ឆ្នាំ ២០១០-២០១៩
ក្រោយពី​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​យើង
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ក្រោយពី​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​យើង

កាល​យើង​ធ្វើតាម​សំឡេង​របស់​ព្រះ និង​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ទ្រង់​នឹង​ពង្រឹង​យើង​នៅ​ក្នុង​ការសាកល្បង​របស់​យើង ។

ពេល​ខ្ញុំ​នៅ​ក្មេង សមាជិក​សាសនាចក្រ​​ម្នាក់​បាន​ជួយ​ឲ្យ​គ្រួសារ​ខ្ញុំ​ធ្វើដំណើរ​ពី​ប្រទេស​ព័រតូរីកូ ទៅ​ទីក្រុង​សលត៍ លេក ដើម្បី​យើង​អាច​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ឧបសគ្គ​បាន​ចាប់ផ្ដើម​កើត​មាន​ឡើង ។ ប្អូនស្រី​ខ្ញុំ​ម្នាក់​ឈ្មោះ ម៉ារីវីដ បាន​ធ្លាក់​ខ្លួន​ឈឺ ។ ដោយ​មិន​ដឹង​ជា​ស្ថានភាព​យ៉ាងណា ឪពុក​ម្ដាយ​ខ្ញុំ​បាន​អធិស្ឋាន​សួរ​អ្វី​ដែល​ត្រូវ​ធ្វើ ប៉ុន្ដែ​នៅតែ​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​ដំណើរ​នេះ ។ ពួកគាត់​ទុកចិត្ត​ថា បើ​ពួកគាត់​ធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះអម្ចាស់​ដោយ​ស្មោះត្រង់ នោះ​គ្រួសារ​យើង​នឹង​ត្រូវបាន​ថែរក្សា និង​មាន​ពរ​—​ហើយ​យើង​ពិតជា​មាន​ពរ​មែន ។

មិន​ថា​មាន​ឧបសគ្គ​អ្វី​ដែល​យើង​ជួប​ក្នុង​ជីវិត​ទេ យើង​អាច​ទុកចិត្ត​ថា ព្រះយេស៊ូវ​គ្រីស្ទ​នឹង​រៀបចំំ​ផ្លូវ​មួយ​នៅ​ខាងមុខ កាល​យើង​ដើរ​ដោយ​សេចក្ដី​ជំនឿ ។ ព្រះ​សន្យា​ថា មនុស្ស​ទាំងអស់​ដែល​រស់នៅ​តាម​សេចក្ដី​សញ្ញា ដែល​ពួកគេ​បាន​ចុះ​ជាមួយ​ទ្រង់ នឹង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ទាំងអស់​តាម​ពេលវេលា​ទ្រង់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន​បាន​បង្រៀន​ថា « ពរជ័យ​ខ្លះ​កើត​ឡើង​លឿន ខ្លះ​មក​យឺត ហើយ​ខ្លះ​មិន​កើត​មាន​ឡើយ រហូត​ដល់​ពេល​រស់​នៅ​ឯ​ស្ថានសួគ៌ ប៉ុន្ដែ​សម្រាប់​អស់​អ្នក​ដែល​ឱប​ក្រសោប​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ វា​នឹង​កើត​មាន​ឡើង » ។

មរ៉ូណៃ​បាន​បង្រៀន​ថា « សេចក្ដី​ជំនឿ​គឺជា​អ្វី​ដែល​សង្ឃឹម​ចង់​បាន ហើយ​មើល​មិន​ឃើញ ហេតុដូច្នោះ​ហើយ​ចូរ​កុំ​ជំទាស់​ឡើយ ដោយ​ព្រោះ​អ្នករាល់គ្នា​មើល​មិន​ឃើញ ត្បិត​អ្នករាល់គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយពី​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន » ។

សំណួរ​យើង​គួរតែ ៖ « តើ​យើង​គួរ​ធ្វើ​អ្វីខ្លះ​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ប្រឈម​នឹង​ការសាកល្បង​ដែល​កើត​មាន​ឡើង​ចំពោះ​យើង​ ? »

នៅក្នុង​សុន្ទរកថា​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​សាសនាចក្រ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ « ក្នុង​នាម​ជា​គណៈ​ប្រធាន​ថ្មី ពួក​យើង​ចង់​ចាប់ផ្តើម​ជាមួយ​នឹង​ទស្សនវិស័យ​ចុង​បញ្ចប់ ។ ដោយសារតែ​ហេតុផល​នេះ ពួកយើង​កំពុង​និយាយ​ទៅកាន់​បងប្អូន​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ចុង​បញ្ចប់ ពួកយើង​ម្នាក់ៗ​ព្យាយាម​ដើម្បី​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ជាមួយ​នឹង​អំណាច​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ផ្សារភ្ជាប់​ជាមួយ​ក្រុមគ្រួសារ ស្មោះត្រង់​ចំពោះ​សេចក្តី​សញ្ញា​ដែល​បាន​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​ធ្វើ​ឲ្យ​យើង​ស័ក្តិសម​ទទួល​អំណោយទាន​ដ៏​មហិមា​របស់​ព្រះ​—ជីវិត​អស់​កល្ប​ជានិច្ច ។ ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​សេចក្តី​សញ្ញា​ដែល​បងប្អូន​ធ្វើ​នៅ​ទីនោះ​គឺ​ជា​គន្លឹះ​ដើម្បី​ពង្រឹង​ជីវិត​របស់​បងប្អូន អាពាហ៍ពិពាហ៍ និង​គ្រួសារ​របស់​បងប្អូន ព្រមទាំង​លទ្ធភាព​របស់​បងប្អូន​ដើម្បី​ទប់ទល់​នឹង​ការវាយ​ប្រហារ​ពី​មារសត្រូវ ។ ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការបម្រើ​របស់​បងប្អូន​នៅទីនោះ​សម្រាប់​ជីដូនជីតា​របស់​បងប្អូន នឹង​ប្រទាន​ពរ​ដល់​បងប្អូន​ឲ្យទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន និង​ភាពសុខសាន្ត​កាន់តែ​ច្រើន ព្រមទាំង​ពង្រឹង​ការតាំងចិត្ត​របស់​បងប្អូន​ដើម្បី​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា » ។

កាល​យើង​ធ្វើតាម​សំឡេង​របស់​ព្រះ និង​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ទ្រង់​នឹង​ពង្រឹង​យើង​នៅក្នុង​ការសាកល្បង​របស់​យើង ។

ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​របស់គ្រួសារ​ខ្ញុំ​កាល​ពី​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​មាន​ការ​ពិបាក​ណាស់ ប៉ុន្តែ​ពេល​យើង​បាន​ទៅ​ដល់​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ម្ដាយ​ខ្ញុំ​ដែល​ពោរពេញ​ដោយ​សេចក្ដី​ជំនឿ​បាន​ពោល​ថា « យើង​នឹង​មិន​អី​ទេ ព្រះអម្ចាស់​នឹង​ការ​ពារ​យើង » ។ យើង​បាន​ផ្សារភ្ជាប់​ជា​គ្រួសារ​ហើយ​ប្អូនស្រី​ខ្ញុំ​បាន​ជា​សះស្បើយ ។ ការណ៍​នេះ​កើតឡើង តែ​ក្រោយពី​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​ឪពុក​ម្ដាយ​ខ្ញុំ និង​នៅ​ក្នុង​ការ​ធ្វើ​តាម​ការបំផុស​គំនិត​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។

គំរូ​របស់​ឪពុកម្ដាយ​ខ្ញុំ​នេះ​នៅ​តែ​ជះឥទ្ធិពល​ដល់​គ្រួសារ​យើង​សព្វថ្ងៃ​នេះ ។ គំរូ​របស់​ពួកគាត់​បាន​បង្រៀន​យើង​ពី មូលហេតុ នៃ​គោលលទ្ធិ​ដំណឹងល្អ ហើយ​ជួយ​យើង​ឲ្យ​យល់​ពី​អត្ថន័យ គោលបំណង និង​ពរជ័យ​ដែល​ដំណឹងល្អ​ផ្ដល់ឲ្យ ។ ការយល់​ពី មូលហេតុ នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ក៏​អាច​ជួយ​យើង​ឲ្យ​ប្រឈម​នឹង​ការសាកល្បង​សេចក្ដី​ជំនឿ​យើង​បាន​ដែរ ។

ទីបំផុត អ្វីៗ​ដែល​ព្រះ​អញ្ជើញ និង​បញ្ជា​យើង​ឲ្យ​ធ្វើ​គឺជា​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង និង​ព្រះទ័យ​ទ្រង់​ដើម្បី​ប្រទាន​ដល់​យើង​នូវ​ពរ​ដែល​បម្រុង​ទុក​សម្រាប់​អ្នក​ស្មោះត្រង់ ។ យើង​មិន​អាច​សន្មត​ថា កូនៗ​យើង​នឹង​រៀន​ស្រឡាញ់​ដំណឹងល្អ​ដោយ​ខ្លួន​គេ​ទេ វា​ជា​ទំនួល​ខុសត្រូវ​របស់​យើង​ដើម្បី​បង្រៀន​ពួកគេ ។ កាល​យើង​ជួយ​កូនៗ​យើង​ឲ្យ​រៀន​ពី​របៀប​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ​ដោយ​ឆ្លាតវៃ គំរូ​របស់​យើង​អាច​បំផុស​ពួកគេ​ឲ្យ​ជ្រើសរើស​សុចរិត​ដោយ​ខ្លួន​គេ​បាន ។ ការរស់នៅ​ដោយ​ស្មោះត្រង់​របស់​ពួកគេ​នឹង​ជួយ​កូនៗ​របស់​គេ ឲ្យ​ដឹង​ពី​សេចក្តីពិត​នៃ​ដំណឹងល្អ​សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់ ។

យុវជន និង​យុវនារី សូម​ស្ដាប់​ព្យាការី​នៅ​ថ្ងៃនេះ​ថ្លែង​មក​កាន់​អ្នករាល់គ្នា ។ ចូរ​ព្យាយាម​រៀន​ពី​សេចក្ដី​ពិត​ និង​ព្យាយាម​យល់​ពី​ដំណឹងល្អ​ដោយ​ខ្លួនឯង ។ ប្រធាន ណិលសុន បាន​ទូន្មាន​ថ្មីៗ​នេះ​ថា « តើ​បងប្អូន​ខ្វះ​ប្រាជ្ញា​អ្វី​ខ្លះ ? … សូម​ធ្វើ​តាម​គំរូ​របស់​ព្យាការី​យ៉ូសែប ។ ស្វែងរក​កន្លែង​ស្ងប់ស្ងាត់​មួយ ។ … សូម​ធ្វើ​ចិត្ត​រាបសា​នៅ​ចំពោះ​ព្រះ ។ សូម​ចាក់​ស្រោច​ដួង​ចិត្ត​របស់​បងប្អូន​ទៅ​រក​ព្រះវរបិតា​សួគ៌ ។ សូម​ងាក​មក​រក​ទ្រង់​ទូល​សូម​ចម្លើយ » ។ កាល​បងប្អូន​ស្វែងរក​ការដឹកនាំ​មកពី​ព្រះវរបិតាសួគ៌​ជា​ទី​ស្រឡាញ់​របស់​បងប្អូន​ ស្ដាប់​តាម​ការទូន្មាន​របស់​ព្យាការី​នៅរស់ និង​មើល​គំរូ​របស់​ឪពុក​ម្ដាយ​ដ៏​សុចរិត បងប្អូន​ក៏​អាច​ក្លាយជា​តំណ​ដ៏​រឹងមាំ​មួយ​នៃ​សេចក្ដីជំនឿ​ក្នុង​គ្រួសារ​របស់​បងប្អូន​បាន​ដែរ ។

ចំពោះ​ឪពុក​ម្ដាយ​ដែល​មាន​កូន​ដើរ​ចេញ​ពី​ផ្លូវ​នៃ​សេចក្ដីសញ្ញា សូម​ទៅរក​ពួកគេ​ដោយ​ទន់ភ្លន់ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់ដឹង​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ សូម​ចាប់ផ្ដើម​ឥឡូវ​នេះ វា​មិន​ដែល​ហួស​ពេល​ទេ ។

គំរូ​ក្នុង​ការរស់នៅ​សុចរិត​របស់​យើង​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ដ៏​ខ្លាំង​មួយ ។ ប្រធាន រ័សុល អិម ណិលសុន មាន​ប្រសាសន៍ ៖ « ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​បាន​ស៊ាំ​នឹង​ការគិតថា ‹ សាសនាចក្រ › ជា​អ្វី​មួយ​ដែល​ធ្វើឡើង​នៅក្នុង​សាលា​ប្រជុំ​របស់​យើង គេហដ្ឋាន​ជា​អ្នក​គាំទ្រ ។ យើង​ចាំបាច់​ត្រូវ​កែសម្រួល​គំនិត​នេះ ។ វា​គឺជា​ពេល​សម្រាប់​សាសនាចក្រ​ផ្ដោត​ទៅ​លើ​គេហដ្ឋាន​ដែល​បាន​គាំទ្រ​ដោយ​អ្វី​ដែល​ធ្វើ​ឡើង​នៅក្នុង​អគារ​សាខា វួដ និង​ស្តេក​របស់​យើង » ។

ព្រះគម្ពីរ​បង្រៀន​ថា « ចូរ បង្ហាត់ កូន ក្មេង ឲ្យ ប្រព្រឹត្ត តាម ផ្លូវ ដែល គួរ ប្រព្រឹត្ត នោះ វា នឹង មិន លះបង់ ពី ផ្លូវ នោះ ដរាប ដល់ ចាស់ » ។

ប៉ុន្តែ​ដោយ​ព្រួយ​បារម្ភ​ពី​បងប្អូន​របស់​លោក​ជា​ពួក​សាសន៍​សូរាំ នោះ​អាលម៉ា បាន​ដាក់​ស្នើ​នូវ​វិធី​មួយ​ដ៏​ប្រសើរ​ជាង​នេះ​ថា ៖« ហើយ​ឥឡូវ​នេះ​ដោយ​ការ​ផ្សាយ​ព្រះបន្ទូល មាន​បណ្តាការ​ដ៏​ធំ​ក្នុងការ​ដឹកនាំ​ប្រជាជន ឲ្យ​ធ្វើ​នូវ​អ្វីៗ​ដែល​ត្រឹមត្រូវ —មែនហើយ វា​មាន​ប្រសិទ្ធភាព​ទៅ​លើ​គំនិត​មនុស្ស​ច្រើន ជាង​ផ្លែ​ដាវ ឬ អ្វី​ផ្សេង​ៗ​ទៀត ដែល​កើតឡើង​ដល់​គេ —ហេតុដូច្នេះហើយ អាលម៉ា​បាន​គិត​ថា ជា​ការ​ចាំបាច់​ដែល​គេ​ត្រូវ​ពិសោធ​គុណធម៌​នៃ​ព្រះបន្ទូល​នៃ​ព្រះ » (

មាន​រឿង​មួយ​អំពី​ស្ដ្រី​ម្នាក់​ ដែល​អន់ចិត្ត ព្រោះ​កូនប្រុស​នាង​ហូប​ស្ករ​គ្រាប់​ច្រើន​ពេក ។ មិន​ថា​នាង​បន្ទោស​គាត់​យ៉ាង​ណា​ទេ គាត់​នៅតែ​ចូលចិត្ត​ហូប​ស្ករ ។ ដោយ​មាន​ចិត្ត​មួរម៉ៅ​ខ្លាំង នាង​សម្រេច​ចិត្ត​ថា​នឹង​យក​កូនប្រុស​នាង​ទៅ​ជួប​នឹង​បុរស​វាងវៃ​ម្នាក់ ដែល​កុមារ​នោះ​គោរព ។

នាង​មក​ជួប​គាត់​ ហើយ​ពោល​ថា « លោក​អើយ កូនប្រុស​ខ្ញុំ​ហូប​ស្ករ​គ្រាប់​ច្រើន​ណាស់ ។ សូម​លោក​ជួយ​ប្រាប់​គាត់​ឲ្យ​ឈប់​ហូប​ស្ករ​គ្រាប់​បាន​ទេ ? »

គាត់​បាន​ស្ដាប់​​យ៉ាង​ប្រុង​ប្រយ័ត្ន រួចបាននិយាយ​ទៅ​កូនប្រុស​នាង​ថា « ទៅ​ផ្ទះ​ចុះ ហើយ​មក​វិញ​ក្នុង​ពេល​ពីរ​សប្ដាហ៍​ទៀត » ។

នាង​បាន​នាំ​កូន​ប្រុស​នាង ទៅ​ផ្ទះ ហើយ​ឆ្ងល់​ពី​មូលហេតុ​ដែល​លោក​មិន​បាន​សុំ​ឲ្យ​ក្មេងប្រុស​នោះ​ឈប់​ហូប​ស្ករ​គ្រាប់ ។

ពីរ​សប្ដាហ៍​ក្រោយ​មក ពួកគេ​បាន​ត្រឡប់​មក​វិញ ។ បុរស​វៃ​ឆ្លាត​នោះ​បាន​មើល​ទៅ​ក្មេងប្រុស​នោះ​ចំ ហើយ​ថ្លែង​ថា « ក្មួយប្រុស ឯង​គួរ​ឈប់​ហូប​ស្ករ​គ្រាប់​ទៅ ។ វា​មិន​ល្អ​ចំពោះ​សុខភាព​ឯង​ទេ » ។

ក្មេង​ប្រុស​នោះ​បាន​ងក់​ក្បាល ហើយ​សន្យា​ថា​គាត់​នឹង​ឈប់ ។

ម្ដាយ​ក្មេងប្រុស​នោះ​បាន​សួរ​ថា « ហេតុអ្វី​លោក​មិន​ប្រាប់​គាត់​ពី​ពីរសប្ដាហ៍​មុន ពេល​ខ្ញុំ​នាំ​គាត់​មក​ជួប​លោក​នៅ​ទីនេះ ? »

បុរស​វាងវៃ​នោះ​បាន​ញញឹម ។ « ពីរ​សប្ដាហ៍​មុន ខ្ញុំ​នៅ​ហូប​ស្ករ​គ្រាប់​ច្រើន​ខ្លួន​ឯង​ដែរ » ។

បុរស​នេះ​បាន​រស់នៅ​ដោយ​សេចក្ដី​ទៀងត្រង់ ព្រោះ​គាត់​ដឹង​ថា ដំបូន្មាន​របស់​លោក​នឹង​មាន​អំណាច ទាល់តែ​បាន​រស់នៅ​តាម​វា​ដោយ​ខ្លួន​លោក​សិន ។

ឥទ្ធិពល​ដែល​យើង​មាន​លើ​កូនៗ​របស់​យើង​មាន​អនុភាព​យ៉ាង​ខ្លាំង កាល​ពួកគេ​ឃើញ​យើង​ដើរ​លើ​ផ្លូវ​សេចក្ដី​សញ្ញា​ដោយ​ស្មោះត្រង់ ។ ព្យាការី​យ៉ាកុប​ក្នុង​ព្រះគម្ពីរ​មរមន​គឺជា​គំរូ​មួយ​នៃ​សុចរិតភាព​បែប​នោះ ។ កូនប្រុស​លោក អេណុស បាន​សរសេរ​ពី​ឥទ្ធិពល​របស់​ការបង្រៀន​របស់​ឪពុក​លោក ៖

« មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ អេណុស ដឹង​ថា ឪពុក​ខ្ញុំ​ជា​មនុស្ស​សុចរិត— ព្រោះ​លោក​បាន​បង្រៀន​ខ្ញុំ​តាម​ភាសា​របស់​លោក និង​តាម​ដំបូន្មាន និង​សេចក្ដី​ដាស់តឿន​របស់​ព្រះអម្ចាស់ — ហើយ​សូម​ឲ្យ​ព្រះនាម​នៃ​ព្រះ​របស់​ខ្ញុំ​បាន​ប្រកប​ដោយ​ព្រះពរ​ចំពោះ​រឿងនេះ​ចុះ ។ …

« … ហើយ​ពាក្យ​ទាំងឡាយ​ដែល​ខ្ញុំ​តែង​បាន​ឮ​ឪពុក​ខ្ញុំ​និយាយ​ជាញឹកញាប់​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​សេចក្ដី​អំណរ​នៃ​ពួកបរិសុទ្ធ​បាន​ជ្រួតជ្រាប​ទៅក្នុង​ដួងចិត្ត​ខ្ញុំ » ។

ម្ដាយ​របស់​កងទ័ព​កម្លោះ​​បាន​រស់នៅ​តាម​ដំណឹងល្អហើយ​កូនៗ​របស់​គាត់​បាន​ពោរពេញ​ដោយ​ការប្រែចិត្ត​ជឿ ។ មេទ័ព​របស់​ពួកគេ​បាន​រាយការណ៍ ៖

« ពួកគេ​ត្រូវ​បាន​បង្រៀន​ដោយ​ម្តាយ​គេ​ថា បើសិន​ជា​ពួក​គេ​ពុំ​សង្ស័យ​ទេ នោះ​ព្រះ​ទ្រង់​នឹង​ដោះ​លែង​ពួក​គេ​ឲ្យ​រួច ។

ហើយ​ពួកគេ​បាន​រៀបរាប់​ប្រាប់​ខ្ញុំ​នូវ​ពាក្យ​ពេចន៍​របស់​ម្ដាយ​គេ​ថា ៖ យើង​ខ្ញុំ​មិន​សង្ស័យ​សោះ​ថា ម្ដាយ​យើង​ដឹង​ការណ៍​នេះ » ។

អេណុស និង​កងទ័ព​កម្លោះ​​ត្រូវបាន​ពង្រឹង​ដោយ​សេចក្ដី​ជំនឿ​របស់​ឪពុក​ម្ដាយ​គេ ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ប្រឈម​នឹង​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ផ្ទាល់ ។

យើង​មាន​ពរ​ពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​នៅ​ជំនាន់​របស់​យើង ដែល​លើក​ស្ទួយ​យើង ពេល​យើង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ឬ​មាន​បញ្ហា ។ យើង​ដឹង​ជា​ថ្មី​ថា ការខិតខំ​របស់​យើង​នឹង​ចេញ​ជា​ផ្លែផ្កា​តាម​ពេល​កំណត់​របស់​ព្រះអម្ចាស់​ផ្ទាល់ ប្រសិនបើ​យើង​ឈាន​ទៅមុខ​ឆ្លងកាត់​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​យើង ។

ថ្មីៗ​នេះ ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​អម​ដំណើរ​អែលឌើរ ដេវីឌ អេ បែដណា ទៅ​ការឧទ្ទិស​ព្រះវិហារ​បរិសុទ្ធ ហៃទី ផត​អូ​ព្រីន ។ កូនប្រុស​របស់​យើង ជត បាន​មក​ជាមួយ​យើង​បាន​ប្រាប់​ពី​បទពិសោធន៍​របស់​គាត់​ថា « អស្ចារ្យ​ណាស់ ប៉ា ! គ្រាន់តែ​អែលឌើរ បែដណា បាន​ចាប់ផ្ដើម​អធិស្ឋាន​ឧទ្ទិស​ភ្លាម ខ្ញុំ​អាច​មាន​អារម្មណ៍​ថា​បន្ទប់​នោះ​ពេញ​ដោយ​ភាពកក់ក្ដៅ និង​ពន្លឺ ។ ការអធិស្ឋាន​នោះ​បាន​បន្ថែម​ការយល់ដឹង​ជាច្រើន​ដល់​ទស្សនវិស័យ​ខ្ញុំ​អំពី​គោលបំណង​នៃ​ព្រះវិហារ​បរិសុទ្ធ ។ វា​ពិតជា​ដំណាក់​របស់​ព្រះអម្ចាស់ » ។

នៅក្នុង​ព្រះគម្ពីរ​មរមន នីហ្វៃ​បង្រៀន​ថា កាល​យើង​ចង់​ដឹង​ពី​ព្រះទ័យ​របស់​ព្រះ នោះ​ទ្រង់​នឹង​ពង្រឹង​យើង ។ លោក​បាន​សរសេរ​ថា « ខ្ញុំ នីហ្វៃ ពេល​នោះ​នៅ​ក្មេង​ណាស់ … ហើយ​មាន​ចិត្ត​មោះមុត ចង់​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​នៃ​ព្រះ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះអម្ចាស់ ហើយ​មើលចុះ ទ្រង់​បាន​យាង​មក​ជួប​នឹង​ខ្ញុំ ហើយ​បន្ទន់​ចិត្ត​ខ្ញុំ បណ្ដាល​ឲ្យ​ខ្ញុំ​ជឿ​អស់​ទាំង​ពាក្យ​ដែល​បាន​ពោល​មក​ដោយ​ឪពុក​ខ្ញុំ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​មិន​បាន​បះបោរ​ទាស់​នឹង​លោក ដូចជា​បងៗ​ខ្ញុំ​នោះ​ទេ » ។១០

បងប្អូន​ប្រុស​ស្រី ចូរ​យើង​ជួយ​កូនៗ​យើង និង​មនុស្ស​ទាំងអស់​នៅ​ជុំវិញ​យើង​ឲ្យ​ធ្វើតាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​អាច​បង្រៀន​ពួកគេ ហើយ​បន្ទន់​ចិត្ត​គេ​ឲ្យ​ចង់​ធ្វើតាម​ទ្រង់​ពេញ​មួយ​ជីវិត​គេ ។

កាល​ខ្ញុំ​ពិចារណា​ពី​គំរូ​របស់​ឪពុក​ម្ដាយ​ខ្ញុំ ខ្ញុំ​ដឹង​ថា សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​នឹង​បង្ហាញ​យើង​ពី​ផ្លូវត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​យើង ។ ខ្ញុំ​ដឹង​ថា អព្ភូតហេតុ​នឹង​កើតឡើង ក្រោយពី​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​យើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា ទ្រង់​ជា​ព្រះអង្គ​សង្រ្គោះ និង​ព្រះ​រំដោះ​របស់​យើង ។ ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​យើង​បាន​យាង​មក​នា​ព្រឹក​នោះ ក្នុង​រដូវ​ផ្ការីក​ឆ្នាំ ១៨២០ ជួប​នឹង​យ៉ូសែប ស្មីធ​វ័យ​ក្មេង ដែល​ជា​ព្យាការី​នៃ​ការស្ដារឡើង​វិញ ។ ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​នៅ​ជំនាន់​របស់​យើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។