ឆ្នាំ ២០១០-២០១៩
តម្លៃ​នៃ​អំណាច​បព្វជិតភាព
ខែ មេសា 2016


តម្លៃ​នៃ​អំណាច​បព្វជិតភាព

តើ​បងប្អូន​មាន​ឆន្ទៈ​អធិស្ឋាន តម​អាហារ សិក្សា ស្វែងរក ថ្វាយ​បង្គំ ហើយ​បម្រើ​ក្នុង​នាម​ជា​បុរស​នៃ​ព្រះ ប្រយោជន៍​ឲ្យ​យើង​អាច​ទទួល​បាន​អំណាច​បព្វជិតភាព​ដែរ​ឬ​ទេ ?

កាល​ពី​ប្រាំមួយ​ខែ​មុន នៅក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៥ ខ្ញុំ​បាន​និយាយ​ទៅកាន់​បងប្អូន​ស្រី​នៃ​សាសនាចក្រ​អំពី​តួនាទី​ដ៏​ទេវភាព​របស់​ពួកគេ​ក្នុង​នាម​ជា​ស្ត្រី​នៃ​ព្រះ ។ ឥឡូវ​នេះ​ខ្ញុំ​ចង់​និយាយ​ទៅកាន់​បងប្អូន​ជា​បងប្អូន​ប្រុស អំពី​តួនាទី​ដ៏​ទេវភាព​របស់​បងប្អូន​ក្នុង​នាម​ជា​បុរស​នៃ​ព្រះ ។ នៅពេល​ខ្ញុំ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ខ្ញុំ​មាន​ចិត្ត​ស្ញប់ស្ញែង​ចំពោះ​ភាពរឹងប៉ឹង និង សេចក្តីល្អ​នៃ​បុរសៗ និង យុវជន​នៃ​សាសនាចក្រ​នេះ ។ គ្មាន​វិធី​ងាយ​ណា ដើម្បី​រាប់​ដួងចិត្ត​ដែល​បងប្អូន​បាន​ព្យាបាល និង ជីវិត​រាប់​មិន​អស់​ដែល​បងប្អូន​បាន​លើកស្ទួយ​ឡើង​ឡើយ ។ សូម​អរគុណ !

នៅក្នុង​សារលិខិត​នៃ​សន្និសីទ​លើក​មុន ខ្ញុំ​បាន​និយាយ​អំពី​បទពិសោធន៍​ដ៏​ឈឺចាប់​ក្រៃលែង​របស់​ខ្ញុំ​កាល​ពី​ច្រើន​ឆ្នាំ​មក​ហើយ កាល​ខ្ញុំ​ជា​គ្រូពេទ្យ​វះកាត់​បេះដូង ខ្ញុំ​គ្មាន​សមត្ថភាព​ជួយ​សង្គ្រោះ​ជីវិត​ក្មេងស្រី​តូច​ពីរ​នាក់ ។ ដោយ​មាន​ការអនុញ្ញាត​ពី​ឪពុក​របស់​ពួកគេ ខ្ញុំ​ចង់​និយាយ​បន្ថែម​ទៀត​ពី​គ្រួសារ​នោះ ។

ជំងឺ​បេះដូង​ពី​កំណើត​បាន​ធ្វើ​ឲ្យ​កូន​ទាំងបី​របស់ រ៉ុស និង ជីមមី ហាតហ្វៀល​ទទួល​រង​ការឈឺចាប់ ។ កូន​ប្រុស​ច្បង​របស់​ពួកគេ ឈ្មោះ ជីមមី ជុញ្ញ័រ​បាន​ស្លាប់​ដោយ​គ្មាន​រោគវិនិច្ឆ័យ​ច្បាស់លាស់​ឡើយ ។ ខ្ញុំ​បាន​នៅក្នុង​ស្ថានភាព​នោះ កាល​ឪពុកម្តាយ​នេះ​បាន​ស្វែងរក​ជំនួយ​ជួយ​ដល់​កូនស្រី​ទាំងពីរ​នាក់​របស់​ពួកគេ​គឺ ឡរ៉ល អាន និង ប្អូនស្រី​របស់​នាង ហ្គេ លីន ។ ខ្ញុំ​មាន​ការខូចចិត្ត នៅពេល​ក្មេង​ស្រីទាំង​ពីរ​បាន​ស្លាប់​បន្ទាប់​ពី​ការវះកាត់​រួច ។ដោយ​បាន​យល់​ថា រ៉ុស និង ជីមមី​រង​ឈឺចាប់​ខាង​វិញ្ញាណ​ជាខ្លាំង ។

យូរៗទៅ ខ្ញុំ​បាន​ដឹង​ថា​ពួកគេ​កាន់តែ​ថ្នាំងថ្នាក់​ចិត្ត​ជាមួយ​ខ្ញុំ និង សាសនាចក្រ ។ អស់រយៈពេល​ជិត​ប្រាំមួយ​ទសវត្សរ៍​មក​ហើយ ស្ថានភាព​នេះ​បាន​រំខាន​ចិត្ត​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ចំពោះ​គ្រួសារ ហាតហ្វៀល ។ ខ្ញុំ​បាន​ព្យាយាម​បង្កើត​ទំនាក់ទំនង​ជាមួយ​ពួកគេ​ជា​ច្រើន​ដង​តែ​ពុំបាន​ជោគជ័យ​ឡើយ ។

ក្រោយ​មក នា​យប់​មួយ​កាល​ពី​ខែ ឧសភា​ឆ្នាំ​មុន ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ពី​ដំណេក​ឡើង​ដោយសារ​ក្មេងស្រី​តូច​ទាំង​ពីរ​នាក់​នោះ ដែល​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន ។ ទោះបី​ជា​ខ្ញុំ​ពុំ​បាន​ឃើញ ឬ ឮ​ពួកគេ​ដោយ​ញាណ​នៃ​រូបកាយ​ខ្ញុំ​ក្តី ខ្ញុំ​មាន​អារម្មណ៍​ពី​វត្តមាន​របស់​ពួកគេ ។ តែ​ខាង​វិញ្ញាណ​វិញ ខ្ញុំ​បាន​ស្តាប់​ឮ​ការអង្វរករ​របស់​ពួកគេ ។ សារ​របស់​ពួកគេ​គឺ​ខ្លី ហើយ​ច្បាស់លាស់ ៖ « បងប្រុស ណិលសិន យើង​ពុំ​ទាន់​បាន​ផ្សារភ្ជាប់​ជាមួយ​នរណា​ម្នាក់​ឡើយ ! តើ​បងប្រុស​អាច​ជួយ​ពួកខ្ញុំ​បាន​ទេ ? » ក្រោយ​មក​នោះ ខ្ញុំ​បាន​ដឹង​ថា​ម្តាយ​របស់​ពួកគេ​បាន​ចែកឋាន​ហើយ ប៉ុន្តែ​ឪពុក និង ប្អូន​ប្រុស​របស់​ពួកគេ​នៅ​រស់នៅ​ឡើយ ។

ដោយ​មាន​ការបំផុស​គំនិត​ពី​ការអង្វរករ​របស់ ឡរ៉ល អាន និង ហ្គេ លីន នោះ​ខ្ញុំ​បាន​ព្យាយាម​ទាក់ទង​ឪពុក​របស់​ពួកគេ ដែល​ខ្ញុំ​បាន​ដឹង​ថា​កំពុង​រស់នៅ​ជាមួយ​កូនប្រុស​របស់​គាត់​ឈ្មោះ ស្សន ។ លើក​នេះ​ពួកគេ​មាន​ចិត្ត​ដើម្បី​ជួប​ជាមួយ​ខ្ញុំ ។

ក្នុង​ខែ មិថុនា ខ្ញុំ​ពិត​ជា​បាន​លុតជង្គង់​ចុះ​នៅ​ចំពោះ​មុខ ជីមមី ដែល​ឥឡូវ​នេះ​មាន​អាយុ ៨៨ ឆ្នាំ ហើយ​បាន​និយាយ​គ្នា​ដោយ​ស្មោះត្រង់​ចេញ​ពី​ដួងចិត្ត ។ ខ្ញុំ​បាន​និយាយ​ពី​ការអង្វរករ​របស់​កូនស្រី​របស់​គាត់ ហើយ​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​មាន​កិត្តិយស​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ឲ្យ​គ្រួសារ​គាត់ ។ ខ្ញុំ​ក៏​បាន​ពន្យល់​ថា វា​នឹង​ត្រូវការ​ពេលខ្លះ ហើយ​ត្រូវ​មាន​ការខិតខំ​យ៉ាង​ខ្លាំង​ពី​សំណាក់​គាត់ និង ស្សន ដើម្បី​ត្រៀមខ្លួន​រួចរាល់ ហើយ​មាន​ភាពសក្តិសម​ចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ ដោយសារ​ពួកគេ​ទាំងពីរ​នាក់​ពុំ​ទាន់​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ទេ ។

មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ស្ថិត​ពេញ​ក្នុង​ការប្រជុំ​នោះ ។ ហើយ​នៅពេល ជីមមី និង​ស្សន​បាន​ទទួល​ការស្នើសុំ​ខ្ញុំ​ហើយ ខ្ញុំ​មាន​អំណរ​ជា​ខ្លាំង ! ពួកគេ​បាន​ព្យាយាម​ធ្វើការ​យ៉ាង​ខ្លាំង​ជាមួយ​ប្រធាន​ស្តេក ប៊ីស្សព គ្រូបង្រៀន​តាម​ផ្ទះ និង អ្នកដឹកនាំ​បេសកកម្ម​វួដ​របស់​ពួកគេ ព្រមទាំង​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង និង អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ផងដែរ ។ មិនយូរ​ក្រោយ​មក ខ្ញុំ​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដើម្បី​ផ្សារភ្ជាប់ រ៉ុស និង ជីមមី ព្រមទាំង​កូន​ទាំង​បួន​របស់​ពួកគេ​ផងដែរ ។ វីនឌី និង ខ្ញុំ​បាន​យំ​ពេល​យើង​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នោះ ។ ដួងចិត្ត​របស់​ខ្ញុំ​បាន​ជា​សះស្បើយ​នា​ថ្ងៃ​នោះ !

រូបភាព
អែលឌើរ និង ស៊ីស្ទើរ ណិលសុន នៅ​ព្រះវិហារបរិសុទ្ធ​ជាមួយ​គ្រួសារ ហាតហ្វៀល

ពេល​ខ្ញុំ​គិត​ពី​រឿង​នោះ ខ្ញុំ​មាន​ការកោត​សរសើរ​ចំពោះ ជីមមី និង ស្សន និង​អ្វី​ដែល​ពួកគេ​មាន​សុឆន្ទៈ​នឹង​ធ្វើ ។ ពួកគេ​ក្លាយ​ជា​វីរៈបុរស​របស់​ខ្ញុំ ។ ប្រសិនបើ​អាច​ខ្ញុំ​ចង់​បាន​ថា បុរស និង យុវជន​គ្រប់​រូប​នៅក្នុង​សាសនាចក្រ​នឹង​បង្ហាញ​ភាពក្លាហាន ភាពរឹងមាំ និង ការបន្ទាបខ្លួន​ដូច​ជា​ឪពុក និង កូន​នេះ ។ ពួកគេ​មាន​ឆន្ទៈ​អភ័យទោស ហើយ​បោះបង់​ចោល​ការឈឺចាប់ និង ទម្លាប់​ចាស់ៗ​ចោល ។ ពួកគេ​មាន​ឆន្ទៈ​ចុះចូល​ធ្វើ​តាម​ការណែនាំ​មកពី​អ្នក​កាន់​បព្វជិតភាព​របស់​ពួកគេ ប្រយោជន៍​ឲ្យ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​បន្សុទ្ធ និង តម្កើង​ពួកគេ ។ ពួកគេ​ម្នាក់ៗ​មាន​ឆន្ទៈ​ប្រែក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​សក្តិសម​កាន់​បព្វជិតភាព « តាម​របៀប​ដ៏​បរិសុទ្ធ​បំផុត​នៃ​ព្រះ » ។

ដើម្បី កាន់​អំណាច​នេះ មាន​ន័យ​ថា គឺ​ការគាំទ្រ​នូវ​ភារកិច្ច​ទាំងឡាយ​នៃ​អំណាច​នេះ ។ វា​គឺ​ជា​ការទុកចិត្ត​ដ៏​ពិសិដ្ឋ ដើម្បី​កាន់​បព្វជិតភាព ដែល​ជា​អំណាច​ដ៏​មាន​មហិទ្ធិឫទ្ធិ និង មាន​សិទ្ធិអំណាច​នៃ​ព្រះ ។ ចូរ​គិត​ពី​រឿង​នេះ ៖ បព្វជិតភាព​ដែល​បាន​ប្រគល់​ដល់​យើង​គឺ​ជា អំណាច និង សិទ្ធិអំណាច ដដែល​នោះ ដែល​ព្រះ​បាន​បង្កើត​ពិភព​លោក​នេះ និង ពិភព​ជាច្រើន​ទៀត​រាប់​មិន​អស់ គ្រប់គ្រង​ស្ថានសួគ៌ និង ផែនដី ហើយ​តម្កើង​កូនចៅ​ដែល​គោរព​ប្រតិបត្តិ​របស់​ទ្រង់ ។

ថ្មីៗ​នេះៗ វីនឌី និង ខ្ញុំ​បាន​នៅក្នុង​ប្រជុំ​មួយ នៅទីនោះ​មាន​អ្នក​លេង​ព្យាណូ​ប្រុងប្រៀប​ខ្លួន ហើយ​ត្រៀម​លេង​ទំនុកតម្កើង​បើក ។ ភ្នែក​របស់​គាត់​មើល​ណោទ​ភ្លេង ហើយ​ម្រាម​ដៃ​របស់​គាត់​នៅលើ​ខ្ទង់​ព្យាណូ ។ គាត់​បាន​ចាប់ផ្តើម​ចុច​ខ្ទង់​ព្យាណូ ប៉ុន្តែ​គ្មាន​សំឡេង​ឡើយ ។ ខ្ញុំ​បាន​ខ្សឹប​ដាក់ វីនឌី​ថា « គាត់​គ្មាន​កម្លាំង​ទេ » ។ ខ្ញុំ​ជឿ​ថា មាន​អ្វី​មួយ​បាន​កាត់ផ្តាច់​ចរន្ត​អគ្គីសនី​ទៅ​ព្យាណូ​ខ្យល់​នោះ ។

មែនហើយ បងប្អូន​ប្រុស​អើយ តាម​របៀប​ដូចគ្នា​នេះ ខ្ញុំ​ភ័យខ្លាច​ថា មាន​បុរស​ជាច្រើន​ដែល​បាន​ទទួល សិទ្ធិអំណាច នៃ​បព្វជិតភាព ប៉ុន្តែ​ខ្វះ​នូវ អំណាច បព្វជិតភាព ដោយសារ​ចរន្ត​នៃ​អំណាច​នោះ​ត្រូវបាន​រារាំង​នៃ​អំពើ​បាប ដូចជា ភាពខ្ជិលច្រអូស ភាព​មិន​ទៀងត្រង់ អំនួត ភាពអសីលធម៌ ឬ ការខ្វល់ខ្វាយ​នឹង​របស់​ទាំង​ឡាយ​នៃ​ពិភពលោក​នេះ ។

ខ្ញុំ​ភ័យ​ខ្លាច​ថា មាន​អ្នក​កាន់បព្វជិតភាព​ជាច្រើន​បាន​ធ្វើ​តិចតួច ឬ ពុំ​បាន​ធ្វើ​អ្វី​សោះ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន ដើម្បី​ទទួល​បាន​អំណាច​នោះ​ពី​ស្ថានសួគ៌ ។ ខ្ញុំ​បារម្ភ​អំពី​អស់​អ្នក​ដែល មាន​គំនិត អារម្មណ៍ ឬ ទង្វើ​នានា​ពុំ​ស្អាតស្អំ ឬ អ្នក​ដែល​ពុំ​ផ្តល់​តម្លៃ​ដល់​ភរិយា ឬ កូនៗ​ខ្លួន ដោយ​ការបង្ខាំង​ខ្លួន​ពួកគេ​ពី​អំណាច​បព្វជិតភាព ។

ខ្ញុំ​ភ័យ​ខ្លាច​ថា មាន​ពួកគេ​ជាច្រើន​បាន​ប្រគល់​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ​ទៅ​ឲ្យ​សាតាំង ហើយ​កំពុង​បង្ហាញ​អំពី​ទង្វើ​ពួកគេ​ថា « ខ្ញុំ​ខ្វល់ខ្វាយ​ច្រើន​អំពី​ការផ្គាប់​ចិត្ត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ច្រើន​ជាង​ខ្ញុំ​កាន់​អំណាច​របស់​ព្រះអង្គសង្គ្រោះ​នេះ ដើម្បី​ប្រទាន​ពរ​ដល់​អ្នក​ដទៃ​ទៀត » ។

បងប្អូនប្រុស​អើយ ខ្ញុំ​ភ័យ​ខ្លាច​ថា ថ្ងៃ​ណា​មួយ​មាន​បងប្អូន​ខ្លះ​ក្នុង​ចំណោម​ពួកយើង​ភ្ញាក់​ដឹង​ខ្លួន ហើយ​ទទួល​ស្គាល់​អំណាច​ដ៏​ពិត​នៃ​បព្វជិតភាព ហើយ​មាន​អារម្មណ៍​សោកស្តាយ​ជា​ខ្លាំង ដែល​ពួកគេ​ចំណាយ​ពេល​របស់​ច្រើន​ក្នុងការ​ស្វែងរក​អំណាច​គ្រប់គ្រង​លើ​អ្នក​ដទៃ ឬ អំណាច​នៅ​កន្លែងធ្វើ​ការ ច្រើន​ជាង​អនុវត្ត​អំណាច​ដ៏​ពេញលេញ​របស់​ព្រះ ។ ប្រធាន ចច អ័លប៊ើត ស៊្មីធ បាន​បង្រៀន​ថា « យើង​ពុំ​មក​ផែនដី​នេះ ដើម្បី​ចំណាយ​ពេល​ដោយ​ឥតប្រយោជន៍ ហើយ​បន្ត​ទៅ​ពិភព​នៃ​ភាពតម្កើង​ឡើង​ឡើយ ប៉ុន្តែ​យើង​មក​កាន់​ផែនដី​នេះ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​គុណ​សម្បត្តិ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្នុង​មុខងារ​ដែល​ព្រះវរបិតា​របស់​យើង រំពឹង​ឲ្យ​យើង​បំពេញ​វា » ។

ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន​ចំណាយ​ពេល​ខ្លួន​ឥតប្រយោជន៍ ដោយ​លះបង់​សក្តានុពល និង អនាគត​របស់​ខ្លួន​ដូចជា​អេសាវ នៅពេល​គាត់​ត្រូវបាន​ប្រគល់​ឲ្យ​នូវ​ឱកាស​នៃ​ការទទួល​បាន​នូវ​ពរជ័យ​ទាំងអស់​នៃ​អ័ប្រាហាំ​នោះ ?

ខ្ញុំ​សូម​អង្វរ​ដោយ​ផ្ទាល់​ជាមួយ​យើង​ម្នាក់ៗ ឲ្យ​រស់នៅ​សម​តាម​ឯកសិទ្ធិ​របស់​អ្នក​ក្នុងនាម​ជា​អ្នក​កាន់​បព្វជិតភាព ។ នៅ​ថ្ងៃ​ខាង​មុខ មានតែ បុរស​ដែល​ផ្តល់​តម្លៃ​ខ្លាំង​លើ​បព្វជិតភាព​របស់​ខ្លួន​ដោយ ឧស្សាហ៍​ព្យាយាម ដោយ​ស្វែងរក​ការបង្រៀន​ពី​ព្រះអម្ចាស់​ផ្ទាល់​ទេ នឹង​បាន​ទទួល​ពរ ដឹកនាំ ការពារ ពង្រឹង ហើយ​ព្យាបាល​អ្នក​ដទៃ ។ មាន​តែ​បុរស​ដែល​បាន​បង់​ថ្លៃ​សម្រាប់​អំណាច​បព្វជិតភាព​ទេ ដែល​នឹង​អាច​នាំ​អព្ភូតហេតុ​ដល់​អស់​អ្នក​ដែល​គាត់​ស្រឡាញ់ ហើយ​រក្សា​អពាហ៍ពិពាហ៍ និង គ្រួសារ​ខ្លួន​ឲ្យ​មាន​សុវត្ថិភាព ក្នុង​ពេល​នេះ និង ពេញ​ទាំង​អស់​កល្ប ។

តើ​អ្វី​ជា​តម្លៃ​ដើម្បី​បង្កើត​នូវ​អំណាច​បព្វជិតភាព​នេះ ? ពេត្រុស​ដែល​ជា​សាវក​ច្បង​របស់​ព្រះអង្គសង្គ្រោះ—គឺ​ពេត្រុស​ដដែល​នោះ ជាមួយ យ៉ាកុប និង យ៉ូហាន​បាន​ប្រគល់​បព្វជិតភាព​មិលគីស្សាដែក​ដល់ យ៉ូសែប ស៊្មីធ អូលីវើរ ខៅឌើរី—បាន​ប្រកាស​ពី​គុណសម្បត្តិ​ដែល​យើង​គួរតែ​ស្វែងរក​ដើម្បី « ឲ្យ​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ » ។

រូបភាព
ពេត្រុស យ៉ាកុប និង​យ៉ូហាន ប្រគល់​បព្វជិតភាព​មិលគីស្សាដែក ។

ទ្រង់​បាន​ដាក់​ឈ្មោះ​វា​ថា សេចក្តី​ជំនឿ គុណធម៌ ចំណេះដឹង ចេះ​អត់សង្កត់ អត់ធ្មត់ ចេះ​គោរព​ព្រះ ចេះ​រាប់អាន​គ្នា​ជា​បងប្អូន សប្បុរស និង ឧស្សាហ៍​ព្យាយាម ។១០ ហើយ​ចូរ​កុំ​ភ្លេច​ការបន្ទាបខ្លួន !១១ ដូច្នេះ​ខ្ញុំ​សួរ​បងប្អូន​ថា តើ​សមាជិក​គ្រួសារ មិត្តភក្តិ និង មិត្ត​រួម​ការងារ​របស់​យើង និយាយ​ថា​បងប្អូន និង ខ្ញុំ​កំពុង​តែ​អភិវឌ្ឍ​អំណោយ​ទាន​ទាំង​នេះ និង អំណោយ​ទាន​ខាង​វិញ្ញាណ​ផ្សេង​ទៀត​ដោយ​របៀប​ណា ?១២ ដរាប​ណា​យើង​កាន់តែ​អភិវឌ្ឍ​លក្ខណៈ​ទាំង​នោះ ដរាប​នោះ​យើង​យើង​មាន​អំណាច​បព្វជិតភាព​កាន់តែ​ប្រសើរ​ឡើង ។

តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ទៀត ដើម្បី​បង្កើន​អំណាច​របស់​យើង​នៅក្នុង​បព្វជិតភាព ? យើង​ត្រូវតែ​អធិស្ឋាន​ដោយ​ស្មោះអស់​ដួងចិត្ត​របស់​យើង ។ និយាយ​ដោយ​គួរសម​អំពី​សកម្មភាព​កាល​ពី​អតីតកាល និង អនាគតកាល ដោយ​បញ្ចប់​ជាមួយ​ការស្នើសុំ​ពរជ័យ​មួយ​ចំនួន នោះ​ពុំ​អាច​បង្កើត​នូវ​ទំនាក់ទំនង​ជាមួយ​ព្រះ​ដែល​ប្រទាន​នូវ​អំណាច​យូរ​អង្វែង​ឡើយ ។ តើ​បងប្អូន​មាន​ឆន្ទៈ​អធិស្ឋាន ដើម្បី​ដឹង​ពី​របៀប​អធិស្ឋាន ដើម្បី​ទទួល​បាន​អំណាច​បន្ថែម​ទៀត​ទេ ? ព្រះអម្ចាស់​នឹង​បង្រៀន​បងប្អូន ។

តើ​បងប្អូន​មាន​ឆន្ទៈ​ស្រាវជ្រាវ​ព្រះគម្ពីរ ហើយ​ទទួលទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ១៣—ដើម្បី​សិក្សា ដោយ​ស្មោះ​ពី​ចិត្ត ដើម្បី​ទទួល​បាន​អំណាច​បន្ថែម​ទៀត​ទេ ? ប្រសិនបើ​បងប្អូន​ចង់​ឲ្យ​ភរិយា​ខ្លួន​មាន​មោទនភាព​ចំពោះ​បងប្អូន ចូរ​ឲ្យ​គាត់​ឃើញ​ថា​បងប្អូន​ប្រើ​អ៊ិនធើរណែត​ដើម្បី​សិក្សា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ១៤ ឬ អាន​ព្រះគម្ពីរ​របស់​បងប្អូន !

តើ​បងប្អូន​មាន​ឆន្ទៈ​ទៅ​ថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់​ឬ​ទេ ? ព្រះអម្ចាស់​សព្វព្រះទ័យ​បង្រៀន​ដោយ​ផ្ទាល់​នៅក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ចូរ​សម្រៃ​ថា តើ​ទ្រង់​សព្វព្រះទ័យ​ប៉ុណ្ណា ប្រសិន​បើ​បងប្អូន​សុំ​ទ្រង់​ឲ្យ​បង្រៀន​បងប្អូន​អំពី​កូនសោ​បព្វជិតភាព សិទ្ធិ​អំណាច និង អំណាច នៅពេល​ពេល​បងប្អូន​បាន​ទទួល​បទពិសោធន៍​នៃ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​មិលគីស្សាដែក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធដ៏​ពិសិដ្ឋ ។១៥ ចូរ​សម្រៃ​ពី​ការកើន​ឡើង​នៅក្នុង​អំណាច​បព្វជិតភាព​ដែល​អាច​ក្លាយ​ជា​របស់​បងប្អូន ។

តើ​បងប្អូន​មាន​ឆន្ទៈ​ធ្វើ​តាម​គំរូ​របស់​ប្រធានថូម៉ាស  អេស ម៉នសុន ដើម្បី​បម្រើ​អ្នក​ដទៃ​ឬ​ទេ ? ជាច្រើន​ទសវត្សរ៍​មក​ហើយ លោក​បាន​ធ្វើ​កិច្ចការ​នានា​ដែល​លោក​មិន​បាន​គ្រោង​ទុក ដោយ​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ ទៅ​ផ្ទះ​របស់​មនុស្ស​ណា​ម្នាក់ ហើយ​ក្រោយ​មក​ឮ​ពាក្យ​ពេចន៍​ដូចជា « តើ​លោក​ដឹង​ថា​ថ្ងៃ​នេះ​ជា​ខួប​នៃ​មរណភាព​របស់​កូនស្រី​យើង​ដោយ​របៀប​ណា ? » ឬ « តើ​លោក​បាន​ដឹង​ថ្ងៃ​នេះ​ជា​ថ្ងៃ​ខួប​កំណើត​ខ្ញុំ​ដោយ​របៀប​ណា ? » ហើយ​ប្រសិនបើ​បងប្អូន​ពិតជា​ចង់​បាន​អំណាច​បព្វជិតភាព​បន្ថែម​ទៀត​មែន​នោះ បងប្អូន​នឹង​រីករាយ ហើយ​យកចិត្ត​ទុកដាក់​នឹង​ភរិយា​ខ្លួន ដោយ​ឱប​ក្រសោប​នាង និង ស្តាប់​យោបល់​របស់​នាង​ដែរ ។

ឥឡូវ ប្រសិនបើ​អ្វីៗ​ទាំងអស់​នេះ​ហាក់បី​ដូចជា​ច្រើន​ពេក ចូរ​ពិចារណា​ថា តើ​ទំនាក់ទំនង​រវាង​យើង​ជាមួយ​នឹង​ភរិយា កូនៗ ព្រមទាំង​មិត្ត​រួមការងារ​របស់​យើង​នឹង​មាន​ភាពខុសប្លែក​គ្នា​ប៉ុណ្ណា ប្រសិនបើ​យើង​ជា​មនុស្ស ដែល ខ្វល់ខ្វាយ​អំពី​ការទទួល​បាន​នូវ​អំណាច​បព្វជិតភាព ដូច​យើង​ខ្វល់ខ្វាយ​ធ្វើ​ឲ្យ​ការងារ​រីកចម្រើន ឬ បង្កើន​សមតុល្យ​ទឹក​ប្រាក់​នៅក្នុង​គណនី​ធនាគារ​របស់​យើង​នោះ ។ ប្រសិនបើ​យើង​នឹង​បង្ហាញ​ខ្លួន​ដោយ​រាបសា​ចំពោះ​ព្រះអម្ចាស់ ហើយ​សុំ​ទ្រង់​ឲ្យ​បង្រៀន​យើង នោះ​យើង​នឹង​បង្ហាញ​ខ្លួន​យើង​ពី​របៀប​បង្កើន​លទ្ធភាពរបស់​យើងទៅ​កាន់ អំណាច របស់​ទ្រង់ ។

នៅ​ក្នុង​ជំនាន់​ចុងក្រោយ​នេះ យើង​ដឹង​ថា​នឹង​មាន​ក្តីអំពល់​ជាច្រើន​នៅ​កន្លែង​ផ្សេងៗ ។១៦ ប្រហែល​ជា​កន្លែង​ទាំង​នោះ​អាច​ជា​ក្នុង​ផ្ទះ​របស់​យើង​ផ្ទាល់ ជា​ទី​ដែល « វិបត្តិ » ខាង​សតិអារម្មណ៍ ហិរញ្ញវត្ថុ ឬ ខាង​វិញ្ញាណ​អាច​កើត​មាន​ឡើង ។ អំណាច​បព្វជិតភាព​អាច​បង្ក្រាប​សមុទ្រ​ឲ្យ​ស្ងប់ ហើយ​ធ្វើ​ឲ្យ​បំណែក​ផែនដី​ឲ្យ​ជាប់​គ្នា​វិញ​បាន ។ អំណាច​បព្វជិតភាព​ក៏​អាច​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់ ហើយ​ព្យាបាល​ដួងចិត្ត​ដែល​ឈឺចាប់​របស់​អ្នក​ដែល​យើង​ស្រឡាញ់ ។

តើ​បងប្អូន​មាន​ឆន្ទៈ​អធិស្ឋាន តម​អាហារ សិក្សា ស្វែងរក ថ្វាយ​បង្គំ ហើយ​បម្រើ​ក្នុង​នាម​ជា​បុរស​នៃ​ព្រះ ប្រយោជន៍​ឲ្យ​យើង​អាច​ទទួល​បាន​អំណាច​បព្វជិតភាព​បែប​នោះ​ដែរ​ឬ​ទេ ? ដោយសារ​ក្មេង​ស្រី​តូច​ពីរ​នាក់​នោះ ពិតជា​ចង់​ផ្សារភ្ជាប់​ជាមួយ​គ្រួសារ​ពួកគេ​ជា​ខ្លាំង ឪពុក និង ប្អូន​ប្រុស​របស់​ពួកគេ​មាន​ឆន្ទៈ​បំពេញ​តាម​តម្រូវការ​នានា ដើម្បី​កាន់​បព្វជិតភាព​មិលគីស្សាដែក​ដ៏​បរិសុទ្ធ ។

បងប្អូន​ប្រុស​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ យើង​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ការទុកចិត្ត​ដ៏​ពិសិដ្ឋ​នេះ—គឺ​សិទ្ធិ​អំណាច​នៃ​ព្រះ​ដើម្បី​ប្រទាន​ពរ​ដល់​អ្នក​ដទៃ ។ ចូរ​ឲ្យ​យើង​ម្នាក់ៗ ក្រោក​ឡើង​ធ្វើ​ជា​បុរស​ដែល​ព្រះ​បាន​តែងតាំង​យើង​ម្នាក់ៗ​ពី​មុន​លោកិយ—ដើម្បី​កាន់​បព្វជិតភាព​នៃ​ព្រះ ដោយ​ចិត្ត​ក្លាហាន មាន​ចិត្ត​ចង់​បង់ថ្លៃ​ដល់​តម្រូវការ​ណា​ក៏​ដោយ ដើម្បី​បង្កើន​អំណាច​របស់​ខ្លួន​នៅក្នុង​បព្វជិតភាព ។ ជាមួយ អំណាច នោះ យើង​អាច​ជួយ​រៀបចំ​ពិភលោក​នេះ​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គសង្គ្រោះ​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ដែល​សព្វថ្ងៃ​នេះ​ដឹកនាំ​ដោយ​ព្យាការី​ទ្រង់ គឺ​ប្រធាន ថូម៉ាស អេស ម៉នសុន ដែល​ខ្ញុំ​ស្រឡាញ់ និង គាំទ្រ​លោក​យ៉ាង​ខ្លាំង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។