សន្និសីទទូទៅ
ការពារ​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​បំផុស​គំនិត​ដោយ​ព្រះ​របស់​យើង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


ការពារ​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​បំផុស​គំនិត​ដោយ​ព្រះ​របស់​យើង

ជំនឿ​របស់​យើង​លើ​ការ​បំផុស​គំនិត​ដ៏ទេវភាព​ផ្ដល់​ឲ្យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នូវ​ការទទួល​ខុសត្រូវ​ដ៏​ពិសេស​មួយ​ដើម្បី​គាំទ្រ និង​ការពារ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក និង​គោលការណ៏​នៃ​រដ្ឋធម្មនុញ្ញ។

នៅក្នុង​គ្រា​ដ៏​លំបាក​នេះ ខ្ញុំ​មាន​អារម្មណ៍​ចង់​និយាយ​អំពី​រដ្ឋ​ធម្មនុញ្ញ​ដ៏​បំផុស​គំនិត​របស់​សហរដ្ឋ​អាមេរិក ។ រដ្ឋធម្មនុញ្ញ​នេះមាន​សារៈសំខាន់​ជា​ពិសេស​ចំពោះ​សមាជិក​របស់​យើង​នៅក្នុង​សហរដ្ឋ​អាមេរិក​នេះ ប៉ុន្តែ​វា​ក៏ជា​កេរដំណែល​រួម​មួយ​នៃ​រដ្ឋធម្មនុញ្ញ​នៅជុំវិញ​ពិភពលោក​ផងដែរ ។

I.

រដ្ឋធម្មនុញ្ញ​គឺជា​មូលដ្ឋាន​គ្រឹះ​របស់​រដ្ឋាភិបាល ។ វា​ផ្តល់​ជា​រចនាសម្ព័ន្ធ និង​ដែន​កំណត់​ចំពោះ​ការ​អនុវត្ត​អំណាច​របស់​រដ្ឋាភិបាល ។ រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​គឺជា​រដ្ឋធម្មនុញ្ញ​លាយលក្ខណ៍​អក្សរ​ដែល​មាន​វ័យចំណាស់​ជាងគេ ដែល​​មាន​ជា​ធរមាន​នៅ​សព្វថ្ងៃ​នេះ ។ ទោះជា​ដើម​ឡើយ​មាន​តែ​ប្រទេសអាណានិគម​មួយ​ចំនួន​តូច​ធ្វើតាម​ក្តី ក៏​មិន​យូរ​ប៉ុន្មាន រដ្ឋធម្មនុញ្ញ​នេះ​ក្លាយ​ជា​គំរូ​ទូទាំង​ពិភព​លោក​ដែរ ។ នៅ​សព្វថ្ងៃនេះ គ្រប់​ប្រទេស​ទាំងអស់​បាន​យកលំនាំ​តាម​រដ្ឋធម្មនុញ្ញ​ជាលាយ​លក្ខណ៍​អក្សរ​នេះ លើកលែង​តែ​បី​ប្រទេស​ប៉ុណ្ណោះ​ដែល​មិន​បាន​យកលំនាំ​តាម ។

នៅក្នុង​សុន្ទរកថា​នេះ ខ្ញុំ​មិនមែននិយាយ​គាំទ្រ​បក្ស​នយោបាយ ឬ​ក្រុម​ណា​មួយ​ឡើយ ។ ខ្ញុំ​និយាយ​គាំទ្រ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក ដែល​ខ្ញុំ​បាន​សិក្សា​អស់ជាង ៦០ ឆ្នាំ មកហើយ ។ ខ្ញុំ​និយាយ​ពី​បទពិសោធន៍​ផ្នែក​ច្បាប់​របស់​ខ្ញុំ ក្នុង​នាម​ជា​ក្រឡា​បញ្ជី​របស់​មហាអយ្យការ​តុលាការ​កំពូល​នៃ​សហរដ្ឋ​អាមេរិក ។ ខ្ញុំ​និយាយ​ពី​បទពិសោធន៍​រយៈពេល ១៥ ឆ្នាំ ជា​សាស្រ្តាចារ្យ​ផ្នែក​ច្បាប់ និង​បី​ឆ្នាំ​កន្លះ​ជា​អយ្យការ​នៅ​តុលាការ​កំពូល​របស់​រដ្ឋ​យូថាហ៍ ។ អ្វី​ដែល​សំខាន់​ជាងគេ ខ្ញុំ​សូមនិយាយ​ពី​បទពិសោធន៍​រយៈពេល ៣៧ ឆ្នាំ​ក្នុងនាម​ជា​សាវក​របស់​ព្រះ​យេស៊ូវគ្រីស្ទ ដែល​ទទួល​ខុសត្រូវ​លើ​ការ​សិក្សា​ពី​អត្ថន័យ​នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​បំផុសគំនិត​ដោយ​ព្រះ​នេះ ចំពោះ​កិច្ចការ​នៃ​សាសនាចក្រ​ដែល​បាន​ស្តារឡើងវិញ​របស់​ទ្រង់ ។

រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​គឺ​មាន​លក្ខណៈ​ពិសេស ពីព្រោះ​ព្រះ​បាន​បើកសម្តែង​ថា ទ្រង់ « បានតាំង » រដ្ឋធម្មនុញ្ញ​នេះ​ឡើង​សម្រាប់​សិទ្ធិ​នានា និង​សេចក្ដី​ការពារ​ដល់​គ្រប់​សាច់​ឈាម​ទាំង​អស់ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:៧៧សូមមើល​ផងដែរ ខទី ៨០ ) ។ នោះ​ជា​មូលហេតុ​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ជុំ​វិញ​ពិភពលោក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​រដ្ឋធម្មនុញ្ញ​នេះ ។ មិន​ថា​តើ ឬ តាមរបៀបណា​ដែល​គោលការណ៍​របស់​រដ្ឋធម្មនុញ្ញ​នេះ​គួរតែ​អនុវត្តតាម​នៅ​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក​នេះ គឺ​អាស្រ័យ​លើ​ពួកគេ​ជា​អ្នក​សម្រេច​ចិត្ត ។

តើ​អ្វី​ទៅ​ជា​ព្រះរាជ​បំណង​របស់​ព្រះ​ដើម្បី​បង្កើត​រដ្ឋ​ធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​នេះ​ឡើង ? យើង​ឃើញ​មាន​នៅ​ក្នុង​គោលលទ្ធិ​នៃ​សិទិ្ធជ្រើសរើស​ខាង​សីលធម៌ ។ នៅ​ក្នុង​ទសវត្សរ៍​ទីមួយ​នៃ​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ​នេះ សមាជិក​របស់​សាសនាចក្រ​នៅ​ព្រំដែន​ភាគ​ខាង​លិច​បាន​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​លក្ខណៈ ឯកជន និង​ជា​សាធារណៈ ។ ផ្នែកខ្លះ​គឺ​ដោយ​សារតែ​ការប្រឆាំង​របស់​ពួកគេ​ចំពោះ​អំពើ​ទាសភាព​លើ​មនុស្ស​ដែល​បាន​កើតឡើង​នៅ​សហរដ្ឋ​អាមេរិក ។ នៅក្នុង​កាលៈទេសៈ​ដ៏​អភ័ព្វ​ទាំងនេះ ព្រះ​បាន​បើក​សម្តែង​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ នូវ​សេចក្តី​ពិត​ដ៏​អស់កល្ប​ជានិច្ច​អំពី​គោលលទ្ធិ​របស់​ទ្រង់ ។

ព្រះ​បាន​ប្រទាន​ដល់​កូនចៅ​របស់​ទ្រង់​នូវ​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌—អំណាច​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត និង​ការប្រព្រឹត្ត ។ លក្ខខណ្ឌ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ដើម្បី​អនុវត្ត​សិទ្ធិ​ជ្រើសរើស​នោះ គឺ​ការផ្តល់សិទ្ធិ​ធំទូលាយ​ដល់​បុរស និង​ស្រ្តី​ឲ្យ​ប្រព្រឹត្ត ស្របតាម​ការជ្រើសរើស​របស់​ពួកគេ ។ បន្ទាប់មក វិវរណៈ​នេះ​ពន្យល់​ថា « មនុស្ស​គ្រប់​រូប​អាច​បាន​ទទួល​ការខុសត្រូវ​ចំពោះ​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ១០១:៧៨ ) ។ « ហេតុ​ដូច្នេះ​ហើយ » ព្រះអម្ចាស់​បាន​បើក​សម្តែង​ថា « គឺ​មិន​ត្រូវ​ឲ្យ​មនុស្ស​ណា​មួយ ត្រូវ​ជាប់​ជា​បាវ​បម្រើ​ដល់​អ្នកណា​មួយ​ឡើយ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៧៩ ) ។ នេះ​មាន​ន័យ​ថា អំពើ​ទាសភាព​លើ​មនុស្ស​គឺ​ជា​អំពើ​ខុសឆ្គង ។ ហើយ​យោង​ទៅ​លើ​គោលការណ៍​ដូចគ្នា​នេះ វា​គឺ​ខុស​ដែល​ពលរដ្ឋ​មិន​មាន​សិទ្ធិ​ក្នុង​ការជ្រើសរើស​មេដឹកនាំ ឬ​អ្នក​បង្កើត​ច្បាប់​របស់​ពួកគេ​នោះ ។

II.

ជំនឿ​របស់​យើង​ថា រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បំផុសគំនិត​ដោយ​ព្រះ មិន​មែន​មាន​ន័យ​ថា វិវរណៈ​ដ៏​ទេវភាព​បាន​ចែង​គ្រប់​ពាក្យ និង​ឃ្លា​ដូច​ជា វិធានការ​ចាត់ចែង​ចំនួន​អ្នកតំណាង​មក​ពី​រដ្ឋ​នីមួយៗ ឬ​អាយុ​ទាប​បំផុត​របស់​អ្នក​តំណាង​រដ្ឋ​ជា​ដើម​នោះ​ទេ ។ ប្រធាន ជេ រ៉ូប៊ីន ក្លាក បាន​មាន​ប្រសាសន៍​ថា រដ្ឋធម្មនុញ្ញ​មិន​មែន​ជា « ឯកសារ​ដែល​ពេញលេញ​គ្រប់​ចំណុច​នោះ​ទេ » ។ លោក​បាន​ពន្យល់​ថា « ផ្ទុយ​ទៅ​វិញ រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​តែ​អភិវឌ្ឍ និង​កែលម្អ​ដើម្បី​បំពេញ​តាម​តម្រូវការ​ផ្លាស់ប្តូរ​របស់​ពិភពលោក​ដ៏​ជឿន​លឿន​នេះ » ។ ឧទាហរណ៍ ការផ្លាស់ប្តូរ​ដែល​បាន​បំផុសគំនិត ឲ្យ​លុបបំបាត់​ចោលអំពើ​ទាសភាព និង​ផ្តល់​សិទ្ធិ​ឲ្យ​ស្ត្រី​ដើម្បី​បោះឆ្នោត ។ ទោះជា​យ៉ាងណាក្តី យើង​ពុំ​ឃើញ​មាន​ការបំផុស​គំនិត នៅ​រាល់​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​បកស្រាយ​ពី​បញ្ហា​នេះ​ទេ ។

ខ្ញុំ​ជឿ​លើ​រដ្ឋធម្មនុញ្ញ​នេះ យ៉ាង​ហោច​ណាស់​មាន​គោលការណ៍​ចំនួន​ប្រាំ​ដែល​បាន​បំផុស​គំនិត​ដោយ​ព្រះ ។

ទីមួយ គឺ​ជា​គោលការណ៍​ដែល​ថា ប្រភព​អំណាច​របស់​រដ្ឋាភិបាល​គឺ​បាន​មក​ពី​ប្រជាជន ។ ក្នុង​គ្រា​មួយ​កាល​ដែល​អំណាច​អធិបតេយ្យ​ត្រូវ​បាន​សន្មត​ជា​សាកល​ថា មក​ពី​ព្រះ​បាន​តាំង​ស្តេច​ឡើង ឬ​មក​ពី​អំណាច​យោធា នោះ​ការប្រគល់​អំណាច​អធិបតេយ្យ​ឲ្យ​ដល់​ប្រជាជន​គឺ​ជា​ការបដិវត្ត ។ ទស្សនវិទូ​ជា​ច្រើន​បាន​គាំទ្រ​មតិ​នេះ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​បាន​អនុវត្ត​វា​ដំបូង​គេ ។ អំណាច​អធិបតេយ្យ​លើ​ប្រជាជន មិនមានន័យ​ថា ក្រុម​មនុស្ស​ទុច្ចរិត ឬ​មនុស្ស​ផ្សេង​ទៀត​អាច​មក​បន្លាច ឬ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វី​មួយ​នោះ​ទេ ។ រដ្ឋធម្មនុញ្ញ​ដែល​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដែល​ប្រជាជន​អាច​ប្រើ​អំណាច​របស់​ខ្លួន តាម​រយៈ​អ្នក​តំណាង​ដែល​ពួកគេ​បាន​ជ្រើសរើស ។

គោល​ការណ៍​ដ៏​បំផុស​គំនិត​ទីពីរ គឺ​ជា​ការបែងចែក​អំណាច​ដែល​​ផ្ទេរ​សិទ្ធិ​ឲ្យ​រវាង​ប្រទេស និង​រដ្ឋ​សហព័ន្ធ​របស់​ខ្លួន ។ នៅ​ក្នុង​ប្រព័ន្ធ​សហព័ន្ធ​របស់​យើង គោលការណ៍​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ពេល​ខ្លះ​ត្រូវ​បាន​ផ្លាស់ប្តូរ​ដោយ​ការធ្វើ​វិសោធនកម្ម​ដ៏​បំផុស​គំនិត ដូច​ជា ការលុប​បំបាត់​អំពើ​ទាសភាព និង​ការពង្រីក​សិទ្ធិ​បោះ​ឆ្នោត​ដល់​ស្ត្រី​ដូច​បាន​លើក​ឡើង​ខាង​ពីមុន​នេះ ។ អ្វី​ដែល​សំខាន់​បំផុត រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​បាន​ដាក់​កម្រិត​ដល់​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ឲ្យ​អនុវត្ត​អំណាច​ដែល​បាន​ផ្តល់​ឲ្យ​នោះ​ដោយ​ចំៗ ឬ​ដោយ​បញ្ឆៀង ហើយ​វា​រក្សាសិទ្ធិ​អំណាច​ផ្សេង​ទៀត​ទាំងអស់​របស់​រដ្ឋាភិបាល « ឲ្យ​ទៅ​សហរដ្ឋ​អាមេរិក​ដោយ​ផ្ទាល់ ឬ​ទៅ​ប្រជាជន » ។

គោលការណ៍​ដ៏​បំផុស​គំនិត​ផ្សេង​ទៀត​គឺ​ជា​ការបែងចែក​អំណាច​ឲ្យ​ដាច់​ពី​គ្នា ។ អស់រយៈ​ពេល​ជាង​មួយ​សតវត្សរ៍​ពីមុន​អនុសញ្ញា​រដ្ឋធម្មនុញ្ញ ឆ្នាំ ១៧៨៧ សភា​របស់​យើង ប្រទេស​អង់គ្លេស​បាន​ត្រួសត្រាយ​ផ្លូវ​ពី​ការបំបែក​អំណាច​នីតិបញ្ញត្តិ និង​អំណាច​នីតិប្រតិបត្តិ​ឲ្យ​ដាច់​ពីគ្នា នៅពេល​ពួកគេ​ដណ្តើម​អំណាច​មួយ​ចំនួន​បាន​ពី​ស្តេច ។ ការបំផុសគំនិត​នេះ​នៅ​ក្នុង​អនុសញ្ញា​របស់​សហរដ្ឋ​អាមេរិក​គឺ​ដើម្បី​ប្រគល់ ឯករាជ្យភាពដល់​អំណាច​នីតិប្រតិបត្តិ នីតិបញ្ញត្តិ និង​តុលាការ ដើម្បី​ឲ្យ​ផ្នែក​ទាំង​បី​នេះ​អាច​ពិនិត្យមើល​គ្នា​ទៅវិញ​ទៅមក ។

គោលការណ៍​ដ៏​បំផុស​គំនិត​ទីបួន គឺ​ស្ថិត​ក្នុង​ចង្កោម​នៃ​ការធានា​សំខាន់ៗ ស្តីពី​សិទ្ធិបុគ្គល និង​ដែន​កំណត់​ច្បាស់លាស់​លើ​សិទ្ធិ​អំណាច​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ច្បាប់​ស្តីពី​សិទ្ធិ​ចំនួន​ដប់​ដំបូង ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ការធ្វើ​វិសោធនកម្ម ប៉ុន្តែ​បី​ឆ្នាំ​បន្ទាប់​ពី​រដ្ឋធម្មនុញ្ញ​បាន​ចូល​ជា​ធរមាន ។ ច្បាប់​ស្តី​ពី​សិទ្ធិ​ចំនួន​ដប់​ដំបូង​មិន​មែន​ថ្មី​នោះ​ទេ ។ នៅ​ត្រង់​ចំណុច​នេះ​ការបំផុសគំនិត​គឺ​ស្ថិត​ក្នុង​ការអនុវត្ត​ជាក់ស្តែង​នៃ​គោលការណ៍ ដែល​បាន​ត្រួសត្រាយផ្លូវ​នៅ​ក្នុង​ប្រទេស​អង់គ្លេស ដោយ​ចាប់​ផ្តើម​ជា​មួយ​នឹង ម៉ាកណា កាតា ។ ក្រុម​អ្នកតាក់តែង​រដ្ឋធម្មនុញ្ញ​ដឹង​ពី​រឿង​ទាំង​នេះ ដោយសារ​ធម្មនុញ្ញ​អាណានិគម​មួយ​ចំនួន​មាន​ការធានា​បែបនេះ ។

បើ​គ្មាន​ច្បាប់​ស្តី​ពី​សិទ្ធិ​ចំនួន​ដប់​ដំបូង​នេះ​ទេ នោះ​អាមេរិក​ពុំ​អាច​ដើរតួ​ជា​ម្ចាស់​ប្រទេស​សម្រាប់​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​នេះ​ឡើយ ដែល​បាន​ចាប់​ផ្តើម​នៅ​បី​ទសវត្សរ៍​ក្រោយ​មក ។ មាន​ការបំផុសគំនិត​ដ៏​ទេវភាព​នៅ​ក្នុង​មាត្រា​ដើម​ថា មិន​គួរ​មាន​ការប្រឡង​នៃ​សាសនា​ចូល​មុខ​តំណែង​សាធារណៈ​ឡើយប៉ុន្តែ​ការបន្ថែម​លើ​សេរីភាព​ខាង​សាសនា និង​ការធានា​ប្រឆាំង​នឹង​ប្រព័ន្ធ​វណ្ណៈ​នៅ​ក្នុង​ការធ្វើវិសោធនកម្ម​ដំបូង​គឺ​ចាំបាច់ ។ យើង​ក៏​មើលឃើញ​ការបំផុសគំនិត​ដ៏​ទេវភាព​នៅ​ក្នុង​វិសោធនកម្ម​ដំបូង​នៃ​សេរីភាព​ខាង​ការ​និយាយ និង​សារព័ត៌មាន និង​នៅក្នុង​ការការពារ​ផ្ទាល់ខ្លួន​នៅក្នុង​វិសោធនកម្ម​ផ្សេងទៀត​ដែរ ដូចជា ការកាត់​ទោស​ផ្នែក​ព្រហ្មទណ្ឌ​ជាដើម ។

រូបភាព
យើង​ជា​ប្រជាជន

ទីប្រាំ និង​ជា​ចំនុច​ចុងក្រោយ ខ្ញុំ​មើលឃើញ​ការបំផុស​គំនិត​ដ៏​ទេវភាព​នៅ​ក្នុង​គោលបំណង​ដ៏​សំខាន់​នៃ​រដ្ឋធម្មនុញ្ញ​ទាំងមូល ។ យើង​នៅក្រោម​ការគ្រប់គ្រង​របស់ ច្បាប់មិនមែន នៅ​ក្រោម​ការគ្រប់គ្រង​របស់​បុគ្គល​ទេហើយ​ភាព​ស្មោះត្រង់​របស់​យើង​គឺ​ត្រូវ​មាន​ចំពោះ រដ្ឋធម្មនុញ្ញនិង​គោលការណ៍ និង​នីតិវិធី​របស់​រដ្ឋមនុញ្ញ ពុំមែន​ចំពោះ​អ្នក កាន់​តំណែងណា​ម្នាក់​ឡើយ ។ តាម​របៀប​នេះ មនុស្ស​ទាំងអស់​មាន​សិទ្ធិ​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់ ។ គោលការណ៍​ទាំង​នេះ​រារាំង​មហិច្ឆតា​ស្វ័យភាព ដែល​បាន​បង្ខូច​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ។ វា​ក៏​មាន​ន័យ​ដែរ​ថា ស្ថាប័ន​ទាំង​បី​របស់​រដ្ឋាភិបាល​មិន​គួរ​ត្រួតត្រា​លើ​ស្ថាប័ន​ដទៃ​ទៀត ឬ​រារាំងស្ថាប័ន​ដទៃ​ទៀត​ពី​ការបំពេញ​មុខងារ​តាមរដ្ឋធម្មនុញ្ញ​ត្រឹមត្រូវ​ដើម្បី​ពិនិត្យ​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ។

III.

ថ្វី​បើ​គោលការណ៍​ទាំងឡាយ​នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​មាន​ការ​បំផុស​គំនិត​ដ៏ទេវភាព​យ៉ាង​ណា​ក្ដី ក៏​នៅ​ពេល​អនុវត្ត​ដោយ​មនុស្ស​ដែល​មិន​ល្អ​ឥតខ្ចោះ នោះ​គោលបំណង​របស់​រដ្ឋធម្មនុញ្ញ​នេះ​មិន​មាន​ប្រសិទ្ធភាព​ជានិច្ច​នោះ​ទេ ។ ប្រធានបទ​ដ៏​សំខាន់​នៃ​ការតាក់តែង​ច្បាប់ ដូច​ជា​ច្បាប់​មួយ​ចំនួន​ដែល​គ្រប់គ្រង​លើ​ទំនាក់ទំនង​គ្រួសារ ត្រូវ​បាន​ដក​យក​ពី​រដ្ឋ​ដោយ​រដ្ឋាភិបាល​សហព័ន្ធ ។ ការធានា​លើ​ការធ្វើវិសោធនកម្ម​ទី​មួយ​ស្ដី​ពី​សេរីភាព​ក្នុង​ការនិយាយស្ដី ពេលខ្លះ​ត្រូវ​បាន​ថយ​ចុះ​ដោយ​ការកៀបសង្កត់​លើ​ការនិយាយស្តី​ដែល​មិន​មាន​ប្រជាប្រិយភាព ។ គោលការណ៍​ស្ដី​ពី​ការបែងចែក​អំណាច​ឲ្យ​ដាច់​ពី​គ្នា​នេះ​តែងតែ​ស្ថិត​នៅ​ក្រោម​សម្ពាធ​ឡើង​ចុះ​នៃ​ឥទ្ធិពល​របស់​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ដែល​អនុវត្ត ឬ​រារាំង​អំណាច​ដែល​បាន​ផ្ទេរ​ឲ្យ​ទៅ​ស្ថាប័ន​មួយ​ទៀត ។

មាន​ការគំរាមកំហែង​ផ្សេង​ទៀត​ដែល​បំផ្លាញ​នូវ​គោលការណ៏​ដ៏​បំផុស​គំនិត​នៃ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក ។ កេរ្តិ៍​ឈ្មោះ​នៃ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ថយចុះ ដោយ​ការខិតខំ​ដើម្បី​ជំនួស និន្នាការ​សង្គម​បច្ចុប្បន្ន​ថា​ជា​ហេតុផល​សម្រាប់​ការបង្កើត​របស់ខ្លួន ជំនួស​ឲ្យ​សេរីភាព និង​ស្វ័យ​រដ្ឋាភិបាល ។ សិទ្ធិអំណាច​នៃ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ធ្វើ​ឲ្យ​លែង​មាន​សារៈសំខាន់​នៅពេល​បេក្ខជន ឬ​មន្ត្រី​បដិសេធ​គោលការណ៍​របស់​រដ្ឋ​ធម្មនុញ្ញ​នេះ ។ សេចក្តីថ្លៃថ្នូរ និង​កម្លាំង​នៃ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ចុះ​ខ្សោយ​ដោយ​បុគ្គល ដែល​ហៅ​វា​ថា​ជា​ការសាកល្បង​សេចក្ដីស្មោះត្រង់ ឬ​ពាក្យ​ស្លោក​នយោបាយ​មួយ ជំនួស​ឲ្យ​ឋានៈដ៏ខ្ពង់ខ្ពស់​របស់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ប្រភព​ដើម​មួយ​នៃ​សិទ្ធិអំណាច និង​ដែនកំណត់​ស្តីពី​សិទ្ធិអំណាច​រដ្ឋាភិបាល ។

IV.

ជំនឿ​របស់​យើង​លើ​ការ​បំផុស​គំនិត​ដ៏​ទេវភាព​ផ្ដល់​ឲ្យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នូវ​ការទទួល​ខុសត្រូវ​ដ៏​ពិសេស​មួយ​ដើម្បី​គាំទ្រ និង​ការពារ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក និង​គោលការណ៏​នៃ​រដ្ឋធម្មនុញ្ញ​នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​រស់​នៅ ។ យើង​គួរ​ទុកចិត្ត​លើ​ព្រះអម្ចាស់ និង​មាន​ភាពវិជ្ជមាន​អំពី​អនាគត​របស់​ប្រជាជាតិ​នេះ ។

តើ​មាន​អ្វី​ខ្លះ​ទៀត​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវ​ធ្វើ ? យើង​ក៏​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ព្រះអម្ចាស់​ណែនាំ ហើយ​ប្រទានពរ​ដល់​គ្រប់​ប្រជាជាតិ និង​មេដឹកនាំ​របស់​ពួកគេ​ផងដែរ ។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​មាត្រា​នៃ​សេចក្ដី​ជំនឿ​របស់​យើង ។ ពិតណាស់ ការនៅក្រោម​អំណាច​ប្រធានាធិបតី ឬ​អ្នក​គ្រប់គ្រង់មិន​បាន​បង្កើត​ជា​ឧបសគ្គ​ដល់​ការ​បដិសេធ​របស់​យើង​ចំពោះ​ច្បាប់ ឬ​គោលនយោបាយ​នីមួយៗ​ឡើយ ។ វា​ពុំ​តម្រូវ​ឲ្យ យើង​ត្រូវ​អនុវត្ត​ឥទ្ធិពល​ខាង​ស៊ីវិល​របស់​យើង​ដោយ​សន្តិភាព នៅ​ក្នុង​ក្របខណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​អនុវត្ត​បាន​របស់​យើង​ឡើយ ។ ចំពោះ​បញ្ហា​ដែល​មាន​ការជំទាស់​តវ៉ា យើង​គួរ​ស្វែងរក​ការសម្របសម្រួល និង​ការបង្រួប​បង្រួម ។

មាន​កាតព្វកិច្ច​ផ្សេង​ទៀត ដែល​ជា​ផ្នែក​នៃ​ការ​គាំទ្រ​ដល់​រដ្ឋធម្មនុញ្ញ​ដ៏​បំផុស​គំនិត​នេះ ។ យើង​គួរ​រៀន ហើយ​គាំទ្រ​ដល់ គោលការណ៍ដ៏​បំផុសគំនិត​នៃ​រដ្ឋធម្មនុញ្ញ ។ យើង​គួរ​ស្វែង​រក ហើយ​គាំទ្រ​បុគ្គល​ល្អ និង​ឈ្លាសវៃ​ដែល​នឹង​គាំទ្រ​ដល់​គោលការណ៍​ទាំង​នោះ​នៅ​ក្នុង​សកម្មភាព​របស់​ពួកគេ​ជា​សាធារណៈ ។​ យើង​គួរ​តែ​ជា​ពលរដ្ឋ​ដែល​មាន​ចំណេះដឹង​ដែល​សកម្ម​ក្នុង​ការធ្វើ​ឲ្យ​ឥទ្ធិពល​របស់​យើង​នៅ​ក្នុង​កិច្ចការ​សង្គម ។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​ក្នុង​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតយ្យ​ដទៃទៀត ឥទ្ធិពល​ខាង​នយោបាយ​ត្រូវ​បាន​អនុវត្ត​ដោយ​ការឈរ​ឈ្មោះ​សម្រាប់​មុខតំណែង ( ដែល​យើង​គាំទ្រ ) តាមរយៈ​ការ​បោះឆ្នោត តាមរយៈ​ការផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ តាមរយៈ​សមាជិកភាព និង​ការបម្រើ​នៅក្នុង​បក្ស​នយោបាយ និង​តាមរយៈ​ការបន្ត​ទំនាក់ទំនង​ជាមួយ​នឹង​មន្ដ្រីរាជការ គណបក្ស និង​បេក្ខជន ។ ដើម្បី​ដំណើរការ​បាន​ល្អ ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតយ្យ​មួយ​ត្រូវ​ការ​អ្វីៗ​ទាំងអស់​នេះ ប៉ុន្តែ​ពលរដ្ឋ​ដែល​មាន​មនសិការ​ពុំ​ចាំបាច់​ផ្តល់​ឲ្យ​អ្វីៗ​ទាំងអស់​នេះទេ ។

មាន​បញ្ហា​នយោបាយ​ជា​ច្រើន ហើយ​គ្មាន​គណៈបក្ស​ណា ឬ​វេទិកា​ណា ឬ​បេក្ខជន​ណា​ម្នាក់​អាច​តម្រូវ​ចិត្ត​បុគ្គល​ទាំងអស់​នោះ​បាន​ទេ ។ ហេតុដូច្នោះហើយ ពលរដ្ឋ​ម្នាក់ៗ​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត ថា​តើ​បញ្ហា​ណា​មួយ​ដែល​មាន​សារៈសំខាន់​បំផុត​ចំពោះ​ពួកគាត់ ។ បន្ទាប់​មក សមាជិក​គួរ​តែ​ស្វែងរក​ការបំផុស​គំនិត​ពី​របៀប​ដើម្បី​អនុវត្ត​ឥទ្ធិពល​របស់​ពួកគេ​ស្រប​តាម​អាទិភាព​របស់​ពួកគេ ។ ដំណើរការ​នេះ​នឹង​មិន​ងាយ​ស្រួល​ទេ ។ ប្រហែលជា​វា​ទាមទារ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ការគាំទ្រ​ដល់​បក្ស ឬ​ក៏​ការជ្រើសរើស​បេក្ខជន នៅ​ក្នុង​ការបោះឆ្នោត​ម្ដងៗ ។

នៅ​ពេលខ្លះ​ទង្វើ​ឯករាជ្យ​បែប​នេះ​នឹង​ទាមទារ​ឲ្យ​អ្នក​បោះឆ្នោត​ត្រូវ​គាំទ្រ​ដល់​បេក្ខជន ឬ​បក្ស​នយោបាយ ឬ​វេទិកា​មុខ​តំណែង​ផ្សេង​ទៀត​ដែល​ពួកគេ​មិន​អាច​អនុម័ត​បាន ។ នោះ​ជា​មូលហេតុ​មួយ ដែល​យើង​លើក​ទឹកចិត្ត​សមាជិក​របស់​យើង​ឲ្យ​ជៀសវាង​ពី​ការ​វិនិច្ឆ័យ​គ្នា​ទៅវិញទៅមក​នៅក្នុង​បញ្ហា​នយោបាយ ។ យើង​មិន​ត្រូវ​អះអាង​ថា ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មិន​អាច​ចូល​ជា​សមាជិក​នៃ​បក្ស​ណា​មួយ ឬ​បោះឆ្នោត​ឲ្យ​បេក្ខជន​ជាក់​លាក់​ណា​ម្នាក់​ឡើយ ។ យើង​បង្រៀន​គោលការណ៍​ត្រឹម​ត្រូវ និង​ទុក​ឲ្យ​សមាជិក​របស់​យើង​ធ្វើការ​ជ្រើសរើស​ពី​របៀប​ដើម្បី​ដាក់​អាទិភាព និង​អនុវត្ត​គោលការណ៍​ទាំង​នោះ​ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង​ពី​ពេល​មួយ​ទៅ​ពេល​មួយ ។ យើង​ក៏​សូម​អង្វរ​ផងដែរ ហើយ​យើង​ស្នើ​សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​តាម​មូលដ្ឋាន​របស់​យើង​ទទូច​ថា ជម្រើស និង​ការ​ចូលរួម​សម្ព័ន្ធភាព​នយោបាយ មិន​មែន​ជា​ប្រធានបទ​នៃ​ការបង្រៀន ឬ​ការតស៊ូមតិ​នៅ​ក្នុង​ការប្រជុំ​សាសនាចក្រ​របស់​យើង​ណា​មួយ​ឡើយ ។

ពិតប្រាកដ​ណាស់ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ អនុវត្ត​សិទ្ធិ​របស់ខ្លួន​ដើម្បី​គាំទ្រ ឬ​ជំទាស់​នឹង​ការស្នើសុំ​ច្បាប់​ជាក់លាក់​ណា​មួយ ដែល​យើងជឿថា​វា​នឹង​ជះឥទ្ធិពល​ដល់​ការអនុវត្ត​ខាង​សាសនា​ដោយ​សេរី ឬ​ផលប្រយោជន៍​ចាំបាច់​របស់​អង្គការ​នៃ​សាសនាចក្រ ។

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ពី​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​បំផុសគំនិត​ដោយ​ព្រះ និង​សូម​បួងសួង​ថា យើងដឹង​ថា ព្រះ​ជា​អង្គ​បាន​បំផុស​គំនិត​ដល់​រដ្ឋធម្មនុញ្ញ​នេះ នឹង​គាំទ្រ ហើយ​ការពារ​គោលការណ៍​ដ៏​អស្ចារ្យ​របស់​រដ្ឋធម្មនុញ្ញ​នេះ​ជា​និច្ច ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល Mark Tushnet « Constitution »​នៅ​ក្នុង Michel Rosenfeld and András Sajó, eds., The Oxford Handbook of Comparative Constitutional Law( ឆ្នាំ​២០១២ ) ទំព័រ ២២២ ។ ប្រទេស​ទាំង​បី​ដែល​មិន​មាន​ក្រម​រដ្ឋធម្មនុញ្ញ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ គឺ​ចក្រភព​អង់គ្លេស នូវែលសេឡង់ និង​អ៊ីស្រាអែល ។ ប្រទេស​ទាំងនេះ​នីមួយៗ​មាន​ទំនៀម​ទម្លាប់​រឹងមាំ​ពី​រដ្ឋាភិ​បាល​ស្របច្បាប់ ទោះបីជា​ការគ្រប់គ្រង​មាត្រា​នេះ​មិន​បាន​ចងក្រង​នៅក្នុង​ឯកសារ​តែ​មួយ​ក្តី ។

  2. សូមមើល United States Constitution ( រដ្ឋ​ធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ) មាត្រា ១ ផ្នែក ២ ។

  3. ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ « Constitutional Government: Our Birthright Threatened » Vital Speeches of the Dayថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩៣៩ ទំព័រ ១៧៧ បាន​ដក​ស្រង់​នៅ​ក្នុង Martin B. Hickman, « J. Reuben Clark, Jr.: The Constitution and the Great Fundamentals »​នៅ​ក្នុង Ray C. Hillam, ed., By the Hands of Wise Men: Essays on the U.S. Constitution( ឆ្នាំ​១៩៧៩ ) ទំព័រ ៥៣ ។ ព្រិកហាំ យ៉ង់ មាន​ទស្សនៈ​កែលម្អ​ស្រដៀង​គ្នា​នេះ ចំពោះ​រដ្ឋធម្មនុញ្ញ ដោយ​បង្រៀន​ថា​ក្របខណ្ឌ « បាន​ចាក់គ្រឹះ ហើយ​សម្រាប់​អ្នកជំនាន់​ក្រោយ​ត្រូវ​រៀប​រចនាសម្ព័ន្ធ​រដ្ឋធម្មនុញ្ញ​នេះ » ( Discourses of Brigham Youngជ្រើសរើស​ដោយ ចន អេ វីដសូ [ ឆ្នាំ ១៩៥៤ ] ទំព័រ ៣៥៩ ) ។

  4. ចំណុច​ទាំងប្រាំ​នេះ​មាន​លក្ខណៈ​ស្រដៀងគ្នា ប៉ុន្តែ​មិនដូច​គ្នា​នឹង​អ្វី​ដែល​បាន​លើកឡើង​នៅក្នុង ជេ រ៉ូប៊ិ ក្លាក ទេ Stand Fast by Our Constitution( ឆ្នាំ ១៩៧៣ ) ទំព័រ ៧ និង អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Our Divine Constitution » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៤–៧ និង អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Constitution—A Glorious Standard » Ensignខែ កញ្ញា ឆ្នាំ ១៩៨៧ ទំព័រ ៦–១១ ។ សូមមើល​ជារួម ណូអែល ប៊ី រ៉ៃណុល « The Doctrine of an Inspired Constitution » នៅក្នុង By the Hands of Wise Menទំព័រ ១–២៨ ។

  5. រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក វិសោធនកម្ម ១០ ។

  6. សូមមើល រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក មាត្រា ៦ ។

  7. សូម​មើល មាត្រា​នៃ​សេចក្តីជំនឿ ១:១២ ។

  8. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨:១០ ។

  9. សូមមើល ដេវីឌ ប៊ី មេហ្គលបាយ « The Necessity of Political Parties and the Importance of Compromise » BYU Studiesវ៉ុល ៥៤ លេខ ៤ ( ឆ្នាំ ២០១៥ ) ទំព័រ ៧–២៣ ។