ឆ្នាំ ២០១០-២០១៩
ពួក​សិស្ស​ពិត​របស់​ព្រះអង្គសង្គ្រោះ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ពួក​សិស្ស​ពិត​របស់​ព្រះអង្គសង្គ្រោះ

យើង​អាច​មានអារម្មណ៍​អំណរយូរអង្វែង​នៅពេល​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​សំខាន់​នៅ​ក្នុង​ការស្ថាបនា​ជីវិត​របស់​យើង​នោះ ។

មានអ្វី​មួយ​លាក់​នៅក្នុង​គម្ពីរ​សញ្ញា​ចាស់​ក្នុងគម្ពីរ​ ហាកា គឺ​ជា​ការ​ពិពណ៌នា​អំពី​ក្រុមមនុស្ស​មួយក្រុម​ដែល​គួរ​តែ​បាន​ប្រើ​ការ​ប្រឹក្សា​របស់​អែលឌើរ ហូឡិន ។ ពួកគេ​មាន​កំហុស​ដោយ​ពុំ​ដាក់​ព្រះគ្រីស្ទ​សំខាន់​នៅ​ក្នុង​ជីវិត និង​ការ​បម្រើ​របស់ពួកគេ ។ ហាកា បានគូរ​រូបភាព​នៃ​ពាក្យ​ដ៏​បំផុសគំនិត​មួយចំនួន​ដែល​ព្រះអម្ចាស់​វាយ​ផ្ចាល​មនុស្ស​ទាំង​នេះ​ដែលនៅ​ផ្ទះយ៉ាង​សុខស្រួលជាជាង​ទៅអគារ​ព្រះវិហារបរិសុទ្ធ​របស់ព្រះអម្ចាស់ ៖

« កំពុង​ដែល​ព្រះវិហារ​នេះ​នៅ​ខូចបង់​នៅ​ឡើយ នោះ​តើ​ជា​វេលា​ឲ្យ​ឯង​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​ដែល​បិទភ្ជិត​ដូច្នេះ​ឬ

« ឥឡូវ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ ។

« ឯង​រាល់​គ្នា បាន​ព្រោះ​ពូជ​ជា​ច្រើន តែ​ច្រូត​បាន​តិច​ទេ ក៏​បាន​ស៊ី​តែ​មិន​ចេះ​ឆ្អែត ហើយ​បាន​ផឹក​តែ​មិន​បាន​ស្កប់ស្កល់ ព្រម​ទាំង​ស្លៀកពាក់​តែ​មិន​បាន​កក់ក្តៅ​ឡើយ ឯ​អ្នក​ណា​ដែល​ស៊ី​ឈ្នួល នោះ​ទទួល​ឈ្នួល​ឲ្យ​តែ​ដាក់​ថង់​ធ្លុះ​ទេ។

« ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ចូរ​ឯង​រាល់​គ្នា​ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » ។

តើ​អ្នក​មិន​ស្រឡាញ់ការពិពណ៌នា​ទាំងនេះ​អំពី​​អាទិភាពដែលពុំមាន​តម្លៃ​លើស​ការណ៍ទាំងឡាយ​របស់ព្រះទេឬអី ?

នៅ​ក្នុង​ការ​ប្រជុំ​ថ្មីៗមួយ ដែល​ខ្ញុំ​បាន​ចូលរួម មាន​អ្នកត្រឡប់មកពី​ផ្សព្វផ្សាយសាសនា​ម្នាក់​បាន​ដកស្រង់​ពាក្យ​ឪពុកដោយបានសង្ខេប​យ៉ាង​ល្អឥតខ្ចោះ​នៅពេល​គាត់​និយាយ​ទៅ​កូនៗ​គាត់ថា « អ្វី​ដែល​យើង​ត្រូវ​ការ​នៅ​ទីនេះ គឺកាត់បន្ថយ វ៉ាយហ្វាយ ហើយ​បង្កើន​នីហ្វៃ!‌ »

ពេលរស់នៅក្នុង​អាហ្វ្រិកខាងលិច​អស់រយៈពេល​ប្រាំឆ្នាំ ខ្ញុំ​បាន​មើល​ឃើញ​គំរូ​របស់មនុស្ស​ជាច្រើន​ដែល​បាន​ដាក់​ដំណឹងល្អ​ជា​អទិភាពដោយ​ឯកឯង ហើយ​គ្មានការ​ខ្មាសអៀនទេ ។​ គំរូ​ដូច្នេះ​គឺ​ជា​ឈ្មោះ​នៃ​ហាង​ជួសជុល​កង់ឡានមួយ​នៅ​ហ្គាណា ។ ម្ចាស់ហាង​បាន​ដាក់​ឈ្មោះ​វាថា « ស្របតាម​ឆន្ទៈ​ទ្រង់ » ។

យើង​អាច​មានអារម្មណ៍​អំណរយូរអង្វែង ​ នៅពេល​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​សំខាន់​នៅ​ក្នុង​ការស្ថាបនា​ជីវិត​របស់​យើង​នោះ ។ ទោះជា​យ៉ាងណា វា​ងាយ​ស្រួល​ណាស់ថា​សារៈសំខាន់​នោះប្រែទៅជា​រឿង​ខាង​លោកិយ​ផ្ទុយទៅវិញ ហើយដំណឹងល្អ​ប្រែទៅជា​ជម្រើស ឬ​​គ្រាន់តែ​ទៅព្រះវិហារ​តែ​ពីរម៉ោង​នៅ​ថ្ងៃ​អាទិត្យទៅ​បានហើយ ។ នៅពេល​ករណី​នេះកើតឡើង វា​គឺដូចជា​ការដាក់ប្រាក់ឈ្នួល​របស់​យើង​ទៅ​ក្នុង « ថង់ធ្លុះគូទ » ដូច្នោះដែរ ។

ហាហ្គៃ កំពុង​ប្រាប់​យើង​ឲ្យ​តាំងចិត្ត​ប្រែក្លាយ​ជាមនុស្ស « ស្មោះត្រង់ » ក្នុង​ការ​រស់នៅតាម​ដំណឹងល្អ ដូចជា​យើង​និយាយ​នៅ​ប្រទេសអូស្ត្រាលី​​​​​​​​​​​ ។ មនុស្ស​គឺ​ស្មោះត្រង់ ​​ធ្វើនូវ​អ្វី​ដែល​ពួកគេ​បាន​និយាយ​ថា​ធ្វើ ។

ខ្ញុំ​បាន​ដឹងបន្ដិចបន្ដួច​អំពី​ការរស់នៅធ្វើជាមនុស្ស​ស្មោះត្រង់ និង​ការតាំង​ចិត្ត ​តាមរយៈ​ការ​លេង រីគប៊ី ។ ខ្ញុំ​បាន​ដឹង​ថា នៅពេល​ខ្ញុំ​ប្រឹងលេង ពេល​ខ្ញុំ​បញ្ចេញ​អស់ពីសមត្ថភាព នោះ​ខ្ញុំ​មាន​ភាពអស្ចារ្យ​បំផុត​ក្នុង​ការលេង​ល្បែងនេះ ។

រូបភាព
អែលឌើរ វីនសុន ជាមួយ​នឹង​ក្រុម​រីគប៊ី​របស់​គាត់

​ខ្ញុំ​ចូល​ចិត្ត​នៅ​ក្នុងការ​លេងកីឡា​រីគប៊ី នៅ​ឆ្នាំ​បន្ទាប់ពី​វិទ្យាល័យ ។ ក្រុម​មួយ​ដែល​ខ្ញុំ​លេង​ឲ្យ គឺ​មានទាំង​ទេពកោសល្យ និង​ការតាំងចិត្ត ។ យើង​គឺជា​ក្រុមទទួល​ជ័យលាភី​នៅឆ្នាំ​នោះ ។ ទោះ​ជា​យ៉ាងណា ថ្ងៃមួយ​យើង​ត្រូវ​លេង​នឹង​ក្រុមដែល​មិនសូវខ្លាំង ហើយបន្ទាប់ពី​ល្បែងនោះ យើង​ទាំងអស់គ្នាមាន​មិត្តស្រី​ដែល​ត្រូវ​នាំ​ទៅក្នុងការរាំដ៏ធំ​​ប្រចាំឆ្នាំ​នៅ​សាលារៀន ។ ខ្ញុំ​បាន​គិត​ថា ដោយសារ​តែ​ល្បែង​លើកនេះ​ងាយស្រួល ខ្ញុំ​គួរតែ​ព្យាយាម​ការពារ​ខ្លួន​ខ្ញុំ​ពី​គ្រោះថ្នាក់ ដូច្នេះ​ខ្ញុំ​នឹង​អាច​រីករាយនៅក្នុង​ការ​រាំ​នោះ​បាន​ពេញលេញ ។ នៅ​ក្នុង​ល្បែង​នោះ យើង​ពុំ​បាន​តាំងចិត្ត​ខ្លាំង​ដូច​ដែល​យើង​ធ្លាប់​ធ្វើទេ យើង​បានចាញ់ ។ រឿង​កាន់តែ​អាក្រក់នោះ ទីបំផុត​ខ្ញុំ​បាន​ហើម​មុខហើមមាត់ ដែល​ពុំអាច​ទៅកម្មវិធីដ៏ធំ​របស់​ខ្ញុំ​បាន​ទេ ។ ប្រហែលជា ខ្ញុំ​ត្រូវ​រៀន​អ្វី​មួយហើយ ។

ជាបទពិសោធន៍​ខុសគ្នា​ដាច់​ដែលបានកើតឡើងក្នុង​ល្បែងលើកក្រោយនេះ ។ ដល់​ចំណុច​មួយ ខ្ញុំ​បានប្រឹងរត់ហើយបានបុក​ដៃគូម្នាក់ រំពេច​នោះ​ខ្ញុំ​មានអារម្មណ៍​ថា​មុខខ្ញុំឈឺ ។ ឪពុក​ខ្ញុំ​បាន​បង្រៀនថា ខ្ញុំ​មិនគួរ​ឲ្យដៃគូដឹង​ថា​ខ្ញុំ​ឈឺទេ ដូច្នេះ​ខ្ញុំ​បន្ដ​លេងតទៅទៀត ។ យប់នោះ ពេល​ដែល​ខ្ញុំ​ព្យាយាម​ញ៉ាំអាហារ ខ្ញុំ​ពុំអាច​ទំពារ​បានទេ ។ ព្រឹក​ឡើង ខ្ញុំ​បានទៅ​មន្ទីរពេទ្យ ថតកាំរស្មី ឃើញថាបាក់ថ្គាម ។ មាត់​របស់ខ្ញុំ​ត្រូវ​ស្រោបដែក​រយៈពេលប្រាំមួយសប្ដាហ៍ ។

មេរៀន​ត្រូវ​បាន​រៀនមកពី​រឿង​ប្រៀបធៀបនេះគឺ ​បបូរមាត់ហើម និង​បាក់ថ្គាម ។ ក្រៅ​ពី​ការចងចាំ​អំពី​ការចង់ញ៉ាំអាហារអំឡុង​ពេល​ប្រាំមួយសប្ដាហ៍នោះ ដែល​ខ្ញុំអាច​ផឹកបានតែទឹក ខ្ញុំ​ពុំ​មានអារម្មណ៍​សោកស្ដាយអំពី​ថ្គាមបាក់ទេ ពីព្រោះវាជា​លទ្ធផលមកពី​ការ​ខិតខំ​របស់ខ្ញុំ ។ ប៉ុន្តែ​ខ្ញុំ​សោកស្ដាយ​អំពី​មាត់ហើម ដោយសារ​តែ​វា​ជា​សញ្ញា​អំពី​ការ​ធ្វេសប្រហែលរបស់​ខ្ញុំ ។

ការ​ខំអស់ពីសមត្ថភាព​ពុំ​មានន័យថា យើង​នឹង​បន្ដ​ស្រោប​នៅក្នុង​ពរជ័យ ឬ​តែងតែ​ជោគជ័យ​នោះទេ ។ ប៉ុន្តែវា​មានន័យ​ថា យើង​នឹង​មាន​អំណរ ។ អំណរ​ពុំបណ្ដេញ​ក្ដីសប្បាយ ឬ​ជាសុភមង្គល​បណ្ដោះអាសន្ន​នោះទេ ។ អំណរ គឺជា​ការ​ស៊ូទ្រាំ ហើយ​វា​មាននៅក្នុង​ការខិតខំ​របស់យើង​ដើម្បី​ព្រះអម្ចាស់​ទទួល​យក ។

គំរូ​នៃ​ការ​ទទួល​យក​ដូចនេះ គឺ​ជារឿង​របស់អូលីវើរ គ្រែនជើរ ។ ដូច​ប្រធាន ប៊យ ខេ. ផាកគឺ​បាន​ថ្លែងថា ៖ « នៅពេល​ពួកបរិសុទ្ធ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញពី​ខឺតឡង់ … អូលីវើរ ត្រូវ​បាន​គេទុក​ឲ្យ​នៅ​លក់​ទ្រព្យសម្បត្តិ​របស់ពួកគេ​ក្នុង​តម្លៃ​តិចតួច​មួយ ។ ឱកាសជោគជ័យ​របស់គាត់​ពុំ​មាន​ច្រើនទេ ។ ហើយ​ពិតណាស់ គាត់ពុំ​បាន​ជោគជ័យទេ ! » ​ គាត់​ត្រូវ​បាន​បង្គាប់​ដោយ​គណៈប្រធានទីមួយ​ឲ្យ​ទៅធ្វើ​កិច្ចការ​ដែល​ពិបាក តែអាចធ្វើបាន ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​សរសើរ​លោក​ចំពោះ​ការខិតខំ​ ទោះបីជាបរាជ័យក្តី ​ថា ៖

« យើង​នឹក​ចាំ​ដល់ អូលីវើរ គ្រែនជើរ ជា​អ្នក​បម្រើ​របស់​យើង មើល​ចុះ យើង​ប្រាប់​គាត់​ជា​ប្រាកដ​ថា ឈ្មោះ​គាត់​នឹង​ត្រូវ​បាន​រំឭក​ថា​ពិសិដ្ឋ​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ទៀត ជា​រៀង​ដរាប​រហូត​ត​ទៅ ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

« ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​គាត់​ឧស្សាហ៍​ធ្វើ​ការ ដើម្បី​សេចក្ដី​ប្រោស​លោះ​នៃ​គណៈប្រធាន​ទី​មួយ​ក្នុង​សាសនាចក្រ​របស់​យើង​ចុះ … ហើយ​កាលណា​គាត់​ដួល នោះ​គាត់​នឹង​ក្រោក​ឡើង​វិញ ត្បិត​ការ​បូជា​របស់​គាត់​នឹង​បាន​រាប់​ថា​ពិសិដ្ឋ​ដល់​យើង ជាង​ការ​ដំឡើង​របស់​គាត់​ទៅ​ទៀត ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ » ។

រឿងនោះ​អាចជាការ​ពិត​សម្រាប់​យើង​ទាំងអស់គ្នា — វា​ពុំ​មែនជា​ជោគជ័យ​របស់​យើង ប៉ុន្តែ​ជា​ការលះបង់ និង​ការ​ខិតខំ​របស់​យើង ហើយរឿងនោះសំខាន់​ចំពោះ​ព្រះអម្ចាស់ ។

គំរូ​មួយទៀត​របស់​សិស្ស​ពិត​ម្នាក់​របស់ព្រះយេស៊ូវគ្រីស្ទ គឺ​មិត្តជា​ទីស្រឡាញ់​របស់យើង​ម្នាក់​នៅ កូតឌីវ័រ នៅអាហ្វ្រិកខាង​លិច ។ បងស្រី​ដ៏ស្មោះត្រង់អស្ចារ្យ​រូបនេះ បានរងទុក្ខ​ខាងសតិអារម្មណ៍​ដ៏​ឈឺផ្សារ ហើយរាងកាយ​របស់គាត់ក៏​ត្រូវ​វាយដំជាំ​ដោយ​ស្វាមីរបស់គាត់​មួយ​រយៈកាល ហើយទីបំផុត​ពួកគេ​បាន​លែងលះគ្នា ។ គាត់​ពុំ​ដែល​ងាករេ​នៅក្នុង​សេចក្ដីជំនឿ និង​សេចក្ដីល្អ​របស់គាត់​ឡើយ ប៉ុន្តែ​ដោយសារ​តែ​ភាព​ឃោរឃៅ​របស់ប្ដីចំពោះ​គាត់ គាត់​បានឈឺចាប់​យ៉ាង​ខ្លាំង​អស់រយៈពេល​ជា​យូរ ។ សម្ដីរបស់គាត់ បានពិពណ៌នា​អំពី​អ្វី​ដែលបាន​កើតឡើង ៖

« ទោះជា​ខ្ញុំបាននិយាយថា​ខ្ញុំអភ័យទោសឲ្យ​គាត់ ខ្ញុំ​តែងតែ​ដេកទាំង​ស្នាមរបួស ខ្ញុំបានចំណាយពេល​ក្នុងជីវិត​ខ្ញុំ​ជាមួយ​នឹងស្នាមរបួសនោះ ។ វា​ដូចជាដុត​បេះដូង​ខ្ញុំ ។ ខ្ញុំបានអធិស្ឋានជាច្រើនដង​ទៅដល់​ព្រះអម្ចាស់​ដើម្បី​ដក​វា​ចេញពី​ខ្ញុំ ប៉ុន្តែ​វា​ឈឺចាប់ខ្លាំងណាស់ ដែល​ខ្ញុំ​បានជឿ​យ៉ាងខ្លាំង​ថា ខ្ញុំ​នឹង​ចំណាយពេល​ពេញ​មួយជីវិត​រងការឈឺចាប់នោះ ។ វាឈឺចាប់ជាង​ដែលខ្ញុំបាត់បង់ម្ដាយ​ខ្ញុំ​ទាំងវ័យក្មេង វា​ឈឺចាប់ជាង​នៅពេល​ខ្ញុំបាត់បង់​ឪពុកខ្ញុំ និង​កូន​ប្រុសខ្ញុំ ។ វា​ហាក់ដូចជា​ពង្រីក ហើយគ្របដណ្ដប់លើ​ដួងចិត្តខ្ញុំ ដែលឲ្យ​ខ្ញុំ​មានអារម្មណ៍​ថា ខ្ញុំ​នឹង​ស្លាប់​បាន​គ្រប់ពេល ។

« ពេលខ្លះ​ទៀត​ខ្ញុំបាន​សួរ​ខ្លួន​ឯងថា ​តើ​ព្រះអង្គសង្គ្រោះ​នឹង​ធ្វើ​យ៉ាងណា​នៅ​ក្នុង​ស្ថានភាព​ខ្ញុំនេះ តែ​ខ្ញុំ​នឹង​និយាយ​ថា ‹ វាច្រើនពេក​ហើយព្រះអម្ចាស់ › ។

« បន្ទាប់មក​នៅព្រឹកមួយ​ខ្ញុំ​បាន​រកមើល​ការឈឺចាប់មកពី​អ្វីៗទាំងអស់នេះ​នៅក្នុងដួងចិត្តខ្ញុំ ហើយ​មើល​កាន់តែ​ជ្រៅទៅៗ​ដល់​ព្រលឹង​របស់ខ្ញុំ ។ ខ្ញុំ​រកពុំឃើញ​វាទេ ។ គំនិត​ខ្ញុំ​ចាប់​ផ្ដើមរំឭកភ្លាមពី​​គ្រប់​ហេតុផល​ដែល​ខ្ញុំ [ត្រូវ] ឈឺចាប់ ប៉ុន្តែ​ខ្ញុំ​ពុំ​ដឹង​ពីការ​ឈឺចាប់នោះ ។ ខ្ញុំ​បាន​រង់ចាំ​ពេញមួយថ្ងៃ​ដើម្បី​មើលថា​តើ​ខ្ញុំ​នឹង​មានអារម្មណ៍​ឈឺចាប់​ក្នុងដួងចិត្តទេ ខ្ញុំ​ពុំមានអារម្មណ៍​ទេ ។ បន្ទាប់មក​ខ្ញុំ​បាន​លុតជង្គង់ចុះ​ ថ្លែងអំណរគុណ​ដល់ព្រះ​ចំពោះ​ការ​កើត​មាន​ពលិកម្ម​ដង្វាយធួនរបស់​​ព្រះអម្ចាស់​ដល់ខ្ញុំ » ។

បងស្រី​រូបនេះ ឥឡូវ​បាន​ផ្សារភ្ជាប់​ដោយរីករាយ​នឹង​បុរស​ល្អ​ស្មោះត្រង់​ម្នាក់​ដែល​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង ។

ដូច្នេះ​តើ​យើង​គួរ​មាន​អាកប្បកិរិយា​យ៉ាងណា​ បើ​យើងជា​សិស្ស​ពិត​របស់ព្រះគ្រីស្ទ ? ហើយ​តើ​ដំណឹងល្អ​មានតម្លៃ​យ៉ាងណាចំពោះយើង នៅពេល​យើង​ « គិត​អំពី​របៀប [របស់​យើង] » ដូច​ហាហ្គៃ​បានផ្ដល់យោបល់​នោះ ?​

ខ្ញុំ​ចូលចិត្ត​គំរូ​នៃ​អាកប្បកិរិយា​ត្រឹមត្រូវ​ដូច​ដែល​បិតា​ស្ដេច​ឡាម៉ូណៃ​បាន​បង្ហាញ ។ អ្នកនឹង​ចងចាំ​អំពី​កំហឹង​របស់គាត់​ពីដំបូង ពេល​ឃើញបុត្រា​របស់ទ្រង់​នៅ​ជាមួយ​នឹង​អាំម៉ូន ជាសាសន៍នីហ្វៃ— ជាសាសន៍​ដែល​ពួក​សាសន៍​លេមិន​ស្អប់ ។ ទ្រង់បាន​ដកដាវដើម្បីច្បាំង​នឹង​អាំម៉ូន តែ​រំពេចនោះ​ដាវ​របស់អាំម៉ូន​ផ្ជង់នៅបំពង់ករ​ទ្រង់ ។​ « ឥឡូវ​នេះ ដោយ​ខ្លាច​បាត់បង់​ជីវិត​របស់​ទ្រង់ នោះ​ស្ដេច​មាន​បន្ទូល​ថា ៖ បើ​សិន​ជា​អ្នក​លើកលែង​ជីវិត​ឲ្យ​យើង នោះ​យើង​នឹង​អនុញ្ញាត​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​សូម សូម្បីតែ​ពាក់​កណ្ដាល​នគរ​របស់​យើង​ក៏​បាន​ដែរ » ។

សូមកត់ចំណាំ​ពី​ការផ្ដល់​ឲ្យ​របស់ទ្រង់ —គឺ​ឲ្យនគរ​របស់ទ្រង់​​ពាក់កណ្ដាល​ដើម្បី​ជីវិត​របស់ទ្រង់ ។

ប៉ុន្តែក្រោយមក បន្ទាប់ពី​យល់ដំណឹងល្អ ទ្រង់បាន​ផ្ដល់​ឲ្យ​មួយទៀត ។ « នោះ​ស្ដេច​មាន​បន្ទូល​ថា ៖ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​យើង​អាច​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​អ្នក​បាន​និយាយ​មក​នោះ? មែនហើយ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចបានកើតពីព្រះ ដោយដកយកវិញ្ញាណអាក្រក់នេះចេញពីទ្រូងយើង ហើយ​ទទួល​យក​ព្រះវិញ្ញាណរបស់ទ្រង់វិញ ដើម្បីឲ្យ​យើង​អាចបាន​ពោរពេញ​ទៅ​ដោយ​សេចក្ដីអំណរ ដើម្បីកុំឲ្យយើង​ត្រូវបោះបង់ចោល​នៅថ្ងៃចុងក្រោយ​បង្អស់​នោះ ? មើលចុះទ្រង់មានបន្ទូលថា ៖ យើង​នឹង​បោះបង់​ចោល​នូវ​អ្វីៗ​ទាំង​អស់​ដែល​យើង​មាន មែនហើយ យើងនឹងទម្លាក់នគរយើង ដើម្បីឲ្យ​យើង​អាច​បាន​ទទួល​សេចក្ដីអំណរដ៏ធំនេះ » ។

គ្រានេះ ទ្រង់​បាន​ត្រៀម​ខ្លួន​ដើម្បី​បោះបង់ចោល​នគរ​របស់ទ្រង់ ទាំងអស់ ដោយសារដំណឹងល្អ​មានតម្លៃ​ជាង​អ្វីៗទាំងអស់​ដែល​ទ្រង់មាន ! ទ្រង់​ស្មោះត្រង់​អំពី​ដំណឹងល្អ ។

ដូច្នេះ សំណួរ​សម្រាប់​យើង​ម្នាក់ៗ​គឺ ៖ តើ​យើង​ស្មោះត្រង់នឹង​ដំណឹងល្អដែរឬទេ ? ដោយសារតែ​ការមានចិត្ត​តែពាក់កណ្ដាល​ គឺ​ពុំ​ស្មោះត្រង់នោះទេ ! ហើយ​ព្រះ​ពុំ​សរសើរ​ចំពោះអ្នក​ស្ទាក់ស្ទើរឡើយ ។​

គ្មានទ្រព្យ ល្បែងកម្សាន្ដ ឋានៈ ប្រព័ន្ធផ្សព្វផ្សាយ វីដេអូហ្គេម កីឡា ភាព​ល្បីល្បាញ ឬ​អ្វីៗ​នៅលើ​ផែនដី​ ​មានតម្លៃជាង​ជីវិត​អស់កល្ប​នោះទេ ។ ដូច្នេះ​ដំបូន្មាន​របស់ព្រះអម្ចាស់​ចំពោះ​មនុស្ស​គ្រប់រូបគឺ « ពិចារណា​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​ចុះ » ។

អារម្មណ៍​របស់​ខ្ញុំ​គឺ​បង្ហាញ​យ៉ាង​ល្អ​នៅក្នុង​ពាក្យ​របស់​នីហ្វៃ ៖ « ​ខ្ញុំ​សរសើរ​តម្កើង​នៅ​ក្នុង​សេចក្ដី​ច្បាស់លាស់ ខ្ញុំ​សរសើរ​តម្កើង​នៅ​ក្នុង​សេចក្ដី​ពិត ខ្ញុំ​សរសើរ​តម្កើង​នៅ​ក្នុង​ព្រះ​យេស៊ូវ​របស់​ខ្ញុំ ព្រោះ​ទ្រង់​បាន​ប្រោស​លោះ​ព្រលឹង​ខ្ញុំ​ពី​ស្ថាន​នរក » ។ ១០

តើ​យើង​ជា​អ្នក​ដើរ​តាម​ពិត​របស់​ទ្រង់​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​មក​ឲ្យ​យើង​ឬទេ ? ទ្រង់ជាព្រះប្រោសលោះ និងជាអង្គគាំទ្ររបស់យើងជាមួយនឹងព្រះវរបិតាឬទេ ? ដែល​ទ្រង់​ផ្ទាល់​បាន​តាំងចិត្ត​ទាំងស្រុង​នៅ​ក្នុង​ពេល​ធ្វើពលិកម្ម​ធួន​របស់ទ្រង់ក្នុង​ពេលនោះ និង​ពេល​​ឥឡូវដោយ​ក្ដីស្រឡាញ់ ក្ដីមេត្តាករុណា និង​ព្រះរាជបំណងទ្រង់​ចំពោះ​យើង​ដើម្បី​មាន​អំណរ​អស់កល្ប​ឬទេ ? ខ្ញុំ​សូមអង្វរ​មនុស្ស​ទាំងអស់​ដែល​ស្ដាប់​ឮ ឬ​អាន​ពាក្យ​ទាំងនេះ៖ សូមអង្វរ សូម​កុំ​ទុក​ចោល​ការតាំងចិត្តទាំងស្រុង​របស់អ្នក ចាំធ្វើពេលក្រោយ​​នោះឡើយ ។ សូម​ស្មោះត្រង់ ហើយ​ទទួលអារម្មណ៍អំណរ​ក្នុងពេលឥឡូវនេះ ! នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។