ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ឪពុក


« មេរៀន​ទី ២០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ឪពុក » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
ឪពុក​ជាមួយ​ភរិយា និង​កូនប្រុស​ពីរនាក់​របស់​គាត់

មេរៀន​ទី ២០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​របស់​ឪពុក

ព្រះវរបិតា​សួគ៌​បាន​តែងតាំង​បុត្រា​ទាំងឡាយ​របស់​ទ្រង់​ឲ្យមាន​ទំនួល​ខុសត្រូវ « ធ្វើជា​អ្នក​ដឹកនាំ​នៅក្នុង​គ្រួសារ​របស់ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុចរិត ហើយ​មាន​ភារកិច្ច​ក្នុង​ការផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​ក្នុង​ជីវិត ព្រមទាំង​ការពារ​ក្រុមគ្រួសារ​ខ្លួនផង » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​គិត​អំពី​របៀប​ដែល​អ្នក​មាន​ពរជ័យ​ដោយសារ​ឪពុក និង​បុរស​ដទៃ​ទៀត ដែល​បាន​ខិតខំ​បំពេញ​ទំនួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​ទាំងនេះ ។

កំណត់​ចំណាំ ៖ នៅក្នុង​មេរៀន​នេះ យើង​នឹង​ផ្តោត​ទៅលើ​ការទទួល​ខុសត្រូវ​ក្នុង​ការការពារ ។ ប្រធានបទ​អំពី​ការធ្វើជា​អធិបតី និង​ការផ្គត់ផ្គង់​បាន​ពិភាក្សា​រួចហើយ​នៅក្នុង​មេរៀន​មុនៗ ។

ផ្នែក​ទី ១

តើ​បុរសៗ​អាច​យក​គំរូ​ក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​ធ្វើជា​ឪពុក​ល្អ តាម​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

ខណៈ​កំពុង​បម្រើ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ប្រធាន លីនដា ខេ ប៊ើតុន បាន​ថ្លែង​អំពី​ឧបសគ្គ​មួយ​ចំនួន ដែល​បុរស​កំពុង​ប្រឈម​មុខ ៖

រូបភាព
ប្រធាន លីនដា ខេ ប៊ើតុន

វា​ពិបាក​ណាស់​សម្រាប់​បុរស​នៃ​សេចក្តីសញ្ញា ក្នុង​ការរស់នៅ​ក្នុង​លោកិយ​នេះ ដែល​មិន​ត្រឹមតែ​តម្រូវ​ឲ្យ​បំពេញ​តួនាទី និង​ការទទួល​ខុសត្រូវ​ដ៏ទេវភាព​របស់គេ​ប៉ុណ្ណោះទេ តែ​ថែម​ទាំង​ទទួល​សារលិខិត​ខុសឆ្គង​អំពី​អត្ថន័យ​នៃ « បុរស​ពិត » ថែមទៀត​ផង ។ សារ​ខុសឆ្គង​ទាំងនោះ​គឺ​ថា « មាន​តែ​ខ្ញុំ​ទេ​ដែល​សំខាន់ » ។ ឯជ្រុង​ម្ខាង​ទៀត​គឺជា​សារលិខិត​បន្តុះ​បង្អាប់ និង​ចំអក​ថា មិន​ត្រូវការ​ស្វាមី និង​ឪពុក​ទាំងឡាយ​ទៀតទេ ។ ខ្ញុំ​សូម​អង្វរ​អ្នក សូម​កុំ​ស្តាប់​តាម​ការកុហក​របស់​សាតាំង​ឡើយ ! វា​ចង់​ក្លែងបន្លំ​ឯកសិទ្ធិ​ពិសិដ្ឋ​នៃ​ការក្លាយជា​ស្វាមី ឬ​ឪពុក ។ ពីព្រោះ​វា​ច្រណែន​ជាមួយ​អស់អ្នក​ដែល​មាន​តួនាទី​ពិសិដ្ឋ ដែល​វា​នឹង​មិន​អាច​ធ្វើ​បានទេ នោះ​វា​មាន​ចេតនា​ចង់ឲ្យ « មនុស្ស​លោក​ទាំងអស់​មាន​ទុក្ខវេទនា​ដូច​វា​ដែរ … » [ នីហ្វៃ​ទី​២ ២:២៧ ] ! ( «We’ll Ascend Together » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣០ )

យើង​អាច​ទប់ទល់​នឹង​សារ​ក្លែងក្លាយ​អំពី​ភាពជា​ឪពុក​បាន តាមរយៈ​ការមើល​ទៅ​ព្រះវរបិតា​សួគ៌​ទុក​ជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​ភាពជា​ឪពុក​ដ៏​សុចរិត ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

គំរូ​ដ៏​ឥតខ្ចោះ និង​ដ៏​ទេវភាព​អំពី​ភាព​ជា​ឪពុក គឺ​ព្រះវរបិតា​សួគ៌​របស់​យើង ។ លក្ខណៈ និង​គុណសម្បត្តិ​របស់​ទ្រង់​មាន​នូវ​សេចក្ដីល្អ និង​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​យ៉ាង​បរិបូរ ។ កិច្ចការ និង​សិរីល្អ​របស់​ទ្រង់ គឺ​ការរីកចម្រើន សុភមង្គល និង​ជីវិត​អស់កល្ប​ជានិច្ច​របស់​កូនចៅ​ទ្រង់ [ សូមមើល ម៉ូសេ ១:៣៩ ] ។ ឪពុក​នៅក្នុង​ពិភពលោក​ដែល​ធ្លាក់​ចុះ​នេះ គ្មាន​ជា​អ្វី​ទាំងអស់ បើ​ប្រៀប​ទៅ​នឹង​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​នៅ​ស្ថាន​ដ៏​ខ្ពស់ ប៉ុន្តែ​ពួកគេ​កំពុង​ព្យាយាម​ដើម្បី​ធ្វើ​តាម​ទ្រង់ ហើយ​ពួកគេ​កំពុង​ធ្វើ​កិច្ចការ​របស់​ទ្រង់​ដោយ​អស់​ពី​សមត្ថភាព ។ ពួកគេ​ត្រូវបាន​គោរព​ដោយ​ការទុកចិត្ត​ដ៏​អស្ចារ្យ និង​ការជឿ​ជាក់ ។ ( « Fathers » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៩៤ )

យើង​ក៏​អាចរៀន​គោលការណ៍​នៃ​ភាពជា​ឪពុក​ដ៏​សុចរិត មក​ពី​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផងដែរ ។ នៅពេល​យើង​កើត​ខាង​វិញ្ញាណ​ម្ដងទៀត នោះ​ទ្រង់​នឹង​ក្លាយជា​ព្រះវរបិតា​នៃ​ជីវិត​ថ្មី​របស់​យើង ( សូមមើល ម៉ូសាយ ៥:៧; អេធើរ ៣:១៤; គោលលទ្ធិ និង សេចក្តី​សញ្ញា ២៥:១ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

នៅអំឡុង​ពេល​នៃ​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ នោះ​ព្រះអង្គ​សង្រ្គោះ​បាន​បង្រៀន​ពួក​អ្នក​ដើរ​តាម​ទ្រង់ អំពី​តួនាទី​របស់​ទ្រង់​ក្នុង​នាម​ជា​អ្នក​គង្វាល​ល្អ ។ សូម​អាន យ៉ូហាន ១០:១១–១៥ ហើយ​សូម​គិត​អំពី​របៀប​ដែល​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ជា​អ្នក​គង្វាល​ល្អ អាច​ប្រៀបធៀប​ទៅនឹង​ការខិតខំ​របស់​ឪពុក​ដ៏​សុចរិត​ក្នុង​គ្រួសារ​មួយ ។

រូបភាព
អ្នកគង្វាល​ល្អ ដោយ ឌែល ផាសិន
រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ស្វែងរក​វគ្គ​បទគម្ពីរ ឬ​ដំណើររឿង​ព្រះគម្ពីរ​មួយ ដែល​បង្រៀន​អំពី​គោលការណ៍​នៃ​ភាពជា​ឪពុក​ដ៏​សុចរិត ចេញ​មកពី​គំរូ​របស់​ព្រះវរបិតា​សួគ៌ ឬ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​កត់ត្រា​គោលការណ៍​ដែល​អ្នក​រកឃើញ ហើយ​សរសេរ​របៀប​ដែល​បុរសៗ​អាច​អនុវត្ត​តាម​គោលការណ៍​ទាំងនេះ​នៅ​ជំនាន់​របស់​យើង​បាន ។ សូម​ត្រៀមខ្លួន​ចែកចាយ​គំនិត​របស់​អ្នក​នៅក្នុង​ថ្នាក់រៀន ។

ផ្នែក​ទី ២

តើ​ការពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​ការមាន​វត្តមាន​ពេញលេញ អាច​ជួយ​ឪពុក​ឲ្យ​ការពារ​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​យ៉ាង​ដូចម្ដេច ?

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ទំនួល​ខុសត្រូវ​របស់​ឪពុក​ក្នុង​ការការពារ​គ្រួសារ​របស់​ខ្លួន​រួមមាន​ទាំង​ការការពារ​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​ផងដែរ ៖

រូបភាព
ប្រធាន អិម រ័សុល បាឡឺដ

ព្រះ និង​ព្យាការី​របស់​ទ្រង់​បាន​រំពឹង​ទុក​ពី​លោក​ឪពុក​ទាំងឡាយ​ថា ពួកគាត់​មិន​ត្រឹមតែ​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ​របស់​ពួកគាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​ការពារ​ពួកគេ​ផងដែរ ។ គ្រោះថ្នាក់​គ្រប់​ប្រភេទ​ទាំងអស់ ដែល​កើត​មាន​នៅក្នុង​ពិភពលោក​ដែល​យើង​រស់នៅ​នេះ ។ ការការពារ​ខាង​រាងកាយ​កុំឲ្យ​មាន​គ្រោះថ្នាក់​ធម្មជាតិ ឬ​គ្រោះថ្នាក់​បង្ក​ឡើង​ដោយសារ​មនុស្ស គឺ​សំខាន់​ណាស់ ។ គ្រោះថ្នាក់​ខាង​សីលធម៌​ក៏នៅ​ជុំវិញ​យើង​ដែរ ហើយ​វា​ប្រឈម​មុខ​នឹង​កូនៗ​របស់​យើង​តាំង​ពី​ពួកគេ​នៅ​តូចៗ​មក​ម្ល៉េះ ។ ឪពុក​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការការពារ​កូនៗ​កុំឲ្យ​ជាប់​អន្ទាក់​បែប​នេះ ។ ( « The Sacred Responsibilities of Parenthood » Ensign ខែ មីនា ឆ្នាំ ២០០៦ ទំព័រ ៣០ )

រូបភាព
ឪពុក​បង្រៀន​កូនៗ​របស់​គាត់​ចេញពី​ព្រះគម្ពីរ

ដោយ​បន្ថែម​លើ​របៀប​ដែល​ឪពុក​អាច​ការពារ​កូនៗ​របស់​ពួកគេ​បាន ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​បង្រៀន ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

ឪពុក​ដ៏​សុចរិត​ម្នាក់​ការពារ​កូនៗ​របស់​ខ្លួន​ដោយ​ការមាន​ពេលវេលា និង​វត្តមាន​នៅក្នុង​សកម្មភាព និង​ការទទួល​ខុសត្រូវ​ខាង​សង្គម ការអប់រំ និង​ខាង​វិញ្ញាណ​របស់​ពួកគេ ។ ការបង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏ទន់ភ្លន់​ចំពោះ​កូនៗ គឺជា​ការទទួល​ខុសត្រូវ​របស់​ឪពុក ដូចជា​ម្តាយ​ដែរ ។ សូម​ប្រាប់​កូនៗ​របស់​អ្នក​ថា អ្នក​ស្រឡាញ់​ពួកគេ ។ ( « Being a Righteous Husband and Father » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៥១ )

សូម​មើល​វីដេអូ « Father’s Day » ( ២:៣០ ) ហើយ​គិត​អំពី​របៀប​ដែល​ឪពុក​ការពារ​កូនៗ ដោយ​ការធ្វើ​អ្វីៗ​ដែល​បាន​បង្ហាញ​នៅក្នុង​វីដេអូ​នេះ ។

ការធ្វើ​ជា​ឪពុក​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​មាន​វត្តមាន​ពេញលេញ ត្រូវការ​ឆន្ទៈ​ខិតខំ និង​ភាពខ្ជាប់ខ្ជួន ។ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​រៀន​ពី​គំរូ​ខាងក្រោម​របស់​ប្រធាន រ័សុល អិម ណិលសុន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ការងារ​របស់​ខ្ញុំ​គឺ​ត្រូវ​គាំទ្រ​ភរិយា និង​កូនៗ​របស់​ខ្ញុំ មិន​មែន​ឲ្យ​ពួកគេ​មក​គាំទ្រ​ខ្ញុំ​នោះ​ទេ ។ … នៅពេល​អ្នក​នៅ​ផ្ទះ គឺ​អ្នក​នៅ​ផ្ទះ ។ សូម​ទុក​ភាពមមា​ញឹក​ពេញ​មួយ​ថ្ងៃ​នៅ​មួយ​អន្លើ​សិន ។ សូម​ផ្តល់​ការយកចិត្ត​ទុកដាក់​របស់​អ្នក​ដល់​ពួកគេ ១០០ ភាគរយ នៅពេល​អ្នក​នៅ​ផ្ទះ ។ ខ្ញុំ​ធ្លាប់​ប្រាប់​ខ្លួនឯង​ថា « កុំ​ដើរ​ចូល​ផ្ទះ​ហ្នឹង រ័សុល រហូត​ដល់​ឯង​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​កូនៗ និង​ភរិយា​របស់​ឯង​សិន » ។ ( នៅក្នុង Vivian S. Lee « Elder Russell M. Nelson, M.D., ’47 » Good Notes ( ប្លក់ ) University of Utah Health ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៤ នៅលើ​គេហទំព័រ uofuhealth.utah.edu/notes )

ឥទ្ធិពល​វិជ្ជមាន​របស់​ឪពុក​ទៅលើ​កូនៗ​របស់​គាត់ អាច​មាន​ឥទ្ធិពល​ដ៏អស្ចារ្យ​ទៅលើ​ការអភិវឌ្ឍ​របស់​ពួកគេ ។ ឧទាហរណ៍ ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ឪពុក​ដែល​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ភាព​ស្និទ្ធស្នាល​អាច ៖

  • បណ្ដុះ​ឲ្យមាន​ការអភិវឌ្ឍ​ការគោរព​ខ្លួនឯង ការគ្រប់គ្រង​ខ្លួនឯង ការអត់ឱន​គ្រប់គ្រង​ភាព​តានតឹង និង​អារម្មណ៍​អំពី​ភេទ ( ត្រង់​នេះ​កំណត់​ថា​ជា​ភេទ​ជីវសាស្ត្រ​មកពី​កំណើត ) នៅក្នុង​កូនប្រុស និង​កូនស្រី​របស់​គាត់ ។

  • បង្កើន​សុវត្ថិភាព និង​ទំនុកចិត្ត​ខាង​ផ្លូវ​ចិត្ត​របស់​កូនៗ​គាត់​បាន​កាន់តែ​ខ្លាំង​ឡើង និង​បង្កើត​ទំនាក់ទំនង​ដ៏ល្អ​ប្រសើរ​ជាមួយ​មនុស្ស​ដទៃ ។

  • បន្ថយ​ចុះ​នៃ​ការរាតត្បាត​នៃ​ភាពក្រីក្រ ឧក្រិដ្ឋកម្ម និង​ការប្រើប្រាស់​គ្រឿងញៀន​របស់​កុមារ ។ ( សូមមើល ជែមស៍ អ៊ី ហ្វោស្ត « Fathers, Mothers, Marriage » Ensign ខែ សីហា ឆ្នាំ ២០០៤ ទំព័រ ៣–៧; Sarah Keenan « Elephants, Fathers, and Families » Ensign ខែ កញ្ញា ឆ្នាំ ២០១៨ ទំព័រ ៥៤–៥៨; សូមមើល​ផងដែរ​សេចក្ដីយោង​ដែល​បាន​ដកស្រង់​នៅក្នុង​អត្ថបទ​ទាំងនេះ ) ។

ឥទ្ធិពល​ការពារ​របស់​ឪពុក​គឺជា​ការបំពេញ​បន្ថែម​ដ៏មាន​ឥទ្ធិពល ទៅលើ​ឥទ្ធិពល​ចិញ្ចឹម​បីបាច់​ដ៏សំខាន់​របស់​ម្តាយ ។ ក្នុង​នាមជា​ដៃគូ​ស្មើភាព​គ្នា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ នោះ​ស្វាមី និង​ភរិយា​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការការពារ​ក្រុមគ្រួសារ​របស់​ពួកគេ ។ ស្វាមី និង​ភរិយា​អាច​ធ្វើការ និង​ប្រឹក្សា​រួមគ្នា​បាន នៅពេល​ពួកគេ​បំពេញ​កាតព្វកិច្ច​ដ៏ពិសិដ្ឋ​នេះ ។

រូបភាព
ឪពុក​កំពុង​រាំ​ជាមួយ​កូនស្រី​តូច​របស់​គាត់

តួនាទី​របស់​ឪពុក និង​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​ដើម្បី​ការពារ​នេះ អនុវត្ត​ចំពោះ​បុត្រា​របស់​ព្រះវរបិតា​សួគ៌​ទាំងអស់ ដោយសារ​លក្ខណៈ និង​ជោគវាសនា​ដ៏ទេវភាព និង​ដ៏អស់កល្ប​ជានិច្ច​របស់​ពួកគេ ។ ទោះបីជា​ភាគច្រើន​បុរស​បំពេញ​ទំនួល​ខុសត្រូវ​នេះ​នៅក្នុង​គ្រួសារ​របស់​ពួកគេ​ផ្ទាល់​ក៏ដោយ ក៏​ពួកគេ​អាច​បំពេញ​ការទទួល​ខុសត្រូវ​នេះ​នៅក្នុង​មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត​បាន​ផងដែរ ។ សូម​ពិចារណា​អំពី​គំរូ​របស់ យេត្រូ ជាមួយ​នឹង​កូនប្រសារ​ប្រុស​របស់​លោក គឺ​ម៉ូសេ ( សូមមើល និក្ខមនំ ១៨ ) និង​ហេលេមិន ជាមួយ​នឹង​កងពល​កំលោះ ( សូមមើល អាលម៉ា ៥៦–៥៧ ) ។ តើ​មាន​គំរូ​ក្នុង​ព្រះគម្ពីរ​ផ្សេងទៀត​ណាខ្លះ ដែល​អ្នក​អាច​គិត​ដល់ ?

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​បាន​ទទួល​ពរជ័យ និង​ការការពារ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការចូលរួម​របស់​ឪពុក ឬ​បុរស​ដែល​ដូចជា​ឪពុក​ដ៏សុចរិត​ម្នាក់​នៅក្នុង​ជីវិត​របស់​អ្នក​តាម​របៀប​ណា ?

ផ្នែក​ទី ៣

តើ​វិវរណៈ​ដ៏ទេវភាព និង​អំណាច​បព្វជិតភាព​អាច​ជួយ​លោក​ឪពុក​ទាំងឡាយ ឲ្យ​ការពារ​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​ដោយ​របៀប​ណា ?

ចេញពី​បទពិសោធន៍​របស់​យ៉ូសែប​នៃ​ស្រុក​ណាសារ៉េត នោះ​យើង​អាច​រៀន​គោលការណ៍​ដ៏​សំខាន់​មួយ​អំពី​របៀប​ការពារ​ក្រុមគ្រួសារ​របស់​យើង ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ាថាយ ២:១៣–១៥ ហើយ​ស្វែងរក​អ្វី​ដែល​បាន​ជួយ​យ៉ូសែប​ឲ្យ​ការពារ​ព្រះរាជបុត្រ​ព្រះគ្រីស្ទ និង​ម៉ារា​ពី​គ្រោះថ្នាក់ ។

រូបភាព
យ៉ូសែប​នាំ​ម៉ារា និង​ព្រះយេស៊ូវ​វ័យក្មេង​ទៅកាន់​ស្រុក​អេស៊ីព្ទ

វិវរណៈ​អាច​ជួយ​ឪពុក​ទាំងឡាយ​នៅ​ជំនាន់​របស់​យើង​ឲ្យ​ការពារ និង​ផ្ដល់​ពរជ័យ​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​ដូចគ្នា​ដែរ ។ ដូច​ដែល​ប្រធាន បាឡឺដ បាន​ទូន្មាន​មក​ថា « ឪពុក​ទាំងឡាយ​គួរតែ​ខិតខំ​ស្វែងរក​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ពួកគេ​នឹង​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ អ្វី​ដែល​ត្រូវ​និយាយ និង​ដឹងពី​អ្វី​ដែល មិន ត្រូវ​ធ្វើ និង​អ្វី​ដែល មិន ត្រូវ​និយាយ​ផងដែរ » ( « The Sacred Responsibilities of Parenthood » ទំព័រ ៣០ ) ។

បុរស​ទាំងឡាយ​ដែល​ជា​អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​ខ្លួន មាន​អំណោយ​ដ៏ពិសិដ្ឋ​មួយ​ទៀត ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​ការពារ​ក្រុមគ្រួសារ​របស់​ពួកគេ​បាន ។ កាល​ថ្លែង​ទៅកាន់​បុរសៗ នោះ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​អំណោយទាន​នេះ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

អ្នក​មាន​អំណាច​ព្វជិតភាព​ដោយ​ផ្ទាល់​មកពី​ព្រះអម្ចាស់ ដើម្បី​ការពារ​គេហដ្ឋាន​របស់​អ្នក ។ វា​នឹង​មាន​ពេល​ជាច្រើន ដែល​អំណាច​នោះ​នឹង​ឈរ​ជា​ខែល​មួយ ដើម្បី​បាំង​ការពារ​អ្វីៗ​គ្រប់​យ៉ាង​រវាង​គ្រួសារ​របស់​អ្នក និង​អំពើ​អាក្រក់​របស់​សត្រូវ ។ ( « The Power of the Priesthood » Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៩ )

ប្រធាន ណិលសុន បាន​បង្រៀន​បុរស​ទាំងឡាយ​អំពី​របៀប​ដែល​ពួកគេ​អាច​បង្កើន​អំណាច​បព្វជិតភាព​របស់​ពួកគេ ដើម្បី​ការពារ​ក្រុមគ្រួសារ​របស់​ពួកគេ​បាន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

សូម​ផ្ដោត​ការយកចិត្ត​ទុកដាក់​របស់​បងប្អូន​ទៅលើ​ការប្រែចិត្ត ប្រចាំថ្ងៃ ជាគ្រឹះ​ក្នុង​ជីវិត​របស់​បងប្អូន ដែល​បងប្អូន​អាច​អនុវត្ត​បព្វជិតភាព​ដោយ​អំណាច​កាន់តែ​ខ្លាំង​ជាង​មុន ។ នេះ​គឺជា​របៀប​តែ​មួយ​គត់​ដែល​បងប្អូន​នឹង​រក្សា​ខ្លួន និង​គ្រួសារ​របស់​បងប្អូន​ឲ្យមាន​សុវត្ថិភាព​ខាង​វិញ្ញាណ​នៅក្នុង​សម័យ​ដ៏មាន​ឧបសគ្គ​ខាង​មុខ​នេះ ។ ( « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៩ )

រូបភាព
យុវនារី​ម្នាក់​ទទួល​ពរជ័យ​បព្វជិតភាព
រូបភាព
រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើ​សកម្មភាព

សូម​ពិចារណា​សរសេរ និង​ផ្ញើ​សារ​ថ្លែង​អំណរគុណ​ដល់​ឪពុក​របស់​អ្នក ឬ​បុរស​ម្នាក់​ដែល​មាន​ឥទ្ធិពល​ក្នុង​ការការពារ ឬ​មាន​ឥទ្ធិពល​យ៉ាង​ខ្ជាប់ខ្ជួន​នៅក្នុង​ជីវិត​របស់​អ្នក ។