សន្និសីទទូទៅ
អ្នករាល់​គ្នា​បាន​រួច
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


អ្នករាល់​គ្នា​បាន​រួច

ព្រះ​យេស៊ូវ គ្រីស្ទ គឺជា​ពន្លឺ​ដែល​យើង​រាល់​គ្នា​នឹង​លើក​ឡើង ​សូម្បី​តែ​នៅក្នុង​គ្រា​ងងឹត​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​ក្តី ។

បងប្អូនប្រុសស្រី​ជាទីស្រឡាញ់​របស់ខ្ញុំ ខ្ញុំ​មាន​អំណរ​គុណចំពោះ​ឯកសិទ្ធិ​ ដើម្បី​ថ្លែង​ទៅកាន់​បងប្អូន​ពីប្រទេស​អាហ្វ្រិក ។ វាគឺជា​ពរជ័យ​មួយ​ដែលយើង​មាន​បច្ចេក​វិទ្យា​សព្វថ្ងៃនេះ​​ ដែលអាច​ប្រើ​តាម​របៀប​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត ដើម្បី​ឈោង​ទៅ​ដល់​បងប្អូន​នៅគ្រប់​ទីកន្លែង ។

ខណៈពេល​កំពុង​បម្រើ​ជា​អ្នកដឹកនាំ​បេសកកម្ម​ទីក្រុង បាល់ទីម័រ រដ្ឋ ម៉ារីលែន​ កាល​ពីខែ កញ្ញា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ​ ស៊ីស្ទើរ មូតូមបូ និង ខ្ញុំ បានមាន​ឱកាស​ទៅ​ទស្សនា​កន្លែង​ប្រវត្តិសាស្រ្ត​របស់​សាស​នាចក្រ​នៅ​ប៉ាលម៉ៃរ៉ា រដ្ឋ​នូវយ៉ោក ​ខណៈពេល​ចូលរួម​សិក្ខា​សាលា​ថ្នាក់​ដឹកនាំ​​បេសកកម្ម ។ យើង​បាន​បញ្ចប់​ទស្សនកិច្ច​របស់​យើង​នៅ​ឯ​ព្រៃ​ពិសិដ្ឋ ។ បំណង​របស់​យើង​ក្នុង​ការ​ទៅ​ទស្សនា​ព្រៃ​ពិសិដ្ឋ​គឺ​មិន​មែន​ដើម្បី​ទទួល​បាន​ការបើក​សម្តែង ឬ ការ​និមិត្ត​ណាមួយ​ឡើយ ​ប៉ុន្តែ​យើង​មាន​អារម្មណ៍​ថា​ព្រះ​មាន​វត្តមាន​នៅ​ទី​ពិសិដ្ឋ​នោះ ។ ដួង​ចិត្ត​របស់​យើង​ពោរពេញ​ដោយ​អំណរ​គុណ ចំពោះ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។

ពេល​កំពុង​បើកឡាន​ត្រឡប់​មក​វិញ ស៊ីស្ទើរ​មូតូមបូ សង្កេត​ឃើញ​ខ្ញុំ​ញញឹម​ពព្រាយ គាត់​ក៏​សួរ​ខ្ញុំថា « តើ​មូលហេតុ​អ្វី​បាន​ជាបង​សប្បាយចិត្ត​ម្ល៉េះ ? »

ខ្ញុំបាន​ឆ្លើយថា​ « ណាតាលី ជា​ទីស្រឡាញ់​របស់​បង​អើយ សេចក្តី​ពិត​នឹង​តែង​ឈ្នះ​លើ​កំហុសឆ្គង​ជានិច្ច​ហើយ​ភាពងងឹត​នឹង​មិន​បន្ត​មានលើ​ផែន​ដី​ឡើយ​ដោយសារតែ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារឡើងវិញ​នេះ » ។

ព្រះ​ជាព្រះវរបិតា និង​ព្រះ​យេស៊ូវ គ្រីស្ទ​បាន​យាង​មក​ជួប​យុវជន​យ៉ូសែប ស្ម៊ីធ​ដើម្បី​បំភ្លឺ​ពី​អ្វី​ដែល​បាន​លាក់ជាយូរ ដើម្បី​យើង​អាច​ទទួល​បាន​នូវ ​« ការ​ចេះ​ដឹង​អំពី​ការណ៍​ទាំង​ឡាយ​ដែល​មាន​…​នឹង​ការណ៍​ទាំង​ឡាយ​ដែល ​[ នឹង​មាន​នៅ​ខាង​មុខ ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៤ ) ។

បន្ទាប់​ពីជិត​ពីររយឆ្នាំ​ មនុស្ស​ជាច្រើន​នៅតែ​ស្វែង​រក​សេចក្តីពិត​ដែល​ចាំបាច់ ដើម្បី​បាន​រួច​ផុត​ពី​ទំនៀម​ទម្លាប់ និង​ការ​កុហកមួយ​ចំនួន​ដែល​ពួកមារសត្រូវ​ពង្រាយ​ពាស​ពេញ​ពិភព​លោក ។ មនុស្ស​ជាច្រើន « បាន​ខ្វាក់​ដោយ​សារ​ឧបាយកល​ដ៏​ប្រសប់​នៃ​មនុស្ស » ( គោលលទ្ធិ និង សេចក្ដី សញ្ញា ១២៣:១២ ) ។ នៅក្នុង​សំបុត្រ​ទៅកាន់​អេភេសូរ ប៉ុល បាន​បង្រៀន​ថា « ទ្រង់​មាន​ព្រះបន្ទូលថា​ឯង​ដែល​ដេក​លក់អើយ ចូរភ្ញាក់ឡើង ឲ្យក្រោក​ពីពួក​មនុស្ស​ស្លាប់ឡើង នោះ​ព្រះគ្រីស្ទ​នឹង​ភ្លឺមកលើឯង » ។ ( អេភេសូរ ៥:១៤ ) ។ ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​ជា​ពន្លឺ​ដល់​អស់​អ្នក​ដែល​ស្តាប់​ព្រះបន្ទូល​របស់​ទ្រង់ ( សូម​មើល នីហ្វៃទី ២ ១០:១៤ ) ។

សាមសិប​ប្រាំ​ឆ្នាំ​កន្លង​ទៅ ឪពុក​ម្តាយ​ខ្ញុំ​មិន​ស្គាល់​សេចក្តីពិត​ឡើយ ហើយ​ខិតខំព្យាយាម​ស្គាល់​សេចក្តី​ពិត ​និងព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​កន្លែង​ដែល​គួរទៅ​ដើម្បីរកឃើញ​សេចក្តីពិត​នេះ ។ ឪពុក​ម្តាយ​ខ្ញុំ​ទាំងពីរ​រូប​បាន​កើត​នៅក្នុង​ភូមិ​មួយ​ដែល​ទំនៀម​ទម្លាប់​នេះ​ បាន​ចាក់ឬស​នៅក្នុង​ជីវិត​បុគ្គល​ម្នាក់ៗ ​និង​ក្រុមគ្រួសារ​យ៉ាង​ខ្លាំង ។ ពួកលោក​ទាំងពីរ​បាន​ចេញ​ពី​ភូមិ​របស់​ពួកលោក តាំង​ពី​ក្មេង ហើយ​មករស់​នៅទីក្រុង​ដើម្បី​បាន​ជីវិត​ប្រសើរ​ជាងមុន ។

ពួកលោក​បាន​រៀបការ​ ហើយ​ចាប់​ផ្តើម​គ្រួសារ​ដ៏សាមញ្ញ​មួយ ។ យើង​រស់​នៅក្នុង​ផ្ទះ​តូច​មួយ​ដែល​មាន​គ្នា​ជិត​ប្រាំបី​នាក់—មាន​ឪពុក​ម្តាយ​​ខ្ញុំ ប្អូន​ស្រី​ខ្ញុំ​ពីរនាក់​ និងខ្ញុំ ព្រមទាំង​បងប្អូន​ជីដូន​មួយ​របស់​យើង​ម្នាក់​ដែល​ធ្លាប់​រស់នៅ​ជាមួយ​យើង ។ ខ្ញុំ​តែង​ងឿង​ឆ្ងល់​ថាតើ​យើង​ជាគ្រួសារ​​ដែរ​ឬទេ ដោយសារ​យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បរិភោគ​អាហារ​ពេល​ល្ងាច​រួមតុ​ជាមួយ​ឳពុក​ម្តាយ​យើង​ឡើយ ។ កាល​ឳពុក​​ត្រឡប់​មក​ពីធ្វើការ​វិញ នៅពេល​គាត់​ចូល​ក្នុង​ផ្ទះ​ភ្លាម យើងត្រូវ​បាន​ប្រាប់​ឲ្យ​ចេញ​ទៅលេង​ខាងក្រៅ ។ យើង​គេង​បាន​តិច​ណាស់ ពីព្រោះ​យើង​គេង​មិនស្ងប់​ដោយ​ខ្វះ​ភាព​សុខដុម​ និង​សេចក្តី​ស្រឡាញ់​ពិត​នៅក្នុង​ចំណង​អាពាហ៍​ពិពាហ៍​របស់​ឳពុក​ម្តាយ​យើង ។ ផ្ទះ​យើង​តូច ហើយ​ស្ថិត​នៅកន្លែង​ងងឹត ។ មុនពេល​ជួប​ជាមួយ​អ្នក​ផ្សព្វ​ផ្សាយ​សាសនា យើង​បាន​ចូល​រួម​នឹង​ព្រះវិហារ​ផ្សេងៗ​រាល់ថ្ងៃ​អាទិត្យ ។ វាបង្ហាញ​យ៉ាង​ច្បាស់​ថា​ឳពុក​ម្តាយ​របស់យើង​បាន​ស្វែង​រក​អ្វី​មួយ​ដែល​ពិភពលោក​មិនអាច​ផ្តល់​ឲ្យបាន ។

រឿងនេះ​បាន​បន្ត​រហូត​ដល់​យើង​បាន​ជួបជាមួយ អែលឌើរ និង ស៊ីស្ទើរ ហ៊ាតឈីង ដែល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​ដំបូង​បំផុត​ដែល​បាន​ហៅបម្រើ​នៅ ហ្សែរី ( បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេស្គាល់ថា សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ឬ កុងហ្គោ គីនស្សាសា ) ។ ពេល​យើង​ចាប់ផ្តើម​ជួប​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏អស្ចារ្យ​នេះ ពួកគាត់​ប្រៀប​បាន​នឹង​ទេវតា​ដែល​ព្រះ​បាន​ចាត់​មក ខ្ញុំ​បាន​សម្គាល់​ឃើញ​ថា​មាន​អ្វីមួយ​បាន​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​នៅក្នុង​គ្រួសារ​យើង ។ បន្ទាប់​ពី​ពិធីបុណ្យ​ជ្រមុជទឹក នោះ​ជីវិត​របស់​យើង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​បន្តិច​ម្ដងៗ​យ៉ាង​ពិត​ប្រាកដ​ដោយសារតែ​ការស្តារឡើង​វិញ​នៃដំណឹងល្អ ។ ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​បាន​ចាប់​ផ្តើម​ពង្រីក​ព្រលឹង​របស់​យើង ។ បន្ទូល​ទាំងនោះ​បាន​ចាប់​ផ្តើម​បំភ្លឺ​ការ​យល់​ដឹង​របស់យើង មែន​ហើយ​វាចាប់​ផ្តើម​មាន​រស់​ជាតិផ្អែមល្ហែម​ចំពោះ​យើង កាល​សេចក្តី​ពិត​ដែល​យើង​បាន​ទទួល​ត្រូវ​បាន​ញែក​ឲ្យ​ដឹង ហើយ​យើង​អាច​មើល​ឃើញ​ពន្លឺ ហើយ​ពន្លឺ​នេះ​កាន់​តែ​ភ្លឺឡើងៗ​ជារៀង​រាល់​ថ្ងៃ ។

ការ​យល់​ដឹង​អំពី « គោល​បំណង » នៃ​ដំណឹង​ល្អ គឺ​កំពុង​ជួយ​យើង​ឲ្យ​ប្រែ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។ ទំហំ​ផ្ទះ​របស់​យើង​មិន​ផ្លាស់​ប្តូរ​ទេ ​រីឯស្ថាន​ភាព​សង្គម​របស់​យើង​ក៏​មិន​ផ្លាស់ប្ដូរ​ដែរ ។ ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​ពី​ការ​ផ្លាស់ប្តូរ​ដួងចិត្ត​របស់ឳពុក​ម្តាយ​​ខ្ញុំ កាល​យើង​អធិស្ឋាន​ជារៀង​រាល់ថ្ងៃ ទាំងយប់​ទាំង​ថ្ងៃ ។ យើង​បាន​សិក្សា​ព្រះគម្ពីរ​មរមន​ យើង​មាន​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ​យើង​បាន​ប្រែក្លាយ​ជាគ្រួសារ​ពិតប្រាកដ​មួយ ។ រៀង​រាល់​ថ្ងៃ​អាទិត្យ ​យើង​បាន​ក្រោក​ឡើង​នៅម៉ោង​៦:០០​ព្រឹក ​ដើម្បី​រៀបចំ​ទៅព្រះវិហារ ​ហើយ​យើង​នឹង​ធ្វើ​ដំណើរ​រាប់​ម៉ោង​ដើម្បី​ទៅចូល​រួម​ការ​ប្រជុំ​ក្នុង​សាសនាចក្រ​ជា​រៀង​រាល់​សប្តាហ៍ ​ដោយ​មិន​ត្អូញ​ត្អែរ​ឡើយ ។ វាជា​បទពិសោធន៍ដ៏​អស្ចារ្យ​​ដើម្បី​ធ្វើ​ជាសាក្សី​ពី​រឿង​នេះ ។ យើង​គឺជាអ្នក​​ធ្លាប់​ដើរ​ក្នុង​សេចក្តី​ងងឹត ហើយ​បាន​បណ្តេញ​សេចក្តី​ងងឹត​ចេញ​ពី​ចំណោម​ពួក​យើង ( សូម​មើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០:២៥ ) ហើយ​បាន​ឃើញ ​« ពន្លឺ​យ៉ាង​ធំ »​( នីហ្វៃទី ២ ១៩:២ ) ។

ខ្ញុំចាំថា​មានថ្ងៃ​មួយ​នៅពេល​ដែល​ខ្ញុំ​មិន​ចង់​ក្រោក​ឡើង​ពីព្រលឹម ដើម្បី​អធិស្ឋាន​ជាក្រុម​គ្រួសារ ខ្ញុំ​បាន​រអ៊ូរទាំ​ដាក់​ប្អូន​ស្រី​របស់​ខ្ញុំថា « តើ​យើង​ពិត​ជាគ្មាន​អ្វី​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ​នៅក្នុង​ផ្ទះ​នេះ​ក្រៅ​ពីការអធិស្ឋាន​ ហើយ​អធិស្ឋាន​ទៀត​ទេ​ឬអី » ។ ឳពុក​របស់​ខ្ញុំ​បាន​ឮ​​ខ្ញុំនិយាយ ។ ខ្ញុំចាំពីប្រតិកម្ម​របស់​គាត់​នៅពេល​នោះ​ គាត់​បានបង្រៀន​ខ្ញុំ​ដោយ​សេចក្ដី​ស្រឡាញ់ ប៉ុន្តែ​ដោយ​ម៉ឺងម៉ាត់ថា « ដរាបណា​កូន​នៅក្នុង​ផ្ទះ​នេះ​កូន​ត្រូវ​អធិស្ឋាន​ ហើយ​អធិស្ឋាន​ទៀត » ។

ពាក្យ​សម្ដី​របស់​ឪពុក​បានឮពេញ​ត្រចៀក​ខ្ញុំ​ជារៀង​រាល់​ថ្ងៃ ។ តើ​បងប្អូន​គិត​ថា សព្វថ្ងៃ​នេះ​ស៊ីស្ទើរ មូតូមបូ និង​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ជាមួយ​នឹង​កូនៗ​របស់​យើង ? យើង​អធិស្ឋានហើយ​អធិស្ឋាន​ទៀត ។ នេះ​គឺ​ជា​កេរដំណែល​របស់​យើង ។

មានបុរស​ខ្វាក់​ពីកំណើតម្នាក់ ​ហើយ​ត្រូវ​ព្រះយេស៊ូវ គ្រីស្ទ​ព្យាបាល​ឲ្យ​ជា បន្ទាប់​ពី​បាន​ទទួល​សម្ពាធ​ពីអ្នក​ជិតខាងរបស់​គាត់ ​និង​ពី​ពួក​ផារ៉ាស៊ី​​និយាយថា ៖

« មាន​ម្នាក់​ឈ្មោះ យេស៊ូវ បាន​ធ្វើ​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ប្រាប់​ឲ្យ​ទៅ​លាង​នៅ​ស្រះ​ស៊ីឡោម ខ្ញុំ​ក៏​ទៅ​លាង ហើយ​បាន​ភ្លឺ​ឡើង ។ …

« …ខ្ញុំ​ដឹង តែ​ប៉ុណ្ណេះ [ ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​]​ … [ គឺ ] ខ្ញុំ​ខ្វាក់​តែ​ឥឡូវនេះ​ខ្ញុំ [ អាច ] មើល​ឃើញ » ( យ៉ូហាន ៩:១១,២៥ ) ។

កាល​ពីមុន​យើង​ក៏ខ្វាក់​ដែរ ​ហើយ​ឥឡូវ​នេះ​យើង​អាច​មើល​ឃើញ ។ ដំណឹងល្អ​ដែល​បាន​ស្តារឡើង​វិញ​ បាន​មាន​ឥទ្ធិពល​លើ​ក្រុម​គ្រួសារ​របស់​យើង ​ចាប់​តាំង​ពីពេល​នោះ​មក ។ ចំណេះដឹង​ពី​ គោលបំណង ​នៃដំណឹងល្អ​បាន​ផ្ដល់​ពរ​ដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បីជំនាន់ និង​បន្ត​ផ្ដល់​ពរ​ដល់ជំនាន់​ក្រោយ​ជា​ច្រើន​ជំនាន់ទៀត ។

ព្រះយេស៊ូវគ្រីស្ទ គឺជា​ពន្លឺ​ដែល​បំភ្លឺ​នៅ​ក្នុង​ភាព​ងងឹត ។ អ្នក​ដែល​ដើរ​តាម​ទ្រង់​ « នោះ​មិន​ដែល​ដើរក្នុង​សេចក្តី​ងងឹត​ឡើយ គឺនឹង​មាន​ពន្លឺ​នៃ​ជីវិតវិញ »​( យ៉ូហាន ៨:១២ ) ។

រយៈពេល​ជិត​មួយ​ឆ្នាំ ចន្លោះ​ឆ្នាំ ​២០១៦ និង ២០១៧ ប្រជាជន​នៅ​តំបន់​កាសា បាន​ប្រឈម​មុខ​នឹង សោក​នាដកម្ម​យ៉ាង​អាក្រក់ ។ វាគឺជា​គ្រា​ដ៏ខ្មៅ​ងងឹត​សម្រាប់​ប្រជាជននោះ ដោយសារ​តែជម្លោះ​រវាង​ក្រុម​ទាហាន​ប្រកាន់​ទំនៀម​ទម្លាប់ និង​កង​កម្លាំង​រដ្ឋាភិបាល ។ អំពើ​ហឹង្សា​បាន​រីក​រាលដាល​ពី​កណ្តាល​ទីក្រុង​កាសា រហូត​ដល់​តំបន់​កាសាទាំងមូល ។​ មនុស្ស​ជាច្រើន​បាន​ចាកចេញ​ពីផ្ទះ​សម្បែង​របស់​ពួក​គេ ទៅរកទី​សុវត្ថិភាព ហើយ​បាន​លាក់​ខ្លួន​នៅក្នុង​ព្រៃ ។ ពួកគេ​អត់​អាហារ ឬ​ទឹក ឬ​ខ្វះ​ខាត​អ្វីៗ​ជាច្រើន​ទៀត ហើយ​នៅក្នុង​ចំណោម​នោះ​មាន​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​រស់​នៅក្នុង​តំបន់​ហ្គាន់​ណាហ្គា ។ សមាជិក​មួយ​ចំនួន​របស់​សាសនាចក្រ​ត្រូវ​ពួក​កង​ឈ្លប​សម្លាប់ ។

បងប្រុស​ហូណូរី មូឡូមបា ក្នុង​វួដ ណាហ្គាន​ហ្សា ក្នុង​តំបន់​ហ្គាន់​ណាហ្គា និង​ក្រុមគ្រួសារ​របស់​គាត់​ជាមួយ​នឹង​មនុស្ស​មួយ​ចំនួន​បាន​បន្ត​លាក់​ខ្លួន​នៅក្នុង​ផ្ទះ​របស់​ពួកគេ ដោយ​មិន​ដឹងថា​តើ​ត្រូវ​ទៅ​កន្លែង​ណា​ពីព្រោះ​គ្រប់​ផ្លូវ​ទាំងអស់​បាន​ប្រែក្លាយ​ទៅ​ជា​ខ្សែត្រៀម​ប្រយុទ្ធ ។ មានថ្ងៃ​មួយ​សមាជិក​ជីវពល​នៅជិត​ខាង​ បាន​ដឹង​ពីវត្តមាន​របស់​បងប្រុស មូឡូមបា និង​គ្រួសារ​របស់​គាត់​ ដោយ​សារ​ល្ងាច​មួយ​ពួកគេ​បាន​ចេញ​ក្រៅ​ស្វែង​រក​បេះ​បន្លែ​នៅក្នុង​ចម្ការ​របស់​ពួកគេ​ដើម្បី បរិភោគ ។ ក្រុម​កងជីវពល​បាន​ចូល​ផ្ទះ​របស់​ពួកគេ ហើយ​ចាប់​ទាញ​ពួកគេ​ចេញ​ក្រៅ​ ដោយ​បាន​ប្រាប់​ពួកគេ​ថា​តើ​ពួកគេ​ជ្រើសរើស​គោរព​អនុវត្ត​តាម​ការបញ្ជា​របស់​ក្រុម​ជីវពល​ឬ ក៏ជ្រើសរើស​ផ្លូវ​ស្លាប់ ។

បងប្រុស​ មូឡូមបា បាន​ប្រាប់​ពួកគេ​ដោយ​ក្លាហានថា​ « ខ្ញុំ​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ គ្រួសារ​របស់​ខ្ញុំ​និង​ខ្ញុំ បាន​ទទួល​យក​ព្រះ​យេស៊ូវ គ្រីស្ទ ហើយ​មាន​សេចក្តី​ជំនឿ​លើទ្រង់ ។ យើងនឹង​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​របស់​យើង ហើយ​សុខចិត្ត​ស្លាប់ » ។

ពួកគេ​បាន​ប្រាប់​ពួកគាត់​ថា « ដោយសារ​ឯង​ជ្រើស​យក​ព្រះយេស៊ូវ គ្រីស្ទ នោះ​រូបកាយ​របស់​ឯង​នឹង​ក្លាយ​ជា​ចំណី​របស់​សត្វ​ឆ្កែ » ហើយ​ពួកគេ​សន្យាថា​នឹង​ត្រឡប់​មកវិញ ។ ប៉ុន្តែ​ពួកគេ​មិន​បាន​ត្រឡប់​មក​វិញ​ទេ ហើយ​គ្រួសារ​របស់​ពួកគាត់​បាន​ស្នាក់​នៅទីនោះ​ពីរ​ខែ និង​មិនបាន​ជួប​ពួកគេ​ម្តង​ទៀត​ឡើយ ។ បងប្រុស ហូណូរី មូឡូមបា និង​គ្រួសារ​គាត់​បាន​រក្សា​ចន្លុះ​ភ្លើង​នៃ​សេចក្តី​ជំនឿ​របស់​ពួកគេ ។ ពួកគេ​បាន​ចងចាំ​សេចក្តី​សញ្ញា​របស់​ពួកគេ ហើយ​ក៏បាន​ទទួល​នូវការការពារ ។

ព្រះ​យេស៊ូវ គ្រីស្ទ គឺជា​ពន្លឺ​ដែល​យើង​រាល់​គ្នា​នឹង​លើក​ឡើង​សូម្បី​តែ​នៅក្នុង​គ្រា​ងងឹត​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​ក្តី ( សូមមើល នីហ្វៃទី ៣ ១៨:២៤ ) ។ នៅ​ពេល​យើង​ជ្រើសរើស​ធ្វើតាម​ព្រះគ្រីស្ទ នោះ​យើង​ជ្រើសរើស​ដើម្បី​ផ្លាស់ប្ដូរ ។ បុគ្គល​ម្នាក់​បាន​ផ្លាស់​ប្តូរ​ដោយសារ​តែ​ព្រះ​គ្រីស្ទ នោះ​ព្រះគ្រីស្ទ​នឹង​ធ្វើ​ជាមេដឹកនាំ ហើយ​យើង​នឹងត្រូវ​បាន​សួរ​ដូច​ប៉ុល​បាន​សួរ​ថា « ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? » ( កិច្ចការ ៩:៦ ) . យើងនឹង « ដើរ​តាមលំអាន​ដាននៃទ្រង់ »​( ពេត្រុសទី១ ២:២១ ) ។ យើងនឹង​ « ប្រព្រឹត្ត​ដូចជា​ទ្រង់​ដែរ » ( យ៉ូហាន​ទី​១ ២:៦ ) ។ (សូមមើល អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Born of God » Tambuliខែ តុលា ឆ្នាំ ១៩៨៩, ២, ៦ ) ។

ខ្ញុំ​សូមថ្លែង​ទីបន្ទាល់ពី​ទ្រង់​ថា ទ្រង់​បាន​សុគត បាន​បញ្ចុះ ​ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅថ្ងៃ​ទីបី ហើយ​ទ្រង់​បាន​យាង​ទៅ​ស្ថាន​សួគ៌​ដើម្បី​ឲ្យ​បងប្អូន និង​ខ្ញុំ​អាច​ទទួល​ពរជ័យ​នៃ​អមតភាព និង​ភាព​តម្កើង​ឡើង ។ ទ្រង់​គឺជា « ពន្លឺ​…ជា​ជីវិត ហើយ​ជា​សេចក្ដី​ពិត » (អេធើរ ៤:១២) ។ ទ្រង់គឺជាថ្នាំ និង​ជាឱសថ​ព្យាបាល​ភាពចលាចល​នៃ​លោកិយ ។ ទ្រង់​គឺជា​បទដ្ឋាន​នៃ​ភាព​ល្អឥតខ្ចោះ​សម្រាប់​ភាពតម្កើង​ឡើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។