ឆ្នាំ ២០១០-២០១៩
បុត្រី​សំណព្វ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


បុត្រី​សំណព្វ

នៅ​ក្នុង​ដួង​ចិត្ត​ដែល​យើង​ធ្វើ​អ្វីៗ​ទាំង​អស់នៅ​ក្នុង​អង្គការ​យុវនារី​គឺ​មាន​បំណង​ប្រាថ្នា​ជួយ​ដល់​យុវនារី​ឲ្យ​បង្កើន​នូវ​សេច​ក្តី​ជំនឿ​ដែល​មិន​ចេះ​រង្គោះ​រង្គើ​ទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។​

បងប្អូន​ស្រី​ជាទីស្រឡាញ់ ខ្ញុំ​មាន​អំណរ​ណាស់​ដោយមាន​វត្តមាន​នៅ​ជាមួយ​បងប្អូន ។ យើង​កំពុង​ធ្វើ​ជា​សាក្សី​នៃ​ការ​ចាក់​ស្រោច​វិវរណៈ​ដែល​មាន​ទាំង​ការ​ព្យាយាម​ខាង​វិញ្ញាណ និង​ក្ដី​រំភើប ។

ពេល​យើង​ចាប់ផ្ដើម ខ្ញុំ​ចង់​ណែនាំ​បងប្អូន​ឲ្យ​ស្គាល់​មិត្ត​ភក្ដិ​មួយ​ចំនួន ពួកគេ​គឺជា​យុវនារី​ដែល​មាន​ភាព​វិសេស​វិសាល នៅ​ក្នុង​ទេពកោសល្យ ការ​អនុវត្ត ព្រមទាំង​កាលៈទេសៈ​ផ្ទាល់​ខ្លួន និង​គ្រួសារ ។ ដូច​ជា​បងប្អូន​ដែរ ពួកគេ​ម្នាក់ៗ​បាន​ឆក់​យក​ដួង​ចិត្ត​របស់​ខ្ញុំ ។

រូបភាព
បេលឡា

ដំបូង សូម​ជួប​នឹង​ប៊េលឡា ។ នាង​ឈរ​យ៉ាង​រឹង​មាំ​ជា​យុវនារី​តែ​ម្នាក់​គត់​នៅ​ក្នុង​សាខា​របស់​នាង​នៅ​ប្រទេស​អ៊ីស្លង់ ។

រូបភាព
យ៉ូសែបហ្វីន

សូម​ជួប​នឹង​យ៉ូសែបហ្វីន​មក​ពី​ប្រទេស​អាហ្វ្រិក ដែល​នាង​បាន​តាំង​ចិត្ត​ជា​ថ្មី​ដើម្បី​សិក្សា​ព្រះគម្ពីរ​មរមន​ជា​រៀង​រាល់ថ្ងៃ ។ នាង​កំពុង​រក​ឃើញ​នូវ​អនុភាព និង​ពរជ័យ​ដែល​កើត​ចេញ​ពី​ទង្វើ​ដ៏​សាមញ្ញ ហើយ​ស្មោះត្រង់​នេះ ។

រូបភាព
អាស្ទីន

ហើយ​ជាចុង​ក្រោយ​សូម​ជួប​នឹង​មិត្ត​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អាស្ទីន ជា​យុវនារី​ដ៏​អស្ចារ្យ​មួយ​រូប​ដែល​បាន​ស្លាប់ បន្ទាប់​ពី​តតាំង​នឹង​​ជំងឺ​មហារីក​អស់​រយៈពេល​ប្រាំ​មួយ​ឆ្នាំ ។ ទីបន្ទាល់​របស់​នាង​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅ​តែ ដក់​ជាប់​ក្នុង​ដួង​ចិត្ត​ខ្ញុំ ។

បងប្អូន គ្រប់​រូប គឺជា​យុវនារី​ដ៏​អស្ចារ្យ ។ បងប្អូន​ជា​មនុស្ស​ពិសេស បងប្អូន​ម្នាក់ៗ​មាន​អំណោយទាន និង​បទពិសោធន៍​ផ្ទាល់​ខ្លួន ប៉ុន្តែ​ដូចគ្នា​តាម​របៀប​អស់កល្ប​ដ៏​សំខាន់ ។

បងប្អូន​ពិត​ជា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ ហើយ​គ្មាន​អ្វី​អាច​បំបែក​បងប្អូន​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ ពេល​បងប្អូន​ខិត​កាន់តែ​ទៅ​ជិត​ទ្រង់ សូម្បី​តែ​បោះ​ជំហាន​តូចៗ​ឆ្ពោះ​ទៅ​មុខ​ក្ដី ក៏​បងប្អូន​រក​ឃើញ​នូវ​ភាព​សុខសាន្ត​ជានិរន្តរ៍​នៅ​ក្នុង​ព្រលឹង​របស់​បងប្អូន ក្នុង​នាម​ជា​សិស្ស​ស្មោះ​ត្រង់​ម្នាក់​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​គឺ​ព្រះយេស៊ូវ គ្រីស្ទ ។

ប្រធាន រ័សុល អិម ណិលសុន ជាព្យាការី​ជា​ទីស្រឡាញ់​របស់​យើង បាន​សុំ​ឲ្យ​ខ្ញុំ​ចែកចាយ​នូវ​ការ​កែសម្រួល​ដ៏​បំផុស​គំនិត​មួយ​ចំនួន ដែល​នឹង​ជួយ​បងប្អូន​« អភិវឌ្ឍ​សក្ដានុពល​ដ៏​ពិសិដ្ឋ​ផ្ទាល់​ខ្លួន​[ របស់​បងប្អូន ] » ហើយ​បង្កើន​ឥទ្ធិពល​សុចរិត​របស់​បងប្អូន ។ ខ្ញុំ​នឹង​លើក​ឡើង​នូវ​ការ​កែសម្រួល​បួន​យ៉ាង​នា​រាត្រី​នេះ ។

បាវចនា​របស់​ក្រុម​យុវនារី

ទីមួយ អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ​នៅ​ក្នុង​ក្រុម​យុវនារី​គឺជា​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ជួយ​បងប្អូន​ទទួល​បាន​សេចក្ដី​ជំនឿ​ដ៏​រឹង​មាំ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និង​ចំណេះដឹង​មួយ​ដ៏​ពិត​ប្រាកដ​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​បងប្អូន​ក្នុង​នាម​ជា​បុត្រី​របស់​ព្រះ ។

រាត្រី​នេះ ខ្ញុំ​ចង់​ប្រកាស​ពី​ការ​កែតម្រូវ​មួយ​ចំពោះ​បាវចនា​របស់​យុវនារី ។ ខ្ញុំ​សូម​អធិស្ឋាន​ថា បងប្អូន​នឹង​ទទួល​អារម្មណ៍ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត​នៃ​ពាក្យ​ពេចន៍​ទាំង​នេះ ពេល​ខ្ញុំ​និយាយ​ពី​បាវចនា​ថ្មី​នេះ ៖

ខ្ញុំ​គឺជា​បុត្រី​សំណព្វ​ម្នាក់​របស់​ព្រះវរបិតា និង​ព្រះមាតា​សួគ៌ា​ ដែល​មាន​និស្ស័យ​នៃ​ព្រះ និង​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច ។

ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​ខិត​ខំ​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។ ខ្ញុំ​ព្យាយាម​ធ្វើតាម​វិវរណៈ​ផ្ទាល់​ខ្លួន ហើយ​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

ខ្ញុំ​នឹង​ឈរ​ជា​សាក្សី​ចំពោះ​ព្រះ​នៅ​គ្រប់​ពេល គ្រប់​ការណ៍​ទាំងអស់ និង គ្រប់​កន្លែង​ទាំងអស់ ។១០

ពេល​ខ្ញុំ​ខិតខំ​ដើម្បី​ទទួល​បាន​ភាព​តម្កើង​ឡើង ១១ នោះ​ខ្ញុំ​ឲ្យ​តម្លៃ​ដល់​អំណោយទាន​នៃ​ការ​ប្រែ​ចិត្ត ១២ ហើយ​ខិតខំ​កែលម្អ​រៀង​រាល់​ថ្ងៃ ។ ១៣ ដោយ​មាន​សេចក្ដី​ជំនឿ ១៤ នោះ​ខ្ញុំ​នឹង​ពង្រឹង​គេហដ្ឋាន និង​គ្រួសារ​របស់​ខ្ញុំ ១៥ ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ១៦ ហើយ​ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ ១៧ និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។១៨

សូម​កត់​សម្គាល់​ពី​ការ​ប្ដូរ​ពាក្យ « យើង »​ទៅ​ជា​« ខ្ញុំ » ។ សេចក្ដីពិត​ទាំង​នេះ​អនុវត្ត​ចំពោះ​បងប្អូន​ដោយ​ផ្ទាល់ ។ ប្អូនៗ គឺ ជា បុត្រី សំណព្វ របស់ព្រះ​មាតា​បិតាសួគ៌ ។ ប្អូនៗ គឺជា សិស្ស​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សូម អញ្ជើញ ប្អូនៗ ឲ្យ សិក្សា ហើយ​ពិចារណា​ពាក្យ​ពេចន៍​ទាំង​នេះ ។ ខ្ញុំ​ដឹង​ថា ពេល​ប្អូនៗ​ធ្វើ​ដូច្នេះ ប្អូនៗ​នឹង​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​សេចក្ដី​ពិត​ដ៏​ពេញ​លេញ​របស់​វា ។​ ការ​យល់ដឹង​សេចក្ដីពិត​ទាំង​នេះ​នឹង​ផ្លាស់ប្ដូរ​របៀប​ដែល​ប្អូនៗ​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា ។ ការ​ដឹង​ពី​អត្តសញ្ញាណ និង​គោលបំណង​របស់​ប្អូនៗ​នឹង​ជួយ​ប្អូនៗ​ឲ្យ​សម្រប​ឆន្ទៈ​របស់​ប្អូនៗ​ទៅ​នឹង​ព្រះ​ឆន្ទៈ​របស់​ព្រះអង្គ​សង្គ្រោះ ។

សេចក្ដី​សុខសាន្ត និង​ការ​ដឹកនាំ​នឹង​ក្លាយ​ជា​របស់​ប្អូនៗ ពេល​ប្អូនៗធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

ថ្នាក់​ទាំងឡាយ​របស់​ក្រុមយុវនារី

ចំណុច​ទីពីរ​នៃ​ការ​កែសម្រួល​នេះ​ជះឥទ្ធិពល​ដល់​ថ្នាក់​របស់​ក្រុម​យុវនារី ។ អែលឌើរ ណែល អេ ម៉ាកស្វែល បាន​ថ្លែង​ថា « ជា​ញឹកញាប់ អ្វី​ដែល​មនុស្ស​ត្រូវការ​បំផុត​គឺជា​ទីជម្រក​ពី​ព្យុះ​នៃ​ជីវិត​នៅ​ក្នុង​ទី​ដ៏​សុវត្ថិភាព » ។១៩ ថ្នាក់​របស់​យើង​ត្រូវ​តែ​ជា​ទី​សុវត្ថិភាព​ពី​ព្យុះ​ទាំង​នោះ ជា​ទី​សុខសាន្ត​នៃ​សេចក្ដី​ស្រឡាញ់ និង​ការ​ស្វាគមន៍ ។ ក្នុង​ការ​ខិតខំ​ជួយ​ស្ថាបនា​សាមគ្គីភាព​ដ៏​ធំ ពង្រឹង​មិត្តភាព ហើយ​បង្កើត​អារម្មណ៍​នៃ​ការ​ស្វាគមន៍​នៅ​ក្នុង​ក្រុម​យុវនារី យើង​នឹង​ធ្វើ​ការ​កែសម្រួល​ខ្លះៗ​ចំពោះ​រចនា​សម្ព័ន្ធ​តាម​ថ្នាក់ ។

ជាង​មួយ​១០០ ឆ្នាំមក​ហើយ យុវនារី​ត្រូវ​បាន​បំបែក​ទៅជា​បី​ថ្នាក់ ។ ដោយ​ចាប់ផ្ដើម​ភ្លាមៗ យើង​សូម​អញ្ជើញ​ថ្នាក់​ដឹកនាំ​យុវនារី និង​ប៊ីស្សព​ឲ្យ​ពិចារណា​ប្រកបដោយ​ការ​អធិស្ឋាន​ពី​សេចក្ដី​ត្រូវការ​របស់​យុវនារី​ម្នាក់ៗ ហើយ​រៀបចំ​ពួកគេ​តាម​ស្ថានភាព​ជាក់​លាក់​របស់​វួដ ។ នេះ​គឺជា​ឧទាហរណ៍​មួយចំនួន​អំពី​របៀប​ដែល​កិច្ចការ​នេះ​អាច​ដំណើរ​ការ​បាន ។

  • ប្រសិន​បើ​បងប្អូន​មាន​យុវនារី​តិច​តួច បងប្អូន​អាច​មាន​ថ្នាក់​យុវនារី​មួយ ដោយ​មាន​យុវនារី​ទាំងអស់​ប្រជុំ​រួម​គ្នា ។

  • ប្រហែល​ជា​បងប្អូន​មាន​យុវនារី​អាយុ​១២ ឆ្នាំ​មួយ​ក្រុម​ធំ និង​យុវនារី​មួយ​ក្រុម​តូច​ដែល​មាន​អាយុ​ច្រើន​ជាង​នេះ ។ បងប្អូន​អាច​សម្រេច​ចិត្ត​មាន​ថ្នាក់​រៀន​ពីរ​គឺ ៖ ថ្នាក់​យុវនារី ១២ ឆ្នាំ និង​ថ្នាក់​យុវនារី ១៣–១៨ ឆ្នាំ ។

  • ឬ​ប្រសិន​បើ​បងប្អូន​មាន​វួដ​ធំ ដែល​មាន​យុវនារី ៦០ នាក់​ចូល​រួម នោះ​បងប្អូន​អាច​មាន​ប្រាំ​មួយ​ថ្នាក់ ស្រប​តាម​អាយុ​នីមួយៗ ដោយ​រៀបចំ​តាម​ឆ្នាំ ។

មិន​ថា​ថ្នាក់​ប្អូនៗ​ត្រូវ​បាន​រៀបចំ​តាម​របៀប​ណា​នោះទេ ប្អូនៗ​ដែល​ជា​យុវនារី​គឺជា​ផ្នែក​សំខាន់​ក្នុង​ការ​ស្ថាបនា​សាមគ្គីភាព ។ ចូរ​ធ្វើ​ជា​ពន្លឺ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ប្អូនៗ ។ ចូរ​ធ្វើ​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ និង​ការ​មើល​ថែ ដែល​ប្អូនៗ​សង្ឃឹម​ចង់​បាន​ពី​មនុស្ស​ដទៃ ។ សូម​បន្ត​ឈោង​ជួយ ហើយ​ធ្វើ​ជា​កម្លាំង​សម្រាប់​សេចក្ដី​ល្អ ដោយ​មាន​ការ​អធិស្ឋាន​នៅ​ក្នុង​ចិត្ត ។​ ពេល​ប្អូនៗ​ធ្វើ​ដូច្នោះ នោះ​ជីវិត​ប្អូនៗ​នឹង​ពោរពេញ​ដោយ​សេចក្ដី​សប្បុរស ។ ប្អូនៗ​នឹង​មាន​អារម្មណ៍​ល្អ​ចំពោះ​មនុស្ស​ដទៃ ហើយ​នឹង​ចាប់ផ្ដើម​មើល​ឃើញ​ពី​សេចក្ដី​ល្អ របស់​ពួកគេ ។

ឈ្មោះ​ថ្នាក់​របស់​ក្រុម​យុវនារី

ទីបី ដោយ​មាន​ការ​រៀបចំ​ថ្នាក់​ថ្មី​នេះ គ្រប់​ថ្នាក់​ទាំងអស់​នឹង​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​តែ​មួយ​ថា « យុវនារី » ។២០ យើង​នឹង​ឈប់​ប្រើ​ថ្នាក់​ប៊ីហៃ, ម៉ៃម៉េត និង​ឡូរ៉ល​ទៀត​ហើយ ។

ពង្រឹង​គណៈប្រធាន​ថ្នាក់

ចំណុច​ចុង​ក្រោយ​ដែល​ខ្ញុំ​ចង់​លើក​ឡើង​គឺ​សារៈសំខាន់​នៃ​គណៈប្រធាន​ថ្នាក់ ។ មិន​ថា​ថ្នាក់​យុវនារី​ត្រូវ​បាន​រៀបចំ​តាម​បែប​ណា​នោះ​ទេគ្រប់​ថ្នាក់​ទាំងអស់​គួរ​មាន​គណៈប្រធាន​ថ្នាក់​មួយ !២១វា​គឺជា​ការ​រៀបចំ​មក​ពី​ព្រះ ដែល​យុវនារី​ត្រូវ​បាន​ហៅ​ឲ្យ​ដឹកនាំ​នៅ​ក្នុង​យុវវ័យ​របស់​ខ្លួន ។

តួនាទី និង​គោលបំណង​របស់​គណៈប្រធាន​ថ្នាក់​ត្រូវ​បាន​ពង្រឹង ហើយ​កំណត់​កាន់​តែ​ច្បាស់ ។ ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​គឺជា​ការ​ទទួល​ខុសត្រូវ​មួយ​សំខាន់ ជាពិសេស​នៅ​ក្នុង​ផ្នែក​នៃ​ការ​ផ្ដល់​ការងារ​បម្រើ កិច្ចការ​ផ្សព្វ​ផ្សាយ​សាសនា ការ​ធ្វើ​ឲ្យសកម្ម និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។២២ ចា៎ស នេះ​គឺ​ជា​របៀប​ដែល​យើង​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល ២៣ —ជា​កិច្ចការ​ដ៏​រុងរឿង​មួយ​ចំពោះ​យុវនារី​ទាំងអស់ ក្នុងនាម​ជា​សមាជិក​នៃ​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់ ។

ដូចជា​អ្នក​បាន​ដឹង​ហើយ នៅ​គ្រប់​កម្រិត​ក្នុង​សាសនាចក្រ ព្រះអម្ចាស់​ហៅ​គណៈប្រធាន​ដើម្បី​ដឹកនាំ​រាស្ត្រ​របស់​ទ្រង់ ។ យុវនារី​អើយ ការ​ធ្វើ​ជា​សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​ថ្នាក់ ប្រហែល​ជា​ឱកាស​ដំបូង​របស់​ប្អូនៗ​ដើម្បី​ចូល​រួម​នៅ​ក្នុង​គន្លង​ដ៏​បំផុស​គំនិត​នៃ​ភាព​ជា​អ្នក​ដឹកនាំ​នេះ ។ ថ្នាក់​ដឹកនាំ​ធ្វើ​ការហៅ​គណៈប្រធាន​ថ្នាក់​ជា​អាទិភាព​មួយ រួចហើយ​ដឹកនាំ​នៅ​ក្បែរ​ពួកគេ ដោយ​ណែនាំ ហើយ​ដឹកនាំ​ពួកគេ ដើម្បី​ពួកគេ​អាច​មាន​ភាពជោគជ័យ ។២៤ មិនថា​បទពិសោធន៍​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​នៃ​គណៈប្រធាន​ថ្នាក់​មាន​កម្រិត​បែប​ណា​ទេ សូម​ចាប់​ផ្តើម​នៅ​ត្រង់​នោះ ហើយ​ជួយ​ពួកគេ​អភិវឌ្ឍ​ជំនាញ និង​ទំនុក​ចិត្ត​ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​ពួកគេ ក្នុងនាម​ជា​ថ្នាក់​ដឹកនាំ ។ សូម​នៅ​ក្បែរ​ពួកគេ ប៉ុន្តែ​កុំ​ធ្វើជំនួស​ពួកគេ​ឡើយ ។ ព្រះវិញ្ញាណ​នឹង​ដឹកនាំ​បងប្អូន ពេល​បងប្អូន​ដឹកនាំ​ពួកគេ ។

រូបភាព
ក្លូអ៊ី

ដើម្បី​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​ឪពុក​ម្ដាយ និង​ថ្នាក់​ដឹកនាំ ក្នុង​នាម​ជា​អ្នក​ណែនាំ ខ្ញុំ​សូម​ប្រាប់​បងប្អូន​ពី​ដំណើរ​រឿង​មួយ ។ ក្លូអ៊ី ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​ថ្នាក់ ។ ថ្នាក់ដឹកនាំ​បព្វជិតភាព​ដ៏​ឆ្លាត​វៃ​របស់​នាង​បាន​លើក​ទឹក​ចិត្ត​នាង​ឲ្យ​ស្វែង​រក​ជំនួយ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ការ​ហៅ​យុវនារី​ផ្សេង​ទៀត​ក្នុង​គណៈប្រធាន​របស់​នាង ។ ក្លូអ៊ី បាន​អធិស្ឋាន ហើយ​បាន​ទទួល​ការ​បំផុស​គំនិត​ពី​ឈ្មោះ​មនុស្ស​ដែល​ត្រូវ​ធ្វើ​ជា​ទីប្រឹក្សា​របស់​នាង​ភ្លាម ។ ពេល​នាង​បាន​បន្ត​ពិចារណា ហើយ​អធិស្ឋានអំពី​លេខា ព្រះវិញ្ញាណ​នាំ​នាង​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ផ្ដោត​ទៅ​លើ​យុវនារី​ម្នាក់​ដែល​ធ្វើ​ឲ្យ​នាង​មាន​ការ​ភ្ញាក់​ផ្អើល–ជា​មនុស្ស​ម្នាក់​ដែល​កម្រ​មក​ព្រះវិហារ ឬ​មក​សកម្មភាព ។

ដោយ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​បន្តិច​ចំពោះ​ការ​បំផុស​គំនិត​នេះ ក្លូអ៊ី បាន​ពិភាក្សា​នឹង​ម្ដាយ​នាង ដោយ​គាត់​បាន​ពន្យល់​ថា វិធី​មួយ​ដែល​យើង​អាច​ទទួល​វិវរណៈ​គឺ​តាមរយៈ​គំនិត​ដែល​មាន​ម្ដង​ហើយ​ម្ដង​ទៀត ។ ដោយ​មាន​ទំនុក​ចិត្ត​ជា​ថ្មី ក្លូអ៊ី មាន​អារម្មណ៍​ថា នាង​គួរ​ឲ្យ​ឈ្មោះ​យុវនារី​ម្នាក់​នេះ​ទៅ ។ ប៊ីស្សព​បាន​ហៅ ហើយ​យុវនារី​នោះ​បាន​ទទួល​យក ។ បន្ទាប់​ពី​ត្រូវ​បាន​ញែក​ចេញ លេខា​រូប​នេះ បាន​ពោល​ថា « ឯង​ដឹង​ទេ ខ្ញុំ​ពុំ​ធ្លាប់​គិត​ថា មាន​គេត្រូវការ​ខ្ញុំ​នោះ​ទេ ។ ខ្ញុំ​ពុំបាន​មាន​អារម្មណ៍​ថា មាន​គេ​ស្វាគមន៍​ឡើយ ។ ប៉ុន្តែ​ដោយមាន​ការ​ហៅ​នេះ ខ្ញុំ​គិត​ថា ព្រះ​វរ​បិតា​សួគ៌​មាន​គោលបំណង​មួយ និង​កន្លែង​មួយ​សម្រាប់​ខ្ញុំ » ។ កាល ក្លូអ៊ី និង​ម្ដាយ​នាង​ចាក​ចេញ​ពី​ការ​ប្រជុំ​នោះ ក្លូអ៊ី បាន​ងាក​ទៅ​រក​ម្ដាយ​នាង ហើយ​ពោល​ទាំង​ទឹក​ភ្នែក​ថា « វិវរណៈ​មាន​ពិត​មែន ! វិវរណៈ​ដំណើរ​ការ​ពិត​មែន ! »

គណៈប្រធាន​ថ្នាក់​អើយ ប្អូនៗ​ត្រូវ​បាន​ហៅ​មក​ពី​ព្រះ ហើយ​បាន​ទុក​ចិត្ត​ឲ្យ​ដឹកនាំ​បុត្រី​មួយ​ក្រុម​របស់​ទ្រង់ ។ « ព្រះអម្ចាស់​ស្គាល់​ប្អូនៗ ។ … ទ្រង់​បាន​រើស​ប្អូនៗ » ។២៥ ប្អូនៗ​ត្រូវ​បាន ញែក​ចេញ ដោយ​អ្នក​ដែល​មាន​សិទ្ធិ​អំណាច​បព្វជិតភាព នេះ​មាន​ន័យ​ថា ប្អូនៗ​ធ្វើ​កាតព្វកិច្ច​នៃ​ការ​ហៅ​របស់​ប្អូនៗ ប្អូនៗ​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព ។ ប្អូនៗ​មាន​កិច្ចការ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ធ្វើ ។ ចូរ​យក​ចិត្ត​ទុកដាក់ ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ពេល​ប្អូនៗ​ធ្វើ​ដូច្នោះ ប្អូនៗ​អាច​បម្រើ​ដោយ​ទំនុក​ចិត្ត ពីព្រោះ​ប្អូនៗ​ពុំ​បម្រើ​តែ​ម្នាក់​ឯង​ទេ !

ប្រធាន​ថ្នាក់​អើយ យើង​ត្រូវ​ការ​ប្រាជ្ញា សំឡេង និង​ថាមពល​របស់​ប្អូនៗ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​យុវវ័យ​វួដ​ថ្មី ដែល​អែលឌើរ ឃ្វីនថិន អិល ឃុក បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ។​ ប្អូនៗ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ដំណោះស្រាយ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​នៃ​បងប្អូន​ប្រុស​ស្រី​របស់​ប្អូនៗ ។២៦

ការ​កែ​សម្រួល​នៅ​ក្នុង​ការ​រៀបចំ​ថ្នាក់ និង​ថ្នាក់​ដឹកនាំ​ទាំង​នេះ​អាច​ចាប់​ផ្ដើម​ភ្លាមៗ ពេល​ដែល​វួដ និង​សាខា​រួច​រាល់ ប៉ុន្តែ​គួរ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ​២០២០ ។

បងប្អូន​ស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ អើយ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា ការ​កែសម្រួល​ទាំង​នេះ​ដែល​ខ្ញុំ​បាន​លើក​ឡើង​នៅ​ថ្ងៃ​នេះ​គឺជា​ការ​ដឹកនាំ​ដ៏​បំផុស​គំនិត​មក​ពី​ព្រះអម្ចាស់ ។ ពេល​យើង​អនុវត្ត​ការ​កែ​សម្រួល​ទាំង​នេះ​ដោយ​ឧស្សាហ៍ សូម​យើង​កុំ​ភ្លេច​ពី​គោលបំណង​របស់​យើង ៖ ដើម្បី​ពង្រឹង​ការ​សម្រេច​ចិត្ត​របស់​យើង​ក្នុង​ការ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ហើយ​ជួយ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ទ្រង់ ។ ខ្ញុំ សូម ថ្លែង ទី បន្ទាល់ ថា នេះ ជា សាសនាចក្រ របស់​ទ្រង់ ។ ខ្ញុំ​មាន​អំណរ​គុណ​ខ្លាំង​ណាស់​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​មួយ​នៃ​កិច្ចការ​ពិសិដ្ឋ​របស់​ទ្រង់ ។

ខ្ញុំ​សូម​អធិស្ឋាន​ថា ព្រះវិញ្ញាណ​ដូច​គ្នា​ដែល​បាន​ដឹកនាំ​ការ​កែ​សម្រួល​នេះ​នឹង​ដឹកនាំ​បងប្អូន ពេល​បងប្អូន​ដើរ​ឆ្ពោះ​ទៅ​មុខ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។