ឆ្នាំ ២០១០-២០១៩
សារលិខិត អត្ថន័យ និង​ហ្វូង​មនុស្ស
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


សារលិខិត អត្ថន័យ និង​ហ្វូង​មនុស្ស

តាមរយៈ​សំឡេង​ឮ​ខ្លាំង និង​ការរំខាន​ដ៏​ឥត​ឈប់ឈរ​នៅ​ជំនាន់​យើង សូម​ឲ្យ​យើង​ខិតខំ​មើល​ទៅ​ព្រះគ្រីស្ទ​ជា​ស្នូល​នៃ​ជីវិត សេចក្ដី​ជំនឿ និង​ការបម្រើ​របស់​យើង ។

បងប្អូន​ប្រុសស្រី នេះ​គឺ សេមមី ហូ ជីង អាយុ​ប្រាំពីរ​ខែ កំពុង​មើល​សន្និសីទ​ទូទៅ​ក្នុង​ផ្ទះ​គាត់​កាល​ពី​ខែ​មេសា ។

រូបភាព
សេមមី ហូ ជីង កំពុង​មើល​សន្និសីទ

កាល​ដល់​ពេល​គាំទ្រ​ប្រធាន រ័សុល អិម ណិលសុន និង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ផ្សេង​ទៀត ដៃ​របស់​សេមី​រវល់​កាន់​ដប​ទឹកដោះ​គោ​ជាប់ ។ ដូច្នេះ គាត់​ធ្វើ​រឿង​ដែល​ល្អ​បំផុត​មួយ ។

រូបភាព
សេមមី ហូ ជីង នៅ​អំឡុង​ការ​គាំទ្រ

សេមមី​ផ្ដល់​អត្ថន័យ​ថ្មី​ទាំងស្រុង​នៃ​ការគាំទ្រ​ដោយ​លើក​ជើង​របស់ខ្លួន ។

សូម​ស្វាគមន៍​មក​កាន់​សន្និសីទ​ពាក់​កណ្ដាល​ឆ្នាំ​នេះ របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ដើម្បី​យល់​ពី​ការពិភាក្សា​របស់​ខ្ញុំ​អំពី​អត្ថន័យ​នៃ​ការប្រជុំគ្នា​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​នេះ ខ្ញុំ​សូម​បង្កើត​ទិដ្ឋភាព​នេះ ពី​ដំណើរ​រឿង​គម្ពីរ​លូកា​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី ៖

« កាល [ ព្រះយេស៊ូវ ] ជិត​ដល់​ក្រុង​យេរីខូរ​ហើយ នោះ​មាន​មនុស្ស​ខ្វាក់​ម្នាក់​អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ

ឮ​សូរ​សន្ធឹក​មនុស្ស​ទាំង​ហ្វូង ដែល​ដើរ​តាម​នោះ ក៏​សួរ​គេ​ថា តើ​មាន​ការ​អ្វី ។

… គេ​ប្រាប់​គាត់​ថា គឺ​ព្រះយេស៊ូវ ពី​ស្រុក​ណាសារ៉ែត ទ្រង់​យាង​មក ។

រួច​គាត់​ស្រែក​ឡើង​ថា ឱ​ព្រះយេស៊ូវ ជា​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង » ។

ដោយ​ភ្ញាក់ផ្អើល​នឹង​ភាពក្លាហាន​របស់​គាត់ ហ្វូង​មនុស្ស​ខំ​ប្រាប់​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្ដែ​វាចែង​ថា « គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង » ។ ជាលទ្ធផល​នៃ​ការតស៊ូ​របស់​គាត់ គេ​បាន​នាំ​គាត់​ទៅ​ព្រះយេស៊ូវ ដែល​បាន​ឮ​ការអង្វរ​ពេញ​ដោយ​ក្ដី​ជំនឿ​របស់​គាត់ សូម​ឲ្យ​ជួយ​ព្យាបាល​ភ្នែក​គាត់​ឲ្យ​ភ្លឺ ។

ខ្ញុំ​ទទួល​ការបំផុស​គំនិត​យ៉ាង​ជាក់ច្បាស់ រាល់​ពេល​ខ្ញុំ​អាន​បទពិសោធន៍​ដ៏​ខ្លី​ជាក់ច្បាស់​នេះ ។ យើង​អាច​ដឹង​ពី​ទុក្ខព្រួយ​របស់​បុរស​នេះ ។ យើង​ស្ទើរតែ​អាច​ឮ​គាត់​ស្រែករក​ព្រះអង្គ​សង្គ្រោះ ។ យើង​ញញឹម ពេល​គាត់​មិន​ព្រម​នៅ​ស្ងៀម​—ជា​ការប្ដេជ្ញា​ចិត្ត​របស់​គាត់​ដើម្បី​ស្រែក​កាន់តែ​ខ្លាំង​ឡើងពេល​គ្រប់គ្នា​ប្រាប់​គាត់​ឲ្យ​នៅ​ស្ងៀម ។ វា​គឺជា​ដំណើររឿង​ដ៏​ល្អ​អំពី​សេចក្ដី​ជំនឿ​ដ៏​មុតមាំ​ខ្លាំង​មួយ ។ ប៉ុន្ដែ​ដូច​មាន​ក្នុង​គម្ពីរ​ទាំងអស់​ដែរ កាល​ណា​យើង​អាន​កាន់តែ​ច្រើន យើង​យល់​ពី​វា​កាន់តែ​ច្បាស់ ។

ខ្ញុំ​គិតពី​គំនិត​មួយ​យ៉ាង​ខ្លាំង​ថ្មីៗ​នេះ គឺ​ញាណ​ដឹង​ដ៏​ល្អ​របស់​បុរស​នេះ ដែល​មាន​មនុស្ស​ជុំវិញ​ខ្លួន​គាត់​ងាយ​ដឹង​រឿង​ខាង​វិញ្ញាណ ។ សារសំខាន់​នៃ​ដំណើររឿង​នេះ​ទាំងស្រុង​អាស្រ័យ​លើ​បុរស និង​ស្ដ្រី​អនាមិក​មួយ​ចំនួន ដែល​មើល​ឃើញ អាច​ស្គាល់​ព្រះគ្រីស្ទ ថា​ជា​មូលហេតុ​នៃ​សំឡេង​ស្រែក​នេះ កាល​មនុស្ស​ក្បែរ​គ្នា​គាត់​សួរ​ថា « តើ​មាន​ការ​អ្វី ? » ព្រោះ​ទ្រង់​គឺ​ជា « អង្គ​នៃ​ការណ៍​នោះ » ។ យើង​ម្នាក់ៗ​អាច​រៀន​មេរៀន​មួយ​នៅក្នុង​ការសន្ទនា​ដ៏​ខ្លី​នេះ ។ ទាក់ទង​នឹង​សេចក្ដី​ជំនឿ និង​ការប្រែចិត្ត​ជឿ វា​ជួយ​តម្រង់​សំណួរ​របស់​បងប្អូន​ទៅ​សួរ​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ និង​ការប្រែចិត្ត​ខ្លះ​រួច​ហើយ ! ព្រះយេស៊ូវ​ធ្លាប់​សួរ​ថា « តើ​មនុស្ស​ខ្វាក់​អាច​នឹង​ដឹក​មនុស្ស​ខ្វាក់​បាន​ឬ​ទេ ? [ បើ​បាន ] តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង​២​នាក់​ទេ​ឬ​អី ? »

គោលបំណង​នៃ​ការចូលរួម​ក្នុង​សន្និសីទ​ទាំងនេះ​គឺ​ដើម្បី​បង្កើន​សេចក្ដី​ជំនឿ និង​ការប្រែចិត្ត​ជឿ​របស់​មនុស្ស​គ្រប់គ្នា និង​តាមរយៈ​ការចូលរួម​ជាមួយ​យើង​ថ្ងៃនេះ បងប្អូន​នឹង​ដឹង​ថា ការស្វែងរក​នេះ​ជា​កិច្ច​ខំប្រឹង​ទូលំ​ទូលាយ​មួយ​រួមគ្នា ។ សូម​មើល​ជុំវិញ​ខ្លួន​បងប្អូន ។ នៅ​ទីនេះ បងប្អូន​ឃើញ​ក្រុមគ្រួសារ​គ្រប់​បែប​មកពី​គ្រប់​ទិសទី ។ មិត្ត​ចាស់​ជួប​គ្នា ឱប​គ្នា​ដោយ​រីករាយ ក្រុម​ចម្រៀង​ដ៏​អស្ចារ្យ​ត្រៀម​ខ្លួន​ច្រៀង ហើយ​អ្នកប្រឆាំង​ស្រែក​នៅ​ខាងក្រៅ ។ អ្នកផ្សព្វផ្សាយ​សាសនា​ពី​មុន​រកមើល​ដៃគូ​ផ្សព្វផ្សាយ​ចាស់ ខណៈ​អ្នក​ត្រឡប់​មកពី​ផ្សព្វផ្សាយ​សាសនា​ថ្មីៗ​រកមើល​ដៃគូ​ថ្មី​ស្រឡាង ( បងប្អូន​ដឹង​ថា​ខ្ញុំ​ចង់​និយាយ​ពី​អ្វី​ហើយ ! ) ។ ចុះ​បាន​ថតរូប​ទេ ? ឱ ច្រើន​ណាស់​លោក​អើយ ! ដោយ​មាន​ទូរសព្ទ​គ្រប់ដៃ យើង​បាន​ផ្លាស់ប្ដូរ​ពី « សមាជិក​គ្រប់គ្នា​ជា​អ្នកផ្សព្វផ្សាយ​សាសនា » ទៅជា « សមាជិក​គ្រប់គ្នា​ជា​អ្នកថតរូប » ។ ក្នុង​ការភ្ញាក់ផ្អើល​ដ៏​រីករាយ​ទាំងអស់​នេះ គេ​អាច​សួរ​ដោះសារ​បាន​ថា « តើ​មាន​ការ​អ្វី ? »

ដូច​ក្នុង​រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី​យើង​ដែរ អ្នក​ដែល​មាន​ពរ​ឲ្យ​យល់ច្បាស់​នឹង​ដឹង​ថា ថ្វីបើ​​ប្រពៃណី​នៃ​សន្និសីទ​នេះមាន​អ្វី​ផ្សេង​ទៀត​ផ្ដល់​ឲ្យ​យើង​​​ក្តី ​ក៏​វានឹង​មាន​ន័យ​តិចតួច ឬ​គ្មាន​សោះឡើយ បើ​យើង​មិន​ផ្ដោតលើ​ព្រះយេស៊ូវ​ទេ​នោះ ។ ដើម្បី​យល់​ពី​អ្វី​ដែល​យើង​កំពុង​រក ទទួល​បាន​ការព្យាបាល​ដែល​ទ្រង់​សន្យា យល់​ពី​សារសំខាន់​ដែល​យើង​ដឹង​ថា​មាន​នៅ​ទីនេះ នោះ​យើង​ត្រូវ​កាត់បន្ថយ​ការរំជើប​រំជួល​យើង—ទោះបី​វា​រីករាយ​ក្ដី—ហើយ​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​យើង​លើ​ទ្រង់ ។ ការអធិស្ឋាន​របស់​អ្នកឡើង​និយាយ​គ្រប់រូប ក្ដី​សង្ឃឹម​របស់​អ្នកច្រៀង​ទាំងអស់ គាវរភាព​របស់​ភ្ញៀវ​គ្រប់គ្នា—អ្វី​ទាំងអស់​ធ្វើ​ឡើង​ដើម្បី​យាង​វិញ្ញាណ​របស់​ទ្រង់ ដែល​ជា​ប្រធាន​នៃ​សាសនាចក្រ​នេះ—គឺ​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ កូនចៀម​នៃ​ព្រះ ម្ចាស់​នៃ​មេត្រីភាព ។

ប៉ុន្តែ​យើង​មិន​ចាំបាច់​នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ​ដើម្បី​រកឃើញ​ទ្រង់​ទេ ។ ពេល​កុមារ​ម្នាក់​អាន​ព្រះគម្ពីរ​មរមន​ជា​លើក​ដំបូង ហើយ​ពេញចិត្ត​នឹង​ភាពក្លាហាន​របស់​អ័ប៊ីណាដៃ ឬ​ចម្បាំង​របស់​កងពល​កំលោះ​ពីរពាន់​នាក់ នោះ​យើង​អាច​បន្ថែម​ដោយ​ទន់ភ្លន់​ថា ព្រះយេស៊ូវ​ជា​អង្គ​ដ៏​សំខាន់ មាន​គ្រប់​កន្លែង​ក្នុង​កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ ព្រោះ​ទ្រង់​ជា​ឥទ្ធិពល និង​ការបំផុស​គំនិត​លើ​គ្រប់​ទំព័រ​នៃ​គម្ពីរ​ទាំងនេះ ហើយ​ផ្ដល់​តំណ​ភ្ជាប់​តួអង្គ​ដែល​មាន​ក្ដីជំនឿ​ផ្សេងទៀត​ទាំងអស់​ក្នុង​គម្ពីរ​នោះ ។

ដូចគ្នា​ដែរ កាល​មិត្ត​ម្នាក់​រៀន​អំពី​សេចក្ដី​ជំនឿ​យើង គាត់​អាច​សន្ធប់​នឹង​ចំណុច​ពិសេស​ខ្លះ និង​ពាក្យ​ចម្លែក​ក្នុង​ការអនុវត្ត​សាសនា​របស់​យើង​បន្ដិច​—​ការដាក់​កំហិត​របប​អាហារ គ្រឿងផ្គត់​ផ្គង់​ភាពខ្លួន​ទីពឹង​ខ្លួន ការធ្វើ​ដំណើរ​របស់​អ្នកត្រួសត្រាយ​ផ្លូវ ​មែកធាង​គ្រួសារ​ឌីជីថល ជាមួយ​នឹង​មណ្ឌល​ស្ដេក​ដ៏​ច្រើន ដែល​មនុស្ស​ចំនួន​យល់​ច្រឡំ​ថា​ជា​កន្លែង​អាំងសាច់​គោ​ស្ដេក​ទៅវិញ ។ ដូច្នេះ កាល​មិត្ត​ថ្មី​យើង​មើលឃើញ និង​ស្ដាប់​ឮ​អ្វី​ជាច្រើន​ដែល​ថ្មី​ចំពោះ​គេ យើង​ត្រូវ​ជួយ​គេ​ឲ្យ​បង្វែរ​ចិត្ត​ចេញពី​ភាពប្រញាប់​ប្រញាល់ និង​ភាពច្របូក​ច្របល់ ដោយ​ផ្តោត​អារម្មណ៍​ទៅលើ​អត្ថន័យ និង​ភាពរស់​រវើក​នៃ​ដំណឹងល្អ​ដ៏​អស់កល្ប—​ជា​ក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​មាតា​សួគ៌ា អំណោយ​ដ៏​ធួន​របស់​ព្រះរាជបុត្រា​សួគ៌ ការដឹកនាំ​ដ៏​លួងលោម​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ការស្ដារ​សេចក្ដីពិត​ទាំងអស់​នេះ និង​ច្រើន​ទៀត​ឡើង​វិញ​នៅ​ថ្ងៃចុងក្រោយ ។

ពេល​មនុស្ស​ម្នាក់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង គាត់​អាច​ភាំង​នឹង​បទពិសោធន៍​នោះ ។ កិច្ចការ​របស់​យើង​គឺ​ដើម្បី​ធានា​ថា និមិត្ត​សញ្ញា​ដ៏​ពិសិដ្ឋ និង​ពិធី​ដែល​បើក​សម្ដែង សំលៀក​បំពាក់​ពិធី និង​បទបង្ហាញ​នានា មិន​រំខាន​គេ ប៉ុន្ដែ​វា​ផ្ដោត​ទៅលើ​ព្រះអង្គ​សង្គ្រោះ ដែល​យើង​ទៅ​ថ្វាយ​បង្គំ​នោះ ។ ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ទ្រង់ ហើយ​ទ្រង់​គួរជា​អង្គ​ដ៏​សំខាន់​បំផុត​ក្នុង​ចិត្ត​គំនិត​យើង—គោលលទ្ធិ​ដ៏​រុងរឿង​របស់​ព្រះគ្រីស្ទ​បំពេញ​ខ្លួន​យើង ដូចជា​វា​បំពេញ​ក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែរ—ពី​ពេល​ដែល​យើង​អាន​អក្សរ​នៅ​ខាង​មុខ​ទ្វារ ទៅ​ដល់​គ្រា​ចុងក្រោយ​បំផុត​ដែល​យើង​ចំណាយ​ក្នុង​អគារ​នោះ ។ ក្នុង​ចំណោម​ការណ៍​អស្ចារ្យ​ទាំងអស់ ដែល​យើង​ជួប អ្វី​ដែល​សំខាន់​បំផុត​គឺ យើង​ត្រូវ​មើលឃើញ​ពី​អត្ថន័យ​នៃ​ព្រះយេស៊ូវ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សូម​គិត​ពី​គំនិត​ផ្ដួចផ្ដើម​ដ៏​មុតមាំ​ជាច្រើន និង​ការប្រកាស​ថ្មីៗ​ក្នុង​សាសនាចក្រ​ប៉ុន្មាន​ខែ​មុន​នេះ ។ កាល​យើង​បម្រើ​គ្នា​ទៅវិញ​ទៅមក ឬ​ដុសខាត់​បទពិសោធន៍​ថ្ងៃ​ឈប់​សម្រាក​របស់​យើង ឬ​ធ្វើតាម​កម្មវិធី​ថ្មី​សម្រាប់​កុមារ និង​យុវវ័យ យើង​អាច​ភ្លេច​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការកែ​សម្រួល​ប្រកប​ដោយ​វិវរណៈ​ទាំងនេះ បើ​យើង​គិត​ថា វា​ជា​ធាតុ​ដាច់​ដោយ​ឡែក​មិន​ទាក់ទង​គ្នា ជាជាង​គិត​ថា ជា​កិច្ចខិតខំ​ទាក់ទង​គ្នា​មួយ ដែល​ជួយ​យើង​ឲ្យ​សង់​លើ​ថ្មដា​ដ៏​រឹងមាំ​នៃ​សេចក្តី​សង្គ្រោះ​របស់​យើង​នោះ ។ ពិតប្រាកដ​ហើយ នេះ​ជា​អ្វី​ដែល​ប្រធាន រ័សុល អិម ណិលសុន ប៉ុនប៉ង​ឲ្យ​យើង​ប្រើ​ឈ្មោះ​សាសនាចក្រ​ដែល​បាន​បើក​សម្ដែង ។ បើ​ព្រះយេស៊ូវ—ព្រះនាម​របស់​ទ្រង់ គោលលទ្ធិ​ទ្រង់ គំរូ​ទ្រង់ ទេវភាព​ទ្រង់—អាច​ជា​អង្គ​ដ៏​សំខាន់​នៃ​ការថ្វាយ​បង្គំ​របស់​យើង នោះ​យើង​នឹង​ពង្រឹង​សេចក្ដីពិតដ៏​អស្ចារ្យ ដែល​អាលម៉ា​ធ្លាប់​បាន​បង្រៀន ៖ « នឹង​មាន​ការណ៍​ជាច្រើន​កើតឡើង​ក្នុង​ពេល​អនាគត [ ប៉ុន្ដែ ] មើលចុះ មាន​រឿង​មួយ​ដែល​សំខាន់​ជាង​រឿង​ទាំងអស់​— … ព្រះ​ដ៏​ប្រោស​លោះ [ ដែល ] មាន​ព្រះជន្ម​រស់នៅ ហើយ​នឹង​យាង​មក​ក្នុង​ចំណោម​រាស្ត្រ​ទ្រង់។ » ។

មាន​គំនិតសន្និដ្ឋានមួយថា ​បរិយាកាស​ដ៏​ស្រួចស្រាល​នា​សតវត្សរ៍​ទី ១៩ របស់​យ៉ូសែប ស្ម៊ីធ គឺ​ពេញ​ដោយ​មនុស្ស​ខ្នះខ្នែង​ខ្លាំង ប្រជែង​គ្នា​ធ្វើជា​សាក្សី​គ្រីស្ទាន ។ ប៉ុន្ដែ​ក្នុង​ការជ្រួល​ច្របល់​ដែល​ពួកគេ​បង្កើត គូប្រជែង​ដ៏​រំភើប​ទាំងនេះ​តាមពិត​ទៅ​ធ្វើឲ្យ​យ៉ូសែប​ដ៏​ក្មេង​វ័យ ពិបាក​ស្វែង​យល់​ពី​ព្រះអង្គ​សង្គ្រោះ​ទៅវិញ​ទេ ។ ដោយ​ប្រយុទ្ធ​នឹង​អ្វី​ដែល​លោក​ហៅ​ថា « សេចក្ដី​ងងឹត​ងងល់ »លោក​បាន​ដក​ថយ​ទៅ​ឯកជនភាព​ក្នុង​ព្រៃ​ជ្រៅ ជា​ទី​ដែល​លោក​បាន​ឃើញ និង​ឮ​សាក្សី​ដ៏​រុងរឿង​អំពី​សារសំខាន់​នៃ​ព្រះអង្គ​សង្គ្រោះ​ក្នុង​ដំណឹងល្អ ជាង​អ្វីៗ​ដែល​យើង​បាន​លើក​ឡើង​នៅ​ទីនេះ ។ ដោយ​មាន​អំណោយទាន​នៃ​ការយល់ដឹង​ដែល​នឹកស្មាន​មិន​ដល់ យ៉ូសែប​បាន​ឃើញ​ព្រះវរបិតាសួគ៌​របស់​គាត់ ជា​ព្រះ​ដ៏​មហិមា​នៃ​សកលលោក និង​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​បង្កើត​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​ក្នុង​ការនិមិត្ត ។ រួច​ហើយ​ព្រះវរបិតា​ធ្វើជា​គំរូ ដែល​យើង​បាន​ពិភាក្សា​នា​ព្រឹក​នេះ ៖ ទ្រង់​ចង្អុល​ទៅ​ព្រះយេស៊ូវ ហើយ​មាន​បន្ទូល​ថា « នេះ​ជា​ព្រះរាជបុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! » គ្មាន​សម្ដី​អស្ចារ្យ​ណា​អំពី​អត្តសញ្ញាណ​ជា​ព្រះ​របស់​ព្រះយេស៊ូវ សារសំខាន់​ដ៏​ខ្លាំង​បំផុត​របស់​ទ្រង់​ក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ព្រះទ័យ​របស់​ព្រះ​ចំពោះ​លោក អាច​យកឈ្នះ​លើ​ការប្រកាស​ប៉ុន្មាន​ម៉ាត់​ដ៏​ខ្លី​នេះ​ឡើយ ។

តើ​មាន​ការភ្ញាក់ផ្អើល និង​ការភាន់​ច្រឡំ​ទេ ? ហ្វូង​មនុស្ស និង​ការទាស់ទែង ? អ្វី​ទាំងអស់​នេះ​មាន​ច្រើន​ណាស់​ក្នុង​ពិភពលោក​យើង ។ តាមពិត​ទៅ អ្នកសង្ស័យ និង​អ្នកជឿ​នៅតែ​ទាស់គ្នា​អំពី​ការនិមិត្ត​នេះ និង​អ្វី​ទាំងអស់​ទៀត​ដែល​ខ្ញុំ​បាន​លើកឡើង​នៅ​ថ្ងៃនេះ ។ ក្នុង​ករណី​បងប្អូនកំពុង​ព្យាយាម​មើល​ឲ្យ​កាន់តែ​ច្បាស់ ហើយ​រកមើល​អត្ថន័យ​ក្នុង​ចំណោម​គំនិត​ដ៏​ច្រើន ខ្ញុំ​សូម​ឲ្យ​បងប្អូន​រក​ចម្លើយ​ពី​ព្រះយេស៊ូវ​ដដែល​នោះ ហើយ​ថ្លែង​ទីបន្ទាល់​ជា​សាក្សី​នៃ​បទពិសោនធ៍​របស់​យ៉ូសែប ស្ម៊ីធ ដែល​កើត​មាន​កាលពី​ជាង ១,៨០០ ឆ្នាំ​ក្រោយពី​បុរស​ខ្វាក់​នោះ​បាន​ភ្លឺ​ភ្នែក​នៅតាម​ផ្លូវ​ក្រុង​យេរីខូរ​ពី​បុរាណ​នោះ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​បុរស​ទាំងពីរ​រូប​នេះ និង​បុគ្គល​ជាច្រើន​ទៀត​ពី​មុន ដែល​ពិត​ជា​បាន​យល់ និង​ស្ដាប់​ឮ​ពី​រឿង​ដ៏​រំភើប​អំពី​ព្រះយេស៊ូវ​ក្នុង​ជីវិត​លោក ដែល​មិន​គ្រាន់តែ​យាង​មក​ទេ១០ប៉ុន្ដែ​ទ្រង់​យាង​មក​យើង ឈប់​មើលយើង ហើយ​តាំង​ទីលំនៅ​ទ្រង់​ជាមួយយើង ។១១

បងប្អូន​ប្រុស​ស្រី តាមរយៈ​សំឡេង​ឮ​ខ្លាំង និង​ការរំខាន​ដ៏​ឥត​ឈប់ឈរ​នៅ​ជំនាន់​យើង សូម​ឲ្យ​យើង​ខិតខំ​មើល​ទៅ​ព្រះគ្រីស្ទ​ជា​ស្នូល​នៃ​ជីវិត សេចក្ដី​ជំនឿ និង​ការបម្រើ​របស់​យើង ។ នោះ​ជា​ទី​ដែល​អត្ថន័យ​ពិត​ស្ថិត​នៅ ។ ហើយ​បើ​ថ្ងៃ​ណាមួយ ការនិមិត្ត​យើង​មាន​កម្រិត ឬ​ទំនុកចិត្ត​យើង​ចុះ​អន់ថយ ឬ​ជំនឿ​យើង​ត្រូវបាន​សាកល្បង និង​ដុសខាត់​—ហើយ​វា​នឹង​កើត​យ៉ាង​ប្រាដក​—សូម​ឲ្យ​យើង​ស្រែក​កាន់តែ​ខ្លាំង​ថា « ឱ​ព្រះយេស៊ូវ ជា​ព្រះវង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង » ។១២ ខ្ញុំ​សន្យា​ដោយ​ក្ដី​រំភើប​នៃ​សាវក និង​ការប្រែចិត្ត​ជឿ​នៃ​ព្យាការី​ថា ទ្រង់​នឹង​ឮ​បងប្អូន ហើយ​នឹង​មាន​បន្ទូល​មិន​យូរ​មិន​ឆាប់​ថា « ឲ្យ​ភ្លឺ​ចុះ សេចក្តី​ជំនឿ​អ្នក​បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ » ។១៣ សូម​ស្វាគមន៍​មក​កាន់​​សន្និសីទ​ទូទៅ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។