ព្រះគម្ពីរ
នីហ្វៃ ទី ១ 18


ជំពូក​ទី ១៨

សំពៅ​ត្រូវ​បាន​ធ្វើ​រួច​ហើយ — កំណើត​របស់​យ៉ាកុប និង​យ៉ូសែប ត្រូវ​បាន​ដំណាល​ប្រាប់ — ក្រុម​គេ​ចុះ​សំពៅ​ទៅ​រក​ដែនដី​សន្យា — កូន​ប្រុសៗ​របស់​អ៊ីសម៉ាអែល និង​ប្រពន្ធ​គេ​រួម​ក្នុង​ការ​សប្បាយ​អ៊ូអរ និង​ការ​បះបោរ — នីហ្វៃ​ត្រូវ​គេ​ចង ហើយ​សំពៅ​ត្រូវ​ខ្យល់​ព្យុះ​កំណាច​រុញច្រាន​ថយ​ក្រោយ — នីហ្វៃ​បាន​រួច​ពី​ចំណង ហើយ​ដោយ​ការ​អធិស្ឋាន​របស់​លោក ខ្យល់ព្យុះ​ក៏​ស្ងប់ស្ងាត់​ទៅ — ប្រជាជន​ទៅ​ដល់​ដែនដី​សន្យា។ ប្រមាណ​ជា​ឆ្នាំ ៥៩១–៥៨៩ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ថ្វាយបង្គំ​ព្រះ​អម្ចាស់ ហើយ​បាន​ចេញ​ទៅ​ជាមួយ​ខ្ញុំ ហើយ​យើង​យក​ឈើ​ធ្វើ​រាង​សំពៅ​ដ៏​វិចិត្រ។ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ខ្ញុំ​ជា​ញយៗ​ពី​របៀប​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​រាង​សំពៅ។

ឥឡូវ​នេះ ខ្ញុំ នីហ្វៃ មិន​បាន​ធ្វើ​រាង​សំពៅ​តាម​របៀប​ដែល​មនុស្ស​បាន​រៀន​ទេ ហើយ​ខ្ញុំ​ក៏​ពុំ​បាន​សង់​សំពៅ​តាម​ក្បួន​របស់​មនុស្ស​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​សំពៅ​នេះ​តាម​របៀប​ដែល​ព្រះ​បាន​បង្ហាញ​ខ្ញុំ ហេតុ​ដូច្នោះ​ហើយ ពុំ​មែន​ជា​របៀប​របស់​មនុស្ស​ឡើយ។

ហើយ​ខ្ញុំ នីហ្វៃ បាន​ទៅ​លើ​ភ្នំ​ជា​ញឹកញាប់ ហើយ​ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់​ជា​ញយៗ ហេតុ​ដូច្នោះ​ហី​យ ទើប​ព្រះ​អម្ចាស់ ទ្រង់​បង្ហាញ​ខ្ញុំ​ពី​ការណ៍​ដ៏​ប្រសើរ​ជាច្រើន។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់ពី​ខ្ញុំ​បាន​ធ្វើ​សំពៅ​ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​រួច​ហើយ នោះ​បងៗ​ខ្ញុំ​បាន​ឃើញ​ថា សំពៅ​នេះ​ល្អ ឯ​ក្បាច់​ក្បូរ​សោត​ក៏​ល្អ​វិចិត្រ ហេតុ​ដូច្នោះ​ហើយ ទើប​ពួក​គេ​បាន​បន្ទាបខ្លួន​ចំពោះ​ព្រះ​អម្ចាស់​ម្ដង​ទៀត។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សំឡេង​នៃ​ព្រះ​អម្ចាស់​បាន​បន្លឺ​មក​ឪពុក​ខ្ញុំ​ថា ពួក​យើង​ត្រូវ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​ក្នុង​សំពៅ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លុះ​ដល់​ស្អែក​ឡើង បន្ទាប់ពី​យើង​បាន​រៀបចំ​វត្ថុ​គ្រប់​យ៉ាង មាន​ផ្លែ​ឈើ​ជាច្រើន និង​សាច់ ដែល​បាន​មក​ពី​ទីរហោស្ថាន និង​ទឹកឃ្មុំ​ដ៏​បរិបូរ ហើយ​ស្បៀង​ទាំង​ឡាយ ស្រប​តាម​អ្វី​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​យើង​ហើយ នោះ​យើង​បាន​ចុះ​ទៅ​ក្នុង​សំពៅ ព្រម​ទាំង​ផ្ទុក​អីវ៉ាន់​របស់​យើង​គ្រប់​យ៉ាង និង​គ្រាប់​ពូជ​របស់​យើង និង​អ្វីៗ​ដែល​យើង​បាន​យក​មក ស្រប​តាម​អាយុ​របស់​យើង​ម្នាក់ៗ ហេតុ​ដូច្នោះ​ហើយ ទើប​យើង​ទាំង​អស់​គ្នា​បាន​ចុះ​ទៅ​ក្នុង​សំពៅ​ជាមួយ​នឹង​ប្រពន្ធ​យើង និង​កូន​ចៅ​យើង។

ហើយ​ឥឡូវ​នេះ ឪពុក​ខ្ញុំ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់​នៅ​ក្នុង​ទីរហោស្ថាន បង​ត្រូវ​ហៅ​ថា យ៉ាកុប រីឯ​ប្អូន​គឺ​យ៉ូសែប

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់ពី​យើង​ទាំង​អស់​គ្នា​បាន​ចុះ​ទៅ​ក្នុង​សំពៅ​រួច​ហើយ ហើយ​បាន​យក​មក​ជាមួយ​យើង​នូវ​ស្បៀង និង​វត្ថុ​ទាំង​ឡាយ ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​យើង​យក នោះ​យើង​បាន​ចេញ​ដំណើរ​ទៅ​តាម​សមុទ្រ ហើយ​បាន​ត្រូវ​ខ្យល់​បក់​សំពៅ​សំដៅ​ទៅ​ឯ​ដែនដី​សន្យា។

ហើយ​បន្ទាប់ពី​យើង​បាន​ត្រូវ​ខ្យល់​បក់​ទៅ​មុខ​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ នោះ​មើល​ចុះ បងៗ​ខ្ញុំ និង​កូន​ប្រុសៗ​របស់​អ៊ីសម៉ាអែល ហើយ​ព្រម​ទាំង​ប្រពន្ធ​របស់​ពួក​គេ​ផង បាន​ចាប់​ផ្ដើម​មាន​ការ​សប្បាយ ដរាប​ដល់​គេ​ចាប់​ផ្ដើម​រាំ ហើយ​ច្រៀង ហើយ​និយាយ​ពាក្យ​ទ្រគោះ មែន​ហើយ គឺ​រហូត​ដល់​ពួក​គេ​ភ្លេច​អស់​ថា តើ​ដោយ​សារ​អំណាច​អ្វី ដែល​បាន​នាំ​ពួក​គេ​មក​ដល់​ទី​នេះ មែន​ហើយ ពួក​គេ​បាន​តម្កើង​គ្នា​ដល់​ទៅ​មាន​ភាព​ទ្រគោះ​ហួស​វិស័យ។

១០ហើយ​ខ្ញុំ នីហ្វៃ បាន​ចាប់​ផ្ដើម​ភិតភ័យ​ជា​ខ្លាំង ក្រែង​ព្រះ​អម្ចាស់​ទ្រង់​ខ្ញាល់​នឹង​យើង ហើយ​វាយ​យើង​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​យើង ខ្លាចក្រែង​យើង​ត្រូវ​លេប​លិច​ទៅ​ក្នុង​ទី​ជម្រៅ​នៃ​សមុទ្រ​នេះ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ នីហ្វៃ បាន​ចាប់​ផ្ដើម​និយាយ​ទៅ​ពួក​គេ​ដោយ​ភាព​ម៉ឺងម៉ាត់ ប៉ុន្តែ​មើល​ចុះ ពួក​គេ​បែរ​ជា​ខឹង​នឹង​ខ្ញុំ​វិញ ហើយ​និយាយ​ថា ៖ យើង​មិន​ព្រម​ឲ្យ​ប្អូន​ប្រុស​យើង​ធ្វើ​ជា​អ្នក​ត្រួតត្រា​លើ​យើង​ទេ។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លេមិន និង​លេមយួល​បាន​ចាប់​ខ្ញុំ ហើយ​ចង​ខ្ញុំ​ដោយ​ខ្សែពួរ ហើយ​បាន​ធ្វើបាប​ខ្ញុំ​យ៉ាង​ព្រៃផ្សៃ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​អម្ចាស់​ទ្រង់​បាន​អត់ទ្រាំ​ឲ្យ​ពួក​គេ​ធ្វើ​យ៉ាង​នេះ ដើម្បី​ទ្រង់​អាច​បង្ហាញ​ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ រហូត​ដល់​បាន​បំពេញ​នូវ​ព្រះ​បន្ទូល​ទ្រង់ ដែល​ទ្រង់​បាន​ចែង​ទុក​អំពី​ពួក​ទុច្ចរិត។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់ពី​ពួក​គេ​បាន​ចង​ខ្ញុំ​យ៉ាង​ជាប់ ដែល​ខ្ញុំ​មិន​អាច​កម្រើក​បាន ឯត្រីវិស័យ​ដែល​ព្រះ​អម្ចាស់ ទ្រង់​បាន​រៀបចំឡើង​នោះ​ក៏​ឈប់​ដើរ​ទៅ។

១៣ហេតុ​ដូច្នោះ​ហើយ ពួក​គេ​មិន​ដឹង​ថា​ត្រូវ​កាច់​ចង្កូត​សំពៅ​ទៅ​ខាង​ណា​ឡើយ ដរាប​ដល់​មាន​ព្យុះ​មួយ​ធំ​បាន​កួច​ឡើង មែន​ហើយ គឺ​ជា​ព្យុះ​សង្ឃរា​មួយ​ដ៏​កំណាច ហើយ​គួរ​ស្ញប់ស្ញែង ហើយ​ពួក​យើង​ត្រូវ​រសាត់​ថយ​ក្រោយ​នៅ​លើ​ទឹក​អស់​រយៈ​ពេល​បី​ថ្ងៃ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​តក់ស្លុត​ជា​ខ្លាំង ក្រែង​គេ​ត្រូវ​លិច​ទៅ​ក្នុង​សមុទ្រ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​គេ​មិន​បាន​ដោះលែង​ខ្ញុំ​ដែរ។

១៤ហើយ​នៅ​ក្នុង​ថ្ងៃ​ទី​៤ ដែល​យើង​ត្រូវ​រសាត់​ថយ​ក្រោយ​នោះ ខ្យល់​ព្យុះ​ចាប់​ផ្ដើម​កាច​សាហាវ​ជា​ខ្លាំង។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​ជិត​នឹង​លេប​លិច​ចុះ​ទៅ​ក្នុង​ជម្រៅ​ទឹក​សមុទ្រ​ទៅ​ហើយ។ ហើយ​បន្ទាប់ពី​យើង​ត្រូវ​បាន​រសាត់​ថយ​ក្រោយ​នៅ​លើ​ទឹក​អស់​រយៈ​បួន​ថ្ងៃ នោះ​បងៗ​ខ្ញុំ​ចាប់​ផ្ដើម​យល់​ថា សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​នៃ​ព្រះ កំពុងតែ​ធ្លាក់​មក​លើ​ពួក​គេ ហើយ​ថា​ពួក​គេ​រាល់​គ្នា​មុខជា​នឹង​វិនាស​ជាមិនខាន​ឡើយ លើក​លែង​តែ​ពួក​គេ​ប្រែចិត្ត​ចំពោះ​អំពើ​ទុច្ចរិត​របស់​ពួក​គេ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​បាន​មក​រក​ខ្ញុំ ហើយ​ស្រាយចំណង​ដែល​ចង​ក​ដៃ​ខ្ញុំ ហើយ​មើល​ចុះ កដៃ​ខ្ញុំ​ហើម​ឡើង​ខ្លាំង ហើយ​កជើង​ខ្ញុំ ក៏​ហើម​ជា​ខ្លាំង​ដែរ ហើយ​ឈឺ​ចុកចាប់​ឥតឧបមា។

១៦ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​បាន​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​សរសើរ​តម្កើង​ទ្រង់​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង ហើយ​ខ្ញុំ​មិន​បាន​រអ៊ូរទាំ​ទាស់​នឹង​ព្រះ​អម្ចាស់ ពី​ព្រោះ​តែ​សេចក្ដី​វេទនា​របស់​ខ្ញុំ​ឡើយ។

១៧ឥឡូវ​នេះ ឪពុក​ខ្ញុំ លីហៃ បាន​និយាយ​នូវ​រឿង​ជាច្រើន​ទៅ​កាន់​ពួក​គេ និង​ទៅ​កាន់​កូន​ប្រុសៗ​របស់​អ៊ីសម៉ាអែល​ផង ប៉ុន្តែ​មើល​ចុះ ពួក​គេ​បាន​បញ្ចេញ​ពាក្យ​គ្រហឹម​ក្រហែង​នឹង​អ្នក​ណា ដែល​និយាយ​កាន់​ជើង​ខ្ញុំ ហើយ​ឪពុក​ម្ដាយ​ខ្ញុំ ដែល​ចាស់​ជរា​ទៅ​ហើយ ហើយ​បាន​ទ្រាំទ្រ​នឹង​ការ​ពិបាក​ចិត្ត​ជា​ខ្លាំង ពី​ព្រោះ​តែ​កូនៗ​របស់​លោក នោះ​លោក​ក៏​ត្រឡប់​ទៅ​ជា​ឈឺ មែន​ហើយ គឺ​ធ្លាក់​ខ្លួន​ឈឺ​ដេក​នៅ​លើ​គ្រែ។

១៨ដោយ​ព្រោះ​សេចក្ដី​ទុក្ខ​សោក និង​សេចក្ដី​សោកសៅ​ដ៏​ខ្លាំង និង​សេចក្ដី​ទុច្ចរិត​របស់​បងៗ​ខ្ញុំ នោះ​ឪពុក​ម្ដាយ​ខ្ញុំ​ជិត​នឹង​ចាក​លោក​នេះ​ទៅ​ជួប​នឹង​ព្រះ​របស់​គាត់ មែន​ហើយ សក់​ស្កូវ​របស់​លោក​ជិត​ត្រូវ​កប់​នៅ​ក្នុង​ដី មែន​ហើយ លោក​ជិត​តែ​នឹង​ត្រូវ​បញ្ចុះ​ទាំង​សេចក្ដី​សោកសៅ​នៅ​ក្នុង​ផ្នូរ​ទឹក។

១៩ឯ​យ៉ាកុប និង​យ៉ូសែប​ផង​នៅ​ក្មេង​នៅ​ឡើយ ដោយ​ត្រូវ​ការ​សេចក្ដី​ទំនុក​បម្រុង​បីបាច់​ច្រើន ក៏​ត្រូវ​កើត​ទុក្ខលំបាក ពី​ព្រោះ​តែ​សេចក្ដី​វេទនា​របស់​ម្ដាយ​ខ្លួន ហើយ​ប្រពន្ធ​ខ្ញុំ​ផង ទាំង​ទឹក​ភ្នែក និង​ពាក្យ​អធិស្ឋាន ហើយ​កូនៗ​ខ្ញុំ​ផង ក៏​មិន​អាច​ធ្វើ​ឲ្យ​បងៗ​ខ្ញុំ​ទន់​ចិត្ត ដើម្បី​ឲ្យ​ពួក​គេ​ស្រាយ​ខ្ញុំ​ឡើយ។

២០ហើយ​មិន​មាន​អ្វី​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទន់​ចិត្ត​ឡើយ លើក​លែង​តែ​ព្រះ​ចេស្ដា​នៃ​ព្រះ ដែល​បាន​គំហក​កំហែង​ពួក​គេ​ដោយ​សេចក្ដី​បំផ្លិច​បំផ្លាញ ហេតុ​ដូច្នោះ​ហើយ នៅ​ពេល​ពួក​គេ​បាន​ឃើញ​ថា ពួក​គេ​ជិត​ត្រូវ​លេប​លិច​ទៅ​ក្នុង​ជម្រៅ​សមុទ្រ​ហើយ នោះ​ទើប​ពួក​គេ​ប្រែចិត្ត​ចំពោះ​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដរាប​ដល់​ពួក​គេ​ស្រាយ​ខ្ញុំ។

២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់ពី​ពួក​គេ​បាន​ស្រាយ​ខ្ញុំ​ហើយ មើល​ចុះ ខ្ញុំ​ក៏​យក​ត្រីវិស័យ ហើយ​វា​ក៏​ដើរ​តាម​បំណង​ខ្ញុំ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់ ហើយ​បន្ទាប់ពី​ខ្ញុំ​បាន​អធិស្ឋាន នោះ​ខ្យល់​ក៏​ស្ងប់ស្ងាត់ ហើយ​ព្យុះ​ក៏​ឈប់​បក់ ហើយ​មាន​សភាព​ស្ងប់​ឈឹង​អស់​ទៅ។

២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​នាំ​សំពៅ​ទៅ​ដើម្បី​យើង​បាន​បើក​ក្ដោង​ម្ដង​ទៀត​សំដៅ​ទៅ​ឯ​ដែនដី​សន្យា។

២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់ពី​យើង​បាន​ធ្វើ​ដំណើរ​ក្នុង​សំពៅ​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​ហើយ នោះ​យើង​បាន​ទៅ​ដល់​ដែនដី​សន្យា ហើយ​យើង​បាន​ឡើង​ទៅ​លើ​ដែនដី​នោះ ហើយ​បាន​បោះ​ត្រសាល​របស់​យើង ហើយ​យើង​បាន​ហៅ​ទី​នោះ​ថា ដែនដី​សន្យា។

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​ចាប់​ផ្ដើម​ភ្ជួរ​រាស់​ដី ហើយ​យើង​បាន​ចាប់​ផ្ដើម​ដាំ​គ្រាប់​ពូជ មែន​ហើយ យើង​បាន​ដាំ​គ្រាប់​ពូជ​ទាំង​អស់​របស់​យើង​ទៅ​ក្នុង​ដី ដែល​យើង​បាន​យក​មក​ពី​ដែនដី​យេរូសាឡិម។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គ្រាប់​ពូជ​ទាំង​នោះ បាន​ដុះ​ឡើង​យ៉ាង​ល្អ ហេតុ​ដូច្នោះ​ហើយ យើង​បាន​ទទួល​ពរ​ដ៏​បរិបូរ។

២៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​យើង​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីរហោស្ថាន យើង​បាន​ប្រទះ​ឃើញ​ថា មាន​សត្វ​ជើង​បួន​គ្រប់​មុខ​នៅ​ក្នុង​ព្រៃ​លើ​ដែនដី​សន្យា មាន​ទាំង​គោ​ញី និង​គោ​ឈ្មោល លា សេះ ពពែ ពពែ​ព្រៃ ហើយ​នឹង​សត្វព្រៃ​គ្រប់​ប្រភេទ ដែល​សម្រាប់​ឲ្យ​មនុស្ស​ប្រើប្រាស់។ ហើយ​យើង​បាន​ប្រទះ​ឃើញ​រ៉ែ​គ្រប់មុខ មាន​ទាំង​មាស និង​ប្រាក់ និង​ស្ពាន់។