សន្និសីទទូទៅ
សេចក្តី​ព្រួយ​របស់​យើង​នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


សេចក្តី​ព្រួយ​របស់​យើង​នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ

ខ្ញុំសូម​អញ្ជើញ​អស់​អ្នក​ដែល​សោកសៅ អស់​អ្នក​ដែល​ងឿងឆ្ងល់​ពីអ្វី​ដែល​កើត​ឡើង​បន្ទាប់​ពី​សេចក្តីស្លាប់ ឲ្យ​ដាក់​សេចក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ។

កាលពីប៉ុន្មាន​ឆ្នាំមុន​ ពេល​​ចូលរួម​ប្រជុំ​នៅ​ទីក្រុង សលត៍ លេក ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង គឺប្រធាន រ័សុល អិម ណិលសុន បាន​ស្វាគមន៍​ខ្ញុំ ។ លោក​បាន​សួរ​ដោយ​ភាព​កក់ក្តៅ និង​ផ្ទាល់​ខ្លួន​ថា « ម៉ាក តើ​ម្តាយ​​សុខប្បាយ​ទេ ? »

ខ្ញុំបាន​ជម្រាប​លោក​ថា កាល​ពី​សប្តាហ៍​មុន​ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​ម្ដាយ​ខ្ញុំនៅ​នូវវែលសេឡង់ គាត់​ចាស់​ហើយ​​ ​ប៉ុន្តែ​គាត់​មាន​ពេញ​ដោយ​ជំនឿ​ និង​ការ​បំផុស​គំនិត​ដល់​មនុស្ស​ដែល​ស្គាល់​គាត់ ។

បន្ទាប់​មក​លោក​​ថា « សូម​ផ្ញើ​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំទៅ​គាត់​ផង …​ហើយ​ប្រាប់​គាត់ថា​ខ្ញុំ​ទន្ទឹង​​ចាំ​ជួប​គាត់​ម្តងទៀត »។

ជំនួស​ដោយ​ការភ្ញាក់​ផ្អើល ខ្ញុំ​បាន​សួរ​ថា « តើ​លោក​មាន​ផែន​ការ​ធ្វើ​ដំណើរ​ទៅ​នូវវែលសេឡង់​ក្នុង​ពេល​ឆាប់ៗ​នេះ​ឬ »?

លោក​បាន​ឆ្លើយ​ដោយ​ស្មោះថា « អូ អត់ទេ ខ្ញុំ​នឹង​ជួប​គាត់​នៅជីវិត​ក្រោយ » ។

គ្មាន​អ្វី​មាន​ខ្លឺមសារ​ជាង​ចម្លើយ​របស់​លោកទេ ។ វា​គឺជា​ការ​បង្ហាញពី​ច្បាប់​ធម្មជាតិ​ដ៏​ឥតខ្ចោះ ។ ក្នុងគ្រា​ដ៏​ផ្ទាល់នោះ ​​ខ្ញុំ​បាន​ឮ និង​ដឹងពីទីបន្ទាល់​ដ៏​បរិសុទ្ធ ពីព្យាការី​ដែល​នៅ​មាន​ជីវិតថា ជីវិត​បន្ត​រស់​ក្រោយ​ពីសេចក្តី​ស្លាប់ ។

នៅក្នុង​សន្និសីទ​នា​ចុង​សប្តាហ៍​នេះ បងប្អូន​នឹង​ឮ​ទីបន្ទាល់​ពី​ពួក​សាវក​ និង​ព្យាការី​នៅ​រស់​របស់​យើង អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ « គោលការណ៍​ដ៏​សំខាន់​នៃ​សាសនា​របស់​យើង គឺ​ទីបន្ទាល់​នៃ​ពួក​សាវក និង ពួក​ព្យាការី​អំពី​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​បាន​សុគត បាន​បញ្ចុះ​ក្នុង​ផ្នូរ ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​នៅ​ថ្ងៃ​ទីបី … រឿង​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​សាសនា​របស់​យើង​គឺ​ជា​រឿង​បន្ទាប់​បន្សំ​ទៅ​នឹង [ សេចក្តី​ពិតនេះ ] » ។  ខ្ញុំ​សូមសន្យា​នឹង​បងប្អូនថា កាលណា​បងប្អូន​ស្តាប់​ដោយ​ស្មោះ​អស់​ពី​ចិត្ត នោះ​ព្រះវិញ្ញាណ​នឹង​បញ្ជាក់​នៅ​ក្នុង​ចិត្ត​​បងប្អូន អំពី​សេចក្តី​ពិត​នៃ​ទីបន្ទាល់​ទាំងនេះ ។ 

ពួកសាវក​ពី​បុរាណ​របស់​ព្រះយេស៊ូវ បាន​ផ្លាស់ប្តូរ​ជារៀង​រហូត​បន្ទាប់​ពី​ទ្រង់​បង្ហាញ​ព្រះកាយដល់​ពួកគេ​ក្រោយ​ពីការ​សុគត​របស់​ទ្រង់ ។ ពួកលោក​ដប់នាក់​បានឃើញ​ដោយ​ផ្ទាល់ភ្នែក​ថា​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ថូម៉ាស ​កាល​នោះ​បានអវត្ត​មាន រួច​ប្រកាស​ថា « បើ​ខ្ញុំ​មិន​ឃើញ… នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ » ។  ក្រោយ​មក​ព្រះយេស៊ូវ​បាន​ទូន្មាន​ថូម៉ាស​ថា « កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ » ។  បន្ទាប់​មក​ព្រះអម្ចាស់​បាន​បង្រៀន ពី​តួនាទី​ដ៏សំខាន់​នៃ​សេចក្តី​ជំនឿ ​៖ « មាន​ពរហើយ​អ្នក​ណា​ដែល​ជឿ​ឥតឃើញ​សោះ » ។ 

ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ បាន​ផ្តល់​ការ​ទទួល​ខុសត្រូវ​ដល់​សាវក​ទ្រង់​ឲ្យ​ថ្លែង​ទីបន្ទាល់​ពី​ទ្រង់ ។ ក៏ដូច​ពួក​សាវក​បច្ចុប្បន្ន​នេះដែរ ពួក​លោក​បាន​ទុកចោល​មុខរបប​នៃ​ជីវិត​ខាង​លោកិយ​មួយអន្លើ ហើយ​ចំណាយ​ពេល​ដែល​នៅ​សេសសល់​ក្នង​ជីវិត​​ប្រកាស​ដោយ​អង់អាច​ថា ព្រះ​ទ្រង់​ប្រោស​ព្រះ​យេស៊ូវ​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើងវិញហើយ ។ ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល​របស់​ពួកលោក​បាន​ដឹកនាំ​មនុស្ស​រាប់​ពាន់នាក់​ឲ្យ​ព្រម​ទទួល​ការអញ្ជើញ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក ។ 

សារលិខិត​ដ៏​រុងរឿង​នៃ​បុណ្យ​អ៊ីស្ទើរ​នា​ព្រឹក​នេះ គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​គ្រីស្ទ​សាសនា​ទាំងអស់ ។ ព្រះ​យេស៊ូវ​បាន​មាន​ព្រជន្ម​រស់​ឡើង​វិញ ហើយ​ដោយសារ​តែ​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ​នោះ​យើង​ក៏​អាច​រស់​ឡើង​វិញ​ផងដែរ ។ ចំណេះ​ដឹង​នេះ​បាន​ធ្វើ​ឲ្យ​ជីវិតយើង​មាន​អត្ថន័យ និង​មាន​គោលបំណង ។ បើ​យើង​ឆ្ពោះ​ទៅមុខ​ដោយជំនឿ នោះ​យើង​នឹង​មាន​ការផ្លាស់​ប្តូរ​ជានិរន្តរ ដូច​ពួកសាវក​ពីបុរាណ​ផងដែរ ។ យើង​ក៏​ដូចជា​ពួកលោក នឹង​អាច​ស៊ូទ្រាំ​ការលំបាក​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្តី​ជំនឿនេះ​ក៏ផ្តល់​ក្តីសង្ឃឹម​ដល់​យើង ក្នុង​គ្រា​ដែល « សេចក្តី​ព្រួយ​នឹង​ប្រែ​ទៅ​ជាអំណរ​វិញ » ។

សេចក្តី​ជំនឿ​របស់​ខ្ញុំ​ផ្ទាល់​បាន​ចាប់​ផ្តើម​ឡើង​នៅគ្រា​ដែល​ខ្ញុំ​មាន​ទុក្ខព្រួយ ។

ឪពុក​ម្តាយ​របស់​ខ្ញុំ​គឺជា​កសិករ​ចិញ្ចឹម​សត្វ​ចៀម​នៅ​ប្រទេស នូវវែលសេឡង់ ។ ជីវិត​របស់​ពួកលោក​រីករាយ​ណាស់ ។ កាលជា​គូស្វាមី​ភរិយា​វ័យ​ក្មេង ពួកលោក​មានពរ​ដែល​មាន​កូន​ស្រី​តូចៗ​បីនាក់ ។ កូន​ពៅ​គេមាន​ឈ្មោះ​ថា អាន ។ នៅថ្ងៃ​មួយ​ពេល​ពួកលោក​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​លេង​បឹង​មួយ​ជាមួយ​គ្នា អាន ដែល​មាន​អាយុ ១៧ ខែ ដែល​ចេះដើរ​តេះតាស់បាន​ទៅបាត់ ។ បន្ទាប់​ពីខំ​ស្វែង​រក​អស់​ប៉ុន្មាន​នាទី​មក អាន ត្រូវបាន​គេ​រកឃើញ​ថា​ស្លាប់​បាត់បង់​ជីវិត​ ។

សុបិន​អាក្រក់នេះ​ធ្វើ​ឲ្យពួកលោក​សោក​សៅ​ហួស​នឹង​ថ្លែង​ ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ឪពុករបស់​ខ្ញុំ​បាន​សរសេរ​ថា សំណើច​ក្អាសក្អាយ​ដែល​ធ្លាប់​មាន បាន​ចាក​ចេញ​ពីជីវិត​របស់​ពួកលោក​ជារៀង​រហូត​ហើយ ។ វាចាប់​ផ្តើម​ធ្វើ​ឲ្យ​ចង់​ដឹង​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​បំផុត​នៃជីវិតថា « តើ​អាន​ជា​ទីស្រឡាញ់​បំផុត​របស់​យើង​នឹង​ទៅទីណា ? តើ​យើង​នឹងជួប​នាង​ម្តង​ទៀត​ដែរឬ​ទេ ? តើ​ក្រុមគ្រួសារ​របស់​យើង​អាច​រីក​រាយ​ម្តង​ទៀត​ដោយ​របៀបណា ?

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​បន្ទាប់​ពី​សោក​នាដកម្ម​នេះ ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេងពីរនាក់​មក​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​មក​ដល់​កសិដ្ឋាន​របស់​យើង ។ ពួក​គេ​បាន​ចាប់​ផ្តើម​បង្រៀន​សេចក្តី​ពិត​​នៅក្នុង​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប ។ សេចក្តី​ពិត​ទាំងនេះ​រួម​បញ្ចូល​ទាំង​ការអះអាង​ថា​ពេល​នេះ អាន កំពុង​រស់​នៅក្នុង​ពិភព​វិញ្ញាណ ។ ដោយសារ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​នាង​ក៏​នឹង​បាន​រស់​ឡើង​វិញ​ផងដែរ ។ ពួកគេ​បាន​បង្រៀន​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ស្តារឡើង​វិញ​នៅ​លើ​ផែនដី​ម្តងទៀត ដោយមាន​ពួក​ព្យាការី និង​ពួក​សាវក​​នៅ​រស់ ។ ហើយ​ពួកគេ​បាន​បង្រៀន​គោលលទ្ធិ​ដ៏​ពិសេស និង​អស្ចារ្យថា ក្រុមគ្រួសារ​អាចចង​ភ្ជាប់​គ្នា​ជា​និរន្តរ តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព​ដូចគ្នា​ដែល​ព្រះយេស៊ូវគ្រីស្ទ បានប្រទាន​ដល់​សាវក​ច្បង​របស់​ទ្រង់​គឺ ពេត្រុស ។ 

ម្តាយ​របស់​ខ្ញុំ​ចាប់​ផ្តើម​ទទួល​ស្គាល់​សេចក្តី​ពិត និង​បាន​ទទួល​សាក្សី​នៃ​ព្រះវិញ្ញាណ​ភ្លាមៗ ។ ប៉ុន្តែ​ឪពុក​ខ្ញុំ នៅ​ស្មុគស្មាញ​ខ្លាំង​រវាងការសង្ស័យ និង​ការបំផុស​គំនិត​ខាងវិញ្ញាណ​រហូត​ដល់​មួយឆ្នាំ​ក្រោយ ។ ហើយ​គាត់​ក៏​ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​ផងដែរ ។ នៅព្រឹក​មួយ​បន្ទាប់​ពី​សម្រាន្ត​មិនលក់​អស់​ពេញ​មួយ​យប់ ខណៈ​ដែល​គាត់​​ដើរ​ចុះឡើងៗ​ក្នុង​បន្ទប់ នោះគាត់​បាន​ងាក​ទៅរក​ម្តាយ​ខ្ញុំ ​ហើយ​និយាយថា « បង​ចង់​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​នៅថ្ងៃ​នេះ បើ​មិន​អញ្ចឹងទេ បង​នឹង​មិន​ជ្រមុជ​ទឹក​ជារៀង​រហូត » ។

អ្នកម្តាយ​បាន​ប្រាប់​ទៅ​ពួកអ្នកផ្សព្វ​ផ្សាយសាសនា​ពីអ្វី​ដែល​បាន​កើតឡើង ​ហើយ​ពួកគេ​បាន​ដឹង​មួយ​រំពេច​ពី​ភាព​មិន​ទៀងទាត់​នៃ​សេចក្តី​ជំនឿ​របស់​ឪពុកខ្ញុំ ថា​គួរ​បំភ្លឺ ឬ ពន្លត់ ។

នៅ​ព្រឹក​នោះ​គ្រួសារ​របស់​យើង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ឆ្នេរសមុទ្រ​ដែល​នៅ​ជិត​បំផុត ។ ដោយ​មិន​បានដឹង​ថា​មាន​រឿង​អ្វី​កើតឡើង យើង​ដែល​ជាកូនៗ​បាន​នាំ​គ្នា​លេង​ពំនូកខ្សាច់ ខណៈ​ពេល​ដែល​អ៊ែលឌើរ ប៊យដ៍ ហ្រ្គីន និង ហ្គែរី ហ្សេសហ្វិល បាននាំ​ឪពុក​ម្តាយ​ខ្ញុំ​ចុះ​ទៅក្នុង​ទឹកសមុទ្រ​ ​ធ្វើ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ ។ ជា​ការបង្ហាញ​សេចក្តីជំនឿ​ទៅ​មុខ​ទៀត លោក​ពុក​បាន​ធ្វើ​ការ​ប្តេជ្ញា​ផ្ទាល់ជាមួយ​ព្រះអម្ចាស់​ថា មិនថា​មាន​អ្វី​កើតឡើង លោក​នឹង​នៅស្មោះត្រង់​​​ចំពោះ​សេចក្តី​សន្យា​ដែល​លោក​បានធ្វើពេញ​មួយ​ជីវិត​ ។

មួយ​ឆ្នាំ​ក្រោយ​មក​ព្រះវិហារ​បរិសុទ្ធ ហាមីលថុន នូវវែលសេឡង់ បាន​ឧទ្ទិសឆ្លង ។ មិនយូរ​ប៉ុន្មាន​បន្ទាប់​ពីនោះ ក្រុម​គ្រួសារ​របស់​យើង​បាន​លុតជង្គត់​ចុះ​នៅ​ជុំវិញ​អាសនាក្នុង​ដំណាក់​ដ៏ពិសិដ្ឋ​នៃ​ព្រះអម្ចាស់​ ដោយ​មាន​អ្នក​ធ្វើតំណាងជារូប អាន ។ នៅទីនោះ​ដោយ​សិទ្ធិអំណាច​បព្វជិតភាព យើង​ទាំង​អស់​គ្នា​បាន​រួបរួម​គ្នា​ជា​គ្រួសារ​អស់​កល្ប​ជានិច្ច​មួយ​នៅក្នុង​ពិធីបរិសុទ្ធ​ដ៏សាមញ្ញ និង​ស្រស់ស្អាត ។ វា​បាន​នាំមក​នូវ​សេចក្ដី​សុខសាន្ត និង អំណរ​យ៉ាង​អស្ចារ្យ ។

ជាច្រើន​ឆ្នាំ​ក្រោយ​មក​ឪពុក​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំថា ប្រសិន​បើ​គ្មាន​សោកនាដកម្ម​នៃ​ការស្លាប់​របស់ អាន ទេ គាត់​នឹង​គ្មានការ​បន្ទាប​ខ្លួន​គ្រប់គ្រាន់ ដើម្បី​ទទួល​យក​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​នេះ​ឡើយ ។ ប៉ុន្តែ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​ផ្តល់​ក្តីសង្ឃឹម​បន្តិច​ម្តងៗ ហើយ​ថា​អ្វី​ដែល​ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​បាន​បង្រៀន​គឺជា​ការពិត ។ សេចក្តី​ជំនឿ​របស់​ឪពុក​ម្តាយ​ខ្ញុំ​បាន​បន្ត​រីក​ចម្រើន​រហូត​ដល់​ទីបន្ទាល់​របស់​ពួកលោក​បាន​ឆេះ​សន្ធោ​សន្ធៅ ដែល​បាន​នាំ​ឲ្យមាន​ការសម្រេច​ចិត្ត​នៅក្នុង​ជីវិត​របស់​ពួកលោក​ដោយ​ស្ងៀម​ស្ងាត់​និង រាបសា ។

ខ្ញុំ​តែងតែ​អរ​គុណ​ចំពោះ​គំរូ​របស់​ឪពុក​ម្តាយ​ខ្ញុំ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ ។ វាពិត​ជាមិន​អាច​គណនា​ចំនួន​ជីវិត​ដែលបាន​ផ្លាស់​ប្តូរ​ជា​រៀងរហូត ពីព្រោះតែ​សកម្មភាព​នៃ​សេចក្តី​ជំនឿ​ក្នុង​ការឆ្លើយ​តប​ចំពោះ​ទុក្ខសោក​ដ៏ជ្រាលជ្រៅនេះ​ទេ ។

ខ្ញុំសូម​អញ្ជើញ​អស់​អ្នក​ដែល​សោកសៅ អស់​អ្នក​ដែល​តស៊ូ​ពុះពារ​នឹង​ការសង្ស័យ អស់​អ្នក​ដែល​ងឿងឆ្ងល់​ពីអ្វី​ដែល​កើត​ឡើង​បន្ទាប់​ពី​សេចក្តីស្លាប់ សូម​ឲ្យ​ដាក់​សេចក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ។ ខ្ញូំ​សូមសន្យាថា ប្រសិន​បើ​បងប្អូន មាន​បំណងប្រាថ្នាក្នុង​ការជឿ​ ហើយ ​ប្រព្រឹត្ត​តាមនៅក្នុង​សេចក្តី​ជំនឿ ហើយ​ធ្វើតាមការ​ខ្សឹប​ប្រាប់​ពីព្រះវិញ្ញាណ នោះ​បងប្អូន​នឹង​រកឃើញ​អំណរ​នៅក្នុង​ជីវិត​នេះ ​និង​ជីវិត​បន្ទាប់ ។

ឱ ! ខ្ញុំ​ទន្ទឹង​រង់ចាំ​ដល់​ពេល​ដែល​ខ្ញុំ​អាច​ជួប​ប្អូន​ស្រី អាន របស់​ខ្ញុំ​ខ្លាំងណាស់ ។ ខ្ញុំ​ទន្ទឹងរង់ចាំ​ការជួបជុំ​ដ៏​រីករាយ​ជាមួយ​លោក​ពុក​ខ្ញុំ​ដែល​បាន​ទទួល​មរណភាព​អស់​ ៣០ ​ឆ្នាំ​ទៅហើយនោះ ។ ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​អំពី​អំណរ​ដែល​បាន​រកឃើញ ដោយ​ការ​រស់នៅ​តាម​សេចក្តី​ជំនឿ ការជឿ​ដោយ​មើល​មិនឃើញប៉ុន្តែ​ជាការ​ដឹង​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធថា ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ដោយ​អស់ពី​ដួងចិត្ត និង​ព្រលឹង​របស់​ខ្ញុំ នោះខ្ញុំ​សូម​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែលបាន​ស្តារឡើងវិញ​របស់ទ្រង់ ។ អ្វីៗ​ទាំងអស់​នេះ​បាន​ប្រទានពរ​ដល់​គ្រប់ទិដ្ឋភាព​នៃ​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ជា​ព្រះ​អង្គសង្គ្រោះ និង​ព្រះប្រោស​លោះ​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ការ​បង្រៀន​របស់​ប្រធាន​សាសនា​ចក្រ ៖ យ៉ូសែប ស្ម៊ីធឆ្នាំ ២០០៧ ) ទំព័រ ៤៩ ។

  2. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញ ៨:២ ។

  3. យ៉ូហាន ២០:២៥ ។ « វា​ជា​រឿង​ធម្មតា​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ដែល​និយាយថា ‹ ការមើលឃើញ​គឺ​ជា​ជំនឿ​ផងដែរ › ។ ប៉ុន្តែ​របៀបរបស់​ព្រះអម្ចាស់​បាន​ឲ្យ​និយមន័យ​ផ្សេង​គឺ ‹​ការជឿ​គឺជា​ការ​មើលឃើញ › ។ សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់​គឺជា​ផល​ដំបូង មិន​មែន​ជាទី​បញ្ចប់​ទេ » (Lance B. Wickman, « But If Not » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០២,​៣១ ) ។

  4. យ៉ូហាន ២០:២៧ ។

  5. យ៉ូហាន ២០:២៩ បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  6. សូមមើល កិច្ចការ ២ ។

  7. យ៉ូហាន ១៦:២០ ។

  8. ខេនីត ម៉ាឡូនី ផលម័រ និង ជីល ហ្គារលីក ផលម័រ ។

  9. សូមមើល ម៉ាថាយ ១៦:១៩ ។