ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការស្វែងរក​ក្ដី​សង្ឃឹម​ក្នុង​ពន្លឺ និង​ជីវិត​នៃ​ពិភពលោក


« មេរៀនទី ២៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ការស្វែងរក​ក្ដី​សង្ឃឹម​ក្នុង​ពន្លឺ និង​ជីវិត​នៃ​ពិភពលោក » ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

រូបភាព
ពន្លឺ​នៃ​លោកិយ ដោយ ហូវ៉ឺដ លីយ៉ន

មេរៀន​ទី ២៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការស្វែងរក​ក្ដី​សង្ឃឹម​ក្នុង​ពន្លឺ និង​ជីវិត​នៃ​ពិភពលោក

ទោះជា​យើង​ចង់​ឲ្យ​ជីវិត​របស់​យើង​សប្បាយ​រីករាយ​ក៏​ដោយ ក៏ អារម្មណ៍​នៃ​ភាពងងឹត និង​ភាព​អស់សង្ឃឹម​កើតមាន​ម្តងម្កាល​គឺ​ជារឿង​ធម្មតា​សម្រាប់​យើង​ទាំងអស់​គ្នា ។ អារម្មណ៍​ទាំងនេះ​អាច​មកពី​អំពើបាប ការភ័យខ្លាច ការសង្ស័យ ឬ​ការបាត់បង់ ។ វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង​ប៉ុណ្ណោះ ។ កាល​អ្នក​សិក្សា សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ស្វែងរក​កម្លាំង​នៅក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ « គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្តី​សង្ឃឹម​នៃ​ពិភពលោក » ( « ព្រះ​គ្រីស្ទ ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ផ្នែក​ទី ១

តើ​ពន្លឺ និង​ជីវិត​ព្រះ​យេស៊ូវ​គ្រីស្ទ​ផ្តល់​កម្លាំង​ដល់​ខ្ញុំ​ដោយ​របៀប​ណា ?

អេសាយ​បាន​ព្យាករណ៍​ថា ព្រះ​មែស៊ី​នឹង​ជា​ពន្លឺ​ដល់​ពិភពលោក ( សូមមើល អេសាយ ៤៩:៦; ៦០:១–៣ ) ។ ព្រះយេស៊ូវគ្រីស្ទ​បាន​បញ្ជាក់​ថា ទ្រង់​គឺជា​ព្រះមែស៊ី​ដែល​បាន​ព្យាករណ៍ នៅពេល​ទ្រង់​ប្រកាស​ថា ៖ « ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ ៖ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ( យ៉ូហាន ៨:១២ ) ។

ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​ពន្យល់​ថា ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា ពន្លឺ នៃពិភពលោក ពីព្រោះ​ទ្រង់​គឺជា​ប្រភព​នៃ​ពន្លឺ​ដែល​ជួយ​ពន្លឿន​ការយល់ដឹង​របស់​យើង ពីព្រោះ​ការបង្រៀន​របស់​ទ្រង់ និង​គំរូ​របស់​ទ្រង់​បំភ្លឺ​ផ្លូវ​របស់​យើង ហើយ​ដោយ​សារ​ព្រះចេស្តា​ទ្រង់​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​ធ្វើ​ល្អ ។ ( « The Light and Life of the World » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៦៤ )

នៅពេល​ព្រះ​យេស៊ូវ​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាសន៍​នីហ្វៃ និង​លេមមិន ទ្រង់​បាន​ប្រកាស​ថា « ហើយ​មើល​ចុះ យើង​ជា​ពន្លឺ ហើយ​ជា ជីវិត នៃ​ពិភពលោក » ( នីហ្វៃទី ៣ ១១:១១ បាន​បន្ថែម​ការបញ្ជាក់ សូមមើល​ផងដែរ ម៉ូសាយ ១៦:៩ ) ។ ប្រធាន អូក បាន​មានប្រសាសន៍​ពី​តួនាទី​របស់​ព្រះអង្គសង្រ្គោះ​ដែល​ជា​ជីវិត​នៃ​ពិភពលោក​នេះ ៖

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា ពន្លឺ នៃពិភព​លោក ដោយ​សារតែ​តួនាទី​ដ៏​ពិសេស​របស់ទ្រង់ ដែល​បទគម្ពីរ​ហៅ​ថា « ផែនការ​ដ៏​ធំ ហើយ​អស់​កល្ប​ជានិច្ច នៃ​ការ​រំដោះ​ពី​សេចក្ដី​ស្លាប់ » ( នីហ្វៃទី ២ ១១:៥ ) ។ …

[ ទ្រង់ ] គឺជា ជីវិត នៃ​លោកិយ ដោយសារ​តែ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់ទ្រង់ និង​ដង្វាយធួន​របស់ទ្រង់​ដែល​បាន​សង្គ្រោះ​យើង​ពីការស្លាប់​ទាំង​ខាងរូបកាយ និង​ខាងវិញ្ញាណ ។ ( « The Light and Life of the World » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៦៤, ៦៥ )

រូបភាព
ពន្លឺ​នៃ​ពិភពលោក ដោយ ប្រែន បូរ៉ាប់

ស៊ីស្ទើរ សារ៉ុន អូប៊ែង ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅបាន​ចែកចាយ​បទពិសោធន៍​មួយ​ដែល​បង្ហាញ​ពី​សារៈសំខាន់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុងការ​ធ្វើជា​ពន្លឺ និង​ជា​ជីវិត​របស់​យើង ៖

រូបភាព
ស៊ិស្ទើរ សារ៉ុន អូប៊ែង

ការិយាល័យ​របស់​ខ្ញុំ​នៅ​ក្នុង​អគារ​សមាគម​សង្គ្រោះ​មើល​ឃើញ​ព្រះវិហារបរិសុទ្ធ​សលត៍ លេក​បាន​យ៉ាង​ឥតខ្ចោះ ។ ជារៀង​រាល់យប់ ដូចជា​សព្វដង ពន្លឺ​ភ្លើង​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​បាន​បំភ្លឺ​នៅ​ពេល​ព្រលប់ ។ ព្រះវិហារបរិសុទ្ធ​គឺជា​ពន្លឺ​បំភ្លឺ​យ៉ាង​ខ្ជាប់ខ្ជួន​នៅ​ក្រៅ​បង្អួច​របស់​ខ្ញុំ ។

នៅយប់មួយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅនេះ ពេល​ព្រះអាទិត្យ​លិច​ ក៏នោះការិយាល័យ​របស់​ខ្ញុំ​ងងឹត​ខុសពីធម្មតា ។ ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ​ក្រៅ​បង្អួច ព្រះវិហារបរិសុទ្ធ​ងងឹតឈឹង ។ ពន្លឺ​ពុំ​បាន​បំភ្លឺ​ឡើង​ទេ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ស្រងូត​ស្រងាត់​ភ្លាម ។ ខ្ញុំ​ពុំ​អាច​មើល​ឃើញ​កំពូល​ព្រះវិហារ​បរិសុទ្ធដែល​ខ្ញុំ​ធ្លាប់​បាន​មើល​រាល់​ល្ងាច​អស់​ជាច្រើន​ឆ្នាំ​ទៀត​ឡើយ ។

ដោយ​មើល​ឃើញ​ភាព​ងងឹត​នៅកន្លែង​ដែល​ខ្ញុំ​បាន​រំពឹង​ទុក​ថានឹង​មាន​ពន្លឺ វា​បាន​រំឭក​ខ្ញុំ​ថា សេចក្ដី​ត្រូវការ​ដ៏សំខាន់​មួយ​ដែល​យើង​មាន​ដើម្បី​រីកចម្រើន​គឺ​ការ​បន្តតភ្ជាប់​នឹង​ប្រភព​នៃ​ពន្លឺ​របស់​យើងគឺ—ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​គឺជា​ប្រភព​នៃ​ថាមពល​របស់​យើង ជា​ពន្លឺ និង​ជីវិត​នៃ​ពិភពលោក ។ បើ​គ្មាន​ការ​ភ្ជាប់​ដ៏​រឹងមាំ​ទៅនឹង​ទ្រង់​ទេ នោះ​យើង​ចាប់​ផ្ដើម​ស្លាប់​ខាង​វិញ្ញាណ​ហើយ ។ សូម​ដឹង​ថា សាតាំង​ព្យាយាម​ប្រើ​ប្រាស់​សម្ពាធ​លោកិយ​ដែល​យើង​ទាំងអស់​គ្នា​ប្រឈម​មុខ ។ វា​ខំ​ធ្វើ​ឲ្យ​ពន្លឺ​យើង​ស្រអាប់ ផ្ដាច់​ទំនាក់ទំនង​របស់​យើង កាត់ផ្ដាច់​ការផ្គត់ផ្គង់​ថាមពល ទុក​ឲ្យ​យើង​នៅ​ម្នាក់​ឯង​ក្នុង​ទីងងឹត ។ ( « Christ: The Light That Shines in the Darkness » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ដកពិសោធន៍​នៅក្នុង​ជីវិត​របស់​អ្នក នៅពេល​អ្នក​បានខិតខំ​ដើម្បី​ភ្ជាប់​ទៅនឹង​ពន្លឺ និង​ជីវិត​នៃ​ពិភពលោក​នេះ ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​តំណភ្ជាប់​នោះ​កាន់តែ​រឹងមាំ​ឡើង ?

ផ្នែក​ទី ២

តើ​ការ​ផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ​អាច​នាំ​ក្តី​សង្ឃឹម​ដល់​ខ្ញុំ​ដោយ​របៀប​ណា ?

ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ពន្លឺ និង​ជាជីវិត​នៃ​ពិភពលោក​នេះ​អាច​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​ខ្ញុំ​តាម​របៀប​ជាច្រើន ។ របៀប​មួយ​ក្នុងចំណោម​របៀប​ទាំងនោះ​គឺ​តាមរយៈ​ការផ្តល់​ក្តី​សង្ឃឹម​ដល់​យើង ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ពេលនោះ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈ​ប្រធាន​ទីមួយ​បាន​ពន្យល់​ពី​របៀប​ដែល​ពន្លឺ និង​ជីវិត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នាំមក​នូវ​ក្តី​សង្ឃឹម​ថា ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ពន្លឺ​របស់​ព្រះ​គឺ​មាន​ពិតមែន ។ ពន្លឺ​នេះ​មាន​សម្រាប់​យើង​ទាំងអស់​គ្នា ! ពន្លឺ​នេះ​ផ្តល់​ជីវិត​ដល់​អ្វីៗ​ទាំងអស់ [ សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១១–១៣ ] ។ វា​មាន​អំណាច​ដើម្បី​បង្អន់ទ្រនិច​ឈឺ​ចុកចាប់​នៃ​ដំបៅ​ដ៏​ជ្រៅ ។ វា​អាច​ជា​ប្រេង​លាប​ព្យាបាល​របួស​ដល់​ភាពឯកោ និង​ជំងឺ​នៃ​ដួងចិត្ត​របស់​យើង ។ នៅក្នុង​ស្នាម​នៃ​ការឈឺចាប់ វា​អាច​បណ្ដុះ​ពូជ​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ភ្លឺស្វាង​មួយ ។ ( « ឌៀថើរ អេហ្វ អុជដូហ្វ « The Hope of God’s Light » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៧៥ )

ចេញពី​សេចក្តី​យោង​ដល់​បទគម្ពីរ​ទាំងឡាយ យើង​អាន​ថា « នៅក្នុង​ភាសា​ប្រចាំថ្ងៃ ពាក្យ [ សង្ឃឹម ] ជាញឹកញាប់​មាន​តម្រុយ​នៃ​ភាព​មិនច្បាស់លាស់ ។ ឧទាហរណ៍ យើង​ប្រហែលជា​និយាយ​ថា យើង​សង្ឃឹម​ថា​អាកាសធាតុ​នឹង​ផ្លាស់ប្តូរ ឬ​ថា​មិត្តភក្ដិ​ម្នាក់​នឹង​មក​សួរ​សុខ​ទុក្ខ ។ ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ក្នុង​ភាសា​ដំណឹងល្អ ពាក្យ​ថា សេចក្ដីសង្ឃឹម មាន​ភាពប្រាកដ​ប្រជា មិន​រេរា និង​មាន​ភាពសកម្ម ។ ព្យាការី​ទាំងឡាយ​មាន​ប្រសាសន៍​ពី​ការ​មាន ‹ សេចក្ដី​សង្ឃឹម​យ៉ាង​មាំមួន › ( អាលម៉ា ៣៤:៤១ ) និង ‹ សេចក្ដី​សង្ឃឹម​ដ៏​រស់ › ( ពេត្រុស ទី១ ១:៣ ) » ( សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សង្ឃឹម, សេចក្ដី​សង្ឃឹម » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

រូបភាព
យុវមជ្ឈិមវ័យ​ញញឹម

នៅពេល​អ្នក​គិត​អំពី​ឧបសគ្គ​ដែល​អ្នក​ជួបប្រទះ សូម​ចាំ​ថា ព្យាការី​មរមន​បាន​រស់នៅ​ក្នុង​ថ្ងៃ​មួយ​ដែល​ភាពងងឹត​ខាងវិញ្ញាណ​គ្របដណ្ដប់​លើ​ជីវិត​របស់​សាសន៍​នីហ្វៃ ( សូមមើល មរមន ១–៦ ) ។ ក្នុង​អំឡុងពេល​ដ៏​លំបាក​ទាំងនេះ មរមន​បាន​បង្រៀន​ពី​របៀប​បង្កើន​ក្តី​សង្ឃឹមរ​បស់យើង ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន មរ៉ូណៃ ៧:៤០–៤២ ហើយ​រកមើល​ទំនាក់ទំនង​រវាង​សេចក្តីជំនឿ សង្ឃឹម និង​ដង្វាយធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

សូម​ទុក​ចិត្ត និង មាន​ជំនឿ​ចិត្ត​លើ​ព្រះគ្រីស្ទ ហើយ​ត្រៀម​ខ្លួន​ពឹងផ្អែក​លើ​គុណ​បុណ្យ សេចក្តី​មេត្តាករុណ និង ព្រះគុណ​ដែល​ដឹកនាំ​ទៅរក​សេចក្តីសង្ឃឹម តាមរយៈ​ដង្វាយធួន​របស់​ទ្រង់​នៅ​ក្នុង​ដំណើរ​រស់ឡើង​វិញ និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ( សូមមើល មរ៉ូណៃ ៧:៤១ ) ។ សេចក្តី​ជំនឿ និង សេចក្តី​សង្ឃឹម​បែប​នោះ អញ្ជើញ​ភាពសុខសាន្ត​ដ៏​ផ្អែមល្ហែម​នៃ​សតិសម្បជញ្ញៈ​មក​ក្នុង​ជីវិត​យើង ដែល​យើង​គ្រប់​គ្នា​អន្ទះសារ​ចង់​បាន ។ ( « Therefore They Hushed Their Fears » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៤៧ )

ដូច​ជា​មរមន ព្យាការី​អេធើរ​ក៏​បាន​រស់​នៅ​ក្នុង​ពេល​ដ៏​លំបាក​មួយ​ដែរ ( សូមមើល អេធើរ ១១ ) ។ ហើយ​អេធើរ​ក៏​ដូច​ជា​មរមន​ដែរ​បាន​បង្រៀន​ថា សូម្បី​តែ​ក្នុង​គ្រា​ដ៏​លំបាក​បំផុតក្ដី យើង​អាចនៅតែ​រក​ឃើញ​សេចក្ដី​សង្ឃឹម​លើ​ព្រះយេស៊ូវគ្រីស្ទ​ ។

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន អេធើរ ១២:៤ ហើយ​រកមើល​ថា​តើ​សេចក្ដី​សង្ឃឹម​លើ​ព្រះគ្រីស្ទ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណាទៅ​លើ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។

ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​អានុភាព​នៃ​ក្តីសង្ឃឹម សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម ដោយ​ប្រធាន អុជដូហ្វ ឬ​មើល « The Power of Hope » ( ២:១១ ) ៖

រូបភាព
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

សេចក្តី​សង្ឃឹម​គឺជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ [ សូមមើល មរ៉ូណៃ ៨:២៦ ] ។ …

[ វា​គឺជា ] ការ​មានទំនុក​ចិត្ត​ជានិច្ច​ថា ព្រះអម្ចាស់​នឹង​បំពេញ​តាម​ការសន្យា​របស់​ទ្រង់​ចំពោះ​យើង ។ វា​គឺជា​ទំនុកចិត្ត​ថា បើ​យើង​រស់នៅ​តាម​ច្បាប់​របស់​ព្រះ និង​តាម​ពាក្យ​សម្ដី​នៃ​ពួក​ព្យាការី​ទ្រង់​សព្វ​ថ្ងៃ​នេះ នោះ​យើង​នឹង​ទទួល​បាន​នូវ​ពរជ័យ​ដែល​គួរ​ឲ្យ​ប្រាថ្នា​នៅក្នុង​ពេល​អនាគត ។ វា​គឺជា​ការជឿ និង​ការរំពឹង​ទុក​ថា ការអធិស្ឋាន​របស់​យើង​នឹង​ត្រូវ​ឆ្លើយ​តប ។ វា​បង្ហាញ​ឲ្យ​ឃើញ​ដោយ​ទំនុកចិត្ត សុទិដ្ឋិនិយម ភាពរីករាយ និង​ការតស៊ូ​អត់ធ្មត់ ។ …

មិន​ថា​ជំពូក​ជីវិត​របស់យើង​មើលទៅ​ក្រៀមក្រោះ​យ៉ាងណា​នៅ​សព្វ​ថ្ងៃ​នេះ ដោយសារ​ជីវិត និង​ការពលិកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​មាន​សង្ឃឹម និង​ប្រាកដ​ថា​ទីបញ្ចប់​នៃ​សៀវភៅ​ជីវិត​របស់​យើង​នឹង​លើស​ពី​ការរំពឹងទុក​ដ៏​ធំ​បំផុត​របស់យើង ។ ( « The Infinite Power of Hope » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២១, ២២ )

រូបភាព
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ​ជ្រើសរើស​ដំណើររឿង​មួយ​របស់​អ្នក​ផ្ទាល់ ។ សូម​រកមើល​ភស្តុតាង​ដែល​ថា​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់​អាច​នាំ​យើង​ឲ្យ​មាន​ក្តីសង្ឃឹម ។ សូម​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​ជាមួយ​ថ្នាក់​របស់​អ្នក ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​សេចក្តី​សង្ឃឹម​ចេញពី​វគ្គ​បទគម្ពីរ​នេះ ឬ​សារលិខិត​ដែល​អ្នក​បាន​សិក្សា ? កាល​អ្នក​ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ​នៃ​ក្តីសង្ឃឹម តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​អញ្ជើញ​អំណោយ​នេះ​មក​ក្នុង​ជីវិត​របស់​អ្នក ?