ឆ្នាំ ២០១០-២០១៩
ចូរមក​តាម​ខ្ញុំ — យុទ្ធសាស្ត្រ​វាយ​បក និង​ផែនការ​ទុក​ជា​មុន​របស់​ព្រះអម្ចាស់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ចូរមក​តាម​ខ្ញុំ—ជា​យុទ្ធសាស្ត្រ​វាយ​បក និង​ផែនការ​ទុក​ជា​មុន​របស់​ព្រះអម្ចាស់

ព្រះអម្ចាស់​រៀបចំ​រាស្ត្រ​ទ្រង់​តតាំង​នឹង​ការ​វាយ​ប្រហារ​របស់​មារសត្រូវ ។ ចូរ​មកតាមខ្ញុំ គឺជា​យុទ្ធសាស្ត្រ​វាយ​បក និង​ផែនការ​ទុក​ជា​មុន​របស់​ព្រះអម្ចាស់ ។

យើង​រីករាយ​នឹងការជួបជុំ​គ្នា​នៅក្នុង​សន្និសីទ​ទូទៅ​ដ៏មហិមា​នេះ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ វាគឺជា​ពរជ័យ​ដើម្បី​ទទួល​ព្រះ​បញ្ញា​ញ្ញាណ និង​ព្រះ​ទ័យរបស់​ព្រះអម្ចាស់ តាមរយៈ​ការបង្រៀន​ពី​ពួកព្យាការី និង​ពួក​សាវក​របស់​ទ្រង់ ។ ប្រធាន រ័សុល អិម ណិលសុន គឺ​ជាព្យាការី​នៅរស់​របស់​ព្រះអម្ចាស់ ។ យើង​មាន​អំណរគុណ​ជា​អនេក​ចំពោះ​ការទូន្មាន​ដ៏បំផុស និង​ការណែនាំ​ដែល​បានទទួល​នៅថ្ងៃនេះ ។

ខ្ញុំ​សូម​បន្ថែម​​សាក្សី​របស់​ខ្ញុំ​ទៅនឹង​អ្នក​ដែល​បាន​ចែករំលែក​មុននេះ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ពី​ព្រះ ជា​ព្រះវរបិតា​ដ៏​នៅ​អស់កល្បជានិច្ច ។ ទ្រង់រស់​ហើយ​ស្រឡាញ់​យើង និង​មើលថែយើង ។ ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់​ផ្តល់​ឲ្យ​យើង​នូវពរជ័យ​នៃជីវិត​រមែងស្លាប់​នេះ ហើយនឹង​មូលហេតុ​ដែល​យើង​ត្រឡប់ទៅ​ទីវត្តមាន​របស់​ទ្រង់​វិញ ។

ខ្ញុំ​ក៏​សូម​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។ ទ្រង់​គឺ​ជា​បុត្រា​សំណព្វ​តែ​មួយ​គត់​របស់​ព្រះ ។ ទ្រង់​បានសង្រ្គោះ​យើង​ពី​សេចក្តី​ស្លាប់ ហើយ​ទ្រង់​ប្រោសលោះ​យើង​ពី​អំពើបាប នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ​លើទ្រង់ ហើយ​ប្រែចិត្ត ។ ពលិកម្ម​ដ៏​គ្មាន​ទីបញ្ចប់​របស់ទ្រង់​ជំនួស​ឲ្យ​យើង នាំមក​នូវពរជ័យ​នៃ​ជីវិត​អមតៈ និង​អស់កល្បជានិច្ច ។ « សូមអរគុណ​ដល់ព្រះ​ចំពោះ​អំណោយ​ដ៏​លើសលុប​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ » ( ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់នៃ​ពួកសាវក » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ខាង​ក្នុង​គម្រប​ខាង​មុខ ) ។

ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ជុំវិញ​ពិភពលោក មាន​ពរជ័យ កាល​ថ្វាយបង្គំ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់ទ្រង់ ។ ក្នុងចំណោម​ព្រះវិហារ​បរិសុទ្ធ​ទាំងនោះ មាន​ព្រះវិហារបរិសុទ្ធ​មួយ​កំពុង​សាងសង់​នៅទីក្រុង​វីននីផេក ប្រទេស​កាណាដា ។ ភរិយា​របស់ខ្ញុំ អាន ម៉ារី និង​ខ្ញុំ​បាន​មាន​ឱកាស​ទៅមើល​ការដ្ឋាន​សាងសង់​កាលពីខែ​សីហា​ឆ្នាំ​នេះ ។ ព្រះវិហារ​បរិសុទ្ធ​បាន​រចនា​យ៉ាង​ស្រស់ស្អាត ហើយ​ប្រាកដ​ជា​ស្អាត​ណាស់​ក្រោយពេល​ធ្វើ​ហើយ ។ ទោះជាយ៉ាងណាក្តី បងប្អូន​មិនអាច​មាន​ព្រះវិហារបរិសុទ្ធ​ដ៏​ស្រស់ស្អាត​នៅ វីននីផេក ឬ​នៅកន្លែងណា​ផ្សេងទៀត បើគ្មាន​គ្រឹះដ៏រឹងមាំ​នោះបានទេ ។

ស្ថានភាពដី​ឡើងកក​ធ្វើ​ឲ្យ​មាន​ការលំបាក​ក្នុងការ​បុកគ្រឹះ​ព្រះវិហារ​បរិសុទ្ធ វីននីផេក ។ ហេតុដូច្នោះហើយ វា​ត្រូវបាន​កំណត់ថា គ្រឹះ​នៅព្រះវិហារ​បរិសុទ្ធ​នេះ​នឹង​ត្រូវប្រើ​សរសរដែក​ថែប​ចំនួន ៧០ ស្រោប​ដោយ​​បេតុង ។ សរសរ​ទាំងនេះ​មាន​ប្រវែង ១៨.២៩ ម៉ែត្រ និង មាន​អង្កត់ផ្ចិត​ពី ៣០.៥ ទៅ ៥០.៨ សង់ទីម៉ែត្រ ។​ សរសរ​ទាំងនេះ​ត្រូវបាន​ខួង​បុក​ចូលក្នុង​ដី​រហូត​ដល់វា​ប៉ះ​នឹង​ស្រទាប់​ថ្ម ប្រហែល​ជា ១៥.២៤ ម៉ែត្រ ក្នុង​ស្រទាប់ដី ។​ តាមវិធីនេះ សរសរទាំង ៧០ ដើម​ចាក់​​គ្រឹះរឹងមាំ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​វីននីផេក ដ៏​ស្រស់ស្អាត ។​

ក្នុងនាម​ជាពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ យើង​ស្វែងរក​គ្រឹះដ៏​រឹងមាំ និង​ពិតប្រាកដ​​​ស្រដៀងគ្នា​នេះនៅក្នុងជីវិត​របស់​យើង — គ្រឹះ​ខាងវិញ្ញាណ​ត្រូវការ​សម្រាប់​ការធ្វើដំណើរ​របស់យើង​នៅក្នុង​ជីវិតរមែង​ស្លាប់ និង​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​យើង​វិញ ។ គ្រឹះ​ដែល​ត្រូវបាន​សង់ឡើង​នៅលើ​ស្រទាប់ថ្ម​នៃការ​ផ្លាស់ប្រែចិត្ត​ជឿ​របស់យើង​ចំពោះ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

« ចូរចងចាំចុះ ចូរចងចាំចុះថា គឺ​នៅលើ​សិលា​នៃ​ព្រះដ៏​ប្រោសលោះ​នៃយើង គឺព្រះគ្រីស្ទជា ព្រះរាជបុត្រានៃព្រះ ដែលកូន​ត្រូវសង់​គ្រឹះ​របស់​កូន ដើម្បី​កាលណា​អារក្ស​បញ្ចេញ​ខ្យល់ដ៏​ខ្លាំងក្លា​របស់វា​មក មែនហើយ ព្រួញ​របស់វា​នៅក្នុង​ខ្យល់គួច … នោះ​វានឹង​គ្មាន​អំណាច​មកលើ​កូនឡើយ ដើម្បី​ទាញ​កូនចុះ​ទៅក្នុង​ជង្ហុក​នៃសេចក្តី​វេទនា និងទុក្ខលំបាក ដ៏មិនចេះ​ចប់មិនចេះហើយ ពីព្រោះ​មកពី​សិលា​ដែល​កូនបាន​សង់​នៅលើនោះ ដែល​ជាគ្រឹះ​ដ៏​ខ្ជាប់ខ្ជួន​មួយ ជា​គ្រឹះមួយ បើសិនណា​មនុស្ស​សង់នៅ​លើនោះ នោះពួកគេ​មិនអាច​រលំបាន​ឡើយ »​ ( ហេលេមិន ៥:១២ ) ។

គួរ​ឲ្យមាន​អំណរគុណ​ណាស់ ដែល​យើងរស់នៅ​ក្នុង​យុគសម័យ​ដែល​ពួកព្យាការី និង​សាវក​បង្រៀន​យើង​ពី​ព្រះអង្គសង្រ្គោះ​យេស៊ូវគ្រីស្ទ ។ ការធ្វើតាម​ការប្រឹក្សា​របស់​ពួកលោក ជួយយើង​ឲ្យ​ស្ថាបនា​គ្រឹះ​ដ៏រឹងមាំ​នៅលើ​ព្រះគ្រីស្ទ ។

ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន​ បាន​ពន្យល់​នៅក្នុង​សន្និសីទ​ទូទៅ​កាល​ពី​ខែ​តុលា​ឆ្នាំ ២០១៨​មុន​ថា « គោល​បំណង​របស់​សាសនាចក្រ​ជា​យូរ​មក គឺ​ដើម្បី​ជួយ​ដល់​សមាជិក​ទាំងអស់ឲ្យ​បង្កើន​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ដើម្បី​ជួយ​ពួកគេ​នៅ​ក្នុង​ការ​ចុះ និង​ការ​រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ ហើយ​ពង្រឹង និង​ផ្សារភ្ជាប់​ក្រុមគ្រួសារ​របស់​ពួកគេ » ។ នៅ​ក្នុង​ពិភពលោក​ដ៏​ស្មុគស្មាញ​សព្វថ្ងៃ​នេះ វាពុំ​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ។មារសត្រូវ​កំពុង​បង្កើន​ការ​វាយ​ប្រហារ​របស់​វា​ទៅ​លើ​សេចក្ដីជំនឿ​មក​លើ​យើង និង​ក្រុមគ្រួសារ​ក្នុង​អត្រា​ដ៏​លឿន​មួយ ។​ដើម្បី​រស់រាន​ខាង​វិញ្ញាណ យើង​ត្រូវ​ការ យុទ្ធសាស្ត្រ​វាយ​បក និង​ផែនការ​ទុក​ជា​មុន​របស់​ព្រះអម្ចាស់» (« Opening Remarks » Liahona ខែ​វិច្ឆិកា ឆ្នាំ ២០១៨, ៧; បាន​គូសបញ្ជាក់​បន្ថែម ) ។

ដើម្បី​ធ្វើតាម​សារលិខិត​របស់​ប្រធាន ណិលសុន អែលឌើរ ឃ្វីនថិន អិល ឃុក នៃកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ បានណែនាំ​សៀវភៅ​ចូរ មកតាមខ្ញុំ ជាធនធាន​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ទាំងឡាយ ។ សុន្ទរកថា​របស់លោក​រួមមាន​ដូចខាង​ក្រោម​នេះ ៖

  • « ធនធាន​សិក្សា​ថ្មី​នៅ​ឯគេហដ្ឋាន ចូរ​មកតាម​ខ្ញុំ …​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សមាជិក​ឲ្យ​រៀន​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន » ។

  • « ធនធាន​នេះ​គឺ​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​នៅ​ក្នុង​សាសនាចក្រ » [ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ( ឆ្នាំ​២០១៩ ) ទំព័រ vi ] ។

  • « គោលបំណង​របស់​យើង​គឺ​ធ្វើ​ឲ្យ​មាន​តុល្យភាព​លើ​បទពិសោធន៍​ទាំង​នៅ​ព្រះវិហារ និង​នៅ​គេហដ្ឋាន ក្នុង​របៀប​មួយ​ដែល​នឹង​បង្កើន​សេចក្តីជំនឿ និង​ជីវភាព​ខាង​វិញ្ញាណ​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​ប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង​លើ​ព្រះវរបិតាសួគ៌ និង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ » ។ ( « Deep and Lasting Conversion to Heavenly Father and the Lord Jesus Christ » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៩–១០ ។

ចាប់ពីខែមករា​ឆ្នាំ​នេះ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ទូទាំង​ពិភពលោក បានចាប់ផ្ដើម​សិក្សា​ព្រះគម្ពីរ​សញ្ញាថ្មី​ជាមួយ​នឹង​ចូរ​មក​តាម​ខ្ញុំ​ជា​ធនធាន​សម្រាប់​ណែនាំ​យើង ។ ព្រមជាមួយនឹង​កាលវិភាគ​ប្រចាំ​សប្តាហ៍ ចូរ​មក​តាមខ្ញុំ​ជួយ​យើង​ឲ្យសិក្សា​ព្រះគម្ពីរ គោលលទ្ធិ​នៃ​ដំណឹងល្អ និងការបង្រៀន​ទាំងឡាយ​របស់​ព្យាការី និង​សាវក ។ វាគឺជា​ធនធាន​ដ៏​អស្ចារ្យ​សម្រាប់​យើង​ទាំងអស់គ្នា ។

បន្ទាប់ពី​ការខិតខំ​សិក្សា​ព្រះគម្ពីរ​នេះ​អស់រយៈ​ពេល​ប្រាំបួនខែ​ទូទាំងពិភពលោក តើ​បងប្អូន​បាន​ឃើញ​អ្វីខ្លះ ? យើង​​ឃើញ​ពួកបរិសុទ្ធ​គ្រប់ទីកន្លែង​រីកចម្រើន​នៅក្នុង​សេចក្តី​ជំនឿ និង​​ពលិកម្ម​ចំពោះ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ យើង​​ឃើញ​បុគ្គល និង​ក្រុមគ្រួសារ​នីមួយៗ​ទុកពេល​មួយ​​ចំណែក​នៅក្នុង​សប្តាហ៍​ដើម្បី​សិក្សា​ព្រះបន្ទូល​របស់​ព្រះអង្គសង្រ្គោះ​​យើង ។ យើង​​ឃើញ​ការបង្រៀន​ដំណឹងល្អ​កំពុង​កែលម្អ​​នៅក្នុង​ថ្នាក់​សាលាថ្ងៃអាទិត្យ​របស់​យើង នៅពេល​យើង​សិក្សា​ព្រះគម្ពីរ​មកពី​ផ្ទះ ហើយ​ចែកចាយ​គំនិត​របស់​យើង​នៅក្នុង​សាសនាចក្រ ។ យើង​​ឃើញ​ក្រុមគ្រួសារ​មានសេចក្តីអំណរ និង​សាមគ្គីភាព ដោយសារតែ​យើង​ងាក​ពី​ការអាន​ព្រះគម្ពីរ​សាមញ្ញៗ​ទៅ​ជាការ​សិក្សា​ដោយ​យកចិត្ត​ទុកដាក់ ។

ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​ទៅ​ទស្សនកិច្ច​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ និង​បានឮ​ពី​បទពិសោធន៍​ផ្ទាល់​របស់ពួកគេ​ជាមួយ​កម្មវិធី​ចូរមក​តាម​ខ្ញុំ ។ ការបង្ហាញ​ពី​សេចក្តីជំនឿ​របស់ពួកគេ​ធ្វើ​ឲ្យ​ដួងចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​សេចក្តីអំណរ ។ នេះ​គឺជាមតិ​ដែល​ខ្ញុំ​បាន​ឭ​ពី​សមាជិក​ខុសៗ​គ្នា​នៅ​ក្នុង​សាសនាចក្រ ៖

  • មាន​ឪពុក​ម្នាក់​បាន​ចែកចាយ​ថា « ខ្ញុំ​ចូល​ចិត្ត​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ដោយសារ​វា​ផ្ដល់​ឱកាស​ឲ្យ​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​កូនៗ​របស់​ខ្ញុំ​អំពី​ព្រះអង្គ​សង្គ្រោះ » ។

  • នៅ​ក្នុង​គ្រួសារ​មួយ​ទៀត មាន​កុមារ​ម្នាក់​បាន​ពោលថា ៖ « នេះ​គឺជា​ឱកាស​ដើម្បី​ស្ដាប់​ឮ​ឪពុក​ម្ដាយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​របស់​ពួកគាត់ » ។

  • មាន​ម្ដាយ​ម្នាក់​បាន​ចែកចាយ​ថា « យើង​បាន​បំផុស​គំនិត​ពី​របៀប​ទុក​ព្រះ​ជា​អាទិភាព​ទីមួយ ។ គ្រា​ដែល​យើង [ បាន​គិត​ថា យើង ] ​ពុំ​បាន [ ពោរ​ពេញ ] ដោយ​សេចក្ដី​សង្ឃឹម អំណរ ភាព​សុខសាន្ត និង​ជោគ​ជ័យ​តាម​របៀប​ដែល​យើង​ពុំ​ដឹង​អាច​កើត​ឡើង​បាន » ។

  • ស្វាមី​ភរិយា​មួយ​គូ​បាន​សង្កេត​ឃើញ​ថា « យើង​កំពុង​អាន​ព្រះគម្ពីរ​ខុស​ប្លែក​ទាំង​ស្រុង​ពី​របៀប​ដែល​យើង​ធ្លាប់​ធ្វើ​ពីមុន ។ យើង​កំពុង​រៀន​ច្រើន​លើស​ពី​អ្វី​ដែល​យើង​ធ្លាប់​បាន​រៀន​ពីមុន ។ ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យយើង​ឃើញ​អ្វីៗ​ខុស​ប្លែក​ពីមុន ។ ព្រះអម្ចាស់​កំពុង​រៀបចំ​យើង » ។

  • មាន​ម្ដាយ​ម្នាក់​បាន​ពោល​ថា « ខ្ញុំ​ចូល​ចិត្ត​ពេល​ដែល​យើង​កំពុង​រៀន​រឿង​ដូច​គ្នា​ជាមួយ​គ្នា ។ ពីមុន យើង​អាន​វា ។ ឥឡូវ​នេះ យើង​កំពុង​រៀន​ពី​វា » ។

  • មាន​ប្អូន​ស្រី​ម្នាក់​បាន​ចែកចាយ​ទស្សនៈ​ដ៏​មាន​ន័យ​នេះ​ថា « ពីមុន អ្នក​មាន​មេរៀន និង​បទគម្ពីរ​ជា​ជំនួយ ។ ឥឡូវ អ្នក​មាន​បទគម្ពីរ និង​មេរៀន​ជា​ជំនួយ​វិញ » ។

  • មាន​ប្អូន​ស្រី​ម្នាក់​ទៀត​បាន​ថ្លែង​ថា ៖ « ខ្ញុំ​មាន​អារម្មណ៍​ខុស​ប្លែក ពេល​ខ្ញុំ​ធ្វើ​វា [ ដោយ​ប្រៀប​ធៀប​ទៅ​នឹង ​] ពេល​ដែល​ខ្ញុំ​ពុំ​បាន​ធ្វើ ។ ខ្ញុំ​ឃើញ​ថា វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ទៅ​កាន់​អ្នក​ដទៃ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ជំនឿ​របស់​យើង » ។

  • ជីដូន​ម្នាក់​បាន​និយាយថា ៖ « ខ្ញុំ​ហៅ​កូនៗ និង​ចៅ​របស់ខ្ញុំ​នៅថ្ងៃ​អាទិត្យ ហើយ​យើង​ចែក​រំលែក​ខាង​វិញ្ញាណ​ចេញ​ពី​ចូរ​មកតាម​ខ្ញុំ ជាមួយគ្នា » ។

  • បងស្រី​ម្នាក់​បាន​សង្កេត​ឃើញថា ៖ « ចូរមកតាមខ្ញុំ មានអារម្មណ៍ថា ដូចជា​ព្រះអង្គសង្រ្គោះ​កំពុង​ធ្វើការងារ​បម្រើ​មកខ្ញុំ​ដោយផ្ទាល់​ ។ វា​គឺជា​ការបំផុស​មកពី​ស្ថានសួគ៌ » ។

  • ឪពុក​ម្នាក់​ផ្ដល់​មតិថា ៖ « នៅពេល​យើងប្រើ ចូរមក​តាម​ខ្ញុំ យើង​គឺដូចជា​កូនចៅ​នៃ​អ៊ីស្រាអែល​ដូច្នោះដែរ ដោយ​​គូស​នៅលើ​ទ្វារ​របស់យើង ដើម្បី​ការពារ​ក្រុមគ្រួសារ​យើង​ពី​ឥទ្ធិពល​របស់​មេកំណាច » ។

បងប្អូន​ប្រុសស្រី ខ្ញុំ​មានអំណរ​​​ដែល​បាន​មកជួប និង​ស្តាប់​ថាតើ​ការខិតខំ​របស់បងប្អូន​ជាមួយ​កម្មវិធី​ចូរ​មកតាម​ខ្ញុំ​បាន​ប្រទានពរ​ដល់ជីវិត​របស់បងប្អូន​​យ៉ាង​ណា ។ សូម​អរគុណ​ចំពោះ​​ពលិកម្ម​របស់បងប្អូន ។

ការសិក្សា​ព្រះគម្ពីរ​ដោយ​មាន​ចូរមក​តាម​ខ្ញុំ​ជា​មគ្គុទេសន៍​ កំពុងពង្រឹង​ការផ្លាស់ប្រែចិត្ត​ជឿ​របស់​យើង​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។ យើង​មិនមែន​ចំណាយពេល​មួយ​ម៉ោង​នៅឯ​ព្រះវិហារ​នៅថ្ងៃអាទិត្យ​តិច​ជាងមុន ដើម្បី​បន្ថែម​មួយ​ម៉ោង​ទៀត​សិក្សា​ព្រះគម្ពីរ​នៅ​ឯ​ផ្ទះ​នោះទេ ។ ការសិក្សា​ដំណឹងល្អ​គឺជា​ការខិតខំ​ជាប្រចាំ​នៅពេញ​មួយ​សប្តាហ៍ ។ ដូច​បង​ស្រី​ម្នាក់​បានចែកចាយ​ជាមួយខ្ញុំថា ៖ « គោលបំណង​នោះ​គឺ​មិនមែន​ជាការ​កាត់បន្ថយ​ម៉ោង​នៅ​ព្រះវិហារឲ្យ​​ខ្លីជាងមុន​មួយម៉ោង​នោះទេ ផ្ទុយទៅវិញ គឺ​កំពុង​ធ្វើ​ឲ្យ​ព្រះវិហារ​មាន​រយៈ​ប្រាំមួយថ្ងៃ​ច្រើនជាងមុន​ទេតើ ! »

ឥឡូវនេះ សូម​គិតពិចារណា​ម្តងទៀត​ពី​ការព្រមាន​របស់​ព្យាការី​យើង ប្រធាន ណិលសុន បាន​ផ្តល់​ឲ្យ​កាលលោក​បើក​សន្និសីទ​ទូទៅ​កាលពី​ខែ​តុលា ឆ្នាំ ២០១៨ ថា ៖

« មារសត្រូវ​កំពុង​បង្កើន​ការ​វាយ​ប្រហារ​របស់​វា​ទៅ​លើ​សេចក្ដីជំនឿ មក​លើ​យើង និង​ក្រុមគ្រួសារ​ក្នុង​អត្រា​ដ៏​លឿន​មួយ ។ ដើម្បី​រស់រាន​ខាង​វិញ្ញាណ យើង​ត្រូវ​ការ​យុទ្ធសាស្ត្រ​វាយ​បក និង​ផែនការ​ទុក​ជា​មុន » ( រ័សុល អិម ណិលសុន« សុន្ទរកថា​បើក » ទំព័រ ៧ ) ។

បន្ទាប់មក ( ប្រហែល​ជា ២៩ ម៉ោង​ក្រោយមក ) នារសៀល​ថ្ងៃអាទិត្យ លោក​បាន​បិទ​សន្និសីទ​​ជាមួយ​នឹង​ការសន្យាថា ៖ « នៅពេល​បងប្អូន​ធ្វើ​ការ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​រៀបចំ​គេហដ្ឋាន​របស់​បងប្អូន​ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​នៃ​ការ​រៀនសូត្រ​ដំណឹងល្អ…​ឥទ្ធិពល​របស់​មារ​សត្រូវ​នៅក្នុង​ជីវិត​របស់​បងប្អូន និង​គេហដ្ឋាន​របស់​បងប្អូន​នឹង​ត្រូវ​សាបរលាប » ( រ័សុល អិម ណិលសុន « Becoming Exemplary Latter-day Saints » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣ ) ។

តើ​វាយប្រហារ​របស់​មារសត្រូវ​កើនឡើង​យ៉ាងដូចម្តេច ខណៈពេល​ដូចគ្នា​ឥទ្ធិពល​របស់​មារសត្រូវ​តាមពិត​កំពុង​ចុះ​សាបរលាប​នោះ ? វាអាចកើតឡើងបាន ហើយ​វាកំពុង​កើតឡើង​នៅក្នុងសាសនា​ចក្រ ពីព្រោះ​ព្រះអម្ចាស់​រៀបចំ​ប្រជាជន​របស់ទ្រង់​ប្រឆាំង​នឹង​ការវាយ​ប្រហារ​របស់​ពួកមារសត្រូវ ។ចូរមកតាមខ្ញុំ​គឺជា​យុទ្ធសាស្ត្រ​វាយ​បក និង​ផែនការ​ទុក​ជា​មុន​របស់​ព្រះអម្ចាស់ ។ ដូចជា​ប្រធាន ណិលសុន បានបង្រៀនថា « កម្មវិធី​សិក្សា​បញ្ចូល​គ្នា​ថ្មី​ដែល​ផ្ដោត​ទៅលើ​គេហដ្ឋាន មាន​ការគាំទ្រ​ពី​សាសនាចក្រ មាន​សក្ដានុពល​ដើម្បី​បើកសម្ដែង​ឡើង​នូវ​អំណាច​នៃ​គ្រួសារ » ។ ទោះជាយ៉ាងណាក្តី វាតម្រូវ​ឲ្យ​យើងខិតខំ​ខ្លាំង យើងត្រូវ « [ ធ្វើតាម ]​ កម្មវិធី​នោះ​ប្រកប​ដោយ​មនសិការ និង​ដោយ​យកចិត្ត​ទុកដាក់ ដើម្បី​ផ្លាស់ប្រែ​គេហដ្ឋាន​របស់​ [ យើង ] ​ទៅ​ជា​ទី​បរិសុទ្ធ​នៃ​សេចក្ដី​ជំនឿ » ( រ័សុល អិម ណិលសុន « Becoming Exemplary Latter-day Saints » ទំព័រ ១១៣ ) ។

ក្រោយមក​ប្រធាន ណិលសុន ក៏​បាន​មាន​ប្រសាសន៍ថា « ពួក​យើង​ម្នាក់ៗ​មាន​ការទទួល​ខុសត្រូវលើ​ការ​រីកចម្រើន​ខាង​វិញ្ញាណ​រៀងៗ​ខ្លួន » ( រ័សុល អិម ណិលសុន​« ការថ្លែង​សុន្ទរកថា​បើក​កម្មវិធី » ទំព័រ ៨ ) ។

ដោយ​មាន​ចូរមក​តាមខ្ញុំ ទុក​ជាធនធាន ព្រះអម្ចាស់​កំពុង​រៀបចំយើង « សម្រាប់​គ្រាលំបាក​ដែល​យើង​ប្រឈមមុខ » ( ឃ្វីនថិន អិល ឃុក « ការប្រែចិត្ត​ជឿ​ដ៏​រឹងប៉ឹង និង​យូរ​អង្វែង » ទំព័រ ១០ ) ។ ទ្រង់​កំពុង​ជួយយើង​ស្ថាបនា​លើ « គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ ជា​គ្រឹះ​មួយ​បើ​សិន​ណា​មនុស្ស​សង់​នៅ​លើ​នោះ នោះ​ពួក​គេ​មិន​អាច​រលំ​បាន​ឡើយ » ( ហេលេមិន ៥:១២ ) — គ្រឹះ​នៃ​ទីបន្ទាល់​ដែល​បោះ​យ៉ាងរឹងមាំ​នៅលើ​ថ្ម​នៃ​ការប្រែចិត្ត​ជឿ​លើ​​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ។

សូមឲ្យ​ការខិតខំ​របស់​យើង​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ចិញ្ចឹមបីបាច់​យើង ហើយ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា យើង​មាន​ភាពស័ក្តិសម​ដើម្បី​ទទួលពរជ័យ​ដែល​បាន​សន្យាទុក​ទាំងនេះ ។ ខ្ញុំ​សូមបួងសួង​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕