សន្និសីទទូទៅ
ពន្លឺ​នៅ​ជាប់​នឹង​ពន្លឺ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


ពន្លឺ​នៅ​ជាប់​នឹង​ពន្លឺ

នៅពេល​យើង​ពង្រឹង​ជំនឿ​របស់យើង​លើ​ព្រះគ្រីស្ទ​ឲ្យកាន់តែ​ខ្លាំង ​នោះ​យើង​ទទួល​បាន​ពន្លឺ​​កាន់តែ​ខ្លាំងឡើង​​រហូត​ដល់​វាលុប​បំបាត់​ភាពងងឹត ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​រីករាយ​ជាមួយ​បងប្អូន​ថ្ងៃអាទិត្យ​បុណ្យ​អ៊ីស្ទើរ​ដ៏ ពិសិទ្ធ​នេះ​ក្នុង​ការសញ្ជឹង​គិត​អំពី​ពន្លឺ​ដ៏ រុងរឿង​ដែល បាន​រះ នៅ​លើ​ផែនដី​ជា មួយ នឹង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអម្ចាស់ ​ព្រះអង្គ​សង្គ្រោះ​របស់ យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

ក្នុង​អំឡុង​ការបម្រើ​ក្នុងនៃជិវិត​រមែង​ស្លាប់​ ​ព្រះយេស៊ូវ​បាន​ប្រកាស​ថា « ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ។ ព្រះវិញ្ញាណ​នៃ ព្រះគ្រីស្ទ​គឺ ជា « ពន្លឺ​ដែល​នៅ ក្នុង​គ្រប់​ទាំងអស់ [ និង ] ដែល​ផ្ដល់ជីវិត​ដល់គ្រប់​ទាំងអស់ » ។ ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​ឈ្នះ​លើ ភាព​ងងឹត ​បើមិន​ដូច្នេះទេ​វា​នឹង​រុំព័ទ្ធ​ជុំវិញ​យើងហើយ ។

ជា​ច្រើន​ឆ្នាំ​កន្លងទៅ​នៅ ក្នុង​ដំណើរ​ផ្សង ព្រេង កូនប្រុស​ពីរនាក់​របស់ ខ្ញុំ និង​ខ្ញុំ​បាន​នាំ​ក្រុម​យុវជន​ទៅ​រូង​ភ្នំ ម៉ៅនីង ខេវីន ដែលត្រូវ​បានគេ​ដាក់​ឈ្មោះថា​មាន​សំឡេងមួយ​ដែល​បន្លឺ​ចេញ​ពីមាត់​ល្អាង​នោះ ។ រូងភ្នំ​នេះ​គឺជា​រូងភ្នំ​ដែលមាន​ផ្លូវ​ដ៏តូច​ចង្អៀត​ មានជម្រៅ​បញ្ឍរ​ប្រហែល​៥៥ ម៉ែត្រ​ចុះក្រោម ដែលជា​រូង​គុហា​តែមួយ​ធំជាង​គេបំផុត​នៅរដ្ឋ​កាលីហ្វ័រញ៉ា ។

រូបភាព
រូងភ្នំ ម៉ៅនីង ខេវីន

វិធី​មាន​តែ​ពីរគត់​ដែល​អាច​ចុះ​ទៅ​ក្រោម​បាន ៖ ​តាម​ជណ្ដើរ​រាង​ជា​រង្វង់​ដែល​មាន​សុវត្ថិភាព ឬ​តោង​ខ្សែ​ពួរ​ចុះ​ទៅ​ដល់​បាត​រូងភ្នំ ​ដូច្នេះ​កូនប្រុស​ទាំង​ពីរ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ជ្រើសរើស​ចុះតាម​ខ្សែ​ពួរ ។ កូន​ប្រុស​ច្បង​របស់​ខ្ញុំ​បាន​ចុះ​ទៅ​មុន​គេ ​ខណៈពេល​ដែល​ខ្ញុំ និង​កូន​ពៅ​របស់​ខ្ញុំ​បាន​សម្រេច​ចុះ​ក្រោយ​គេ​ដើម្បី​យើង​អាច​ចុះ​ជាមួយគ្នា ។

បន្ទាប់​ពី​អ្នក​មគ្គុទេសក៍​របស់​យើង​បាន​ណែនាំ និង​ធានា​សុវត្ថិភាព​ដល់​យើង​ដោយ​ប្រើ​ខ្សែពួរ និង​ខ្សែក្រវ៉ាត់​ទៅនឹង​ខ្សែពួរ​ដ៏​រឹងមាំ​មួយ នោះ​យើង​បាន​ដើរ​ថយ​ក្រោយ​រហូត​ទាល់​តែ​យើង​បាន​ឈរ​នៅលើ​គែមខ្ពស់​តូចមួយ​ ហើយ​ប្រមូល​នូវ​ទំនុកចិត្ត​របស់​យើង​ ព្រោះ​នេះ​គឺជា​កន្លែង​ចុងក្រោយ​ដើម្បី​ថយ និង​ជាកន្លែង​ចុងក្រោយ​ដែលយើង​អាច​មើលឃើញ ពន្លឺ​ព្រះអាទិត្យ​ចេញពី​មាត់​រូងភ្នំនេះ ។

បន្ទាប់​មក យើង​បាន​ឈាន​ថយ​ក្រោយ​ចុះ​ចូល​ទៅ​ក្នុង​រូង​គុហា​មួយ​ដែល​ខ្ពស់ និង​ធំ​ទូលាយ​ដែល​វា​អាច​លេប​រូបសំណាក​សេរីភាព​ទាំង​មូល យ៉ាង​ងាយ ។ យើង​បាន​សម្រូត​ចុះ​យឺតៗ ​ភ្នែក​របស់​យើង​បាន​សម្រប​ទៅ​នឹង​ភាពងងឹត​​នៅ​ទី​នោះ ។ កាលយើង​បន្ត​សម្រូត​ចុះមកក្រោម​តិចៗ ​ពន្លឺ​នៃ​អំពូល​ភ្លើង​អគ្គិសនី​បាន​បំភ្លឺ​ជញ្ជាំងថ្ម​កញ្ចក់​​ដី​ក្នុង​រូងភ្នំ និង​រ៉ែ​ដែល​កើតឡើង​នៅលើ​ដំបូលនៃ​រូងភ្នំ ។

ដោយ​មិន​បានដឹងមុន ​ស្រាប់តែ​ភ្លើងដាច់​ងងឹតឈឹង​ ។ កាល​ព្យួរ​ខ្លួន​នៅលើ​ទីជ្រៅ​បំផុត ​យើង​បាន​ព័ទ្ធ​ជុំវិញ​ទៅដោយ​ភាពងងឹត​យ៉ាងខ្លាំង​រហូត​ដល់យើង​មិនអាច​មើលឃើញ​ដៃយើង​ដែលកាន់​ខ្សែពួរ​នៅ​ចំពោះមុខ​យើង​ឡើយ ។ សំឡេង​មួយ​បន្លឺ​ឡើង​ភ្លាមៗថា « ប៉ា​ប៉ា នៅ​ឯ​ណា ? »

ខ្ញុំ​បាន​ឆ្លើយ​តប​វិញ​ថា ​« ប៉ា​នៅ​ទីនេះ​កូន​ប្រុស ​ប៉ា​នៅ​ទីនេះ​ទេ » ។

ការបាត់​បង់​ពន្លឺ​ដែល​មិន​បាន​រំពឹង​ទុក​ ​បង្ហាញ​ថា​បើ​គ្មាន​ភ្លើង​អគ្គិសនី​ទេ​ ភាពងងឹត​ក្នុង​រូងភ្នំ​នោះ គឺ​មើល​មិន​ឃើញ​ឡើយ ។ ពិត​ណាស់​យើង « បាន​ធ្លាក់​ចូល​ក្នុង »​ភាព​ងងឹត ។ នៅ​ពេល​ពន្លឺ ត្រឡប់​មក​វិញ នោះ​ភាពងងឹត​បាន​បាត់​ភ្លាម ភាពងងឹត​តែងតែ​ចុះ​ចាញ់​ពន្លឺ​ជា​និច្ច ​សូម្បី​តែ​ពន្លឺ​ដែល​តិច​បំផុត​ក្តី ។ កូន​ប្រុស​ខ្ញុំ និង​ខ្ញុំ​បាន​ចងចាំ​អំពី​ភាពងងឹត​ដែល​យើង​មិន​ធ្លាប់​ស្គាល់ កាន់​តែ​ដឹង​គុណ​ចំពោះ​ពន្លឺ​ហើយ​ធានា​ថា​យើង​មិន​នៅ​ម្នាក់ឯង​ក្នុងទី​ងងឹត​ទេ ។

ការ​ចុះ​ទៅ​ក្នុង​រូងភ្នំ​របស់​យើង​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ដំណើរ​ជីវិត​របស់​យើង​ក្នុង​ជីវិត​រមែងស្លាប់​នេះ ។ យើង​បាន​ចាកចេញ​ពី​ពន្លឺ​ដ៏​រុងរឿង​នៃ​ស្ថានសួគ៌ ​ហើយចុះ​មក​តាមរយៈ​វាំងនន​នៃការភ្លេចភ្លាំង​ទៅ​ពិភពលោក​ដែលជា​កម្មវត្ថុ​នៃ​អំពើបាប និង​អំពើអាក្រក់ ។ ព្រះវរបិតាសួគ៌​របស់​យើង​មិន​បាន​បោះបង់​យើង​ចោល​ក្នុង ភាពងងឹត ទេ ប៉ុន្តែ​បាន​ការសន្យា ថា​នឹង​ផ្តល់​ពន្លឺ ដល់​យើង​សម្រាប់​ដំណើរ​របស់​យើង​តាមរយៈ​ព្រះរាជបុត្រា​ស្ងួនភ្ងា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

យើង​ដឹងថា​ពន្លឺ​ព្រះអាទិត្យ​មាន​សារសំខាន់​សម្រាប់​ជីវិត​នៅ​លើ​ផែនដី ។ អ្វី​ដែល​សំខាន់​ដូច​គ្នា​ចំពោះ​ជីវិត​ខាងវិញ្ញាណ​របស់​យើង​គឺ​ពន្លឺ​ដែល​ចែងចាំង​មក​ពី​ព្រះអង្គសង្រ្គោះ​របស់​យើង ។ នៅ​ក្នុង​សេចក្តី​ស្រឡាញ់​ដ៏​ល្អ​ឥតខ្ចោះ​របស់​ទ្រង់ ព្រះ​អម្ចាស់ ទ្រង់​ប្រទាន​ពន្លឺ​របស់​ព្រះគ្រីស្ទ​ដល់​មនុស្ស​ទាំងអស់ ​« ដែល​កើត​មក​ក្នុង​លោកិយ »ដើម្បីឲ្យ​ពួកគេ​អាច ​« ដឹង​ខុស និង​ត្រូវ »​ដើម្បី​ត្រូវ​បាន​បំផុស​ « ឲ្យ​ធ្វើ​ល្អ​ឥត​ឈប់​ឈរ » ។​​ ពន្លឺ​នោះ​បង្ហាញ​ខ្លួន​តាម​រយៈ​អ្វីដែល​យើង​ច្រើនតែ​ហៅថា​មនសិការ​ដែល​អញ្ជើញ​យើង​ឲ្យ​ធ្វើ និង​កាន់​តែល្អ​ប្រសើរ​ ធ្វើជា​មនុស្ស​ល្អបំផុត​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ។

នៅ​ពេល​យើង​ពង្រឹង​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ​ឲ្យ​កាន់​តែ​ខ្លាំង​នោះ​យើង​ទទួល​បាន​ពន្លឺ​​កាន់​តែ​ខ្លាំងឡើង​រហូត​ដល់​វា​លុប​បំបាត់​ភាពងងឹត​ទាំង​អស់​ដែល​អាច​រុំព័ទ្ធ​ជុំវិញ​ខ្លួនយើង ។ « អ្វី​ដែល​មក​ពី​ព្រះ ជា​ពន្លឺ ហើយ​អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយនៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ » ។

ពន្លឺ​របស់​ព្រះគ្រីស្ទ​​រៀបចំ​យើង​ដើម្បី​ទទួល​ឥទ្ធិពល​នៃ​ការងារបម្រើ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ​ដែលជា​ « ព្រះ​ចេស្ដា​នៃ​ព្រះ…នៃ​សេចក្តី​ពិត​នៃ​ដំណឹង​ល្អ » ។ សមាជិក​ទីបី​នៃ​ក្រុមព្រះ​គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ ​« តែ​មាន​រូប​ជា​ព្រះ​វិញ្ញាណ​វិញ » ។ ប្រភព​ពន្លឺដ៏​អស្ចារ្យ​​ដែល​ព្រះវរបិតាសួគ៌​ផ្ដល់​ដល់​បងប្អូន​ក្នុង​ជីវិត​រមែងស្លាប់ ​គឺបាន​មក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដ៏​មាន​ឥទ្ធិពល « ដែល​នឹង​បំភ្លឺ​គំនិត​របស់​អ្នក ដែល​ [ នឹង ] ​បំពេញ​ព្រលឹង​របស់​អ្នក​ដោយ​​អំណរ » ។

នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព​ដែលបាន​ស្ដារ​ឡើងវិញ ​បងប្អូន​ត្រូវបាន​ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់​បាប ។ បន្ទាប់​មក​ជា​ការដាក់​ដៃ​លើ​ក្បាល​របស់​បងប្អូន និង​ដោយ ​« អំណោយទាន​ដែល​ពុំ​អាច​ប្រាប់​បាន » ១០ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែលបាន​ប្រទាន​ឲ្យ​ដល់​បង​ប្អូន ។

នៅ​ពេល​បំណង​ប្រាថ្នា និង​សកម្មភាព​របស់​បងប្អូន​ផ្តោត​ទៅលើ​ផ្លូវនៃ​សេចក្ដីសញ្ញា​ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែលជា​ពន្លឺ​នៅក្នុង​ខ្លួន​បងប្អូន​នឹងបង្ហាញ និង​ថ្លែង​ទីបន្ទាល់​ពី​សេចក្តីពិត ១១ព្រមាន​ពី​គ្រោះថ្នាក់ ​ការលួងលោម១២និង​សម្អាត​១៣និង​ផ្តល់​នូវ​សេចក្តី​សុខសាន្ត​១៤ដល់​ព្រលឹង​របស់​បងប្អូន ។

ពីព្រោះ​ « ពន្លឺ​នៅ​ជាប់​នឹង​ពន្លឺ១៥ភាពជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​បងប្អូន​ឲ្យ​ជ្រើសរើស ​ដែលនឹង​ជួយ​បងប្អូន​ឲ្យនៅ​ក្នុងពន្លឺ តែ​ការជ្រើសរើស​ដែល​ធ្វើ​ដោយ​គ្មាន​ឥទ្ធិពល​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹងនាំ​បងប្អូន​ទៅរក​ស្រមោល និង​ភាពងងឹត ។ អែលឌើរ រ៉ូបឺត ឌី ហែល បាន​បង្រៀន ​« នៅ​ពេល​មាន​ពន្លឺ នោះ​ភាពងងឹត​ត្រូវតែ​បរាជ័យ ​ហើយ​ត្រូវតែ​រលាយ​បាត់ទៅ ។… នៅ​ពេល​ដែល​ពន្លឺ​ខាងវិញ្ញាណ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​វត្តមាន ​នោះ​ភាពងងឹត​របស់​សាតាំង​នឹង​ចាកចេញ​ទៅ » ។១៦

ខ្ញុំ​សូម​ផ្តល់​យោបល់​ថា ​នេះ​គឺជា​ពេលវេលា​ដែល​ត្រូវសួរ​ខ្លួន​ឯងថា​ ៖ ​តើ​ខ្ញុំមាន​ពន្លឺ​នោះ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ដែរ​ឬទេ ? បើ​មិន​ដូច្នោះ​ទេ តើ​ពេលណា​ដែល​ជា​ពេល​ចុង​ក្រោយ​ដែល​ខ្ញុំ​បាន​មាន​ពន្លឺ​នោះ ?

ដូច​ពន្លឺ​ព្រះអាទិត្យ​ស្រោចស្រពទៅ​ផែនដី​ដើម្បី​បន្ត និង​ទ្រទ្រង់​ដល់​ជីវិត​ប្រចាំថ្ងៃ​ បងប្អូន​អាច​បំភ្លឺពន្លឺ​​នៅក្នុង​ខ្លួន​នៅពេល​បងប្អូន​ជ្រើសរើស​ដើរតាម​ទ្រង់—ព្រះយេស៊ូវគ្រីស្ទ ។

កាំរស្មី​ពន្លឺ​ត្រូវបានភ្លឺ​បន្ថែម​រាល់ពេល​ដែល​បងប្អូន​ស្វែងរក​ព្រះ​ដោយ​ការអធិស្ឋាន សិក្សា​បទគម្ពីរ​ដើម្បី « ស្តាប់​ទ្រង់ »១៧ធ្វើ​តាម​ការណែនាំ និង​វិវរណៈ​របស់​ពួកព្យាការី​ដែល​កំពុង​រស់នៅ និង​ « ដើរ​តាម​របៀប​ទាំង​អស់​នៃ​ព្រះ​អម្ចាស់ ។ »១៨

បងប្អូន​នឹងអញ្ជើញ​ពន្លឺ​ខាង​វិញ្ញាណ​ឲ្យ​ចូល​ក្នុង​ព្រលឹង និង​ភាពសុខសាន្ត​មក​ក្នុង​ជីវិត​រាល់​ពេល​ដែល​បងប្អូន​ប្រែចិត្ត ។ នៅ​ពេល​បងប្អូន​ទទួលទាន​សាក្រាម៉ង់​រាល់សប្តាហ៍​ដើម្បី​យក​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​មក​ដាក់លើ​ខ្លួន ​ដើម្បី​នឹក​ចាំ​ទ្រង់​ជានិច្ច ​ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់​ នោះ​ពន្លឺ​របស់​ទ្រង់​នឹង​ភ្លឺចែងចាំង​ក្នុង​បងប្អូន ។

មាន​ពន្លឺ​​នៅក្នុង​ព្រលឹង​បងប្អូន​ រាល់ពេល​ដែល​បងប្អូន​ចែកចាយ​ដំណឹងល្អ និង​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន ។ រាល់ពេល​ដែល​បងប្អូន​បម្រើ​គ្នា​ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បានធ្វើ​ នោះ​បងប្អូន​នឹង​ទទួល​អារម្មណ៍​កក់ក្តៅ​ក្នុងចិត្ត​ពីទ្រង់ ។ ពន្លឺ​របស់​ព្រះវរបិតាសួគ៌​តែងតែ​ស្ថិតនៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ និង​នៅលើ​អស់អ្នក​ដែលមាន​វត្តមាន​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។ ពន្លឺ​របស់​ទ្រង់​នៅក្នុង​បងប្អូន​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​មួយ​នឹង​ទង្វើ​នៃ​សេចក្តីសប្បុរស អត់ធ្មត់​ អភ័យទោស​ សប្បុរសធម៌ និង​បង្ហាញ​នៅ​ក្នុង​ទឹកមុខ​រីករាយ​របស់​បងប្អូន ។ ហើយ​ម៉្យាង​វិញទៀត ​យើង​ធ្វើតាម​ការ​ល្បួង ​នៅពេល​យើង​ឆាប់​ខឹង ឬ​យឺត​យ៉ាវ​ក្នុង​ការអត់ទោស​ឲ្យ​អ្នកដទៃ ។ « នៅពេល​បងប្អូន​បែរមុខ​ឆ្ពោះ​ទៅរក​ពន្លឺ​ព្រះអាទិត្យ​ នោះ​ស្រមោល​មិនអាចនៅ​ពីមុខទេ ​ប៉ុន្តែ​ត្រូវ​នៅពី​ក្រោយ​បងប្អូន​វិញ ។១៩

នៅ​ពេល​បងប្អូន​រស់នៅ​ក្នុង​ភាព​ស័ក្ដិសម​ទៅនឹង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះបងប្អូន​ពិតជា ​« បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​ដើម្បី​ទទួល​បាន​វិវរណៈ » ។២០

ជីវិត​ពោរពេញ​ទៅដោយ​បញ្ហា​ដែល​ត្រូវ​ប្រឈមមុខ និង​ឧបសគ្គ​ដែល​រារាំង​យើង ហើយ​​យើង​ទាំងអស់​គ្នាត្រូវ​ប្រឈមមុខ​នឹង​ថ្ងៃ​ដែល​ងងឹត និងព្យុះភ្លៀង​ផងដែរ ។ ​ប្រសិនបើ​យើង ​« ទុកឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់យើង »២១នោះ​ពន្លឺ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញថា​ ជីវិត​​មាន​គោលបំណង និង​អត្ថន័យ​នៅក្នុង​ការសាក​ង​របស់​យើង នៅទី​បំផុត​ ការសាកល្បង​ទាំងនោះ​នឹង​បំលែង​យើងឲ្យ​ទៅ​ជាមនុស្ស​កាន់​តែ​ល្អ​ប្រសើរ​ មាន​ជំនឿ​​មុតមាំ និង​មាន​សេចក្តីសង្ឃឹម​កាន់តែ​ភ្លឺស្វាង​នៅក្នុង​ព្រះគ្រីស្ទ​ ដោយ​ដឹងថា​ព្រះអម្ចាស់​គង់នៅ​ជាមួយ​យើង​គ្រប់ពេល​វេលា ។ ដូច​ប្រធាន រ័សុល អិម​ណិលសុន​បាន​ទូន្មានថា​ « កាលណា​ភាពងងឹត​​មក​ជាមួយ​នឹង​ការ​ឈឺចាប់​ដ៏​ខ្លាំងកើតមាន​កាន់តែច្រើន នោះធ្វើ​ឲ្យ​ពន្លឺ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ភ្លឺ​កាន់តែ​ចែងចាំង » ។២២

រដូវ​កាល​នៃ​ជីវិត​របស់​យើង​អាចនាំ​យើង​ទៅ​កន្លែង​ដែល​មិននឹក​ស្មានដល់ និង​មិន​ចង់បាន​ឡើយ ។ ប្រសិន​បើ​អំពើ​បាប​បាន​ដឹកនាំ​បងប្អូន​ទៅដល់​ទីនោះ​ សូម​បើក​វាំងនន​នៃ​ភាពងងឹត​ចេញ ​ហើយ​ចាប់ផ្តើម​ឥឡូវនេះ​ដើម្បី​ចូល​ទៅជួប​ព្រះវរបិតាសួគ៌​របស់​បងប្អូន​ដោយ​បន្ទាបខ្លួន ដោយ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ​ហើយ​ប្រែចិត្ត ។ ទ្រង់​នឹង​ស្តាប់ឮ​ការអធិស្ឋាន​ដោយ​អស់ពី​ចិត្ត​របស់បងប្អូន ។ សូម​មាន​ភាពក្លាហាន​នៅ​ថ្ងៃនេះ​ដើម្បី « ​ខិត​ទៅជិត [ ទ្រង់ ] ហើយ [ ទ្រង់ ] នឹង​ខិត​មកជិត​អ្នក​រាល់គ្នា » ។២៣ បងប្អូន​នឹង​ទៅ​មិន​ហួស​ពី​អំណាច​នៃ​ការ​ព្យាបាល​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។

ខ្ញុំ​មាន​ឪពុក​ម្តាយ​ល្អ និង​មាន​បុព្វការីជន​ស្មោះត្រង់​ដែល​បាន​ឆ្លើយតប​នឹង​ពន្លឺ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ​ដែល​ប្រទាន​ពរដល់​ជីវិត​របស់​ពួកគេ និង​ជំនាន់​ដែល​បាន​ធ្វើតាម​ដោយ​កម្លាំង​ខាងវិញ្ញាណ ។ ឪពុក​ខ្ញុំ​តែងតែ​និយាយ​អំពី​ឪពុក​គាត់​ ម៉ៃលូ​ ធី​ឌីឆេស និងបាន​ចែកចាយ​ពីរបៀប​ដែល​ជំនឿ​របស់​គាត់​ទៅលើព្រះ​ជា​ពន្លឺ​ដល់​ឪពុក​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ ។ លោកតា​ជាអ្នក​​អនុរក្ស​ព្រៃឈើ​ហើយ​ជារឿយៗ​តែងតែ​ជិះ​ម្នាក់ឯង​នៅលើភ្នំ​ដោយ​ដាក់ជីវិត​គាត់​ដោយ​គ្មាន​ការសង្ស័យ​ចំពោះ​ការណែនាំ និងការមើលថែពី​ព្រះ ។

កាល​ពី​ចុង​ខែ​រដូវ​រងារ​មុន ​លោកតា​បាននៅ​តែ​ម្នាក់ឯង​នៅលើ​ភ្នំខ្ពស់ៗ ។ អាកាសធាតុ​នៃ​រដូវ​រងារ​បាន​ចូល​មក​ដល់ ជា ពេល​ដែល​គាត់​បាន​ជិះ​សេះ ដែល​គាត់​ចូល ចិត្ត​ឈ្មោះ អូល​ព្រីន​ ហើយ​បាន​ជិះ​ទៅ​រោង​អារឈើ មួយ​ដើម្បី​ថ្លឹង និង​វាស់វែង​ឈើ​ មុន ពេល​គេ​អារ​ដើម​ឈើ​នោះ ទៅ ជា​បន្ទះៗ។

នៅ​ពេល​ព្រលប់គាត់​បាន​បញ្ចប់​ការងារ ​ហើយ​បាន​ជិះសេះ​ត្រឡប់​មកវិ​ញ ។ នៅ​ពេល​នោះ​សីតុណ្ហភាព​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ហើយ​ព្យុះទឹកកក​ដ៏​កាច​សាហាវ​កំពុង​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ភ្នំ ។ ដោយ​គ្មាន​ពន្លឺ ឬ​ផ្លូវ​ដើម្បី​ដឹកនាំ​នោះ​គាត់​បាន​បង្វែរ​សេះ​របស់​គាត់​ទៅ​តាម​ទិសដៅ​ដែល​គាត់​គិត​ថា​នឹង​នាំ​ពួកគេ​ត្រឡប់​ទៅ​ស្ថានីយ៍​អនុរក្ស​វិញ ។

រូបភាព
ម៉ៃលូ​ ឌីឆេស​ ធ្វើ​ដំណើរ​ក្នុង​ព្យុះ

បន្ទាប់​ពី​ធ្វើ​ដំណើរបាន​ប៉ុន្មាន​គីឡូមែត្រ​នៅក្នុង​ទីងងឹត ​ព្រីន​ក៏បាន​បន្ថយល្បឿន​បន្ទាប់​មក​ក៏បាន​ឈប់ ។ លោកតា​បាន​ជម្រុញ​ឲ្យ​ព្រីន​ធ្វើ​បន្ត​ដំណើរ​ឆ្ពោះ​ទៅមុខ ​ប៉ុន្តែ​សេះនោះ​ពុំ​ព្រម​ទៅឡើយ ។ ដោយ​មិន​អាច​មើលឃើញ​ព្រោះ​មាន​ព្រិល​ធ្លាក់ចុះ​មក​ច្រើនខ្លាំង​ពេក​នៅជុំវិញ​ខ្លួន នោះ​​លោកតា​ដឹងថា​គាត់​ត្រូវការ​ជំនួយ​មកពី​ព្រះ ។ ដូច​ដែល​គាត់​បានធ្វើ​អស់​ពេញមួយ​ជីវិត​របស់គាត់ ​នោះ​គាត់​បន្ទាប​ខ្លួន​« បាន​[ សូម ] ​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ » ។២៤ សំឡេង​តូច​រហៀងៗ​បាន​ឆ្លើយ​ឡើង ​« ម៉ៃលូ ​បន្ធូរខ្សែ​កងក្រវិល​នៅលើ​ច្រមុះ​ព្រីន » ។ លោកតា​បាន​ធ្វើតាម ហើយ​នៅពេល​ដែល​គាត់​បន្ធូរខ្សែ​​ ព្រីន​បានបែរក្បាល​បកក្រោយ និង​បានដើរ​ជាមួយ​ជំហាន​ធ្ងន់​យឺតៗ​នៅក្នុង​ទិសដៅ​ផ្សេង ។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ព្រីន​បាន​ឈប់​ម្តងទៀត ​ហើយ​បន្ទាប​ក្បាល​របស់​វាចុះ ។ តាមរយៈ​ការធ្វើដំណើរ​លើ​​ព្រិល​​លោកតា​បាន​ឃើញថា ​ពួកគេ​បានទៅ​ដល់​ច្រក​ទ្វារ​ស្ថានីយ៍​អនុរក្ស​ដោយ​សុវត្ថិភាព ។

នៅពេល​ព្រឹក​ លោកតា​បាន​ត្រឡប់​មកមើល​តាម​ផ្លូវ​ដែល​ព្រីន​​មិនព្រម​ដើរទៅមុខ​នៅក្នុង​ព្រិលនោះ ។ លោកតា​បាន​ដកដង្ហើម​ធំ ​នៅពេល​គាត់​ឃើញថា​កន្លែង​ដែល​គាត់​បាន​បន្ធូរខ្សែ​ក្រវិលច្រមុះ​ឲ្យ​ព្រីន ៖ ​វាគឺជា​​ច្រាំង​ថ្មភ្នំជម្រាល​ដ៏​ខ្ពស់​​ ហើយ​តែមួយ​ជំហាន​ទៀត វា​អាចនឹង​​ធ្លាក់ចុះ​ទាំងសេះ និង​អ្នកជិះ​ ដែល​បណ្ដាល​ឲ្យ​ស្លាប់បាន​ដោយ​ផ្ទាំង​ថ្មរដុប​នៅខាង​ក្រោមនោះ ។

ដោយ​ផ្អែកលើ​បទពិសោធន៍​នោះ និង​បទពិសោធន៍​ជាច្រើន​ទៀត​ លោកតា​បាន​ផ្តល់​ដំបូន្មានថា ​« ដៃគូ​ដ៏ល្អ​ និង​អស្ចារ្យ​បំផុត ​ដែល​បងប្អូន​នឹង​មាន​គឺ​ព្រះវរបិតា​របស់​បងប្អូន​នៅឯ​នគរ​ឋានសួគ៌ » ។ នៅពេល​ដែល​ឪពុក​ខ្ញុំ​និយាយ​រឿង​​លោកតា ខ្ញុំ​ចាំ បាន​ថា គាត់​បាន​ដកស្រង់​ចេញពី​បទគម្ពីរ​ថា ៖ ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។

« ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។

« ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ។២៥

រូបភាព
ព្រះអង្គសង្រ្គោះ កាន់​ចង្រៀង​ភ្លើង​ទៀន

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ពន្លឺ​អស់កល្ប​អស់​កាល​ជានិច្ច​ថា​ជា « ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត » ។២៦ គ្មាន​ភាពងងឹត​ណា​ដែលអាច​​បង្ក្រាប ពន្លត់ ​យកឈ្នះ ឬ​កម្ចាត់​ពន្លឺនោះ​បានឡើយ ។ ព្រះវរបិតាសួគ៌​របស់​យើង​ប្រទាន​ពន្លឺនោះ​ដល់​បងប្អូន​ដោយ​មិន​គិត​ថ្លៃ ។​ បងប្អូន​ពុំ​​នៅ​ឯកោ​ឡើយ ។ ទ្រង់​ឮ ហើយ​ឆ្លើយ​តប​រាល់​ការអធិស្ឋាន ។ ទ្រង់​ដែល​បាន​ « ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់ » ។២៧ នៅ​ពេល​បងប្អូន​សួរ​ថា « ព្រះវរបិតា ព្រះវរបិតា តើ​ទ្រង់​គង់​នៅ​ទីនោះ​ឬ ? » ទ្រង់​នឹង​ឆ្លើយ​តប​ជានិច្ច​ថា « យើង​គង់នៅទីនេះ បុត្រសម្លាញ់ យើង​គង់នៅ​ទីនេះ » ។

ខ្ញុំសូម​ថ្លែង​ជាសាក្សីថា ​ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដោយ​ធ្វើជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង​២៨ទ្រង់​គឺជា​ពន្លឺ​ជីវិត និងជា​ផ្លូវ​របស់យើង ។ ពន្លឺ​របស់​ទ្រង់​នឹង​មិន​ងងឹតទេ​២៩សិរី​រុងរឿង​របស់​ព្រះអង្គ​នឹង​នៅ​ស្ថិតស្ថេរ​ឥត​ឈប់ឈរ ​សេចក្តី​ស្រឡាញ់​របស់ទ្រង់​ចំពោះ​បងប្អូន​គឺនៅ​អស់កល្ប​ជានិច្ច—ទោះ​ពី​ថ្ងៃ​ម្សិល​ថ្ងៃ​នេះ និង​រហូត​ត​ទៅ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕