ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ព្រះបញ្ញត្តិ​ដែលឲ្យ​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី


« មេរៀន​ទី ១៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ព្រះបញ្ញត្តិ​ដែលឲ្យ​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ( ឆ្នាំ ២០២២ )

« មេរៀន​ទី ១៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច

រូបភាព
កូនក្មេង​ដើរ​តេះតាស​ជាមួយនឹង​ឪពុក​ម្ដាយ

មេរៀន​ទី ១៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ព្រះបញ្ញត្តិ​ដែលឲ្យ​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី

តើ​អ្នក​មាន​សេចក្តី​សង្ឃឹម ឬ​ការព្រួយ​បារម្ភ​អ្វី​ខ្លះ​អំពី​ការមាន​កូន ? នៅពេល​អ្នក​សិក្សា​ឯកសារ​ខាងក្រោម​នេះ សូម​អធិស្ឋាន​ដើម្បី​ធ្វើឲ្យ​ការយល់ដឹង​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ អំពី​គោលបំណង​ដ៏ពិសិដ្ឋ​ដែល​នឹង​ត្រូវ​បំពេញ​តាម​ផែនការ​របស់​ព្រះវរបិតា​សួគ៌ នៅពេល​ដែល​ស្វាមី និង​ភរិយា​ជ្រើសរើស​ដើម្បី​មាន​កូន ។ សូម​ពិចារណា​ពី​របៀប​ដែល​ស្វាមី និង​ភរិយា​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​បាន ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ដ៏​ទេវភាព​ឲ្យ​បង្កើត​កូន​ជាច្រើន​ឡើង ហើយ​មាន​ពាសពេញ​លើ​ផែនដី ។

ផ្នែក​ទី ១

តើ​ការមាន​កូន​ដើរ​តួនាទី​អ្វី នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ?

សូម​គិត​អំពី​ទស្សនៈ​ផ្សេងៗ ដែល​អ្នក​បាន​ឮ​មនុស្ស​និយាយ​អំពី​ការមាន​កូន ។ អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ទស្សនវិស័យ​របស់​អ្នកម្ដាយ​ម្នាក់ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

មាន​សំឡេង​ជាច្រើន​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ដែល​បាន​បន្ថយ​សារៈសំខាន់​នៃ​ការមាន​កូន ឬ​ស្នើឲ្យ​ពន្យារ​ពេល ឬ​ដាក់​កម្រិត​លើ​ចំនួន​កូន​នៅក្នុង​គ្រួសារ ។ កាលពី​ពេល​ថ្មីៗ​នេះ កូនស្រី​របស់​ខ្ញុំ​បាន​ឲ្យខ្ញុំ​មើល​ប្លក់​មួយ ដែល​បាន​សរសេរ​ដោយ​អ្នក​ម្ដាយ​គ្រីស្ទាន​ម្នាក់ ( មិនមែន​ក្នុង​សាសនាចក្រ​របស់​យើង​ទេ ) ដែល​មាន​កូន​ប្រាំ​នាក់ ។ គាត់​បាន​បញ្ចេញ​មតិ ៖ « [ពេល​ធំ ] ឡើង​នៅក្នុង​វប្បធម៌​នេះ វា​ពិបាក​ខ្លាំងណាស់​ដើម្បី​មាន​ទស្សនវិស័យ​ស្របតាម​ព្រះគម្ពីរ​ប៊ីប​ស្ដីពី​ភាជា​ម្ដាយ ។ … ការមាន​កូន​នៅ​លេខរៀង​ក្រោម​មហាវិទ្យាល័យ​ឆ្ងាយ​ណាស់ ។ ប្រាកដណាស់ គឺ​នៅ​ពី​ក្រោម​ការដើរលេង​ជុំវិញ​ពិភពលោក ។ មិន​សំខាន់​ដូចជា​ការចេញ​ទៅក្រៅ​ពេល​យប់​សម្រាប់​ការសប្បាយ​នោះ​ទេ ។ មិន​សំខាន់​ដូចជា​ការហាត់ប្រាណ​របស់​អ្នក​នោះ​ទេ ។ នៅក្រោម​ការងារ​នានា​ដែល​អ្នក​អាច​មាន ឬ​សង្ឃឹម​ថា​នឹង​ទទួល​បាន » ។ បន្ទាប់​មក គាត់​បន្ថែម ៖ « ភាពជា​ម្ដាយ​មិនមែន​ជា​ចំណង់​ចំណូល​ចិត្ត​នោះ​ទេ វា​គឺជា​ការហៅ​មួយ ។ អ្នក​មិន​ប្រមូល​កូនៗ​មក ដោយសារ​អ្នក​ឃើញ​ថា ពួកគេ​គួរឲ្យ​ស្រឡាញ់​ជាង​តែម​សំបុត្រ​នោះទេ ។ វា​មិនមែន​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ទេ ប្រសិនបើ​អ្នក​បង្ខិត​ពេលវេលា​ចូលគ្នា​ដើម្បី​មើល​កូន​នោះ ។ វា​គឺជា​មូលហេតុ​ដែល​ព្រះ​បាន​ប្រទាន​ពេលវេលា​ឲ្យ​អ្នក » [ Rachel Jankovic « Motherhood Is a Calling (and Where Your Children Rank) » ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១១ នៅលើ​គេហទំព័រ desiringgod.org ] ។ ( «Children » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៨ )

បន្ទាប់ពី​ព្រះ​បាន​បង្កើត​លោក​អ័ដាម និង​នាង​អេវ៉ា ហើយ​បាន​ដាក់​ពួកលោក​ជាមួយ​គ្នា​នៅក្នុង​សេចក្ដី​សញ្ញា​ថ្មី ហើយ​អស់កល្ប​អស់កាល​ជានិច្ច​ខាង​អាពាហ៍ពិពាហ៍ នោះ​ទ្រង់​បាន​ប្រទាន​បទបញ្ញត្តិ​មួយ​ដល់​ពួកលោក ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន លោកុប្បត្តិ ១:២៧–២៨ ហើយ​សូម​គិត​អំពី​សារៈសំខាន់​នៃ​ចំណុច​នេះ ដែល​ជា​បញ្ញត្តិ​ទីមួយ ដែល​ព្រះ​បាន​ប្រទាន​ដល់​លោក​អ័ដាម និង​នាង​អេវ៉ា ។

ព្យាការី​ថ្ងៃ​ចុងក្រោយ​បាន​សង្កត់​ធ្ងន់​ថា « ព្រះបញ្ញត្តិ​ទីមួយ ដែល​ព្រះ​បាន​ប្រទាន​ដល់​លោក​អ័ដាម និង​នាង​អេវ៉ា គឺ​ទាក់ទង​ទៅនឹង​សមត្ថភាព​របស់​ពួកគេ​សម្រាប់​ភាពជា​ឪពុក​ម្ដាយ ក្នុង​នាម​ជា​ស្វាមី និង​ភរិយា ។ យើង​សូម​ប្រកាស​ថា ព្រះបញ្ញាត្តិ​របស់​ព្រះ​សម្រាប់​កូនចៅ​របស់ទ្រង់ ដើម្បី​បង្កើត​កូនចៅ​ឲ្យ​ចម្រើន​ជាច្រើន​ឡើង​ឲ្យ​មាន​ពាសពេញ​លើផែនដី​នោះ នៅតែ​ឲ្យ​ប្រតិបត្តិ​នៅឡើយ » ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

សូម​គិត​អំពី​មូលហេតុ​ដែល​បទបញ្ញត្តិ​នេះ ចាំបាច់​ត្រូវ​បញ្ជាក់​សាជា​ថ្មី​នៅក្នុង​ជំនាន់​របស់​យើង ។ ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ថា « ការប្រឆាំង​ដ៏​ខ្លាំងក្លា​របស់​សាតាំង​ត្រូវបាន​ដាក់​នៅ​ត្រង់​ចំណុច​ដែល​សំខាន់​បំផុត​ក្នុង​ផែនការ​របស់​ព្រះ » ។ ការផ្ទុយ​នេះ​រួមមាន​ការខិតខំ « មិន​លើក​ទឹកចិត្ត​ឲ្យ​បង្កើត​កូន—ជាពិសេស​ដល់​ឪពុក​ម្ដាយ ដែល​នឹង​ចិញ្ចឹម​កូនចៅ​ក្នុង​សេចក្ដីពិត » ( « Truth and the Plan » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៧ ) ។

រូបភាព
ឪពុក និង​ម្តាយ​កំពុង​ស្លៀក​ពាក់​ឲ្យ​កូនង៉ែត​របស់​ពួកគេ

ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ពរ​ឲ្យ​យើង​មាន​ទស្សនវិស័យ​ដ៏ទេវភាព​អំពី​សារៈសំខាន់​នៃ​កូនៗ ( ឧទាហរណ៍ សូមមើល ទំនុក​តម្កើង ១២៧:៣ និង ម៉ាថាយ ១៩:១៣–១៥ ) ។ អែលឌើរ អាន់ឌើរសិន បាន​បង្រៀន ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

វាជា​ឯកសិទ្ធិ​ដ៏វិសេស​វិសាល​មួយ​របស់​ស្វាមី និង​ភរិយា​ដែល​អាច​មាន​កូន​បាន ដើម្បី​ផ្ដល់​នូវ​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់​ដល់​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ​ទាំងនេះ ។ …

នៅពេល​ទារក​ចាប់​កំណើត​ជាមួយ​ស្វាមី និង​ភរិយា​មួយ​គូ នោះ​ពួកគេ​កំពុងតែ​បំពេញ​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​យើង ដើម្បី​នាំ​កូនៗ​មក​កាន់​ផែនដី​ហើយ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង—គឺ​ដើម្បី​នាំឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » [ ម៉ូសេ ១:៣៩ ] ។ មុនពេល​មាន​អមតភាព នោះ​វា​ត្រូវតែ​មាន​ជីវិត​រមែង​ស្លាប់​សិន ។ ( « Children » ទំព័រ ២៨ )

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ការមាន​កូន​គឺជា​ផ្នែក​មួយ​នៃ​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ ៖

រូបភាព
ប្រធាន អិម រ័សុល បាឡឺដ

គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​គឺ ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ព្រះ តាមរយៈ​ការទទួល​បាន​រូបកាយ​ខាង​សាច់ឈាម ការអនុវត្ត​សិទ្ធិ​ជ្រើសរើស និង​ការទទួល​យក​តួនាទី​ដែល​ពីមុន​ជា​របស់​ព្រះមាតា​បិតា​នៅលើ​ស្ថានសួគ៌​តែ​ប៉ុណ្ណោះ—ជា​តួនាទី​របស់​ស្វាមី ភរិយា និង​ឪពុក ឬ​ម្ដាយ ។ …

… គោលបំណង​ដ៏សំខាន់​មួយ​នៃ​ជីវិត​រមែង​ស្លាប់​គឺ​ថា យើង​អាច​ចម្លង​បទពិសោធន៍​គ្រួសារ​នោះ​ដោយ​ខ្លួន​ឯង ដែល​មានតែ​ពេលនេះ​ទេ​ដើម្បី​ក្លាយ​ជា​ឪពុក​ម្ដាយ​បាន ជា​ជាង​គ្រាន់​តែ​ធ្វើជា​កូនៗ ។ …

ព្រះវរបិតាសួគ៌ា​សព្វ​ព្រះទ័យ​ឲ្យ​យើង … គោរព​តាម​បទបញ្ញត្តិ​ទីមួយ​របស់​ទ្រង់​ឲ្យ « បង្កើត​កូន​ជាច្រើន​ឡើង »—មិន​ត្រឹមតែ​ដើម្បី​បំពេញ​តាម​ផែនការ​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​រកឃើញ​អំណរ ដែល​ផែនការ​របស់​ទ្រង់​មាន​បំណង​ចង់​ប្រទាន​ដល់​បុត្រា និង​បុត្រី​របស់​ទ្រង់​ផងដែរ ។ ( « The Opportunities and Responsibilities of CES Teachers in the 21st Century » [ ជំនួប​ជាមួយ​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

រូបភាព
រូបតំណាង​ការពិភាក្សា

ពិភាក្សា​ក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម​នេះ​ជាមួយ​នរណា​ម្នាក់​ដែល​មាន​កូន ។ ប្រសិនបើ​អ្នក​បាន​រៀបការ និង​មាន​កូន​រួចហើយ នោះ​សូម​ពិចារណា​ពិភាក្សា​អំពី​សំណួរ​ទាំងនេះ​ជាមួយ​ស្វាមី ឬ​ភរិយា​របស់​អ្នក ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ ចេញ​ពី​បទពិសោធន៍​របស់​អ្នក​ក្នុង​នាម​ជា​ឪពុក ឬ​ម្ដាយ ?

  • តើ​ការធ្វើជា​ឪពុក ឬ​ម្ដាយ​បាន​ធ្វើឲ្យ​ជីវិត​របស់​អ្នក​មាន​ភាពចម្រុង​ចម្រើន​យ៉ាង​ដូចម្ដេច ? ( សូម​ពិចារណា​រៀន​ពី​របៀប​ដែល​គូ​ស្វាមី​ភរិយា​ដែល​បាន​រៀបការ​ផ្សេងទៀត អាច​ឆ្លើយតប​នឹង​សំណួរ​នេះ តាមរយៈ​ការមើល​វីដេអូ​នេះ « Having Children Enriches Your Life » [ ៤:៣០ ] ) ។

ផ្នែក​ទី ២

តើ​ស្វាមី ឬ​ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​អាច​សម្រេច​ចិត្ត​ថា​ត្រូវ​មាន​កូន​នៅពេល​ណា និង​មាន​កូន​ប៉ុន្មាន​នាក់​យ៉ាង​ដូចម្ដេច​ទៅ ?

គូ​ស្វាមី​ភរិយា​ដែល​រៀបការ​រួច ប្រឈម​មុខ​នឹង​សំណួរ​សំខាន់ៗ​អំពី​ពេលវេលា​ដើម្បី​មាន​កូន និង​ចំនួន​កូន​ប៉ុន្មាន​នាក់ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អាលម៉ា ៣៧:៣៧ ហើយ​រកមើល​ដំបូន្មាន​ដែល​អាច​ជួយ​ដល់​គូស្វាមី​ភរិយា​ដែល​រៀបការ​រួច​ក្នុង​ការសម្រេច​ចិត្ដ​ទាំងនេះ ។

អែលឌើរ អែនឌើរសិន បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការប្រឹក្សា​យោបល់​ជាមួយ​ព្រះអម្ចាស់ ពេល​ធ្វើ​ការសម្រេច​ចិត្ត​ទាំងនេះ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

ពេលវេលា​ដើម្បី​មាន​កូន និង​ចំនួនកូន​ដែល​ត្រូវ​មាន គឺជា​ការសម្រេចចិត្ត​ដ៏​សម្ងាត់​ដែល​ត្រូវ​ធ្វើ​ឡើង​រវាង​ស្វាមី និង​ភរិយា និង​ព្រះអម្ចាស់ ។ ការសម្រេច​ចិត្ត​ទាំងនេះ​គឺជា​ការសម្រេច​ចិត្ត​ដ៏ពិសិដ្ឋ—ជា​ការសម្រេច​ចិត្ត​ដែល​គួរតែ​ធ្វើ​ដោយ​ការអធិស្ឋាន​ដ៏ស្មោះសរ និង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​យ៉ាង​ខ្លាំង ។ …

បងប្អូន​ប្រុសស្រី យើង​មិន​គួរ​វិនិច្ឆ័យ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ និង​ឯកជន​នេះ​ទេ ។ ( « Children » ទំព័រ ២៨, ៣០ )

រូបភាព
ភរិយា និង​ស្វាមី​កំពុង​អធិស្ឋាន​ជាមួយ​គ្នា

មនុស្ស​មួយ​ចំនួន​ដែល​ចង់​មាន​កូន​ដោយ​សុចរិត អាច​គ្មាន​ឱកាស​នៅក្នុង​ជីវិត​នេះ​ទេ ។ ទាក់ទង​នឹង​រឿង​នេះ អែលឌើរ អាន់ឌើរសិន បាន​បង្រៀន ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

ការមាន​កូន​អាច … ជា​ប្រធានបទ​ដ៏​ឈឺចាប់​មួយ​សម្រាប់​គូ​ស្វាមី​ភរិយា​ដ៏សុចរិត​ដែល​រៀបការ​រួច ហើយ​ដឹង​ថា ពួកគេ​មិន​អាច​មាន​កូន​ដែល​ពួកគេ​បាន​រំពឹង​ទុក​យ៉ាង​អន្ទះសា ឬ​សម្រាប់​ស្វាមី និង​ភរិយា​ដែល​មាន​គម្រោង​ចង់​មាន​គ្រួសារ​ធំ​មួយ ប៉ុន្តែ​ត្រូវបាន​ប្រទាន​ពរ​ឲ្យមាន​គ្រួសារ​តូច​ទៅវិញ ។

យើង​មិន​អាច​ពន្យល់​ពី​ការលំបាក​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​បាន​ជានិច្ច​នោះ​ទេ ។ ពេល​ខ្លះ ជីវិត​ហាក់​ដូចជា​អយុត្តិធម៌​ណាស់—ជាពិសេស​នៅពេល​ដែល​បំណង​ប្រាថ្នា​ដ៏ធំ​បំផុត​របស់​យើង​គឺ ដើម្បី​ធ្វើតាម​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​នោះ​តែម្ដង ។ ក្នុងនាមជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ខ្ញុំ​សូម​ធានា​ប្រាប់​អ្នក​ថា សេចក្ដី​សន្យា​នេះ​គឺ​ប្រាកដ​ជាក់លាក់ ៖ « សមាជិក​ស្មោះត្រង់​ដែល​ស្ថានភាព​របស់​ពួកគេ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច និង​ភាពជា​ឪពុកម្តាយ​នៅក្នុង​ជីវិត​នេះ នឹង​ទទួល​គ្រប់​ពរជ័យ​ដែល​បាន​សន្យា​នៅក្នុង​ភាពដ៏នៅ​អស់កល្ប​ជានិច្ច [ នៅពេល ] ពួកគេ​រក្សា​សេចក្តីសញ្ញា​ទាំងឡាយ ដែលពួកគេ​បាន​ធ្វើ​ជាមួយ​នឹង​ព្រះ » [ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣៨.១.៤ នៅលើ​គេហទំព័រ ChurchofJesusChrist.org ] ។ ( «Children » ទំព័រ ៣០ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ហេតុអ្វី​វា​សំខាន់​ដែល​ស្វាមី និង​ភរិយា​ត្រូវ​ប្រឹក្សា​យោបល់​ជាមួយ​ព្រះវរបិតា​សួគ៌ ទាក់ទង​នឹង​ពេលវេលា​ដែល​ត្រូវ​មាន​កូន និង​ចំនួន​កូន​ប៉ុន្មាន​នាក់ ?

ផ្នែក​ទី ៣

តើ​ការយល់ដឹង​ពី​ភាពពិសិដ្ឋ​នៃ​ជីវិត​នៅក្នុង​ផែនការ​របស់​ព្រះ មាន​ឥទ្ធិពល​លើ​ជម្រើស​របស់​យើង​យ៉ាង​ដូចម្ដេច ?

តាមរយៈ​ព្យាការី​ដែល​នៅរស់ ព្រះអម្ចាស់​បាន​គូស​បញ្ជាក់​ពី​ភាពពិសិដ្ឋ​នៃ​ជីវិត​មនុស្ស និង​អ្វី​ដែល​កូនៗ​ទាំងអស់​មាន​សិទ្ធិ រួមទាំង​អ្នក​ដែល​មិន​ទាន់​កើត​ផងដែរ ៖

យើង​សូម​បញ្ជាក់​នូវ​ការញែកចេញ​ជា​បរិសុទ្ធ​នៃ​ជីវិត និង​សារៈសំខាន់​នៃ​ជីវិត​នៅក្នុង​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះ ។ …

… កូនចៅ​មាន​សិទ្ធិ​នឹង​ទទួល​កំណើត​មក​ក្នុង​ចំណង​នៃ​អាពាហ៍ពិពាហ៍ ហើយ​និង​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ឪពុក​ម្តាយ ដែល​គោរព​ប្រតិបត្តិ​តាម​សច្ចា​នៃ​អាពាហ៍ពិពាហ៍​ដោយ​ស្មោះត្រង់​ទាំងស្រុង ។ ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » )

រូបភាព
ទារក​ម្នាក់​សម្លឹង​មើល​ម្តាយ​របស់​នាង

ទាក់ទង​នឹង​ភាពបរិសុទ្ធ​នៃ​ជីវិត ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

គ្មាន​នរណា​ម្នាក់​អាច​ឱប​ទារក​ដែល​គ្មាន​កំហុស​មួយ មើលទៅ​ភ្នែក​ដ៏ស្រស់ស្អាត​ទាំងនោះ ចាប់​ម្រាមដៃ​តូចៗ​នោះ ហើយ​ថើប​ថ្ពាល់​របស់​ទារក​នោះ ដោយ​គ្មាន​គារវភាព​យ៉ាង​ខ្លាំង​ចំពោះ​ជីវិត និង​ចំពោះ​អង្គ​បង្ក​បង្កើត​របស់​យើង​បាន​ឡើយ ។ ជីវិត​កើតចេញ​ពី​ជីវិត ។ វា​មិនមែន​ចៃដន្យ​នោះ​ទេ ។ វា​ជា​អំណោយទាន​ពី​ព្រះ ។ ( « Abortion: An Assault on the Defenseless » Ensign ខែ តុលា ឆ្នាំ ២០០៨ ទំព័រ ៣៧ )

សេចក្តី​ប្រកាស​នៅក្នុង​ការប្រកាស​អំពី​ក្រុមគ្រួសារ​ថ្លែង​ប្រឆាំង​នឹង​ការអនុវត្ត​ផ្សេងៗ ដែល​ត្រូវបាន​ទទួល​យក​យ៉ាង​ទូលំទូលាយ​នៅ​សព្វថ្ងៃ​នេះ ដូចជា​ការរម្លូត​កូន និង​ការមាន​កូន​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍​ជាដើម ។ ទាក់ទង​នឹង​ការរម្លូត​កូន នៅ​តំបន់​ជាច្រើន​ក្នុង​ពិភពលោក​នេះ ការអនុវត្ត​នេះ​ត្រូវបាន​គេ​ចាត់ទុក​ថា​អាច​ទទួល​យក​បាន ហើយ​មាន​ការរម្លូត​កូន​រាប់​លាន​ដង​ក្នុង​មួយ​ឆ្នាំៗ ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ផ្ដល់​ការណែនាំ​ដូច​ខាងក្រោម​អំពី​ការរម្លូត​កូន ៖

ព្រះអម្ចាស់​បាន​បញ្ជា​ថា « អ្នក​មិន​ត្រូវ​…សម្លាប់​ឲ្យ​សោះ ឬ​ប្រព្រឹត្ត​អំពើ​អ្វី​ដូចនោះ​ឲ្យ​សោះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៦ ) ។ សាសនាចក្រ​ជំទាស់​នឹង​ជម្រើស​នៃ​ការរម្លូត​កូន សម្រាប់​ភាព​ងាយស្រួល​របស់​បុគ្គល ឬ​សង្គម ។ សមាជិក​មិន​ត្រូវ​ចុះចូល ប្រព្រឹត្ត រៀបចំ បង់ថ្លៃ យល់ព្រម ឬ​លើក​ទឹកចិត្ត​ឲ្យមាន​ការរម្លូត​កូន​ឡើយ ។ ករណី​ដែល​អាច​កើត​មាន គឺ​តែ​នៅពេល ៖

  • ការមាន​ផ្ទៃពោះ​ដែល​ជា​លទ្ធផល​មកពី​ការចាប់​រំលោភ​ដោយ​បង្ខំ ឬ​អំពើ​សហាយស្មន់ ។

  • គ្រូពេទ្យ​មាន​សមត្ថភាព​កំណត់​ថា ជីវិត ឬ​សុខភាព​របស់​ម្តាយ​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។

  • គ្រូពេទ្យ​មាន​សមត្ថភាព​កំណត់​ថា គ៌រ​មាន​ការខ្វះខាត​ធ្ងន់ធ្ងរ ដែល​នឹង​មិន​អនុញ្ញាត​ឲ្យ​ទារក​អាច​រស់​បាន​ពេល​កើត​មក ។

សូម្បីតែ​ការលើកលែង​ទាំងនេះ ក៏​មិន​បាន​បង្ហាញ​ពី​ភាពត្រឹមត្រូវ​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​ការរម្លូត​កូន​បាន​ដែរ ។ ការរម្លូត​កូន​គឺជា​បញ្ហា​ដ៏ធ្ងន់ធ្ងរ​បំផុត​មួយ ហើយ​គួរតែ​ត្រូវបាន​ពិចារណា តែ​បន្ទាប់ពី​ពេល​ដែល​បុគ្គល​ដែល​មាន​ទំនួល​ខុសត្រូវ​នោះ បាន​ពិគ្រោះ​ជាមួយនឹង​ប៊ីស្សព​របស់​ពួកគេ ហើយ​ទទួលបាន​ការបញ្ជាក់​ដ៏ទេវភាព តាមរយៈ​ការអធិស្ឋាន​តែ​ប៉ុណ្ណោះ ។ ( ក្បួនខ្នាត​ទូទៅ ៣៨.៦.១ )

ឪពុក​ម្តាយ​ដែល​មិន​បាន​រៀបការ​មួយ​ចំនួន​ជ្រើស​រើស​យក​ការរម្លូត​កូន ពីព្រោះ​ពួកគេ​មាន​អារម្មណ៍​ថា មិន​អាច​ផ្ដល់​ដល់​កូន​របស់​ពួកគេ​នូវ « ទំនាក់ទំនង​ដែល​មាន​សុវត្ថិភាព ប្រកប​ដោយ​ការថែទាំ​បីបាច់ និង​ដ៏​ខ្ជាប់ខ្ជួន » ដែល​កូន​នោះ​ត្រូវការ ។ នៅក្នុង​កាលៈទេសៈ​នេះ ការសុំ​កូន​ចិញ្ចឹម​អាច​ជា « ការសម្រេច​ចិត្ត​មួយ​ដែល​មិន​អាត្មានិមយ និង​ពេញ​ដោយ​សេចក្តី​ស្រឡាញ់ ដែល​ផ្ដល់​ពរជ័យ​ដល់​កូន​នេះ ឪពុក​ម្ដាយ​បង្កើត និង​ឪពុក​ម្តាយ​ចិញ្ចឹម​នៅក្នុង​ជីវិត​នេះ និង​ពេញ​ទាំង​ភាពអស់កល្ប​ជានិច្ច » ( សេចក្ដី​ថ្លែងការណ៍​របស់​គណៈប្រធាន​ទីមួយ ថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០០៦ ដូច​ដែល​បាន​ដកស្រង់​នៅក្នុង Ensign ខែ តុលា ឆ្នាំ ២០០៨ ទំព័រ ៣៧ ) ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ ចេញពី​ការបង្រៀន​នៅក្នុង​ផ្នែក​នេះ​អំពី​ព្រះវរបិតាសួគ៌​របស់​យើង ? តើ​អ្នក​អាច​ប្រើ​អ្វី​ដែល​អ្នក​ដឹង​អំពី​ផែនការ​របស់​ព្រះ ដើម្បី​ពន្យល់​ពី​មូលហេតុ​ដែល « ជម្រើស​នៃ​ការរម្លូត​កូន សម្រាប់​ភាព​ងាយស្រួល​របស់​បុគ្គល ឬ​សង្គម » គឺ​ផ្ទុយ​ពី​ព្រះទ័យ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ? ( ក្បួនខ្នាត​ទូទៅ ៣៨.៦.១ ) ។