សន្និសីទទូទៅ
កូន​តូច​ដ៏​កំសត់
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


កូន​តូច​ដ៏​កំសត់

នៅ​ក្នុង​វួដ និង​សាខា​នីមួយៗ យើង​ត្រូវការ​មនុស្ស​គ្រប់ រូប—ទាំង​អ្នករឹងមាំ និង​អស់ អ្នក​ដែល​ប្រហែល​ជា​កំពុង​ជួប​បញ្ហា ។ បងប្អូន ទាំងអស់ គ្នា គឺ​ចាំបាច់ ។

កាល​នៅ​ក្មេង ខ្ញុំ​ចាំ​ពី​ពេល​ជិះ​ឡាន​ជា​មួយ​ឪពុក​ខ្ញុំ ហើយ​មើល​មនុស្ស​ម្នាក់ៗ​នៅ​តាម​ផ្លូវ ដែល​មាន​ភាពលំបាក ឬ​ត្រូវការ​ជំនួយ ។ ឪពុក​ខ្ញុំ​តែងតែ​និយាយ​ថា « ផូបរេស៊ីតូ »មាន​ន័យ​ថា « កូន​តូច​ដ៏​កំសត់ » ។

ពេល​ខ្លះ ខ្ញុំ​មើល​ដោយ​យកចិត្តទុកដាក់ពេល​ឪពុក​ខ្ញុំ​ជួយ​មនុស្ស​ទាំង​នេះ ជា​ពិសេស​ពេល​យើង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ិកស៊ិក ដើម្បី​ទៅ​លេង​លោកតា​លោកយាយ​ខ្ញុំ ។ ជា​ធម្មតា គាត់​នឹង​រក​នរណា​ម្នាក់​ដែល​ត្រូវការ​ជំនួយ បន្ទាប់​មក​ទៅ​ជួយ​ដោយ​ផ្ទាល់​នូវ​អ្វី​ដែល​​ពួកគេ​ត្រូវការ ។ ក្រោយ​មក ខ្ញុំ​ដឹង​ថា គាត់​បាន​ជួយ​ពួកគេ​ចុះ​ឈ្មោះ​ចូល​រៀន ទិញ​អាហារ​ខ្លះ​ឲ្យ​ពួកគេ ឬ​ជួយ​ផ្គត់ផ្គង់​ផ្នែកសុខុមាលភាព​តាម​របៀប​ណា​មួយ​ដល់​ពួកគេ ។ គាត់​បាន​ផ្ដល់​ការងារ​បម្រើ​ដល់ « កូន​តូច​ដ៏​កំសត់ » ដែល​គាត់​បាន​ជួប​នៅ​លើ​ផ្លូវ ។ តាម​ពិត​ពេល​ខ្ញុំ​កំពុង​ធំ​ឡើង ខ្ញុំ​ចាំ​ថា​គ្មាន​ពេល​ណា​មួយ ដែល​យើង​គ្មាន​នរណា​ម្នាក់​ស្នាក់នៅ​ជាមួយ​យើង ដែល​ត្រូវការ​ជំនួយដែល​ពួកគេ​ខំ​ប្រែក្លាយ​​ជា​អ្នក​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​នោះ​ឡើយ ។ ការមើល​ឃើញ​បទពិសោធន៍​ទាំងនេះ​បាន​បង្កើត​ជា​មនោសញ្ចេតនា​អាណិត​អាសូរ​មួយ​នៅ​ក្នុង​ចិត្ត​ខ្ញុំ ចំពោះ​បុរស​និង​ស្ត្រី និង​អស់​អ្នក​ដែល​ត្រូវការ​ជំនួយ ។

នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើងចែង​ថា « អ្នក​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​មនុស្ស ។ អ្នក​ជួប​ពួកគេ​តាម​ផ្លូវ ទៅ​សួរ​សុខទុក្ខ​ពួកគេ​នៅ​តាម​ផ្ទះ​ និង​ធ្វើ​ដំណើរ​ក្នុង​ចំណោម​ពួកគេ ។ ពួកគេ​ទំាងអស់​គ្នា​គឺ​ជា​កូនចៅ​នៃ​ព្រះ គឺ​ជា​បងប្អូន​ប្រុស​ស្រី​របស់​បងប្អូន ។ … មនុស្ស​ទាំង​នេះ​ភាគច្រើន​កំពុង​តែ​ស្វែងរក​គោលបំណង​នៅក្នុង​ជីវិត ។ ពួកគេ​មាន​កង្វល់​អំពី​អនាគត និង​គ្រួសារ​របស់​ពួកគេ » ( ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនាឆ្នាំ ២០១៨ ] ទំព័រ ១ ) ។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​នៃ​ការបម្រើ​ក្នុង​សាសនាចក្រ ខ្ញុំ​បាន​ព្យាយាម​ស្វែងរក​មនុស្ស​ដែល​ត្រូវការ​ជំនួយ​ក្នុង​ជីវិត ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ ជា​ញឹកញាប់ ខ្ញុំ​ឮ​សំឡេង​ឪពុក​ខ្ញុំ​និយាយ​ថា « ផូបរេស៊ីតូ »កូន​តូច​ដ៏​កំសត់ ។

នៅក្នុង​ព្រះគម្ពីរ​ប៊ីប យើង​ឃើញ​មាន​គំរូ​ដ៏​អស្ចារ្យ​មួយ​អំពី​ការថែទាំ​ដល់​កូន​តូច​ដ៏​កំសត់ ៖

« នៅ​ពេល​អធិស្ឋាន ជា​ពេល​ម៉ោង​៣​រសៀល នោះ​ពេត្រុស និង​យ៉ូហាន ឡើង​ទៅ​ក្នុង​ព្រះវិហារ​ជា​មួយ​គ្នា ។

« រីឯ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះវិហារ ដែល​ហៅ​ថា​ទ្វារ​លំអ នោះ​មាន​មនុស្ស​ម្នាក់ ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក ដាក់​នៅ​ទី​នោះ​រាល់​តែ​ថ្ងៃ ដើម្បី​ឲ្យ​បាន​សូម​ទាន​ចំពោះ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះវិហារ

« កាល​គាត់​ឃើញ​ពេត្រុស និង​យ៉ូហាន កំពុង​តែ​ដើរ​ចូល​ទៅ​ក្នុង​ព្រះវិហារ នោះ​គាត់​សូម​ទាន ។

« តែ​ពេត្រុស ព្រម​ទាំង​យ៉ូហាន ក៏​សម្លឹង​មើល​ទៅ​គាត់ប្រាប់​ថា ចូរ​មើល​មក​យើង​ឯ​ណេះ ។

« គាត់​ក៏​ស្តាប់​តាម ដោយ​សង្ឃឹម​ថា​នឹង​បាន​អ្វី​ខ្លះ ។

« តែ​ពេត្រុស​និយាយ​ថា ឯ​ប្រាក់ ហើយ​និង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ ។

« រួច​ក៏​ចាប់​ដៃ​ស្តាំ​លើក​គាត់​ឡើង ស្រាប់​តែ​ប្រអប់​ជើង និង​ភ្នែក​គោរ​របស់​គាត់ មាន​កំឡាំង​ឡើង​ភ្លាម » ( កិច្ចការ ៣:១–៧ការសង្កត់​ន័យ​ត្រូវ​បាន​បន្ថែម ) ។

ពេល​អាន​ដំណើរ​រឿង​នេះ ខ្ញុំ​បាន​ចាប់​អារម្មណ៍​ពី​ការប្រើ​ពាក្យ សម្លឹង ។ ពាក្យ សម្លឹង មាន​ន័យ​ថា​មើល​ដោយ​ភ្នែក​ឬ គំនិត ឬ​ការមើល​របស់​មនុស្ស​ម្នាក់​ដោយ​ចេតនា ( សូមមើល « fasten » Dictionary.com ) ។ កាលដែល​ពេត្រុស​បាន​មើល​ទៅ​បុរស​នេះ លោក​បាន​ឃើញ​ថា​គាត់​ខុស​ពី​មនុស្ស​ដទៃ​ទៀត ។ លោក​បាន​មើល​ហួស​ពី​ការមិន​អាច​ដើរ​បាន និង​ភាពទន់ខ្សោយ​របស់​គាត់ ហើយ​អាច​ឃើញ​ថា សេចក្ដី​ជំនឿ​របស់​គាត់​គឺ​គ្រប់គ្រាន់​ដើម្បី​បាន​ការព្យាបាល និង​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ទទួល​ពរជ័យ​ដែល​គាត់​កំពុង​ស្វែងរក ។

ខ្ញុំ​បាន​កត់​សម្គាល់​ថា លោក​បាន​ចាប់​ដៃ​ស្តាំ ហើយ​បាន​លើក​គាត់​ឡើង ។ កាលដែល​លោក​បាន​ជួយ​បុរស​នោះ​តាម​របៀប​នេះ ​នោះ​ព្រះអម្ចាស់​បាន​ព្យាបាល​គាត់​ដោយ​អព្ភូតហេតុ ហើយ « ស្រាប់​តែ​ប្រអប់​ជើង និង​ភ្នែក​គោរ​របស់​គាត់​មាន​កម្លាំង​ឡើង​ភ្លាម » ( កិច្ចការ ៣:៧ ) ។ សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​បុរស​នេះ និង​បំណង​​ជួយ​គាត់ បាន​ធ្វើ​​ឲ្យ​បុរស​ម្នាក់​កើនឡើង​នូវ​សមត្ថភាព និង​លទ្ធភាព​ពី​ភាពទន់ខ្សោយ​របស់​គាត់ ។

ខណៈ​ពេល​បម្រើ​ជា​ពួក​ចិតសិប​ប្រចាំ​តំបន់ ខ្ញុំ​បាន​​ទុក​យប់​ថ្ងៃ​អង្គារ ធ្វើ​ការងារ​បម្រើ​សួរ​សុខទុក្ខ​ជាមួយ​ប្រធាន​ស្តេក​នៅក្នុង​តំបន់​ដែល​ខ្ញុំ​ទទួល​ខុសត្រូវ ។ ខ្ញុំ​បានអញ្ជើញ​ពួកគេ ​ឲ្យ​ធ្វើ​ការការណាត់​ជួប​ជាមួយ​ពួក​អ្នក​ដែល​ត្រូវការ​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ឬ​អ្នក​ដែល​មិន​រក្សា​សេចក្ដី​សញ្ញា​ក្នុង​ពេល​បច្ចុប្បន្ន ។ តាមរយៈ​ការងារ​បម្រើ​ដ៏​ខ្ជាប់ខ្ជួន និង​ដោយ​ចេតនា​នោះ ព្រះអម្ចាស់​បាន​ពង្រីក​កិច្ចប្រឹងប្រែង​របស់​យើង ហើយ​យើង​អាច​ស្វែងរក​បុគ្គល និង​គ្រួសារ​ទាំងឡាយ​ដែល​ត្រូវការ​ជំនួយ ។ ទាំងនេះ​គឺ​ជា « កូន​តូច​ដ៏​កំសត់ » ដែល​បាន​រស់នៅ​ក្នុង​ស្តេក​ផ្សេងៗ​ដែល​យើង​បាន​បម្រើ ។

ក្នុង​ឱកាស​មួយ ខ្ញុំ​បាន​អម​ដំណើរ​ប្រធាន ប៊ីល វីតវ៉ស ជា​ប្រធាន​ស្តេក​សេនឌី យូថាហ៍​ខេនយន វីយូ ដើម្បី​ធ្វើ​ការងារ​បម្រើ​សួរ​សុខទុក្ខ ។ គាត់​បាន​អធិស្ឋាន​ជា​ខ្លាំង​អំពី​នរណា​ដែល​យើង​គួរតែ​ទៅ​សួរ​សុខទុក្ខ ដោយ​ព្យាយាម​ឲ្យ​មាន​បទពិសោធន៍​ដូច​គ្នា​នឹង​នីហ្វៃ ដែល « ត្រូវបាន​នាំ​ទៅ​ដោយ​ព្រះវិញ្ញាណ ដោយ​មិនដឹង​ជា​មុន​សោះ​ឡើយ​ថា តើ [ គាត់ ] នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ » ( នីហ្វៃទី១ ៤:៦ ) ។ គាត់​បាន​បង្ហាញ​ថា ពេល​ដែល​យើង​ធ្វើ​ការងារ​បម្រើ យើង​គួរតែ​ត្រូវបាន​ដឹកនាំ​ដោយ​វិវរណៈ ទៅកាន់​អ្នក​ដែល​ត្រូវការ​ជំនួយ​បំផុត ផ្ទុយ​ពី​ការ​គ្រាន់តែ​ទៅ​តាម​បញ្ជី ឬ​ការទៅ​សួរ​សុខទុក្ខ​បុគ្គល​ម្នាក់ៗ​តាម​វិធីសាស្ត្រ​មួយ ។ យើង​គួរតែ​ត្រូវ​បាន​ដឹកនាំ​ដោយ​អំណាច​នៃ​ការបំផុស​គំនិត ។

ខ្ញុំ​ចាំ​ពី​ការចូល​ក្នុង​ផ្ទះ​គូ​ស្វាមី​ភរិយា​វ័យ​ក្មេង​មួយ​គូ គឺ​ជែហ្វ និង ហ៊ីធើរ និង​កូនប្រុស​តូច​របស់​ពួកគេ ខៃ ។ ជែហ្វ​បាន​ធំ​ឡើង​ជា​សមាជិក​សាសនាចក្រ​សកម្ម​ម្នាក់ ។ គាត់​ជា​អត្តពលិក​ដ៏​មាន​ទេពកោសល្យ​ខ្លាំង​ណាស់ ហើយ​បាន​មាន​អាជីព​ដ៏​ជោគជ័យ​មួយ ។ គាត់​បាន​ចាប់ផ្ដើម​ងាក​ចេញ​ពី​សាសនាចក្រ​បន្ដិច​ម្ដងៗ​នៅ​ក្នុង​វ័យ​ជំទង់​របស់​គាត់ ។ ក្រោយមក គាត់​បាន​ជួប​គ្រោះថ្នាក់​រថយន្ត​មួយ ដែល​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​គាត់ ។ ពេល​ដែល​យើង​បាន​ចូល​ក្នុង​ផ្ទះ​ពួកគេ និង​ស្គាល់ ជែហ្វ​បាន​សួរ​យើង​ថា​ហេតុ​អ្វី​យើង​មក​លេង​គ្រួសារ​គាត់ ។ យើង​បាន​ឆ្លើយ​ថា មាន​សមាជិក​ប្រហែល ៣០០០ នាក់ ដែល​រស់នៅ​ក្នុង​ព្រំដែន​ស្តេក​នេះ ។ បន្ទាប់​មក​ខ្ញុំ​បាន​សួរ​គាត់​ថា « ជែហ្វ ក្នុង​ចំណោម​ផ្ទះ​ទាំងអស់​នោះ​យើង​អាច​ទៅ​សួរ​សុខទុក្ខ​នៅ​យប់​នេះ​បាន តែសូម​ប្រាប់​យើង​មក​មើល ថា​ហេតុអ្វី​ព្រះអម្ចាស់​បញ្ជូន​យើង​មក​ទី​នេះ​ទៅ​វិញ » ។

ដូច្នោះ ជែហ្វ​បាន​ប្រែ​ជា​ក្ដុកក្ដួល ហើយ​បាន​ចាប់ផ្ដើម​ចែកចាយ​ជាមួយ​យើង នូវ​ការព្រួយ​បារម្ភ​របស់​គាត់ និង​បញ្ហា​មួយ​ចំនួន ដែល​ពួកគេ​កំពុង​ជួប​ក្នុង​គ្រួសារ​ ។ យើង​បាន​ចាប់​ផ្ដើម​ចែកចាយ​គោលការណ៍​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ផ្សេងៗ ។ យើង​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​រឿង​ជាក់លាក់​មួយ​ចំនួន ដែល​មើល​ទៅ​​ពិបាក​ពី​ដំបូង ប៉ុន្តែ​នៅ​ទីបំផុត​នឹង​នាំ​មក​នូវ​សុភមង្គល និង​អំណរ​ដ៏​អស្ចារ្យ​ដល់​ពួកគេ ។ បន្ទាប់​មក ប្រធាន វីតវ៉ស បាន​ផ្ដល់​ពរជ័យ​បព្វជិតភាព​មួយ​ដល់​ជែហ្វ ដើម្បី​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​ឧបសគ្គ​របស់​គាត់ ។ ជែហ្វ និង ហ៊ីធើរ បាន​យល់​ព្រម​ធ្វើ​នូវ​អ្វី​ដែល​យើង​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ ។

ប្រហែល​មួយ​ឆ្នាំ​ក្រោយមក ជា​ឯកសិទ្ធិ​របស់​ខ្ញុំ​ដោយ​ឃើញ​ជែហ្វ​ជ្រមុជ​ទឹក​ឲ្យ​ភរិយា​គាត់ ហ៊ីធើរ ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ឥឡូវ​នេះ ពួកគេ​កំពុង​រៀបចំ​ខ្លួន ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​​ផ្សារភ្ជាប់​ជា​គ្រួសារ​មួយ​សម្រាប់​ពេល​នេះ និង​អស់កល្ប​អស់​កាល​ជានិច្ច ។ ការសួរ​សុខទុក្ខ​របស់​យើង​បាន​ផ្លាស់ប្ដូរ​ដំណើរ​ជីវិត​របស់​ពួកគេ ទាំង​ខាង​សាច់ឈាម​និង​ខាង​វិញ្ញាណ ។

ព្រះអម្ចាស់ បាន​មាន​ព្រះបន្ទូល​ថា ៖

« ហេតុ​ដូច្នោះ​ហើយ ចូរ​មាន​ចិត្ត​ស្មោះត្រង់​ចុះ ចូរ​ឈរ​នៅ​ក្នុង​តំណែង​ដែល​យើង​បាន​តែង​តាំង​ដល់​អ្នក ចូរ​ជួយអ្នក​ទន់​ខ្សោយ ចូរ​លើកដៃ​ដែល​រោយ ហើយ​ចូរ​ចម្រើន​កម្លាំងដល់​ក្បាល​ជង្គង់​ដែល​ញ័រ​ផង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨១:៥ ) ។

« ហើយ​នៅ​ក្នុង​ការ​ប្រព្រឹត្ត​អ្វីៗ​ទាំង​នេះ នោះ​អ្នក​នឹង​ប្រព្រឹត្ត​ល្អ​បំផុត​ចំពោះ​មនុស្ស​ទូ​ទៅ ហើយ​នឹង​តម្កើង​សិរី​ល្អ​ដល់​ព្រះ​អង្គ ដែល​ជា​ព្រះ​អម្ចាស់​របស់​អ្នក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨១:៤ ។

បងប្អូន​ប្រុសស្រី សាវក​ប៉ុល​បាន​បង្រៀន​នូវ​គន្លឹះ​មួយ​ក្នុង​ការងារ​បម្រើ​របស់​យើង ។ លោក​បាន​បង្រៀន​ថា យើង​រាល់គ្នា « ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​របស់​រូបកាយ​រៀង​ខ្លួន » ( កូរិនថូស ទី១ ១២:២៧ហើយ​ថា យើង​ត្រូវការ​អស់​ទាំង​អវយវៈ​ក្នុង​រូបកាយ​ដើម្បី​ប្រាកដ​ថា រូបកាយ​ទាំងមូល​ត្រូវ​បាន​ស្អាង​ឡើង ។ បន្ទាប់​មក លោក​បាន​បង្រៀន​ពី​សេចក្ដី​ពិត​ដ៏​មាន​អានុភាព​មួយ ដែល​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ក្នុង​ដួងចិត្ត​ខ្ញុំ ។ លោក​មាន​ប្រសាសន៍​ថា « ប៉ុន្តែ អស់​ទាំង​អវយវៈ​ក្នុង​រូបកាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ មាន​ប្រយោជន៍​ជា​ជាង​វិញហើយ​អវយវៈ​ណា​ក្នុង​រូបកាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាននោះ​យើង​បាន រាប់​អាន​លើស​ទៅ​ទៀតកូរិនថូស ទី១ ១២:២២–២៣ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ) ។

ដូច្នេះ​ហើយ នៅ​ក្នុង​វួដ និង​សាខា​នីមួយៗ យើង​ត្រូវការ​មនុស្ស​គ្រប់ រូប—ទាំង​អ្នករឹងមាំ និង​អស់​អ្នក​ដែល​ប្រហែល​ជា​កំពុង​ជួប​បញ្ហា ។ មនុស្ស​ទាំងអស់​គ្នា​គឺ​ចាំបាច់​ចំពោះ​ភាពសំខាន់​ដល់​ការស្អាង​នៃ « រូបកាយ​នៃ​ព្រះគ្រីស្ទ » ទាំងមូល ។ ជា​ញឹកញាប់ ខ្ញុំ​ឆ្ងល់​ថា តើ​នរណា​ដែល​យើង​មិន​បាន​មើល​ឃើញ​នៅក្នុង​ក្រុម​ជំនុំ​ផ្សេងៗ​របស់​យើង ដែល​នឹង​ពង្រឹង​យើង និង​ធ្វើ​ឲ្យ​យើង​បាន​ពេញលេញ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា « នៅ ក្នុង សាសនាចក្រ យើង មិន គ្រាន់ តែ រៀន ពី គោលលទ្ធិ មក ពី ព្រះ ប៉ុណ្ណោះទេ ប៉ុន្តែ យើង ក៏ ដក ពិសោធន៍ ការ អនុវត្ត វា ផង ដែរ ។ ក្នុង នាម ជា រូបកាយ នៃ ព្រះគ្រីស្ទ សមាជិក សាសនាចក្រ បម្រើ គ្នា ទៅវិញ ទៅមក នៅ ក្នុង ជីវិត ប្រចាំ ថ្ងៃ ។ យើង​គ្រប់​គ្នា​ពុំ​ល្អ​ឥត​ខ្ចោះ​នោះទេ ។… ក្នុង រូបកាយ នៃ ព្រះគ្រីស្ទ យើង ត្រូវ ធ្វើ ច្រើន ឲ្យ ហួស ពី ការ គិត និង ពាក្យ លើក តម្កើង ហើយឲ្យ មាន បទពិសោធន៍ « ផ្ទាល់ខ្លួន » ដ៏ ពិត មួយ ពេល យើង រៀន « រស់នៅ ជាមួយ គ្នា ដោយ នូវ សេចក្ដី ស្រឡាញ់ »​[ គោលលទ្ធិ និង​សេចក្តីសញ្ញា ៤២:៤៥ ] » ( « Why the Church » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨–៩ ) ។

រូបភាព
ក្តីសុបិន្ត​របស់​ព្រិកហាំ យ៉ង់

ក្នុង​ឆ្នាំ ១៨៤៩ ព្រិកហាំ យ៉ង់ មាន​សុបិន​មួយ នៅ​ពេល​ដែល​លោក​ឃើញ​ព្យាការី យ៉ូសែប ស៊្មីធ កំពុង​គាង​ចៀម និង​ពពែ​មួយ​ហ្វូង​ធំ ។ សត្វ​មួយ​ចំនួន​ទាំងនេះ​ធំៗ ហើយ​ស្រស់​ស្អាត ខ្លះ​ទៀត​តូចៗ ហើយ​កខ្វក់ ។ ព្រិកហាំ យ៉ង់ បាន​តំណាល​ពី​ការមើល​ទៅ​ក្នុង​ភ្នែក​របស់ យ៉ូសែប ស្ម៊ីធ ហើយ​និយាយ​ថា « យ៉ូសែប ប្អូន​មាន​ហ្វូង​សត្វ​ដ៏​ចម្លែក​បំផុត … ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ក្នុង​ជីវិត​ខ្ញុំ តើ​ប្អូន​នឹង​ធ្វើ​អ្វី​ជាមួយ​ពួក​វា ? » ព្យាការី ដែល​ហាក់​ដូចជា​មិន​មាន​កង្វល់​ចំពោះ​ហ្វូង​សត្វ​ដែល​មិន​មាន​សណ្ដាប់​ធ្នាប់​នេះ បាន​ឆ្លើយ​តប​យ៉ាង​សាមញ្ញ​ថា « [ ព្រិកហាំ ] ពួកវា​ទាំងអស់​គឺ​ល្អ​ទៅ​តាម​កន្លែង​របស់​វា » ។

ពេល​ប្រធាន យ៉ង់ បាន​ភ្ញាក់​ឡើង លោក​បាន​យល់​ថា ខណៈ​ដែល​សាសនាចក្រ​នឹង​ប្រមូល​ផ្ដុំ « ចៀម និង​ពពែ » ប្រភេទ​ខុសៗ​គ្នា នោះ​វា​ជា​ការទទួល​ខុស​ត្រូវ​របស់​លោក ដើម្បី​នាំ​ទាំងអស់​ឲ្យ​ចូល​មក ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ម្នាក់ៗ​ស្គាល់​ពី​សក្ដានុពល​ពេញលេញ​របស់​ពួកគេ កាល​ដែល​ពួកគេ​ទទួល​យក​កន្លែង​របស់​ពួកគេ​នៅក្នុង​សាសនាចក្រ ។ ( បាន​កែសម្រួល​មកពី​រ៉ូណាល់ ដបុលយូ វ៉កឃឺ, “ព្រិកហាំ យ៉ង់ ៖ សិស្ស​របស់​ព្យាការី » Ensign, ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ទំព័រ ៥៦–៥៧ ) ។

បងប្អូន​ប្រុសស្រី ដើម​កំណើត​នៃ​សុន្ទរកថា​របស់​ខ្ញុំ​កើត​ឡើង នៅ​ពេល​ខ្ញុំ​បាន​គិត​យ៉ាង​ជ្រាលជ្រៅ​អំពី មនុស្ស​ម្នាក់ដែល​មិន​ចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ចង់​ថ្លែង​ទៅកាន់​ពួកគេ​ម្នាក់ៗ​​បន្តិច ។ អែលឌើរ ណែល អេ ម៉ាកស្វែល បាន​បង្រៀន​ថា « ជា​ញឹកញាប់ បុគ្គល​បែប​នោះ​នៅ​ជិត—ប៉ុន្តែ​មិន​ចូលរួម​ទាំងស្រុង​ទេ—នៅ​ក្នុង​សាសនាចក្រ ។ ពួកគេ​នឹង​មិន​ចូល​ខាងក្នុង​រោងជំនុំ​ទេ ប៉ុន្តែ​ពួកគេ​ក៏​មិន​ចេញ​ពី​រានហាល​ព្រះវិហារ​ដែរ ។ ពួកគេ​គឺ​ជា​អ្នក​ដែល​ត្រូវការ​សាសនាចក្រ ហើយ​សាសនាចក្រ​ត្រូវការ​ពួកគេ ប៉ុន្តែ​មួយ​ចំណែក ជា​អ្នក​ដែល ‹ រស់ដោយ​គ្មាន​ព្រះ​ក្នុង​លោកិយ​នេះ › [ ម៉ូសាយ ២៧:៣១ ]( Why Not Now? » Ensign ខែ​វិច្ឆិកា ឆ្នាំ ១៩៧៤ ទំព័រ ១២ ) ។

ខ្ញុំ​សូម​បន្ទរ​ការអញ្ជើញ​ពី​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង ប្រធាន រ័សុល អិម ណិលសុន ពេល​ដែល​លោក​បាន​ថ្លែង​ជា​លើក​ដំបូង​ទៅកាន់​សមាជិក​សាសនាចក្រ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ឥឡូវ​នេះ ចំពោះ​សមាជិក​សាសនាចក្រ​ម្នាក់ៗ ខ្ញុំ​សូម​ប្រាប់​ថា ៖ សូម​បន្ដ​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ការតាំង​ចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​តាមរយៈ​ការ​ធ្វើ​សេចក្ដីសញ្ញា​ជា​មួយ​ទ្រង់ បន្ទាប់មក​រក្សា​សេចក្ដី​សញ្ញា​ទំាង​នោះ នឹង​បើក​ទ្វារ​ទៅ​កាន់​ពរជ័យ និង​ឯកសិទ្ធិ​ខាង​វិញ្ញាណ​ទាំងអស់ ដែល​មាន​ចំពោះ​បុរស ស្ត្រី និង​កុមារ​នៅ​គ្រប់​ទីកន្លែង » ។

បន្ទាប់​មក​លោក​បាន​អង្វរក​ថា « ឥឡូវ​នេះ ប្រសិនបើ​បងប្អូន​បាន​ដើរ​ចេញ​ពី​ផ្លូវ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ដោយ​សង្ឃឹម​អស់​ពី​ចិត្ត​ខ្ញុំ សូម​ត្រឡប់​មក​វិញ ។ ទោះបី​បងប្អូន​មាន​កង្វល់ មាន​ឧបសគ្គ​យ៉ាង​ណា​ក្តី មាន​កន្លែង​មួយ​សម្រាប់​បងប្អូន​នៅ​ទី​នេះ ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ បងប្អូន និង​ជំនាន់​នានា​ដែល​មិន​ទាន់​កើត​នៅ​ឡើយ នឹង​មាន​ពរ​តាមរយៈ​ទង្វើ​របស់​បងប្អូន ក្នុង​ពេល​នេះដើម្បី​ត្រឡប់​មក​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​វិញ » ( « As We Go Forward Together » ឬ Liahona ខែ មេសា ឆ្នាំ ២០១៨​ទំព័រ​៧ បានបញ្ជាក់​បន្ថែម ) ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ចំពោះ​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​លោក​គ្រូ​នៃ​ការងារ​បម្រើ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ខ្ញុំ​សូម​អញ្ជើញ​ឲ្យ​យើង​ម្នាក់ៗ​ឲ្យ​ស្វែងរក « ផូបរេស៊ីតូ » ជា « កូន​តូច​ដ៏​កំសត់ » ក្នុង​ចំណោម​យើង ដែល​ត្រូវការ​ជំនួយ ។ នេះ​ជា​សេចក្ដី​សង្ឃឹម និង​ការអធិស្ឋាន​របស់​ខ្ញុំ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕