ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការនិយាយ​ពី​សុខភាព​ផ្លូវចិត្ត​ដោយ​មាន​សេចក្ដី​សង្ឃឹម និង​សេចក្ដី​មេត្តា​ករុណា


« មេរៀនទី ២៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការនិយាយ​ពី​សុខភាព​ផ្លូវចិត្ត​ដោយ​មាន​សេចក្ដី​សង្ឃឹម និង​សេចក្ដី​មេត្តា​ករុណា » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ២៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
ស្ត្រី​ពីរ​រូប​ឱប​គ្នា

មេរៀន​ទី ២៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការនិយាយ​ពី​សុខភាព​ផ្លូវចិត្ត​ដោយ​មាន​សេចក្ដី​សង្ឃឹម និង​សេចក្ដី​មេត្តា​ករុណា

សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍​របស់យើង​មាន​ឥទ្ធិពល​លើ​គំនិត អារម្មណ៍ អាកប្បកិរិយា ភាពមាំមួន និង​អ្វីៗ​ជាច្រើន​ទៀត​របស់​យើង ។ ទោះបីជា​យើង​ព្យាយាម​រក្សាសុខភាព​ឲ្យ​បានល្អ​ក៏ដោយ ក៏​យើង​អាច​ជួបប្រទះ​នូវ​បញ្ហាប្រឈម​ផ្នែក​សុខភាព​ផ្លូវចិត្ត ដូចជា ការថប់​បារម្ភ និង​ការបាក់​ទឹកចិត្ត​ដែរ ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ពង្រឹង​សុខភាព​ខាង​ផ្លូវ​ចិត្ត​របស់​អ្នក ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ផងដែរ នៅពេល​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយស​មាជិក​គ្រួសារ និង​អ្នក​ផ្សេងទៀត​ដែល​អាច​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ទាំងនេះ ឬ​អ្នក​ដែល​ប្រហែលជា​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​កាន់តែ​ចេះ​គិតគូរ​ដល់​សុខុមាលភាព​ខាង​ផ្លូវចិត្ត សតិអារម្មណ៍ និង​ខាងវិញ្ញាណ​របស់​ខ្ញុំ ?

យើង​ទាំងអស់​គ្នា​តែង​មាន​ថ្ងៃ ឬ​ពេលវេលា​នៅពេល​ដែល​យើង​មាន​អារម្មណ៍​មិន​សប្បាយចិត្ត ស្មុគស្មាញ ឬ​អន្ទះសា ។ វាជា​រឿង​សំខាន់​ដែល​ត្រូវ​ដឹងពី​របៀប​ដែល​យើង​មាន​អារម្មណ៍ និង​ពី​មូលហេតុ​ដែល​យើង​មាន​អារម្មណ៍​បែប​នោះ ហើយ​ត្រូវ​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​គ្រប់គ្រង​អារម្មណ៍​ទាំងនេះ​តាមរបៀប​ដែល​មាន​សុខភាពល្អ ។

នៅពេល​ព្រះអង្គសង្គ្រោះ​បានធ្វើ​ដំណើរ​ពាសពេញ​ដែនដី​អ៊ីស្រាអែល នោះ​ទ្រង់​ច្បាស់​ជាមាន​ព្រះទ័យ​នឿយហត់​ពី​ការងារបម្រើ​របស់​ទ្រង់​ហើយ ។ ទ្រង់​បាន​បង្រៀន​ពួកសាវក​របស់ទ្រង់ ហើយ​បាន​អត់ធ្មត់​នឹង​ភាពទន់ខ្សោយ​របស់​ពួកគេ ។ បណ្តាជន​ជាច្រើន​បានស្វែងរក​ទ្រង់​ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​អព្ភូតហេតុ​របស់ទ្រង់ ឬ​ដើម្បី​បាន​ជា​សះស្បើយ ។ សត្រូវ​របស់ទ្រង់​បាន​បន្ត​ស្វែងរក​ឱកាស​ដើម្បី​បង្ខូច​ព្រះនាម​ទ្រង់​ជាសាធារណៈ ។ ទ្រង់​ត្រូវ​គេ​ឡកឡើយ ចំអក បដិសេធ និង​ក្បត់ ។ ពិតប្រាកដ​ណាស់ ទ្រង់​គឺជា « មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្តី​ឈឺចាប់ » ដែរ ( អេសាយ ៥៣:៣ ) ។

ជាញឹកញាប់​ព្រះ​យេស៊ូវ​បាន​យាងទៅ​ទីកន្លែង​ជាច្រើន​ដែល​ទ្រង់​អាច​គង់​នៅ​តែ​អង្គឯង ហើយ​ទូល​ទៅកាន់​ព្រះ ( សូមមើល ម៉ាថាយ ១៤:២២–២៣; ម៉ាកុស ១:៣៥; ៦:៣១, ៤៦; លូកា ៥:១៦ ) ។ ការធ្វើតាម​គំរូ​របស់ទ្រង់​អាច​ពង្រឹង​សុខភាព​ផ្លូវចិត្ត ផ្លូវ​អារម្មណ៍ និង​ខាង​វិញ្ញាណ​របស់យើង​បាន ។ ( កំណត់​ចំណាំ ៖ ក្នុង​ស្ថានភាព​មួយចំនួន​ដែល​មាន​បញ្ហាសុខភាព​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ឬ​គិត​ចង់​ធ្វើ​អត្តឃាត វាជា​ការប្រសើរ​ក្នុងការ​នៅជាមួយ​អ្នកដទៃ ជាជាង​នៅតែ​ម្នាក់ឯង ) ។

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​សួរ​ទៅកាន់​យុវមជ្ឈិមវ័យ ៖

រូបភាព
ប្រធាន អិម រ័សុល បាឡឺដ

តើ​ប្អូនៗ​មាន​ពេលវេលា​ស្ងប់ស្ងាត់​ផ្ទាល់ខ្លួន​ដែរ​ឬ​ទេ ? …

 …នៅពេល​ដែល​ពិភពលោក​របស់យើង​កាន់តែ​អស្ចារ្យ កាន់តែ​ខ្ញៀវខ្ញារ និង​កាន់តែ​មមាញឹក នោះ​យើង​មាន​ការប្រឈម​កាន់តែ​ខ្លាំង ក្នុងការ​ទទួល​អារម្មណ៍​ថា​ព្រះវិញ្ញាណ​គង់ក្នុង​ជីវិត​របស់យើង ។ ប្រសិនបើ​ជីវិត​របស់​ប្អូន​គ្មាន​ពេល​ស្ងប់ស្ងាត់​ទេ តើ​ប្អូន​ចាប់ផ្តើម​ស្វែងរក​ពេលនោះ​ខ្លះ​នៅយប់​នេះ​បាន​ទេ ? ( « Be Still, and Know That I Am God » [ ការប្រជុំ​ធម្មនិដ្ឋាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

រូបភាព
យុវមជ្ឈិមម្នាក់វ័យ​កំពុង​សញ្ជឹងគិត
រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ស្វែងរក​កន្លែង​ស្ងប់ស្ងាត់​មួយ​ដើម្បី​សញ្ជឹងគិត​ពី​សុខុមាលភាព​ផ្លូវចិត្ត សតិ​អារម្មណ៍ និង​ខាងវិញ្ញាណ​របស់អ្នក ដោយ​សញ្ជឹងគិត​អំពី​សំណួរ​ដូច​ខាងក្រោម ៖

  1. តើ​ខ្ញុំ​មានពេល​ដើម្បី​ដុសខាត់​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះ​ជារៀងរាល់​ថ្ងៃ​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​កំពុង​ស្វែងរក​វិធី​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ល្អៗ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​យ៉ាង​សកម្ម​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​ហាត់ប្រាណ​ទៀងទាត់ ទទួលទាន​អាហារ​ដែល​មាន​សុខភាពល្អ និង​សម្រាន្ត​បាន​គ្រប់គ្រាន់​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​មាន​ការងារ​ដែល​មាន​ប្រយោជន៍ និង​ចំណាយ​ពេល​ធ្វើ​សកម្មភាព​កម្សាន្ត​ល្អៗ​ដែរ​ឬ​ទេ ?

  2. តើ​ខ្ញុំ​គិតគូរ​ដល់​សុខុមាលភាព​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​យ៉ាងណា​ដែរ ? តើ​ខ្ញុំ​អាច​ដឹង​ថាតើ​នៅពេល​ណា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ជឿជាក់ និង​ហេតុអ្វី​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​មាន​វិធី​ល្អ​ដើម្បី​ស៊ូទ្រាំ​នឹង​អារម្មណ៍​អវិជ្ជមាន​ដែរ​ឬ​ទេ ? នៅពេល​ខ្ញុំ​មាន​អារម្មណ៍​តានតឹង ឬ​ថប់បារម្ភ តើ​ខ្ញុំ​មាន​វិធី​ល្អ​ដើម្បី​សម្រាក​ផ្លូវចិត្ត និង​បន្ធូរ​អារម្មណ៍​ដែរ​ឬ​ទេ ?

  3. តើ​ជីវិត​របស់​ខ្ញុំ​អាច​ទទួល​បាន​ពរជ័យ​ដោយ​របៀប​ណា ពេល​ខ្ញុំ​បង្អង់ ហើយ​សញ្ជឹង​គិត​អំពី​សុខុមាលភាព​ផ្លូវចិត្ត ផ្លូវ​អារម្មណ៍ និង​ខាងវិញ្ញាណ​របស់​ខ្ញុំ ?

សូម​ពិចារណា​ស្តាប់​បទចម្រៀង « Slow Down » ( ៦:០៧ ) ដែល​សម្តែងដោយ Sissel និង The Tabernacle Choir និង Orchestra នៅ​ឯ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ធ្វើ​ដូចម្តេច​ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​បទពិសោធន៍​នៃ​ការមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ?

ក្នុង​អំឡុងពេល​នៃ​ការបម្រើ​នៅលើ​ផែនដី​របស់​ព្រះអង្គ​សង្គ្រោះ ទ្រង់​បានប្រោស​មនុស្ស​ឲ្យ​រួចពី​ទុក្ខ​វេទនា​គ្រប់ប្រភេទ ( សូមមើល ម៉ាថាយ ៤:២៣ ) ។ ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​សន្និដ្ឋាន​ថា « ពិត​ប្រាកដ​ណាស់ ការប្រោស​ទាំងនេះ​រួមមាន​អស់​អ្នក​ដែល​ឈឺ​ខាង​សតិអារម្មណ៍ ផ្លូវចិត្ត ឬ​ខាងវិញ្ញាណ​ដែរ » ( He Heals the Heavy Laden » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦ ) ។

រូបភាព
ព្រះហស្ត​ដែល​ព្យាបាលដោយ អ័ដាម អេប្រាម

ដូចដែល​បានលើក​ឡើង​ពីមុន​មក យើង​ទាំងអស់​គ្នា​មាន​គ្រា ឬ​ថ្ងៃណាមួយ នៅពេល​យើង​មាន​អារម្មណ៍​មិន​សប្បាយចិត្ត ឬ​ស្មុគស្មាញ ។ ប្រសិនបើ​យើង​ពុះពារ​ជាមួយ​អារម្មណ៍​ទាំងនេះ ឬ​ស្រដៀងគ្នា​នេះ​ក្នុងរយៈ​ពេលយូរ ឬ​ប្រសិនបើ​អារម្មណ៍​ទាំងនេះ​ចាប់ផ្តើម​រំខាន​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់យើង នោះ​វាជា​រឿង​សំខាន់​ក្នុងការ​ស្វែងរក​ជំនួយ ( សូមមើល « How can I tell if I’m just having a hard time right now or if I’m struggling with a mental health challenge? » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ខណៈពេល​ដែល​ការប្រព្រឹត្ត​អំពើបាប​អាច​បណ្តាល​ឲ្យ​មាន​ទុក្ខវេទនា​ផ្លូវចិត្ត ផ្លូវ​អារម្មណ៍ និង​ខាងវិញ្ញាណ នោះ​វា​សំខាន់​ណាស់​ដែល​យើង​មិន​ចាត់ទុក​ការប្រឈម​ទាំងអស់​នោះ​ថា​ជា​អំពើបាប ឬ​កង្វះ​ជំនឿ​នោះទេ ។ បុត្រា​បុត្រី​ដ៏​ស្មោះត្រង់​បំផុត​មួយ​ចំនួន​របស់​ព្រះអម្ចាស់​ជួបប្រទះ​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត ដូចជា​ការថប់បារម្ភ​ធ្ងន់ធ្ងរ ឬ​ការធ្លាក់​ទឹកចិត្ត​រ៉ាំរ៉ៃ ។ ទោះបីជា​យើង​មិនដឹង​គ្រប់យ៉ាង​អំពី​ជំងឺ​ខាង​ផ្លូវចិត្ត​ក្ដី ក៏​ប៉ុន្តែ​យើងដឹង​ថា​វា​ពិបាក ។ ជំងឺ​ផ្លូវចិត្ត​អាច​មាន​ទំនាក់ទំនង​ទៅនឹង​អតុល្យភាព​ផ្នែក​គីមី​នៅក្នុង​ខួរក្បាល កត្តា​ហ្សែន និង​បរិស្ថាន ព្រឹត្តិការណ៍​ប៉ះទង្គិច​ផ្លូវចិត្ត របួស​ខួរក្បាល ឬ​ការប្រើប្រាស់​សារធាតុ​ញៀន ។ នៅក្នុង​សម័យ​របស់​យើង « មនុស្ស​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​ផ្លូវ​ចិត្ត ឬ​សតិអារម្មណ៍​នៅ​ពេលណា​មួយ​ក្នុង​ជីវិត​របស់​ពួកគេ » ( បូនី អិល អូស្ការសុន « 5 Resources to Help Youth Facing Emotional and Mental Illness » ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ប្រសិនបើ​អ្នក​ជួបប្រទះ​នឹង​ជំងឺផ្លូវចិត្ត នោះ​ការតម​អាហារ និង​ការអធិស្ឋាន​ទូលសូម​ការធូរ​ស្រាល ការស្វែងរក​ពរជ័យ​បព្វជិតភាព និង​ការចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ជាញឹកញាប់​អាច​នាំមក​នូវ​កម្លាំង និង​ការ​ព្យាបាល​បាន ។ នៅពេល​ផ្សេងទៀត​ជំងឺ​នេះ​អាច​នៅតែមាន​ដដែល ។ ប្រសិនបើ​ការណ៍​នេះ​កើតឡើង សូម​គិតថា​ការខិតខំ​របស់​អ្នក​មិន​ឥត​ប្រយោជន៍​នោះទេ ( សូមមើល កូរិនថូស ទី២ ១២:៧–១០ ) ។ ព្រះអម្ចាស់​កំពុងមើល​ថែ​អ្នក ហើយ​អាច​ញែក​បទពិសោធន៍​នេះ​សម្រាប់​ការល្អ​ដល់​អ្នក​វិញ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៧ ) ។

សូម​ពិចារណា​ពីរបៀប​ដែល​គោលការណ៍​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់អ្នក​ដើម្បី​រក្សា ឬ​ពង្រឹង​សុខភាព​ផ្លូវចិត្ត​របស់អ្នក ៖

  • បន្ត​នៅ​ផ្តោត​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ជាពិសេស​នៅពេល​ដែល​វា​ពិបាក​ក្នុងការ​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​របស់​ទ្រង់​ទាំងទ្វេ សូម​ជ្រើសរើស​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ទ្រង់​ទាំងទ្វេ ។ សញ្ជឹងគិត​អំពី​គ្រា​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​របស់​ទ្រង់​ទាំងទ្វេ ។ ចងចាំ​ថា​ព្រះអង្គ​សង្រ្គោះ​តែងតែ​ជួយ ពីព្រោះ​ទ្រង់ « បាន​យាង​ចុះ​ក្រោម​គ្រប់​ទាំង​អស់ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦ ) ។ ទ្រង់​យល់​យ៉ាង​ល្អឥតខ្ចោះ​អំពី​ភាព​អស់សង្ឃឹម និង​ការខកចិត្ត​របស់អ្នក​ដែល​មាន​ជំងឺផ្លូវចិត្ត ។ ព្យាការី​អាលម៉ា​បានថ្លែង​ទីបន្ទាល់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ញាណដឹង « ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ » ( អាលម៉ា ៧:១២ ) ។

  • សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​ឆ្លងកាត់​ជាមួយ​មនុស្ស​ជាទីស្រឡាញ់ ។ ការទុក​ជំងឺ​ផ្លូវចិត្ត​ជា​ការសម្ងាត់​អាច​បង្កើន​អារម្មណ៍​ឯកោ និង​រារាំង​អ្នក​ពីការ​ទទួល​បានជំនួយ​ចាំបាច់ សូម្បីតែ​ការសង្គ្រោះ​ជីវិត​ទៀតផង ។ ការជួយ​អ្នកដទៃ​ឲ្យ​យល់ពី​អ្វី​ដែល​អ្នក​បាន​ជួបប្រទះ​នឹង​បង្កើន​សមត្ថភាព​របស់ពួកគេ​ក្នុង​ការគាំទ្រ​ដល់​អ្នក ។

  • សូម​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ជំនាញ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រឹក្សា ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

បើរឿង​ទាំងឡាយ​បន្ត​ធ្វើឲ្យ​អ្នក​ចុះខ្សោយ សូមរក​ដំបូន្មាន​ពីមនុស្ស​ដែល​បាន​បំពាក់​បំប៉ន​ត្រឹមត្រូវ មាន​ជំនាញ​អាជីព ហើយ​មាន​គុណធម៌ ។ ចូរ​ស្មោះត្រង់​នឹង​ពួកគេ​ពី​ដំណើររឿង និង​បញ្ហា​របស់​អ្នក ។ ( « Like a Broken Vessel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤១ )

ប្រសិនបើ​អ្នក​មាន​សមាជិក​គ្រួសារ ឬ​ស្គាល់​អ្នក​ផ្សេង​ទៀត​ដែល​មាន​ជំងឺផ្លូវចិត្ត សូម​គិត​អំពី​របៀប​ដែល​ការយល់ដឹង​អំពី​គោលការណ៍​ទាំងនេះ​ក៏​អាច​ជួយ​អ្នក​ឲ្យ​ជួយ​ពួកគេ​បាន​ផងដែរ ។

នៅពេល​នរណាម្នាក់​ចែកចាយ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ជាមួយ​អ្នក សូម​ស្តាប់​ដោយ​ក្តីស្រឡាញ់ ហើយ​ចៀសវាង​ពី​ការវិនិច្ឆ័យ ។ ដូចជា​ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន ៖

រូបភាព
ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ

ការ​ស្ដាប់​ដោយ​សេចក្ដី​ស្រឡាញ់​គឺជា​អំណោយ​ទាន​ដ៏​ធំ​បំផុត​មួយ​ដែល​យើង​អាច​ផ្ដល់​ឲ្យ ហើយ​យើង​ប្រហែល​ជា​អាច​ជួយ​លើក​ពពក​ដ៏​ធ្ងន់ ដែលធ្វើ​ឲ្យ​មនុស្ស​ជា​ទីស្រឡាញ់ និង​មិត្ត​របស់​យើង​ពិបាក​ដក​ដង្ហើម​ចេញ [ សូមមើល រ៉ូម ២:១៩; ១៣:១២ ] ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​អារម្មណ៍​ជា​ថ្មី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ទទួល​ពន្លឺ​ដែលកើត​ចេញ​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​សេចក្ដី​ស្រឡាញ់​របស់​យើង ។ ( « Thru Cloud and Sunshine, Lord, Abide with Me! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៨ )

រូបភាព
មនុស្ស​ម្នាក់​កំពុង​កាន់ដៃ​មនុស្ស​ម្នាក់ទៀត
រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​គិត​អំពី​របៀប​ដែល​ការខិតខំ​ស្វែង​យល់​អំពី​បញ្ហា​ប្រឈម​ខាង​សុខភាព​ផ្លូវចិត្ត​កាន់តែ​ច្បាស់ អាច​បង្កើន​ការអត់ធ្មត់​របស់អ្នក​ជាមួយ និង​ការអាណិត​អាសូរ​ចំពោះ​អ្នក​ដែល​ជួប​បទពិសោធន៍​នេះ ។ សូម​ពិចារណា​មើលវីដេអូ « Like a Broken Vessel » ( ១១:៣៦ ) ដែល​ផ្តល់​ឲ្យ​នូវ​ដំណើររឿង​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ ដែល​បានរស់នៅ​ជាមួយ​ជំងឺ​ផ្លូវចិត្ត ក៏​ដូចជា​ការប្រឹក្សា​មកពី​អែលឌើរ ហូឡិន ផងដែរ ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ការពារ​ការចង់ធ្វើ​អត្តឃាត ឬ​ជួយ​អ្នក​ដែល​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ដោយ​ការធ្វើ​អត្តឃាត ?

បញ្ហាប្រឈម​ខាង​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ គឺជា​កត្តា​ហានិភ័យ​នៃ​ការធ្វើ​អត្តឃាត ។ « មនុស្ស​ភាគ​ច្រើន​ដែល​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ពុំ​ចង់​ស្លាប់​នោះទេ ពួកគេ​គ្រាន់​តែ​ចង់​បាន​ការធូរ​ស្បើយ​ពី​ការ​ឈឺចាប់​ផ្នែក​រូបកាយ ផ្នែក​ខួរក្បាល ផ្នែក​សតិអារម្មណ៍ ឬ​ផ្នែក​វិញ្ញាណ ដែល​ពួកគេ​កំពុង​ឆ្លង​កាត់​ប៉ុណ្ណោះ » ( « Preventing Suicide and Responding after a Loss » នៅលើ​គេហទំព័រ ChurchofJesusChrist.org).

រូបភាព
យុវមជ្ឈិមវ័យ​ម្នាក់អង្គុយ​ឱបក្បាល​ជង្គង់

ប្រសិនបើ​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់​មាន​គំនិត​ចង់​ធ្វើ​អត្តឃាត សូម​ស្វែងរក​ជំនួយ​ជាបន្ទាន់ ។ ការណ៍នេះ​អាច​រាប់បញ្ចូល​ទាំង​ការចូល​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ឬ​ការហៅ​ទូរសព្ទ​ទៅទូរសព្ទ​ជំនួយ​ពេល​មាន​វិបត្តិ​ដោយ​ឥត​គិតថ្លៃ ។ ( សូមស្វែងរក​តំណ​ទៅកាន់​ទូរសព្ទ​ជំនួយ​នៅជុំវិញ​ពិភពលោក នៅឯ « In Crisis? Talk Now » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូមអាន ម៉ូសាយ ១៨:៨–៩ និង​គិត​អំពី​របៀប​ដែល​វគ្គបទគម្ពីរ​នេះ​អាច​ដឹកនាំ​អ្នក​ដើម្បី​ជួយ​អស់​អ្នក​ដែល​ពុះពារ​នឹង​បញ្ហា​ខាង​សុខភាព​ផ្លូវចិត្ត ឬ​មានគំនិត​ចង់​ធ្វើ​អត្តឃាត ។ ( បន្ទាប់ពី​ការអាន​វគ្គបទគម្ពីរ​នេះ​ហើយ អ្នក​អាច​ដឹង​ថា វា​មាន​សារៈប្រយោជន៍​ក្នុងការ​អាន​អត្ថបទ​នេះ « How to Help Someone in Crisis » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ពេល​នរណា​ម្នាក់​បញ្ចប់​ជីវិត​របស់​ខ្លួន នោះ​យើង​អាច​មាន​អារម្មណ៍​សោកសៅ​ដែល​មិន​អាច​ជួយ​លួងលោម​បាន ។ អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់ បាន​កត់សម្គាល់​ឃើញថា វា​អាច​ត្រូវ​ចំណាយពេល​យូរ​ដើម្បី​បាន​ផ្សះផ្សា បន្ទាប់​ពី​បាត់បង់​នរណា​ម្នាក់​ដោយការ​ធ្វើអត្តឃាត ។ បន្ទាប់​មក លោក​បាន​ចែកចាយ​ពាក្យ​ទូន្មាន​ដូច​ខាងក្រោម​នេះ ៖

រូបភាព
អែលឌើរ ឌែល ជី រិនឡាន់

សូម​ព្យាយាម​យកឈ្នះ​មួយ​ថ្ងៃហើយ​មួយ​ថ្ងៃ​ទៀត ។ … ព្រះអម្ចាស់​នឹង​ជួយ​យើង​ជាមួយ​បញ្ហា​នោះ ។ … ទ្រង់​គង់​នៅ​ទីនោះ​រាល់​ថ្ងៃ ។ ( « Grieving after a Suicide » [ វីដេអូ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )

ព្រះយេស៊ូវ​គ្រីស្ទ​មាន​ការញាណដឹង ការអាណិត​អាសូរ និង​សេចក្តី​ស្រឡាញ់​ដ៏​ឥតខ្ចោះ ។ យើង​អាច ហើយ​យើង​គួរតែ​ទម្លាក់ចោល​រាល់​ការវិនិច្ឆ័យ​ទៅក្នុង​ព្រះហស្ត​របស់ទ្រង់ ។ ប្រធាន បាឡឺដ បាន​បង្រៀន ៖

រូបភាព
ប្រធាន អិម រ័សុល បាឡឺដ

ជាក់ស្ដែងណាស់ យើង​មិនដឹង​អំពី​ស្ថានភាព​ទាំងស្រុង​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​ធ្វើអត្តឃាត​ទាំងអស់​នោះទេ ។ មាន​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​ទ្រង់​ញាណ​ដឹង​ព័ត៌មាន​លម្អិត​ទាំងអស់ ហើយ​ទ្រង់​គឺ​ជា​អង្គ​ដែល​នឹង​កាត់​សេចក្តី​ពី​ទង្វើ​របស់​យើង​នៅលើ​ផែនដី​នេះ ។

នៅពេល​ទ្រង់​ជនុំជម្រះ​ពួកយើង នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ទ្រង់​នឹង​លើក​យក​អ្វីៗ​ទាំងអស់​មក​ធ្វើ​ព្រះតម្រិះ ៖ ហ្សែន និង​លក្ខណៈ​នៃ​ធាតុ​គីមី ស្ថានភាព​ផ្លូវចិត្ត សមត្ថភាព​នៃ​បញ្ញា​របស់​យើង ការបង្រៀន​ដែល​យើង​បាន​ទទួល ប្រពៃណី​នៃ​ដូនតា​របស់​យើង និង​សុខភាព​របស់​យើង​ជាដើម ។ ( « Suicide: Some Things We Know, and Some We Do Not » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំពរ ៨ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ការពារ​កុំ​ឲ្យ​មាន​ការធ្វើ​អត្តឃាត ។ ដើម្បី​ទទួល​បាន​គំនិត​នានា សូម​ពិចារណា​ពី​ពាក្យ​ទូន្មាន​របស់​ស៊ីស្ទើរ ខារ៉ូល អែហ្វ ម៉ាក់​ខនគី អតីត​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ នៅក្នុង​វីដេអូ « Preventing Suicide » ( ១:៤៣ ) ។