​មាន​វីដេអូ ឬ​ការថត​សំឡេង​ទេ នោះ​សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​រួមគ្នា ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

នៅពេល​ពួកយើង​ធ្វើ​ដំណើរ​ទូទាំង​ពិភពលោក នោះ​ពេលខ្លះ យើង​ឃើញ​ស្ថានភាព​ដ៏គួរឲ្យ​បារម្ភ​មួយ​ចំនួន ។ នៅលើ​ជើង​ហោះហើរ​នាពេល​ថ្មីៗ​នេះ​មួយ ខ្ញុំ​បាន​អង្គុយ​ពីក្រោយ​ស្វាមី និង​ភរិយា​មួយគូ ។ ច្បាស់ណាស់ នាង​ស្រឡាញ់​ស្វាមី​របស់​នាង ។ នៅពេល​នាង​អង្អែល​កញ្ចឹង​ក​របស់​គាត់ ខ្ញុំ​អាច​មើលឃើញ​ចិញ្ចៀន​រៀបការ​របស់​នាង ។ នាង​បាន​អង្គុយ​កៀក​នឹង​គាត់ ហើយ​ដាក់​ក្បាល​នាង​នៅលើ​ស្មា​គាត់ ដោយ​ចង់បាន​ភាពជិតស្និទ្ធ​នឹងគ្នា ។

ផ្ទុយ​ស្រឡះ​ទៅវិញ គាត់​ហាក់​ដូចជា​ភ្លេច​ពី​វត្តមាន​របស់​នាង​ទាំងស្រុង ។ គាត់បាន​ផ្ដោត​អារម្មណ៏​ទៅលើ​ប្រដាប់​លេង​ហ្គេម​អេឡិចត្រូនិច​តែប៉ុណ្ណោះ ។ អំឡុងពេល​នៃ​ការហោះហើរ​ទាំងមូល គាត់​គិតតែ​ពីសម្លឹង​មើល​ឧបករណ៍​នោះ​ឥតដាក់​ភ្នែក ។ គាត់​មិន​បាន​មើលទៅ​នាង និយាយ​រក​នាង ឬ​ដឹង​ថា​នាង​ចង់ឲ្យ​គាត់​កៀកកើយ​នឹង​គាត់​សូម្បីតែ​ម្ដង ។

ការមិន​យកចិត្ត​ទុកដាក់​របស់​គាត់​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ចង់​ស្រែក​ឲ្យថា ៖ « សូម​បើក​ភ្នែក​របស់​លោក​ផង លោកប្រុស ! តើ​លោក​មិន​ឃើញ​ទេ​ឬ ? សូម​យកចិត្ត​ទុកដាក់​បន្ដិច​មើល ! ភរិយា​របស់​លោក​ស្រឡាញ់​លោក ! នាង​ត្រូវការ​លោក ! »

ខ្ញុំ​មិន​ដឹង​អ្វីច្រើន​ពី​ពួកគេ​ឡើយ ។ ខ្ញុំ​ក៏មិន​បាន​ជួប​នឹង​ពួកគេ​តាំងពី​ពេល​នោះ​មក ។ ប្រហែល​ខ្ញុំ​បារម្ភ​ហួសហេតុ​ពេក ។ ហើយ​វា​អាច​ថា ប្រសិនបើ​បុរស​នេះ​ដឹងពី​កង្វល់​របស់​ខ្ញុំ​សម្រាប់​ពួកគេ នោះ​គាត់​អាច​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​ខ្ញុំ ដែល​ខ្ញុំមិន​ដឹង​ពី​របៀប​ប្រើប្រាស់​ឧបករណ៍​លេង​ហ្គេម​ដ៏រំភើប​បែប​នោះ ។ ( « Nurturing Marriage » ទំព័រ ៣៦ )

  • តើ​អាកប្បកិរិយា​របស់​ស្វាមី​នេះ​មាន​បញ្ហា​អ្វីខ្លះ​នៅក្នុង​ស្ថានភាព​នេះ ?

  • តើ​មាន​អ្វីខ្លះ​ដែល​អាច​ជ្រៀតជ្រែក​ដល់​ទំនាក់ទំនង​ស្វាមី​ភរិយា និង​ការបីបាច់​អាពាហ៍ពិពាហ៍​របស់​ពួកគេ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:២២ ឲ្យ​ឮៗ ។ សូម​សង្កត់​ធ្ងន់​ថា ស្វាមី និង​ភរិយា​ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ឲ្យអស់ពី​ដួងចិត្ត​របស់​ពួកគេ ហើយ​នៅ​ជាប់​នឹង​គ្នា​ទៅវិញ​ទៅមក តែ​ពីរនាក់​ប៉ុណ្ណោះ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ​មួយ ឬ​ច្រើន ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់ពី​គោលការណ៍​នេះ​បាន​កាន់តែ​ស៊ីជម្រៅ ។

  • តើ​ការនៅ​ជាប់​នឹង​ស្វាមី ឬ​ភរិយា​របស់​អ្នក ហើយ « គ្មាន​នរណា​ទៀត​ឡើយ » មាន​ន័យយ៉ាង​ដូចម្ដេច ? ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:២២ ) ។ ( អ្នក​អាច​ចង់​ពិនិត្យ​ឡើងវិញ​ក្នុង សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។ ហេតុអ្វី​បានជា​ការនៅ​ជាប់​នឹង​គ្នា គឺជា​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏មាន​អានុភាព ?

  • តើ​មាន​របៀប​ផ្សេងទៀត​អ្វីខ្លះ ដែល​ភក្ដីភាព​នៅក្នុង​អាពាហ៍ពិពាហ៍ ( ភាពស្មោះត្រង់​ចំពោះ​ស្វាមី ឬ​ភរិយា​របស់​អ្នក ) អាច​រង​ការប្រឈម ? តើ​ស្វាមី​ភរិយា​អាច​ការពារ​ខ្លួន​របស់​ពួកគេ​ពី​ភាពមិន​ស្មោះត្រង់​តាម​គ្រប់​ទម្រង់ នៅក្នុង​អាពាហ៍ពិពាហ៍​ដោយ​របៀប​ណា ? ( សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រំំឭក​សេចក្ដី​ថ្លែងការណ៍​ដោយ អែលឌើរ អិល វិតនី ក្លេតុន និង ប្រធាន ណិលសុន នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ) ។

  • តើ​គូស្វាមី​ភរិយា​ដែល​បាន​រៀបការ​រួចហើយ អាច​រក្សា​តុល្យភាព និង​បង្កើត​គម្លាត​សម្រាប់​ចំណាប់​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ខណៈពេល​ដែល​នៅតែអាច​បីបាច់ និង​ថែទាំ​ដោយ​សមរម្យ​ដើម្បី​ឲ្យមាន​ភក្ដីភាព​ទាំងស្រុង​ចំពោះ​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​មាន​ពេលវេលា​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ដែល​ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​ពិចារណា​នៅក្នុង ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ ៖

  • តើ​អ្នក​ត្រូវ​ធ្វើការ​កែតម្រូវ​អ្វីខ្លះ​នៅពេល​នេះ ដើម្បី​រៀបចំ​ខ្លួន​ឲ្យបាន​កាន់តែ​ប្រសើរ ដើម្បី​នៅ​ជាប់​នឹង​អនាគត​ស្វាមី ឬ​ភរិយា​របស់​អ្នក ឬ​ដើម្បី​នៅ​ជាប់​ឲ្យបាន​កាន់តែ​ពេញលេញទៅ​នឹង​ស្វាមី ឬ​ភរិយា​របស់​អ្នក ប្រសិនបើ​អ្នក​រៀបការ​រួចហើយ ?

សូម​បញ្ចប់​មេរៀន​នេះ ដោយ​ការថ្លែង​ទីបន្ទាល់​អំពី​ព្រះទ័យ និង​សមត្ថភាព​របស់​ព្រះអម្ចាស់​ដើម្បី​គាំទ្រ​យើង​នៅក្នុង​ការស្ថាបនា​អាពាហ៍ពិពាហ៍​ដ៏រីករាយ និង​នៅ​អស់កល្ប​ជានិច្ច នៅពេល​យើង​ខិតខំ​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង ។

សម្រាប់​ពេល​ក្រោយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ឯកសារ​រៀបចំ​សម្រាប់ មេរៀន​លើក​ក្រោយ ប្រកប​ដោយ​ការអធិស្ឋាន ដែល​នឹង​ថ្លែង​អំពី​អំណោយទាន​ដ៏ផ្អែមល្ហែម និង​ពិសិដ្ឋ​នៃ​ភាពជិតស្និទ្ធ​ខាង​ផ្លូវភេទ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​មក​ថ្នាក់រៀន ដោយ​បាន​ត្រៀម​ខ្លួន​ដើម្បី​ជជែកគ្នាដោយ​ស្មោះត្រង់ និង​ដោយ​ការគោរព អំពី​អំណោយទាន​នេះ និង​របៀប​ការពារ​វា ។