សន្និសីទទូទៅ
ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

យើង​ម្នាក់ៗ​មាន​ទំនួល​ខុសត្រូវ​ស្មើគ្នា​ដើម្បី​ធ្វើ​តាម​គំរូ​នៃ​លោក​ចៅហ្វាយ និង​បង្រៀន​ដូច​ជា​ទ្រង់ ។

គ្រូ​បង្រៀន​ដ៏​ឆ្នើម

កាល​ពីរ​បី​ខែ​មុន អតីត​មិត្ត​រួម​ថ្នាក់​ម្នាក់​របស់​ខ្ញុំ​មក​ពី​ទីក្រុង អូវើតុន រដ្ឋ​ណេវ៉ាដា បាន​ជូន​យោបល់​ថា យើង​គួរ​រៀបចំ​កាដូ​បុណ្យ​គ្រីស្ទ​ម៉ាស់​សម្រាប់​អ្នក​គ្រូ​ថ្នាក់​មត្តេយ្យ​ជាទី​ស្រឡាញ់​របស់​យើង ដែល​ទើប​តែ​បាន​ធ្វើ​ខួប​កំណើត​លើក​ទី ៩៨ របស់​គាត់ ។ គាត់​បាន​បង្រៀន​យើង​ឲ្យ​មាន​ចិត្ត​ល្អ ដឹង​ពី​សារៈសំខាន់​នៃ​ការគេង​ថ្ងៃ រីករាយ​ក្នុង​ការញ៉ាំ​ទឹកដោះ​គោ និង​នំ​ប្រៃ ហើយ​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។ អរគុណ​ខ្លាំង​ណាស់​ស៊ីស្ទើរ ដេវីស សម្រាប់​ការ​ធ្វើ​ជា​អ្នកគ្រូ​ដ៏​អស្ចារ្យ​ដូច្នេះ ។

រូបភាព
ស៊ីស្ទើរ ដេវីស

ខ្ញុំ​មាន​លោកគ្រូ​ដ៏​ឆ្នើម​ម្នាក់​ទៀត កាល​ខ្ញុំ​រៀន​នៅ មហាវិទ្យាល័យរិក ច្រើន​ឆ្នាំ​កន្លង​ទៅ ។ ខ្ញុំ​ត្រៀម​ទៅ​បម្រើ​បេសកកម្ម ហើយ​ខ្ញុំ​បាន​គិត​ថា វា​ជាការល្អ ​បើ​ខ្ញុំ​ចូលរៀន​ថ្នាក់​ការរៀបចំ​ខ្លួន​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​ក្នុង​ថ្នាក់​នោះ​បាន​ផ្លាស់​ប្ដូរ​ជីវិត​ខ្ញុំ ។

ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ថ្នាក់​នោះ ខ្ញុំ​ដឹង​ថា ខ្ញុំ​ស្ថិត​នៅក្នុង​វត្តមាន​របស់​គ្រូ​ដ៏​ឆ្នើម​ម្នាក់ ។ លោកគ្រូ​នោះ​គឺ​ជា បងប្រុស អែហ្វ មិលវិន ហែមម៉ុនដ៏ ។ ខ្ញុំ​បាន​ដឹង​ថា បងប្រុស ហែមម៉ុនដ៏ ស្រឡាញ់​ព្រះអម្ចាស់ ហើយ​គាត់​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​អាច​ឃើញ​​នៅលើ​ទឹកមុខ​គាត់ និង​ស្តាប់​ឮ​នៅក្នុង​សំឡេង​របស់​គាត់ ។ នៅ​ពេល​គាត់​បង្រៀន ព្រះវិញ្ញាណ​បាន​បំភ្លឺ​ចិត្ត​​ខ្ញុំ ។ គាត់​បាន​បង្រៀន​គោលលទ្ធិ ប៉ុន្តែ​គាត់​ក៏​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​រៀន​គោលលទ្ធិ​ដោយ​ខ្លួន​ឯង​ផង​ដែរ ។ ការអញ្ជើញ​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ការទទួល​ខុសត្រូវ​របស់​ខ្ញុំ ដើម្បី​រៀន​គោលលទ្ធិ​របស់​ព្រះអម្ចាស់​ដោយ​ខ្លួនឯង ។ បទពិសោធន៍​នោះ​បាន​ផ្លាស់ប្ដូរ​ខ្ញុំ​ជារៀង​រហូត ។ អរគុណ បងប្រុស ហែមម៉ុនដ៏ សម្រាប់​ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។

បងប្អូន​ប្រុស​ស្រី បងប្អូន​គ្រប់គ្នា​សម​នឹង​ទទួល​បទពិសោធន៍​រៀនសូត្រ​បែប​នេះ​ទាំង​នៅ​ក្នុង​គេហដ្ឋាន និង​នៅ​ព្រះវិហារ ។

សេចក្ដីផ្ដើម​នៃ​សៀវភៅ ចូរ​មក​តាម​ខ្ញុំផ្តល់​នូវ​ចក្ខុវិស័យ​មួយ​នៃ​អ្វី​ដែល​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ​អាច​សម្រេច​បាន ។ សៀវភៅ ចូរ​មក​តាម​ខ្ញុំ សរសេរ​ថា « គោល​បំណង​នៃ​ការ​រៀនសូត្រ និង​ការ​បង្រៀន​ដំណឹងល្អ​ទាំងអស់ គឺ​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រែចិត្ត​ជឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ជ្រាលជ្រៅ ហើយ​ជួយ​យើង​ឲ្យ​កាន់​តែ​ប្រែក្លាយ​ដូចជា​ទ្រង់ ។ … ប៉ុន្តែ​ប្រភេទ​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ​ដែល​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់​យើង ហើយ​ដឹកនាំ​យើង​ទៅ​រក​អព្ភូតហេតុ​នៃ​ការ​ផ្លាស់ប្រែចិត្តជឿ ពុំ​កើត​ឡើង​ភ្លាមមួយរំពេចទេ ។ វា​ពង្រីក​ចូល​ទៅក្នុង​ដួងចិត្ត និង​គេហដ្ឋាន​របស់​បុគ្គល​ម្នាក់​ហួសពី​ថ្នាក់ [ រៀន ] ទៅទៀត » ។

ព្រះគម្ពីរ​បាន​បញ្ជាក់​ថា ការងារបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ទ្វីប​អាមេរិក​ពី​បុរាណ​មាន​ឥទ្ធិពល និង​រីករាលដាល​យ៉ាង​ខ្លាំង​រហូត​ដល់ « ប្រជាជន​ទាំងអស់​បាន​ប្រែចិត្តជឿ​ដល់​ព្រះអម្ចាស់ គឺ​នៅ​លើ​ផ្ទៃ​ដែនដី​ទាំងអស់ ទាំង​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​ផង ហើយ​គ្មាន​ការទាស់ទែង​ខ្វែង​គំនិត​គ្នា​រវាង​ពួក​គេ​ឡើយ ហើយ​មនុស្ស​គ្រប់​រូប​មាន​ការទាក់ទង​គ្នា​យ៉ាង​ត្រឹមត្រូវ » ។

តើ​ការបង្រៀន​របស់​យើង​អាច​មាន​ឥទ្ធិពល​លើ​មនុស្ស​ដែល​យើង​ស្រឡាញ់​យ៉ាង​ដូចម្តេច ? តើ​យើង​អាច​បង្រៀន​ឲ្យ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ និង​ជួយ​អ្នកដទៃ​ឲ្យ​កាន់តែ​ផ្លាស់ប្រែ​ចិត្ត​ជឿ​ខ្លាំង​ដោយ​របៀប​ណា ? សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ផ្តល់​នូវ​យោបល់​មួយ​ចំនួន ។

សូម​ត្រាប់​តាម​ព្រះអង្គ​សង្គ្រោះ

ដំបូង​និង​សំខាន់​បំផុត សូម​យក​វា​មក​ដាក់​លើ​ខ្លួន​ដើម្បី​រៀន​អ្វីៗ​ដែល​បងប្អូន​អាច​រៀន​បាន​អំពី​គ្រូ​ដ៏​ឆ្នើម ។ តើ​ទ្រង់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដទៃ​ដោយ​របៀប​ណា ? តើ​ពួកគេ​មាន​អារម្មណ៍​បែបណា នៅពេល​ទ្រង់​បាន​បង្រៀន​ពួកគេ ? តើ​ទ្រង់​បាន​បង្រៀន​អ្វីខ្លះ ? តើ​ទ្រង់​បាន​មាន​សេចក្តី​រំពឹង​ទុក​អ្វី​ខ្លះ​ពី​អស់​អ្នក​ដែល​ទ្រង់​បាន​បង្រៀន ? បន្ទាប់​ពី​បងប្អូន​ធ្វើ​ការស្រាវជ្រាវ​សំណួរ​ដូច​នេះ​ហើយ សូម​ធ្វើ​ការវាយ​តម្លៃ និង​លៃលក​របៀប​បង្រៀន​របស់​បងប្អូន​ដើម្បី​ឲ្យ​កាន់តែ​ដូច​ទ្រង់ ។

សាសនាចក្រ​បាន​ផ្តល់​នូវ​ធនធាន​សម្រាប់​ការបង្រៀន​ជាច្រើន​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និង​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ធនធាន​បែប​នេះ​មួយ​មាន​ចំណង​ជើង​ថា ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​អាន និង​សិក្សា​គ្រប់​ពាក្យ​ទាំងអស់ ។ គោលការណ៍​ទាំង​នេះ​នឹង​ជួយ​បងប្អូន​នៅក្នុង​ការខិតខំ​របស់​បងប្អូន ដើម្បី​កាន់តែ​ដូចជា​ព្រះគ្រីស្ទ​នៅក្នុង​ការបង្រៀន​របស់​បងប្អូន ។

ស្រាយ​អំណាច​នៃ​គ្រួសារ

យោបល់​បន្ទាប់​របស់​ខ្ញុំ​អាច​បាន​ឆ្លុះ​បញ្ចាំង​ជាមួយ​នឹង​បទពិសោធន៍​មួយ ដែល​ខ្ញុំ​មាន​កាល​ពី​ពីរបី​ខែ​មុន នៅ​ពេល​ដែល​ខ្ញុំ​បាន​ទៅ​លេង​មិត្ត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ម្នាក់ ។ ខ្ញុំ​អាច​ឮ​ភរិយា​របស់​គាត់​​កំពុង​តែ​និយាយ​ជាមួយ​នរណា​ម្នាក់ ដូច្នេះ​ខ្ញុំ​ក៏​សុំ​លា​ចេញ​មក​វិញ​យ៉ាង​លឿន ដើម្បី​ឲ្យ​មិត្ត​ខ្ញុំ​អាច​ត្រឡប់​ទៅ​គ្រួសារ​គាត់​វិញ ។

ប្រហែល​ជា​មួយ​ម៉ោង​ជាង​ក្រោយ​មក ខ្ញុំ​បាន​ទទួល​សារ​នេះ​មក​ពី​ភរិយា​សំណព្វ​របស់​គាត់ ៖ « បងប្រុស នូមែន សូម​អរគុណ​ដែល​បាន​មក​លេង ។ យើង​គួរ​អញ្ជើញ​បង​ឲ្យ​ចូល​លេង ប៉ុន្តែ​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​បង​នូវ​អ្វី​ដែល​ពួកយើង​បាន​ធ្វើ ។ តាំង​តែ​ពី​មាន​រោគ​រាតត្បាត​មក យើង​បាន​ពិភាក្សា ចូរ​មក​តាម​ខ្ញុំជាមួយ​កូន​ធំៗ​របស់​យើង​រាល់​ថ្ងៃ​អាទិត្យ​តាម ហ្សូម ។ វា​នាំ​ឲ្យ​មាន​អព្ភូតហេតុ​ខ្លាំង​ណាស់ ។ ខ្ញុំ​គិត​ថា វា​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​កូនស្រី​របស់​យើង​បាន​អាន​ព្រះគម្ពីរ​មរមន​ដោយ​ខ្លួន​ឯង ។ ថ្ងៃ​នេះ​គឺ​ជា​មេរៀន​ចុង​ក្រោយ​អំពី​ព្រះគម្ពីរ​មរមន ហើយ​យើង​រៀប​នឹង​បញ្ចប់ នៅ​ពេល​ដែល​បង​បាន​មក​ដល់ ។ … ខ្ញុំ​គិត​ថា បង​នឹង​ចាប់​អារម្មណ៍​ស្តាប់​ពី​របៀប​ការប្រជុំ​តាម ហ្សូម ពិភាក្សា​ពី​សៀវភៅ ចូរ​មក​តាម​ខ្ញុំនិង​រោគ​រាតត្បាត​បាន​ផ្តល់​ឱកាស​ចំ​ពេល​ដើម្បី​ផ្លាស់ប្តូរ​ដួងចិត្ត​មួយ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើ​មាន​អព្ភូតហេតុ​តូចៗ​ច្រើន​ប៉ុណ្ណា​ទៅ​បាន​កើត​ឡើង​អំឡុង​ពេល​ដ៏​ចម្លែក​នេះ » ។

ចំពោះ​ខ្ញុំ នេះ​គឺជា​ការបំពេញ​សេចក្តី​សន្យា​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​សន្យា​នៅ​ក្នុង​ខែ តុលា ឆ្នាំ ២០១៨ ។ លោក​បាន​មាន​ប្រសាសន៍​ថា ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្ដោត​ទៅលើ​គេហដ្ឋាន មាន​ការគាំទ្រ​ពី​សាសនាចក្រ « មាន​សក្ដានុពល​ដើម្បី​ស្រាយ​អំណាច​នៃ​គ្រួសារ នៅ​ពេល​គ្រួសារ​នីមួយៗ​ធ្វើ​តាម​កម្មវិធី​នោះ​ប្រកប​ដោយ​មនសិការ និង​ដោយ​យកចិត្ត​ទុកដាក់ ដើម្បី​ផ្លាស់ប្រែ​គេហដ្ឋាន​របស់​ពួកគេ​ទៅ​ជា​ទី​បរិសុទ្ធ​នៃ​សេចក្ដី​ជំនឿ ។ ខ្ញុំ​សន្យា​ថា នៅពេល​បងប្អូន​ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​រៀបចំ​គេហដ្ឋាន​របស់​បងប្អូន​ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​នៃ​ការរៀនសូត្រ​ដំណឹងល្អ នោះ​យូរៗ​ទៅ​ថ្ងៃ​ឈប់​សម្រាក របស់​បងប្អូននឹង​បាន​ជា​ទី​រីករាយ​ចិត្ត​យ៉ាង​ពិតប្រាកដ ។ កូនចៅ របស់​បងប្អូននឹង​មាន​ចិត្ត​រំភើប​ក្នុង​ការរៀន និង​រស់​នៅ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ … ការ​ផ្លាស់ប្ដូរ​នៅក្នុង​គ្រួសារ​របស់​បងប្អូន​នឹង​មាន​យ៉ាង​ខ្លាំង និង​រឹងមាំ » ។ ឱ នេះ​ជា​ការសន្យា​អស្ចារ្យ​មួយ !

ដើម្បី​បាន​ជីវិត​ផ្លាស់​ប្តូរ​ពិត​ប្រាកដ ការប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​តែ​មាន​ការចូលរួម​ពី​ព្រលឹង​យើង​ទាំង​មូល ហើយ​ជ្រាប​ចូល​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​យើង ។ នេះ​គឺ​ជា​មូលហេតុ​ដែល​វា​ត្រូវតែ​ផ្តោតលើ​ផ្នែក​សំខាន់​នៃ​ជីវិត​របស់​យើង—គេហដ្ឋាន​របស់​យើង ។

សូម​ចងចាំ​ថា ការប្រែចិត្ត​ជឿ​គឺ​ជា​រឿង​ផ្ទាល់​ខ្លួន

យោបល់​ចុង​ក្រោយ​របស់​ខ្ញុំ​គឺ ត្រូវ​ចាំ​ថា​ការប្រែចិត្ត​ជឿ​ត្រូវតែ​កើត​មកពី​ខាង​ក្នុងខ្លួន ។ ដូច​បាន​បង្ហាញ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​ស្ត្រី​ព្រហ្មចារី​ដប់​នាក់ យើង​មិន​អាច​ឲ្យ​ប្រេង​នៃ​ការប្រែចិត្ត​ជឿ​របស់​យើង​ទៅ​នរណា​ម្នាក់​ទៀត​នោះ​ទេ បើ​ទោះ​ជា​យើង​ចង់​ឲ្យ​ក៏​ដោយ ។ ដូច​ដែល​អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន ៖ « ប្រេង​ដ៏​មាន​តម្លៃ​នេះ បាន​មក​មួយ​តំណក់​ម្តងៗ … ដោយ​អត់ធ្មត់ និង​ខ្ជាប់ខ្ជួន ។ គ្មាន​ផ្លូវកាត់​ទេ គ្មាន​ការរៀបចំ​ភ្លាមៗ​នោះទេ » ។

ចូរ​មកតាមខ្ញុំគឺ​ផ្អែក​ទៅ​លើ​សេចក្តី​ពិត ។ ខ្ញុំ​ប្រៀបធៀប​សៀវភៅ​នេះ​ទៅ​នឹង​ទេវតា​ដែល​បាន​ជួយ នីហ្វៃ ឲ្យ​រៀន​អំពី ព្រះយេស៊ូវគ្រីស្ទ ដោយ​មាន​បន្ទូល​ថា « មើល​ន៏ ! » ដូច​ទេវតា​នោះ​ដែរ សៀវភៅ ចូរ​មក​តាម​ខ្ញុំអញ្ជើញ​យើង​ឲ្យ​មើល​ក្នុង​ព្រះគម្ពីរ និង​ពាក្យ​សម្តី​នៃ​ព្យាការី​សម័យ​ទំនើប​ដើម្បី​ស្វែងរក​ព្រះអង្គ​សង្គ្រោះ ហើយ​ស្តាប់​ទ្រង់ ។ ដូច​នីហ្វៃ​ដែរ យើង​នឹង​ត្រូវ​បាន​បង្រៀន​ដោយ​ផ្ទាល់​ពី​ព្រះវិញ្ញាណ ពេល​យើង​អាន និង​ពិចារណា​ព្រះបន្ទូល​របស់​ព្រះ ។ ចូរ​មក​តាម​ខ្ញុំគឺ​ជា​ក្តារលោត​ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​មុជ​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ទឹក​រស់​នៃ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។

ទំនួល​ខុសត្រូវ​របស់​ឪពុកម្តាយ​គឺ​ស្រដៀង​គ្នា​តាម​របៀប​ជា​ច្រើន ។ កូនៗ​គ្រង​មរតក​ជា​ច្រើន​ពី​ឪពុកម្តាយ​របស់​ពួកគេ ប៉ុន្តែ​ទីបន្ទាល់​មិន​អាច​ចែកជា​មរតក​ឲ្យ​បាន​ទេ ។ យើង​មិន​អាច​ចែក​ទីបន្ទាល់​ឲ្យ​កូនៗ​យើង​បាន​ទេ គឺ​ដូចជា​យើង​មិន​អាច​បង្ខំ​ឲ្យ​គ្រាប់ពូជ​មួយ​ដុះ​ឡើង​ដែរ ។ ប៉ុន្តែ​យើង​អាច​ផ្តល់​នូវ​បរិយាកាស​លូតលាស់​ល្អ ដី​ល្អ គ្មាន​បន្លា​ដែល​នឹង « ខ្ចប់​ព្រះបន្ទូល​ជិត » ។ យើង​អាច​ព្យាយាម​បង្កើត​នូវ​លក្ខខណ្ឌ​ល្អ​បំផុត​ដើម្បី​ឲ្យ​កូនៗ​របស់​យើង—និង​មនុស្ស​ដែល​យើង​ស្រឡាញ់—អាច​រក​ឃើញ​កន្លែង​ឲ្យ​គ្រាប់​ពូជ​នោះ « [ឮ ] ព្រះបន្ទូល ហើយ [ យល់ ] »ហើយ​ដឹង​ដោយ​ខ្លួនគេ​ថា « គ្រាប់​ពូជ​នោះ​ល្អ » ។

រូបភាព
បងប្រុស នូមែន និង​កូនប្រុស​លោក ជេក

បី​បួន​ឆ្នាំ​មុន ខ្ញុំ និង​កូន​ប្រុស​របស់​ខ្ញុំ​ឈ្មោះ ជេក បាន​មាន​ឱកាស​ដើម្បី​លេង Old Course នៅ St. Andrews នៅ​ក្នុង​ប្រទេស ស្កុតឡង់ ជា​កន្លែង​លេង​ល្បែង​វាយ​កូន​ហ្គោល ។ វា​ពិតជា​អស្ចារ្យ​ណាស់ ! ពេល​ត្រឡប់​មក​វិញ ខ្ញុំ​បាន​ព្យាយាម​ប្រាប់​ទៅ​អ្នក​ដទៃ​អំពី​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នោះ ។ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ ។ រូបថត វីដេអូ និង​ការពិពណ៌នា​ដ៏​ក្បោះក្បាយ​បំផុត​របស់​ខ្ញុំ​ពិត​ជា​មិន​គ្រប់គ្រាន់​នោះ​ឡើយ ។ ទី​បំផុត ខ្ញុំ​បាន​ដឹង​ថា វិធី​តែ​មួយ​គត់​ដើម្បី​ឲ្យ​នរណា​ម្នាក់​ដឹង​ពី​ភាព​អស្ចារ្យ​នៃ St. Andrews គឺ​​ជួប​បទពិសោធន៍​នោះ​ដោយ​ផ្ទាល់—ឃើញ​កន្លែង​វាយ​កូនហ្គោល​ដ៏​ធំ ស្រូប​យក​ខ្យល់ ឲ្យ​ខ្យល់​ប៉ះ​ផ្ទៃ​មុខ ហើយ​វាយ​កូនហ្គោល​ខុស​ពីរ​បី​ដង​ទៅកាន់​វាលខ្សាច់​ដ៏​ធំ និង​វាលស្មៅ​ដ៏​ក្រាស់ ដែល​យើង​បាន​ធ្វើ​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

វា​គឺ​ដូច​គ្នា​ដែរ​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ ។ យើង​អាច​បង្រៀន​ព្រះបន្ទូល យើង​អាច​ផ្សាយ​ព្រះបន្ទូល យើង​អាច​ពន្យល់​ពី​ព្រះបន្ទូល ។ យើង​អាច​និយាយ​អំពី​ព្រះបន្ទូល យើង​អាច​ពិពណ៌នា​ព្រះបន្ទូល យើង​ថែមទាំង​អាច​ថ្លែង​ទីបន្ទាល់​អំពី​ព្រះបន្ទូល ។ ប៉ុន្តែ​ទាល់តែ​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ថា ព្រះបន្ទូល​ដ៏​ពិសិដ្ឋ​របស់​ព្រះ​ចុះ​មក​លើ​ព្រលឹង​របស់​គាត់ ឬ​នាង ដូច​ជា​ទឹក​សន្សើម​ចុះ​ពី​លើ​មេឃ តាម​រយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណបើ​មិន​អញ្ចឹង​ទេ វា​នឹង​គ្រាន់​តែ​ដូច​ជា​ការ​មើល​កាត​ប៉ូស្ដាល់ ឬ​រូបថត​វិស្សមកាល​របស់​នរណា​ម្នាក់​ប៉ុណ្ណោះ ។ បងប្អូន​ត្រូវតែ​ទៅ​ទីនោះ​ដោយ​ផ្ទាល់ ។ ការផ្លាស់​ប្រែចិត្ត​ជឿ​គឺជា​ការធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​មួយ—ជា​ដំណើរ​នៃ​ការប្រមូលផ្ដុំ ។

បងប្អូន​គ្រប់គ្នា​ដែល​បង្រៀន​នៅ​ឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ នោះ​មាន​ន័យ​ថា​យើង អាច​ផ្តល់​ជូន​ដល់​អ្នក​ដទៃ​នូវ​ឱកាស​ដើម្បី​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន​ ។ តាម​រយៈ​បទពិសោធន៍​ទាំង​នេះ ពួកគេ​នឹង​មក « ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ផ្ទាល់ខ្លួន​ ។ ប្រធាន ណិលសុន បាន​បង្រៀន​ថា « ប្រសិនបើ​បងប្អូន​មានសំណួរ​ដោយ​ស្មោះ​អំពី​ដំណឹងល្អ ឬ​សាសនាចក្រ​នេះ កាលណា​បងប្អូន​ជ្រើសរើស​ទុកឲ្យ​ព្រះ​ឈ្នះ នោះ​បងប្អូន​នឹង​ត្រូវបាន​ដឹកនាំ​ឲ្យទៅ​រកឃើញ និង​យល់​ពី​សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច​ទាំងស្រុង​ដែល​នឹង​ដឹកនាំ​ជីវិត​ ហើយ​ជួយ​បងប្អូន​ឲ្យ​បន្តនៅ​រឹងមាំ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា » ។១០

ធ្វើ​ឲ្យ​ការបង្រៀន​មាន​ភាពល្អ​ប្រសើរ​ខ្លាំង

ខ្ញុំ​សូម​អញ្ជើញ​ថ្នាក់​ដឹកនាំ និង​គ្រូ​បង្រៀន​នៅ​គ្រប់​អង្គការ​នៃ​សាសនាចក្រ​ឲ្យ​ប្រឹក្សា​រួមគ្នា​ជាមួយ​ឪពុកម្តាយ និង​យុវវ័យ​ដើម្បី​ធ្វើ​ឲ្យ​ការបង្រៀន​មាន​ភាពល្អ​ប្រសើរ​នៅ​គ្រប់​កម្រិត—ក្នុង​ស្តេក ​វួដ និង​គេហដ្ឋាន ។ នេះ​នឹង​បាន​រក្សា​ទុក​ក្នុង​បណ្ណាសារ​ដោយ​ការបង្រៀន​គោលលទ្ធិ និង​ការយាងព្រះវិញ្ញាណ​មក​បំពេញ​ការពិភាក្សា​អំពី​សេចក្តី​ពិត ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្រៀន​យើង​នៅ​ក្នុង​ពេល​វេលា​ដ៏​ស្ងប់ស្ងាត់​នៃ​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​យើង ។

មិត្ត​ជា​ទី​ស្រឡាញ់​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ យើង​ម្នាក់ៗ​មាន​ទំនួល​ខុសត្រូវ​ស្មើគ្នា​ដើម្បី​ធ្វើ​តាម​គំរូ​នៃ​លោក​ចៅហ្វាយ និង​បង្រៀន​ដូច​ជា​ទ្រង់ ។ ផ្លូវ​របស់​ទ្រង់​គឺ​ជា​ផ្លូវ​ដ៏​ពិត ! ពេល​យើង​ធ្វើ​តាម​ទ្រង់ « កាលណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់គ្នា​នឹង​បាន​ដូចជា​ទ្រង់ ដ្បិត​យើង​នឹង​ឃើញ​ទ្រង់ ជា​ទ្រង់​ពិតប្រាកដ ដើម្បី​ឲ្យ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​បរិសុទ្ធ​ដូចជា ទ្រង់​បរិសុទ្ធ » ។១១ នៅ​ក្នុង​ព្រះនាម​នៃ​ទ្រង់​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ជា​គ្រូ​ដ៏​ឆ្នើម​គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕