ឆ្នាំ ២០១០-២០១៩
ផ្លែឈើ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ផ្លែឈើ

សូម​រក្សា​ភ្នែក និង​ដួង​ចិត្ត​របស់​បងប្អូន​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និង​អំណរ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែល​កើត​ឡើង​តែ​តាម​រយៈ​ទ្រង់​ប៉ុណ្ណោះ ។

ខ្ញុំ​ដឹង​ពី​អ្វី​ដែល​បងប្អូន​កំពុង​គិត ! នៅសល់​តែ​អ្នក​ឡើង​និយាយ​មួយ​រូប​​ទៀត​ទេ យើង​នឹង​បាន​ស្ដាប់​ប្រសាសន៍​ប្រធាន ណិលសុន ហើយ ។ ដោយ​សង្ឃឹម​ថា​អាច​ទប់​បងប្អូន​កុំ​ឲ្យ​ងងុយ​គេង​ឲ្យ​បាន​ពីរបី​នាទី​ទៀត កាលដែល​យើង​រង់ចាំ​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​យើង នោះ​ខ្ញុំ​បាន​ជ្រើសរើស​ប្រធានបទ​ដ៏​ទាក់ទាញ​មួយ ៖ ប្រធានបទ​របស់​ខ្ញុំ​គឺ ផ្លែឈើ ។

រូបភាព
ផ្លែ

ជាមួយ​នឹង​ពណ៌ វាយនភាព និង​ជាតិ​ផ្អែម​របស់​ផ្លែ​បែរី ចេក ឪឡឹក និង​ស្វាយ ឬ​របស់​ផ្លែ​ឈើ​មក​ពី​បរទេស​ដូច​ជា ផ្លែ​ឃីវ៉ាណូ ឬ​ផ្លែ​ទទឹម នោះ​ផ្លែឈើ​ជា​អាហារ​ដ៏​គួរ​ឲ្យ​ប្រាថ្នា​ជា​យូរ​ណាស់​មក​ហើយ ។

អំឡុង​ការបម្រើ​នៅ​ផែនដី​របស់​ទ្រង់ ព្រះអង្គ​សង្រ្គោះ​បានប្រៀបធៀប​ផ្លែឈើ​ល្អ​ទៅនឹង​អ្វីៗ​ដែល​មាន​តម្លៃ​ដ៏​អស់កល្ប​ជានិច្ច ។ ទ្រង់​មាន​បន្ទូល​ថា « អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត » ។ « អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ » ។ ទ្រង់​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រមូល « ផល​សម្រាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។

ក្នុង​សុបិន​ដ៏​រស់រវើក​ដែល​យើង​គ្រប់​គ្នា​ស្គាល់​ច្បាស់​ក្នុង​ព្រះគម្ពីរ​មរមន ព្យាការី​លីហៃ​បាន​ឃើញ​ថា​ខ្លួន​លោក​នៅក្នុង « ទីរហោស្ថាន​ដ៏​ងងឹត និង​អាប់អួ​មួយ » ។ មាន​ទឹក​កខ្វក់ អ័ព្ទ​នៃ​សេចក្ដី​ងងឹត ផ្លូវ​ចម្លែកៗ និង​ផ្លូវ​ហាមឃាត់ ក៏​ដូចជា​ដំបង​ដែក​នៅ​តាម​ផ្លូវ​មួយ​តូច ហើយ​ចង្អៀត​ដែល​នាំ​ទៅ​កាន់​ដើម​ឈើ​មួយ​ដ៏​ស្រស់​ស្អាត​មាន​ដោយ « ​ផ្លែ [ ដែល​ធ្វើ​ឲ្យ ] មនុស្ស​សប្បាយ​រីករាយ » ។ ដោយ​និទាន​ពី​សុបិន​នោះ លីហៃ​បាន​ពោល​ថា « ឪពុក​បាន … ទទួល​ទាន … វា​មាន​រស់​ជាតិ​ផ្អែម​បំផុត គឺ​ផ្អែម​ជាង​អ្វីៗ​ដែល​ឪពុក​ធ្លាប់​[បាន]​ភ្លក់ … ។ … [ហើយ]ព្រលឹង​វិញ្ញាណ​ឪពុក​ក៏​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ជា​អតិបរមា » ។ផ្លែ​ឈើនេះ​« គួរ​ឲ្យ​មាន​ប្រាថ្នា​[លើស]ជាង​ផ្លែ​ឈើ​ណា​ៗ​ទាំងអស់ » ។

រូបភាព
ដើម​ជីវិតជាមួយ​នឹងផល​ផ្លែ​ដ៏​ឆ្ងាញ់​របស់​វា<nb/>។

អត្ថន័យ​នៃ​ដើម​ឈើ និង​ផ្លែ​នោះ

តើ​ដើម​ឈើ​ដែល​មាន​ផ្លែ​ដ៏​មាន​តម្លៃ​បំផុត​នេះ​តំណាង​ឲ្យ​អ្វី ? វា​តំណាង​ឲ្យ « សេចក្ដី​ស្រឡាញ់​នៃ​ព្រះ »ហើយ​ប្រកាស​ពី​ផែនការ​ប្រោសលោះ​ដ៏​អស្ចារ្យ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ » ។

ផ្លែ​ឈើ​ដ៏​មាន​តម្លៃ​នេះ​តំណាង​ឲ្យ​ពរជ័យ​ដ៏​អស្ចា្យ​នៃ​ដង្វាយធួនមិន​អាច​ប្រៀបផ្ទឹម​បាន​របស់​ព្រះអង្គ​សង្គ្រោះ ។ យើង​មិន​ត្រឹម​តែ​នឹង​រស់ឡើង​វិញ​ម្ដង​ទៀត​បន្ទាប់​ពី​ជីវិត​រមែង​ស្លាប់​របស់​យើង​នោះ​ទេ តែ​តាមរយៈ​ជំនឿ​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និង​រក្សា​បទបញ្ញត្តិរបស់​យើង នោះ​យើង​អាច​ទទួល​ការអត់ទោស​ពី​អំពើ​បាប​របស់​យើង ហើយ​ថ្ងៃ​មួយ​ឈរ​យ៉ាង​ជ្រះស្អាត និង​បរិសុទ្ធ​នៅ​ពី​មុខ​ព្រះបិតា និង​ព្រះរាជបុត្រា​ទ្រង់ ។

ការទទួល​ទាន​ផ្លែ​នៃ​ដើមឈើ​នោះ​ក៏​ជា​តំណាង​ថា យើង​ឱប​ក្រសោប​ពិធីការ​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ផងដែរ—ទទួល​បុណ្យ​ជ្រមុជ​ទឹក ទទួល​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការចូល​ក្នុង​ដំណាក់​នៃ​ព្រះ​ដើម្បី​ទទួល​ពិធី​អំណោយទាន​ពិសិដ្ឋ​ដែល​មក​ជាមួយ​នឹង​ព្រះចេស្ដា​ពី​ស្ថានលើ ។ តាមរយៈ​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ការតម្កើង​សេចក្ដី​សញ្ញា​របស់​យើង នោះ​យើង​ទទួល​នូវ​ការសន្យា​ដែល​គ្មាន​ដែន​កំណត់​បាន ជា​ការរស់នៅ​ជាមួយ​គ្រួសារ​សុចរិត​របស់​យើង​អស់កល្ប​ជានិច្ច ។

មិន​មាន​អ្វី​ឆ្ងល់​ទេ​ដែល​ទេវតា​ពិពណ៌នា​ពី​ផ្លែ​នោះ​ថា « សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង » ។ វា​ពិត​ជា​ដូច្នោះ​មែន !

ឧបសគ្គ​នៃ​ការ​បន្ត​នៅពិត

ដូច​ដែល​យើង​ទាំងអស់​គ្នា​បាន​រៀន​ហើយ​ថា សូម្បី​បន្ទាប់​ពី​ទទួល​ទាន​នូវ​ផ្លែឈើ​ដ៏​មាន​តម្លៃ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ការបន្ត​ពិត ហើយ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ​នៅតែ​មិន​ងាយ​ស្រួល​ធ្វើ​ឡើយ ។ ដូចជា​ធ្លាប់​បាន​លើក​ឡើង​ជា​ច្រើន​ហើយ​នៅ​ក្នុង​សន្និសីទ​នេះ ​យើង​បន្ត​ប្រឈម​នឹង​ការរំខាន និង ការបោកប្រាស់ ការភាន់​ច្រឡំ ព្រមទាំង​ភាពចលាចល ការបញ្ចុះបញ្ចូល និង​ការល្បួង​នានា ដែល​ព្យាយាម​ទាញ​ដួងចិត្ត​យើង​ឲ្យ​ឆ្ងាយ​ពី​ព្រះអង្គ​សង្គ្រោះ ព្រមទាំងអំណរ និង​ភាពស្រស់ស្អាត​ដែល​យើង​បាន​ដក​ពិសោធន៍ ។

ដោយសារ​តែ​ទុក្ខ​លំបាក​នេះ សុបិន​របស់​លីហៃ​ក៏​ដាក់​បញ្ចូល​នូវ​ការ​ព្រមាន​ផង​ដែរ ! ខាង​ម្ខាង​ទៀត​នៃ​ទន្លេ​នោះ​គឺ​ជា​អគារ​ដ៏​ធំទូលាយ​ដែល​មាន​មនុស្ស​គ្រប់​វ័យ​ចង្អុល​ដៃ និង​សើច​ចំអក​​ដល់​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​សុចរិត ។

ប្រជាជន​នៅក្នុង​អគារ​នោះ​កំពុង​តែ​ប្រមាថ និង​សើច​ចំអក​ដល់​ពួក​អ្នក​ដែល​រក្សា​បទបញ្ញត្តិ ដោយ​សង្ឃឹម​ថា​នឹង​បំបាក់ និង​មើលងាយ​ដល់​ជំនឿ​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ហើយ​ដោយសារ​តែ​ការ​វាយ​ប្រហារ​តាម​ពាក្យសម្ដី​នៃ​ការសង្ស័យ និង​ការមើលងាយ​ដែល​ជះ​ទៅ​លើ​ពួក​អ្នក​ជឿ នោះ​ពួកគេ​មួយ​ចំនួន​ដែល​បាន​ភ្លក់​ផ្លែឈើ​នោះ​ចាប់ផ្ដើម​មានអារម្មណ៍​ខ្មាស់អៀន​ចំពោះ​ដំណឹងល្អ​ដែល​ពួកគេ​បាន​ឱប​ក្រសោប នៅ​គ្រា​មួយ ។ ការទាក់ទាញ​ខុសឆ្គង​នៃ​លោកិយ​លួង​ប្រលោម​ពួកគេ ពួកគេ​បែរ​ចេញ​ពី​ដើម​ឈើ និងពី​ផ្លែឈើ​នោះ ហើយ​តាម​ពាក្យ​ពេចន៍​នៃ​បទគម្ពីរ « [ ធ្លាក់ ] តាម​ផ្លូវ​ហាម​ឃាត់​ទាំង​ឡាយ ហើយ​វង្វេង​បាត់​អស់​ទៅ » ។១០

ក្នុង​ពិភពលោក​យើង​សព្វថ្ងៃ​នេះ ​ក្រុមវិស្វកររបស់​មារសត្រូវ ដែល​ធ្វើការ​បន្ថែម​ម៉ោង ដោយ​ពង្រីក​ទំហំ​នៃ​អគារ​ដ៏​ធំ​ហើយ​ទូលាយ​នោះ​យ៉ាង​ឆាប់​រហ័ស ។ ការពង្រីក​នោះ​រីករាលដាល​ទៅតាម​ទន្លេ ដោយសង្ឃឹម​ថា​នឹង​លុកលុយ​ដល់​គេហដ្ឋាន​របស់​យើង ខណៈ​ដែល​ពួក​អ្នក​ចង្អុល​ដៃ និង​អ្នក​ចំអក​ស្រែក​ជាមួយ​នឹង​ប្រដាប់​បំពង​សម្លេង​ដ៏​រំពង​ទាំង​យប់​ទាំង​ថ្ងៃ​តាម​អ៊ិនធើរណិត​របស់​ពួកគេ ។១១

ប្រធាន ណិលសុន បាន​ពន្យល់​ថា « មារសត្រូវ​កំពុង​បង្កើន​ការ​ខិតខំ​របស់​វា​ដើម្បី​រំខាន​ដល់ទីបន្ទាល់ ហើយ​រារាំង​កិច្ចការ​របស់​ព្រះអម្ចាស់ » ។១២ ចូរ​យើង​ចាំ​ពី​សម្ដី​របស់​លី​ហៃ​ថា « ពួក​យើង​ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​គេ​ឡើយ » ។១៣

ទោះ​ជាយើង​មិន​បាច់​ខ្លាច​ក្ដី ក៏​យើង​ត្រូវតែ​​ប្រុង​ប្រយ័ត្ន​ដែរ ។ ពេលខ្លះ​រឿង​តូច​តាច​អាច​ផ្លាស់ប្ដូរ​តុល្យភាព​ខាង​វិញ្ញាណ​របស់​យើង​បាន ។ សូម​កុំ​អនុញ្ញាត​ឲ្យ​សំណួរ​របស់​អ្នក ការ​ជេរ​ប្រមាថ​របស់​មនុស្ស​ដទៃ មិត្តភក្ដិ​មិន​ស្មោះត្រង់ ឬ​កំហុស និង​ការ​ខក​ចិត្ត​ដ៏​អាក្រក់​របស់​បងប្អូន​បង្វែរ​បងប្អូន​ចេញ​ពី​ពរជ័យ​ដ៏​ផ្អែម​បរិសុទ្ធ ហើយ​បំពេញ​ដល់​ព្រលឹង ដែល​កើត​ចេញ​ពី​ផល​ផ្លែ​នៃ​ដើម​ឈើ​ដ៏​មាន​តម្លៃ​នោះ​ឲ្យសោះ ។ សូម​រក្សា​ភ្នែក និង​ដួង​ចិត្ត​របស់​បងប្អូន​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និង​អំណរ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែល​កើត​ឡើង​តែ​តាម​រយៈ​ទ្រង់​ប៉ុណ្ណោះ ។

សេចក្ដី​ជំនឿនៃជេសិន ហល​

ក្នុង​ខែ​មិថុនា ភរិយា​ខ្ញុំ ខាធី និង​ខ្ញុំ​បាន​ចូលរួម​បុណ្យសព ជេសិន ហល ។ គាត់​មាន​អាយុ ៤៨ ឆ្នាំ ពេល​គាត់​ស្លាប់ ហើយ​កំពុង​តែ​បម្រើ​ជា​ប្រធាន​កូរ៉ុម​អែលឌើរ ។

នេះ​ជា​ពាក្យ​សម្ដី​របស់​ជេសិន អំពី​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ផ្លាស់​ប្ដូរ​ជីវិត​គាត់ ៖

« [កាល​ខ្ញុំ​អាយុ ១៥ ឆ្នាំ]​ខ្ញុំ​[បាន]​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​មួយ ។ … ខ្ញុំ [ បាន​ធ្វើ​ឲ្យ​បាក់ ] ក​ខ្ញុំ ហើយ​ពុំ​អាច​កម្រើក​បាន​ពី​ទ្រូង​ដល់​ចុង​ជើង ។ ខ្ញុំ​បាន​បាត់បង់​ការគ្រប់គ្រង​ជើង​ខ្ញុំ​ទាំងស្រុង ហើយ​អាច​គ្រប់គ្រង់​ដៃ​ខ្ញុំ​នៅ​ផ្នែក​ខ្លះ ។ ខ្ញុំ​ពុំ​អាច​ដើរ ឈរ…ឬ​បញ្ចុក​ខ្លួនឯង​បាន​ទៀត​ទេ ។ ខ្ញុំ​ស្ទើរតែ​មិន​អាច​ដក​ដង្ហើម ឬ​និយាយ​បាន » ។​១៤

« ខ្ញុំ​បាន​ទូល​អង្វរ ‹​ ព្រះវរបិតា [ ដែល​គង់​នៅ​ស្ថានសួគ៌ ] បើ​កូន​គ្រាន់តែ​មាន​ដៃ​កូន នោះ​កូន​ដឹង​ថា កូណ​អាច​ធ្វើ​អ្វីៗ​បាន ។ ព្រះបិតា កូន​សូម​អង្វរ ។…

« …‹ ព្រះបិតា​អើយ ទុក​ជើង​របស់​កូន​ចុះ កូន​គ្រាន់តែ [ អធិស្ឋាន​សូម ] ឲ្យ​កូន​អាច​ប្រើ​ដៃ​កូន​បាន​ប៉ុណ្ណោះ › » ។១៥

ជេសិន មិន​ដែល​បាន​អាច​ប្រើ​ដៃ​របស់​គាត់​បាន​ទេ ។ តើ​បងប្អូន​អាច​ឮ​សំឡេង​ចេញ​ពី​អគារ​ដ៏​ទូលាយ​នោះ​ទេ ? « ជេសិន ហល ព្រះ​មិន​ឮការអធិស្ឋាន​របស់​ឯង​ទេ ! បើ​ព្រះ​ពិត​ជាព្រះ​ពេញ​ដោយ​ក្ដី​ស្រឡាញ់​មែន ហេតុអ្វី​ទ្រង់​ទុក​ឲ្យ​ឯង​ក្លាយ​ជា​បែប​នេះ ? ហេតុអ្វី​ត្រូវមាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ? » ជេសិន ហល បាន​ឮ​សំឡេង​របស់​ពួកគេ តែ​គាត់​ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​វា​ឡើយ ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ផ្អែក​ទៅ​លើ​ផល​ផ្លែ​នៃ​ដើម​ឈើ​នោះ ។ សេចក្ដី​ជំនឿ​របស់​គាត់​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​ប្រែ​ជា​មិន​វៀចវេរ ។ គាត់​បាន​បញ្ចប់​សាកល​វិទ្យាល័យ ហើយ​បាន​រៀបការ​នឹង ខូលេត ខូលមែន ក្នុង​ព្រះវិហារ​បរិសុទ្ធ ដោយ​ពិពណ៌នា​អំពី​នាង​ថា​ជា « ម្ចាស់ជីវិត​គាត់ » ។១៦ បន្ទាប់​ពី​រៀបការ​អស់ ១៦ ឆ្នាំ អព្ភូតហេតុ​មួយ​ទៀត​គឺ​កូនប្រុស​ដ៏​មាន​តម្លៃ​របស់​ពួកគេ​បាន​កើត​មក ។

រូបភាព
ជេសិន និងខូលេត ហល
រូបភាព
គ្រួសារ​ហល

តើ​ពួកគេ​បាន​ពង្រីក​ជំនឿ​ពួកគេ​តាម​របៀប​ណា ? ខូលេត​បាន​ពន្យល់ ៖ « យើង​ទុកចិត្ត​លើ​ផែនការ​របស់​ព្រះ ។ ហើយ​វា​ផ្ដល់​សង្ឃឹម​ដល់​យើង ។ យើង​ដឹង​ថា ជេសិន​នឹង​បាន​ជា [ នៅ​ថ្ងៃ​ខាង​មុខ ]។… យើង​ដឹង​ថា ព្រះ​ប្រទាន​ដល់​យើង​នូវ​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ដែល​ពលិកម្ម​ធួន​របស់​ទ្រង់​អាច​ជួយ​យើង​ឲ្យ​បន្ត​សម្លឹង​ឆ្ពោះ​ទៅ​មុខ ពេល​យើង​ចង់​បោះបង់​ចោល » ។១៧

រូបភាព
ខូលមែន ហល

ខូលមែន​អាយុ ១០ ឆ្នាំ បាន​និយាយ​នៅឯ​បុណ្យ​សព​របស់​ជេសិន​ថា ប៉ា​គាត់​បាន​បង្រៀន​គាត់ថា « ព្រះវរបិតាសួគ៌ [ មាន ] ផែនការ​មួយ​សម្រាប់​យើង ជីវិត​នៅលើ​ផែនដី​នឹង​អស្ចារ្យ ហើយ​អាច​រស់​ជា​ក្រុម​គ្រួសារ ។… តែ…យើង​នឹង​ត្រូវ​ឆ្លងកាត់​ការលំបាក ហើយ​យើង​នឹង​ធ្វើ​កំហុស » ។…

ខូលមែន​បន្ត ៖ « ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ មក​ផែនដី ។ កិច្ចការ​របស់​ទ្រង់​គឺ​ដើម្បី​ឲ្យបាន​ល្អ​ឥតខ្ចោះ ។ ដើម្បី​ព្យាបាល​មនុស្ស ។ ដើម្បី​ស្រឡាញ់​ពួកគេ ។ បន្ទាប់​មក​រងទុក្ខ​សម្រាប់​ការឈឺចាប់ ទុក្ខព្រួយ និង​អំពើ​បាប​របស់​យើង​ទាំងអស់ ។ ហើយ​ទ្រង់​បាន​សុគត​ជំនួស​យើង » ។ រួច ខូលមែន បាន​បន្ថែម​ទៀត​ថា « ដោយសារ​ទ្រង់​បាន​ធ្វើ​ការណ៍​នេះ ព្រះយេស៊ូវ​ជ្រាប​ពី​អារម្មណ៍​ដែល​យើង​មាន​ឥឡូវ​នេះ ។

« បន្ទាប់​ពី​ព្រះយេស៊ូវ​សុគត​បាន​បី​ថ្ងៃ ទ្រង់…បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដោយ​មាន​ព្រះកាយ​ល្អ​ឥត​ខ្ចោះ ។ ការណ៍​នេះ​សំខាន់​ចំពោះ​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា…រូបកាយ​របស់ [ ប៉ា ] ខ្ញុំ​នឹង​បាន​ឥតខ្ចោះ ហើយ​យើង​នឹង​បាន​ជួបជុំ​គ្នា​វិញ​ជា​គ្រួសារ​មួយ » ។

រូបភាព
គ្រួសារ​ហល

ខូលមែន​បញ្ចប់​ថា « រៀងរាល់​យប់ តាំង​ពី​ខ្ញុំ​នៅ​ជា​ទារក ប៉ា​បាន​និយាយ​មក​ខ្ញុំ​ថា ‹ ប៉ា​ស្រឡាញ់​កូន ព្រះវរបិតាសួគ៌​ស្រឡាញ់​កូន កូន​ជា​ក្មេង​ល្អ › » ។១៨

អំណរ​កើតឡើងដោយសារតែ ព្រះយេស៊ូវគ្រីស្ទ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពិពណ៌នា​ពី​មូលហេតុ​ដែល​គ្រួសារ​ហល​មាន​អំណរ និង​ក្ដី​សង្ឃឹម ។ ទ្រង់​បាន​មាន​ប្រសាសន៍​ថា

« បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ អំណរ​ដែល​យើង​មាន​នោះ វា​មាន​ឥទ្ធិពល​តិច​តួច​លើ​កាលៈទេសៈ​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​លើ​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅលើ ។

« ពេល​យើង​ផ្ដោត​ជីវិត​របស់​យើង​លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដំណឹងល្អ​របស់​ទ្រង់ យើង​អាច​មាន​នូវ​អំណរ ទោះ​ជា​មាន​អ្វី​កំពុង​កើត​ឡើង—ឬ​មិន​កើត​ឡើង—នៅ​ក្នុង​ជីវិត​យើង​ក៏​ដោយ ។ អំណរ​កើត​មាន​ឡើង ហើយ​ដោយសារ​តែ​ទ្រង់ ។ ទ្រង់​គឺជា​ប្រភព​នៃ​អំណរ​ទាំង​អស់ ។…

« ប្រសិន​បើ​យើង​មើល​ទៅ​ពិភពលោក​នេះ… នោះ​យើង​នឹង​ពុំ​ស្គាល់​អំណរ​ឡើយ ។ … [អំណរ]​ជា​អំណោយទាន​ដែល​កើត​មក​ពី​ការមាន​ចេតនា​ព្យាយាម​រស់នៅ​ក្នុង​ជីវិត​សុចរិត ដូច​បាន​បង្រៀន​ដោយ​ព្រះយេស៊ូវគ្រីស្ទ » ។១៩

ការ​សន្យា​មួយ​កាល​អ្នក​ត្រឡប់​មក​វិញ

បើ​បងប្អូន​មិន​បាន​មាន​ផ្លែ​នៃ​ដើមឈើ​នោះ​អស់​មួយ​រយៈ​ហើយ សូម​ដឹងថា ព្រះហស្ដ​របស់​ព្រះអង្គ​សង្គ្រោះ​តែងតែ​លាតសន្ធឹង​ទៅ​បងប្អូន​ជានិច្ច ។ ទ្រង់​ហៅ​ដោយ​ក្ដី​ស្រឡាញ់​ថា « ប្រែចិត្ត ហើយ​មក​រក​យើង » ។២០ ផ្លែឈើ​របស់​ទ្រង់​មាន​បរិបូរ និង​ឥត​ដាច់​រដូវ ។ វា​ពុំ​អាច​ទិញ​ដោយ​ប្រាក់​បាន​ទេ ហើយ​គ្មាន​នរណា​ម្នាក់​ដែល​មាន​បំណង​ប្រាថ្នា​ចង់​បាន​វា​ដោយ​ស្មោះត្រង់​ត្រូវ​បាន​បដិសេធ​ឡើយ ។២១

ប្រសិន​បើ​បងប្អូន​ប្រាថ្នា​ចង់​ត្រឡប់​ទៅ​កាន់​ដើមឈើ​វិញ ហើយ​ភ្លក់​ផ្លែឈើ​ម្ដង​ទៀត សូម​ចាប់​ផ្ដើម​ដោយ​អធិស្ឋាន​ទៅ​ព្រះវរបិតា​បងប្អូន ។ សូម​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះចេស្ដា​នៃ​ការលះបង់​ដ៏​ធួន​របស់​ទ្រង់ ។ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា ពេល​បងប្អូន​សម្លឹង​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ « ​ដោយ​នូវ​គ្រប់​ទាំង​គំនិត »២២នោះ​ផ្លែ​នៃ​ដើមឈើ​នោះ​នឹង​ជា​របស់​បងប្អូន​ម្ដង​ទៀត មាន​រសជាតិ​ឆ្ងាញ់​សម្រាប់​បងប្អូន ពេញ​ដោយ​អំណរ​ដល់​ព្រលឹង​បងប្អូន « គឺ​ជាអំណោយទាន​ដ៏​មហិមា​បំផុត​នៃ​ព្រះ » ។២៣

រូបភាព
អែលឌើរ អែនឌើរសិន ជាមួយ​នឹង​ពួក​បរិសុទ្ធ​នៅ​ព័រទុយហ្គាល់ នៅ​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​លីស្បុន

បី​សប្ដាហ៍​កន្លង​ទៅ ខ្ញុំ​បាន​ឃើញ​ក្ដី​អំណរ​នៃ​ផ្លែឈើ​របស់​ព្រះអង្គ​សង្គ្រោះ​បង្ហាញ​យ៉ាង​ពេញលេញ កាលដែល​ខាធី និង​ខ្ញុំ​បាន​ចូលរួម​នៅ​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ លីសប៊ន ព័រទុយហ្កាល់ ។ សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​បាន​បើក​នៅ​ប្រទេស​ព័រទុយហ្កាល់​ក្នុង​ឆ្នាំ ១៩៧៥ ពេល​សេរីភាព​ខាង​សាសនា​បាន​មាន​ដល់​ប្រទេស​នេះ ។ ពួកបរិសុទ្ធ​ដ៏​ល្អ​ជា​ច្រើន ដែល​បាន​ភ្លក់​ផ្លែឈើ​ពេល​ដែល​មិន​ទាន់​មាន​ក្រុម​ជំនុំ គ្មាន​សាលា​ប្រជុំ និង​គ្មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ជិត​ជាង ១៦០០ គីឡូម៉ែត្រ​នោះ បាន​រីករាយ​ជាមួយ​យើង​ដែល​ផ្លែដ៏​មាន​តម្លៃ​នៃ​ដើមឈើ​នោះ ឥឡូវ​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​នៅ​ទីក្រុង​លីសប៊ន ប្រទេស​ព័រទុយហ្កាល់ ។ ឱ ខ្ញុំ​តម្កើង និង​គោរព​ដល់​ពួកបរិសុទ្ធ​ទាំងនេះ​ណាស់ ដែល​បាន​រក្សា​ដួងចិត្ត​ពួកគេ​មិន​ឲ្យ​ដាច់​ពី​ព្រះអង្គ​សង្គ្រោះ ។

ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា « ខ្ញុំ​ជា​គល់​អ្នក​រាល់​គ្នា​ជា​ខ្នែង ៖ អ្នក​ណា​ដែល​នៅ​ជាប់នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន​ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ »។២៤

ដោយ​ថ្លែង​ទៅ កាន់​សមាជិក​សាសនាចក្រ​ទូទាំង​ពិភព​លោក​កាល​ពី​ព្រឹក​មិញ​នេះ ប្រធាន​ណិលសុន បាន​ថ្លែង​ថា « បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ បងប្អូន​គឺជា​គំរូ​ដ៏​រស់​រវើក​នៃ​ផល​ផ្លែ​ដែល​កើត​ចេញ​មក​ពី​ការ​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់​មក លោក​បាន​បន្ថែម​ថា « ខ្ញុំ​សូម​អរគុណ ! ខ្ញុំ​ស្រឡាញ់​បងប្អូន ! »២៥

ពួក​យើង​ស្រឡាញ់​លោក ប្រធាន ណិលសុន ។

ខ្ញុំ​ជា​សាក្សី​ផ្ទាល់​ភ្នែក​ចំពោះ​អំណាច​នៃ​វិវរណៈ​ដែល​មាន​នៅលើ​ប្រធាន​ជា​ទី​ស្រឡាញ់​របស់​យើង ។ លោក​គឺ​ជា​ព្យាការី​របស់​ព្រះ ។ ដូច​ជា​លីហៃ​ពី​បុរាណ ប្រធាន រ័សុល អិម ណិលសុន​ដង្ហោយ​ហៅ​យើង និង​គ្រួសារ​ទាំងអស់​នៃ​ព្រះ ឲ្យ​មក ហើយ​ទទួលទាន​ផ្លែ​នៃ​ដើម​ឈើ​នោះ ។ សូម​ឲ្យ​យើង​មាន​ការបន្ទាប​ខ្លួន និង​កម្លាំង​ដើម្បី​ធ្វើ​តាម​ការប្រឹក្សា​របស់​លោក ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដោយ​រាបសា​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ។ សេចក្ដី​ស្រឡាញ់ ព្រះចេស្ដា និង​ព្រះគុណ​របស់​ទ្រង់ នាំ​មក​នូវ​ការណ៍​គ្រប់​យ៉ាង​ដ៏​មាន​តម្លៃ​យូរ​អង្វែង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ម៉ាថាយ ៧:១៦ ។

  2. ម៉ាថាយ ៧:១៧ ។

  3. យ៉ូហាន ៤:៣៦ ។

  4. នៅ​ដើម​ខែ​មករា ឆ្នាំ​២០០៧ កាល​កំពុង​រៀបចំ​សុន្ទរកថា​សម្រាប់​ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ​យ៉ង់ ក្នុង​នាម​ជា​សមាជិក​មួយ​នៃ​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៤ ខែ​មីនា ឆ្នាំ​២០០៧ ខ្ញុំ​បាន​សួរ​អែលឌើរ ដេវីឌ អេ បែដណា ពី​អ្វី​ដែល​យើង​លោក​កំពុង​រៀបចំ​សម្រាប់​សុន្ទរកថា​របស់​លោក​នោ​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ជា​សុន្ទរកថា​ទៅ​កាន់​ពួក​អ្នក​ស្ដាប់​តែ​មួយ ។ ខ្ញុំ​បាន​មាន​ការ​ភ្ញាក់​ផ្អើល ពេល​លោក​បាន​តប​ថា សុន្ទរកថា​របស់​លោក​គឺ​អំពី​ការ​កាន់​ខ្ជាប់​នឹង​ដំបង​​ដែរ ។ នេះ​ គឺជា​ចំណង​ជើង​ដូច​គ្នា​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​សម្រាប់​សុន្ទកថា​រ​បស់​ខ្ញុំ ។ បន្ទាប់​ពី​ចែកចាយ​អត្ថបទ​របស់​យើង​ជាមួយ​គ្នា យើង​បាន​ដឹង​ថា វិធី​សាស្ត្រ​របស់​យើង​មាន​ភាព​ខុស​គ្នា ។ សុន្ទរកថា​របស់​លោក​មាន​ចំណង​ជើង​ថា « អាងស្តុក​ទឹក​រស់ » ដែល​បាន​គូស​បញ្ជាក់​ពី​ដំបង​ដែក ឬ​បន្ទូល​របស់​ព្រះ ដូច​ដែល​បាន​ដាក់​បញ្ចូល​ដោយ​បទគម្ពីរ ។ នៅ​ក្នុង​សន្ទរកថារបស់​លោក លោក​បាន​សួរ​ថា« តើ​អ្នក និង​ខ្ញុំ អាន សិក្សា និង​ស្រាវជ្រាវ​ព្រះគម្ពីរ​ជា​ប្រចាំ​ថ្ងៃ តាម​វិធី​ដែល​អាច​ឲ្យ​យើង​កាន់ខ្ជាប់​ទៅនឹង​ដំបង​ដែក​ដែរ​ឬទេ… ? » (speeches.byu.edu)

    បន្ទាប់មក មួយ​សប្ដាហ៍​បន្ទាប់​ពី​ការ​សន្ទនា​រ​បស់​ខ្ញុំ​ជាំមួយ​អែលឌើរ បែដណា ប្រធាន ប៊យដ៍ ឃេ ផាកកឺ បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​ប៊ី​វ៉ាយយូ ដែល​មាន​ចំណង​ជើង​ថា « សុបិន​របស់​លីហៃ និង​អ្នក » ។ ប្រធាន ផាកកឺ បាន​គូស​បញ្ជាក់​ពី​ដំបង​ដែក​ជា​វិវរណៈ​ និង​ការ​បំផុស​គំនិតផ្ទាល់​ខ្លួន ដែល​កើត​ឡើង​ចំពោះ​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ លោក​បាន​ថ្លែង​ថា « បើ​អ្នក​កាន់​ដំបង​ដែក​នោះ អ្នក​អាចដឹង​ពី​ផ្លូវ​របស់​អ្នកនៅ​ខាង​មុខ ជាមួយ​នឹង​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ … កាន់​ខ្ជាប់​ដំបង​ដែក ហើយ​កុំ​លែង​វា​ឡើយ ។ តាមរយៈព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អ្នក​អាច ដឹង ពី​ផ្លូវ​របស់​អ្នក​នៅ​ក្នុង​ជីវិត​នេះ » (Jan. 16, 2007, speeches.byu.edu) ។

    ប្រធាន​បទ​របស់​ខ្ញុំ « កាន់​ខ្ជាប់​នឹង​ប្រសាសន៍​របស់​ពួក​ព្យាការី » នៅ​ខែ​មីនា ឆ្នាំ​២០០៧ គឺ​ដំបង​ដែក​តំណាង​ឲ្យ​ប្រសាសន៍​របស់​ពួក​ព្យាការី​នៅ​រស់ (Mar. 4, 2007, speeches.byu.edu) ។

    ការ​តភ្ជាប់​រវាង​សុន្ទរកថា​ទាំង​បី​នេះ​គឺ​ពុំ​មែន​ជា​ភាព​ចៃ​ដន្យ​ទេ ។ ព្រហស្ដ​របស់​ព្រះអម្ចាស់​គឺ​ប្រៀប​បាន​នឹង​សុន្ទរកថា​ទាំង​បី​នោះ​ដែរ ដោយ​បាន​រៀបចំ​សម្រាប់​អ្នក​ស្ដាប់​តែ​មួយ ដោយ​កំណត់​ពី​កត្តា​ទាំងបី​នៃ​ដំបង​ដែក ឬ​បន្ទូល​របស់​ព្រះ គឺ ៖ (១) បទគម្ពីរ ឬ​ប្រសាសន៍​របស់​ពួក​ព្យាការី​បុរាណ (២) ប្រសាសន៍​របស់​ពួក​ព្យាការី​នៅ​រស់ និង (៣)​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​ជា​បទពិសោធន៍រៀនសូត្រ​​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ ។

  5. សូមមើលនីហ្វៃទី១ ៨:៤–១២ ។

  6. នីហ្វៃទី​១ ១១:២៥ ។

  7. យ៉ូហាន ៣:១៦ ។

  8. សូមមើល ដេវីឌអេ បែដណា « Lehi’s Dream: Holding Fast to the Rod » Liahona ខែ ​តុលា ឆ្នាំ​ ២០១១ ទំព័រ ៣២–៣៧ ។

  9. នីហ្វៃទី​១ ១១:២៣ ។

  10. នីហ្វៃទី១ ៨:២៨ ។

  11. សូមមើល ប៊យដ៍ ឃេ ផាកកឺ « Lehi’s Dream and You » ការប្រជុំធម្មនិដ្ឋាន​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១៦ ខែ មករា ឆ្នាំ ២០០៧ ) គេហទំព័រ speeches.byu.edu ។

  12. រ័សុល អិម ណិលសុន​ « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៨ ។

  13. នីហ្វៃទី​១ ៨:៣៣ ។

  14. ស្ទេហ្វិន ជេសិន ហល « The Gift of Home » New Era ខែ​ធ្នូ ឆ្នាំ​១៩៩៤ ទំព័រ ១២ ។

  15. ស្ទេហ្វិន ជេសិន ហល « Helping Hands » New Era ខែ តុលា ឆ្នាំ ១៩៩៥ ទំព័រ ៤៦, ៤៧ ។

  16. ការឆ្លើយឆ្លង​ផ្ទាល់ខ្លួន​ពី​ខូលេត ហល ទៅ​អែលឌើរ អាន់ឌើរសិន ។

  17. ការឆ្លើយឆ្លង​ផ្ទាល់ខ្លួន​ពី​ខូលេត ហល ទៅ​អែលឌើរ អាន់ឌើរសិន ។

  18. សុន្ទរកថា​នៅ​បុណ្យសព​ដោយ ខូលមែន ហល បាន​ចែកចាយ​ជាមួយ​អែលឌើរ អាន់ឌើរសិន ដោយ ខូលេត ហល ។

  19. រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨៤ ។

  20. នីហ្វៃទី៣ ២១:៦ ។

  21. សូមមើល នីហ្វៃទី ២ ២៦:២៥, ៣៣ ។

  22. គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ។

  23. នីហ្វៃទី​១ ១៥:៣៦ ។

  24. យ៉ូហាន ១៥:៥ ។

  25. រ័សុល អិម ណិលសុន​ « The Second Great Commandment » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទំព័រ ១០០ ។