ឆ្នាំ ២០១០-២០១៩
ការ​កែសម្រួល​ដើម្បី​ពង្រឹង​ដល់​យុវវ័យ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ការ​កែសម្រួល​ដើម្បី​ពង្រឹង​ដល់​យុវវ័យ

យើង​មាន​ទំនុក​ចិត្ត​ថា យុវជន​យុវនារី​ជា​ច្រើន​នឹង​មាន​សមត្ថភាព​ប្រឈម​នឹង​ឧបសគ្គ ហើយ​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ដោយសារ​តែ​ការ​ផ្ដោត​ដ៏​សំខាន់​​លើ​យុវវ័យ​របស់​យើងនេះ ។

អរគុណ ប្រធាន ណិលសុន ចំពោះ​ការ​ដឹកនាំ​ដ៏​មាន​វិវរណៈ​ពេញ​ដោយ​អំណរ​ស្ដីពី​ពួក​សាក្សី​នៅ​ឯ​ពិធី​បុណ្យ​ជ្រមុជទឹក និង​ការ​ដឹកនាំ​ដែល​លោក​បាន​សុំឲ្យ​យើង​ចែកចាយ ដើម្បី​ជួយ​ពង្រឹង​ដល់​យុវវ័យ ហើយ​អភិវឌ្ឍ​សក្ដានុពល​ដ៏​ពិសិដ្ឋ​របស់​ពួកគេ ។​

ពីមុន​ខ្ញុំ​ចែកចាយ​ការ​កែសម្រួល​ទាំង​នេះ យើង​សូម​សម្ដែង​អំណរ​គុណ​ដោយ​ស្មោះ​ចំពោះ​វិធី​ដ៏​ប្រពៃ​ដែល​សមាជិក​បាន​ឆ្លើយតប​ចំពោះ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ការស្តារ​ឡើង​វិញ​នៃ​ដំណឹងល្អ​ជា​បន្ត​បន្ទាប់​នេះ ។ ដូចដែល​ប្រធាន​ណិលសុន​បាន​ណែនាំ​កាល​ពី​ឆ្នាំ​មុន​ហើយ​ថា បងប្អូន​ត្រូវ​លេប​ថ្នាំ​វីតាមីន​របស់​បងប្អូន !

បងប្អូន​សិក្សា​សៀវភៅ ចូរ​មក​តាម​ខ្ញុំដោយ​រីករាយ​នៅ​ឯ​គេហដ្ឋាន ។ បងប្អូន​ក៏​បាន​ឆ្លើយ​តប​ចំពោះ​ការ​កែ​សម្រួល​នៅ​ឯ​ព្រះវិហារ​ផង​ដែរ ។ សមាជិក​នៃ​កូរ៉ុម​អែលឌើរ និង​បងប្អូន​ស្រី​ក្នុង​សមាគមសង្គ្រោះ​បាន​រួប​រួម​គ្នា​ធ្វើ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។

យើង​អរគុណ​ខ្លាំងណាស់ ។ យើង​មាន​អំណរ​គុណ​ជា​ពិសេស ដែល​យុវវ័យ​របស់​យើង​បន្ត​រឹងមាំ ហើយ​ស្មោះត្រង់ ។

យុវវ័យ​របស់​យើង​រស់​នៅ​ក្នុង​គ្រា​ដ៏​រីករាយ​មួយ ក៏​ជា​គ្រា​ដ៏​លំបាក​ផង​ដែរ ។ វា​មាន​នូវការ​ជ្រើស​រើស​ដ៏​ច្រើន​លើស​គ្រា​ណាៗ​ទាំងអស់ ។ ឧទាហរណ៍​ទីមួយ ៖ ទូរសព្ទ​​ទំនើប​ផ្ដល់​នូវ​ព័ត៌មាន​ដ៏​សំខាន់ ហើយ​លើក​ស្ទួយ​បំផុត រួម​មាន​ពង្សប្រវត្តិ និង​ព្រះគម្ពីរ​បរិសុទ្ធ ។ ម្យ៉ាង​ទៀត វា​ក៏​មាន​នូវ​ភាព​ឆ្កួត​លីលា អសីលធម៌ និង​អំពើ​អាក្រក់​ដែល​ពុំ​ធ្លាប់​មាន​កាល​ពីមុន​ផង​ដែរ ។

រូបភាព
កម្មវិធី​ផ្ដោត​ទៅលើ​គេហដ្ឋាន
រូបភាព
សកម្មភាព​យុវវ័យ

ដើម្បី​ជួយ​យុវវ័យ​របស់​យើង​ឲ្យ​ជ្រើស​រើស​ត្រឹមត្រូវ នោះ​សាសនាចក្រ​បាន​រៀបចំ​គំនិត​ផ្ដួច​ផ្ដើម​ដ៏​អស្ចារ្យ ហើយ​មាន​ភាព​ទូលំ​ទូលាយ​ចំនួន​បី ។ ទីមួយ កម្មវិធី​សិក្សា​ត្រូវ​ពង្រឹង ហើយ​ពង្រីក​ទៅ​ដល់​គេហដ្ឋាន ។ ទីពីរ កម្មវិធី​មួយ​សម្រាប់​កុមារ និង​យុវវ័យ ដែល​ដាក់​បញ្ចូល​នូវ​សកម្មភាព​ដ៏​រីករាយ និង​ការ​អភិវឌ្ឍ​ផ្ទាល់​ខ្លួន ​ត្រូវ​បាន​ធ្វើ​បទបង្ហាញ​កាល​ពី​ថ្ងៃ​អាទិត្យ​មុន​ដោយ​ប្រធាន រ័សុល អិម ណិលសុន ប្រធាន អិម. រ័សុល បាឡឺត និង​ពួក​អ្នក​កាន់តំណែង​ទូទៅ ។ គំនិត​ផ្ដួច​ផ្ដើម​ទីបី​គឺជា​ការ​ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​ដើម្បី​ធ្វើ​ឲ្យ​យុវវ័យ​ក្លាយ​ជា​ការ​ផ្ដោត​ដ៏​សំខាន់​មួយ​របស់​ប៊ីស្សព និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត ។ ការ​ផ្ដោត​នេះ​ត្រូវតែ​មាន​អនុភាព​ខាង​វិញ្ញាណ ហើយ​ជួយ​យុវវ័យ​របស់​យើង​ឲ្យ​ក្លាយ​ជា​អ្នក​ចម្បាំង​វ័យ​ក្មេង​ដូច​ដែល​ប្រធាន​ណិលសុន​បាន​សុំ​ពួកគេ​ឲ្យធ្វើ ។

លំនាំ​ដែល​ទាក់ទង​គ្នា

ការ​ខិតខំ​ប្រឹង​ប្រែង​ទាំង​នេះ រួម​ជាមួយ​នឹង​អ្វីៗ​ដែល​បាន​ប្រកាស​កាល​ពី​ពីរបី​ឆ្នាំ​មុន ពុំ​មែន​ជា​ការ​ផ្លាស់ប្ដូរ​ដែល​ពុំ​ជាប់​ទាក់​ទង​គ្នា​នោះ​ឡើយ ។ ការ​កែសម្រួល​នីមួយៗ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​លំនាំ​ដែល​ទាក់ទង​គ្នា​មួយ ដើម្បី​ផ្ដល់​ពរ​ដល់​ពួក​បរិសុទ្ធ ហើយ​រៀបចំ​ពួកគេ​ដើម្បី​ជួប​នឹង​ព្រះ ។

ផ្នែក​មួយ​នៃលំនាំ​ជាប់​ទាក់ទង​នឹង​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ។ យុវវ័យ​របស់​យើង​កំពុង​ត្រូវបាន​សុំ​ឲ្យ​ទទួល​យក​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន​ក្នុង​វ័យ​ក្មេង—ដោយ​ពុំ​ឲ្យ​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ​ធ្វើ​អ្វី​ដែល​យុវវ័យ​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​ឡើយ ។

សេចក្ដី​ប្រកាស

នៅ​ថ្ងៃ​នេះ យើង​សូម​ប្រកាស​ពី​ការ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​សម្រាប់​យុវវ័យ​នៅ​កម្រិត​វួដ និង​ស្តេក ។ ដូច​ដែល​ប្រធាន​ណិល​សុន​បាន​ពន្យល់ នោះ​ស៊ីស្ទើរ បូនី អេច ខ័រឌុន នឹង​ពិភាក្សា​ពី​ការ​ផ្លាស់ប្ដូរ​សម្រាប់​យុវនារី​នៅ​ល្ងាច​នេះ ។ គោលបំណង​មួយ​សម្រាប់​ការ​ផ្លាស់ប្ដូរ​ដែល​ខ្ញុំ​នឹង​ពិភាក្សា​នា​ពេល​នេះ គឺ​ដើម្បី​ពង្រឹង​ពួក​អ្នក​កាន់បព្វជិតភាព​អើរ៉ុន កូរ៉ុម និង​គណៈប្រធាន​កូរ៉ុម​នៃ​បព្វជិតភាព​អើរ៉ុន ។ ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​ស្រប​ទៅនឹង​ការ​អនុវត្ត​របស់យើង​ជាមួយ​នឹង​គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៥ ​ដែល​ចែង​ថា « គណៈប៊ីស្សព​គឺជា​គណៈប្រធាន​នៃ​បព្វជិតភាព [ អើរ៉ុន ] នេះ ហើយ​កាន់​កូនសោ​ទាំងឡាយ ឬ​សិទ្ធិ​អំណាចដូចគ្នា » ។

កាតព្វកិច្ច​មួយ​របស់​ប៊ីស្សព​ដែល​ចែង​នៅ​ក្នុង​បទគម្ពីរ​គឺ​ធ្វើ​ជា​អធិបតី​លើ​ពួក​សង្ឃ ហើយ​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាមួយ​ពួកគេ បង្រៀន​ពួកគេ​ពី​កាតព្វកិច្ច​នៃ​តំណែង​របស់​ពួកគេ ។ លើស​ពី​នេះ​ទៀត ទីប្រឹក្សា​ទីមួយ​នៅ​ក្នុង​គណៈប៊ីស្សព​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​ជាក់​លាក់​សម្រាប់​ពួក​គ្រូ ហើយ​ទីប្រឹក្សា​ទីពីរ​មើល​ឌីកុន ។

ដូច្នេះ​ហើយ ដើម្បី​សម្រប​ជាមួយ​នឹង​វិវរណៈ​នេះ​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា នោះ​គណៈប្រធាន​យុវជន​នៅ​កម្រិត​វួដ​នឹង​ឈប់​មាន​តទៅ​ទៀត​ហើយ ។ បងប្អូន​ប្រុស​ស្មោះត្រង់​ទាំង​នេះ​បាន​ធ្វើ​ការណ៍ល្អ​ជាច្រើន ហើយ​យើង​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ពួកគេ ។

យើង​សង្ឃឹម​ថា គណៈប៊ីស្សព​នឹង​ផ្ដល់​ការ​គូស​បញ្ជាក់ និង​ការ​ផ្ដោត​ដ៏​សំខាន់​ចំពោះ​ការ​ទទួល​ខុសត្រូវ​បព្វជិតភាព​របស់​យុវជន ហើយ​ជួយ​ពួកគេ​នៅ​ក្នុង​កាតព្វកិច្ច​កូរ៉ុម​របស់​ពួកគេ ។ ពួក​មជ្ឈិមវ័យដ៏​មាន​សមត្ថភាព​ជាអ្នក​ផ្ដល់​ប្រឹក្សា​ដល់​យុវជន​នឹង​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​គណៈប្រធាន​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​គណៈប៊ីស្សព​នៅក្នុង​កាតព្វ​កិច្ច​របស់​ពួកគេ ។ យើង​មាន​ទំនុក​ចិត្ត​ថា យុវជន​យុវនារី​ជា​ច្រើន​នឹង​មាន​សមត្ថភាព​ប្រឈម​នឹង​ឧបសគ្គ ហើយ​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ការ​ផ្ដោត​ដ៏​សំខាន់​លើ​យុវវ័យ​របស់​យើងនេះ ។

នៅ​ក្នុងលំនាំ​បំផុស​គំនិត​របស់​ព្រះអម្ចាស់ នោះ​ប៊ីស្សព​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​វួដ ។ គាត់​ផ្ដល់​ពរជ័យ​ដល់​ឪពុក​ម្ដាយ​របស់​យុវវ័យ ក៏​ដូចជា​យុវវ័យ​ផងដែរ ។ ប៊ីស្សព​ម្នាក់​បាន​រក​ឃើញ​ថា កាល​គាត់​ប្រឹក្សា​ជាមួយ​យុវជន​ម្នាក់​ដែល​មាន​បញ្ហា​នឹង​រឿង​អាសគ្រាម នោះ​គាត់​អាច​ជួយ​យុវជន​នោះ​ប្រែ​ចិត្តបាន លុះត្រាតែ​គាត់​ជួយ​ឪពុក​ម្ដាយ​ឲ្យ​មាន​ប្រតិកម្ម​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការ​យល់​ចិត្ត ។ ការ​ព្យាបាល​យុវជន​នោះ​គឺជា​ការ​ព្យាបាល​មួយ​ដល់​គ្រួសារ​គាត់ ហើយ​អាច​កើត​ឡើង​តាមរយៈ​ប៊ីស្សព​ធ្វើ​ការ​ជំនួស​ឲ្យ​គ្រួសារ​នោះ ។ ឥឡូវ​នេះ យុវជន​នេះ​បាន​ក្លាយ​ជា​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​សក្ដិសម​ម្នាក់ និង​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង ។

ដូច​ដែល​ដំណើរ​រឿង​នេះ​បាន​លើក​ឡើង ការ​កែសម្រួល​នេះ​នឹង ៖

  • ជួយ​ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់​ផ្ដោត​លើ​ការ​ទទួល​ខុស​ត្រូវ​សំខាន់​របស់​ពួកគាត់​ចំពោះ​យុវវ័យ និង​កុមារ​ក្នុង​អង្គការ​បឋម​សិក្សា ។

  • ដាក់​អំណាច និង​កាតព្វកិច្ច​នៃ​បព្វជិតភាព​អើរ៉ុន​ផ្ដោតសំខាន់​លើ​ជីវិត​ផ្ទាល់​ខ្លួន និង​គោលដៅ​របស់​យុវជន​គ្រប់​រូប ។

ការ​កែសម្រួល​ទាំង​នេះ​ក៏ ៖

  • គូស​បញ្ជាក់​ពី​ការ​ទទួល​ខុសត្រូវ​របស់​គណៈ​ប្រធាន​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ការ​រាយការណ៍​ដោយ​ផ្ទាល់​របស់​ពួកគេ​ទៅ​គណៈប៊ីស្សព​ផងដែរ ។

  • លើក​ទឹក​ចិត្ត​ថ្នាក់​ដឹកនាំ​ដែល​ជា​មជ្ឈិម​វ័យ​ឲ្យ​ជួយ ហើយ​ណែនាំ​ដល់​គណៈប្រធាន​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​នៅ​ក្នុង​ការ​តម្កើង​អំណាច និង​សិទ្ធិ​អំណាច​នៃ​តំណែង​របស់​ពួកគេ ។

ដូច​ដែល​បាន​កត់​ចំណាំ ការ​កែសម្រួល​ទាំង​នេះ​ពុំ​កាត់​បន្ថយ​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈប៊ីស្សព​ចំពោះ យុវនារី ឡើយ ។ ដូច​ប្រធាន​ណិលសុន​ទើប​បាន​បង្រៀន​ថា « ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​បំផុត​របស់ [ប៊ីស្សព] គឺ ដើម្បី​មើល​ថែ​យុវជន និង យុវនារី នៅ​ក្នុង​វួដ​របស់​គាត់ » ។

តើ​ប៊ីស្សព​ដែល​ខិតខំ​ធ្វើការ​ដ៏​ជាទីស្រឡាញ់របស់​យើង​នឹង​បំពេញ​ការ​ទទួល​ខុសត្រូវ​នេះ​តាម​របៀបណា ? ដូច​បងប្អូន​ចាំ​ថា នៅ​ឆ្នាំ​២០១៨ កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​ត្រូវ​បាន​កែ​សម្រួល​ឲ្យ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សមាគមសង្គ្រោះ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព ដើម្បី​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ​អាច​ជួយ​ធ្វើ​ការ​ទទួល​ខុស​ត្រូវ​សំខាន់ៗ​ដែលកាល​ពីមុន ត្រូវ​ការ​ពេល​វេលា​របស់​គាត់​យ៉ាង​ច្រើន ។ ការ​ទទួល​ខុសត្រូវ​ទាំង​នេះ រួម​មាន កិច្ចការ​ផ្សព្វ​ផ្សាយ​សាសនា ព្រមទាំង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​និង​ពង្ស​ប្រវត្តិ​នៅ​ក្នុង​វួដ ក៏​ដូចជា​ការងារ​បម្រើ​ដល់​សមាជិក​វួដ​ផង​ដែរ ។

រូបភាព
ការទទួលខុសត្រូវ​របស់​ប៊ីស្សព

ប៊ីស្សព ពុំ​អាច បែង​ចែក​ការ​ទទួល​ខុសត្រូវ​មួយ​ចំនួន ដូចជា​ការ​ពង្រឹង​ដល់​យុវវ័យ ការធ្វើ​ជា​ចៅក្រមទូទៅ ការ​មើល​ថែ​អ្នក​ដែល​ខ្វះ​ខាត និង​ការ​គ្រប់​គ្រង​លើ​កិច្ចការ​ហិរញ្ញវត្ថុ និង​ខាង​សាច់​ឈាម​បាន​ទេ ។ ប៉ុន្តែ ទាំង​នេះ​ជា​កិច្ចការ​បន្តិច​បន្តួច​ជាង​កាល​ដែល​យើង​យល់​ពី​មុន ។ ដូច​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ពន្យល់​កាល​ពី​ឆ្នាំ​មុន នៅ​ពេល​ការ​កែសម្រួល​កូរ៉ុម​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ត្រូវ​បាន​ប្រកាស​ថា ៖ « ពិតណាស់ ប៊ីស្សព​នៅ​តែ​​ជា​សង្ឃ​ជាន់​ខ្ពស់​អធិបតី​ក្នុង​វួដ ។ ការ​សម្រប [នៃ​កូរ៉ុម​អែលឌើរ និង​សមាគមសង្គ្រោះ] ថ្មី​នេះ គួរ​តែ​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ជា​អធិបតី​នៅ​លើ​កិច្ចការ​បព្វជិតភាព​មិលគីស្សាដែក និង​សមាគសង្គ្រោះ​ដោយ​ពុំ​តម្រូវ​ឲ្យ​គាត់​ធ្វើ​កិច្ចការ​នៃ​អង្គភាព​ទាំងពីរ​នេះ​ឡើយ » ។១០

ឧទាហរណ៍ ប្រធាន​សមាគមសង្គ្រោះ​ម្នាក់ និង​ប្រធាន​កូរ៉ុម​អែលឌើរ​ម្នាក់ ដូច​បាន​ចាត់ គាត់​អាច​ដើរ​តួ​កាន់តែ​សំខាន់​នៅ​ក្នុងការ​ប្រឹក្សា​ជាមួយ​នឹង​ពួក​មជ្ឈិម​វ័យ— ហើយ​ប្រធាន​យុវនារី​ម្នាក់​ក៏​អាច​ប្រឹក្សា​ជាមួយ​យុវនារី​បាន​ផង​ដែរ ។ ខណៈ​ដែល​មាន​តែ​ប៊ីស្សព​អាច​បម្រើ​ជា​ចៅ​ក្រម​ទូទៅ នោះ​ថ្នាក់​ដឹកនាំ​ដទៃទៀត​ក៏​អាច​ទទួល​វិវរណៈ​មក​ពី​ស្ថានសួគ៌​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ដែល​ពុំ​តម្រូវ​ឲ្យ​មាន​ចៅ​ក្រម​ទូទៅ ឬ​ពុំ​ជាប់​ទាក់ទង​នឹង​ការ​រំលោភ​បំពាន​ណា​មួយ​បាន​ ។១០

នោះ​ពុំ​មែន​មាន​ន័យ​ថា យុវនារី​ម្នាក់​ពុំ​អាច ឬ​ពុំ​គួរ​និយាយ​នឹង​ប៊ីស្សព ឬ​ឪពុក ឬ​ម្ដាយ​របស់​នាង​នោះ​ទេ ។ ការ​ផ្ដោត​របស់​ពួកគាត់​គឺ​យុវវ័យ ! ប៉ុន្តែ​វា​មាន​ន័យ​ថា ថ្នាក់​ដឹកនាំ​យុវនារី​ម្នាក់​អាច​បំពេញ​សេចក្ដី​ត្រូវការ​របស់​យុវនារី​ម្នាក់ៗ​បាន​យ៉ាង​ល្អបំផុត ។ គណៈប៊ីស្សព​ខ្វល់ខ្វាយ​នឹង​យុវនារី ដូចជា​យុវជន​ផងដែរ ប៉ុន្តែ​យើង​ទទួលស្គាល់​កម្លាំង​ដែល​កើត​ចេញ​មក​ពី​ការ​មាន​ថ្នាក់​ដឹកនាំ​យុវនារី​ដែល​រឹងមាំ ដែល​មាន​ក្ដីស្រឡាញ់ និង​ចេះណែនាំ​ដែល​ពុំ​ធ្វើ​តួនាទី​របស់​គណៈប្រធាន​ថ្នាក់ ប៉ុន្តែ​ជួយ​យុវវ័យ​ឲ្យ​ជោគ​ជ័យ​នៅ​ក្នុង​តួនាទី​ទាំង​នោះ ។

ស៊ីស្ទើរ ខ័រឌុន នឹង​ចែកចាយ​អំពី​ការ​ផ្លាស់ប្ដូ​ដ៏​រីករាយ​បន្ថែម​ទៀត​ដល់​យុវនារី​នា​ល្ងាច​នេះ ។ ប៉ុន្តែ​សូម​ប្រកាស​ថា ឥឡូវ​នេះ គណៈប្រធាន​យុវនារី​ប្រចាំ​វួដ​នឹង​រាយការណ៍ ហើយ​ប្រឹក្សា​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប៊ីស្សព​ក្នុង​វួដ ។ កាល​ពីមុន កិច្ចការ​នេះ​អាច​ត្រូវ​បាន​បែង​ចែក​ទៅ​ឲ្យ​ទីប្រឹក្សា​ម្នាក់ ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​តទៅ យុវនារី​នឹងជា​ការ​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​មួយ​របស់​បុគ្គល​ម្នាក់​ដែល​កាន់​កូន​សោ​ជា​អធិបតី​សម្រាប់​វួដ ។ ប្រធាន​សមាគមសង្គ្រោះ​នឹង​បន្ត​រាយការណ៍​ដោយ​ផ្ទាល់​ទៅ​ប៊ីស្សព ។១២

នៅ​កម្រិត​ទូទៅ និង​កម្រិត​ស្តេក យើង​នឹង​បន្ត​មាន​គណៈប្រធាន​យុវជន ។ នៅ​កម្រិត​ស្តេក ទីប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់​នឹង​ធ្វើ​ជា​ប្រធាន​យុវជន ១៣ហើយ​នឹង​ព្រមជាមួយ​នឹង​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​ចាត់​ទៅ​មើល​ខាង​យុវនារី និង​អង្គការ​បឋមសិក្សា គឺ​ជា​ផ្នែក​នៃ​គណៈកម្មាការ​បព្វជិតភាព​អើរ៉ុន​–​យុវនារី​ស្ដេក ។ បងប្អូន​ប្រុស​ទាំង​នេះ​នឹង​ធ្វើ​ការ​ជាមួយ​គណៈប្រធាន​យុវនារី​ស្តេក​ក្នុង​គណៈកម្មាការ​នេះ ។ ដោយ​មាន​ទីប្រឹក្សា​ម្នាក់​របស់​ប្រធាន​ស្តេក​ធ្វើ​ជា​ប្រធាន នោះ​គណៈកម្មាការ​នេះ​នឹងកាន់តែសំខាន់ ដោយសារ​កម្មវិធី និង​សកម្មភាព​ជាច្រើន​នៅ​ក្នុង​​កម្មវិធី​ផ្ដួច​ផ្ដើម​ថ្មី​សម្រាប់​កុមារ និង​យុវវ័យ​នឹង​មាន​នៅ​កម្រិត​ស្តេក ។

ទីប្រឹក្សា​ជាន់​ខ្ពស់​ទាំង​នេះ នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ស្តេក អាច​បម្រើ​ជា​ធនធាន​មួយ​ដល់​ប៊ីស្សព និង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​មាន​លក្ខណៈ​ស្រដៀងគ្នា​ក្នុង​ការ​បម្រើ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​ទីប្រឹក្សា​ជាន់​ខ្ពស់​ទៅកាន់​កូរ៉ុម​អែលឌើរ​វួដ ។

ដោយ​វា​ជា​បញ្ហា​ជាប់​ទាក់ទង​គ្នា នោះ ទីប្រឹក្សា​ជាន់​ខ្ពស់​ម្នាក់​ទៀត​នឹង​បម្រើ​ជា​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ស្តេក ហើយ​ប្រសិន​បើ​ចាំ​បាច់ អាច​បម្រើ​នៅ​ក្នុង​គណៈកម្មាការ​បព្វជិតភាព​អើរ៉ុន–​យុវនារី​ស្តេក ។១៤

ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​បន្ថែម​ទៀត​នឹង​ពន្យល់​ឲ្យ​ស៊ីជម្រៅ​នៅ​ក្នុង​ព័ត៌មាន​ដែល​ផ្ញើ​ទៅ​កាន់​ថ្នាក់​ដឹកនាំ ។ ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​រួម​មាន ៖

  • ការ​ប្រជុំ​គណៈកម្មាការ​យុវវ័យ​របស់​គណៈប៊ីស្សព​នឹង​ជំនួស​ដោយ​ក្រុម​ប្រឹក្សា​យុវវ័យ​ប្រចាំ​វួដ ។

  • ពាក្យ « ម៉្ញូឆល »​ នឹង​ឈប់​មាន ហើយ តែ​ជំនួស​វិញ​ដោយ « សកម្មភាព​យុវនារី » « សកម្មភាព​កូរ៉ុម​បព្វជិតភាព​អើរ៉ុន » ឬ ​« សកម្មភាព​យុវវ័យ » ហើយ​នឹង​ធ្វើ​ឡើង​រាល់​សប្ដាហ៍ បើ​អាចធ្វើ​ទៅ​បាន ។

  • ថវិកា​វួដ​សម្រាប់​សកម្មភាព​យុវវ័យ​នឹង​ត្រូវ​បាន​បែង​ចែក​រវាង​យុវជន និង​យុវនារី​ស្មើភាគ​គ្នា​ស្រប​តាម​ចំនួន​យុវវ័យ​នៅ​ក្នុង​អង្គភាព​នីមួយៗ ។ ចំនួន​ទឹកប្រាក់​គ្រប់​គ្រាន់​មួយ​នឹង​ត្រូវ​ផ្ដល់​ឲ្យ​សម្រាប់​សកម្មភាព​អង្គការ​បឋម​សិក្សា ។

  • នៅ​គ្រប់​កម្រិត — វួដ, ស្តេក និង​ទូទៅ — យើង​នឹង​ប្រើ​ពាក្យ « អង្គការ » ជា​ជាង​ពាក្យ​« អង្គការ​ជំនួយ » ។ អ្នក​ដែល​ដឹកនាំ​សមាគមសង្គ្រោះទូទៅ យុវនារី យុវជន អង្គការ​បឋម​សិក្សា និង​សាលាថ្ងៃ​អាទិត្យ​ទូទៅ​នឹង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា « ពួក​អ្នក​កាន់​តំណែង​ទូទៅ » ។ អ្នក​ដែល​ដឹកនាំ​អង្គការ​នៅ​កម្រិត​វួដ និង​ស្តេក​នឹង​ត្រូវ​បាន​គេ​ស្គាល់​ថា « អ្នក​កាន់​តំណែង​ក្នុង​វួដ » និង « អ្នក​កាន់​តំណែង​ក្នុង​ស្តេក » ។១៥

ការ​កែសម្រួល​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​អាច​នឹង​ចាប់ផ្ដើម​ភ្លាម ពេល​សាខា វួដ មណ្ឌល និង​ស្តេក​ត្រៀម​រួច​រាល់ ប៉ុន្តែ​គួរ​សម្រេច​ឲ្យ​បាន​ត្រឹម​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០២០ ។ ពេល​ដាក់​បញ្ចូល​ជាមួយ​នឹង​ការ​កែសម្រួល​ពី​មុន ការ​កែសម្រួល​ទាំង​នេះ តំណាង​ឲ្យ​ការ​ខិតខំ​ខាង​វិញ្ញាណ និង​ខាង​រចនា​សម្ព័ន្ធ​មួយ​ដែល​សម​ស្រប​នឹង​គោលលទ្ធិ​ដើម្បី​ផ្ដល់​ពរជ័យ ហើយ​ពង្រឹង​បុរស ស្ត្រី យុវវ័យ និង​កុមារ​គ្រប់​រូប ដោយ​ជួយ​បុគ្គល​ម្នាក់ៗ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​របស់យើង ព្រះយេស៊ូវគ្រីស្ទ កាល​យើង​រីកចម្រើន​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​សន្យា ហើយ​ថ្លែង​ទីបន្ទាល់​ថា ការ​កែសម្រួល​ទាំង​នេះ នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្យាការី​ដ៏​បំផុស​គំនិត​របស់​យើង ប្រធាន រ័សុល អិម ណិលសុន នឹង​ផ្ដល់​នូវ​អនុភាព ហើយ​ពង្រឹង​ដល់​សមាជិក​សាសនាចក្រ​គ្រប់​រូប ។ យុវវ័យ​របស់​យើង​នឹង​អភិវឌ្ឍ​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ​លើ​ព្រះអង្គ​សង្គ្រោះ ទទួល​បាន​ការ​ការពារ​ពី​ការ​ល្បួង​របស់​មារសត្រូវ ហើយ​ឈរ​យ៉ាង​រឹងមាំ​ប្រឈម​នឹង​ឧបសគ្គ​នៃ​ជីវិត ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល រ័សុល អិម ណិលសុន នៅក្នុង « Latter-day Saint Prophet, Wife and Apostle Share Insights of Global Ministry » Newsroom ថ្ងៃ​ទី ៣០ ខែ តុលា ឆ្នាំ្ន ២០១៨ គេហទំព័រ newsroom.ChurchofJesusChrist.org ។

  2. លើស​ពី​នេះ​ទៀត បងប្អូន​បាន​ធ្វើ​ការ​ខិតខំ​ដ៏​ជាក់​លាក់​ដើម្បី​ប្រើ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ ដូច​ដែល​បាន​បង្រៀន​ដោយ​ប្រធាន រ័សុល អិម ណិលសុន​ ហើយ​ចងចាំ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ដោយ​សេចក្ដី​ស្រឡាញ់ និង​ការ​គោរព ពេល​បងប្អូន​ធ្វើ​បែប​នោះ ។

  3. « សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​បញ្ជូន​ចេញ​ទៅ ‹ ដើម្បី​ធ្វើ​ការងារ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ទ្រង់​សម្រាប់​សេចក្តី​សង្គ្រោះ​ដល់​ព្រលឹង​នៃ​មនុស្ស​លោក › ( គោលលទ្ធិ និង សេចក្ដី​សញ្ញា. ១៣៨:៥៦ ) ។ កិច្ចការ​នៃ​សេចក្តីសង្រ្គោះនេះ​រួមមាន កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់សមាជិក ការថែរក្សា​អ្នកប្រែចិត្តជឿ ការធ្វើ​ឲ្យ​សមាជិក​មិន​សូវ​សកម្ម​ឲ្យ​សកម្ម​ឡើង​វិញ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ និង​ការបង្រៀន​ដំណឹងល្អ ។ គណៈប៊ីស្សព​ដឹកនាំ​កិច្ចការ​នេះ​នៅ​ក្នុង​វួដ​ដែល​ត្រូវ​បាន​ជួយ​ដោយ​សមាជិក​ដទៃ​ទៀត​ក្នុង​ក្រុម​ប្រឹក្សា​វួដ» ( ក្បួន​ខ្នាត​ភាគ ២ ៖ ការ​គ្រប់​គ្រង​សាសនាចក្រឆ្នាំ​២០១០], ៥.០ ChurchofJesusChrist.org ) ។

  4. ក្នុងនាម​ជា​ថ្នាក់​ដឹកនាំ យើង​ស្រឡាញ់​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចំពោះ​សេចក្ដី​ល្អ និង​ភាព​ជា​សិស្ស​របស់​បងប្អូន ។ យើង​មាន​អំណរគុណ​ចំពោះ​បុគ្គល​ម្នាក់ៗ ឪពុក​ម្ដាយ យុវវ័យ និង​កុមារ​ដែល​កំពុង​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា—និង​កំពុង​ធ្វើ​ដូច្នេះ​ដោយ​ការ​លះបង់​ខ្ពស់ និង​អំណរ ។

  5. នៅ​ឆ្នាំ ២០១៩ ឌីកុន​ម្នាក់​អាយុ ១១ ឆ្នាំ​បាន​ចាប់ផ្ដើម​ចែក​សាក្រាម៉ង់ ហើយ​យុវជន​យុវនារី​អាយុ ១១ ឆ្នាំ​បាន​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ការ​ប្រើ​ប្រាស់ ។ ឆ្នាំ​មុន ប្រធាន​ណិលសុន​បាន​សំណូម​ពរ​ដល់​យុវជន​យុវនារី​របស់​យើង​ឲ្យ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ទ័ព​ចម្បាំង​យុវវ័យ ដើម្បី​ប្រមូល​អ៊ីស្រាអែល​ដែល​ខ្ចាត់​ព្រាត់​នៅ​ផ្នែក​សងខាង​នៃ​វាំង​នន​( សូមមើល « សេចក្ដី​សង្ឃឹម​នៃអ៊ីស្រាអែល » [ការ​ប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃ​ទី ៣ ខែ​មិថុនា ឆ្នាំ​២០១៨ ], HopeofIsrael.ChurchofJesusChrist.org ) ។ ការ​ឆ្លើយ​តប​មាន​ភាព​អស្ចារ្យ​ណាស់ ។

    ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ឥឡូវ​នេះ​បម្រើ​តាម​របៀប​ដ៏​អស្ចារ្យ​មួយ​ក្នុង​វ័យ​ក្មេង ។ ចាប់តាំង​ពី​ថ្ងៃ​ទី ៦ ខែ​តុលា ឆ្នាំ​២០១២ យុវជន​មាន​សិទ្ធិ​បម្រើ​នៅ​វ័យ ១៨ ឆ្នាំ ហើយ​យុវនារី​នៅ​វ័យ ១៩ ឆ្នាំ ។

  6. ព្រម​ទាំង​ភារកិច្ច​របស់​ប្រធាន​លើ​បព្វជិតភាព​អើរ៉ុន​ដែរ គឺ​ត្រូវ​ត្រួតត្រា​លើ​ពួក​សង្ឃ​ហើយ​អង្គុយ​ជាមួយ​ពួក​គេ​ក្នុង​ក្រុម​ប្រឹក្សា ដើម្បី​បង្រៀន​ពួក​គេ​អំពី​ភារកិច្ច​នៃ​តំណែង​របស់​ពួក​គេ ។ … ប្រធាន​នេះ​ត្រូវ​ធ្វើ​ជា​ប៊ីស្សព ត្បិត​នេះ​ហើយ​ជា​ភារកិច្ច​មួយ​នៃ​បព្វជិតភាព​នេះ »​( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៨៧–៨៨ ) ។

  7. ថ្នាក់​ដឹកនាំ​មជ្ឈិមវ័យ​ក៏​នឹង​ត្រូវ​បាន​ហៅ​ជា​អ្នក​ជំនាញ​របស់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ផង​ដែរ ដើម្បី​ជួយ​ដល់​កម្មវិធី និង​សកម្មភាព ហើយ​ចូល​រួម​នៅ​ក្នុង​ការ​ប្រជុំ​កូរ៉ុម ដើម្បី​គណៈប៊ីស្សព​អាច​ចូល​ទៅ​ថ្នាក់ និង​សកម្មភាព​យុវនារី​ជា​ទៀងទាត់ និង​ម្ដង​ម្កាល​ទៅ​ថ្នាក់​អង្គការ​បឋម​សិក្សា ។ អ្នក​ជំនាញ​មួយ​ចំនួន​អាច​ត្រូវ​បាន​ហៅ​ដើម្បី​ជួយ​ដល់​ព្រឹត្តិការណ៍​ជាក់​លាក់​មួយ​ដូចជា ការ​បោះជំរំ ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​ហៅ​នៅ​រយៈពេល​វែង​ដើម្បី​ជួយ​ដល់​ពួក​អ្នក​ណែនាំ​របស់​កូរ៉ុម ។ នៅ​ក្នុង​ការ​ប្រជុំ កម្មវិធី ឬ​សកម្មភាព​នីមួយៗ​របស់​កូរ៉ុម​ត្រូវ​មាន​មជ្ឈិម​វ័យ​យ៉ាង​ហោចណាស់​ពីរ​នាក់​ជានិច្ច ។ កាល​តួនាទី និង​ងារ​នឹង​ផ្លាស់ប្ដូរ នោះ​យើង​ពុំ​រំពឹង​ទុក​នូវ​ការ​កាត់​បន្ថយ​ចំនួន​ដ៏​ច្រើន​របស់​មជ្ឈិមវ័យ​ជា​បុរស​ដែល​កំពុង​បម្រើ ហើយ​ជួយ​ដល់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​នោះ​ឡើយ ។

  8. រ័សុល អិម ណិលសុន​ « Witnesses, Aaronic Priesthood Quorums, and Young Women Classes » Liahonaខែ​វិច្ឆិកា ឆ្នាំ​២០១៩ សូមមើល​ផង​ដែរ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « To the Young Women of the Church » Ensignខែ​វិច្ឆិកា ឆ្នាំ​១៩៨៦ ទំព័រ ៨៥ ។

  9. យើង​ក៏​កំពុង​តែ​ណែនាំ​ប៊ីស្សព​ឲ្យ​ចំណាយ​ពេល​ច្រើន​ជាមួយ​នឹង​សមាជិក​មជ្ឈិម​វ័យ​នៅ​លីវ និង​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ផ្ទាល់​ផង​ដែរ ។

  10. ជែហ្វ្រី អ័រ ហូឡិន ការ​ប្រជុំ​ថ្នាក់​ដឹកនាំ​សម្រាប់​សន្និសីទ​ទូទៅ ខែ​មេសា ឆ្នាំ​២០១៨ សូម​មើល​ផង​ដែរ « Effective Ministering », ministering.ChurchofJesusChrist.org ។ អែលឌើរ ហូឡិន បាន​បង្រៀន​ថា ការ​ទទួល​ខុស​ត្រូវ​ដែល​ប៊ីស្សព​ពុំ​អាច​បែង​ចែក​បាន​គឺ​ការ​ធ្វើ​ជា​អធិបតី​លើ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​យុវនារី ការ​ធ្វើ​ជា​ចៅ​ក្រម ការ​គ្រប់គ្រង​លើ​កិច្ចការ​ហិរញ្ញវត្ថុ និង​ខាង​សាច់​ឈាម​របស់​សាសនាចក្រ និង​ការ​មើល​ថែ​ដល់​ជន​ខ្វះខាត និង​ទុរគ៌ត ។ គណៈប្រធាន​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ និង​បុគ្គល​ផ្សេង​ទៀត​អាច​ធ្វើ​ការ​ទទួល​ខុសត្រូវ​ដ៏​ចម្បង​សម្រាប់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា កិច្ចការ​ពង្សប្រវត្តិ និង ព្រះវិហារ​បរិសុទ្ធ គុណភាព​នៃ​ការ​បង្រៀន​នៅ​ក្នុង​វួដ និង​ការ​គ្រប់​គ្រង និង​ការ​ផ្ដល់​ការងារ​បម្រើ​ដល់​សមាជិក​សាសនាចក្រ ។

  11. បន្ថែម​ពី​លើ​កាលៈទេសៈ​ដែល​តម្រូវ​ឲ្យ​មាន​កូនសោ​របស់​ចៅក្រុមទូទៅ បញ្ហា​នៃ​ការ​រំលោភ​បំពាន​គ្រប់​ប្រភេទ​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ប៊ីស្សព​ស្រប​តាម​គោលនយោបាយ​សាសនាចក្រ ។

  12. ប្រធាន​សមាគមសង្គ្រោះ​ស្តេក​ក៏​នឹង​បន្ត​រាយការណ៍​ដោយ​ផ្ទាល់​ទៅ​ប្រធាន​ស្តេក​ផងដែរ ។

  13. ទីប្រឹក្សា​របស់​ប្រធាន​យុវជន​ស្តេក​ប្រហែល​ជា​ត្រូវ​បាន​ហៅ​មក​ពី​សមាជិក​ស្តេក ឬ​បើ​ចាំបាច់ ប្រហែល​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ដែល​ចាត់​ទៅ​យុវនារី និង​ទីប្រឹក្សា​ជាន់​ខ្ពស់​ដែល​ចាត់​ទៅ​អង្គ​បឋម​សិក្សា ។

  14. បងប្អូន​ប្រុស​ដែល​បម្រើ​ជា​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​ចំពោះ​កម្មវិធី​សិក្សា​របស់​យុវវ័យ​នៅ​អាទិត្យ​ទីពីរ​រៀង​រាល់​ខែ ។

  15. គណៈប្រធាន​សមាគម​សង្គ្រោះ យុវនារី យុវជន សាលា​ថ្ងៃ​អាទិត្យ និង​អង្គការ​បឋម​សិក្សា​នៅ​កម្រិត​ទូទៅ និង​ស្តេក​គឺជា​អ្នក​កាន់​តំណែង​ទូទៅ ឬ​អ្នក​កាន់​តំណែង​ក្នុង​ស្តេក ។ នៅ​កម្រិត​វួដ គណៈប៊ីស្សព​ដឹកនាំ​យុវជន ដូច្នេះ​អ្នកប្រឹក្សា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ពុំ​មែន​ជា « ពួក​អ្នក​កាន់តំណែង​វួដ » ទេ ។