ឆ្នាំ ២០១០-២០១៩
ចូរ​កុំ​បញ្ឆោត​ខ្ញុំ​អី
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ចូរ​កុំ​បញ្ឆោត​ខ្ញុំ​អី

កាល​យើង​គោរព​បទបញ្ញត្តិ​របស់​ព្រះ យើង​ត្រូវបាន​ដឹកនាំ​នៅលើ​ផ្លូវ​ត្រូវ​ជានិច្ច ហើយ​នឹង​ចាញ់​ការបញ្ឆោត​ឡើយ ។

ថ្ងៃនេះ ខ្ញុំ​ផ្ដល់​ពាក្យ​ប្រឹក្សា​ដល់​គ្រប់គ្នា ប៉ុន្ដែ​ជាពិសេស​ដល់​ក្មួយៗ​នៃ​ជំនាន់​ដែល​កំពុង​ធំ​ឡើង—កុមារ​ថ្នាក់​បឋម​សិក្សា យុវជន និង​យុវនារី ។ ព្យាការី​របស់​ព្រះអម្ចាស់​សម្រាប់​ជំនាន់​យើង ប្រធាន រ័សុល អិម ណិលសុន ស្រឡាញ់​ក្មួយៗ​យ៉ាង​ខ្លាំង—ខ្លាំង​រហូត​ដល់​លោក​បាន​និយាយ​ទៅកាន់​ក្មួយៗ​ជាច្រើន​កាល​ពី​ឆ្នាំ​មុន​ក្នុង​ការចាក់​ផ្សាយ​ការប្រជុំ​ធម្មនិដ្ឋាន​យុវវ័យ​ទូទាំង​ពិភពលោក​ពិសេស​មួយ ដែល​មាន​ចំណង​ជើង​ថា « ក្ដី​សង្ឃឹម​នៃ​អ៊ីស្រាអែល » ។ ជាញឹកញាប់ យើង​ឮ​ប្រធាន​ណិលសុន​ពិតជា​ហៅ​ក្មួយៗ​យ៉ាង​ដូច្នេះ​ថា— « ក្ដី​សង្ឃឹម​នៃ​អ៊ីស្រាអែល » ជា​ជំនាន់​ដែល​កំពុង​ពេញវ័យ និង​ជា​អនាគត​នៃ​សាសនាចក្រ​ដ៏​ពិត និង​រស់​រវើក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ផែនដី​នេះ ។

មិត្ត​វ័យ​ក្មេង​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ចាប់ផ្ដើម​ដោយ​ចែកចាយ​ដំណើររឿង​គ្រួសារ​ចំនួន​ពីរ ។

រឿង​ឆ្កែ ១០២

ច្រើនឆ្នាំ​កន្លង​ទៅ កាល​ខ្ញុំ​មកពី​ធ្វើការ​វិញ នោះ​បាន​ភ្ញាក់ផ្អើល​ពេល​ឃើញ​ថ្នាំពណ៌-ស​ប្រឡាក់​គ្រប់​ទី​កន្លែង—នៅ​លើ​កម្រាល​នៅលើឥដ្ឋ ទ្វារ​ការ៉ាស់ និង​លើ​ផ្ទះ​ឥដ្ឋ-ក្រហម​របស់​យើង ។ ខ្ញុំ​បាន​អង្កេតមើល​ហេតុការណ៍​ឲ្យ​កាន់តែ​ជាក់ ហើយ​ឃើញ​ថា ថ្នាំ​ពណ៌​នោះ​នៅ​សើមៗ​នៅឡើយ ។ ដានថ្នាំ​ពណ៌​នោះ​នាំ​ទៅក្រោយ​ផ្ទះ ដូច្នេះ​ហើយ​ខ្ញុំ​បាន​ដើរតាម​វា ។ ខ្ញុំ​បាន​ឃើញ​កូន​ប្រុស​អាយុ​ប្រាំ​ឆ្នាំ​របស់​ខ្ញុំ​កាន់​ជក់​ថ្នាំ​ដេញ​តាម​ឆ្កែ​របស់​យើង ។ ឆ្កែ​ខ្មៅ​ស្អាត​របស់​យើង​ត្រូវបាន​លាប​ពណ៌-ស​ពាក់​កណ្ដាល !

« កូន​កំពុង​ធ្វើអី​ហ្នឹង ? » ខ្ញុំ​សួរ​ក្នុង​សំឡេង​ជីវចល ។

កូនប្រុស​ខ្ញុំ​បាន​ឈប់ រួច​ងាកមើល​មក​ខ្ញុំ ហើយ​មើល​ទៅ​ឆ្កែ​នោះ រួច​ក៏​មើល​ទៅ​ជក់​ថ្នាំ​ដែល​ជ្រលក់​ថ្នាំ​ពណ៌-ស ហើយ​និយាយ​ថា « កូន​គ្រាន់​ចង់​ឲ្យ​ឆ្កែ​នោះ​មើល​ទៅ​ដូច​ឆ្កែ​សម្បុរ​ខ្មៅ​អុជៗ​ក្នុង​រឿង​នោះ—​ប៉ា​ដឹង​ទេ រឿង​ឆ្កែ ១០១ នោះ » ។

រូបភាព
ឆ្កែ​ប្រម៉ាញ់​ពណ៌ខ្មៅ
រូបភាព
ឆ្កែ​ពពាល

ខ្ញុំ​ស្រឡាញ់​ឆ្កែ​របស់​យើង ។ ខ្ញុំ​បាន​គិត​ថា​វា​ស្អាត​ណាស់ ប៉ុន្តែ​នៅ​ថ្ងៃ​នោះ​កូន​ប្រុស​ខ្ញុំ​បាន​មាន​គំនិត​មួយ​ផ្សេង ។

កូន​ឆ្មា​ក្រឡា​ឆ្នូតៗ

រឿង​ទីពីរ​របស់​ខ្ញុំ​ផ្ដោត​លើ​លោកតា ហ្គ្រូវើរ [ ពូ​របស់​ឪពុក​ប្រពន្ធ​គាត់ ] ដែល​បាន​រស់នៅ​យ៉ាង​ឆ្ងាយ ក្នុង​ផ្ទះ​មួយ​ក្រៅ​ក្រុង​នៅ​តាម​ជនបទ ។ លោកតា​ហ្គ្រូវើរ​មាន​វ័យ​ចំណាស់ ។ យើង​គិត​ថា កូនប្រុស​យើង​គួរតែ​ជួប​គាត់ មុនពេល​គាត់​លា​ចាក​លោក​ទៅ ។ ដូច្នេះ​នា​ពេល​រសៀល​មួយ យើង​បាន​ជិះឡាន​យ៉ាង​យូរ​ទៅ​លេង​ផ្ទះ​កំសត់​របស់​គាត់ ។ យើង​អង្គុយ​លេង​ជុំគ្នា ហើយ​ណែនាំ​កូនប្រុស​របស់​យើង​ប្រាប់​គាត់ ។ មិន​ទាន់​បាន​សន្ទនា​យូរ​ផង កូន​ប្រុស​ពីរនាក់​របស់​យើង​ប្រហែល​អាយុ​ប្រាំ និង​ប្រាំមួយ​ឆ្នាំ​បាន​ចេញ​ទៅលេង​ខាងក្រៅ ។

ដោយ​ឮ​សំណើ​របស់​ពួកគេ លោកតា​ហ្គ្រូវើរ​ឱន​មុខ​គាត់​ចុះ​ទល់នឹង​មុខ​ពួកគេ ។ មុខ​គាត់​ចាស់ និង​ចម្លែក រហូត​ដល់​ក្មេងៗ​រាង​ខ្លាច​គាត់​បន្ដិច ។ គាត់​និយាយ​ប្រាប់​ពួកគេ​ក្នុង​សំឡេង​ធ្ងន់​ថា « ប្រយ័ត្ន—មាន​សត្វ​ស្កា​ច្រើន​ណាស់​នៅ​ខាងក្រៅ » ។ ដោយ​ស្ដាប់​ឮ​បែប​នេះ ឡេសា និង​ខ្ញុំ​បាន​ភ្ញាក់​ផ្អើល យើង​បារម្ភ​ខ្លាច​ពួកគេ​រង​របួស​ដោយ​សារ​សត្វ​ស្កា ! ក្មេងៗ​បាន​ចេញ​ទៅ​លេង​ខាងក្រៅ​ភ្លាម កាល​យើង​បន្ដ​និយាយ​គ្នា​លេង ។

រូបភាព
សត្វ​ស្កា

ក្រោយមក ពេល​យើង​ជិះ​ឡាន​មក​ផ្ទះ​វិញ ខ្ញុំ​បាន​សួរ​ក្មេងៗ​ថា « តើ​កូន​បាន​ឃើញ​សត្វ​ស្កា​ទេ ? » កូន​ម្នាក់​បាន​ឆ្លើយ​ថា « ទេ យើង​មិន​បាន​ឃើញ​សត្វស្កា​អី​ផង តែ​យើង​បាន​ឃើញ​កូន​ឆ្មា​ពណ៌​ខ្មៅ មាន​ឆ្នូត​ស​នៅលើ​ខ្នង​វា ! »

អ្នកបញ្ឆោត​ដ៏​អស្ចារ្យ

ដំណើររឿង​ទាំងនេះ​អំពី​ក្មេងៗ​មិន​ទាន់​ដឹង​អី ដែល​រកឃើញ​អ្វីមួយ​អំពី​ជីវិត និង​តថភាព​អាច​ធ្វើឲ្យ​យើង​ម្នាក់ៗ​ញញឹម តែ​វា​ក៏​បង្ហាញ​ពី​គោលបំណង​ដ៏​សំខាន់​មួយ​ផងដែរ ។

នៅ​ក្នុង​រឿង​ទីមួយ កូន​ប្រុស​តូច​របស់​យើង​មាន​សត្វ​ឆ្កែ​ស្អាត​មួយ​ក្បាល ប៉ុន្តែ​គាត់​បាន​កាន់​ជក់​ថ្នាំ និង​ថ្នាំ​លាប ដើម្បី​បង្កើត​ការ​ពិត​ដែល​គាត់​ស្រមៃ​ឃើញ ។

ក្នុង​ដំណើររឿង​ទីពីរ ក្មេងៗ​មិន​បាន​ដឹង​សោះ​អំពី​គ្រោះថ្នាក់​ដែល​អាច​កើតមាន ពេល​ពួកគេ​បាន​ជួប​នឹង​សត្វ​ស្កា ។ ដោយ​មិន​អាច​ស្គាល់​ច្បាស់​ពី​អ្វី​ដែល​ពួកគេ​ពិត​ជា​បាន​ជួប​ប្រទះ ពួកគេ​ប្រថុយ​នឹង​ការរងគ្រោះ​លទ្ធផល​មិន​ល្អ​មួយ​ចំនួន ។ ទាំងនេះ​ជា​រឿង​អត្តសញ្ញាណ​ក្លែងក្លាយ—​ដោយ​គិត​ថា រឿង​ពិត​ជា​អ្វីមួយ​ផ្សេងទៀត ។ ក្នុង​ករណី​នីមួយៗ លទ្ធផល​គឺ​តូចតាច ។

ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​សព្វថ្ងៃ​នេះ​មាន​បញ្ហា​ទាំង​នេះ​ដូច​គ្នា​ដែរ ។ ពួកកគេ​មិនអាច​ទាំង​មើល​ឃើញ​រឿង​ដែល​ជា​ការពិត និង​ពុំ​ស្កប់ស្កល់​នឹង​សេចក្ដីពិត ។ លើស​ពី​នេះ​ទៀត នៅ​សព្វ​ថ្ងៃ​នេះ មាន​នូវ​កម្លាំង​ដែល​បាន​រៀបចំ​ដើម្បី​ដឹកនាំ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដីពិត ។ ការបញ្ឆោត និង​ការកុហក​ទាំងនេះ​វា​លើស​ពី​ការមិន​ស្គាល់​អត្តសញ្ញាណ​ក្លែងក្លាយ​ទៅ​ទៀត ហើយ​ជារឿយៗ​មាន​លទ្ធផល​ធ្ងន់ធ្ងរ មិនមែន​តូច​តាច​នោះ​ទេ ។

សាតាំង ជា​បិតា​នៃ​សេចក្ដី​កុហក និង​មេបញ្ឆោត​ដ៏​អស្ចារ្យ វា​ចង់​ឲ្យ​យើង​សង្ស័យ​នឹង​អ្វីមួយ​ពិត រួច​ហើយ​ទាំងព្រងើយ​នឹង​សេចក្ដី​ពិត​ដ៏​អស់កល្ប ឬ​វា​ដាក់​ជំនួស​ដោយ​អ្វីមួយ​ដែលមើល​ទៅ​កាន់​តែ​រីករាយ ។ « វា​បាន​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពួក​បរិសុទ្ធ​នៃ​ព្រះ » វា​ចំណាយ​ពេល​រាប់​ពាន់​ឆ្នាំ​គិត និង​អនុវត្ត​សមត្ថភាព​ដើម្បី​បញ្ចុះ​បញ្ចូល​បុត្រ​របស់​ព្រះ​ទាំងអស់​ឲ្យ​ជឿ​ថា ការណ៍​ល្អ​គឺ​អាក្រក់ហើយ​ការណ៍​អាក្រក់​គឺ​ល្អ ។

វា​បាន​បង្កើត​កេរ្ដិ៍ឈ្មោះ​សម្រាប់​ខ្លួន​វា ក្នុង​ការបញ្ចុះ​បញ្ចូល​ជីវិត​រមែង​ស្លាប់​ថា សត្វ​ស្កា​គឺ​គ្រាន់តែ​កូនឆ្មា ឬ​ថា បើ​លាប​ពណ៌បន្ដិច បងប្អូន​អាច​ប្រែ​ឆ្កែ​ខ្មៅ​ទៅជា​ឆ្កែ​អុជៗ​បាន !

រូបភាព
ម៉ូសេ​បាន​ជួប​ព្រះ​ផ្ទាល់

ឥឡូវ ចូរ​ងាក​ទៅ​គំរូ​នៃ​គោលការណ៍​នេះ​ដែល​មាន​ក្នុង​បទគម្ពីរ ពេល​ព្យាការី​របស់​ព្រះអម្ចាស់ លោក​ម៉ូសេ​បាន​ជួប​នឹង​បញ្ហា​ដូចគ្នា​នេះ​ផ្ទាល់ ។ « ក្នុង​កាល​ម៉ូសេ​ត្រូវ​បាន​នាំ​ឡើង​ទៅ​លើ​ភ្នំ​ដ៏​ខ្ពស់​បំផុត​…​គាត់​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​គាត់​បាន​ទូល​ជាមួយ​នឹង​ទ្រង់ » ។ ព្រះ​បាន​បង្រៀន​ម៉ូសេ​អំពី​អត្តសញ្ញាណ​ដ៏​អស់កល្ប​របស់​លោក ។ ទោះជា​ម៉ូសេ​នៅ​ជា​សាច់ឈាម និង​មិន​ឥតខ្ចោះ​ក្ដី ក៏​លោក « នៅក្នុង​រូប​ដូចជា​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​យើង ហើយ​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​យើង … នឹង​ទៅជា​ព្រះអង្គ​សង្គ្រោះ » ។

នៅ​ក្នុង​ការ​និមិត្ត​ដ៏​អស្ចារ្យ​នេះ ម៉ូសេ​បាន​ឃើញ​ព្រះ ហើយ​លោក​ក៏​បាន​រៀន​ពី​អ្វី​មួយ​ដ៏​សំខាន់​អំពី​ខ្លួន​លោក​ផង​ដែរ ៖ ទោះ​ជា​មនុស្ស​ខាង​សាច់​ឈាម​ក្ដី ប៉ុន្តែ​លោក​គឺជា​បុត្រា​របស់​ព្រះ ។

សូម​ស្ដាប់​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​អ្វី​ដែល​បាន​កើតឡើង កាល​ការនិមិត្ត​ដ៏​អស្ចារ្យ​នេះ​បាន​បញ្ចប់ ។ « ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា … សាតាំង​បាន​មក ដោយ​ល្បួង​គាត់ »​ដោយ​ពោល​ថា « ម៉ូសេ ជា​កូន​មនុស្ស អើយ ចូរ​ថ្វាយ​បង្គំ​យើង » » ម៉ូសេ​បាន​ឆ្លើយតប​ដោយ​ក្លៀវក្លា ៖ « តើ​អ្នកជា​នរណា ? ដ្បិត​មើល​ចុះ ខ្ញុំ​ជា​បុត្រ​នៃ​ព្រះ នៅ​ក្នុង​រូប​ដូចជា​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ ហើយ​ចុះ​តើ​សិរី​ល្អ​របស់​អ្នកនៅ​ឯណា ដែល​គួរឲ្យ​ខ្ញុំ​ថ្វាយ​បង្គំអ្នក ? »

និយាយ​ម្យ៉ាង​ទៀត ម៉ូសេ​បាន​ពោល​ថា « អ្នក​មិន​អាច​បញ្ឆោត​ខ្ញុំ​បាន​ទេ ត្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​ជា​នរណា ។ ខ្ញុំ​ត្រូវបាន​បង្កើត​តាម​រូបភាព​នៃ​ព្រះ ។ អ្នក​មិន​មាន​ពន្លឺ និង​សិរីល្អ​របស់​ទ្រង់​ឡើយ ។ ដូច្នេះ ហេតុអ្វី​ខ្ញុំ​គួរ​ថ្វាយ​បង្គំ​អ្នក ឬ​ចាញ់​ល្បិច​បញ្ឆោត​របស់​អ្នក ? »

ឥឡូវ​សូម​ផ្តោតចិត្ត​ទុកដាក់​លើ​របៀប​ដែល​ម៉ូសេ​ឆ្លើយតប​បន្ដ​ទៀត ។ លោក​ប្រកាស​ថា « នែ៎​សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ ចូរ​កុំ​បញ្ឆោត​ខ្ញុំ​អី » ។

មាន​អ្វី​ជាច្រើន​ដែល​យើង​អាច​រៀន​ពី​ចម្លើយ​ដ៏​ខ្លាំង​របស់​ម៉ូសេ ចំពោះ​ការល្បួង​ពី​សត្រូវ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ឆ្លើយតប​តាម​របៀប​ដូចគ្នា​នេះ ពេល​បងប្អូន​មាន​អារម្មណ៍​ថា​រង​នឹង​ការល្បួង ។ ចូរ​បញ្ជា​សត្រូវ​នៃ​ព្រលឹង​របស់​បងប្អូន​ដោយ​និយាយ​ថា « ចូរ​ចេញ​ទៅ » ! ឯង​គ្មាន​សិរីល្អ​ទេ ។ កុំ​ចង់​ល្បង ឬ​កុហក​ខ្ញុំ​ឡើយ ! ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ជា​កូន​របស់​ព្រះ ។ ហើយ​ខ្ញុំ​នឹង​អំពាវនាវ​ហៅ​ព្រះ​របស់​ខ្ញុំ​សូម​រក​ជំនួយ​ទ្រង់​ជានិច្ច » ។

ប៉ុន្ដែ មារសត្រូវ​មិន​បោះបង់​គម្រោង​បំផ្លាញ ដើម្បី​បញ្ឆោត និង​បន្ទាប​យើង​ងាយៗ​ទេ ។ វា​ប្រាកដ​ជា​មិន​បាន​ធ្វើ​ដូច្នោះ​​ជាមួយ​ម៉ូសេទេ ផ្ទុយ​ទៅ​វិញ​វា​​ចង់​បណ្ដាល​ឲ្យ​ម៉ូសេ​ភ្លេច​ថា លោក​ជា​នរណា​ដ៏​អស់កល្ប ។

ហាក់​ដូច​វា​ជះ​កំហឹង​ដ៏​ខ្លាំង​បែប​ក្មេង « អារក្ស​សាតាំង​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំង ហើយ​ទន្ទ្រាន​លើ​ដី ហើយ​បញ្ជា​ថា ៖ យើង​ជា​ព្រះរាជបុត្រា​បង្កើត ចូរ​ថ្វាយ​បង្គំ​យើង​មក » ។

សូម​ពិនិត្យ​ឡើង​វិញ ។ តើ​បងប្អូន​បាន​ឮ​អ្វី​ដែល​វា​ទើប​បាន​និយាយ​ទេ ? « យើង​ជា​ព្រះរាជបុត្រា​បង្កើត ។ ចូរ​ថ្វាយ​បង្គំ​យើង​មក ! »

មេបញ្ឆោត​បាន​និយាយ​ថា « កុំ​បារម្ភ​អី ខ្ញុំ​មិន​ធ្វើបាប​អ្នក​ទេ—ខ្ញុំ​មិន​មែន​ជា​សត្វ​ស្កា​ទេ ខ្ញុំ​គ្រាន់​ជា​កូនឆ្មា​មាន​ក្រឡា​ឆ្នូត​ស​ខ្មៅ​តូច​មួយ​ប៉ុណ្ណោះ » ។

រូបភាព
ម៉ូសេ​បាន​បណ្ដេញ​សាតាំង​ចេញ

រួច​ហើយ​ម៉ូសេ​បាន​អំពាវនាវ​ដល់​ព្រះ ហើយ​បាន​ទទួល​កម្លាំង​ដ៏​ទេវភាព​របស់​ទ្រង់ ។ ទោះជា​វា​បាន​ញ័រ ហើយ​ផែនដី​បាន​រញ្ជួយ​នៅ​ពេល​នោះ​ក្ដី ក៏​ម៉ូសេ​មិន​បាន​ចុះចាញ់​ដែរ ។ សំឡេង​លោក​គឺ​ជាក់​ច្បាស់ ។ លោក​ប្រកាស​ថា « នែ៎​សាតាំង ចូរ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ត្បិត​ខ្ញុំ​នឹង​ថ្វាយបង្គំ​ដល់​ព្រះ​តែមួយ​អង្គ​ប៉ុណ្ណោះ គឺជា​ព្រះ​នៃ​សិរី​ល្អ » ។

ទីបំផុត វា« បាន​… ថយ​ចេញ​… ពី​វត្តមាន​នៃ​ម៉ូសេ » ។១០

ក្រោយពី​ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះកាយ និង​ប្រទានពរ​ម៉ូសេ​ចំពោះ​ការគោរព​ប្រតិបត្តិ​របស់​លោក ព្រះអម្ចាស់​បាន​មាន​បន្ទូល ៖

« ម៉ូសេ​អើយ អ្នក​មាន​ពរ​ហើយ ត្បិត …​អ្នក​នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​ខ្លាំង​ពូកែ​ជាង​ទឹក​ជាច្រើន ។​…

ហើយ​មើល​ន៏ យើង​គង់នៅ​ជាមួយ​នឹង​អ្នក គឺ​រហូត​ដល់​អស់​មួយ​ជីវិត​របស់​អ្នក » ។១១

ការទប់ទល់​នឹង​មារសត្រូវ​របស់​ម៉ូសេ​ជា​គំរូ​ដ៏​ច្បាស់ និង​បំភ្លឺ​មួយ​សម្រាប់​យើង​ម្នាក់ៗ មិន​ថា​យើង​ស្ថិត​ក្នុង​ឆាក​ជីវិត​បែប​ណា​ទេ ។ វា​ជា​សារ​ដ៏​មាន​អានុភាព​សម្រាប់​បង​ប្អូន​រៀងខ្លួន—ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ពេល​វា​ព្យាយាម​បញ្ឆោត​បងប្អូន ។ ដោយសារ​ដូចជា​ម៉ូសេ​ដែរ បងប្អូន​មាន​ពរ​ជា​អំណោយទាន​ជំនួយ​ពី​សួគ៌ា ។

បទបញ្ញត្តិ និង ពរជ័យ

តើ​បងប្អូន​អាច​រកឃើញ​ជំនួយ​ពី​សួគ៌ា​នេះ​ដោយ​របៀប​ណា គឺ​ដូចជា​អ្វី​ដែល​ម៉ូសេ​បាន​ធ្វើ ហើយ​មិន​ចាញ់​ការបញ្ឆោត ឬ​ធ្លាក់​ក្នុង​ការល្បួង ? បណ្ដាញ​ច្បាស់​មួយ​សម្រាប់​ជំនួយ​ពី​ព្រះ​ត្រូវបាន​បញ្ជាក់​ជា​ថ្មី​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ដោយ​ព្រះអម្ចាស់​ទ្រង់​ផ្ទាល់ កាល​ទ្រង់​ប្រកាស​ថា « ហេតុ​ដូច្នេះ​ហើយ យើង​ជា​ព្រះអម្ចាស់ ដោយ​ជ្រាប​នូវ​គ្រោះ​ដែល​នឹង​មាន​មក​លើ​បណ្ដាជន​ទាំងឡាយ​នៅលើ​ផែនដី នោះ​បាន​ហៅ​យ៉ូសែប​ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ហើយ​បាន​និយាយ​មក​កាន់​លោក​ពីលើ​ស្ថានសួគ៌ ហើយ​បាន​ប្រទាន​ព្រះបញ្ញត្តិ​ទាំងឡាយ​ដល់​លោក » ។១២ ដោយ​ប្រើ​ពាក្យ​កាន់តែ​សាមញ្ញ យើង​អាច​និយាយ​ថា ព្រះអម្ចាស់​ដែល​ជ្រាប « ​ពី​ដើមដំបូង​មក​ចុង​បំផុត »១៣ជ្រាប​ពី​ការលំបាក​ទាំងឡាយ​នៃ​ជំនាន់​យើង ។ ហេតុដូច្នេះ​ហើយ ទ្រង់​បាន​ប្រទាន​មធ្យោបាយ​មួយ​សម្រាប់​យើង​ដើម្បី​ប្រឆាំង​នឹង​ឧបសគ្គ និង​ការល្បួង ដែល​ភាគច្រើន​កើត​ជា​លទ្ធផល​ចំៗ​នៃ​ឥទ្ធិពល​បញ្ឆោត​របស់​សត្រូវ និង​ការវាយលុក​របស់​វា ។

មធ្យោបាយ​នោះ​គឺ​សាមញ្ញទេ ។ តាមរយៈ​អ្នកបម្រើ​របស់​ទ្រង់ ព្រះ​មាន​បន្ទូល​មក​យើង ជា​បុត្រ​របស់​ទ្រង់ ហើយ​ប្រទាន​ដល់​យើង​នូវ​បទបញ្ញត្តិ ។ យើង​អាច​ថ្លែង​ជាថ្មី​ពី​ខគម្ពីរដែល​ខ្ញុំ​ទើប​បាន​ដកស្រង់​ទៅ​ជា « យើង​ជា​ព្រះអម្ចាស់…បាន​ហៅ [ ប្រធាន រ័សុល អិម ណិលសុន ] ជា​អ្នក​បម្រើ​របស់ [ យើង ] ហើយ​បាន​និយាយ​មក​កាន់​លោក​ពី​ស្ថាន​សួគ៌ ហើយ​បាន​ប្រទាន​ព្រះបញ្ញត្តិ​ទាំងឡាយ​ដល់​លោក » ។​ តើ​នោះ​ពុំមែន​ជា​សេចក្ដីពិត​ដ៏​រុងរឿង​ទេ​ឬ ?

ខ្ញុំ​សូម​ថ្លែង​សាក្សីដ៏​មុត​មាំ​ថា ព្រះអម្ចាស់​ពិត​ជា​បាន​មាន​បន្ទូល​ទៅ​កាន់​យ៉ូសែប ស្ម៊ីធ មក​ពី​ស្ថានសួគ៌​ប្រាកដ​មែន ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​ការ​និមិត្ត​ដ៏​ធំ​នោះ ។ ទ្រង់​ក៏​មាន​បន្ទូល​មក​ប្រធាន ណិលសុន ក្នុង​ជំនាន់​របស់​យើង​ផង​ដែរ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ព្រះ​មាន​បន្ទូល​ជាមួយ​ព្យាការី​ក្នុង​អតីតកាល ហើយ​ប្រទាន​បទបញ្ញត្តិ​ដល់​ពួកលោក ដែល​រៀបចំ​ឡើង​ដើម្បី​ដឹកនាំ​បុត្រ​របស់​ទ្រង់​ទៅរក​សុភមង្គល​ក្នុង​ជីវិត​នេះ និង​សិរីល្អ​ក្នុង​ជីវិត​បន្ទាប់ ។

ព្រះ​បន្ដ​ប្រទាន​បទបញ្ញត្តិ​ដល់​ព្យាការី​នៅរស់​របស់​យើង​សព្វថ្ងៃ​នេះ ។ ឧទាហរណ៍​មាន​ច្រើន ដូចជា—តុល្យភាព​នៅ​ក្នុង​ការ​បង្រៀន​ដំណឹងល្អ​ក្នុង​គេហដ្ឋាន ហើយ​មាន​ការ​គាំទ្រពី​សាសនាចក្រ ការ​ផ្លាស់ប្ដូរ​ពី​ការ​បង្រៀន និង​ការ​សួរ​សុខ​ទុក្ខ​តាម​ផ្ទះ​ទៅ​ជា​ការ​ផ្ដល់​ការងារ​បម្រើ ការ​កែសម្រួល​ចំពោះ​គោលនយោបាយ និង​ពិធី​​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​កម្មវិធី​ថ្មី​សម្រាប់​កុមារ និង​យុវវ័យ​នៅ​ដើម​ឆ្នាំ​២០២០ ។ ខ្ញុំ​ស្ញប់ស្ញែង​នឹង​សេចក្ដី​ល្អ និង​សេចក្ដី​មេត្តា​របស់​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់ និង​ព្រះរាជបុត្រា​ទ្រង់​គឺ ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ស្ដារ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​មក​កាន់​ផែនដី​ឡើង​វិញ​ម្ដង​ទៀត ហើយ​បាន​ហៅ​ព្យាការី​ក្នុង​ជំនាន់​របស់​យើង ។ ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​រារាំង​គ្រា​មាន​គ្រោះ​ដោយ​គ្រា​នៃ​ភាពពេញលេញ ។

សេចក្ដីទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ

ការគោរព​តាម​បទបញ្ញត្តិ​ដែល​បាន​ប្រទាន​ដល់​ព្យាការី​យើង មិន​ត្រឹមតែ​ជា​គន្លឹះ​ដើម្បី​ចៀសវាង​ពី​ឥទ្ធិពល​របស់​មេបញ្ឆោត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​គន្លឹះ​ដើម្បី​ដក​ពិសោធន៍​អំណរ និង​សុភមង្គល​ជា​រៀង​រហូត ។ រូប​មន្ត​ដ៏​ទេវភាព​នេះ​ក្រៅ​ពី ភាព​សាមញ្ញ​ហើយ វា​មាន​នូវ ៖ សេចក្ដី​សុចរិត ឬ​ការ​គោរព​ប្រតិបត្តិ​ចំពោះ​បទបញ្ញត្តិ នាំ​មក​នូវ​ពរជ័យ ហើយ​ពរជ័យ​នាំ​មក​នូវ​សុភមង្គល ឬ​អំណរ​ចូល​មក​ក្នុង​ជីវិត​របស់​យើង ។

ប៉ុន្ដែ តាម​របៀប​ដូចគ្នា​ដែល​មារសត្រូវ​បាន​ព្យាយាម​បញ្ឆោត​ម៉ូសេ វា​ក៏​ព្យាយាម​បញ្ឆោត​បងប្អូន​ដែរ ។ វា​តែង​ធ្វើពុត​ជា​អ្វីមួយ ដែល​វា​មិនមែន ។ វា​តែង​ប៉ុនប៉ង​លាក់​បាំង​ថា​ខ្លួន​វា​ជា​នរណា ។ វា​អះអាង​ថា ការគោរព​ប្រតិបត្តិ​នឹង​ធ្វើ​ឲ្យ​ជីវិត​បងប្អូន​សោកសៅ ហើយ​ឆក់​យក​សុភមង្គល​ពី​បងប្អូន ។

តើ​បងប្អូន​អាច​គិត​ពី​ឧបាយកល​បញ្ឆោត​របស់​វា​ខ្លះ​ទេ ? ឧទាហរណ៍ វា​ធ្វើ​ឲ្យ​លទ្ធផល​អាក្រក់​នៃ​ការ​ប្រើ​ថ្នាំ​ខុស​ច្បាប់ និងការសេព​គ្រឿង​ស្រវឹង​ថា​ជា​រឿង​មិន​សំខាន់ ហើយ​ផ្ទុយ​ទៅវិញ​ប្រាប់​ថា គ្រឿង​ស្រវឹង​នឹង​នាំ​មក​នូវ​ការរីករាយ ។ វា​ជ្រមុជយើង​ទៅ​ក្នុង​ធាតុអវិជ្ជមាន​នានា​ដែល​អាច​កើត​មាន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម រួម​ទាំង​ការ​ប្រៀបធៀប​ពី​ភាព​ទន់ខ្សោយ និង​ការ​ពិត​ដ៏​មាន​ឧត្តម​គតិ​ផង​ដែរ ។ លើស​ពី​នេះ​ទៀត វា​បើក​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​មាតិកា​អាក្រក់ៗ​ផ្សេង​ទៀត ដែល​មាន​នៅ​លើ​អ៊ិនធើរណែត ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត និង​ការ​ឈឺចាប់ ដូចជា រូប​អាស​គ្រាម ការ​វាយ​ប្រហារ​ទៅ​លើ​អ្នក​ដទៃ​តាមរយៈ​ការ​ជេរ​ប្រមាថ​តាម​អ៊ិនធើរណែត និង​ការ​សាប​ព្រួស​ព័ត៌មាន​មិន​ពិត​ដើម្បី​បង្កើត​ភាព​សង្ស័យ និង​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ដួង​ចិត្ត និង​គំនិត​របស់​យើង ។ វា​ខ្សឹប​យ៉ាង​ប្រសព្វ​ថា « ធ្វើតាម​តែ​ខ្ញុំ​ទៅ ហើយ​អ្នក​ប្រាកដ​ជា​រីករាយ » ។

ពាក្យ​ដែល​ចារ​ទុក​ជាច្រើន​សតវត្សរ៍​មក​ហើយ​ដោយ​ព្យាការី​នៃ​ព្រះគម្ពីរ​មរមន ទាក់ទង​ជាពិសេស​ដល់​ជំនាន់​យើង ៖ « សេចក្ដីទុច្ចរិត​ពុំ​ដែលជា​សុភមង្គល​ឡើយ » ។​១៤ សូម​យើង​ស្គាល់​ការបញ្ឆោត​របស់​សាតាំង​ថា​វា​ជា​អ្វី ។ សូម​យើង​អត់ទ្រាំ និង​ស្គាល់​ការកុហក ក៏​ដូចជា​ឥទ្ធិពល​របស់​អ្នក​ដែល​ខិតខំ​បំផ្លាញ​ព្រលឹង​យើង ហើយ​លួច​អំណរ​បច្ចុប្បន្ន និង​សិរីល្អ​នា​អនាគត​របស់​យើង ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ យើង​ត្រូវ​បន្ដ​ធ្វើ​ជា​មនុស្ស​ស្មោះត្រង់ និង​ប្រុង​ប្រយ័ត្ន ដោយសារ​នេះ​ជា​របៀប​តែ​មួយ​គត់​ដើម្បី​ដឹង​សេចក្ដី​ពិត ហើយ​ស្ដាប់​តាម​សំឡេង​របស់​ព្រះអម្ចាស់​តាមរយៈ​អ្នកបម្រើ​របស់​ទ្រង់ ។ « ព្រោះ​ព្រះវិញ្ញាណ ទ្រង់​មាន​ព្រះបន្ទូល​តែ​ការពិត ហើយ​មិន​កុហក​ឡើយ » ។ … រឿង​ទាំង​នេះ​ត្រូវ​បាន​បើក​សម្ដែង​យ៉ាង​ច្បាស់​មក​កាន់​យើង សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ព្រលឹង​របស់​យើង ។ … ដ្បិត​ព្រះ​ក៏​មាន​បន្ទូល​ពី​រឿង​នេះ​ប្រាប់​ពួក​ព្យាការី​ពី​បុរាណ​ដែរ » ។១៥ យើង​គឺជា​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ក្ដី​សង្ឃឹម​នៃ​អ៊ីស្រាអែល តើ​យើង​នឹង​ស្ទាក់ស្ទើរ​ឬទេ ? « តើ​យើង​ខ្លបខ្លាច​ឬ​គេច​វា​ឬ ? ទេ !​… តាម​បញ្ជា​ព្រះ យើង​ឈរដោយ​ពិត​ស្មោះត្រង់ ទាំងកាយ​ទាំង​ចិត្ត​រហូត​ទៅ » ។១៦

ខ្ញុំ​សូម​ថ្លែង​សាក្សី​របស់​ខ្ញុំ​អំពី​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល—ជា​ព្រះនាម​នៃព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ពី​ក្ដី​ស្រឡាញ់ សេចក្ដីពិត និង​អំណរ​ដ៏​ខ្ជាប់ខ្ជួន​របស់​ទ្រង់ ដែល​កើត​មាន​បាន តាមរយៈ​ពលិកម្ម​ដ៏​និរន្ដរ៍ និង​អស់កល្ប​របស់​ទ្រង់ ។ កាល​យើង​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ យើង​ត្រូវបាន​ដឹកនាំ​លើ​ផ្លូវ​ត្រូវ​ជានិច្ច ហើយ​នឹងមិន​ចាញ់​ការបញ្ឆោត​ឡើយ ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអង្គ​សង្គ្រោះ​យើង ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។