« មេរៀនទី ២៤ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការនិយាយពីសុខភាពផ្លូវចិត្តដោយមានសេចក្ដីសង្ឃឹម និងសេចក្ដីមេត្តាករុណា » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច ( ឆ្នាំ ២០២២ )
« មេរៀនទី ២៤ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀន គ្រួសារដ៏អស់កល្បជានិច្ច
មេរៀនទី ២៤ ឯកសាររៀបចំសម្រាប់ថ្នាក់
ការនិយាយពីសុខភាពផ្លូវចិត្តដោយមានសេចក្ដីសង្ឃឹម និងសេចក្ដីមេត្តាករុណា
សុខភាពផ្លូវចិត្ត និងផ្លូវអារម្មណ៍របស់យើងមានឥទ្ធិពលលើគំនិត អារម្មណ៍ អាកប្បកិរិយា ភាពមាំមួន និងអ្វីៗជាច្រើនទៀតរបស់យើង ។ ទោះបីជាយើងព្យាយាមរក្សាសុខភាពឲ្យបានល្អក៏ដោយ ក៏យើងអាចជួបប្រទះនូវបញ្ហាប្រឈមផ្នែកសុខភាពផ្លូវចិត្ត ដូចជា ការថប់បារម្ភ និងការបាក់ទឹកចិត្តដែរ ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាពីអ្វីដែលអ្នកអាចធ្វើបានដើម្បីពង្រឹងសុខភាពខាងផ្លូវចិត្តរបស់អ្នក ។ សូមគិតអំពីរបៀបដែលអ្នកអាចកាន់តែដូចជាព្រះអង្គសង្គ្រោះផងដែរ នៅពេលអ្នកប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារ និងអ្នកផ្សេងទៀតដែលអាចជួបប្រទះនូវបញ្ហាប្រឈមទាំងនេះ ឬអ្នកដែលប្រហែលជាមានគំនិតចង់ធ្វើអត្តឃាត ។
ផ្នែកទី ១
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីកាន់តែចេះគិតគូរដល់សុខុមាលភាពខាងផ្លូវចិត្ត សតិអារម្មណ៍ និងខាងវិញ្ញាណរបស់ខ្ញុំ ?
យើងទាំងអស់គ្នាតែងមានថ្ងៃ ឬពេលវេលានៅពេលដែលយើងមានអារម្មណ៍មិនសប្បាយចិត្ត ស្មុគស្មាញ ឬអន្ទះសា ។ វាជារឿងសំខាន់ដែលត្រូវដឹងពីរបៀបដែលយើងមានអារម្មណ៍ និងពីមូលហេតុដែលយើងមានអារម្មណ៍បែបនោះ ហើយត្រូវធ្វើឲ្យអស់ពីសមត្ថភាពដើម្បីគ្រប់គ្រងអារម្មណ៍ទាំងនេះតាមរបៀបដែលមានសុខភាពល្អ ។
នៅពេលព្រះអង្គសង្គ្រោះបានធ្វើដំណើរពាសពេញដែនដីអ៊ីស្រាអែល នោះទ្រង់ច្បាស់ជាមានព្រះទ័យនឿយហត់ពីការងារបម្រើរបស់ទ្រង់ហើយ ។ ទ្រង់បានបង្រៀនពួកសាវករបស់ទ្រង់ ហើយបានអត់ធ្មត់នឹងភាពទន់ខ្សោយរបស់ពួកគេ ។ បណ្តាជនជាច្រើនបានស្វែងរកទ្រង់ដើម្បីធ្វើជាសាក្សីនៃអព្ភូតហេតុរបស់ទ្រង់ ឬដើម្បីបានជាសះស្បើយ ។ សត្រូវរបស់ទ្រង់បានបន្តស្វែងរកឱកាសដើម្បីបង្ខូចព្រះនាមទ្រង់ជាសាធារណៈ ។ ទ្រង់ត្រូវគេឡកឡើយ ចំអក បដិសេធ និងក្បត់ ។ ពិតប្រាកដណាស់ ទ្រង់គឺជា « មនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ » ដែរ ( អេសាយ ៥៣:៣ ) ។
ជាញឹកញាប់ព្រះយេស៊ូវបានយាងទៅទីកន្លែងជាច្រើនដែលទ្រង់អាចគង់នៅតែអង្គឯង ហើយទូលទៅកាន់ព្រះ ( សូមមើល ម៉ាថាយ ១៤:២២–២៣; ម៉ាកុស ១:៣៥; ៦:៣១, ៤៦; លូកា ៥:១៦ ) ។ ការធ្វើតាមគំរូរបស់ទ្រង់អាចពង្រឹងសុខភាពផ្លូវចិត្ត ផ្លូវអារម្មណ៍ និងខាងវិញ្ញាណរបស់យើងបាន ។ ( កំណត់ចំណាំ ៖ ក្នុងស្ថានភាពមួយចំនួនដែលមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ឬគិតចង់ធ្វើអត្តឃាត វាជាការប្រសើរក្នុងការនៅជាមួយអ្នកដទៃ ជាជាងនៅតែម្នាក់ឯង ) ។
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានសួរទៅកាន់យុវមជ្ឈិមវ័យ ៖
តើប្អូនៗមានពេលវេលាស្ងប់ស្ងាត់ផ្ទាល់ខ្លួនដែរឬទេ ? …
…នៅពេលដែលពិភពលោករបស់យើងកាន់តែអស្ចារ្យ កាន់តែខ្ញៀវខ្ញារ និងកាន់តែមមាញឹក នោះយើងមានការប្រឈមកាន់តែខ្លាំង ក្នុងការទទួលអារម្មណ៍ថាព្រះវិញ្ញាណគង់ក្នុងជីវិតរបស់យើង ។ ប្រសិនបើជីវិតរបស់ប្អូនគ្មានពេលស្ងប់ស្ងាត់ទេ តើប្អូនចាប់ផ្តើមស្វែងរកពេលនោះខ្លះនៅយប់នេះបានទេ ? ( « Be Still, and Know That I Am God » [ ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។
ផ្នែកទី ២
តើខ្ញុំអាចធ្វើដូចម្តេចដើម្បីយល់កាន់តែច្បាស់អំពីបទពិសោធន៍នៃការមានបញ្ហាសុខភាពផ្លូវចិត្ត ?
ក្នុងអំឡុងពេលនៃការបម្រើនៅលើផែនដីរបស់ព្រះអង្គសង្គ្រោះ ទ្រង់បានប្រោសមនុស្សឲ្យរួចពីទុក្ខវេទនាគ្រប់ប្រភេទ ( សូមមើល ម៉ាថាយ ៤:២៣ ) ។ ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានសន្និដ្ឋានថា « ពិតប្រាកដណាស់ ការប្រោសទាំងនេះរួមមានអស់អ្នកដែលឈឺខាងសតិអារម្មណ៍ ផ្លូវចិត្ត ឬខាងវិញ្ញាណដែរ » ( He Heals the Heavy Laden » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៦ ) ។
ដូចដែលបានលើកឡើងពីមុនមក យើងទាំងអស់គ្នាមានគ្រា ឬថ្ងៃណាមួយ នៅពេលយើងមានអារម្មណ៍មិនសប្បាយចិត្ត ឬស្មុគស្មាញ ។ ប្រសិនបើយើងពុះពារជាមួយអារម្មណ៍ទាំងនេះ ឬស្រដៀងគ្នានេះក្នុងរយៈពេលយូរ ឬប្រសិនបើអារម្មណ៍ទាំងនេះចាប់ផ្តើមរំខានដល់ជីវិតប្រចាំថ្ងៃរបស់យើង នោះវាជារឿងសំខាន់ក្នុងការស្វែងរកជំនួយ ( សូមមើល « How can I tell if I’m just having a hard time right now or if I’m struggling with a mental health challenge? » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ខណៈពេលដែលការប្រព្រឹត្តអំពើបាបអាចបណ្តាលឲ្យមានទុក្ខវេទនាផ្លូវចិត្ត ផ្លូវអារម្មណ៍ និងខាងវិញ្ញាណ នោះវាសំខាន់ណាស់ដែលយើងមិនចាត់ទុកការប្រឈមទាំងអស់នោះថាជាអំពើបាប ឬកង្វះជំនឿនោះទេ ។ បុត្រាបុត្រីដ៏ស្មោះត្រង់បំផុតមួយចំនួនរបស់ព្រះអម្ចាស់ជួបប្រទះនឹងបញ្ហាសុខភាពផ្លូវចិត្ត ដូចជាការថប់បារម្ភធ្ងន់ធ្ងរ ឬការធ្លាក់ទឹកចិត្តរ៉ាំរ៉ៃ ។ ទោះបីជាយើងមិនដឹងគ្រប់យ៉ាងអំពីជំងឺខាងផ្លូវចិត្តក្ដី ក៏ប៉ុន្តែយើងដឹងថាវាពិបាក ។ ជំងឺផ្លូវចិត្តអាចមានទំនាក់ទំនងទៅនឹងអតុល្យភាពផ្នែកគីមីនៅក្នុងខួរក្បាល កត្តាហ្សែន និងបរិស្ថាន ព្រឹត្តិការណ៍ប៉ះទង្គិចផ្លូវចិត្ត របួសខួរក្បាល ឬការប្រើប្រាស់សារធាតុញៀន ។ នៅក្នុងសម័យរបស់យើង « មនុស្សម្នាក់ក្នុងចំណោមបួននាក់នឹងទទួលរងផលប៉ះពាល់ដោយជំងឺផ្លូវចិត្ត ឬសតិអារម្មណ៍នៅពេលណាមួយក្នុងជីវិតរបស់ពួកគេ » ( បូនី អិល អូស្ការសុន « 5 Resources to Help Youth Facing Emotional and Mental Illness » ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ប្រសិនបើអ្នកជួបប្រទះនឹងជំងឺផ្លូវចិត្ត នោះការតមអាហារ និងការអធិស្ឋានទូលសូមការធូរស្រាល ការស្វែងរកពរជ័យបព្វជិតភាព និងការចូលរួមក្នុងព្រះវិហារបរិសុទ្ធ ជាញឹកញាប់អាចនាំមកនូវកម្លាំង និងការព្យាបាលបាន ។ នៅពេលផ្សេងទៀតជំងឺនេះអាចនៅតែមានដដែល ។ ប្រសិនបើការណ៍នេះកើតឡើង សូមគិតថាការខិតខំរបស់អ្នកមិនឥតប្រយោជន៍នោះទេ ( សូមមើល កូរិនថូស ទី២ ១២:៧–១០ ) ។ ព្រះអម្ចាស់កំពុងមើលថែអ្នក ហើយអាចញែកបទពិសោធន៍នេះសម្រាប់ការល្អដល់អ្នកវិញ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:៧ ) ។
សូមពិចារណាពីរបៀបដែលគោលការណ៍ខាងក្រោមនេះអាចជួយអ្នកក្នុងការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីរក្សា ឬពង្រឹងសុខភាពផ្លូវចិត្តរបស់អ្នក ៖
-
បន្តនៅផ្តោតទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ជាពិសេសនៅពេលដែលវាពិបាកក្នុងការទទួលអារម្មណ៍ពីឥទ្ធិពលរបស់ទ្រង់ទាំងទ្វេ សូមជ្រើសរើសធ្វើសកម្មភាពដោយសេចក្ដីជំនឿលើទ្រង់ទាំងទ្វេ ។ សញ្ជឹងគិតអំពីគ្រាដែលអ្នកបានទទួលអារម្មណ៍ពីឥទ្ធិពលរបស់ទ្រង់ទាំងទ្វេ ។ ចងចាំថាព្រះអង្គសង្រ្គោះតែងតែជួយ ពីព្រោះទ្រង់ « បានយាងចុះក្រោមគ្រប់ទាំងអស់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦ ) ។ ទ្រង់យល់យ៉ាងល្អឥតខ្ចោះអំពីភាពអស់សង្ឃឹម និងការខកចិត្តរបស់អ្នកដែលមានជំងឺផ្លូវចិត្ត ។ ព្យាការីអាលម៉ាបានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទញាណដឹង « ស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ( អាលម៉ា ៧:១២ ) ។
-
សូមចែកចាយអ្វីដែលអ្នកបានឆ្លងកាត់ជាមួយមនុស្សជាទីស្រឡាញ់ ។ ការទុកជំងឺផ្លូវចិត្តជាការសម្ងាត់អាចបង្កើនអារម្មណ៍ឯកោ និងរារាំងអ្នកពីការទទួលបានជំនួយចាំបាច់ សូម្បីតែការសង្គ្រោះជីវិតទៀតផង ។ ការជួយអ្នកដទៃឲ្យយល់ពីអ្វីដែលអ្នកបានជួបប្រទះនឹងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការគាំទ្រដល់អ្នក ។
-
សូមស្វែងរកជំនួយពីគ្រូពេទ្យជំនាញ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រឹក្សា ៖
រូបភាពអែលឌើរ ជែហ្វ្រី អ័រ ហូឡិនបើរឿងទាំងឡាយបន្តធ្វើឲ្យអ្នកចុះខ្សោយ សូមរកដំបូន្មានពីមនុស្សដែលបានបំពាក់បំប៉នត្រឹមត្រូវ មានជំនាញអាជីព ហើយមានគុណធម៌ ។ ចូរស្មោះត្រង់នឹងពួកគេពីដំណើររឿង និងបញ្ហារបស់អ្នក ។ ( « Like a Broken Vessel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤១ )
ប្រសិនបើអ្នកមានសមាជិកគ្រួសារ ឬស្គាល់អ្នកផ្សេងទៀតដែលមានជំងឺផ្លូវចិត្ត សូមគិតអំពីរបៀបដែលការយល់ដឹងអំពីគោលការណ៍ទាំងនេះក៏អាចជួយអ្នកឲ្យជួយពួកគេបានផងដែរ ។
នៅពេលនរណាម្នាក់ចែកចាយបញ្ហាសុខភាពផ្លូវចិត្តជាមួយអ្នក សូមស្តាប់ដោយក្តីស្រឡាញ់ ហើយចៀសវាងពីការវិនិច្ឆ័យ ។ ដូចជាស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ នៃគណៈប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀន ៖
រូបភាពស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូការស្ដាប់ដោយសេចក្ដីស្រឡាញ់គឺជាអំណោយទានដ៏ធំបំផុតមួយដែលយើងអាចផ្ដល់ឲ្យ ហើយយើងប្រហែលជាអាចជួយលើកពពកដ៏ធ្ងន់ ដែលធ្វើឲ្យមនុស្សជាទីស្រឡាញ់ និងមិត្តរបស់យើងពិបាកដកដង្ហើមចេញ [ សូមមើល រ៉ូម ២:១៩; ១៣:១២ ] ដើម្បីឲ្យពួកគេអាចទទួលអារម្មណ៍ជាថ្មីពីព្រះវិញ្ញាណបរិសុទ្ធ និងទទួលពន្លឺដែលកើតចេញមកពីព្រះយេស៊ូវគ្រីស្ទ តាមរយៈសេចក្ដីស្រឡាញ់របស់យើង ។ ( « Thru Cloud and Sunshine, Lord, Abide with Me! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៨ )
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមគិតអំពីរបៀបដែលការខិតខំស្វែងយល់អំពីបញ្ហាប្រឈមខាងសុខភាពផ្លូវចិត្តកាន់តែច្បាស់ អាចបង្កើនការអត់ធ្មត់របស់អ្នកជាមួយ និងការអាណិតអាសូរចំពោះអ្នកដែលជួបបទពិសោធន៍នេះ ។ សូមពិចារណាមើលវីដេអូ « Like a Broken Vessel » ( ១១:៣៦ ) ដែលផ្តល់ឲ្យនូវដំណើររឿងផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដែលបានរស់នៅជាមួយជំងឺផ្លូវចិត្ត ក៏ដូចជាការប្រឹក្សាមកពីអែលឌើរ ហូឡិន ផងដែរ ។
ផ្នែកទី ៣
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីជួយការពារការចង់ធ្វើអត្តឃាត ឬជួយអ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់ដោយការធ្វើអត្តឃាត ?
បញ្ហាប្រឈមខាងសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ គឺជាកត្តាហានិភ័យនៃការធ្វើអត្តឃាត ។ « មនុស្សភាគច្រើនដែលប៉ុនប៉ងធ្វើអត្តឃាតពុំចង់ស្លាប់នោះទេ ពួកគេគ្រាន់តែចង់បានការធូរស្បើយពីការឈឺចាប់ផ្នែករូបកាយ ផ្នែកខួរក្បាល ផ្នែកសតិអារម្មណ៍ ឬផ្នែកវិញ្ញាណ ដែលពួកគេកំពុងឆ្លងកាត់ប៉ុណ្ណោះ » ( « Preventing Suicide and Responding after a Loss » នៅលើគេហទំព័រ ChurchofJesusChrist.org).
ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់មានគំនិតចង់ធ្វើអត្តឃាត សូមស្វែងរកជំនួយជាបន្ទាន់ ។ ការណ៍នេះអាចរាប់បញ្ចូលទាំងការចូលបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ឬការហៅទូរសព្ទទៅទូរសព្ទជំនួយពេលមានវិបត្តិដោយឥតគិតថ្លៃ ។ ( សូមស្វែងរកតំណទៅកាន់ទូរសព្ទជំនួយនៅជុំវិញពិភពលោក នៅឯ « In Crisis? Talk Now » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ការសិក្សានៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមអាន ម៉ូសាយ ១៨:៨–៩ និងគិតអំពីរបៀបដែលវគ្គបទគម្ពីរនេះអាចដឹកនាំអ្នកដើម្បីជួយអស់អ្នកដែលពុះពារនឹងបញ្ហាខាងសុខភាពផ្លូវចិត្ត ឬមានគំនិតចង់ធ្វើអត្តឃាត ។ ( បន្ទាប់ពីការអានវគ្គបទគម្ពីរនេះហើយ អ្នកអាចដឹងថា វាមានសារៈប្រយោជន៍ក្នុងការអានអត្ថបទនេះ « How to Help Someone in Crisis » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
ពេលនរណាម្នាក់បញ្ចប់ជីវិតរបស់ខ្លួន នោះយើងអាចមានអារម្មណ៍សោកសៅដែលមិនអាចជួយលួងលោមបាន ។ អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានកត់សម្គាល់ឃើញថា វាអាចត្រូវចំណាយពេលយូរដើម្បីបានផ្សះផ្សា បន្ទាប់ពីបាត់បង់នរណាម្នាក់ដោយការធ្វើអត្តឃាត ។ បន្ទាប់មក លោកបានចែកចាយពាក្យទូន្មានដូចខាងក្រោមនេះ ៖
រូបភាពអែលឌើរ ឌែល ជី រិនឡាន់សូមព្យាយាមយកឈ្នះមួយថ្ងៃហើយមួយថ្ងៃទៀត ។ … ព្រះអម្ចាស់នឹងជួយយើងជាមួយបញ្ហានោះ ។ … ទ្រង់គង់នៅទីនោះរាល់ថ្ងៃ ។ ( « Grieving after a Suicide » [ វីដេអូ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
ព្រះយេស៊ូវគ្រីស្ទមានការញាណដឹង ការអាណិតអាសូរ និងសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះ ។ យើងអាច ហើយយើងគួរតែទម្លាក់ចោលរាល់ការវិនិច្ឆ័យទៅក្នុងព្រះហស្តរបស់ទ្រង់ ។ ប្រធាន បាឡឺដ បានបង្រៀន ៖
រូបភាពប្រធាន អិម រ័សុល បាឡឺដជាក់ស្ដែងណាស់ យើងមិនដឹងអំពីស្ថានភាពទាំងស្រុងដែលជាប់ពាក់ព័ន្ធនឹងការធ្វើអត្តឃាតទាំងអស់នោះទេ ។ មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលទ្រង់ញាណដឹងព័ត៌មានលម្អិតទាំងអស់ ហើយទ្រង់គឺជាអង្គដែលនឹងកាត់សេចក្តីពីទង្វើរបស់យើងនៅលើផែនដីនេះ ។
នៅពេលទ្រង់ជនុំជម្រះពួកយើង នោះខ្ញុំមានអារម្មណ៍ថា ទ្រង់នឹងលើកយកអ្វីៗទាំងអស់មកធ្វើព្រះតម្រិះ ៖ ហ្សែន និងលក្ខណៈនៃធាតុគីមី ស្ថានភាពផ្លូវចិត្ត សមត្ថភាពនៃបញ្ញារបស់យើង ការបង្រៀនដែលយើងបានទទួល ប្រពៃណីនៃដូនតារបស់យើង និងសុខភាពរបស់យើងជាដើម ។ ( « Suicide: Some Things We Know, and Some We Do Not » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំពរ ៨ )
សញ្ជឹងគិតនៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន
សូមពិចារណាអំពីអ្វីដែលអ្នកអាចធ្វើបានដើម្បីជួយការពារកុំឲ្យមានការធ្វើអត្តឃាត ។ ដើម្បីទទួលបានគំនិតនានា សូមពិចារណាពីពាក្យទូន្មានរបស់ស៊ីស្ទើរ ខារ៉ូល អែហ្វ ម៉ាក់ខនគី អតីតទីប្រឹក្សានៅក្នុងគណៈប្រធានយុវនារីទូទៅ នៅក្នុងវីដេអូ « Preventing Suicide » ( ១:៤៣ ) ។