ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការស្គាល់ និង​ការព្យាបាល​ពី​ការរំលោភ​បំពាន


« មេរៀនទី ២៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការស្គាល់ និង​ការព្យាបាល​ពី​ការរំលោភ​បំពាន » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
មនុស្ស​ពីរ​នាក់​កំពុង​ឱបគ្នា

មេរៀនទី ២៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការស្គាល់ និង​ការព្យាបាល​ពី​ការរំលោភ​បំពាន

ការរំលោភ​បំពាន​គឺជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​មួយ ។ ព្យាការី និង​សាវក​ទាំងឡាយ​បាន​ព្រមាន​ថា « បុគ្គល​ណា​ដែល​បំពានលើ … ភរិយា ឬកូនចៅ … គង់តែ​ថ្ងៃណា​មួយនឹង​ទទួលខុស​ត្រូវនៅ​ចំពោះ​ព្រះ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​ពី​របៀប​ដែល​អ្នក​អាច​ដឹង​ពីពេល​ដែល​ការរំលោភ​បំពាន​កំពុង​កើតឡើង និង​របៀប​ដែល​អ្នក​ដែល​រងគ្រោះ​ដោយសារ​ការរំលោភ​បំពាន​អាច​ត្រូវបាន​ព្យាបាល​ដោយ​ព្រះអម្ចាស់ ។

ផ្នែក​ទី ១

តើ​អ្វី​ជា​ការរំលោភ​បំពាន ?

ការជ្រើសរើស​របស់យើង​អាច​មាន​ផលវិបាក​ជាច្រើន​សម្រាប់​យើង និង​អ្នក​ដទៃ ។ គួរឲ្យ​សោកស្ដាយ មនុស្ស​មួយ​ចំនួន​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ខ្លួន​ដោយ​ទុច្ចរិត​ទៅ​រំលោភ​បំពាន​លើ​អ្នក​ដទៃ ។

« ជា​ញឹកញាប់ វា​ពុំ​មាន​និយមន័យ​តែ​មួយ​នៃ​ការរំលោភ​បំពាន ដែល​អាច​អនុវត្ត​នៅក្នុង​ស្ថានភាព​ទាំងអស់​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​មាន​វិសាលភាព​មួយ​នៃ​ភាពធ្ងន់ធ្ងរ​នៅក្នុង​ឥរិយាបថ​រំលោភ​បំពាន ។ វិសាលភាព​នេះ​មាន​ចាប់ពី​ការប្រើ​ពាក្យ​ធ្ងន់ៗ​រហូតដល់​ការបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ » ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣៨.៦.២.៤ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ការរំលោភ​បំពាន​អាច​កើតឡើង​តាមរយៈ​ការធ្វេស​ប្រហែស ឬ​ការធ្វើ​បាប​លើ​រាងកាយ ផ្លូវភេទ ផ្លូវ​អារម្មណ៍ ឬ​ហិរញ្ញវត្ថុ​របស់​អ្នក​ដទៃ ។

ដូចជា​ការបោះពុម្ព​ផ្សាយ​មួយ​របស់​សាសនាចក្រ​បាន​កត់សម្គាល់ ៖

ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើបាន ដើម្បី​រារាំងការរំលោភបំពាន ហើយ​ការពារ និង​ជួយ​ដល់​អស់អ្នកទាំងឡាយ​ដែល​ជាជនរងគ្រោះ​មកពីការបំពាន​នោះ ។ គ្មាន​នរណា​ម្នាក់​ត្រូវបាន​រំពឹង​ឲ្យ​ស៊ូទ្រាំ​នឹង​ឥរិយាបថ​រំលោភ​បំពាន​នោះ​ទេ ។ …

… មិន​ត្រូវ​ស្ដី​បន្ទោស​ជនរងគ្រោះ … ​ចំពោះ​អាកប្បកិរិយា​ដែល​បង្កគ្រោះថ្នាក់​របស់​អ្នកដទៃ​ឡើយ—មិនថា​អ្នកណា​រំលោភ​បំពាន​លើ​ពួកគេ​ឡើយ ។ ជនរងគ្រោះ​មិន​មាន​ទោស​ទេ ។ ( Gospel Topics « Abuse » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org )

រូបភាព
យុវមជ្ឈិមវ័យ​អង្គុយ​តែ​ម្នាក់​ឯង

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ថ្លែងសុន្ទរកថា​អំពី​ទំនួលខុសត្រូវ​របស់​យើង​ក្នុងនាម​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដើម្បី​ចៀសវាង​ពី​ការរំលោភ​បំពាន​លើ​អ្នក​ដទៃ ជាពិសេស​សមាជិក​គ្រួសារ​របស់​យើង ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

យើង​ត្រូវ​ប្រយ័ត្ន​ទ្វេដង​ក្នុងនាមជា​សិស្ស​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ … នៅ​គ្រប់​ករណី​ទាំងអស់ យើង​ពុំ​មាន​កំហុស​នោះទេ នៅ​គ្រប់​ទម្រង់​នៃ​ការរំលោភ​បំពាន ឬ​ការគ្រប់គ្រង​ដោយ​ឥតសុចរិត ឬ​ការបង្ខិត​បង្ខំ​ដោយ​អសីលធម៌​នានា—ទាំង​ខាង​រាងកាយ ផ្លូវចិត្ត ផ្លូវ​អារម្មណ៍ ឬ​តាមបែប​ផ្សេងៗ​ទៀត ។ …

នៅក្នុង​ឧទាហរណ៍​ជាច្រើន ទោះបីជា​បុរស​ស្ត្រី និង​កុមារ​ដ៏​ស្មោះត្រង់​ជាច្រើន​ក៏អាច​មាន​កំហុស​ក្នុង​ការនិយាយ​មិនល្អ និង​អាច​បំផ្លាញ​ដល់​អ្នក​ដែល​ពួកគេ​បាន​ផ្សារភ្ជាប់​តាមរយៈ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ហើយ​បាន​ដែរ​ ។ មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​ក្ដី​​ស្រឡាញ់​ មាន​អារម្មណ៍​សុខសាន្ដ ​ហើយមាន​សុវត្ថិភាព​នៅក្នុង​ផ្ទះ ។ សូម​មេត្តា សូមយើង​​ព្យាយាម​ថែរក្សា​បរិស្ថាន​នោះ​នៅទីនោះ ។ ការ​សន្យា​របស់មនុស្ស​ផ្សះផ្សារគេ ​គឺ​ថា​បងប្អូន​នឹង​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ជា​គូកន​​ជា​និច្ច ហើយ​ពរជ័យ​នឹងចាក់ស្រោច​​មក​លើ​បងប្អូន ​« ​ដោយ​ឥត​បង្ខិតបង្ខំ » ជា​រៀង​ដរាប​ត​ទៅ [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៤៦ ] ។ ( « Not as the World Giveth » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៣៧; សូម​មើល​ផងដែរ អេភេសូរ ៤:២៩–៣២ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​គោលការណ៍​នៃ​ដំណឹងល្អ​អ្វី​ខ្លះ​ត្រូវ​បាន​រំលង នៅពេល​មាន​ការរំលោភ​បំពាន​កើតឡើង​នោះ ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ដឹងថា​ការរំលោភបំពាន​កំពុង​កើតឡើង​ដោយ​របៀបណា ?

« មាន​សញ្ញា​ទូទៅ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន ពីរបៀប​ដែល​ការ​រំលោភ​បំពាន​ច្រើន​តែ​ចាប់ផ្តើម និង​បន្ត » ( « Recognizing Patterns of Abuse » នៅលើ​គេហទំព័រ abuse.ChurchofJesusChrist.org ) ។ ការស្គាល់ និង​ការយល់ដឹង​អំពី​សញ្ញា​ទាំងនេះ​អាច​បើកទ្វារ​សម្រាប់​ព្រះអម្ចាស់​ដើម្បី​ធ្វើការ​តាមរយៈ​អ្នក ក្នុងការ​ជួយ​បញ្ឈប់​ការរំលោភ​បំពាន ឬ​រារាំង​កុំឲ្យ​កើតមាន​ស្ថានភាព​ដែល​អាចនាំ​ឲ្យ​មាន​ការរំលោភ​បំពាន​បាន ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ចំណាយពេល​ពីរបីនាទី​ដើម្បី​សិក្សា​ពី​ធនធាន​នេះ « Recognizing Patterns of Abuse » ( នៅលើ​គេហទំព័រ abuse.ChurchofJesusChrist.org ) ហើយ​មក​រៀន​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​អ្នក​បានរៀន ។

រូបភាព
យុវមជ្ឈិមវ័យ​ម្នាក់​កំពុង​ស្វែងរក​ជំនួយ​ពី​ថ្នាក់ដឹកនាំ​បព្វជិតភាព

សូម​កុំ​មើលស្រាល​នូវ​ភាពធ្ងន់ធ្ងរ​នៃ​ការរំលោភ​បំពាន​ចំពោះ​ខ្លួន​អ្នក ឬ​ចំពោះ​នរណា​ម្នាក់​ឡើយ ។ « ប្រសិនបើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ទទួលរង​ការរំលោភ​បំពាន សូម​ស្វែងរក​ជំនួយ​មកពី​អាជ្ញាធរ​ស៊ីវិល ថ្នាក់ដឹកនាំ​បព្វជិតភាព សេវាកម្ម​ការពារ​កុមារ ឬ​សេវាកម្ម​ការពារ​មជ្ឈិមវ័យ » ( « In Crisis? Talk Now » នៅលើ​គេហទំព័រ abuse.ChurchofJesusChrist.org ) ។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​ការរាយការណ៍​ពី​ការរំលោភ​បំពាន សូមមើល « What Should I Do If I Know or Suspect That Someone Is Being Abused? » ( នៅលើ​គេហទំព័រ abuse.ChurchofJesusChrist.org ) ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​អាច​ប្រើ​ការបង្រៀន​នៅក្នុង​ផ្នែក​នេះ​ដើម្បី​ការពារ​ខ្លួន​អ្នក និង​ដើម្បី​ធ្វើជា​ឧបករណ៍​របស់​ព្រះអម្ចាស់​ក្នុង​ការការពារ​ដល់​អ្នកដទៃ​ពី​ការរំលោភ​បំពាន ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ព្យាបាល​យ៉ាង​ដូចម្តេច ប្រសិនបើ​ខ្ញុំ​ទទួល​រង​ការរំលោភ​បំពាន​នោះ ?

ជនរង​គ្រោះ​ពី​ការរំលោភ​បំពាន​រងការប៉ះ​ទង្គិច​យ៉ាង​ធ្ងន់ធ្ងរ ។ ការឈឺចាប់ និង​របួស​ដែល​ពួកគេ​បាន​ឆ្លងកាត់​អាច​នាំ​ឲ្យ​មាន​ការប្រឈម​ខាងផ្លូវចិត្ត ខាង​ផ្លូវ​អារម្មណ៍ ខាងវិញ្ញាណ និង​ខាង​រូបកាយ ។

អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ដាស់តឿន ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

ប្រសិនបើ​អ្នក​ត្រូវ​បាន​គេ​ធ្វើបាប នោះ​សាតាំង​នឹង​ខិតខំ​ពន្យុះ​អ្នក​ថា វា​គ្មាន​ដំណោះស្រាយ​នោះទេ ។ … យុទ្ធសាស្ដ្រ​របស់​វា​គឺ ត្រូវ​ធ្វើ​អ្វីទាំងអស់​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បំបែក​អ្នក​ចេញពី​ព្រះបិតា​របស់​អ្នក និង​ព្រះរាជបុត្រា​របស់​ទ្រង់ ។ សូម​កុំ​ឲ្យ​សាតាំង​បញ្ចុះបញ្ចូល​អ្នក​ថា គ្មាន​នរណា​អាច​ជួយ​អ្នក​បាន​ឡើយ ។ ( « To Heal the Shattering Consequences of Abuse » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៤១ )

លោក​ចៅហ្វាយ​គ្រូពេទ្យ​ដែល​ជា​ព្រះ​យេស៊ូវគ្រីស្ទ​អាច​ផ្តល់​សេចក្តីសង្ឃឹម និង​ការព្យាបាល​ដ៏​ល្អ​បំផុត​ដល់​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​បាន ។ អែលឌើរ ស្កត បាន​បន្ត​បង្រៀន ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

សិទ្ធិ​ជ្រើសរើស​ខាងសាច់ឈាម​គឺជា​ធាតុ​ដ៏​សំខាន់​នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ ។ ទ្រង់​បាន​ញាណដឹង​ថា បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់ទ្រង់​មួយ​ចំនួន​នឹង​ប្រើ​សិទ្ធិ​ជ្រើសរើស​នោះ​ដោយ​មិន​ត្រឹមត្រូវ ដែល​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​អ្នកដទៃ ។ អ្នកខ្លះ​ថែមទាំង​បំពាន​លើ​ការទុកចិត្ត​ដ៏​ពិសិដ្ឋ​ទៀត​ផង ដូចជា​ឪពុក ឬ​សមាជិក​គ្រួសារ​រំលោភ​បំពាន​លើ​កូន​ដែល​មិនដឹង​អី ។ ដោយសារ​ព្រះវរបិតាសួគ៌​របស់យើង​មាន​យុត្តិធម៌​ខ្លាំងណាស់ នោះវា​ត្រូវតែ​មាន​ផ្លូវ​ដើម្បី​យកឈ្នះលើ​ផលលំបាក​ដ៏​អន្ដរាយ​នៃ​ការប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​ដែល​បំផ្លាញ​ទាំង​ជនរងគ្រោះ និង​ជនល្មើស​នោះ ។ ការព្យាបាល​ដ៏​មាន​សុវត្ថិភាព​នោះ​កើតឡើង​តាមរយៈ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះរាជបុត្រា​ដ៏នភ្ញា​របស់ទ្រង់​ដែលជា​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​កែតម្រូវ​នូវ​រឿង​អយុត្តិធម៌​នោះ ។ សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​លើ​ព្រះចេស្តា​របស់ទ្រង់​ក្នុងការ​ព្យាបាល ផ្ដល់ជា​មធ្យោបាយ​ដល់​ជនរងគ្រោះ​នៃ​ការរំលោភ​បំពាន​ដើម្បី​យកឈ្នះ​លើ​ផល​ដ៏​អាក្រក់​នៃ​ទង្វើ​ទុច្ចរិត​របស់​អ្នកដទៃ ។ …

ការព្យាបាល​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​ដ៏​ចេះគិតគូរ​ម្នាក់ ឬ​អ្នកប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈដ៏​វាងវៃ​ម្នាក់ ។ ប្រសិន​បើ​អ្នក​បាក់​ជើង អ្នក​មិន​អាច​សម្រេចចិត្ត​ថា​នឹង​ព្យាបាល​វា​ដោយ​ខ្លួន​អ្នក​នោះ​ទេ ។ ការរំលោភ​បំពាន​ធ្ងន់ធ្ងរ​ក៏​អាច​ទទួល​បាន​ជំនួយ​ពី​អ្នក​ជំនាញ​ផងដែរ ។ មានវិធី​ជាច្រើន​ដើម្បី​ចាប់ផ្តើម​ការព្យាបាល ប៉ុន្តែ​សូម​ចងចាំថា ការព្យាបាល​ពេញលេញ​កើតឡើង​តែ​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ដែល​ជាព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ជាលោក​ចៅហ្វាយ និង​ជា​ព្រះប្រោសលោះ​របស់​យើង​ប៉ុណ្ណោះ ។ សូម​មាន​សេចក្តីជំនឿ​ថា ដោយសារ​ការខិតខំ​ប្រឹងប្រែង​ដ៏​ឥតខ្ចោះ ដ៏​អស់កល្ប នោះ​ដង្វាយធួន​ដ៏​និរន្ដរ​របស់​ទ្រង់​អាច​ព្យាបាល​ការឈឺចាប់​របស់អ្នក​ពី​ផល​នៃ​ការរំលោភបំពាន​បាន ។ ( « To Heal the Shattering Consequences of Abuse » ទំព័រ ៤០, ៤២ )

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​ឱប​បុរស​ដែល​ទ្រង់​ព្យាបាល

ព្យាការី​អេសាយ​បាននិយាយ​ពី​បេសកកម្ម​របស់​ព្រះអង្គ​សង្រ្គោះ និង​ព្រះចេស្តា​ដើម្បី​ព្យាបាល ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អេសាយ ៦១:១–៣ ហើយ​សូម​រកមើល​សេចក្តីសង្ឃឹម​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់គ្នា​ដែលបាន​ទទួលរង​ការរំលោភបំពាន ។

ដើម្បី​យល់​ពី​ឃ្លា « ភួង​លំអ​ជំនួស​ផេះ » ( ខទី ៣ ) វា​អាចជា​ជំនួយ​ដើម្បី​ដឹងថា តាម​ប្រពៃណី​សាសន៍​អ៊ីស្រាអែល ពួកគេ​ចាក់​ផេះ​នៅលើ​ក្បាល​របស់​ពួកគេ​នៅគ្រា​ក្រៀមក្រំ ឬ​អស់សង្ឃឹម ។ ព្រះអម្ចាស់​បានសន្យាថា​នឹង​ប្តូរ​ផេះ​នេះ​ទៅជា​ភួង​លំអ ឬ​ជា​មកុដ ឬ​ស្បៃ​គ្រប​ក្បាល​នៃ​ភាពស្រស់​ស្អាត ។ អស់​អ្នក​ដែល​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ អាច​ដកពិសោធន៍​អំណោយទាន​ដ៏​ពិសិដ្ឋ​នៃ​ការព្យាបាល និង​សេចក្ដី​ស្រឡាញ់​នេះ ។

សូម​ពិចារណា​មើល​វីដេអូ​នេះ « The Prince of Peace » ( ២:៣២ ) និង​គិត​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រទាន​សេចក្តី​សុខសាន្ត​ដល់​ជនរងគ្រោះ​នៃ​អំពើ​រំលោភបំពាន​បាន ។

ប្រធាន ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បញ្ជាក់​ជាថ្មី ៖

រូបភាព
ប្រធាន ជីន ប៊ី ប៊ីងហាំ

មិន​ថា​យើង​បានទទួលរង​អ្វី​នោះ​ទេ [ ព្រះ​យេស៊ូវ គ្រីស្ទ ] គឺជា​ប្រភព​នៃ​ការព្យាបាល ។ អស់​អ្នក​ដែល​ធ្លាប់​ជួប​ការ​រំលោភ​បំពាន … អាច​បាន​ជា​សះ​ស្បើយ ដោយសារ​ព្រះដ៏​ប្រោសលោះ​នៃ​ពិភពលោក ។ ទោះជាយ៉ាងណា ទ្រង់​នឹង​ពុំ​យាង​ចូល​ដោយ​គ្មាន​ការអញ្ជើញ​ឡើយ ។ យើង​ត្រូវ​មក​រក​ទ្រង់ ហើយ​ឲ្យ​ទ្រង់​ធ្វើ​នូវ​អព្ភូតហេតុ​របស់​ទ្រង់ ។ ( « That Your Joy Might Be Full » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៨៦ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​បានធ្វើ​អ្វីខ្លះ ដើម្បី​នាំមក​នូវ​ការលួងលោម ជំនួយ និង​ការព្យាបាល​មកពី​ព្រះអង្គ​សង្គ្រោះ ទោះ​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ? តើ​អ្វី​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​ការអត់ធ្មត់ និង​ស្មោះត្រង់​ក្នុង​អំឡុងពេល​រង់ចាំ​ក្នុងការ​ព្យាបាល ?