« មេរៀនទី ៩ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ៩ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ៩ ឯកសាររៀបចំសម្រាប់ថ្នាក់
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច
ប្រធាន រ័សុល អិម ណិលសុន បានសន្យាថា « ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ និងការបម្រើរបស់បងប្អូននៅទីនោះសម្រាប់ជីដូនជីតារបស់បងប្អូន នឹងប្រទានពរដល់បងប្អូនឲ្យទទួលបានវិវរណៈផ្ទាល់ខ្លួន និងភាពសុខសាន្តកាន់តែច្រើន ព្រមទាំងពង្រឹងការតាំងចិត្តរបស់បងប្អូនដើម្បីស្ថិតនៅលើផ្លូវនៃសេចក្តីសញ្ញា » ( « As We Go Forward Together » Ensign ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ) ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីទទួលបានពរជ័យទាំងនេះសម្រាប់ខ្លួនឯងកាន់តែពេញលេញ និងរបៀបដែលអ្នកអាចជួយបង្រួបបង្រួមគ្រួសារដ៏អស់កល្បជានិច្ចរបស់ព្រះ តាមរយៈការធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធជំនួសឲ្យបុព្វការីជនរបស់អ្នក ដែលបានទទួលមរណភាព ។
ផ្នែកទី ១
តើពិធីបរិសុទ្ធនៃបព្វជិតភាព និងសេចក្ដីសញ្ញាទាំងឡាយបានពង្រឹងខ្ញុំតាមរបៀបណា ?
សេចក្ដីពិតដែលថា « គ្រួសារជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការ [ របស់ព្រះវរបិតាសួគ៌ ] » មានអត្ថន័យបង្កប់ដ៏សំខាន់ជាច្រើន ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ប្រធាន យ៉ូសែប អេហ្វ ស្ម៉ីធ បានបង្រៀនអំពីអត្ថន័យបង្កប់ មួយក្នុងចំណោមអត្ថន័យទាំងនេះ ៖
ឪពុកម្ដាយ និងកូន ព្រមទាំងកូន និងឪពុកម្ដាយត្រូវមានការផ្សារភ្ជាប់គ្នា និងការចងភ្ជាប់គ្នាមួយ រហូតដល់តំណភ្ជាប់ទាំងមូលនៃគ្រួសាររបស់ព្រះត្រូវបានផ្សារភ្ជាប់គ្នាជាតំណភ្ជាប់មួយ ហើយពួកគេទាំងអស់គ្នានឹងក្លាយជាគ្រួសាររបស់ព្រះ និងព្រះគ្រីស្ទ ។ ( Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ២០១១ ] ទំព័រ ៤១១ )
ព្យាការីថ្ងៃចុងក្រោយបានប្រកាសពីរបៀបដែល « ការផ្សារភ្ជាប់គ្នា » នៃក្រុមគ្រួសារនីមួយៗនេះ—ហើយទីបំផុតគឺគ្រួសាររបស់ព្រះ—អាចកើតឡើងបាន ៖ « ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាពិសិដ្ឋនានា ដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ អាចធ្វើឲ្យបុគ្គលម្នាក់ៗត្រឡប់ទៅកាន់វត្តមាននៃព្រះវិញ ហើយដើម្បីឲ្យក្រុមគ្រួសារអាចត្រូវបានរួបរួមគ្នាដ៏អស់កល្បជានិច្ច » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ) ។
ពិធីបរិសុទ្ធបព្វជិតភាព និងសេចក្តីសញ្ញាដ៏ពិសិដ្ឋទាំងនេះ គឺលើសពីកិច្ចការសាមញ្ញដែលត្រូវធ្វើទៅទៀត ។ តាមរយៈពិធីបរិសុទ្ធ និងសេចក្តីសញ្ញាទាំងនេះ នោះព្រះមានព្រះទ័យចង់ពង្រឹងយើងឲ្យកាន់តែក្លាយដូចជាទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៩–២២ ) និងមានភាពស័ក្ដិសមនឹងជីវិតដ៏នៅអស់កល្បជានិច្ចជាមួយទ្រង់ និងជាមួយក្រុមគ្រួសាររបស់យើង ។
ទាក់ទិនទៅនឹងអំណាចនៃពិធីបរិសុទ្ធ និងសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ប្រធាន ណិលសុន បានបង្រៀន ៖
រូបភាពប្រធាន រ័សុល អិម ណិលសុននៅចុងបញ្ចប់ ពួកយើងម្នាក់ៗព្យាយាមដើម្បីទទួលបានអំណោយទានពិសិដ្ឋជាមួយនឹងអំណាចនៅក្នុងដំណាក់នៃព្រះអម្ចាស់ ផ្សារភ្ជាប់ជាមួយក្រុមគ្រួសារ ស្មោះត្រង់ចំពោះសេចក្តីសញ្ញាដែលបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ដែលធ្វើឲ្យយើងមានភាពស័ក្តិសមដើម្បីទទួលបានអំណោយទានដ៏មហិមារបស់ព្រះ—ជីវិតអស់កល្បជានិច្ច ។ ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងសេចក្តីសញ្ញាដែលបងប្អូនធ្វើនៅទីនោះគឺជាគន្លឹះដើម្បីពង្រឹងជីវិតរបស់បងប្អូន អាពាហ៍ពិពាហ៍ និងគ្រួសាររបស់បងប្អូន ព្រមទាំងលទ្ធភាពរបស់បងប្អូនដើម្បីទប់ទល់នឹងការវាយប្រហារពីមារសត្រូវ ។ ( « As We Go Forward Together » ទំព័រ ៧ )
ក្រោយមក លោកបានចែកចាយថា
អ្នកដែលបានទទួលអំណោយទានពិសិដ្ឋនៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ បានទទួលអំណោយទានមួយនៃអំណាចបព្វជិតភាព តាមរយៈគុណធម៌នៃសេចក្ដីសញ្ញារបស់ពួកគេ ព្រមទាំងអំណោយទាននៃចំណេះដឹងដើម្បីដឹងពីរបៀបទាញយកព្រះចេស្ដានោះ ។ …
… គ្រប់ពេលដែលបងប្អូនបម្រើ និងថ្វាយបង្គំដោយស័ក្ដិសមនៅក្នុងព្រះវិហារបរិសុទ្ធ នោះបងប្អូនត្រូវបានក្រសោបដោយព្រះចេស្ដានៃព្រះ ហើយមានពួកទេវតារបស់ទ្រង់ « មើលថែ » បងប្អូន [ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:២២ ] ។ ( « Spiritual Treasures » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៧, ៧៨ )
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
តើពិធីបរិសុទ្ធនៃបព្វជិតភាព និងសេចក្ដីសញ្ញាទាំងឡាយបានផ្ដល់អំណាច ឬពង្រឹងកម្លាំងដល់អ្នក និងគ្រួសាររបស់អ្នកតាមរបៀបណា ?
ផ្នែកទី ២
តើការធ្វើពង្សប្រវត្តិ និងការធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធជំនួសឲ្យបុព្វការីជនរបស់ខ្ញុំ ដែលបានទទួលមរណភាព អាចមានឥទ្ធិពលយ៉ាងណាមកលើជីវិតរបស់ខ្ញុំ ?
ព្រះអម្ចាស់បានសន្យាថានឹងបញ្ជូនព្យាការីអេលីយ៉ាមកនៅថ្ងៃចុងក្រោយ ដើម្បីស្ដារសិទ្ធិអំណាចដែលចាំបាច់ឡើងវិញ ដើម្បីឲ្យក្រុមគ្រួសារបានរួបរួមគ្នានៅអស់កល្បជានិច្ច ។
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមអាន ម៉ាឡាគី ៤:៥–៦ ហើយកត់សម្គាល់់មើលឥទ្ធិពលនៃការមកដល់របស់អេលីយ៉ា ដែលនឹងមានមកលើពិភពលោកនេះ ។
ព្យាការី យ៉ូសែប ស៊្មីធ បានពន្យល់ថាពាក្យ បង្វែរ ដូចដែលបានប្រើនៅក្នុង ខទី ៦ « គួរតែត្រូវបានបកប្រែថា ចងភ្ជាប់ ឬផ្សារភ្ជាប់ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤៧២ ) ។ ការព្យាកររបស់ម៉ាឡាគីដូចបានកត់ត្រានៅក្នុងខគម្ពីរទាំងនេះត្រូវបានបំពេញខ្លះៗ នៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ។ នៅថ្ងៃនោះ ព្យាការីអេលីយ៉ាបានប្រាកដខ្លួនមកឲ្យ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី បានឃើញ ហើយបានប្រគល់ដល់ពួកលោកនូវកូនសោផ្សារភ្ជាប់នៃបព្វជិតភាពម៉ិលគីស្សាដែក ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១៣–១៦ ) ។ ដោយសារតែសិទ្ធិអំណាចនេះ នោះពិធីបរិសុទ្ធដែលបានធ្វើឡើងនៅលើផែនដីនេះ អាចបន្ដរហូតដល់ហួសពីសេចក្ដីស្លាប់ ហើយ « មានសុពលភាពនៅក្នុងនគរសេឡេស្ទាលរបស់ព្រះ » ( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ ២០១៣ ] ទំព័រ ២១៩ ) ។
សូមពិចារណាពីរបៀបដែលអ្នកបានទទួលពរជ័យ ដោយសារការស្ដារឡើងវិញនៃកូនសោផ្សារភ្ជាប់ទាំងនោះ ។ តាមរយៈកូនសោទាំងនេះ នោះស្វាមី និងភរិយា ព្រមទាំងឪពុកម្ដាយ និងកូនៗផងដែរ អាចរួបរួមគ្នាដ៏អស់កល្បជានិច្ចបាន ។ កូនសោទាំងនេះក៏បើកទ្វារប្រកបដោយអព្ភូតហេតុ ដើម្បីធ្វើពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធជូនដល់បុព្វការីជនរបស់យើង ដែលបានទទួលមរណភាពផងដែរ ។
ព្រះអម្ចាស់បានបង្រៀនយ៉ូសែប ស៊្មីធ និងសមាជិកសាសនាចក្រជំនាន់ដើមផ្សេងទៀត អំពីសារៈសំខាន់នៃការធ្វើពិធីបរិសុទ្ធសម្រាប់បុព្វការីជន ដែលបានទទួលមរណភាពរបស់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ។
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៨:១៥ ហើយរកមើលរបៀបដែលសេចក្ដីសង្គ្រោះរបស់យើង ពាក់ព័ន្ធគ្នាទៅនឹងសេចក្ដីសង្គ្រោះរបស់បុព្វការីជនយើង ។
តាមរយៈការស្វែងរកបុព្វការីជនដែលបានទទួលមរណភាពរបស់យើង និងការធ្វើពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធជំនួសពួកគាត់ នោះយើងកំពុងប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះហើយ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនពីរបៀបដែលយើងក្លាយដូចជាព្រះអង្គសង្គ្រោះ សម្រាប់សមាជិកគ្រួសារទាំងនោះ ៖
រូបភាពប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លីគឺដូចជាព្រះប្រោសលោះរបស់យើងដែលបានប្រទានព្រះជន្មរបស់ទ្រង់ជាពលិកម្មជំនួសឲ្យមនុស្សទាំងអស់ដែរ ហើយការធ្វើដូច្នោះធ្វើឲ្យទ្រង់ក្លាយជាព្រះអង្គសង្គ្រោះរបស់យើង នោះយើងក៏ដូចទ្រង់ផងដែរ ដោយនៅក្នុងចំណែកដ៏តូចមួយ នៅពេលយើងធ្វើកិច្ចការជំនួសនៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចក្លាយដូចជាអ្នកសង្គ្រោះដល់អស់អ្នកដែលនៅម្ខាងទៀត ដែលគ្មានវិធីរីកចម្រើនបាន លុះត្រាតែមានអ្វីមួយធ្វើឡើងជំនួសពួកគាត់ ដោយអ្នកទាំងឡាយដែលនៅលើផែនដីនេះ ។ ( « Closing Remarks » Ensign or Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ១០៥ )
សូមពិចារណាពីរបៀបដែលអ្នកកំពុងតែលះបង់ នៅពេលអ្នកចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ។
ព្រះអម្ចាស់បានសន្យាពរជ័យដ៏សំខាន់ៗដល់យើង ប្រសិនបើយើងជ្រើសរើសចូលរួមនៅក្នុងកិច្ចការដ៏ពិសិដ្ឋនេះ ។ សូមមើលវីដេអូ « The Promised Blessings of Family History » ( ៣:២៤ ) ហើយស្ដាប់រកមើលពរជ័យមួយ ឬច្រើនដែលអ្នកចង់ឃើញវាបំពេញនៅក្នុងជីវិតរបស់អ្នកផ្ទាល់ ។
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
ហេតុអ្វីអ្នកគិតថា សេចក្តីសង្គ្រោះរបស់បុព្វការីជនយើងគឺជាការចាំបាច់ និងសំខាន់បំផុតចំពោះសេចក្ដីសង្គ្រោះ និងភាពល្អឥតខ្ចោះរបស់យើងផ្ទាល់ ? តើពរជ័យណាមួយដែលជាប់ទាក់ទងទៅនឹងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ដែលអ្នកត្រូវការចាំបាច់ខ្លាំងបំផុតនាពេលនេះ ?
ផ្នែកទី ៣
តើខ្ញុំអាចរួបរួមនឹងគ្រួសាររបស់ខ្ញុំ ហើយជួយដល់ព្រះវរបិតាសួគ៌ក្នុងការបង្រួបបង្រួមគ្រួសាររបស់ទ្រង់ តាមរយៈពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធដោយរបៀបណា ?
ព្រះវរបិតាសួគ៌របស់យើងមានព្រះទ័យអន្ទះសារចង់ជួយអ្នក នៅក្នុងការបង្រួបបង្រួមគ្រួសាររបស់អ្នក និងសមាជិកទាំងអស់នៃគ្រួសាររបស់ទ្រង់តាមរយៈពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីអំណោយទានមួយដែលព្រះវរបិតាសួគ៌ប្រទានដល់យើង ដើម្បីគាំទ្រយើងនៅក្នុងកិច្ចការដ៏ពិសិដ្ឋនេះ ៖
រូបភាពអែលឌើរ ដេវីឌ អេ បែដណាអែលឌើរ រ័សុល អិម ណិលសុន បានបង្រៀនថា វិញ្ញាណនៃអេលីយ៉ាគឺជា « ការបើកសម្តែងរបស់ព្រះវិញ្ញាណបរិសុទ្ធដែលធ្វើទីបន្ទាល់ពីលក្ខណៈដ៏ទេវភាពនៃក្រុមគ្រួសារ » ( « A New Harvest Time » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៣៤ ) ។ ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធដ៏វិសេសនេះ ទាក់ទាញចិត្តមនុស្សឲ្យស្វែងរក កត់ត្រាឯកសារ ហើយស្រឡាញ់ដូនតា និងសមាជិកគ្រួសាររបស់ពួកគេ—ទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាល ។
វិញ្ញាណនៃអេលីយ៉ាជះឥទ្ធិពលដល់មនុស្សទាំងក្នុង និងខាងក្រៅសាសនាចក្រ ។ ( « The Hearts of the Children Shall Turn » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៥ )
សូមមើលវីដេអូ « Gathering God’s Family » ( ៣:៣៣ ) ហើយគិតអំពីកិច្ចការជាច្រើនទៀត ដែលអ្នកអាចធ្វើបាន ដើម្បីចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
ធ្វើសកម្មភាព
FamilySearch.org និងកម្មវិធីមែកធាងគ្រួសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ គឺជាទីកន្លែងដ៏ល្អបំផុតដើម្បីចូលរួមក្នុងកិច្ចខិតខំដើម្បី « កំណត់ ចងក្រងឯកសារ និងឱបក្រសោប » បុព្វការីជនរបស់អ្នកដែលបានទទួលមរណភាព ( ដេវីឌ អេ បែដណា « The Hearts of the Children Shall Turn » ទំព័រ ២៥ ) ។ ( កម្មវិធីមែកធាងគ្រួសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ អាចរកបាននៅលើហាងកម្មវិធីនៅក្នុងឧបករណ៍អេឡិចត្រូនិចរបស់អ្នក ) ។ សូមចំណាយពេលខ្លះៗដើម្បីរៀនស្គាល់វា ឬប្រើធនធានមួយក្នុងចំណោមធនធានទាំងនេះ ។ អ្នកអាចបង្កើតមែកធាងគ្រួសាររបស់អ្នក បន្ថែមអនុស្សាវរីយ និងរូបថតនៃសមាជិកគ្រួសារ កំណត់ពិធីបរិសុទ្ធនៃដំណឹងល្អដែលបុព្វការីជនដែលបានទទួលមរណភាពត្រូវទទួល ធ្វើលិបិក្រមកំណត់ត្រា ដើម្បីមនុស្សដទៃទៀតអាចរកឃើញបុព្វការីជនរបស់ពួកគេ និងព័ត៌មានបន្ថែមទៀត ។ ប្រសិនបើចាំបាច់ សូមទាក់ទងទៅអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ ឬសាខារបស់អ្នកឲ្យជួយអ្នក ។