ឆ្នាំ ២០១០-២០១៩
សមត្ថភាព​ខាង​វិញ្ញាណ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


សមត្ថភាព​ខាង​វិញ្ញាណ

ក្នុង​នាម​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ បងប្អូន​អាច​ទទួល​ការបំផុស និង​វិវរណៈ​ផ្ទាល់​ខ្លួន​ស្រប​ទៅ​នឹង​បទបញ្ញត្តិ​របស់​ទ្រង់​ដែល​មាន​ជាពិសេស​សម្រាប់​បងប្អូន ។

ពេល​ខ្ញុំ​ចាកចេញ​ពី​ការបោះ​ជំរំ​យុវនារី​កាល​ពី​រដូវ​ក្ដៅ​នេះ យុវនារី​ដ៏​ផ្អែមល្ហែម​ម្នាក់​បាន​ហុច​លិខិត​មួយ​មក​ខ្ញុំ ។ នៅក្នុង​លិខិត​នោះ នាង​បាន​សួរ​ថា « តើ​ខ្ញុំ​អាចដឹង​បាន​ដោយ​របៀប​ណា ពេល​ដែល​ព្រះ​កំពុង​ព្យាយាម​ប្រាប់​ខ្ញុំ​អ្វី​មួយ​នោះ ? » ខ្ញុំ ចូលចិត្ត សំណួរ​របស់​នាង​ណាស់ ។ ព្រលឹង​យើង​ចង់​មាន​ទំនាក់ទំនង​មួយ​ជាមួយ​នឹង​គេហដា្ឋន​សួគ៌​របស់​យើង​យ៉ាង​ខ្លាំង ។ យើង​ចង់​មាន​អារម្មណ៍​ថា មាន​គេ​ត្រូវការ​យើង ហើយ​ថា​យើង​មាន​ប្រយោជន៍ ។ ប៉ុន្តែ​ពេល​ខ្លះ យើង​មាន​ការលំបាក​ក្នុង​ការបែងចែក​ឲ្យ​ដាច់​រវាង​គំនិត​យើង​ផ្ទាល់ និង​ការបំផុស​ដ៏​ស្រទន់​ពី​ព្រះវិញ្ញាណ ។ ពួកព្យាការី ទាំង​បុរាណ និង​សម័យ​ទំនើប បាន​បង្រៀន​ថា ប្រសិន​បើ​អ្វី​មួយ « អញ្ជើញ និង​ល្បួង​ឲ្យ​ធ្វើ​ល្អ នោះ​វា​មក​ពី​ព្រះគ្រីស្ទ » ។

ប្រធាន រ័សុល អិម ណិលសុន បាន​ធ្វើ​ការអញ្ជើញ​ដ៏​សាមញ្ញ​ដ៏​មាន​អានុភាព​មួយ ៖ « បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម ​អង្វរ​ បងប្អូន​ឲ្យ​បង្កើន ​សមត្ថភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​ដើម្បី​ទទួល​បាន​វិវរណៈ ។… សូម​ជ្រើស​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ​ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ ដើម្បី​រីករាយ​នឹង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ស្ដាប់​ឮ​ព្រះសូរ​សៀង​នៃ​ព្រះវិញ្ញាណ​ឲ្យ​បាន​ញឹកញាប់ ហើយ​កាន់​តែ​ច្បាស់ ។

បំណង​ប្រាថ្នា​របស់​ខ្ញុំ​ព្រឹកនេះ គឺ​និយាយ​ទៅ​​បងប្អូន ចេញ​ពី​ចិត្ត​ខ្ញុំ​អំពី​វិធី​បួន​យ៉ាង​ដើម្បី​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​ដើម្បី​ទទួល​បាន​វិវរណៈ ។

១. មាន​បំណង​ក្នុង​ការបង្កើត​ពេលវេលា និង​ទុកចន្លោះ ដើម្បី​ស្ដាប់​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ

ពេល​បងប្អូន​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​បងប្អូន​​ដាក់​កាលវិភាគ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ខិត​កាន់តែ​ជិត​ព្រះ​សូរសៀង​របស់​ព្រះ ជា​ពិសេស​នៅក្នុង​ព្រះគម្ពីរ​មរមន នោះ​យូរៗ​ទៅ ព្រះ​សូរសៀង​របស់​ទ្រង់​នឹង​ឮ​កាន់តែ​ច្បាស់ និង​កាន់តែ​ងាយ​ស្គាល់​ចំពោះ​បងប្អូន ។

ផ្ទុយ​ពី​នោះ ការរំខាន និង សម្លេង ដែល​មានពេញ​ពិភពលោក និង​គេហដ្ឋាន ព្រមទាំង​ជីវិត​របស់​យើង វាអាច​ធ្វើ​ឲ្យ​យើង​​កាន់តែ​ពិបាក​ក្នុង​ការស្ដាប់​ឮ​ព្រះសូរសៀង​របស់​ទ្រង់ ។ ការរំខាន​ទាំងនេះ អាច​ធ្វើ​ឲ្យ​គំនិត និង​ចិត្ត​យើង​រវល់​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យយើង​ពុំមាន​កន្លែងសម្រាប់​ការបំផុស​ដ៏​ស្រទន់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា ជា​ញឹកញាប់​បំផុត ព្រះ​បើក​បង្ហាញ​ព្រះអង្គ​ទ្រង់ « ដល់​បុគ្គល​ទាំងឡាយ​ដោយ​ផ្ទាល់​ក្នុង​ទីឯកជន​របស់​ពួកគេ ក្នុង​ទី ឬ​វាល​រហោស្ថាន ដែល​ជា​ទូទៅ​ពុំ​មាន​សម្លេង ឬ​ភាពអ៊ូអរ » ។

សាតាំង​ចង់​បំបែក​យើង​ពី​ព្រះសូរសៀង​របស់​ព្រះ ដោយ​រារាំង​យើង​មិន​ឲ្យ​ទៅ​កន្លែង​ស្ងប់ស្ងាត់​ទាំងនោះ ។ បើ​ព្រះ​មាន​បន្ទូល​ជា​សម្លេង​តូច​រហៀង នោះ​បងប្អូន និង​ខ្ញុំ​ត្រូវតែ​ខិត​ទៅ​ជិត​ដើម្បី​ស្ដាប់​ទ្រង់ ។ សូមស្រមៃ​មើល តើអ្វី​នឹង​កើតឡើង​បើ​យើង​មាន​បំណង​ក្នុង​ការបន្ត​ភ្ជាប់​នឹង​ស្ថានសួគ៌​ដូច​ដែល​យើង​មាន​បំណង​បន្ត​ភ្ជាប់​នឹង Wi-Fi នោះ ! សូម​ជ្រើស​ពេល​វេលា និង​កន្លែង​ដើម្បី​ស្ដាប់​ព្រះសូរសៀង​របស់​ព្រះ​ជា​រៀងរាល់​ថ្ងៃ ។ ហើយ​រក្សា​ការណាត់​ជួប​ដ៏​ពិសិដ្ឋ​នេះ​ដោយ​ភាពជាក់លាក់ ដ្បិត​អ្វីៗ​ច្រើន​ណាស់​ពឹងផ្អែក​លើ​វា !

២. ប្រព្រឹត្ត​ដោយ​មិន​បង្អង់

ពេល​បងប្អូន​ទទួល​ការបំផុស ហើយ​ប្រព្រឹត្ត​ដោយ​មាន​ចេតនា នោះ​ព្រះអម្ចាស់​អាច​ប្រើប្រាស់​បងប្អូន​ ។ ពេល​បងប្អូន​អនុវត្ត​កាន់តែ​ច្រើន នោះ​បងប្អូន​កាន់តែ​ស្គាល់​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ ។ បងប្អូន​នឹង​កាន់តែ​ស្គាល់​ការដឹកនាំ​របស់​ព្រះ ហើយ​ថា​ទ្រង់ « មាន​ព្រះរាជ​បំណង… ដើម្បី​បង្ហាញ​ព្រះតម្រិះ និង​ព្រះរាជ​បំណង​របស់​ទ្រង់ » ។ បើ​បងប្អូន​បង្អង់ នោះ​បងប្អូន​អាច​ភ្លេច​ការបំផុស​នោះ ឬ​បាត់បង់​ឱកាស​ដើម្បី​ជួយ​នរណា​ម្នាក់​ជំនួស​ព្រះ ។

៣. ធ្វើ​​ការងារ​របស់បងប្អូន​ពី​ព្រះ​អម្ចាស់

ការអធិស្ឋាន​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឆ្លើយ​តប គឺ​ជា​ការអង្វរ​ដើម្បី​ត្រូវបាន​ដឹកនាំ​ទៅកាន់​នរណា​ម្នាក់​ដែល​ត្រូវការ​ជំនួយ​របស់​យើង ។ ប្រធានហែនរី ប៊ី ​អាវរីង​ បាន​បង្រៀន​យើង​ឲ្យ​ស្វែងរក​វិវរណៈ​ដោយ​ការសួរ​ដល់​ព្រះ​ថា​យើង​អាច​ជួយ​នរណា​ជំនួស​ទ្រង់ ។ « បើ​បងប្អូន​សួរ​សំណួរ​ដូច​នោះ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក ហើយ​បងប្អូន​នឹង​ទទួល​ការបំផុស​អំពី​ការណ៍​ទាំងឡាយ​ដែល​បងប្អូន​អាច​ធ្វើ​សម្រាប់​មនុស្ស​ផ្សេង​ទៀត ។ ពេល​បងប្អូន​ទៅ ហើយ​ធ្វើ​ការណ៍​ទាំងនោះ បងប្អូន​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​ពេល​បងប្អូន​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ នោះ​បងប្អូន​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​មាន​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ » ។

បងប្អូន​អាច​អធិស្ឋាន ហើយ​សូម​ការងារ​ពី​ព្រះអម្ចាស់ ។ ពេល​បងប្អូន​ធ្វើ​ដូច្នោះ ទ្រង់​អាច​ប្រើប្រាស់​ជំនាញ​ធម្មតា​របស់​បងប្អូន ដើម្បី​សម្រេច​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។

រូបភាព
ជីតា​របស់​ស៊ីស្ទើរ ហ្ក្រេគ ឈ្មោះ ហ្វ្រិត ឡាន់គ្រិន

ជីតា​ខ្ញុំ ហ្វ្រិត ហាលម៉ា ឡាន់គ្រិន បាន​ធ្វើ​អន្តោប្រវេសន៍​ពី​ប្រទេស​ស៊ុយអែត ពេល​គាត់​មាន​អាយុ ១៩ ឆ្នាំ ។ គាត់​បាន​មកដល់​អាមេរិក​តែ​ម្នាក់​ឯង ជាមួយ​នឹង​វ៉ាលីមួយ និង​ការសិក្សា​ជាផ្លូវការរយៈពេលប្រាំមួយ​ឆ្នាំ​តែប៉ុណ្ណោះ ។ ដោយ​ពុំចេះ​អង់គ្លេស​សោះ នោះ​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​អ័រហ្គិន ហើយ​បាន​ធ្វើការ​នៅ​ទី​នោះ​ជា​អ្នក​កាប់ឈើ ក្រោយមកបាន​ចូលរួម​នឹង​សាសនាចក្រ​ជាមួយយាយ​ខ្ញុំ និង​ម្ដាយ​ខ្ញុំ ។ គាត់ពុំដែល​ធ្វើ​ជា​អធិបតី​ក្នុង​វួដ ប៉ុន្តែ​គាត់ជា​គ្រូបង្រៀន​តាមផ្ទះ​ដ៏​ស្មោះត្រង់​ម្នាក់ គាត់​បាន​នាំ ៥០ គ្រួសារ​ឲ្យ​មក​សកម្ម​ឡើងវិញ​ក្នុង​សាសនាចក្រ ។ តើ​គាត់​ធ្វើរបៀប​ណា ?

បន្ទាប់​ពី​លោកយាយ​បាន​ទទួល​មរណភាព​ទៅ ខ្ញុំ​បាន​រើ​ប្រអប់​ដាក់​ឯកសារ​មួយ​របស់​លោកតា ហើយ​បាន​ឃើញ​លិខិត​មួយ​សរសេរ​ដោយ​បុរស​ម្នាក់​ដែល​បាន​ត្រឡប់​មក​ព្រះវិហារ​វិញ​ដោយសារសេច​ក្ដី​ស្រឡាញ់​របស់​លោកតា ។ លិខិត​នោះ​សរសេរ​ថា « ខ្ញុំ​ជឿ​ថា ការសម្ងាត់​របស់​បងប្រុស​ហ្វ្រីត គឺថា គាត់​តែងតែ​ធ្វើ​ការងារ​សម្រាប់​ព្រះវរបិតាសួគ៌​ជានិច្ច » ។

លិខិត​នោះ​មកពី​បងប្រុស វេន ស៊ីមុនីស ។ លោកតា​បាន​សួរសុខទុក្ខ​គាត់ ហើយ​បាន​ស្គាល់​សមាជិក​គ្រប់គ្នា​ក្នុង​គ្រួសារ​នោះ ។ នៅ​ទីបំផុត លោកតា​បាន​ប្រាប់​ពួកគេ​ថា ព្រះ​ត្រូវការ​ពួកគេ ហើយ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​មក​ព្រះវិហារ ។ ប៉ុន្តែ​នៅ​ថ្ងៃ​អាទិត្យ​នោះ បងប្រុស​ស៊ីមុនីស​បាន​ភ្ញាក់​ឡើង​ដោយ​មាន​បញ្ហា​មួយ—គាត់​មិន​ទាន់​ជួសជុល​ដំបូល​ផ្ទះ​របស់​គាត់ ហើយ​គេ​រំពឹង​ថា​មាន​ភ្លៀង​នៅ​សប្ដាហ៍​នោះ ។ គាត់​បាន​សម្រេច​ចិត្ត​ថា គាត់​នឹង​ទៅ​ព្រះវិហារ ចាប់ដៃ​ជាមួយ​លោកតា រួច​ត្រឡប់​មកផ្ទះ​វិញ​ដើម្បី​ជួលជុល​ដំបូល​ផ្ទះ​ឲ្យ​ហើយ ។ គ្រួសារ​របស់គាត់​អាច​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​ដោយ​គ្មាន​រូប​គាត់ ។

ផែនការ​របស់​គាត់​ដំណើរការ​ល្អ តែ​គាត់​បាន​ឮ​នរណា​ម្នាក់​ឡើង​តាម​កាំជណ្ដើរ ពេល​គាត់​នៅលើ​ដំបូល​ផ្ទះ ។ ​ក្នុង​សម្ដី​របស់​គាត់ ៖ « ពេល​ខ្ញុំ​ងើយ​ក្បាល​ឡើង… ខ្ញុំ​ឃើញ​បងប្រុស​ហ្វ្រីត​នៅ​លើ​ជណ្ដើរ ។ គាត់​ញញឹម​ពព្រាយ​មក​កាន់​ខ្ញុំ ។ ដំបូង​ឡើង ខ្ញុំ​ខ្មាស ហើយ​មាន​អារម្មណ៍​ដូច​កូនក្មេង​ដែល​គេ​តាមទាន់​ពេល​គេច​សាលារៀនអញ្ចឹង ។ បន្ទាប់​មក …ខ្ញុំ​មាន​អារម្មណ៍​ខឹង ។ [ ប៉ុន្តែ​បងប្រុស​ហ្វ្រីត ] ដោះ​អាវធំ​គាត់​ចេញ ហើយ​ព្យួរ​វា​នៅលើ​ជណ្ដើរ ។ ​គាត់​មូរ​ដៃ​អាវ​ពណ៌​ស​របស់​គាត់ គាត់​បាន​បែរ​មក​ខ្ញុំ ហើយ​និយាយ​ថា ‹ បងប្រុស ស៊ីមុនីស តើ​បង​មាន​ញញួរ​មួយ​ទៀត​ទេ ? ការងារ​នេះ​ប្រាកដ​ជា​សំខាន់​ណាស់ បើ​មិន​ដូច្នោះ​ទេ​បង​មិន​ចេញ​ពី​គ្រួសារ​មកនោះ​ទេ ហើយ​បើ​វា​សំខាន់​យ៉ាង​នោះ ខ្ញុំ​ចង់​ជួយ​បង › ។ ពេល​ខ្ញុំ​មើល​ទៅ​ភ្នែក​​គាត់ ខ្ញុំ​ឃើញ​តែ​ចិត្ត​សប្បុរស និង​ក្ដី​ស្រឡាញ់​ដូច​ព្រះគ្រីស្ទ ។ កំហឹង​របស់​ខ្ញុំ​បាន​រសាយបាត់ ។… ខ្ញុំ​បាន​ដាក់​ញញួរ​ចុះ​នៅ​ថ្ងៃ​អាទិត្យ​នោះ ហើយ​បាន​ចុះ​ជណ្ដើរ​ទៅតាម​មិត្តល្អ​របស់​ខ្ញុំ ហើយ​ត្រឡប់​ទៅ​ព្រះវិហារ​វិញ ។

លោកតា​បាន​ទទួល​ការងារ​គាត់​ពី​ព្រះអម្ចាស់ ហើយ​គាត់​បាន​ដឹង​ថា គាត់​ត្រូវ​ស្វែងរក​ចៀម​ដែល​បាត់ ។ ដូច​ជា​បុរស​បួន​នាក់​ដែល​សែង​មិត្ត​ពួកគេ​ដែល​ស្លាប់​ដៃ​ស្លាប់​ជើង​ទៅលើ​ដំបូល ហើយ​សម្រូត​គាត់​ចុះ​ក្រោម​ដើម្បី​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ​ព្យាបាល​គាត់ នោះ​ការងារ​របស់​លោកតា​ក៏​បាន​នាំ​គាត់​ឲ្យ​ទៅ​លើ​ដំបូល​មួយ​ផងដែរ ។ ព្រះអម្ចាស់​បញ្ជូ​ន​វិវរណៈ​ទៅ​អ្នក​ទាំងឡាយ​ដែល​ស្វែងរក​អ្នក​ត្រូវការ​ជំនួយ ។

៤. ជឿ ហើយ​ទុកចិត្ត

ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​នៅក្នុង​ព្រះគម្ពីរ​អំពី​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​ម្នាក់​ទៀត ដែល​បាន​ទទួល​ការងារ​របស់​គាត់​ពី​ព្រះអម្ចាស់ ។ អើរ៉ុន​បង្រៀន​ស្ដេច​សាសន៍​លេមិន ដែល​បាន​ឆ្ងល់​ថា​ហេតុអ្វី​អាំម៉ូន​បងប្រុស​របស់​អើរ៉ុន​ មិនបាន​មក​បង្រៀន​ទ្រង់​ដែរ ។ « ហើយ​អើរ៉ុន​ទូល​ទៅ​ស្ដេច​ថា ៖ ក្រាបទូល ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ទ្រង់​បាន​ហៅ​ឲ្យ​លោក​ទៅ ផ្លូវ​មួយ​ទៀត

ព្រះវិញ្ញាណ​បាន​មាន​បន្ទូល​ទៅកាន់​ដួងចិត្ត​ខ្ញុំ ៖​ យើង​ម្នាក់ៗ​មាន​បេសកកម្ម​ខុសៗ​គ្នា​ដើម្បី​ធ្វើ ហើយ​ពេល​ខ្លះ​ព្រះវិញ្ញាណ​អាច​ហៅ​យើង​ទៅ « ផ្លូវ​មួយ​ទៀត » ។ មាន​របៀប​ជា​ច្រើន​ដើម្បី​ស្ថាបនា​នគរ​របស់​ព្រះ ក្នុង​នាម​ជា​សិស្ស​ដែល​ធ្វើ​សេចក្ដី​សញ្ញា រក្សា​សេចក្ដី​សញ្ញា​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ក្នុង​នាម​ជា​សិស្ស​ដ៏​ស្មោះត្រង់​របស់​ទ្រង់ បងប្អូន​អាច​ទទួល​ការបំផុស និង​វិវរណៈ​ផ្ទាល់​ខ្លួន​ខ្ជាប់ខ្ជួន​នឹង​បទបញ្ញត្តិ​របស់​ទ្រង់​ដែល​មាន​ជាពិសេស​សម្រាប់​បងប្អូន ។​ ខ្ញុំ​មាន​បេសកកម្ម និង​តួនាទី​ដ៏​ពិសេស​នៅក្នុង​ជីវិត ហើយ​នឹង​ទទួល​បាន​ការណែនាំ​ពិសេស​ដើម្បី​បំពេញ​វា ។

នីហ្វៃ បងប្រុស​របស់​យ៉ារេឌ សូម្បី​តែ​ម៉ូសេ ពួកលោកទាំងអស់​គ្នា​បាន​ឆ្លងកាត់​សមុទ្រ​ដ៏​ធំធេង—ហើយ​ពួកលោក​ម្នាក់ៗ​បាន​ធ្វើ​ឆ្លង​វា​តាម​របៀប​ខុសៗ​គ្នា ។ នីហ្វៃ​បាន « យក​ឈើ​ធ្វើ​រាង​សំពៅ​ដ៏​វិចិត្រ » ។ បងប្រុសយ៉ារេឌ សង់​ភេត្រា​ដែល «បិទជិតដូចជា​ចាន » ។ ម៉ូសេ « បាន​ដើរ​លើ​ដីគោគ​នៅ​កណ្ដាល​សមុទ្រ » ។១០

ពួកលោក​ម្នាក់ៗ​បាន​ទទួល​ការណែនាំ​ផ្ទាល់​ខ្លួន ដែល​មាន​ជា​ពិសេស​ដល់​ពួកលោក ហើយ​ពួកលោក​ម្នាក់ៗ​បាន​ទុកចិត្ត និង​ប្រព្រឹត្ត​តាម ។ នៅក្នុង​សម្ដី​របស់​នីហ្វៃ ព្រះអម្ចាស់​មាន​ព្រះទ័យ​គិតគូរ​ដល់​អ្នក​ដែល​គោរព​តាម ហើយ​នឹង « រៀបចំ​ផ្លូវ ដើម្បី​ឲ្យ [ យើង ] អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា » ។១១ សូម​កត់សម្គាល់ នីហ្វៃ​និយាយ​ថា « ផ្លូវ »—មិនមែន « ផ្លូវ​នោះ »នោះ​ទេ ។

តើ​យើង​បាន​ខកខាន ឬ​ទុកចោល​ការងារ​ផ្ទាល់​ពី​ព្រះអម្ចាស់​ដោយសារ​ទ្រង់​បាន​រៀបចំ « ផ្លូវ » ខុស​ពី​ផ្លូវ​មួយ​ដែល​យើង​រំពឹង​ទុក​ឬ​ទេ ?

លោកតា​ខ្ញុំ​ត្រូវបាន​ដឹកនាំ​ទៅកាន់​កន្លែង​មិន​ធម្មតា​មួយ—ទៅលើ​ដំបូល​ផ្ទះ​ក្នុង​អាវធំ​គាត់ នៅ​ថ្ងៃ​អាទិត្យ​នោះ ។ ចូរ​ទុកចិត្ត​ព្រះ​ឲ្យ​ដឹកនាំ​បងប្អូន សូម្បី​តែ​ផ្លូវ​នោះ​មើល​ទៅ​ខុស​ពី​អ្វី​ដែល​បងប្អូន​រំពឹង​ទុក ឬ​ខុស​ពី​ផ្លូវ​របស់​អ្នក​ផ្សេង​ទៀត ។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន​រូបរាង​ខុសៗ​គ្នា ប៉ុន្តែ « ទាំងអស់ ... ដូច​គ្នា​នៅ​ចំពោះ​ព្រះ »—« គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី » នៅលីវ និង​រៀបការ មាន និង​ក្រ ក្មេង និង​ចាស់ សមាជិក​អស់​មួយ​ជីវិត និង​អ្នក​ប្រែចិត្ត​ជឿ​ថ្មី ។១២ មិន​ថា​បងប្អូន​ជា​នរណា ឬ​អ្វី​ដែល​បងប្អូន​កំពុង​ជួប​ប្រទះ​ទេ បងប្អូន​ត្រូវបាន​អញ្ជើញ​មក​ឯ​តុ​របស់​ព្រះអម្ចាស់ ។១៣

ពេល​ការស្វែងរក និង​ការធ្វើ​តាម​ព្រះរាជ​បំណង​របស់​ព្រះបិតា ក្លាយ​ជា​គន្លង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​បងប្អូន នោះ​បងប្អូន​នឹង​ពិត​ជា​ត្រូវ​ដឹកនាំ​ឲ្យ​ផ្លាស់ប្ដូរ និង​ប្រែចិត្ត ។

កម្មវិធី​ថ្មី​របស់​សាសនាចក្រ​សម្រាប់​កុមារ និង​យុវវ័យ ត្រូវបាន​បង្កើត​ឡើង​លើ​គ្រឹះ​នៃ​ការរៀន​សូត្រ​ដើម្បី​ស្វែង​រក​វិវរណៈ រកមើល​អ្វី​ដែល​ព្រះអម្ចាស់​ឲ្យ​យើង​ធ្វើ ហើយ​បន្ទាប់​មក​ធ្វើ​វា​តាម​ការណែនាំ​នោះ ។ យើង​ម្នាក់ៗ មិនថា​មាន​អាយុ ឬ​ស្ថានភាព​បែប​ណា​ទេ អាច​ពុះពារ​ដើម្បី ស្វែងរក ទទួល និង​ធ្វើ ។ ពេល​បងប្អូន​ធ្វើ​តាម​គន្លង​ដ៏​អស់កល្ប​នេះ ដែល​បាន​បង្កើត​ឡើង​សម្រាប់​ជំនាន់​របស់​យើង នោះ​បងប្អូន​នឹង​កាន់តែ​ខិត​ជិត​ព្រះយេស៊ូវគ្រីស្ទ—ក្ដីស្រឡាញ់​ទ្រង់ ពន្លឺ​ទ្រង់ ការណែនាំ​ទ្រង់ ភាពសុខសាន្ត​ទ្រង់ ព្រមទាំង​ព្យាបាល និង​ព្រះចេស្ដា​ធ្វើ​ឲ្យ​កើតឡើង​របស់​ទ្រង់ ។ ហើយ​បងប្អូន​នឹង​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​ដើម្បី​ក្លាយ​ជា​ឧបករណ៍​មួយ​ក្នុង​ព្រះហស្ដ​ទ្រង់​ជា​រៀងរាល់​ថ្ងៃ ក្នុង​ការ​សម្រេច​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។