ឆ្នាំ ២០១០-២០១៩
ចូរ​ស្មោះត្រង់ កុំ​វៀចវេរ​ឡើយ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ចូរ​ស្មោះត្រង់ កុំ​វៀចវេរ​ឡើយ

យើង​ត្រូវ​មាន​បំណង​ចំណាយ​ពេល​រាល់​ថ្ងៃ ដើម្បី​ចេញ​ពី​ពិភពលោក ហើយ​ភ្ជាប់​ទៅនឹង​ស្ថានសួគ៌ ។

មួយ​រយៈ​មុន ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​រៀបចំ​ខ្លួន​សិក្សា​ព្រះគម្ពីរ ។ ខ្ញុំ​ចាប់​យក​ទូរសព្ទ​ដៃ​ខ្ញុំ ហើយ​អង្គុយ​លើ​កៅអី​ក្បែរ​គ្រែ​ក្នុង​បំណង​បើក​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។ ខ្ញុំ​បាន​ដោះសោ​ទូរសព្ទ ហើយ​ហៀប​នឹង​ចាប់ផ្ដើម​សិក្សា ស្រាប់​តែ​ខ្ញុំ​ឃើញ​សារ និង​អ៊ីម៉ែល​ជាច្រើន​លោត​ឡើង ដែល​ផ្ញើ​មក​នៅ​យប់​នោះ ។ ខ្ញុំ​គិត​ថា « ខ្ញុំ​នឹង​ឆែក​មើល​សារ​ទាំងនោះ​មួយ​ភ្លែត រួច​ហើយ​បក​មក​ព្រះគម្ពីរ​ភ្លាម » ។ មាន​ឯណា ពីរ​ម៉ោង​ក្រោយមក ខ្ញុំ​នៅតែ​អាន​សារ អ៊ីម៉ែល ព័ត៌មាន និង​ការបង្ហោះ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដដែល ។ ពេល​ខ្ញុំ​ដឹង​ថា​ម៉ោង​ប៉ុន្មាន នោះ​ខ្ញុំ​ប្រញាប់​រៀបចំ​ខ្លួន​ទៅ​ធ្វើការ​ទាំង​តក់​ក្រហល់ ។ ខ្ញុំ​ខក​មិន​បាន​សិក្សា​ព្រះគម្ពីរ​នា​ព្រឹក​នោះ ហើយ​ជាលទ្ធផល ខ្ញុំ​មិន​បាន​ទទួល​ការចិញ្ចឹម​ខាង​វិញ្ញាណ ដែល​ខ្ញុំ​រំពឹង​ទុក​ឡើយ ។

ការចិញ្ចឹម​ខាង​វិញ្ញាណ

ខ្ញុំ​ជឿជាក់​ថា បងប្អូន​ជាច្រើន​អាច​យល់​បាន ។ បច្ចេកវិទ្យា​ទំនើប​ផ្ដល់​ពរ​ដល់​យើង​តាម​របៀប​ជាច្រើន ។ វា​អាច​ភ្ជាប់​យើង​ទៅនឹង​មិត្តភក្ដិ និង​គ្រួសារ ទៅនឹង​ព័ត៌មាន និង​ដំណឹង​នានា​អំពី​ព្រឹត្តិការណ៍​ថ្មីៗ​ជុំវិញ​ពិភពលោក ។ ប៉ុន្ដែ វា​ក៏​អាច​រំខាន​យើង​ពី​ការភ្ជាប់​ដ៏​សំខាន់​បំផុត​ផងដែរ ៖ ការភ្ជាប់​យើង​ទៅ​នឹង​ស្ថានសួគ៌ ។

ខ្ញុំ​សូម​លើក​ឡើង​វិញ​នូវ​អ្វី​ដែល​ព្យាការី​របស់​យើង ប្រធាន រ័សុល អិម ណិលសុន ដែល​លោក​បាន​មាន​ប្រសាសន៍​ថា « យើង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ស្មុគសា្មញ ហើយ​មាន​ជម្លោះជា​បន្ត​បន្ទាប់ ។ លទ្ធភាព​ដ៏​ខ្ជាប់​ខ្ជួន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​វដ្ដ​សារព័ត៌មាន ២៤ ម៉ោង ធ្វើ​ឲ្យ​យើង​ថប់​បារម្ភ​ជាមួយ​នឹង​សារលិខិត​ឥត​ឈប់​ឈរ ។ បើ​សិន​ជា​យើង​ចង់​មាន​សេចក្តី​សង្ឃឹម​ក្នុង​ការពិនិត្យ​មើល​រក​ភស្ដុតាង​ចំពោះ​សំឡេង និង​ទស្សនវិជ្ជា​ជាច្រើន​របស់​មនុស្ស ដែល​វាយ​ប្រហារ​សេចក្ដី​ពិត នោះ​យើង​ត្រូវ​តែ​រៀន​ដើម្បី​ទទួល​វិវរណៈ » ។

ប្រធាន​ណិលសុន​បាន​បន្ដ​ព្រមាន​ថា « នៅ​គ្រា​ខាង​មុខ វា​នឹង​មិន​អាច​រស់​រាន​ខាង​វិញ្ញាណ​បាន​ឡើយ បើ​គ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួង​លោម​ចិត្ត​ជាប់​ជានិច្ច​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​នោះ » ។

ច្រើន​ឆ្នាំ​កន្លង​ទៅ ប្រធាន ប៊យដ៍ ឃេ ផាកកឺ បាន​តំណាល​រឿង​ក្ដាន់​មួយ​ហ្វូង ដែល​បាន​ជាប់​នៅ​ខាងក្រៅ​ជម្រក​ធម្មជាតិ​វា ហើយ​ប្រឈម​នឹង​ការអត់​អាហារ ដោយសារ​តែ​ព្រិល​ធ្លាក់​ខ្លាំង ។ ជា​កិច្ច​ខិតខំ​សង្គ្រោះ​ក្ដាន់​នោះ មនុស្ស​មាន​បំណង​ល្អ​មួយ​ចំនួន​បាន​ចាក់​ចំបើង​មួយ​ឡាន​ជុំវិញ​តំបន់​នោះ—វា​មិនមែន​ជា​អ្វី​ដែល​សត្វ​ក្ដាន់​ស៊ី​ទេ​ជាធម្មតា តែ​គេ​សង្ឃឹម​ថា យ៉ាង​ហោច​វា​ជួយ​ក្ដាន់​នោះ​ឲ្យ​រស់​ក្នុង​រដូវ​ត្រជាក់ ។ ជាអកុសល ក្រោយមក សត្វ​ក្ដាន់​ភាគច្រើន​បាន​ងាប់ ។ វា​បាន​ស៊ី​ចំបើង​នោះ ប៉ុន្ដែ​វា​មិន​បាន​ផ្ដល់​ជីវជាតិ​ដល់​ក្ដាន់​ទេ ដូច្នេះ​វា​ឃ្លាន​ដល់​ស្លាប់​ដោយ​មាន​ពោះ​ពេញ ។

សារ​ជាច្រើន​ដែល​វាយលុក​យើង​ក្នុង​សម័យ​ព័ត៌មាន​នេះ​គឺ​ស្មើ​នឹង​ការឲ្យ​ចំបើង​ទៅ​ក្ដាន់​ស៊ី​ខាង​វិញ្ញាណ—យើង​អាច​បរិភោគ​វា​ពេញ​មួយ​ថ្ងៃ តែ​វា​មិន​ផ្ដល់​ជីវជាតិ​ដល់​យើង​ទេ ។

តើ​យើង​រកឃើញ​ជីវជាតិ​ខាង​វិញ្ញាណ​ពិត​នៅ​ឯណា ? ជារឿយៗ​បំផុត វា​មិនមែន​ជា​ការនិយម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឡើយ ។ យើង​រកឃើញ​វា នៅពេល​យើង « ប្រជ្រៀត​គ្នា​ទៅ​មុខ » នៅលើ​ផ្លូវ​សេចក្ដី​សញ្ញា « ដោយ​កាន់​ដំបង​ដែក​យ៉ាង​ខ្ជាប់​ជានិច្ច » ហើយ​ទទួល​ទាន​ផ្លែ​នៃ​ដើម​ជីវិត ។ នេះ​មាន​ន័យ​ថា យើង​ត្រូវ​មាន​បំណង​ចំណាយ​ពេល​រាល់​ថ្ងៃ ដើម្បី​ចេញ​ពី​ពិភពលោក ហើយ​ភ្ជាប់​ទៅនឹង​ស្ថានសួគ៌ ។

នៅក្នុង​សុបិន្ត​របស់​គាត់ លីហៃ​បាន​ឃើញ​មនុស្ស​ដែល​ទទួល​ទាន​ផ្លែឈើ រួច​ហើយ​បោះ​វា​ចោល ដោយសារតែ​ឥទ្ធិពល​នៃ​អគារ​ដ៏ធំ​ស្កឹមស្កៃ ជា​សេចក្ដី​ឆ្មើងឆ្មៃ​នៃ​លោកិយ ។ វា​អាច​កើតឡើង​បាន ពេល​យុវវ័យ​ធំ​ឡើង​នៅក្នុង​ផ្ទះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ចូលរួម​ការប្រជុំ និង​ថ្នាក់រៀន​ក្នុង​សាសនាចក្រ​ទាំងអស់ ថែម​ទាំង​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទៀត រួច​ហើយ​ដើរ​ទៅ « ផ្លូវ​ហាម​ឃាត់​ទាំង​ឡាយ ហើយ​វង្វេង​បាត់​អស់​ទៅ » ។ ហេតុអ្វី​រឿង​នេះ​កើតឡើង ? ក្នុង​ករណី​ជាច្រើន វា​កើត​ដោយសារ ខណៈ​ពួកគេ​អាច​ឆ្លងកាត់​ចលនា​ខាង​វិញ្ញាណ តែ​ពួកគេ​មិន​បាន​ប្រែចិត្ត​ជឿ​ពិត​ទេ ។ ពួកគេ​បាន​ទទួល​ទាន តែ​មិន​បាន​ទទួល​ជីវជាតិ​ទេ ។

រូបភាព
សកម្មភាព​យុវវ័យ

ផ្ទុយ​ទៅវិញ ខ្ញុំ​បាន​ជួប​នឹង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ក្មេងៗ​ជា​ច្រើន​ដូច​បងប្អូន​ដែលឈ្លាស​វៃ ​រឹងមាំ និង​ស្មោះត្រង់ ។ បងប្អូន​ដឹង​ថា បងប្អូន​គឺ​ជា​បុត្រា​បុត្រី​របស់​ព្រះ ហើយ​ថា ទ្រង់​មាន​កិច្ចការ​មួយ​ឲ្យ​បងប្អូន​ធ្វើ ។ បងប្អូន​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី « ចិត្ត គំនិត កម្លាំង និង ពលំ » របស់​បងប្អូន ។ បងប្អូន​រក្សា​សេចក្ដី​សញ្ញា​របស់​បងប្អូន ហើយ​បម្រើ​មនុស្ស​ដទៃ ដោយ​ចាប់ផ្ដើម​ពី​ក្នុង​ផ្ទះ​ទៅ ។ បងប្អូន​អនុវត្ត​សេចក្ដី​ជំនឿ ប្រែចិត្ត និង​កែលម្អ​ខ្លួន​រាល់ថ្ងៃ ហើយ​ការណ៍​នេះ​នាំ​អំណរ​ដ៏​យូរ​អង្វែង​ដល់​បងប្អូន ។ បងប្អូន​រៀបចំ​ខ្លួន​សម្រាប់​ពរជ័យ​ព្រះវិហារ​បរិសុទ្ធ និង​ឱកាស​ផ្សេងទៀត ដែល​បងប្អូន​នឹង​មាន​ក្នុង​នាមជា​អ្នកដើរតាម​ដ៏​ពិត​របស់​ព្រះអង្គ​សង្គ្រោះ ។ ហើយ​បងប្អូន​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​លើក​ទីពីរ ដោយ​ការអញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មករក​ព្រះគ្រីស្ទ ហើយ​ទទួល​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ បងប្អូន​ភ្ជាប់​ខ្លួន​ទៅនឹង​ស្ថានសួគ៌ ។

រូបភាព
ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​របស់​យុវវ័យ

មែនហើយ បងប្អូន​ជួប​នឹង​ឧបសគ្គ ។ ប៉ុន្ដែ​មនុស្ស​គ្រប់​ជំនាន់​ក៏​បាន​ជួប​ដែរ ។ នេះ​គឺជា​ជំនាន់​របស់​យើង ហើយ​យើង​ត្រូវ​ស្មោះត្រង់ កុំ​វៀចវេរ​ឡើយ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​ជ្រាប​ពី​ឧបសគ្គ​របស់​យើង ហើយ​តាមរយៈ​ភាពដឹកនាំ​របស់​ប្រធាន​ណិលសុន ទ្រង់​កំពុង​រៀបចំ​យើង​ឲ្យ​ជួប​នឹង​ឧបសគ្គ​នោះ ។ ខ្ញុំ​ជឿ​ថា ការហៅ​របស់​ព្យាការី​ថ្មីៗ​នេះ​ឲ្យ​មាន​សាសនាចក្រ​ដែល​ផ្ដោត​លើ​គេហដ្ឋាន ហើយ​គាំទ្រ​ដោយ​អ្វី​ដែល​យើង​ធ្វើ​នៅក្នុង​អគារ​យើង ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ​រស់រាន—ឬ​ជោគជ័យ—ក្នុង​ជំនាន់​នៃ​ការខ្វះ​សារធាតុ​ចិញ្ចឹម​ខាង​វិញ្ញាណ​នេះ ។

ផ្ដោត​ទៅ​លើ​គេហដ្ឋាន

តើ​សាសនាចក្រ​ដែល​ផ្ដោត​ទៅលើ​គេហដ្ឋាន​មាន​ន័យ​ដូចម្ដេច ? គេហដ្ឋាន​អាច​មាន​ភាពខុសៗ​គ្នា​ទូទាំង​ពិភពលោក ។ បងប្អូន​អាច​មាន​គ្រួសារ​មួយ ដែល​នៅ​ក្នុង​សាសនាចក្រ​ជាច្រើន​ជំនាន់ ។ ឬ បងប្អូន​អាច​ជា​សមាជិក​នៃ​សាសនាចក្រ​តែ​ម្នាក់​ឯង​នៅក្នុង​គ្រួសារ​បងប្អូន ។ បងប្អូន​អាច​រៀបការ​ហើយ ឬ​នៅ​លីវ មាន ឬ​គ្មាន​កូន​នៅ​ផ្ទះ ។

មិន​ថា​ស្ថានភាព​បងប្អូន​យ៉ាងណា​ទេ បងប្អូន​អាច​ធ្វើឲ្យ​ផ្ទះ​បងប្អូន​ផ្ដោត​ទៅ​លើ​ការរៀនសូត្រ និង​ការរស់នៅ​តាម​ដំណឹងល្អ​បាន ។ វា​មាន​ន័យ​សាមញ្ញ​ថា បងប្អូន​ទទួល​ខុស​ត្រូវ​ផ្ទាល់ខ្លួន​លើ​ការប្រែចិត្ត​ជឿ និង​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​បងប្អូន ។ វា​មាន​ន័យ​ថា ធ្វើ​តាម​ការប្រឹក្សា​របស់​ប្រធាន​ណិលសុន « ដើម្បី [ ផ្លាស់ប្រែ ] គេហដ្ឋាន​របស់​បងប្អូន​ទៅ​ជា​ទី​បរិសុទ្ធ​នៃ​សេចក្ដី​ជំនឿ » ។

សត្រូវ​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​បងប្អូន​ថា ជីវជាតិ​ខាង​វិញ្ញាណ​មិន​ចាំបាច់​ទេ ឬ​កាន់តែ​ប៉ិន​ប្រសប់​ថា វា​អាច​រង់ចាំ​បាន ។ វា​គឺជា​មេ​នៃ​ការរំខាន ហើយ​ជា​បិតា​នៃ​ការតក់​ក្រហល់ ។ វា​នឹង​នាំ​ការយក​ចិត្ត​ទុកដាក់​បងប្អូន​ទៅលើ​រឿង​ផ្សេង ដែល​មើល​ទៅ​បន្ទាន់ តែ​តាម​ពិត​មិន​សូវ​សំខាន់​ទេ ។ វា​នឹង​ឲ្យ​បងប្អូន​ប្រែ​ទៅជា « ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន » ណាស់​រហូត​បងប្អូន​ប្រហែស​នឹង « សេចក្តី​តែ​១​ទេ ដែល​សំរាប់​ត្រូវការ » ។

ខ្ញុំ​មាន​អំណរ​ចំពោះ « ឪពុក​ម្ដាយ​ល្អ »១០របស់​ខ្ញុំ ដែល​បាន​ចិញ្ចឹម​គ្រួសារ​ក្នុង​ផ្ទះ​មួយ​ដែល​ផ្ដល់​ជីវជាតិ​ខាង​វិញ្ញាណ​ឥត​ដាច់ មាន​ទំនាក់ទំនង​ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​សកម្មភាព​កម្សាន្ដ​ដ៏​ល្អ​ត្រឹមត្រូវ ។ ការបង្រៀន​ដែល​ពួកគាត់​បាន​ផ្ដល់​កាល​ពី​យុវវ័យ​របស់​ខ្ញុំ បាន​ដាក់​ខ្ញុំ​ក្នុង​ទី​ដ៏​ល្អ ។ ឪពុក​ម្ដាយ​អើយ សូម​បង្កើត​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាមួយ​កូនៗ​បងប្អូន ។ ពួកគេ​ត្រូវការ​ពេលវេលា​របស់​បងប្អូន​បន្ថែម មិន​មែន​បន្ថយ​ទេ ។

សាសនាចក្រ​ផ្ដល់​ការគាំទ្រ

ពេល​បងប្អូន​ធ្វើ​ដូច្នេះ សាសនាចក្រ​គាំទ្រ​ដល់​បងប្អូន ។ បទពិសោធន៍​របស់​យើង​ក្នុង​សាសនាចក្រ​អាច​ពង្រឹង​ការចិញ្ចឹម​ខាង​វិញ្ញាណ ដែល​កើត​មាន​ក្នុង​គេហដ្ឋាន ។ កន្លង​មក​ក្នុង​ឆ្នាំ​នេះ យើង​បាន​ឃើញ​ការគាំទ្រ​ពី​សាសនាចក្រ​ប្រភេទ​នេះ​នៅ​សាលា​ថ្ងៃ​អាទិត្យ និង​ថ្នាក់​កុមារ ។ យើង​នឹង​ឃើញ​បន្ថែម​ទៀត​នៅក្នុង​ការប្រជុំ​បព្វជិតភាព​អើរ៉ុន និង​យុវនារី​ផងដែរ ។ ចាប់ពី​ខែ​មករា​នេះ​ទៅ កម្មវិធី​សិក្សា​សម្រាប់​ការប្រជុំ​ទាំងនេះ​នឹង​ត្រូវ​កែសម្រួល​បន្ដិច ។ វា​នឹង​នៅតែ​ផ្ដោត​លើ​ប្រធានបទ​ដំណឹងល្អ តែ​ប្រធានបទ​ទាំងនោះ​នឹង​ស្រប​តាម​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ នេះ​គឺជា​ការផ្លាស់ប្ដូរ​ដ៏​តូច​មួយ តែ​វា​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​លើ​ការផ្ដល់​ជីវជាតិ​ខាង​វិញ្ញាណ​របស់​យុវវ័យ ។

តើ​សាសនាចក្រ​ផ្ដល់​ការគាំទ្រ​ប្រភេទ​ណា​ខ្លះ​ទៀត ? នៅ​ព្រះវិហារ យើង​ទទួល​ទាន​សាក្រាម៉ង់ ដែល​ជួយ​យើង​ឲ្យ​ធ្វើ​ការតាំងចិត្ត​ជាថ្មី​ចំពោះ​ព្រះអង្គ​សង្គ្រោះ​រាល់​សប្ដាហ៍ ។ ហើយ​នៅ​ព្រះវិហារ យើង​ប្រជុំ​គ្នា​ជាមួយ​អ្នកជឿ​ផ្សេងទៀត ដែល​មាន​សេចក្ដី​សញ្ញា​ដូចគ្នា​នោះ ។ ទំនាក់​ទំនង​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ដែល​យើង​បង្កើត​ជាមួយ​សិស្ស​ផ្សេងទៀត​របស់​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជា​ការគាំទ្រ​ដ៏​ខ្លាំង​មួយ​ដល់​ភាពជា​សិស្ស​ដែល​ផ្ដោត​លើ​គេហដ្ឋាន​ផ្ទាល់​របស់​យើង ។

នៅពេល​ខ្ញុំ​អាយុ ១៤ ឆ្នាំ គ្រួសារ​ខ្ញុំ​បាន​ផ្លាស់​ទៅ​ផ្ទះ​ថ្មី ។ ឥឡូវ នេះ​អាច​ជា​រឿង​ធម្មតា​ចំពោះ​បងប្អូន ប៉ុន្ដែ​ក្នុង​ចិត្ត​ខ្ញុំ​នៅពេល​នោះ វា​អន្ដរាយ​ណាស់ ។ វា​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​ជួប​នឹង​មនុស្ស​ដែល​ខ្ញុំ​មិន​ស្គាល់ ។ វា​មាន​ន័យ​ថា យុវជន​ផ្សេងទៀត​ទាំងអស់​ក្នុង​វួដ​ខ្ញុំ​នឹង​ចូលរៀន​នៅ​សាលា​ខុស​ពី​ខ្ញុំ ។ ហើយក្នុង​គំនិត ១៤ ឆ្នាំ​របស់​ខ្ញុំ​នោះ ខ្ញុំ​គិត​ថា « តើ​ឪពុក​ម្ដាយ​ខ្ញុំ​អាច​ធ្វើ​រឿង​នេះ​ដាក់​ខ្ញុំ​យ៉ាង​ម៉េច​កើត ? » ខ្ញុំ​មាន​អារម្មណ៍​ថា ជីវិត​ខ្ញុំ​ត្រូវបាន​បំផ្លាញ ។

ប៉ុន្ដែ​តាមរយៈ​សកម្មភាព​យុវជន​របស់​យើង ខ្ញុំ​អាច​ចង​មិត្តភាព​នឹង​សមាជិក​ផ្សេងទៀត​ក្នុង​កូរ៉ុម​ខ្ញុំ ហើយ​ពួកគេ​ក្លាយជា​មិត្ត​ខ្ញុំ ។ លើស​ពី​នេះ សមាជិក​គណៈប៊ីស្សព និង​អ្នកប្រឹក្សា​បព្វជិតភាព​អើរ៉ុន​បាន​ចាប់ផ្ដើម​ចាប់​អារម្មណ៍​លើ​ជីវិត​ខ្ញុំ ។ ពួកគាត់​បាន​ចូលរួម​ព្រឹត្តិការណ៍​កីឡា​របស់​ខ្ញុំ ។ ពួកគាត់​បាន​សរសេរ​សំបុត្រ​លើក​ទឹកចិត្ត​ខ្ញុំ ដែល​ខ្ញុំ​បាន​ទុក​ដល់​សព្វថ្ងៃ​នេះ ។ ពួកគាត់​បាន​បន្ដ​ទាក់ទង​ខ្ញុំ ក្រោយពី​ខ្ញុំ​បាន​ទៅ​មហាវិទ្យាល័យ និង​ពេល​ខ្ញុំ​ចេញ​ទៅ​បេសកកម្ម ។ ពួកគាត់​ម្នាក់​ថែម​ទាំង​បាន​ទៅ​ព្រលាន​យន្ដហោះ ពេល​ខ្ញុំ​មក​ដល់​ផ្ទះ​ទៀត​ផង ។ ខ្ញុំ​មាន​អំណរគុណ​ជារៀង​រហូត​ចំពោះ​បងប្អូន​ប្រុស​ដ៏​ល្អ​ទាំងនេះ និង​ក្ដី​ស្រឡាញ់​រួម​នឹង​ការរំពឹង​ខ្ពស់​របស់​ពួកគាត់ ។ ពួកគាត់​បាន​ចង្អុល​ប្រាប់​ខ្ញុំ​ពី​ផ្លូវ​ទៅ​ស្ថានសួគ៌ ហើយ​ជីវិត​បាន​ភ្លឺថ្លា រីករាយ និង​ពេញ​ដោយ​អំណរ ។

តើ​យើង​ដែល​ជា​ឪពុក​ម្ដាយ និង​ថ្នាក់ដឹកនាំ ជួយ​យុវវ័យ​ឲ្យ​ដឹង​ថា ពួកគេ​មិន​ឯកោ ពេល​ពួកគេ​ដើរ​លើ​ផ្លូវ​សេចក្ដី​សញ្ញា​ដោយ​របៀប​ណា ? បន្ថែម​លើ​ការបង្កើត​ទំនាក់ទំនង​ផ្ទាល់ខ្លួន យើង​អញ្ជើញ​ពួកគេ​ឲ្យ​ទៅ​ការប្រជុំ​មិន​ថា​ធំ ឬ​តូច—សន្និសីទ​ដើម្បី​កម្លាំង​នៃ​យុវជន និង​ការបោះ​ជំរំ​យុវវ័យ ឬ​សកម្មភាព​កូរ៉ុម និងថ្នាក់រៀន​រាល់​សប្ដាហ៍ ។ សូម​កុំ​មើល​ងាយ​កម្លាំង ដែល​កើតពី​ការឈរ​រួមគ្នា​ជាមួយ​មនុស្ស​ដទៃ ដែល​ព្យាយាម​រឹងមាំ​ដែរ​នោះ​ឡើយ ។ ប៊ីស្សព និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត សូម​ផ្ដោតលើ​ការផ្ដល់​ជីវជាតិ​ដល់​កូនៗ និង​យុវវ័យ​ក្នុង​វួដ​របស់​បងប្អូន ។ ពួកគេ​ត្រូវការ​ពេលវេលា​របស់​បងប្អូន​បន្ថែម មិន​មែន​បន្ថយ​ទេ ។

មិន​ថា​បងប្អូន​ជា​អ្នកដឹកនាំ អ្នកជិតខាង សមាជិក​កូរ៉ុម ឬ​ពួកបរិសុទ្ធ​ម្នាក់​ឡើយ ប្រសិនបើ​បងប្អូន​មាន​ឱកាស​ប៉ះ​ជីវិត​របស់​យុវវ័យ​ម្នាក់ សូម​ជួយ​គាត់​ឲ្យ​ភ្ជាប់​ទៅនឹង​ស្ថានសួគ៌ ។ ឥទ្ធិពល​របស់​បងប្អូន​អាច​ជា « ការគាំទ្រ​ដោយ​សាសនាចក្រ » ដែល​យុវវ័យ​រូប​នោះ​ត្រូវការ​យ៉ាង​ខ្លាំង ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះសិរ​នៃ​សាសនាចក្រ​នេះ ។ ទ្រង់​បំផុស​គំនិត​ថ្នាក់ដឹកនាំ​របស់​យើង ហើយ​ដឹកនាំ​យើង​ទៅរក​ជីវជាតិ​ខាង​វិញ្ញាណ ដែល​យើង​ត្រូវការ​ដើម្បី​រស់រាន និង​ជោគជ័យ​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។ ជីវជាតិ​ខាង​វិញ្ញាណ​នោះ​នឹង​ជួយ​យើង​ឲ្យ​ស្មោះត្រង់ ហើយ​មិន​វៀចវេរ​ឡើយ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។