ឆ្នាំ ២០១០-២០១៩
តើខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ?
តុលា 2015


តើខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ?

បើ​យើង​បន្ទាប​ខ្លួន ហើយ​ចុះចូល នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹងបំផុស​គំនិត​យើង​ឲ្យ​កែលម្អ ហើយ​​​នាំ​យើង​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​យើង​ត្រូវ​ទូល​សូម​ការដឹកនាំ​ពី​ព្រះអម្ចាស់​នៅ​តាម​ផ្លូវ ។

កាល​ខ្ញុំ​ជា​យុវមជ្ឈិ​មវ័យ ខ្ញុំ​បាន​ចាប់ផ្ដើម​ស្វែងយល់​អំពី​សាសនាចក្រ ។ ដំបូង​ឡើយ ខ្ញុំ​ចាប់​អារម្មណ៍​លើ​ដំណឹងល្អ​ដោយសារ​គំរូ​នៃ​មិត្ត​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​របស់​ខ្ញុំ ប៉ុន្តែ ទីបំផុត​ខ្ញុំ​បាន​ចាប់ចិត្ត​នឹង​ដំណឹងល្អ​ដ៏​មាន​តម្លៃ​នេះ ។ ពេល​ខ្ញុំ​បាន​ដឹង​ថា បុរស និង ស្ត្រី​ដែល​ស្មោះត្រង់​អាច​បន្ត​រីកចម្រើន ហើយ​ទីបំផុត ក្លាយ​ដូចជា​ព្រះមាតា​ព្រះបិតា​សួគ៌​របស់​យើងបាន នោះ​ខ្ញុំ​មាន​អារម្មណ៍​ស្ញើច​ក្រៃលែង ។ ខ្ញុំ​ចូលចិត្ត​គំនិត​នេះ វា​ដូចជា​ពិត​ចំពោះ​ខ្ញុំ ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជទឹក ខ្ញុំ​បាន​សិក្សា​អំពី​ទេសនកថា​នៅ​លើ​ភ្នំ ហើយ​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ព្រះយេស៊ូវ​បាន​បង្រៀន​សេចក្ដីពិត​ដូចគ្នា​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​អំពី​ភាពរីកចម្រើន​ដ៏​អស់កល្ប ។ ទ្រង់​មាន​បន្ទូល​ថា « ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ » ។

ឥឡូវ​ខ្ញុំ​ក្លាយ​ជា​សមាជិក​​សាសនាចក្រ​​​ជាង ៤០ ឆ្នាំ​ហើយ មិន​ថា​ពេល​ណា​ខ្ញុំ​អាន​ខគម្ពីរ​នេះ​ទេ ខ្ញុំ​នឹក​ចាំ​អំពី​គោលបំណង​ដែលយើង​​មក​លើ​ផែនដី​នេះ ។ យើង​​​មក​ដើម្បី​រៀន ហើយ​រីកចម្រើន​រហូត​ដល់​ត្រូវបាន​ញែក​ឲ្យ​បរិសុទ្ធ​បន្តិច​ម្ដងៗ ឬ ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ក្នុង​ព្រះគ្រីស្ទ ។

ដំណើរ​ជីវិត​នៃ​ភាពជាសិស្ស​ពុំ​ងាយស្រួល​នោះ​ទេ ។ វា​ត្រូវបាន​ហៅ​ថា « វគ្គ​សិក្សា​អំពី​ភាពរីកចម្រើន​ដ៏​ខ្ជាប់ខ្ជួន » ។ ពេល​យើង​ធ្វើ​ដំណើរ​តាម​មាគ៌ា​ដ៏​តូច ហើយ​ចង្អៀត នោះ​ព្រះវិញ្ញាណ​បន្ត​អញ្ជើញ​ឲ្យ​យើង​មាន​ភាពកាន់តែ​ប្រសើរ ហើយ​ឡើង​បាន​កាន់តែ​ខ្ពស់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​ដៃគូ​ធ្វើ​ដំណើរ​ដ៏​ឧត្ដុង្គឧត្តម ។ បើ​យើង​បន្ទាប​ខ្លួន ហើយ​ចុះចូល នោះ​ទ្រង់​នឹង​ទទួល​យើង​ដោយ​ព្រះហស្ត​ទ្រង់ ហើយ​នាំ​យើង​ទៅ​ផ្ទះ​វិញ ។

យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ទូល​សូម​ព្រះអម្ចាស់ សម្រាប់​ការដឹកនាំ​នៅ​តាម​ផ្លូវ ។ យើង​ត្រូវ​សួរ​សំណួរ​ពិបាកៗ​ដូចជា « តើ​ខ្ញុំ​ត្រូវតែ​កែប្រែ​អ្វី​ខ្លះ ? » « តើ​ខ្ញុំ​អាច​រីកចម្រើន​តាម​របៀប​ណា ? » « តើ​ភាពទន់ខ្សោយ​ណា​មួយ​ដែល​ខ្ញុំ​ត្រូវ​ពង្រឹង ? »

ចូរ​យើង​ពិចារណា​អំពី​ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី នៃ​កម្លោះ​អ្នក​មាន ។ គាត់​គឺ​ជា​កម្លោះ​ដ៏​សុចរិត ដែល​បាន​គោរព​ព្រះបញ្ញត្តិ​ដប់​ប្រការ ប៉ុន្តែ​គាត់​ចង់​ធ្វើ​ឲ្យ​បាន​កាន់តែ​ល្អ ។ គោលដៅ​របស់​គាត់​គឺ​ចង់​បាន​ជីវិត​អស់កល្ប​ជានិច្ច ។

កាល​គាត់​បាន​ជួប​ព្រះអង្គ​សង្គោះ គាត់​ទូល​សួរ​ថា « តើ​នៅ​ខ្វះ​អ្វី​ទៀត ? »

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ឆ្លើយ​ភ្លាម ដោយ​ប្រទាន​ឱវាទ​ដែល​ទាក់ទង​ជា​ពិសេស​ដល់​កម្លោះ​អ្នក​មាន​ម្នាក់​នោះ ។ « នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ រួច … ឲ្យ​មក​តាម​ខ្ញុំ​ចុះ » ។

កម្លោះ​នោះ​បាន​ភ្ញាក់ផ្អើល ដ្បិត​គាត់​ពុំ​ដែល​គិត​អំពី​ការលះបង់​បែប​នេះ​នោះ​ទេ ។ គាត់​បាន​បន្ទាបខ្លួន​ល្មម​នឹង​ទូល​សួរ​ព្រះអម្ចាស់ ប៉ុន្តែ គាត់​មិន​ស្មោះត្រង់​ល្មម​នឹង​ធ្វើតាម​ឱវាទ​ដ៏​ទេវភាព​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នោះ​ទេ ។ យើង​ត្រូវតែ​មាន​ឆន្ទៈ​ប្រព្រឹត្ត​តាម នៅ​ពេល​យើង​ទទួល​បាន​ចម្លើយ​មួយ ។

ប្រធាន ហារ៉ូល ប៊ី លី បាន​បង្រៀន​ថា « ចំពោះ​យើង​គ្រប់​គ្នា បើ​យើង​ស្វែងរក​ភាពគ្រប់​លក្ខណ៍ នោះ​យើង​ត្រូវតែ​សួរ​សំណួរ​នេះ​ដល់​ខ្លួន​ឯង [ នៅ ] ពេល​ណា​មួយ​ថា « តើ​នៅ​ខ្វះ​អ្វី​ទៀត ? › »

ខ្ញុំ​ស្គាល់​ម្ដាយ​ស្មោះត្រង់​មួយ​រូប ដែល​បាន​បន្ទាបខ្លួន ហើយ​ទូល​សួរ​ថា « តើ​មាន​អ្វី​កំពុង​រារាំង​ខ្ញុំ​ម្ចាស់ មិន​ឲ្យ​រីកចម្រើន​បាន ? » ក្នុង​ស្ថានភាព​របស់​គាត់ ចម្លើយ​នោះ​បាន​មក​ពី​ព្រះវិញ្ញាណ​ភ្លាមៗ​ដូចនេះ ៖ « ចូរ​ឈប់​ត្អូញត្អែរ​ទៅ » ។ ចម្លើយ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ភ្ញាក់ផ្អើល ព្រោះ​គាត់​មិន​ដែល​គិត​ថា​ខ្លួន​គាត់​គឺ​ជា​មនុស្ស​តម្អូញ​ឡើយ ។ យ៉ាង​ណា​ក៏​ដោយ សារលិខិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្ហាញ​យ៉ាង​ច្បាស់ ។ ប៉ុន្មាន​ថ្ងៃក្រោយ​​មក គាត់​ចាប់ផ្ដើម​ដឹង​អំពី​ទម្លាប់​តម្អូញ​របស់​គាត់ ។ ដោយ​មាន​អំណរគុណ​ចំពោះ​ការបំផុស​ឲ្យ​កែប្រែ នោះ​គាត់​បាន​ប្ដេជ្ញាចិត្ត​រាប់​ព្រះពរ​ជំនួស​ឲ្យ​ឧបសគ្គ​របស់​គាត់​វិញ ។ អស់​ពេល​ជា​ច្រើន​ថ្ងៃ គាត់​បាន​មាន​អារម្មណ៍​ទទួល​ស្គាល់​យ៉ាង​កក់ក្ដៅ​ពី​ព្រះវិញ្ញាណ ។

យុវជន​ដ៏​រាបសា​ម្នាក់​ ហាក់ដូចជា​ពុំ​អាច​ស្វែងរក​យុវនារី ត្រឹមត្រូវម្នាក់បាន ក៏បាន​ទូល​សូម​ជំនួយ​ពី​ព្រះអម្ចាស់ ៖ គាត់​បាន​សួរ​ថា « តើ​មាន​អ្វី​កំពុង​រារាំង​ទូល​បង្គំ ពី​ការធ្វើ​ជា​បុរស​ដែល​ស្រីៗ​ចង់​រៀបការ​ជាមួយ​នោះ ? » ចម្លើយ​មួយ​បាន​លេច​ឡើង​ក្នុង​ចិត្ត និង គំនិត​គាត់ ៖ « ចូរ​ប្រើ​ពាក្យ​សម្ដី​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ » ។ ចំ​គ្រា​នោះ​ឯង ដែល​គាត់​បាន​ទទួល​ស្គាល់​ថា អារម្មណ៍​ច្រឡោះបោះ​មួយ​ចំនួន​បាន​ក្លាយ​ជា​ផ្នែក​នៃ​ពាក្យ​សម្ដី​របស់​គាត់ ហើយ​គាត់​បាន​ប្ដេជ្ញាចិត្ត​កែប្រែ ។

បងប្អូន​ស្ត្រី​នៅ​លីវ​ម្នាក់ បាន​សួរ​សំណួរ​ដោយ​ក្លាហាន​ដូចនេះ ៖ « តើ​ទូល​បង្គំ​ត្រូវ​កែប្រែ​អ្វី​ខ្លះ ? » ហើយ​ព្រះវិញ្ញាណ​បាន​មាន​បន្ទូល​ខ្សឹប​ប្រាប់​គាត់​ថា « កុំ​និយាយ​កាត់ នៅ​ពេល​គេ​កំពុង​និយាយ » ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ពិត​ជា​ប្រទាន​ដំបូន្មាន​បែប​ជា​ការបញ្ជា ។ ទ្រង់​គឺ​ជា​ដៃគូ​ស្មោះត្រង់​ទាំងស្រុង ហើយ​នឹង​មាន​បន្ទូល​ប្រាប់​យើង​អំពី​ការណ៍​ដែល​គ្មាន​នរណា​ទៀត​ដឹង ឬ មានភាព​​ក្លាហាន​នឹង​ថ្លែង​ឡើយ ។

អ្នក​ត្រឡប់​ពី​ផ្សាយ​សាសនា​វិញ បាន​តានតឹង​នឹង​កាលវិភាគ​ដ៏​មមាញឹក​របស់​ខ្លួន ។ គាត់​បាន​ព្យាយាម​ស្វែងរក​ពេល​ដើម្បី​ធ្វើការ សិក្សា មាន​គ្រួសារ និង បម្រើ​ក្នុង​សាសនាចក្រ ។ គាត់​បាន​ទូល​សូម​ឱវាទ​ពី​ព្រះអម្ចាស់​ដូចនេះ ៖ « តើ​ទូល​បង្គំ​អាច​មាន​អារម្មណ៍​សុខសាន្ត​ចំពោះ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ទូល​បង្គំ​ត្រូវ​ធ្វើ​បាន​យ៉ាង​ដូចម្ដេច ? » ចម្លើយ​បាន​ប្រទាន​មក​មិន​ដូចជា​អ្វី​ដែល​គាត់​រំពឹង​ឡើយ គាត់​បាន​ទទួល​អារម្មណ៍​ថា គួរតែ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​ហ្មត់ចត់​ជាង​មុន ហើយ​រក្សា​វា​ឲ្យ​បរិសុទ្ធ ។ គាត់​បាន​សម្រេចចិត្ត​ឧទ្ទិស​ថ្ងៃ​អាទិត្យ​ដើម្បី​បម្រើ​ព្រះ—ដើម្បី​ទុក​វគ្គសិក្សា​នៅ​ឯ​សាលា​មួយ​អន្លើ​សិន​នៅ​ថ្ងៃ​នោះ ហើយ​មក​សិក្សា​ដំណឹងល្អ​វិញ ។ ការផ្លាស់ប្ដូរ​ដ៏​តូច​នេះ បាន​នាំ​ឲ្យ​មាន​ភាពសុខសាន្ត និង តុល្យភាព​ដែល​គាត់​បាន​ស្វែងរក ។

​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​អាន​ទស្សនាវដ្ដី​សាសនាចក្រ​មួយ​អំពី​ប្រវត្តិ​ក្មេង​ស្រី​ម្នាក់ ដែល​រស់នៅ​ឆ្ងាយ​ពី​ផ្ទះ ហើយ​ចូល​រៀន​មហា​វិទ្យាល័យ ។ គាត់​រៀន​ពុំ​ទាន់​គេ​ឡើយ ជីវិត​ខាង​សង្គម​របស់​នាង ពុំ​មែន​ជា​អ្វី​ដែល​នាង​សង្ឃឹម​ចង់​បាន​នោះ​ទេ ហើយ​នាង​ពុំ​សប្បាយ​ចិត្ត​សោះ ។ ទីបំផុត​ ថ្ងៃ​មួយ​នាង​បាន​លុត​ជង្គង់ ហើយ​អំពាវនាវ​ដល់​ព្រះអម្ចាស់​ថា « តើ​ខ្ញុំ​ម្ចាស់​អាច​ធ្វើ​អ្វី​បាន ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រីក​ចម្រើន ? » ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ខ្សឹប​ប្រាប់​ថា « ចូរ​ក្រោក​ឡើង ហើយ​សម្អាត​បន្ទប់​របស់​អ្នក » ។ ការបំផុស​គំនិត​នេះ​កើតឡើង​ជា​ការភ្ញាក់ផ្អើល​ទាំងស្រុង ប៉ុន្តែ វា​គ្រាន់​តែ​ជា​ចំណុច​ចាប់ផ្ដើម​ប៉ុណ្ណោះ ។ បន្ទាប់​ពីចំណាយ​​ពេល​រៀបចំ​ទុកដាក់​របស់​របរ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​មក នាង​មាន​អារម្មណ៍​ថា ​បន្ទប់​នាង​មាន​ព្រះវិញ្ញាណ ហើយ​ធ្វើ​ឲ្យ​ចិត្ត​នាង​រីករាយ​ឡើង ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​មាន​បន្ទូល​ប្រាប់​យើង ឲ្យ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​រីកចម្រើន​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ បើ​ទ្រង់​ធ្វើ​ដូច្នោះ យើង​នឹង​អស់​ជំនឿ ហើយ​ចុះចាញ់ ។ ព្រះវិញ្ញាណ​ធ្វើការ​ជាមួយ​យើង​ដោយ​ផ្អែក​លើ​ល្បឿន​របស់​យើង មួយ​ជំហាន​ម្ដងៗ ឬ ដូច​ព្រះអម្ចាស់​បាន​បង្រៀន​ថា « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ … ហើយ​មាន​ពរ​ហើយ​ដល់​អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​សិក្ខាបទ​ទាំងឡាយ​របស់​យើង … ដ្បិត​ចំពោះ​អ្នក​ណា​ដែល​បាន​ទទួល នោះ​យើង​នឹង​ឲ្យ​ថែម​ទៀត » ។ ឧទាហរណ៍ បើ​ព្រះវិញ្ញាណ​បាន​បំផុស​ឲ្យ​អ្នក​ថ្លែង​ពាក្យ​អរគុណ​ឲ្យ​បាន​កាន់តែ​ញឹកញាប់ ហើយ​អ្នក​ធ្វើតាម​ការបំផុស​នោះ លំដាប់​នោះ​ទ្រង់​នឹង​ជ្រាប​ថា​ដល់​ពេល​ដែល​អ្នក​ត្រូវ​បន្ត​ទៅ​កាន់​អ្វី​មួយ​ដែល​ពិបាក​ជាង​នេះ—ដូចជា​ការ​រៀន​និយាយ​ថា « ខ្ញុំ​សុំទោស ព្រោះ​វា​ជា​កំហុស​របស់​ខ្ញុំ » ។

រូបភាព
គ្រួសារ​ទទួលទាន​សាក្រាម៉ង់

ពេល​ប្រសើរ​បំផុត​ដើម្បី​ទូល​សួរ​ថា « តើ​នៅ​ខ្វះ​អ្វី​ទៀត » គឺ​ជា​ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ។ សាវក​ប៉ុល​បាន​បង្រៀន​ថា នេះ​គឺ​ជា​ពេល​ឲ្យ​យើង​ម្នាក់ៗ​ល្បង​ខ្លួន​ឯង​មើល ។ ក្នុង​បរិយាកាស​ដ៏​គារវភាព​នេះ កាល​គំនិត​យើង​បែរ​ទៅ​រក​ស្ថានសួគ៌ នោះ​ព្រះអម្ចាស់​អាច​មាន​បន្ទូល​ប្រាប់​យើង​ដោយ​ស្រទន់​អំពី​អ្វី​យើង​ត្រូវ​ធ្វើ​បន្ទាប់​ទៀត ។

ដូចជា​អ្នក​ដែរ ខ្ញុំ​បាន​ទទួល​សារលិខិត​ជា​ច្រើន​ពី​ព្រះវិញ្ញាណ ជា​ច្រើន​ឆ្នាំ​មក​នេះ​ដែល​បង្ហាញ​របៀប​ដែល​ខ្ញុំ​អាច​ធ្វើ​ឲ្យ​រីកចម្រើន ។ ខ្ញុំ​សូម​ចែកចាយ​គំរូ​នៃ​សារលិខិត​ផ្ទាល់ខ្លួន ដែល​ខ្ញុំ​ឱបក្រសោប​យក​ទាំងស្រុង ។ ការបំផុស​គំនិត​ទាំងនេះ​រួម​មាន ៖

  • ចូរ​កុំ​ដំឡើង​សំឡេង​អ្នក​ឡើយ ។

  • ចូរ​រៀបចំ​ខ្លួន​អ្នក បង្កើត​បញ្ជី​នៃ​កិច្ចការ​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ ។

  • ចូរ​ថែ​រក្សា​ខ្លួន​អ្នក​ឲ្យ​បាន​កាន់តែ​ល្អ ដោយ​ទទួលទាន​ផែ្លឈើ និង បន្លែ​ឲ្យ​បាន​ច្រើន​ជាង​មុន ។

  • ចូរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ញឹកញាប់​ជាង​មុន ។

  • ចូរ​យក​ពេល​ពិចារណា​មុន​ពេល​អធិស្ឋាន ។

  • ចូរ​សូម​យោបល់​ពី​ភរិយា​របស់​អ្នក ។

  • ចូរ​អត់ធ្មត់​នៅ​ពេល​បើកបរ កុំ​បន្ថែម​ល្បឿន​លើស​កំណត់ ។ ( ខ្ញុំ​នៅ​តែ​ព្យាយាម​អនុវត្ត​ចំណុច​ចុង​ក្រោយ​នេះ​នៅ​ឡើយ ) ។

ពលិកម្ម​​ដង្វាយធួន​របស់ព្រះអង្គសង្គ្រោះ​​គឺ​ជា​អ្វី​មួយ ដែល​ធ្វើ​ឲ្យ​ភាពគ្រប់​លក្ខណ៍ ឬ ញែក​ឲ្យ​បរិសុទ្ធ​អាច​ធ្វើ​ទៅ​បាន ។ យើង​ពុំ​អាច​ធ្វើ​វា​បាន​ដោយ​ខ្លួន​យើង​នោះ​ទេ ប៉ុន្តែ ព្រះគុណ​នៃ​ព្រះ​មាន​ល្មម​នឹង​ជួយ​យើង​បាន ។ ដូច​អែលឌើរ ដេវីឌ អេ បែដណា បាន​សម្គាល់ ៖ « យើង​ភាគ​ច្រើន​យល់​ថា ដង្វាយធួន​គឺ​សម្រាប់​មនុស្ស​មាន​បាប ។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ពុំ​ប្រាកដ​ទេ​ថា យើង​ដឹង ហើយ​យល់​ថា​ដង្វាយធួន​ក៏​សម្រាប់​ពួក​បរិសុទ្ធ​ដែរ—សម្រាប់​បុរស និង ស្ត្រី​ដែល​គោរព​ប្រតិបត្តិ សក្ដិសម និង ប្រាកដប្រជា ព្រមទាំង​ជា​មនុស្ស​ដែល​ពុះពារ​ធ្វើ​ជា​មនុស្ស​កាន់តែ​ប្រសើរ​ឡើង » ។

រូបភាព
យុវនារី​កំពុងអធិស្ឋាន

ខ្ញុំ​សូម​ផ្ដល់​យោបល់​ឲ្យ​អ្នក​ចូលរួម ធ្វើ​លំហាត់​ខាង​វិញ្ញាណ​មួយ​នៅ​ពេល​ណា​មួយ​ឆាប់ៗ​នេះ អាច​ជា​យប់​នេះ​អំឡុង​ពេល​អ្នក​អធិស្ឋាន ។ សូម​ទូល​សួរ​ព្រះអម្ចាស់​ដោយ​រាបសា​នូវ​សំណួរ​ដូច​តទៅនេះ ៖ « តើ​មាន​អ្វី​កំពុង​រារាំង​ទូល​បង្គំ​មិន​ឲ្យ​រីកចម្រើន​បាន ? » ឬ សំណួរ​ម្យ៉ាង​ទៀត ៖ « តើ​នៅ​ខ្វះ​អ្វី​ទៀត ? » បន្ទាប់​មក សូម​រង់ចាំ​ចម្លើយ​ដោយ​ស្ងប់ស្ងៀម ។ បើ​អ្នក​សួរ​ដោយ​ស្មោះ ចម្លើយ​នឹង​ផ្ដល់​ឲ្យ​យ៉ាង​ច្បាស់​ក្នុង​ពេល​ឆាប់ៗ ។ វា​នឹង​ជា​វិវរណៈ​ដែល​បម្រុង​ទុក​សម្រាប់​អ្នក ។

ប្រហែល​ព្រះវិញ្ញាណ​នឹង​មាន​បន្ទូល​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់ទោស​ឲ្យ​នរណា​ម្នាក់ ។ ឬ អ្នក​អាច​ទទួល​សារលិខិត​ឲ្យ​សម្រាំង​ភាពយន្ត ដែល​អ្នក​មើល ឬ តន្ត្រី​ដែល​អ្នក​ស្ដាប់ ។ អ្នក​អាច​នឹង​មាន​អារម្មណ៍​បំផុស​ឲ្យ​មាន​ចិត្ត​ស្មោះត្រង់ ក្នុង​របរ​រកស៊ី​របស់​អ្នក ឬ ថ្វាយ​ដង្វាយ​តមអាហារ​កាន់តែ​ដោយ​ចិត្ត​ទូលាយ ។ សក្ដានុពល​គ្មាន​ទីបញ្ចប់​ឡើយ ។

ព្រះវិញ្ញាណ​អាច​បង្ហាញ​យើង​អំពី​ភាពទន់ខ្សោយ​របស់​យើង ប៉ុន្តែ​ទ្រង់​ក៏​អាច​បង្ហាញ​យើង​អំពី​ភាពខ្លាំង​របស់​យើង​ដែរ ។ ពេល​ខ្លះ យើង​ត្រូវ​ទូល​សូម​អ្វី​ដែល​យើង​ធ្វើ​ជា​រឿង​ត្រឹមត្រូវ ដើម្បី​ព្រះអម្ចាស់​អាច​បំផុស ហើយ​លើក​ទឹកចិត្ត​យើង ។ នៅ​ពេល​យើង​អាន​ពរ​របស់​លោក​អយ្យកោ យើង​ត្រូវបាន​រំឭក​ថា ព្រះវរបិតាសួគ៌​ជ្រាប​អំពី​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង ។ ទ្រង់​សប្បាយ​ព្រះទ័យ គ្រប់​ពេល​ដែល​យើង​រីកចម្រើន ។ ចំពោះ​ទ្រង់ ទិសដៅ​របស់​យើង​មាន​សារៈសំខាន់​ជាង​ល្បឿន​របស់​យើង​ទៅ​ទៀត ។

បងប្អូន​ប្រុស​ស្រី​អើយ សូម​បន្ត​ទៅ​មុខ ប៉ុន្តែ សូម​កុំ​បាក់ទឹកចិត្ត​ឡើយ ។ យើង​នឹង​ពុំ​បាន​ភាពគ្រប់​លក្ខណ៍​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ទេ ប៉ុន្តែ​ក្នុង​ជីវិត​នេះ យើង​អាច​ចាក់​គ្រឹះ​របស់​យើង ។ « វា​ជា​ករណីយកិច្ច​យើង ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​នេះ​បាន​ល្អ​ប្រសើរ​ជាង​កាលពី​ម្សិលមិញ ហើយ​មាន​ថ្ងៃ​ស្អែក​បាន​ល្អ​ប្រសើរ​ជាង​ថ្ងៃ​នេះ » ។

បើ​យើង​ពុំ​ដាក់​អាទិភាព​លើ​ភាពរីកចម្រើន​ខាង​វិញ្ញាណ​ក្នុង​ជីវិត​យើង​ទេ នោះ​យើង​ពុំ​ស្ថិត​ក្នុង​វគ្គ​សិក្សា​អំពី​ភាពរីកចម្រើន​ដ៏​ខ្ជាប់ខ្ជួន​ឡើយ យើង​នឹង​ខកខាន​បាន​បទពិសោធន៍​សំខាន់ ដែល​ព្រះ​មាន​ព្រះទ័យ​ប្រទាន​ឲ្យ​យើង ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​អាន​ប្រសាសន៍​របស់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដែល​មាន​ឥទ្ធិពល​ជា​និរន្តរ៍​ចំពោះ​ខ្ញុំ ៖ លោក​ថ្លែង​ដូចនេះ ៖ « ខ្ញុំ​បាន​រៀន​ថា ទីណា​ដែល​មាន​ដួងចិត្ត​ឧទ្ទិស ការស្រេកឃ្លាន​រក​សេចក្ដី​សុចរិត ការរលាស់​ចេញ​នូវ​អំពើបាប និង ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ព្រះ នោះ​ព្រះអម្ចាស់​ប្រទាន​ពន្លឺ​កាន់តែ​ច្រើន​ទៅៗ រហូត​ដល់​មាន​អំណាច​ទម្លុះ​វាំងនន​ស្ថានសួគ៌ ... បុគ្គល​ដែល​មាន​ភាពសុចរិត​បែប​នេះ មាន​ការសន្យា​ដ៏​មាន​តម្លៃ​ដែល​ថ្ងៃ​ណា​មួយ នឹង​ឃើញ​ព្រះភក្ត្រ​ព្រះអម្ចាស់ ហើយ​ដឹង​ថា​គឺ​ជា​ទ្រង់ » ។១០

វា​ជា​ការអធិស្ឋាន​របស់​ខ្ញុំ សូម​ឲ្យ​បទពិសោធន៍​ចុង​ក្រោយ​នេះ អាច​ជា​របស់​យើង​នា​ថ្ងៃ​ណា​មួយ ពេល​យើង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នាំ​យើង​ទៅ​ផ្ទះ​វិញ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ម៉ាថាយ ៥:៤៨

  2. នែល អេ ម៉ាក់ស្វែល « Testifying of the Great and Glorious Atonement » Liahona ខែ មេសា ឆ្នាំ ២០០២ ទំព័រ ៩ ។

  3. ម៉ាថាយ ១៩:២០  ។

  4. ម៉ាថាយ ១៩:២១  ។

  5. Teachings of Presidents of the Church: Harold B. Lee ( ឆ្នាំ ២០០០ ) ទំព័រ ១៩៧ ។

  6. នីហ្វៃទី ២ ២៨:៣០

  7. សូមមើល នីហ្វៃទី ១ ១១:២៨  ។

  8. ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality » Liahona ខែ មេសា ឆ្នាំ ២០១២ ទំព័រ ១៤ ។

  9. យ៉ូសែប ហ្វីលឌិង ស៊្មីធ Doctrines of Salvation, comp. ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ភាគ​ទី ៣ ( ឆ្នាំ ១៩៥៤–៥៦ ) ២:១៨ ។

  10. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « Give the Lord Your Loyalty » Tambuli ខែ កុម្ភៈ ឆ្នាំ ១៩៨១ ទំព័រ ៤៧ ។