សន្និសីទទូទៅ
កូវីដ-១៩ និង​ព្រះវិហារ​បរិសុទ្ធ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


កូវីដ-១៩ និង​ព្រះវិហារ​បរិសុទ្ធ

សូម​រក្សា​សេចក្តីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​និង​ពរជ័យ​ទាំងឡាយ​ដែល​សំខាន់​បំផុត​នៅក្នុង​គំនិត និង​ដួងចិត្ត​របស់​បងប្អូន ។ សូម​បន្ត​នៅ​ពិត​ចំពោះ​សេចក្តី​សញ្ញា​ដែល​បងប្អូន​បាន​ធ្វើ ។

ឱ ! បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ យើង​ពិត​ជា​មាន​អាហារ​ខាង​វិញ្ញាណ​ដ៏​វិសេសវិសាល ។ ខ្ញុំ​មាន​អំណរគុណ​ណាស់ ចំពោះ​ការអធិស្ឋាន សារលិខិត និង​តន្រ្តី​នៅក្នុង​សន្និសីទ​នេះ​ទាំងមូល ។ សូម​អរគុណ​ចំពោះ​បងប្អូន​រាល់គ្នា ដែល​បាន​ចូលរួម​ជាមួយ​យើង មិនថា​បងប្អូន​នៅទីណា​ក្ដី ។

នៅដើម​ឆ្នាំ​មុន ពីព្រោះ​តែ​ជំងឺ​រាតត្បាត​សកល កូវីដ-១៩ និង​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ធ្វើ​ជា​ពលរដ្ឋល្អ​នៅទូទាំង​ពិភពលោក យើង​បាន​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​លំបាក​ក្នុង​ការបិទ​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់​ជា​បណ្តោះ​អាសន្ន ។ ក្រោយពី​ការបិទ​អស់រយៈ​ពេល​ប៉ុន្មាន​ខែ​មក យើង​បាន​ទទួល​អារម្មណ៍​ការបំផុសគំនិត​ឲ្យ​បើក​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ​បន្តិចម្តងៗ ដោយមាន​វិធានការ​យ៉ាង​ប្រុងប្រយ័ត្ន ។ ឥឡូវ​នេះ ព្រះវិហារ​បរិសុទ្ធ​បាន​បើក និង​កំពុង​ប្រតិបត្តិការ​នៅក្នុង​ដំណាក់កាល​បួន ដោយ​ប្រកាន់ខ្ជាប់​តាម​ច្បាប់​ក្នុង​ស្រុក និង​ពិធីការ​សុវត្ថិភាព​យ៉ាង​តឹងតែង ។

ចំពោះ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ដំណាក់កាល​ទី ១ គូ​ស្វាមី​ភរិយា​ដែល​មាន​ភាពស័ក្ដិសម​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ខ្លួន​ពីមុន​មក អាច​ធ្វើ​ការផ្សារភ្ជាប់​ជា​ស្វាមី និង​ភរិយា​បាន ។

ចំពោះ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ដំណាក់កាល​ទី ២ ពិធីបរិសុទ្ធ​សម្រាប់​អ្នក​នៅរស់​គឺ​ត្រូវបាន​ធ្វើ​ឡើង ដោយ​រួមទាំង​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់ខ្លួន ការផ្សារភ្ជាប់​ជា​ស្វាមី និង​ភរិយា និង ការផ្សារភ្ជាប់​កូនៗ​ទៅ​នឹង​ឪពុកម្តាយ ។ ថ្មីៗ​នេះ យើង​បាន​កែតម្រូវ​លក្ខខណ្ឌ​ដែល​បាន​ចែង​នៅក្នុង​ដំណាក់កាល​ទី ២ ហើយ​ឥឡូវនេះ យើង​អនុញ្ញាត​ឲ្យ​យុវវ័យ សមាជិក​ថ្មី និង​អ្នកដទៃទៀត​ដែល​មាន​ប័ណ្ណ​សម្រាប់​ការប្រើប្រាស់​មាន​កម្រិត ឲ្យ​ចូលរួម​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​បុព្វការីជន​របស់​ពួកគេ ។

ចំពោះ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ដំណាក់កាល​ទី ៣ អស់​អ្នកដែល​បាន​ដាក់​កាលវិភាគ​ណាត់ជួប មិន​ត្រឹមតែ​អាច​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​សម្រាប់​អ្នក​ដែល​នៅរស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ចូល​រួម​ក្នុង​ពិធីបរិសុទ្ធ​ជំនួស​ឲ្យ​បុព្វការីជន​ដែល​បាន​ស្លាប់​ផងដែរ ។

ដំណាក់​កាលទី ៤ គឺ​ការបើក​ពេញលេញ​វិញ គឺ​មាន​ន័យថា​​សកម្មភាព​ព្រះវិហារ​បរិសុទ្ធ​មាន​ដូច​ធម្មតា​វិញ ។

យើង​មាន​អំណរគុណ​ចំពោះ​សេចក្តីអំណត់​របស់​បងប្អូន និង​ការបម្រើ​ដ៏​ស្មោះស្ម័គ្រ​នៅអំឡុង​គ្រា​នៃ​ការផ្លាស់ប្តូរ និង​ដ៏​ឧបសគ្គ​នេះ ។ ខ្ញុំ​សូម​បួងសួង​ឲ្យ​បំណង​ប្រាថ្នា​របស់​បងប្អូន​ក្នុងការ​ថ្វាយបង្គំ និង​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ខ្មួលខ្មាញ់​ឡើង សម្រាប់​ពេល​ឥឡូវ​និង​ជា​រៀងដរាប ។

បងប្អូន​ប្រហែល​ជា​កំពុង​ឆ្ងល់​ថា តើ​ពេល​ណា​ដែល​បងប្អូន​អាច​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ​បាន ។ ចម្លើយ ៖ ព្រះវិហារបរិសុទ្ធ​របស់​បងប្អូន​នឹង​បើក នៅពេល​ដែល​ច្បាប់​រដ្ឋាភិបាល​ក្នុង​ស្រុក​របស់​បងប្អូន​អនុញ្ញាត​ឲ្យ ។ នៅពេល​ឧប្បត្តិហេតុ​នៃ​ជំងឺ​កូវីដ-១៩ នៅក្នុង​តំបន់​របស់​បងប្អូន​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​មាន​សុវត្ថិភាព នោះ​ព្រះវិហារ​បរិសុទ្ធ​របស់​បងប្អូន​នឹង​បើក​ឡើងវិញ​ហើយ ។ យើង​សូម​លើកទឹកចិត្ត​បងប្អូន ឲ្យ​ខំ​អស់​ពី​លទ្ធភាព​របស់​បងប្អូន​ដើម្បី​ទម្លាក់​តួលេខ​ជំងឺ​កូវីដ​ឲ្យ​នៅទាប​តាម​តំបន់​របស់​បងប្អូន ដើម្បី​ឲ្យ​ឱកាស​បើក​ព្រះវិហារ​បរិសុទ្ធ​អាច​កើនឡើង ។

ទន្ទឹម​នឹង​នេះ សូម​រក្សា​សេចក្តីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ និង​ពរជ័យ​ទាំងឡាយ​ដែល​សំខាន់​បំផុត​នៅក្នុង​គំនិត និង​ដួងចិត្ត​របស់​បងប្អូន ។ សូម​បន្ត​នៅ​ពិត​ចំពោះ​សេចក្តី​សញ្ញា​ដែល​បងប្អូន​បាន​ធ្វើ ។

យើង​កំពុង​សាងសង់​ឥឡូវនេះ​ដើម្បី​អនាគត ! ព្រះវិហារ​បរិសុទ្ធ​ចំនួន​សែសិប​មួយ​កន្លែង​កំពុង​ដំណើរការ​សាងសង់ ឬ​ជួសជុល ។ គ្រាន់តែ​ឆ្នាំមុន​នេះ ទោះបី​ជា​មាន​ការរាតត្បាត​ក្តី ក៏​នៅតែ​មាន​ការបើក​ការដ្ឋាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ២១ កន្លែង​ដែរ !

យើង​ចង់​នាំយក​ដំណាក់​របស់​ព្រះអម្ចាស់ ឲ្យ​នៅ​កាន់តែ​ជិត​នឹង​សមាជិក​របស់​យើង ដើម្បី​សមាជិក​អាច​មាន​ឯកសិទ្ធិ​ដ៏ពិសិដ្ឋ​ដើម្បីចូលរួម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ឲ្យ​បាន​ញឹកញាប់​តាម​កាលៈទេសៈ​ហុច​ឲ្យ ។

នៅ​ពេល​ខ្ញុំ​ប្រកាស​ផែនការ​របស់​យើង​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ចំនួន ២០ បន្ថែម​ទៀត ខ្ញុំ​ពិចារណា​និង​សរសើរ​ដល់​អ្នកត្រួសត្រាយ—ពី​អតីតកាល និង​បច្ចុប្បន្ន—ដែល​បាន​លះបង់​ជីវិត​ជួយ​បង្កើត​ប្រវត្តិសាស្ត្រ​នេះ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ។ ព្រះវិហារ​បរិសុទ្ធ​ថ្មី​នឹង​សង់​ឡើង​នៅ​ទីកន្លែង​នីមួយៗ​ដូច​ខាងក្រោម ៖​អូលឡូ ប្រទេស​ន័រវេស; ទីក្រុង ព្រុចសែល ប្រទេសបែលហ្ស៊ិក; វីយែន ប្រទេសអូទ្រីស; គូម៉ាសា ប្រទេសហ្កាណា; ប៊ីរ៉ា ប្រទេសម៉ូហ្សំប៊ិក; ខេបថោន អាហ្វ្រិកខាងត្បូង; សាធារណរដ្ឋ សិង្ហបុរី ប៊ីឡូ​ហ្សូរីហ្សូនី ប្រទេសប្រេស៊ីល; កាលី ប្រទេសកូឡុំប៊ី; ឃឺរេធីតា ប្រទេសម៉ិកស៊ីកូ; តូរេន ប្រទេសម៉ិកស៊ិក; ហេលេណា ប្រទេសម៉ុនតាណា; ហ្គាស្ពើរ, វ៉ាយអូមីង មហាប្រសព្វរដ្ឋខូឡូរ៉ាដូ; ហ្វាមីងតុន ម៉ិកស៊ីកូ​ថ្មី ប៊ូលី រដ្ឋអៃដាហូ; អេកហ្គេនអូរីហ្គុន; អេលកូ រដ្ឋនេវ៉ាដា; ចូបាលីនដា រដ្ឋកាលីហ្វ័រញ៉ា; និង ស្ម៊ីធហ្វាយ រដ្ឋ​យូថាហ៍ ។

ព្រះ​វិហារបរិសុទ្ធ​ទាំងឡាយ​គឺ​​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ភាព​ពេញលេញ ។ ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បំពេញ​ជីវិត​របស់​យើង​ជាមួយ​អំណាច និង​កម្លាំង​ដែល​ពុំ​មាន​តាម​របៀប​​ផ្សេង​ទៀត​ឡើយ ។ យើង​សូម​អរព្រះគុណ​ដល់ព្រះ​​ចំពោះ​ពរជ័យ​ទាំងនេះ ។

កាល​ដែល​យើង​បញ្ចប់​សន្និសីទ​នេះ យើង​សូម​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​បងប្អូន​ម្តងទៀត ។ យើង​អធិស្ឋាន​សូមឲ្យ​ព្រះ​នឹង​ចាក់​ស្រោច​ពរជ័យ​របស់​ទ្រង់ និង​មើលថែ​បងប្អូន​ម្នាក់ៗ ។ យើង​ចូលរួមចំណែក​នៅក្នុង​ការបម្រើ​ដ៏​ពិសិដ្ឋ​របស់​ទ្រង់​ជាមួយ​គ្នា ។ ដោយ​សេចក្តី​ក្លាហាន ចូរ​យើង​ទាំងអស់​គ្នា​ខិតខំ​នៅ​ក្នុង​កិច្ចការ​ដ៏​រុងរឿង​របស់​ព្រះអម្ចាស់ ! ខ្ញុំ​សូម​អធិស្ឋាន​សម្រាប់​ពរជ័យ​នេះ ក្នុងព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕