« មេរៀនទី ៣ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ និស្ស័យ និងជោគវាសនាដ៏ទេវភាពរបស់យើង » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ៣ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏នៅអស់កល្បជានិច្ច
មេរៀនទី ៣ ឯកសាររៀបចំសម្រាប់ថ្នាក់
និស្ស័យ និងជោគវាសនាដ៏ទេវភាពរបស់យើង
សំណួរដ៏សំខាន់បំផុតមួយចំនួនដែលយើងមាននៅក្នុងជីវិត ទាក់ទងទៅនឹងប្រភពដើម និងជោគវាសនារបស់យើង—ថាយើងគឺជានរណាឲ្យពិតប្រាកដ និងថាតើយើងមានសក្ដានុពលអ្វីខ្លះ ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាពីរបៀបដែលអ្នកប្រព្រឹត្តចំពោះខ្លួនឯង និងរបៀបដែលអ្នកប្រព្រឹត្តចំពោះមនុស្សដទៃទៀត ។ តើការណ៍នេះអាចផ្លាស់ប្ដូរដោយរបៀបណា ប្រសិនបើអ្នកចងចាំពីនិស្ស័យ និងជោគវាសនាដ៏ទេវភាពរបស់អ្នកជានិច្ចនោះ ?
ផ្នែកទី ១
តើខ្ញុំជានរណា ?
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា « ប្រសិនបើមនុស្សមិនយល់ពីលក្ខណៈរបស់ព្រះទេ នោះពួកគេក៏មិនយល់ពីខ្លួនគេដែរ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤០ ) ។ ព្រះគម្ពីរផ្ដល់ជាទីបន្ទាល់ដ៏មានអានុភាពថា ព្រះជានរណា និងទំនាក់ទំនងរបស់យើងជាមួយទ្រង់ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាលនោះនៅក្នុងគណៈប្រធានទីមួយ បានបង្រៀនដូច្នេះអំពីទំនាក់ទំនងរបស់យើងជាមួយព្រះ ៖
រូបភាពប្រធាន ឌៀថើរ អេហ្វ អុជដូហ្វយើងទាំងអស់គ្នាត្រូវបានបង្កើតឡើងដោយព្រះដ៏មានមហិទ្ធិឬទ្ធិ ។ ទ្រង់ជាព្រះវរបិតាសួគ៌របស់យើង ។ យើងគឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់ទ្រង់ ។ យើងត្រូវបានបង្កើតឡើងដោយសម្ភារដ៏ទេវភាពដែលមានតម្លៃជាងគេ និងត្រូវបានដុសខាត់ជាពិសេស ហើយយើងបាននាំធាតុផ្សំដ៏ទេវភាពទាំងនេះមកជាមួយខ្លួនយើង ។
ទោះជាយ៉ាងណាក្តី នៅលើផែនដីនេះ គំនិត និងសកម្មភាពរបស់យើងបានទទួលឥទ្ធិពលអវិជ្ជមានដែលពុករលួយ មិនបរិសុទ្ធ និងមិនស្អាតស្អំ ។ ធូលីដី និងភាពកខ្វក់នៃលោកិយទាំងនោះធ្វើឲ្យប្រឡាក់ព្រលឹងរបស់យើង ដែលធ្វើឲ្យមានការពិបាកដើម្បីស្គាល់ និងចងចាំពីកំណើតពិត និងគោលបំណងរបស់យើង ។
ប៉ុន្តែការណ៏អស់ទាំងនេះមិនបានផ្លាស់ប្តូរការពិតថា យើងជានរណានោះឡើយ ។ មូលដ្ឋានគ្រឹះដ៏ទេវភាពពីធម្មជាតិរបស់យើងនៅតែបន្តមាន ។ ( « He Will Place You on His Shoulders and Carry You Home » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១០៤ )
សូមមើលវីដេអូ « Your True Identity » ( ០:២៩ ) រួចហើយគិតថា តើអ្នកជានរណា ហើយតើអ្នកបានមកពីទីណា ។
ព្យាការី និងពួកសាវកបានបញ្ជាក់ថា « មនុស្សទាំងអស់—ទាំងប្រុសទាំងស្រី—ត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះ ។ មនុស្សម្នាក់ៗសុទ្ធតែជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមពិចារណាពីរបៀបដែលការបង្រៀនដូចខាងក្រោមនេះ អាចបន្ថែមដល់ការយល់ដឹងរបស់អ្នកអំពីព្រះមាតាបិតាសួគ៌របស់អ្នក ៖
បុរស និងស្ត្រីទាំងអស់គឺមានរូបរាងដូចជាមាតាបិតានៃសាកលលោករបស់មនុស្សជាតិ ហើយពិតជាបុត្រា និងបុត្រីនៃព្រះ ។ …
កាលជាវិញ្ញាណ មនុស្សគឺជាបុត្រសំណព្វ ហើយកើតពីព្រះមាតាបិតាសួគ៌ា ហើយត្រូវបានចិញ្ចឹមបីបាច់ឲ្យធំក្នុងវិមានដ៏អស់កល្បរបស់ព្រះវរបិតា ពីមុនមកកើតលើផែនដីនៅក្នុងរូបកាយ [ សាច់ឈាម ] បណ្ដោះអាសន្នមួយ ។ ( « Gospel Classics: The Origin of Man » Ensign ខែ កុម្ភៈ ឆ្នាំ ២០០២ ទំព័រ ៣០ )
ប្រធាន ហារ៉ូល ប៊ី លី បានថ្លែងថា « យើងភ្លេចថា យើងមានព្រះវរបិតាសួគ៌ និងព្រះមាតាសួគ៌ ដែលខ្វល់ព្រះទ័យអំពីយើង ប្រហែលខ្លាំងជាងឪពុកម្ដាយនៅលើផែនដីរបស់យើងទៅទៀត ហើយឥទ្ធិពលពីសួគ៌ានោះកំពុងខិតខំព្យាយាមជួយយើងដោយឥតឈប់ឈរ នៅពេលយើងធ្វើអ្វីៗទាំងអស់ ដែលយើងអាចធ្វើបានហើយ » [ ហារ៉ូល ប៊ី លី « The Influence and Responsibility of Women » Relief Society Magazine ខែ កុម្ភៈ ឆ្នាំ ១៩៦៤ ទំព័រ ៨៥ ] ។ ( Gospel Topics « Mother in Heaven » នៅលើគេហទំព័រ topics.ChurchofJesusChrist.org )
ប្រធាន អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ក៏បានបង្រៀនផងដែរថា « ជាបឋម និងសំខាន់បំផុតនោះ អ្នកគឺជា ហើយតែងតែជាបុត្រខាងវិញ្ញាណរបស់ព្រះជានិច្ច » ( « Children of Heavenly Father » [ ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ] ទំព័រ ២ នៅលើគេហទំព័រ speeches.byu.edu ) ។ ប្រធាន អុជដូហ្វ បានបង្រៀនថា សេចក្ដីពិតត្រង់ៗដែលថា យើងគឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះ « គួរតែផ្លាស់ប្ដូររបៀបដែលយើងមើលមកខ្លួនឯង បងប្អូនប្រុសស្រីរបស់យើង និងជិវិតនេះ » ( « Four Titles » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៨ ) ។
កត់ត្រាគំនិតរបស់អ្នក
នៅក្នុងសៀវភៅកំណត់ចំណាំ ឬកម្មវិធីកំណត់ចំណាំមួយ សូមឆ្លើយនឹងសំណួរខាងក្រោមនេះមួយ ឬច្រើន ៖
-
តើការយល់ដឹងពីនិស្ស័យនៃព្រះរបស់យើង អាចជះឥទ្ធិពលលើរបៀបដែលយើងប្រព្រឹត្តចំពោះខ្លួនយើង និងមនុស្សដទៃទៀតយ៉ាងដូចម្ដេច ? តើនៅពេលណាដែលអ្នកបានមានបទពិសោធន៍មួយ ដែលអ្នកអាចមើលរំលងអាកប្បកិរិយា ឬឥរិយាបថគំរោះគំរើយរបស់នរណាម្នាក់ ហើយមើលឃើញនិស្ស័យនៃព្រះរបស់ពួកគេវិញនោះ ?
-
តើគំរូណាខ្លះចេញពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ដែលបង្ហាញថា ទ្រង់បានយល់ពីនិស្ស័យនៃព្រះរបស់មនុស្សដទៃ ? តើអ្នកអាចធ្វើត្រាប់តាមទ្រង់ក្នុងរបៀបដែលអ្នកប្រព្រឹត្តចំពោះមនុស្សដទៃ បានកាន់តែប្រសើរឡើងដោយរបៀបណា ?
សូមត្រៀមខ្លួនដើម្បីចែកចាយគំនិតមួយចំនួនរបស់អ្នកនៅក្នុងថ្នាក់ ។
ផ្នែកទី ២
តើវាអាចធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះ ពេលដឹងថា ខ្ញុំជាកូនរបស់ព្រះ ?
សូមពិចារណាពីសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយស៊ិស្ទើរ មីឈែល ឌី ក្រេហ្គ ទីប្រឹក្សាក្នុងគណៈប្រធានយុវនារីទូទៅ ៖
រូបភាពស៊ិស្ទើរ មីឈែល ឌី ក្រេហ្គនៅពេលបងប្អូនកាន់តែស្គាល់អត្តសញ្ញាណ និងគោលបំណងពិតរបស់បងប្អូន កាន់តែស៊ីជម្រៅ នោះវានឹងមានឥទ្ធិពលទៅលើអ្វីៗនៅក្នុងជីវិតរបស់បងប្អូន ។ ( « Eyes to See » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៦ )
បទពិសោធន៍មួយដែលម៉ូសេមាន បន្ទាប់ពីបានសន្ទនាជាមួយនឹងព្រះប្រទល់មុខ និងបន្ទាប់ពីបានរៀនសូត្រពីនិស្ស័យនៃព្រះរបស់លោក បង្ហាញពីអំណាចដែលចំណេះដឹងនេះអាចមានមកលើយើង ។
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមអាន ម៉ូសេ ១:៣–៦, ១២–១៦ ដោយរកមើលរបៀបដែលម៉ូសេត្រូវបានពង្រឹងដោយការទទួលយកនិស្ស័យនៃព្រះរបស់លោក ។
ម៉ូសេយកឈ្នះលើការល្បួងរបស់សាតាំង
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមគិតដោយប្រុងប្រយ័ត្នអំពីរបៀបដែលការយល់ដឹងពីលក្ខណៈ និងនិស្ស័យនៃព្រះរបស់អ្នក បានជួយអ្នកឲ្យទប់ទល់នឹងការកុហក និងការល្បួងរបស់ពួកសត្រូវ ។
ផ្នែកទី ៣
តើជោគវាសនាដ៏ទេវភាពរបស់ខ្ញុំជាអ្វី ?
សូមពិចារណាថា តើអ្នកបានរៀនសូត្រ និងបានធំឡើងប៉ុណ្ណាហើយ ក្នុងរយៈពេល ១០ ឆ្នាំមកនេះ ។ ក្នុងនាមជាបុត្រា ឬបុត្រីម្នាក់របស់ព្រះមាតាបិតាសួគ៌ អ្នកមានសមត្ថភាពរីកចម្រើនដ៏មហិមា ។ តាមពិតទៅ អ្នកមានជោគវាសនាដ៏ទេវភាពមួយ ។ ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមអាន រ៉ូម ៨:១៦–១៧ ដោយរកមើលអ្វីដែលសាវកប៉ុលបានបង្រៀនអំពីជោគវាសនាដ៏ទេវភាពរបស់យើង ។
អ្នកគ្រងមរតកជាមួយគ្នា គឺជាបុគ្គលដែលទទួលបានមរតកស្មើគ្នានឹងអ្នកទទួលមរតកដទៃទៀតដែរ ។ ក្នុងនាមជាព្រះរាជបុត្រាច្បង និងតែមួយដ៏ល្អឥតខ្ចោះរបស់ព្រះវរបិតាសួគ៌ នោះវាជាព្រះរាជសិទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងការគ្រងមរតកទាំងអស់ដែលព្រះវរបិតាមាន ។ អស់អ្នកដែលគោរពប្រតិបត្តិ ហើយទទួលពរជ័យពេញលេញនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ក៏នឹងបានគ្រងមរតកទាំងអស់ដែលព្រះវរបិតាមានផងដែរ ( សូមមើល រ៉ូម ៨:១៤–១៨; កាឡាទី ៣:២៦–២៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២១–២២ ) ។ ការណ៍នេះមានន័យថា ពួកយើងទាំងអស់គ្នាមានសក្ដានុពល ដើម្បីប្រែក្លាយដូចជាព្រះវរបិតាសួគ៌របស់យើង ។
ប្រធាន រ័សុល អិម ណិលសុន បានជួយបញ្ជាក់ពីអត្ថន័យនៃជោគវាសនាដ៏ទេវភាពរបស់យើង ៖
រូបភាពប្រធាន រ័សុល អិម ណិលសុនយើងត្រូវរៀបចំសម្រាប់ជោគវាសនាដ៏ទេវភាពរបស់យើងផ្ទាល់—សិរីល្អ អមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច ។ ពរជ័យពីព្រះទាំងនេះអាចជារបស់យើងទាំងអស់ តាមរយៈភាពស្មោះត្រង់របស់យើង ។ ( « The Creation » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨៦ )
នៅមេរៀនក្រោយៗ អ្នកនឹងរៀនបន្ថែមទៀតអំពីរបៀប ដែលព្រះយេស៊ូវគ្រីស្ទធ្វើឲ្យយើងអាចឈានទៅដល់ជោគវាសនាដ៏ទេវភាពរបស់យើង ក្នុងនាមជាអ្នកគ្រងមរតកនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ ដូចដែលប្រធាន អុជដូហ្វ បានបង្រៀនមក រឿងនេះគឺជាកិច្ចការដែលត្រូវធ្វើមួយជំហានម្ដងៗ ៖
រូបភាពប្រធាន ឌៀថើរ អេហ្វ អុជដូហ្វយើងទាំងអស់គ្នាធ្លាប់ឃើញក្មេងតូចៗរៀនដើរ ។ គេបោះជំហានខ្លីៗទាំងឃ្លីងឃ្លោង ។ គេដួល ។ តើយើងស្ដីបន្ទោសលើការខិតខំបែបនេះឬ ? ប្រាកដជាអត់ទេ ។ តើឪពុកនឹងដាក់ទោសក្មេងតូចនោះដែលជំពប់ជើងដួលយ៉ាងដូចម្ដេច ? យើងលើកទឹកចិត្ត យើងអបអរ ហើយយើងសរសើរ ដោយសារជំហានខ្លីៗនោះហើយ ទើបធ្វើឲ្យកូនក្មេងនេះប្រែក្លាយដូចជាឪពុកម្ដាយរបស់គេបាន ។
… បើប្រៀបនឹងភាពឥតខ្ចោះនៃព្រះ នោះយើងជាមនុស្សរមែងស្លាប់ មិនសូវខុសពីក្មេងដែលចេះដើរតេះតះនោះទេ ។ តែព្រះវរបិតាសួគ៌ជាទីស្រឡាញ់នៃយើងចង់ឲ្យយើងប្រែក្លាយដូចជាទ្រង់ ហើយ… នោះគួរតែជាគោលដៅដ៏អស់កល្បរបស់យើងផងដែរ ។ ព្រះជ្រាបថា យើងមិនអាចទៅដល់ទីនោះភ្លាមៗបានឡើយ ប៉ុន្តែទៅបានដោយការបោះមួយជំហានម្ដងៗ ។ ( « Four Titles » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៨ )
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
តើសេចក្ដីថ្លែងការណ៍របស់ប្រធាន អុជដូហ្វ ផ្លាស់ប្ដូររបៀបដែលអ្នកមើលទៅជំហានដ៏រអាក់រអួលដូចជាកូនក្មេងកំពុងរៀនដើរនោះយ៉ាងដូចម្ដេច ? តើអ្នកអាចយាងព្រះអម្ចាស់ឲ្យជួយអ្នកបន្ដឆ្ពោះទៅមុខតាមរបៀបណា ?