ព្រះគម្ពីរ
អាលម៉ា 26


ជំពូក​ទី ២៦

អាំម៉ូន​សរសើរ​តម្កើង​ក្នុង​ព្រះ​អម្ចាស់ — ពួក​ស្មោះត្រង់​ត្រូវ​បាន​ចម្រើន​កម្លាំង​ដោយ​ព្រះ​អម្ចាស់ ហើយ​ត្រូវ​បាន​ប្រទាន​ការ​ចេះ​ដឹង — ដោយ​សារ​សេចក្ដី​ជំនឿ មនុស្ស​លោក​អាច​នាំ​ជន​រាប់​ពាន់​នាក់​ទៅ​កាន់​ការ​ប្រែ​ចិត្ត — ព្រះ​ទ្រង់​មាន​គ្រប់​ព្រះ​ចេស្ដា ហើយ​ជ្រាប​គ្រប់​ការណ៍​ទាំង​អស់។ ប្រមាណ​ជា​ឆ្នាំ ៩០–៧៧ ម.គ.ស.។

ហើយ​ឥឡូវ​នេះ នេះ​គឺជា​ពាក្យ​សម្ដី​នៃ​អាំម៉ូន ដែល​បាន​វាចា​ទៅ​បង​ប្អូន​លោក​ដូច្នេះ​ថា ៖ ឱ​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ និង​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ មើល​ចុះ ខ្ញុំ​សូម​និយាយ​ទៅ​កាន់​បង​ប្អូន​ថា យើង​មាន​ហេតុ​ដ៏​ធំ​នឹង​អរ​រីករាយ ព្រោះ​កាលពី​យើង​ចាប់​ផ្ដើម​ចេញ​ពី​ដែនដី​សារ៉ាហិមឡា​មក តើ​យើង​បាន​គិត​ស្មាន​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​ដល់​យើង​នូវ​ព្រះ​ពរ​ទាំង​ឡាយ​ដ៏​មហិមា​បែប​នេះ​ឬ?

ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​សួរ​ថា តើ​ព្រះ​ពរ​ទាំង​ឡាយ​ដ៏​មហិមា ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង​គឺជា​អ្វី​ទៅ? តើ​អ្នក​រាល់​គ្នា​អាច​ប្រាប់​ខ្ញុំ​បាន​ទេ?

មើល​ចុះ ខ្ញុំ​សូម​ឆ្លើយ​ជំនួស​អ្នក​ចុះ ត្បិត​បង​ប្អូន​របស់​យើង ដែល​ជា​ពួក​សាសន៍​លេមិន ធ្លាប់​នៅ​ក្នុង​ភាព​ងងឹត មែន​ហើយ គឺ​នៅ​ក្នុង​ជ្រោះ​ដ៏​ងងឹត​បំផុត ប៉ុន្តែ​មើល​ចុះ តើ​ពួក​គេ​ប៉ុន្មាន​នាក់ ដែល​បាន​នាំ​មក​ឲ្យ​ឃើញ​ពន្លឺ​ដ៏​អស្ចារ្យ​នៃ​ព្រះ! នេះ​ហើយ​គឺជា​ព្រះ​ពរ ដែល​បាន​ប្រទាន​ដល់​យើង ដែល​ថា​យើង​បាន​ធ្វើ​ជា​គ្រឿង​ឧបករណ៍​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ ដើម្បី​នាំ​មក​នូវ​កិច្ចការ​ដ៏​មហិមា​នេះ។

មើល​ចុះ ពួក​គេ​រាប់​ពាន់​នាក់​បាន​អរ​រីករាយ ហើយ​ត្រូវ​បាន​នាំ​ចូល​ក្នុង​ក្រោល​នៃ​ព្រះ។

មើល​ចុះ ចម្ការ​ទុំ​ហើយ ហើយ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ ព្រោះ​អ្នក​រាល់​គ្នា​បាន​លូក​កណ្ដៀវ ហើយ​បាន​ច្រូតកាត់​ដោយ​សមត្ថ​ភាព​របស់​ខ្លួន មែន​ហើយ គឺ​ពេញ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ ហើយ​មើល​ចុះ កណ្ដាប់​ស្រូវ​ទាំង​ឡាយ​ដែល​អ្នក​ច្រូត​បាន! ហើយ​កណ្ដាប់​ស្រូវ​ទាំង​នេះ នឹង​ត្រូវ​បាន​ប្រមូល​យក​ទៅ​ទុក​ក្នុង​ជង្រុក ដើម្បី​កុំ​ឲ្យ​វា​ខាតបង់។

មែន​ហើយ វា​នឹង​មិន​ត្រូវ​បក់​បោក​ដោយ​ខ្យល់​ព្យុះ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​ឡើយ មែន​ហើយ វា​ក៏​នឹង​ពុំ​ត្រូវ​កួច​ដោយ​ខ្យល់​កំនួច​ឡើយ តែ​កាលណា​ខ្យល់​ព្យុះ​មក​ដល់ វា​នឹង​បាន​ប្រមូល​គ្នា​មក​ក្នុង​កន្លែង​របស់​វា ដើម្បី​កុំ​ឲ្យ​ខ្យល់​ព្យុះ​អាច​បក់​ទម្លុះ​ទៅ​ដល់​គេ មែន​ហើយ ពួក​គេ​ក៏​នឹង​ពុំ​ត្រូវ​កួច​ដោយ​ខ្យល់​កំណាច​យក​ទៅ​កន្លែង​ណា ដែល​ខ្មាំងសត្រូវ​ចង់​នាំ​ពួក​គេ​យក​ទៅ​នោះ​ដែរ។

ប៉ុន្តែ​មើល​ចុះ ពួក​គេ​ស្ថិតនៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់​នៃ​រដូវ​ច្រូតកាត់ ហើយ​ពួក​គេ​ជា​របស់​ផង​ទ្រង់ ហើយ​ទ្រង់​នឹង​លើក​គេ​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។

សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​របស់​យើង​ប្រកប​ដោយ​ព្រះ​ពរ ចូរ​យើង​ច្រៀង​សរសើរ​ដល់​ទ្រង់ មែន​ហើយ ចូរ​យើង​ថ្លែង​អំណរគុណ​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ព្រោះ​ទ្រង់​ធ្វើ​ការ​សុចរិត​ដរាប​ត​ទៅ។

ព្រោះ​បើ​សិន​ជា​យើង​មិន​បាន​ឡើង​មក​ពី​ដែនដី​សារ៉ាហិមឡា​ទេ នោះ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​យើង​ទាំង​នេះ គឺជា​អ្នក​ដែល​ស្រឡាញ់​យើង​ជា​ខ្លាំង​នោះ ច្បាស់​ជា​នៅ​តែ​ត្រូវ​ញាំញី​ដោយ​សម្អប់​យើង មែន​ហើយ ហើយ​ពួក​គេ​ក៏​ច្បាស់​ជា​នៅ​ជា​ជន​ចម្លែក​ចំពោះ​ព្រះ​ដែរ។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​អាំម៉ូន​បាន​ពោល​ពាក្យ​ទាំង​នេះ​ហើយ នោះ​អើរ៉ុន ដែល​ជា​ប្អូន​លោក​បាន​បន្ទោស​លោក​ថា ៖ អាំម៉ូន ខ្ញុំ​ខ្លាច​តែ​សេចក្ដី​អំណរ​រ​របស់​បង នាំ​ឲ្យ​បង​អួត​ហួស​ហេតុ​ទេ​ដឹង។

១១តែ​អាំម៉ូន​បាន​ឆ្លើយតប​ថា ៖ ខ្ញុំ​មិន​អួតនៅ​ក្នុង​កម្លាំង​ខ្ញុំ​ផ្ទាល់ ឬ​ក៏​ក្នុង​ប្រាជ្ញា​ខ្ញុំ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​មើល​ចុះ សេចក្ដី​អំណរ​របស់​ខ្ញុំ​បាន​ពោរពេញ​ហើយ មែន​ហើយ បេះដូង​ខ្ញុំ​ហូរហៀរ​ទៅ​ដោយ​សេចក្ដី​អំណរ ហើយ​ខ្ញុំ​នឹង​អរ​រីករាយ​នៅ​ក្នុង​ព្រះ​របស់​ខ្ញុំ​វិញ។

១២មែន​ហើយ ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​ន័យ​អ្វី​ទាំង​អស់ រីឯ​ចំពោះ​កម្លាំង​របស់​ខ្ញុំ​វិញ ខ្ញុំ​ទន់ខ្សោយ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​នឹង​ពុំ​អួត​ពី​ខ្លួន​ខ្ញុំ​ឡើយ តែ​ខ្ញុំ​នឹង​អួត​ពី​ព្រះ​របស់​ខ្ញុំ​វិញ ត្បិត​នៅ​ក្នុង​កម្លាំង​របស់​ទ្រង់ ខ្ញុំ​អាច​ធ្វើ​គ្រប់​ការណ៍​ទាំង​អស់ មែន​ហើយ មើល​ចុះ មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន ដែល​យើង​បាន​នាំ​មក​លើ​ដែនដី​នេះ ដោយ​ហេតុ​នេះ​ហើយ ទើប​យើង​សរសើរ​ដល់​ព្រះ​នាម​ទ្រង់​ដរាប​ត​ទៅ។

១៣មើល​ចុះ តើ​បង​ប្អូន​យើង​ប៉ុន្មាន​ពាន់​នាក់ ដែល​ទ្រង់​បាន​ស្រាយ​ឲ្យ​រួច​ពី​ការ​ឈឺ​ចាប់​នៃ​ស្ថាន​នរក ហើយ​ពួក​គេ​ត្រូវ​បាន​នាំ​ឲ្យ​ច្រៀង​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ ហើយ​នេះ​ក៏​ដោយ ព្រោះ​ព្រះ​ចេស្ដា​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់​ដែល​នៅ​ក្នុង​យើង ហេតុដូច្នេះ​ហើយ តើ​យើង​មិន​មាន​ហេតុ​ដ៏​ធំ​នឹង​អរ​រីករាយ​ទេ​ឬ​អី?

១៤មែន​ហើយ យើង​មាន​ហេតុ​ដើម្បី​សរសើរ​តម្កើង​ទ្រង់​ដរាប​ត​ទៅ ព្រោះ​ព្រះ​អង្គជា​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​បាន​ស្រាយ​បង​ប្អូន​យើង​ឲ្យ​រួច​ពី​ច្រវាក់​ទាំង​ឡាយ​នៃ​ស្ថាន​នរក។

១៥មែន​ហើយ ពួក​គេ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ជុំវិញ ដោយ​សេចក្ដី​ងងឹត និង​សេចក្ដី​បំផ្លិចបំផ្លាញ​ដ៏​អស់​កល្ប​ជានិច្ច ប៉ុន្តែ​មើល​ចុះ ទ្រង់​បាន​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ពន្លឺ​ដ៏​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ មែន​ហើយ ទៅ​ក្នុង​សេចក្ដី​សង្គ្រោះ​ដ៏​អស់​កល្ប​ជានិច្ច ហើយ​ពួក​គេ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដ៏​ឥត​ប្រៀបផ្ទឹម​បាន មែន​ហើយ យើង​ជា​គ្រឿង​ឧបករណ៍​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់ ដែល​ធ្វើ​កិច្ចការ​ដ៏​មហិមា និង​អស្ចារ្យ​នេះ។

១៦ហេតុ​ដូច្នេះ​ហើយ ចូរ​យើង​អួត មែន​ហើយ យើង​អួត​ក្នុង​ព្រះ​អម្ចាស់ មែន​ហើយ យើង​នឹង​អរ​រីករាយ​ព្រោះ​សេចក្ដី​អំណរ​របស់​យើង​បាន​ពោរពេញ​ហើយ មែន​ហើយ យើង​នឹង​សរសើរ​តម្កើង​ដល់​ព្រះ​របស់​យើង​រហូត​ត​ទៅ។ មើល​ចុះ តើន​រណា​អាច​អួត​ហួស​ពេក​នៅ​ក្នុង​ព្រះ​អម្ចាស់? មែន​ហើយ តើន​រណា​អាច​និយាយ​ច្រើន​ពេក​អំពី​ព្រះ​ចេស្ដា​ដ៏​មហិមា​របស់​ទ្រង់ និង​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ និង​អំពី​សេចក្ដី​អត់ធ្មត់​របស់​ទ្រង់ ចំពោះ​កូន​ចៅ​មនុស្ស? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ខ្ញុំ​មិន​អាច​និយាយ​បាន ទោះ​ជា​មួយ​ផ្នែក​តូច​បំផុត ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ផង។

១៧តើន​រណា​អាច​គិត​ស្មាន​ថា ព្រះ​របស់​យើង​មាន​សេចក្ដី​មេត្តា​ករុណា​ដល់​ម្ល៉េះ រហូត​ដល់​បាន​ទាញ​យើង​ចេញ​ពី​ស្ថានភាព​របស់​យើង​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច ពេញ​ទៅ​ដោយ​បាប ហើយ​កខ្វក់​បែប​នេះ?

១៨មើល​ចុះ យើង​បាន​ចេញ​ទៅ​នៅ​ក្នុង​កំហឹង ដោយ​ការ​គំរាមកំហែង​ដ៏​ខ្លាំង​ថា​នឹង​បំផ្លាញ​សាសនាចក្រ​របស់​ទ្រង់​ចោល។

១៩ឱ​ពេល​នោះ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ដាក់​ទោស​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​ការ​បំផ្លិចបំផ្លាញ​ដ៏​ស្ញែង​ខ្លាច មែន​ហើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ទុក​ឲ្យ​ដាវ​នៃ​សេចក្ដី​យុត្តិធម៌​ធ្លាក់​មក​លើ​យើង ហើយ​ពិន័យ​ទោស​យើង​ឲ្យ​អស់​សង្ឃឹម​រហូត​ត​ទៅ?

២០ឱ​ព្រលឹង​ខ្ញុំ​អើយ ស្ទើរតែ​រត់គេច​ទៅ នៅ​ពេល​គិត​ដល់​ការណ៍​នេះ។ មើល​ចុះ ទ្រង់​ពុំ​បាន​អនុវត្ត​សេចក្ដី​ជំនំ​ជំរះ​របស់​ទ្រង់​មក​លើ​យើង​ទេ តែ​នៅ​ក្នុង​សេចក្ដី​មេត្តាករុណា​ដ៏​មហិមា​របស់​ទ្រង់ នោះ​ទ្រង់​បាន​នាំ​យើង​ឆ្លងកាត់​ជង្ហុក​នៃ​សេចក្ដី​ស្លាប់ និង​សេចក្ដី​វេទនា​ដ៏​អស់​កល្ប​ជានិច្ច គឺ​រហូត​ដល់​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង​របស់​យើង​ផង។

២១ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ តើ​មាន​មនុស្ស​ខាង​សាច់ឈាម​ណាមួយ ដែល​ស្គាល់​ការណ៍​ទាំង​នេះ? ខ្ញុំ​សូម​ប្រាប់​អ្នក​ថា គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ការណ៍​ទាំង​នេះ​ទេ លើកលែងតែ​អ្នក​ដែល​បាន​ប្រែ​ចិត្ត​ប៉ុណ្ណោះ។

២២មែន​ហើយ អ្នក​ណា​ដែល​បាន​ប្រែ​ចិត្ត ហើយ​អនុវត្ត​សេចក្ដី​ជំនឿ ហើយ​បញ្ចេញ​មក​នូវ​កិច្ចការ​ល្អៗ ហើយ​អធិស្ឋាន​រហូត​ដោយ​ឥត​ឈប់​ឈរ — អ្នក​នោះ​ហើយ​ដែល​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​ស្គាល់​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ មែន​ហើយ អ្នក​នោះ​ហើយ​ដែល​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​បើក​សម្ដែង​ការណ៍​ទាំង​ឡាយ ដែល​មិន​បាន​ដែល​បាន​បើក​សម្ដែង​ពីមុន​មក មែន​ហើយ អ្នក​នោះ​ហើយ ដែល​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​នាំ​មនុស្ស​រាប់​ពាន់​នាក់​ទៅ​កាន់ការ​ប្រែ​ចិត្ត ដូច​ជា​បាន​ប្រទាន​ដល់​យើង ឲ្យ​នាំ​បង​ប្អូន​យើង​ទាំង​នេះ​មក​ទៅ​កាន់ការ​ប្រែ​ចិត្ត​ដូច្នោះ​ដែរ។

២៣ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ តើ​អ្នក​រាល់​គ្នា​ចាំ​ទេ​ថា យើង​បាន​និយាយ​ទៅ​បង​ប្អូន​យើង​នៅ​ឯ​ដែនដី​សារ៉ាហិមឡា​ថា យើង​នឹង​ឡើង​ទៅ​ដែនដី​នីហ្វៃ ដើម្បី​ទៅ​ផ្សាយ​ប្រាប់​បង​ប្អូន​យើង គឺ​ពួក​សាសន៍​លេមិន ហើយ​ពួក​គេ​បាន​សើចចំអក​ដល់​យើង?

២៤ព្រោះ​ពួក​គេ​បាន​និយាយ​មក​យើង​ថា ៖ តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា អ្នក​រាល់​គ្នា​អាច​នាំ​ពួក​លេមិន​ឲ្យ​ស្គាល់​សេចក្ដី​ពិត​បាន​ឬ? តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា អ្នក​រាល់​គ្នា​អាច​បរិវត្ត​ពួក​លេមិន​អំពី​សណ្ដាប់​ខុសឆ្គង​ទាំង​ឡាយ​នៃ​ពួក​អយ្យកោ​របស់​គេ​ឬ បើ​ពួក​គេ​ជា មនុស្ស​រឹងរូស​បែប​នេះ ឯ​ចិត្ត​គេ​សប្បាយ​នឹង​ការ​ខ្ចាយ​ឈាម ជីវិត​គេ​បាន​ចំណាយ​ក្នុង​ការ​ធ្វើ​អំពើ​ទុច្ចរិត​ដ៏​អាក្រក់​បំផុត ផ្លូវ​របស់​គេ​គឺជា​ផ្លូវ​នៃ​អ្នក​ល្មើស ចាប់​តាំង​ពី​ដើម​មក? ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ អ្នក​រាល់​គ្នា​ចាំ​ទេ នេះ​គឺជា​ពាក្យ​សម្ដី​របស់​ពួក​គេ។

២៥ហើយ​គេ​ថែម​ទាំង​បាន​និយាយ​ថា ៖ ចូរ​យើង​លើក​អាវុធ​ប្រឆាំង​នឹង​ពួក​គេ ដើម្បី​យើង​អាច​បំផ្លាញ​គេ និង​អំពើ​ទុច្ចរិត​របស់​គេចោល​ឲ្យ​អស់​ពី​ដែនដី បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​មាន​ជ័យ​ជម្នះ​លើ​យើង ហើយ​នឹង​បំផ្លាញ​យើង​បង់។

២៦ប៉ុន្តែ​មើល​ចុះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ យើង​បាន​ចូល​មក​ក្នុង​ទី​រហោស្ថាន ពុំ​មែន​មាន​បំណង​ចង់​បំផ្លាញ​បង​ប្អូន​យើង​ទេ តែ​មាន​បំណង​ក្រែង​យើង​អាច​សង្គ្រោះ​ព្រលឹង​ពួក​គេ​បាន​ខ្លះ។

២៧ឥឡូវ​នេះ កាលណា​យើង​នឿយណាយ​ក្នុង​ចិត្ត ហើយ​យើង​សឹង​តែ​ត្រឡប់​ទៅ​វិញ មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​កម្សាន្ដ​ចិត្ត​យើង ហើយ​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ទៅ​ក្នុង​ចំណោម​បង​ប្អូន​អ្នក គឺ​ពួក​សាសន៍​លេមិន ហើយ​ចូរ​ទ្រាំ​ដោយ​សេចក្ដី​អត់ធ្មត់​នូវ​ការ​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​អ្នក​ចុះ ហើយ​យើង​នឹង​ប្រទាន​ដល់​អ្នក​នូវ​ជ័យ​ជម្នះ។

២៨ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​បាន​មក​ដល់ ហើយ​បាន​ចូល​ក្នុង​ចំណោម​ពួក​គេ ហើយ​យើង​បាន​អត់ធ្មត់​ក្នុង​ការ​រង​ទុក្ខ​ទាំង​ឡាយ​របស់​យើង ហើយ​យើង​បាន​រង​ទុក្ខ​នូវ​គ្រប់​ការ​ខ្វះ​ខាត មែន​ហើយ យើង​បាន​ធ្វើ​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដោយ​ពឹង​ផ្អែក​ទៅ​លើ​សេចក្ដី​មេត្តាករុណា​នៃ​មនុស្ស​លោក — ពុំ​គ្រាន់តែ​ពឹងផ្អែក​ទៅ​លើ​សេចក្ដី​មេត្តាករុណា​នៃ​មនុស្ស​លោក​ប៉ុណ្ណោះ​ទេ តែ​ពឹង​ផ្អែក​ទៅ​លើ​សេចក្ដី​មេត្តាករុណា​របស់​ព្រះ​ផង។

២៩ហើយ​យើង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ ហើយ​បាន​បង្រៀន​ពួក​គេ ហើយ​យើង​បាន​បង្រៀន​ពួក​គេ​នៅ​តាម​ថ្នល់​ទាំង​ឡាយ​របស់​គេ មែន​ហើយ យើង​បាន​បង្រៀន​ពួក​គេ​នៅ​លើ​ភ្នំ​ទាំង​ឡាយ​របស់​គេ ហើយ​យើង​បាន​ចូល​ទៅ​ក្នុង​វិហារ​បរិសុទ្ធ​ទាំង​ឡាយ​របស់​គេ និង​សាលាជំនុំ​ទាំង​ឡាយ​របស់​គេ ហើយ​បាន​បង្រៀន​ពួក​គេ ហើយ​យើង​ត្រូវ​គេ​បណ្ដេញ​ចេញ ហើយ​ចំអកឡកឡឺយ ហើយ​ស្ដោះ​ដាក់ ហើយ​ទះកំផ្លៀង ហើយ​យើង​ត្រូវ​គេ​ចោល​ថ្ម ហើយ​ចាប់​ចង​ដោយ​ខ្សែ​ដ៏​មាំ ហើយ​ដាក់​ក្នុង​គុក ហើយ​តាម​រយៈ​ព្រះ​ចេស្ដា និង​ប្រាជ្ញា​នៃ​ព្រះ នោះ​យើង​ត្រូវ​បាន​ដោះ​លែង​វិញ។

៣០ហើយ​យើង​បាន​រង​ទុក្ខ​គ្រប់​សេចក្ដី​ទុក្ខ​លំបាក និង​គ្រប់​ការណ៍​ទាំង​អស់ ដើម្បី​យើង​អាច​ទៅ​ជា​មាគ៌ា​ក្នុង​ការ​សង្គ្រោះ​ព្រលឹង​ខ្លះ ហើយ​យើង​បាន​គិត​ស្មាន​ថា សេចក្ដី​អំណរ​របស់​យើង​នឹង​បាន​ពោរពេញ ប្រសិនបើ​យើង​អាច​ទៅ​ជា​មាគ៌ា​ក្នុង​ការ​សង្គ្រោះ​មនុស្ស​បាន​ខ្លះ។

៣១ឥឡូវ​នេះ មើល​ចុះ យើង​អាច​សម្លឹង​មើល​ទៅ​មុខ ហើយ​ឃើញ​ផល​ទាំង​ឡាយ​នៃ​ការងារ​របស់​យើង ហើយ​តើ​វា​តិច​ពេក​ឬ? ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ទេ វា​ច្រើន​ណាស់ មែន​ហើយ យើង​អាច​ធ្វើ​ជា​សាក្សី​អំពី​ចិត្ត​ស្មោះស្ម័គ្រ​របស់​គេ មក​ពី​សេចក្ដី​ស្រឡាញ់​របស់​គេ ដែល​គេ​មាន​ចំពោះ​បង​ប្អូន​គេ និង​ចំពោះ​យើង​ផង។

៣២ត្បិត​មើល​ចុះ ពួក​គេ​បាន​សុខ​ចិត្ត​បូជាជីវិត​របស់​គេ ជាជាង​យក​ជីវិត​របស់​ខ្មាំងសត្រូវ​គេ​វិញ ហើយ​ពួក​គេ​បាន​កប់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​គេ​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ដី មក​ពី​សេចក្ដី​ស្រឡាញ់​របស់​គេ ដែល​គេ​មាន​ចំពោះ​បង​ប្អូន​គេ។

៣៣ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា តើ​ដែល​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ដល់​ម្ល៉េះ​ឬ​នៅ​លើ​អស់​ទាំង​ដែនដី​នេះ? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ទេ មិនដែល​មាន​ទេ សូម្បីតែ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ​ក៏​ដោយ។

៣៤ត្បិត​មើល​ចុះ ពួក​គេ​នឹង​លើក​អាវុធ​ប្រឆាំង​នឹង​បង​ប្អូន​គេ ពួក​គេ​មិន​ទ្រាំ​ទុក​ឲ្យ​ខ្លួន​ត្រូវ​គេ​សម្លាប់​ចោល​ឡើយ។ ប៉ុន្តែ​មើល​ចុះ ពួក​គេ​ទាំង​នេះ​ប៉ុន្មាន​នាក់​ដែល​បាន​ប្ដូរ​ជីវិត​របស់​ខ្លួន ហើយ​យើង​ដឹង​ថា ពួក​គេ​បាន​ទៅ​ជួប​នឹង​ព្រះ​របស់​ពួក​គេ​ហើយ មក​ពី​សេចក្ដី​ស្រឡាញ់​របស់​គេ និង​ការ​ស្អប់​បាប​របស់​គេ​នោះ។

៣៥ឥឡូវ​នេះ តើ​យើង​គ្មាន​ហេតុ​នឹង​អរ​រីករាយ​ទេ​ឬ​អី? មែន​ហើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា មិន​ដែល​មាន​មនុស្ស​ឯណា ដែល​មាន​ហេតុ​ដ៏​ធំ​នឹង​អរ​រីករាយ​ស្មើ​នឹង​យើង​នេះ​ទេ ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ មែន​ហើយ ហើយ​សេចក្ដី​អំណរ​របស់​ខ្ញុំ​ត្រូវ​បាន​ហួស​ហេតុ រហូត​ដល់​បាន​អួត​នៅ​ក្នុង​ព្រះ​របស់​ខ្ញុំ ត្បិត​ទ្រង់​មាន​គ្រប់​ព្រះ​ចេស្ដា គ្រប់​ទាំង​ប្រាជ្ញា និង​គ្រប់​ទាំង​យោបល់ ទ្រង់​ជ្រាប​នូវ​គ្រប់​ការណ៍​ទាំង​អស់ ហើយ​ទ្រង់​ជា​តួអង្គ​មួយ​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា គឺ​ដល់​សេចក្ដី​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​នឹង​ប្រែ​ចិត្ត ហើយ​ជឿ​ដល់​ព្រះ​នាម​ទ្រង់។

៣៦ឥឡូវ​នេះ បើ​សិន​នេះ​ជា​ការ​អួត ម្ល៉ោះ​ហើយ ខ្ញុំ​នឹង​អួត ត្បិត​នេះ​ជា​ជីវិត​ខ្ញុំ និង​ពន្លឺ​របស់​ខ្ញុំ សេចក្ដី​អំណរ​របស់​ខ្ញុំ និង​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ និង​សេចក្ដី​ប្រោស​លោះ​របស់​ខ្ញុំ​ពី​ការ​វេទនា​ដ៏​អស់​កល្ប​ជានិច្ច។ មែន​ហើយ សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​របស់​ខ្ញុំ​បាន​ប្រកប​ដោយ​ព្រះ​ពរ ដែល​បាន​ចងចាំ​ប្រជាជន​នេះ ដែល​ជា​មែក​មួយ​នៃ​ដើម​អ៊ីស្រាអែល ហើយ​ដែល​បាន​វង្វេង​ចេញ​ពី​ដើម​នៅ​ដែនដី​ចម្លែក​មួយ មែន​ហើយ ខ្ញុំ​សូម​ប្រាប់​ថា សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​របស់​ខ្ញុំ​បាន​ប្រកប​ដោយ​ព្រះ​ពរ ដែល​បាន​ចងចាំ​ដល់​យើង ដែល​ជា​ជន​ខ្ចាត់​ព្រាត់​នៅ​ដែនដី​ចម្លែក។

៣៧ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ យើង​ឃើញ​ថា ព្រះ​ទ្រង់​ចងចាំ​អស់​ទាំង​ប្រជាជន ទោះ​ជា​គេ​នៅ​លើ​ដែនដី​ណា​ក៏​ដោយ មែន​ហើយ ទ្រង់​រាប់​ចំនួន​រាស្ត្រ​ទ្រង់ ហើយ​ព្រះ​ហឫទ័យ​នៃ​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ គ្រប​ដណ្ដប់​ផែនដី​ទាំង​មូល។ ឥឡូវ​នេះ នេះ​គឺ​សេចក្ដី​អំណរ​របស់​ខ្ញុំ និង​ជា​អំណរគុណ​ដ៏​ធំ​របស់​ខ្ញុំ មែន​ហើយ ខ្ញុំ​នឹង​ថ្លែង​អំណរគុណ​ដល់​ព្រះ​របស់​ខ្ញុំ​រហូត​ត​ទៅ។ អាម៉ែន៕