សន្និសីទទូទៅ
ប៊ីស្សព—ជា​អ្នកគង្វាល​ហ្វូងចៀម​របស់​ព្រះអម្ចាស់
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


ប៊ីស្សព—ជា​អ្នកគង្វាល​ហ្វូងចៀម​របស់​ព្រះអម្ចាស់

ប៊ីស្សព​មាន​តួនាទី​ដ៏​សែន​សំខាន់​មួយ​ក្នុង​ការបម្រើ​ជា​អ្នកគង្វាល ដើម្បី​ដឹកនាំ​ជំនាន់​ដែល​កំពុង​ពេញវ័យ ។

បងប្អូន​ប្រុស​បព្វជិតភាព​ជាទី​ស្រឡាញ់​របស់​ខ្ញុំ វគ្គ​ដ៏​គួរឲ្យ​ចងចាំ​បំផុត​មួយ​នៅក្នុង​ទំនុក​តម្កើង​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​សួរ​ថា « តើ​យុវវ័យ​ស៊ីយ៉ូន​ស្ទាក់ស្ទើរ ? » ការប្រកាស​ដ៏ស្មោះ​អស់ពី​ចិត្ត និង​ខ្ទរ​រំពង​របស់​ខ្ញុំ​ទុកជា​ចម្លើយ​ចំពោះ​សំណួរ​នោះ​គឺ​ថា « ទេ ! »

ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ចម្លើយ​នោះ​ពិត ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការគាំទ្រ​ដល់​ជំនាន់​ដែល​កំពុង​ពេញវ័យ​ក្នុង​គ្រា​ដែល​មាន​ឧបសគ្គ និង​ការល្បួង​មិន​ធម្មតា​នេះ គឺជា​ការទទួល​ខុសត្រូវ​ដ៏​សំខាន់​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទានឲ្យ​ឪពុក​ម្ដាយ និង​គណៈប៊ីស្សព ។ ខ្ញុំ​សូម​បង្ហាញ​ពី​សារៈសំខាន់​នៃ​គណៈប៊ីស្សព​ចេញពី​បទពិសោធន៍​ផ្ទាល់ខ្លួន​មួយ ។

ពេល​ខ្ញុំ​នៅជា​ឌីកុន គ្រួសារ​ខ្ញុំ​បាន​ផ្លាស់​ផ្ទះ​ថ្មី​ទៅ​​វួដ​ផ្សេង ។ ខ្ញុំ​ទើប​ចាប់ផ្ដើម​អនុវិទ្យាល័យ ដូច្នេះ​ខ្ញុំ​ក៏​បាន​ប្ដូរទៅ​សាលារៀន​ថ្មី​ដែរ ។ មាន​យុវជន​ដ៏​អស្ចារ្យ​មួយ​ក្រុម​នៅក្នុង​កូរ៉ុម​ឌីកុន ។ ឪពុក​ម្ដាយ​របស់​ពួកគេ​ភាគច្រើន​គឺជា​សមាជិក​សកម្ម ។ ម្ដាយ​ខ្ញុំ​ជា​សមាជិក​ដែល​សកម្ម​ខ្លាំង​ណាស់ ឯ​ឪពុក​ខ្ញុំ​វិញ​ល្អ​គ្រប់យ៉ាង ប៉ុន្ដែ​មិនមែន​ជា​សមាជិក​សកម្ម​នោះ​ទេ ។

ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប៊ីស្សពបងប្រុស ឌៀន អាយរឺ គឺជា​អ្នកដឹកនាំ​ដ៏​ស្មោះស្ម័គ្រ​ម្នាក់ ។ ពេល​ខ្ញុំ​សម្របខ្លួន​នឹង​វួដ​ថ្មី​នៅឡើយ មាន​គេ​ប្រកាស​ពី​ព្រឹត្តិការណ៍​ឪពុក-កូនប្រុស​មួយ​សម្រាប់ បៀ ឡេក—ប្រហែល​ជា ៦៥ គីឡូម៉ែត្រ ( ៤០ ម៉ែលស៍ ) ពី​ផ្ទះ ។ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​ចូលរួម​ទេ បើ​គ្មាន​ឪពុក​របស់​ខ្ញុំ​នោះ ។ ប៉ុន្ដែ​បងប្រុស​អាយរឺ បាន​ធ្វើការ​អញ្ជើញ​ពិសេស​មួយ​ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ជាមួយ​នឹង​គាត់ ។ គាត់​និយាយលើក​តម្កើង និង​គោរព​ដល់​ឪពុក​របស់​ខ្ញុំ ហើយ​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ឱកាស​របស់​ខ្ញុំ​ដើម្បី​នៅ​ជាមួយ​នឹង​សមាជិក​កូរ៉ុម​ឌីកុន​ផ្សេងទៀត ។ ដូច្នេះ ខ្ញុំ​បាន​សម្រេច​ថា​ទៅ​ជាមួយ​នឹង​បងប្រុស​អាយរឺ ហើយ​ខ្ញុំ​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ ។

បងប្រុស​អាយរឺ ជា​គំរូ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ពេល​គាត់​បំពេញ​តួនាទី​ជា​គណៈប៊ីស្សព ដើម្បី​គាំទ្រ​ដល់​ឪពុក​ម្ដាយ​ក្នុង​ការមើលថែ និង​ចិញ្ចឹម​បីបាច់​យុវវ័យ ។ គាត់​ធ្វើឲ្យ​ខ្ញុំ​ចាប់ផ្ដើម​យ៉ាង​ល្អ​ក្នុង​វួដ​ថ្មី​នេះ ហើយ​គាត់​ជា​គ្រូបង្វឹក​សម្រាប់​ខ្ញុំ ។

ពីរបី​ខែ​មុនពេល​ខ្ញុំ​ចេញ​បម្រើ​បេសកកម្ម​នៅ​ឆ្នាំ ១៩៦០ បងប្រុស​អាយរឺ បាន​លាចាក​លោក​ដោយសារ​ជំងឺ​មហារីក​នៅ​អាយុ ៣៩ ឆ្នាំ ។ គាត់​ទៅចោល​ភរិយា និង​កូនៗ​ទាំង​ប្រាំ​នាក់​របស់​គាត់ ដែល​មាន​អាយុ​ក្រោម ១៦ ឆ្នាំ ។ កូនប្រុស​ច្បង​របស់​គាត់ រីឆាត និង គ្រីស អាយរឺ បាន​អះអាង​នឹង​ខ្ញុំ​ថា ពេល​ឪពុក​របស់​គេ​អវត្តមាន គណៈប៊ីស្សព​បាន​គាំទ្រ និង​មើលថែ​ពួកគេ ព្រមទាំង​ប្អូនប្រុសៗ និង​ប្អូនស្រី​របស់​ពួកគេ​ដោយ​ក្ដីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ហើយ​ខ្ញុំ​មាន​អំណរ​ចំពោះ​ការណ៍​នេះ ។

ឪពុក​ម្តាយ​តែង​មាន​ទំនួល​ខុសត្រូវ​ចម្បង​ចំពោះ​ក្រុមគ្រួសារ​របស់​ពួកគេ ។ គណៈប្រធាន​កូរ៉ុម​ក៏ផ្ដល់​ការគាំទ្រ និង​ការណែនាំ​ដ៏​សំខាន់​ដល់​សមាជិក​កូរ៉ុម​ផងដែរ តាមរយៈ​ការជួយ​ពួកគេ​ឲ្យ​ដាក់​កាតព្វកិច្ច និង​អំណាច​នៃ​បព្វជិតភាព​អើរ៉ុន​ជា​អាទិភាព​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​ពួកគេ ។

រូបភាព
អ្នក​គង្វាល ជាមួយនិង ចៀម

ថ្ងៃនេះ គោលបំណង​ខ្ញុំ​គឺ​ផ្ដោតលើ​ប៊ីស្សព និង​ទីប្រឹក្សា​របស់​លោក ដែល​អាច​ត្រូវបាន​ហៅ​ដោយ​សមរម្យ​ថាជា « អ្នកគង្វាល​ហ្វូងចៀម​របស់​ព្រះអម្ចាស់ »—ដោយ​សង្កត់​ធ្ងន់​លើ​ការធ្វើជា​អ្នកគង្វាល​របស់​ជំនាន់​ដែល​កំពុង​ពេញវ័យ ។ វា​គួរឲ្យ​ចាប់​អារម្មណ៍​ដែល​សាវក​ពេត្រុស​បាន​សំដៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ថាជា « អ្នក​គង្វាល ជា​អ្នកថែទាំ​ព្រលឹង​អ្នករាល់គ្នា » ។

ប៊ីស្សព​មាន​ការទទួលខុសត្រូវ​សំខាន់​ចំនួន​ប្រាំ នៅក្នុង​ការធ្វើ​ជា​អធិបតី​លើ​វួដ ៖

  1. ប៊ីស្សព​គឺជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី​នៅក្នុង​វួដ ។

  2. លោក​គឺជា​ប្រធាន​បព្វជិតភាព​អើរ៉ុន ។

  3. លោក​គឺជា​ចៅក្រម​ទូទៅ​មួយ​រូប ។១០

  4. លោក​សម្រប​សម្រួល​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពលើក​តម្កើង រួមមាន​ការថែទាំ​ដល់​បងប្អូន​ដែល​ទ័លក្រ​ផងដែរ ។១១

  5. ហើយ​លោក​មើល​ខុសត្រូវ​លើ​កំណត់ត្រា ហិរញ្ញវត្ថុ ព្រមទាំង​ការប្រើប្រាស់​សាលា​ប្រជុំ ។១២

ក្នុង​តួនាទី​របស់​លោក​ជា​សង្ឃ​ជាន់ខ្ពស់​ជា​អធិបតី ប៊ីស្សព​គឺជា « អ្នកដឹកនាំ​ខាង​វិញ្ញាណ » របស់​វួដ ។១៣ លោក​គឺជា « សិស្ស​ស្មោះត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។១៤

លើសពី​នេះ « ប៊ីស្សព​សម្រប​សម្រួល​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពលើក​តម្កើង​នៅក្នុង​វួដ » ។១៥ ប៊ីស្សព​អាច​ចាត់តាំង​ការទទួល​ខុសត្រូវ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ក្នុង​ការចែកចាយ​ដំណឹងល្អ ការពង្រឹង​ដល់​សមាជិក​ថ្មី និង​សមាជិក​ត្រឡប់​មក​សកម្ម​វិញ ការងារ​បម្រើ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ទៅឲ្យ​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ ។១៦ ប៊ីស្សព​សម្រប​សម្រួល​កិច្ចការ​នេះ​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​វួដ និង​ក្រុមប្រឹក្សា​យុវវ័យ​វួដ ។

ប៊ីស្សព​មាន​តួនាទី​ដ៏​សែន​សំខាន់​មួយ​ក្នុង​ការបម្រើ​ជា​អ្នកគង្វាល ដើម្បី​ដឹកនាំ​ជំនាន់​ដែល​កំពុង​ពេញវ័យ រួមមាន​យុវមជ្ឈិមវ័យ​នៅលីវ​ជាដើម ឲ្យ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។១៧ ប្រធាន រ័សុល អិម ណិលសុន បាន​សង្កត់ធ្ងន់​លើ​តួនាទី​ដ៏​សែន​សំខាន់​នេះ​របស់​ប៊ីស្សព និង​ទីប្រឹក្សា​របស់​លោក ។ លោក​បាន​បង្រៀន​ថា « ការទទួល​ខុសត្រូវ​ដ៏​សំខាន់​បំផុត​របស់​គាត់​គឺ ដើម្បី​មើលថែ​យុវជន និង​យុវនារី​នៅក្នុង​វួដ​របស់ [ ពួកគាត់ ] » ។១៨ គណៈប៊ីស្សព​គាំទ្រ​ដល់​ឪពុក​ម្ដាយ​នៅក្នុង​ការមើលថែ និង​ចិញ្ចឹម​បីបាច់​កូនៗ និង​យុវវ័យ​នៅក្នុង​វួដ ។ ប៊ីស្សព និង​ប្រធាន​យុវនារី​វួដ​ប្រឹក្សា​ជាមួយ​គ្នា ។ ពួកគាត់​ព្យាយាម​ជួយ​យុវវ័យ​ឲ្យ​រស់នៅ​តាម​បទដ្ឋាន​ក្នុង​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជនឲ្យ​មាន​ភាពស័ក្ដិសម​ដើម្បី​ទទួល​ពិធីបរិសុទ្ធ ហើយ​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ។

បងប្អូន​អាច​សួរ​ថា « ហេតុអ្វី​គណៈប៊ីស្សព​ត្រូវបាន​ណែនាំ​ឲ្យ​ចំណាយ​ពេល​ជាច្រើន​ជាមួយ​នឹង​យុវវ័យ ? » ព្រះអម្ចាស់​បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់ ដើម្បី​សម្រេច​ឲ្យបាន​អាទិភាព​សំខាន់ៗ​ទាំងឡាយ ។ ស្រប​តាម​ការណ៍​នេះ ការរៀបចំ​សាសនាចក្រ​របស់​ទ្រង់​មាន​រចនាសម័្ពន្ធ​មួយ ដែល​ប៊ីស្សព​មាន​ការទទួល​ខុសត្រូវ​ពីរ ។ លោក​មាន​ការទទួល​ខុសត្រូវ​ខាង​គោលលទ្ធិ​សម្រាប់​វួដ​លោក​ទាំងមូល ប៉ុន្ដែ​លោក​ក៏មាន​ការទទួល​ខុសត្រូវ​ខាង​គោលលទ្ធិ​ជាក់លាក់​សម្រាប់​កូរ៉ុម​សង្ឃ​ផងដែរ ។១៩

យុវជន​ដែល​ជា​សង្ឃ ហើយ​យុវនារី​ដែល​មាន​អាយុ​តំណាលគ្នា ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​ខ្លាំង​មួយ​នៃ​ជីវិត និង​ការអភិវឌ្ឍ​របស់​ពួកគេ ។ អំឡុង​ពេល​ដ៏​ខ្លី​នេះ ពួកគេ​ធ្វើការ​សម្រេច​ចិត្ត ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។ ពួកគេ​កំណត់​ថាតើ​ពួកគេ​នឹង​មាន​ភាពស័ក្ដិសម​សម្រាប់​ព្រះវិហារ​បរិសុទ្ធ បម្រើ​បេសកកម្ម២០ព្យាយាម​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​សម្រាប់​កិច្ចការ​ក្នុង​ជីវិត​របស់​ពួកគេ​ដែរ​ឬអត់ ។ ការសម្រេច​ចិត្ត​ទាំងនេះ តែ​កាលណា​បាន​កំណត់​ហើយ វា​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ជីវិត​ខាង​វិញ្ញាណ និង​ជីវិត​ទូទៅ អស់​មួយ​ជីវិត​របស់​ពួកគេ ។ ប៊ីស្សព​ទាំងឡាយ​ សូម​ដឹង​ថា រយៈពេល​ដ៏​ខ្លី​ដែល​លោក​ចំណាយ​ជាមួយ​នឹង​សង្ឃ​វ័យក្មេង យុវនារី ឬ​យុវមជ្ឈិមវ័យ​នេះ អាច​ជួយ​ពួកគេ​ឲ្យ​យល់ពី​អំណាច​ដែល​មាន តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​អាច​ផ្ដល់ជា​ចក្ខុវិស័យ​មួយ ដែល​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ជីវិត​របស់​ពួកគេ​ទាំងស្រុង ។

រូបភាព
ប៊ីស្សព ម៉ៅ ម៉ាហេ និង​ទីប្រឹក្សា​របស់​លោក

គំរូ​ដ៏​ល្អបំផុត​មួយ ដែល​ខ្ញុំ​បាន​ឃើញ​ពី​ប៊ីស្សព​ម្នាក់ ដែល​បាន​ជួយ​ផ្ដល់​ចក្ខុវិស័យ​បែប​នេះ​ដល់​យុវវ័យ​របស់​គាត់ គឺ​ប៊ីស្សព ម៉ៅ ម៉ាហេ ។ គាត់​ត្រូវបាន​ហៅ​ជា​ប៊ីស្សព​ដំបូង​គេ​នៅ​វួដ សាន ហ្វ្រានស៊ីសកូ តុងហ្គាន ។២១ គាត់​គឺ​ជា​ជនអន្ដោប្រវេសន៍​ពី​ទីក្រុង​វ៉ាវ៉ាអ៊ូ ប្រទេស​តុងហ្គា ។ វួដ​របស់​គាត់​នៅ​ជិត​ព្រលាន​យន្ដហោះ សាន ហ្វ្រានស៊ីសកូ រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ជា​កន្លែង​ធ្វើការ​របស់​គាត់ ។២២

រូបភាព
វួដ តុងហ្គាន

វួដ​នេះ​មាន​យុវវ័យ​ជាច្រើន ដែល​យុវវ័យ​ភាគច្រើន​មកពី​ក្រុមគ្រួសារ​ដែល​ទើប​ធ្វើ​អន្ដោប្រវេសន៍​មកកាន់​សហរដ្ឋ​អាមេរិក ។ ប៊ីស្សព ម៉ាហេ មិន​ត្រឹមតែ​បង្រៀន​ពួកគេ​តាមរយៈ​សម្ដី និង​គំរូ​ស្ដីពី​របៀប​ដើម្បី​ធ្វើជា​សិស្ស​ដ៏​សុចរិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គាត់​ថែមទាំង​ជួយ​ផ្ដល់​ចក្ខុវិស័យ​ដល់​ពួកគេ អំពី​អ្វី​ដែល​ពួកគេ​អាច​ប្រែក្លាយ ហើយ​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ បេសកកម្ម ការអប់រំ និង​ការងារ​ផងដែរ ។ គាត់​បាន​បម្រើ​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ ហើយ​ក្ដីស្រមៃ និង​បំណង​ប្រាថ្នា​របស់​គាត់​សម្រាប់​យុវវ័យ​បាន​ក្លាយជា​ការពិត ។

សឹងតែ ៩០ ភាគរយ​នៃ​យុវជន​ក្នុង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​បាន​បម្រើ​បេសកកម្ម ។ មាន​យុវជន និង​យុវនារី​ចំនួន ដប់ប្រាំនាក់​ជា​សមាជិក​ដំបូង​គេ​ក្នុង​ក្រុមគ្រួសារ​របស់​ពួកគេ ដែល​បាន​ចូលរៀន​នៅ​មហាវិទ្យាល័យ ។២៣ គាត់​បាន​ទៅជួប​នាយក​វិទ្យាល័យ​ក្នុង​មូលដ្ឋាន ( មិនមែន​ជា​សមាជិក​យើង​ទេ ) ហើយ​ពួកគេ​បាន​ចង​មិត្តភាព​នឹង​គ្នា ហើយ​បាន​សហការគ្នា​លើ​របៀប​ដើម្បី​ជួយ​យុវវ័យ​ម្នាក់ៗ ឲ្យ​សម្រេច​បាន​គោលដៅ​ដ៏​សំខាន់ និង​យកឈ្នះ​លើ​បញ្ហា​នានា ។ នាយក​សាលា​នោះ​បាន​ប្រាប់​ខ្ញុំ​ថា ប៊ីស្សព​ម៉ាហេ បាន​ជួយ​គាត់​ឲ្យ​ធ្វើការ​ជាមួយ​នឹង​ជនអន្ដោប្រវេសន៍​មកពី​គ្រប់​សេចក្ដី​ជំនឿ ដែល​កំពុង​ជួប​ការលំបាក ។ យុវវ័យ​ទាំងឡាយ​បាន​ដឹង​ថា ប៊ីស្សព​ស្រឡាញ់​ពួកគេ ។

ជាអកុសល ប៊ីស្សព​ម៉ាហេ បាន​លាចាក​លោក​ទៅ​ខណៈ​បម្រើ​ជា​ប៊ីស្សព ។ ខ្ញុំ​មិន​ភ្លេច​ពី​បុណ្យសព​ដ៏​រំជួលចិត្ត និង​បំផុស​គំនិត​របស់​គាត់​ទេ ។ មាន​មនុស្ស​យ៉ាងច្រើន​កុះករ ។ ក្រុម​ចម្រៀង​មាន​សមាជិក​វ័យក្មេង​ដ៏​ស្មោះត្រង់​ជាង ៣៥ នាក់ ដែល​បាន​បម្រើ​បេសកកម្ម ឬ​បាន​ចូលរៀន​មហាវិទ្យាល័យ និង​ធ្លាប់ជា​យុវវ័យ​អំឡុង​ការបម្រើ​របស់​គាត់​ជា​ប៊ីស្សព ។ អ្នកឡើង​និយាយ​ម្នាក់​បាន​សម្ដែង​ការកោត​សរសើរ​ដ៏​ជ្រាលជ្រៅ​ពី​សំណាក់​យុវវ័យ និង​យុវមជ្ឈិមវ័យ​នៅក្នុង​វួដ​របស់​គាត់ ។ គាត់​បាន​ថ្លែង​អំណរគុណ​ដល់​ប៊ីស្សព​ម៉ាហេ សម្រាប់​ចក្ខុវិស័យ​ដែល​ប៊ីស្សព​បាន​ផ្ដល់​ដល់​ពួកគេ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ជីវិត និង​ការបម្រើ​ដ៏​សុចរិត ។ ប៉ុន្ដែ​អ្វីដែល​សំខាន់​បំផុត​នោះ​គឺ ប៊ីស្សព​ម៉ាហេ​បាន​ជួយ​ពួកគេ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​គ្រឹះ​នៃ​ជីវិត​របស់​ពួកគេ ។

ឥឡូវនេះ ប៊ីស្សព​ទាំងឡាយ​អើយ មិន​ថា​បងប្អូន​បម្រើ​នៅ​ទីណា​ទេ នៅក្នុង​ការសម្ភាសន៍ និង​ការប្រាស្រ័យ​ទាក់ទង​ផ្សេងទៀត​របស់​បងប្អូន បងប្អូន​អាច​ផ្ដល់​ចក្ខុវិស័យ​បែប​នោះ​បាន ហើយ​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​អាច​ធ្វើការ​អញ្ជើញ​ដ៏មាន​អានុភាព​ដើម្បី​ផ្លាស់ប្ដូរ​អាកប្បកិរិយា រៀបចំ​ពួកគេ​សម្រាប់​ជីវិត ហើយ​បំផុស​គំនិត​ពួកគេ​ឲ្យ​បន្ដ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នេះ ។

លើសពីនេះ បងប្អូន​អាច​ជួយ​ដល់​យុវវ័យ​មួយ​ចំនួន​ដែល​មាន​ជម្លោះ​ជាមួយ​នឹង​ឪពុក​ម្ដាយ​គេ អំពី​រឿង​ដែល​មិន​សូវ​សំខាន់​នានា ។២៤ នៅ​គ្រា​ខ្លះ ពេល​ដែល​យុវវ័យ​ហាក់​មាន​ជម្លោះ​ខ្លាំង​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​ពួកគេ នោះ​បុគ្គល​ដែល​ជា​អធិបតី​លើ​កូរ៉ុម​របស់​ពួកគេ ហើយ​ពួកគេ​ឆ្លើយតប​ក្នុង​សាសនាចក្រ​នោះ គឺជា​បុគ្គល​ដែល​ឪពុក​ម្ដាយ​របស់​ពួកគេ​ទៅ​ជួប​សម្ភាសន៍​យក​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ស្ថានភាព​នេះ​ធ្វើឲ្យ​ប៊ីស្សព​មាន​តួនាទី​ដ៏​ពិសេស​មួយ​ដើម្បី​ផ្ដល់​ការប្រឹក្សា​ដល់​យុវវ័យ​ផង និង​ឪពុក​ម្ដាយ​របស់​ពួកគេ​ផង ពេល​ដែល​ការទាស់ទែង​គ្នា​ធ្វើឲ្យ​មាន​ការបែកបាក់​គ្នា ។ ប៊ីស្សព​អាច​ជួយ​ភាគី​ទាំងពីរ​ឲ្យ​មើលឃើញ​អ្វីៗ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ហើយ​ដោះស្រាយ​បញ្ហា​ដែល​សំខាន់ ឬ​មិន​សំខាន់​ទាំងឡាយ ។ យើង​ផ្ដល់​អនុសាសន៍​ថា ប៊ីស្សព​មិនគួរ​ចាត់តាំង​ការងារ​បម្រើ​ឲ្យ​ក្រុមគ្រួសារ​នេះ​ឡើយ ព្រោះ​ពួកគេ​អាច​ត្រូវ​ផ្ដោត​ពេលវេលា និង​កម្លាំង​ខ្លួន​ផ្ដល់​ការងារ​បម្រើ​ដល់​យុវវ័យ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ក្នុង​ស្ថានភាព​បែប​នេះ ។២៥

ខ្ញុំ​ស្គាល់​ប៊ីស្សព​ម្នាក់ ដែល​បាន​ដោះស្រាយ​ការទាស់ទែង​ដ៏​ធំ​មួយ​រវាង​កូនប្រុស និង​ឪពុក​ម្ដាយ​របស់​គាត់ ហើយ​នាំ​មកនូវ​ភាពសុខដុម​ដល់​គេហដ្ឋាន និង​ពង្រឹង​ការប្ដេជ្ញា​ចិត្ត​ចំពោះ​ដំណឹងល្អ ។ ប៊ីស្សព​នេះ​បាន​ជួយ​ឪពុក​ម្ដាយ​ឲ្យយល់​ថា ការព្យាយាម​ធ្វើជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​សំខាន់​ជាង ការណ៍​ដែល​កិច្ចការ​ក្នុង​ផ្ទះ​ត្រូវ​ធ្វើ​ហើយ​តាម​របៀប​ណាមួយ និង​ពេលណា ។

ដើម្បី​ចំណាយ​ពេល​បន្ថែម​ទៀត​ជាមួយ​យុវវ័យ មិនថា​ពួកគេ​នៅ​ទីណា​នោះ​ទេ មិន​ថា​នៅ​ព្រឹត្តិការណ៍​ក្នុង​សាលា ឬ​សកម្មភាព​នានា​ឡើយ គណៈប៊ីស្សព​ត្រូវបាន​ប្រឹក្សា​ឲ្យ​ចាត់តាំង​អ្នកផ្សេង​សម្រាប់​ការប្រជុំ និង​ម៉ោង​ប្រឹក្សា​ណាមួយ​ជាមួយ​នឹង​មជ្ឈិមវ័យ ។ ខណៈ​ប៊ីស្សព​អាច​ប្រឹក្សាពី​បញ្ហា​សំខាន់ និង​បន្ទាន់​នានា នោះ​យើង​ផ្ដល់​អនុសាសន៍​ថា ការចាត់តាំង​អ្នកផ្សេង​ឲ្យ​ធ្វើការ​ប្រឹក្សា​បន្ដ​អំពី​បញ្ហា​ធ្ងន់ធ្ងរ តែ​មិន​សូវ​បន្ទាន់ ដែល​មិន​ពាក់ព័ន្ធ​នឹង​ការកាត់​សេចក្ដី​ពី​ភាពស័ក្ដិសម ឲ្យ​ប្រគល់​ទៅ​សមាជិក​កូរ៉ុម​អែលឌើរ ឬ​សមាគម​សង្គ្រោះ—ជាធម្មតា​គណៈប្រធាន ឬ​បងប្អូន​ប្រុសស្រី​ផ្ដល់​ការងារ​បម្រើ ។ ព្រះវិញ្ញាណ​នឹង​ណែនាំ​ដល់​ថ្នាក់ដឹកនាំ២៦ឲ្យ​ជ្រើសរើស​សមាជិក​ត្រឹមត្រូវ​ដើម្បី​ផ្ដល់​ការប្រឹក្សា​នេះ ។ អស់​អ្នក​ដែល​ទទួល​ការចាត់តាំង​ឲ្យ​ផ្ដល់​ការប្រឹក្សា​ជំនួស​នេះ នឹង​ទទួល​បាន​វិវរណៈ ។ ប្រាកដ​ណាស់ ពួកគេ​ត្រូវតែ​រក្សា​ការសម្ងាត់​ឲ្យ​បាន​តឹងរឹង​ជានិច្ច ។

ថ្នាក់ដឹកនាំ​ដែល​គិតគូរ​វែងឆ្ងាយ តែង​លះបង់​សម្រាប់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ​ជានិច្ច ។ នេះ​គឺជា​ផ្នែក​ដែល​សមាជិក​គណៈប៊ីស្សព​ត្រូវ​ចំណាយ​ពេល​ភាគច្រើន​របស់​ពួកលោក​ក្នុង​ការបម្រើ​ដល់​សាសនាចក្រ ។

ឥឡូវ​នេះ ខ្ញុំ​ចង់​និយាយ​ពី​រឿង​ពីរបី​ទៅ​កាន់​យុវវ័យ​ដោយ​ផ្ទាល់ រួចហើយ​ទៅកាន់​ប៊ីស្សព​របស់​យើង ។

ក្មួយ​ជាច្រើន ដែលជា​យុវវ័យ​ដ៏​មាន​តម្លៃ អាច​មិនទាន់​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ថា ក្មួយ​ជា​នរណា ហើយ​តើ​ក្មួយៗ​អាច​ក្លាយជា​នរណា​នោះទេ ។ ប៉ុន្ដែ​ក្នុង​ពេល​បន្ដិច​ទៀត ក្មួយ​នឹង​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​សំខាន់ៗ​ជាច្រើន​ក្នុង​ជីវិត ។ សូម​ប្រឹក្សា​ជាមួយ​ឪពុក​ម្ដាយ​របស់​ក្មួយ​ផង និង​ជាមួយ​ប៊ីស្សព​ក្មួយ​ផង អំពី​ជម្រើស​ដ៏​សំខាន់​ដែល​នៅ​ខាងមុខ​ក្មួយ ។ សូម​អនុញ្ញាត​ឲ្យ​ប៊ីស្សព​ធ្វើជា​មិត្ត និង​ទីប្រឹក្សា​របស់​ក្មួយ ។

យើង​ដឹង​ថា ក្មួយ​មាន​ឧបសគ្គ និង​ការល្បួង​នានា​ដែល​កើតឡើង​ចំពោះ​ក្មួយៗ​ពី​គ្រប់​ទិសទី ។ យើង​ទាំងអស់​គ្នា​ត្រូវ​ប្រែចិត្ត​រាល់ថ្ងៃ ដូច​ប្រធាន​ណិលសុន​បាន​បង្រៀន​ដូច្នោះ​ដែរ ។ សូម​និយាយ​ជាមួយ​នឹង​ប៊ីស្សព​របស់​ក្មួយ​អំពី​បញ្ហា​ណាមួយ ដែល​ចៅក្រម​ទូទៅ​ម្នាក់​អាច​ជួយ​ក្មួយ​ឲ្យ​រៀបចំ​ជីវិត​តាម​របៀប​រៀបរយ​របស់​ព្រះអម្ចាស់ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់ « កិច្ចការ​ដ៏​ធំ » ដែល​ទ្រង់​មាន​សម្រាប់​ក្មួយ​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ ។២៧ ដូច​ប្រធាន​ណិលសុន​បាន​អញ្ជើញ​ក្មួយ សូម​ក្មួយៗ​ធ្វើ​ខ្លួន​ឲ្យ​ស័ក្ដិសម​ជា​ផ្នែក​មួយ​នៃ​កងពល​យុវវ័យ​របស់​ព្រះអម្ចាស់ !២៨

ឥឡូវ​នេះ ខ្ញុំ​សូម​ថ្លែង​ទៅកាន់​បងប្អូន ដែល​ជា​ប៊ីស្សព​ដ៏​មាន​តម្លៃ ជំនួស​ឲ្យ​ថ្នាក់ដឹកនាំ និង​សមាជិក​ក្នុង​សាសនាចក្រ​នេះ ។ យើង​សូម​បង្ហាញ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​បងប្អូន ។ ដោយ​មាន​ការកែតម្រូវ​ដែល​បងប្អូន​ត្រូវបាន​ស្នើសុំ​ឲ្យ​ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៊ីស្សព​ជាទី​ស្រឡាញ់​អើយ សូម​ដឹង​ថា យើង​ស្រឡាញ់ និង​កោត​សរសើរ​បងប្អូន​យ៉ាង​ខ្លាំង ។ ការរួម​ចំណែក​របស់​បងប្អូន​ក្នុង​នគរ​នេះ សឹង​មិនអាច​ពិពណ៌នា​ឲ្យ​អស់​បាន​ទេ ។ សាសនាចក្រ​មាន​ប៊ីស្សព និង​ប្រធាន​សាខា​ចំនួន ៣០,៩០០ នាក់​ដែល​កំពុង​បម្រើ​នៅ​ទូទាំង​ពិភពលោក ។២៩ យើង​គោរព​ដល់​បងប្អូន​ម្នាក់ៗ ។

ពាក្យ​ថា​ប៊ីស្សព និង​ការហៅ​ដ៏​ពិសិដ្ឋ​នេះ មាន​អត្ថន័យ​ពេញ​ដោយ​សារៈសំខាន់​ខាង​វិញ្ញាណ និង​ពិសេស​ខ្លាំង ។ ការហៅ​របស់ ប៊ីស្សពគឺ​ពិតជា​មាន​សារៈសំខាន់ និង​ពិសេស​បែប​នោះ ។ ការបម្រើ​ដល់​ព្រះអម្ចាស់​នៅក្នុង​តំណែង​នេះ គឺ​អស្ចារ្យ​តាម​របៀប​ជាច្រើន ។ ការហៅ ការគាំទ្រ និង​ការញែកចេញ​ជា​ប៊ីស្សព គឺជា​បទពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន ។ សម្រាប់​ខ្ញុំ វា​គឺជា​ព្រឹត្តិការណ៍​ដ៏​ពិសេស​បំផុត​មួយ​ក្នុង​ជីវិត ដោយសារ​វា​ធ្វើឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​ច្រើន​បែប ហើយ​ខុសៗ​គ្នា​យ៉ាង​ខ្លាំង ។ វា​គឺជា​ព្រឹត្តិការណ៍​ដ៏មាន​តម្លៃ​យ៉ាង​ខ្លាំង ដូចជា​ការរៀប​អាពាហ៍ពិពាហ៍ និង​ការមាន​កូន​ដែរ ហើយ​ខ្ញុំ​មិន​អាច​សង្ខេប​ឲ្យអស់​ន័យ​នោះ​ទេ ។៣០

ប៊ីស្សព​ទាំងឡាយ យើង​គាំទ្រ​បងប្អូន ! ប៊ីស្សព​ទាំងឡាយ យើង​ស្រឡាញ់​បងប្អូន ! បងប្អូន​គឺជា​អ្នកគង្វាល​ហ្វូងចៀម​របស់​ព្រះអម្ចាស់​យ៉ាង​ពិតប្រាកដ ។ ព្រះអង្គ​សង្គ្រោះ​នឹង​មិន​បោះបង់​បងប្អូន​នៅក្នុង​ការហៅ​ដ៏​ពិសិដ្ឋ​ទាំងនេះ​ឡើយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​នេះ​នៅ​ចុង​សប្ដាហ៍​បុណ្យ​អ៊ីស្ទើរ​នេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. « ស្មោះ​នឹង​ជំនឿ » ទំនុក​តម្កើងល.រ. ១៦០ ។

  2. អ្នកដឹកនាំ​យុវវ័យ គណៈប្រធាន​កូរ៉ុម និង​គណៈប្រធាន​ថ្នាក់ ព្រមទាំង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដទៃ​ទៀត​មាន​ទំនួល​ខុសត្រូវ​នេះ​រួមគ្នា ។

  3. ប៊ីស្សព​គឺជា​ប្រធាន​នៃ​កូរ៉ុម​សង្ឃ ។ ទីប្រឹក្សា​ទីមួយ​របស់​លោក​មាន​ការទទួល​ខុសត្រូវ​លើ​កូរ៉ុម​គ្រូ ហើយ​ទីប្រឹក្សា​ទីពីរ​របស់​លោក​មាន​ទំនួល​ខុសត្រូវ​លើ​កូរ៉ុម​ឌីកុន ។ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ១០.៣ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  4. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៨:២៥–២៨ ។

  5. សូមមើល ឃ្វីនថិន អិល ឃុក « Adjustments to Strengthen Youth » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៤០–៤៣ ។

  6. ការប្រើប្រាស់​ពាក្យ ប៊ីស្សពអនុវត្ត​ចំពោះ​ប្រធាន​សាខា​ដ៏​ស្មោះត្រង់​របស់​យើង​ក្នុង​ន័យ​ស្មើគ្នា ។

  7. ពេត្រុស ទី១ ២:២៥ ។

  8. សូមមើល ក្បួនខ្នាត​ទូទៅ៦.១.១ ។

  9. សូមមើល ក្បួនខ្នាត​ទូទៅ៦.១.២ ។

  10. សូមមើល ក្បួនខ្នាត​ទូទៅ៦.១.៣ ។

  11. សូមមើល ក្បួនខ្នាត​ទូទៅ៦.១.៤ ។

  12. សូមមើល ក្បួនខ្នាត​ទូទៅ៦.១.៥ ។

  13. ក្បួនខ្នាត​ទូទៅ, ៦.១.១; សូមមើល​ផងដែរ ក្បួនខ្នាត​ទូទៅ, ៦.១.១.១–៦.១.១.៤ ។

  14. ក្បួនខ្នាត​ទូទៅ៦.១.១ ។

  15. ក្បួនខ្នាត​ទូទៅ៦.១.៤ ។

  16. សូមមើល ក្បួនខ្នាត​ទូទៅ ២១.២; ២៣.៥; ២៥.២ ។

  17. សូមមើល ក្បួនខ្នាត ទូទៅ, ៦.១; ១៤.៣.៣.១; សូមមើល​ផងដែរ ឃ្វីនថិន អិល ឃុក « Adjustments to Strengthen Youth » ទំព័រ ៤០-៤៣ ។ ប៊ីស្សព​ក៏​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ចំណាយ​ពេលវេលា​បន្ថែម​ទៀត​ជាមួយ​នឹង​ភរិយា និង​គ្រួសារ​របស់​លោក​ផងដែរ ។ ការផ្តោត​អារម្មណ៍​បែបនេះ​អាច​ធ្វើ​ទៅ​បាន​ដែល​ទីប្រឹក្សា​មនុស្ស​ពេញវ័យ​ដែល​មាន​សមត្ថភាព​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​ដល់​គណៈប្រធាន​កូរ៉ុម​បព្វជិតភាព អើរ៉ុន និង​ប៊ីស្សព​ក្នុង​កិច្ចការ​របស់​ពួកគេ ។

  18. រ័សុល អិម ណិលសុន « Witnesses, Aaronic Priesthood Quorums, and Young Women Classes » Liahonaខែ​វិច្ឆិកា ឆ្នាំ​២០១៩, ទំព័រ ៣៩ ។

  19. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧:៨៧–៨៨ ។

  20. « ព្រះអម្ចាស់​រំពឹង​ថា យុវជន​ដែល​មាន​សមត្ថភាព​ម្នាក់ៗ រៀបចំ​ខ្លួន​សម្រាប់​ការបម្រើ​ជា​[ អ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់ ] ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៦:១,៤–៧) ។ យុវនារី និង​សមាជិក​ជាន់​ខ្ពស់​ដែល​មាន​បំណង​ចង់​បម្រើ​ក៏​គួរ​តែ​រៀបចំ​ខ្លួន​ផងដែរ ។ ផ្នែក​សំខាន់​មួយ​នៃ​ការរៀបចំ​គឺ​ការព្យាយាម​ប្រែចិត្តជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ។ អស់​អ្នក​ទាំងឡាយ​ដែល​មាន​បំណង​ប្រាថ្នា​ចង់​បម្រើ​ក៏​រៀបចំ​ខ្លួន​ខាង​រាងកាយ ខាង​អារម្មណ៍​ខាង​ស្មារតី និង​ខាង​ហិរញ្ញវត្ថុ » ( ក្បួនខ្នាត ទូទៅ, ២៤.០ ) ។

  21. វួដ​ត្រូវបាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ១៩៨០ ។ អែលឌើរ ចន អេច ហ្គ្រូប៊ឺក នៃ​កូរ៉ុម​ទីមួយ​នៃ​ពួក​ចិតសិប​នាក់ បាន​ជួយ​រៀបចំ​វួដ​ភាសា​តុងហ្គា​នេះ​ឡើង ។ (សូមមើល Gordon Ashby, chairman, and Donna Osgood, ed., The San Francisco California Stake: The First 60 Years, ឆ្នាំ ១៩២៧–១៩៨៧ [ ១៩៨៧ ], ទំព័រ ៤៩–៥២ ) ។

  22. ប៊ីស្សព​ម៉ាហេ បាន​ឡើង​ដល់​តំណែង​គ្រប់គ្រង​មួយ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ ផាន អាមេរិក នៅ​ទីក្រុង សាន ហ្វ្រានស៊ីសកូ រដ្ឋ​កាលីហ្វ័រញ៉ាំ ព្រលាន​យន្ដហោះ​អន្ដរជាតិ ។

  23. សូមមើល The San Francisco California Stakeទំព័រ ៤៩ ។

  24. ពួកគេ​ក៏អាច​បះបោរ​ប្រឆាំង​នឹង​រឿង​ដែល​សំខាន់​ដ៏​អស់កល្ប​ផងដែរ ។

  25. សូមមើល ក្បួនខ្នាត​ទូទៅ២១.២.១ ។

  26. ប៊ីស្សព​នឹង​សម្រប​សម្រួល​គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​ស្របតាម​អ្នកដែល​គួរបាន​ចាត់តាំង និង​ស្របតាម​របៀប​ដើម្បី​សម្រេច​បាន​ការតាមដាន​ប្រកប​ដោយ​ក្ដីស្រឡាញ់ និង​ថែទាំ​ខ្វល់ខ្វាយ ។

  27. គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៤:៣៣ ។

  28. សូមមើល​ប្រធាន រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែលការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។

  29. គិត​ត្រឹម​ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ មាន​ប៊ីស្សព​ចំនួន ២៤,០៣៥ និង​ប្រធាន​សាខា​ចំនួន ៦,៨៦៥ ដែល​កំពុង​បម្រើ​នៅ​ទូទាំង​ពិភពលោក ។

  30. ខ្ញុំ​ត្រូវបាន​ហៅជា​ប៊ីស្សព​នៃ​វួដ ប៊ឺលីងហ្គេម នៅ​រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ឆ្នាំ ១៩៧៤ ដោយ​ប្រធាន ដេវីឌ ប៊ី បាឡូ ហើយ​ញែកចេញ​នៅ​ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ១៩៧៤ ដោយ​អែលឌើរ នៀល អេ ម៉ាកស្វែល ដែល​ត្រូវបាន​ហៅ​ជា​ជំនួយការ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នាពេល​ថ្មីៗ ។