ឆ្នាំ ២០១០-២០១៩
ដំណើរផ្សងព្រេង​ដ៏​អស្ចារ្យ​របស់​អ្នក
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ដំណើរផ្សងព្រេង​ដ៏​អស្ចារ្យ​របស់​អ្នក

ព្រះអង្គសង្គ្រោះ​អញ្ជើញយើង ជារៀងរាល់ថ្ងៃ ឲ្យ​ទុក​ចោល​ភាព​សុខស្រួល និង​សុវត្ថិភាព​របស់​យើង​មួយ​អន្លើរ ហើយ​ចូលរួម​ដំណើរ​នៃ​ភាពជាសិស្ស ជា​មួយ​ទ្រង់ ។

Of Hobbits

ប្រលោមលោកប្រឌិត​របស់​កុមារតូចៗ​ដែល​ជា​ទីស្រឡាញ់​បាន​និពន្ធ​ជាច្រើន​ឆ្នាំ​កន្លងទៅ ចាប់​ផ្ដើម​ដោយ​ប្រយោគនេះថា « មាន​មនុស្ស​តឿ​រស់នៅ​ក្នុង​រូង​ក្រោម​ដី​មួយ » ។​

ដំណើររឿង​អំពី​ប៊ីលបូ បាហ្គីនស៍ ជាមនុស្ស​តឿ​ដែល​សាមញ្ញ​បំផុត​ជា​តំណាង​ឲ្យ​ឱកាស​ដ៏​អស្ចារ្យ​បំផុត​មួយ— ឱកាសដ៏ល្អ​នៅ​ក្នុង​ដំណើរ​ផ្សងព្រេង ហើយ​សន្យា​ថា​នឹង​ទទួល​បាន​រង្វាន់​ដ៏​មហិមា ។

បញ្ហា​គឺថា​ពួក​មនុស្សតឿដែលគោរពខ្លួន​ឯងបំផុត​នោះ មិន​ចង់​ធ្វើ​ដំណើរផ្សងព្រេង​អ្វី​នោះទេ។ ជីវិត​របស់​ពួកគេ​គឺ​រស់នៅ​ក្នុង​ភាព​សុខស្រួល ។ ពួកគេ​រីករាយ​នឹង​ទទួលទានអាហារ​ប្រាំមួយ​ពេលក្នុងមួយ​ថ្ងៃ នៅពេល​ពួកគេមាន ហើយ​ចំណាយ​ពេលនៅក្នុង​សួនច្បារ​របស់ពួកគេ ផ្លាស់ប្ដូរ​រឿង​និទាន​ជាមួយ​នឹង​អ្នក​មក​លេង ច្រៀង លេងឧបករណ៍​តន្ត្រី ហើយ​រីករាយ​នឹង​អំណរ​ដ៏​សាមញ្ញ​នៃជីវិត ។

យ៉ាងណា នៅពេល​ប៊ីលបូ ជាតំណាង​ឲ្យ​ទិដ្ឋភាព​នៃ​ការ​ធ្វើដំណើរ​ផ្សងព្រេង​ដ៏ធំ នោះ​ដួងចិត្ត​របស់គាត់​ចាប់អារម្មណ៍​ខ្លាំងនឹង​អ្វីមួយ ។ គាត់បាន​យល់​ពី​ដំបូង​ថា ការ​ធ្វើដំណើរ​នោះ​នឹង​មានឧបសគ្គ ។ ទាំង​មានគ្រោះថ្នាក់ផងដែរ ។ ហើយ​គាត់អាច​នឹង​មិនអាចត្រឡប់មកវិញ​ផងដែរ ។

ប៉ុន្តែ​ការ​ចង់ធ្វើដំណើរ​ផ្សងព្រេង​បាន​ចាក់ដោត​ក្នុង​ជម្រៅ​បេះដូង​គាត់ ។ ដូច្នោះ មនុស្ស​តឿ​សាមញ្ញនេះ បាន​ចាកចេញពី​ភាព​សុខស្រួល ហើយ​​ដើរលើ​ផ្លូវ​ទៅកាន់​ដំណើរផ្សងព្រេង​ដ៏ធំ​មួយ ដែលនឹង​នាំទៅដល់ « ទីនោះ ហើយត្រឡប់មកវិញ » ។​

ដំណើរផ្សងព្រេង​របស់អ្នក

ប្រហែលជា​មូលហេតុមួយ​នៃ​ដំណើររឿងនេះបន្លឺក្នុងខ្លួនមនុស្ស​​ជាច្រើន ដោយសារ​វា​គឺជា​ដំណើររឿង​របស់​យើង​ផងដែរ ។

ជាយូរលង់​មកហើយ តាំងពី​មុន​យើងកើតមក ពេលវេលា​ដ៏យូរ​បាន​កន្លងទៅ ហើយពុំ​បាន​ចងចាំ យើង​ក៏​ត្រូវ​បានអញ្ជើញ​ឲ្យ​ចេញ​ទៅ​ធ្វើដំណើរ​ផ្សងព្រេង ។ ព្រះ ជាព្រះវរបិតាសួគ៌​របស់​យើង​បាន​ដាក់សំណើរ ។ ការទទួល​យក​ដំណើរផ្សងព្រេងនេះ គឺ​មានន័យ​ថា​ត្រូវ​ចាកចេញ​ពី​កន្លែង​សុខស្រួល និងសុវត្ថិភាព​នៃ​វត្តមាន​របស់ទ្រង់​ភ្លាមៗ ។ វា​មានន័យ​ថា​ជាការមកកាន់ផែនដី​សម្រាប់​ការធ្វើដំណើរមួយ​ដែល​មានពេញទៅដោយ​គ្រោះថ្នាក់ និងការសាកល្បង​ដែល​យើង​ពុំដឹង ។

យើង​ដឹងថា​វា​មិន​ងាយស្រួលនោះទេ ។

ប៉ុន្តែ​យើង​ក៏​បាន​ដឹងថា​យើង នឹង​ទទួល​បាន​ទ្រព្យ​ដ៏មានតម្លៃ រួមទាំង​រូបរាងកាយ និងបទពិសោធន៍​នៃ​អំណរ និង​ទុក្ខព្រួយ​យ៉ាងច្រើន​នៅក្នុងជីវិត​រមែងស្លាប់ ។ យើងនឹង​រៀន​ព្យាយាម ពុះពារ និង​ការលំបាក ។ យើង​នឹង​រកឃើញ​សេចក្ដីពិត​អំពី​ព្រះ និង​ខ្លួន​យើង ។

ប្រាកដណាស់ យើង​បានដឹង​ថា​យើងនឹងសាង​កំហុសជាច្រើន​នៅ​ក្នុង​​ការធ្វើ​ដំណើរ ។ ប៉ុន្តែ​យើង​ក៏​មានការ​សន្យាមួយ​ផងដែរ ៖ ថា​ដោយសារ​តែ​ពលិកម្ម​ដ៏​មហិមា​របស់ព្រះយេស៊ូវគ្រីស្ទ យើងនឹង​ត្រូវ​បានស្អាត​ពី​ការរំលង​របស់យើង បន្សុទ្ធ ហើយ​បរិសុទ្ធ​នៅក្នុង​ព្រលឹង​របស់យើង ហើយ​នៅថ្ងៃមួយ​នឹង​បាន​រស់ឡើងវិញ ហើយ​រួបរួមគ្នានឹង​អ្នកទាំងឡាយដែល​យើង​ស្រឡាញ់ ។

យើង​បាន រៀន​ថា ព្រះស្រឡាញ់​យើង​ខ្លាំងប៉ុណ្ណា ។ ទ្រង់​ប្រទាន​ជីវិត​ដល់​យើង ហើយ​ទ្រង់​ចង់​ឲ្យ​យើង​ជោគជ័យ ។ ហេតុដូច្នោះហើយ ទ្រង់​បាន​រៀបចំ​ព្រះអង្គសង្គ្រោះ​មួយអង្គសម្រាប់យើង ។ « ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ » ព្រះវរបិតាសួគ៌​របស់​យើងបានមានបន្ទូលថា « អ្នក​អាច​ជ្រើស​រើស​សម្រាប់​ខ្លួន​ឯង​ផ្ទាល់ ត្បិត​ការណ៍​នោះ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ហើយ » ។

ច្បាស់ជាមាន​ចំណែក​ខ្លះ​ក្នុង​ដំណើរផ្សងព្រេង​ក្នុង​ជីវិតរមែងស្លាប់​នេះ​ដែល​មាន​ទុក្ខព្រួយ ហើយ​ធ្វើ​ឲ្យ​កូនចៅ​របស់ព្រះ​ភ័យខ្លាច ពីព្រោះមាន​បងប្អូន​ប្រុសស្រី​ខាង​វិញ្ញាណ​របស់​យើង​មួយចំនួន​ធំ​បាន​សម្រេចចិត្ត​ជំទាស់ ។

តាមរយៈ​អំណោយទាន និង​អំណាច​នៃ​សិទ្ធិជ្រើសរើស​ក្នុងជីវិតរមែងស្លាប់ នោះយើង​បាន​ប្ដេជ្ញាចិត្ត​ថា អ្វីជាច្រើន​ដែល​យើង​អាច​រៀន និង​ប្រែក្លាយ​អស់កល្បជានិច្ច គឺ​មានតម្លៃខ្លាំង​ដើម្បីធ្វើការ​ប្រថុយ ។

ដូច្នេះ ដោយការទុកចិត្តទៅលើការសន្យា និងព្រះចេស្ដា​របស់ព្រះ និង​ព្រះរាបុត្រា​សំណព្វរបស់ទ្រង់ យើង​បានទទួល​យក​តាមសំណូមពរ ។

ខ្ញុំ​បានធ្វើ ។

ហើយ​បងប្អូនក៏ដូចគ្នា​ដែរ !

យើង​យល់​ព្រម​ចាកចេញពី​ទីសុវត្ថិភាព​ក្នុង​ស្ថានភាពដំបូង​របស់​យើង ហើយ​ចេញ​ទៅ​ធ្វើដំណើរផ្សងព្រេង​ដ៏ធំ​ផ្ទាល់ខ្លួនថា « ទៅទីនោះ ហើយ​ត្រឡប់មកវិញ » ។

ការហៅ​ឲ្យចេញដំណើរផ្សងព្រេង

ប៉ុន្តែ​ជីវិត​រមែង​ស្លាប់ មានផ្លូវមួយ​ដែលរំខាន​យើង មែនទេ? យើង​មានទំនោរ​មើល​រំលងបេសកកម្មធំ​របស់យើង ដោយ​ចង់បានភាព​សុខស្រួល ហើយមិន​ចង់​រីកចម្រើន ឬ​លូតលាស់ទេ ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ មានអ្វីមួយ​ដែល​ពុំ​អាច​បដិសេធ​បាន ចាក់ជ្រៅក្នុងដួងចិត្ត​យើង​ ដែលស្រេកឃ្លាន​នូវ​គោលបំណង​កាន់តែខ្ពស់ និងកាន់តែ​ថ្លៃថ្នូរ ។ ការស្រេកឃ្លាននេះ គឺជា​ហេតុផល​មួយ​ថា​ហេតុអ្វី​មនុស្ស​ត្រូវ​ខិតមករកដំណឹងល្អ និង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ដំណឹងល្អ​ដែលបាន​​ស្ដារឡើងវិញ គឺមានន័យថា ជាការ​​បន្ដ​ការហៅ​ឲ្យ​ធ្វើដំណើរ​ផ្សងព្រេង ដែល​យើង​បានទទួល​យក​តាំងពី​យូរលង់មកនោះ ។ ព្រះអង្គសង្គ្រោះ​អញ្ជើញយើង ជារៀងរាល់ថ្ងៃ ឲ្យ​ទុក​ចោល​ភាព​សុខស្រួល និង​សុវត្ថិភាព​របស់​យើង​មួយ​អន្លើរ ហើយ​ចូលរួម​នឹង​ទ្រង់ធ្វើដំណើរ​នៃ​ភាពជាសិស្ស ។

មានភាពបត់បែនជាច្រើន​នៅលើ​ផ្លូវនេះ ។ មាន​កូនភ្នំ មានជ្រលងភ្នំ និងផ្លូវ​វៀង ។ ប្រហែល​ជាមាន​ពីងពាង​ នុយ និងនាគ​មួយ ឬ​ពីរ ។ ប៉ុន្តែ​បើ​អ្នក​បន្ដ​នៅ​លើផ្លូវ ហើយទុកចិត្តព្រះ អ្នកនឹង​រកឃើញផ្លូវ​ទៅកាន់​ជោគវាសនារុងរឿង ហើយត្រឡប់ទៅកាន់​គេហដ្ឋាន​សួគ៌​របស់អ្នក​វិញ​នៅទីបំផុត ។

ដូច្នេះ តើ​អ្នក​នឹង​ចាប់​ផ្ដើម​ដោយរបៀបណា ?

វា​សាមញ្ញ​ណាស់ ។

ភ្ជាប់​​ដួង​ចិត្ត​របស់អ្នក​ទៅនឹង​ព្រះ ។

ទីមួយ អ្នក​ចាំបាច់​ត្រូវ​ជ្រើសរើសភ្ជាប់​ដួងចិត្ត​របស់អ្នក​ទៅនឹង​ព្រះ ។ ព្យាយាម​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ស្វែងរក​ទ្រង់ ។ រៀន​ស្រឡាញ់​ទ្រង់ ។ ហើយ​បន្ទាប់​មក​អោយ​ក្តី​ស្រលាញ់​នោះ​បំផុសគំនិត​ដល់​អ្នក​អោយ​រៀន​យល់ដឹង​ហើយ​ធ្វើតាម​ការ​បង្រៀន​របស់ទ្រង់​និង​រៀន​គោរព​បទបញ្ញាតិ​របស់ទ្រង់។ ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​របស់ព្រះយេស៊ូវ​គ្រីស្ទ ត្រូវ​បាន​ប្រទានដល់​យើងតាម​របៀប​ដ៏​សាមញ្ញ និង​ងាយ ដែល​កុមារតូច​ម្នាក់អាច​យល់​បាន ។ ប៉ុន្តែ​ដំណឹងល្អ​ព្រះយេស៊ូវគ្រីស្ទ មានចម្លើយ​ចំពោះ​សំណួរ​ស្មុគ្រស្មាញ​បំផុត​នៅក្នុង​ជីវិត ហើយ​​វាមានជម្រៅ និង​ភាព​ស្មុគ្រស្មាញ​យ៉ាងខ្លាំង ដែលត្រូវ​សិក្សា និងពិចារណា​ពេញមួយជីវិត យើង​អាច​នឹងពិបាក​យល់​បាននូវ​ចំណែក​ដ៏​តូច​បំផុត​មួយ ។

បើ​អ្នក​ស្ទាក់ស្ទើរ​នៅ​ក្នុង​ដំណើរ​ផ្សងព្រេងនេះ ដោយសារ​អ្នក​សង្ស័យ​សមត្ថភាព​របស់​អ្នក សូម​ចងចាំ​ថា ភាពជា​សិស្ស​គឺ​ពុំ​មែន​ធ្វើ​អ្វីៗ​ដោយ​ឥតខ្ចោះនោះទេ វា​គឺ​ជាការ​ធ្វើអ្វីៗ​ដោយ​បំណង​ចិត្តវិញ ។ វាគឺជា​ជម្រើស​របស់​អ្នក​ដែល​បង្ហាញ​ពី​ខ្លួន​អ្នកពិត ហួស​ពី​សមត្ថភាព​របស់អ្នកទៅទៀត ។

ទោះជា​អ្នក​បរាជ័យ អ្នកអាច​ជ្រើសរើស​មិន​ចុះចាញ់​នោះឡើយ ប៉ុន្តែ​រកបានភាព​ក្លាហាន​របស់អ្នកវិញ ឆ្ពោះ​ទៅមុខ ហើយ​ក្រោកឡើង ។ នោះគឺជា​ការសាកល្បង​ដ៏​ធំបំផុត​នៅក្នុងការ​ធ្វើដំណើរ ។

ព្រះដឹងថា​អ្នក​មិន​ល្អឥតខ្ចោះ ដែលជួនកាលអ្នក​នឹង​បរាជ័យ ។ ព្រះ​ស្រឡាញ់​អ្នកយ៉ាងខ្លាំងទាំងពេល​មានបញ្ហាក៏ដូចជា​ពេល​ដែល​អ្នកទទួល​បានជោគជ័យ ។

ដូចជា​ឪពុក​ម្ដាយជា​ទីស្រឡាញ់ ទ្រង់​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​បន្ដ​ព្យាយាម​ដោយចេតនាល្អ ។ ភាពជាសិស្ស​គឺ​ដូចជា​ការៀន​លេង​ព្យាណូ ។ ប្រហែលជា​អ្វី​ដែល​អ្នកអាច​ធ្វើ​ពីដំបូង​គឺលេងដូចជាគោះ « ចង្កឹះ » ។ ប៉ុន្តែ​បើអ្នក​បន្ដ​ហាត់សម សំឡេង​សាមញ្ញៗ ​ថ្ងៃណាមួយ​អាច​លេងជា សូណាតាស រាបសូឌីស និងខនសើតូស ។

ឥឡូវ ថ្ងៃនោះ​អាច​នឹងមិន​កើតមាន​ក្នុង​ជីវិត​នេះ ប៉ុន្តែ​វា​នឹង​កើត​មាន ។ អ្វី​ដែលទ្រង់សុំ គឺ​ថា​សូមឲ្យ​អ្នក​បន្ដ​ព្យាយាម​ដោយ​មានមនសិការ ។

ឈោងទៅជួយ​អ្នកដទៃ​ដោយ​ក្ដីស្រឡាញ់

មានអ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ស្ទើរតែជាមតិ​ផ្ទុយ អំពីផ្លូវ​នេះ​ដែលអ្នកបាន​ជ្រើសរើស ៖ វិធីតែមួយ​គត់​សម្រាប់​អ្នក​រីកចម្រើន​នៅក្នុង​ដំណើរ​ផ្សងព្រេង​ដំណឹងល្អ​របស់អ្នក គឺ​ត្រូវ​ជួយ​អ្នកដទៃ​រីកចម្រើន​ផងដែរ ។​

ដើម្បី​ជួយ​អ្នកដទៃ គឺជា ផ្លូវ​នៃភាព​ជាសិស្ស ។ សេចក្ដីជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា និងការបម្រើ​បន្សុទ្ធ​យើង​ជា​ពួក​សិស្ស ។

តាមរយៈ​ការ​ខិតខំ​របស់អ្នក​ដើម្បី​ជួយ​អ្នកក្រីក្រ និងអ្នក​ខ្វះខាត ដើម្បី​ឈោង​ទៅជួយ​អ្នកទាំងឡាយ​ដែល​មានទុក្ខលំបាក អាក្បកិរិយា​ផ្ទាល់ខ្លួន​របស់​អ្នក​គឺ​ត្រូវ​បាន​បន្សុទ្ធ និង​ចម្រើន​ទៅមុខ វិញ្ញាណ​អ្នក​ត្រូវ​បាន​ពង្រីកធំឡើង ហើយអ្នកដើរ​កាន់តែ​ត្រង់ខ្លួន ។

ប៉ុន្តែ​​ក្ដីស្រឡាញ់នេះ ពុំ​អាច​កើតមាន​មកដោយ​ការរំពឹងទុក​ឲ្យ​​បង់ថ្លៃ​សងទេ ។ វា​មិន​អាច​ជា​ប្រភេទ​ការ​បម្រើ​ដែល​រំពឹង​ថា​មាន​ការ​ទទួលស្គាល់ អួតសរសើរ ឬ​គាប់ចិត្តទេ ។

សិស្ស​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​ព្រះ និងកូនចៅ​របស់ទ្រង់​ដោយ​គ្មាន​ការ​រំពឹងចង់បាន​អ្វី​ត្រឡប់មកវិញ ។ យើង​ស្រឡាញ់​អ្នកទាំងឡាយ​ដែល​ធ្វើ​ឲ្យ​យើង​ខកចិត្ត ដែល​មិន​ចូលចិត្ត​យើង ។ ទោះជា​អ្នក​ដែល​ចំអក បំពាន ហើយ​ព្យាយាម​ធ្វើឲ្យ​យើង​ឈឺចាប់ ។

នៅពេល​អ្នក​បំពេញ​ដួងចិត្ត​ដោយ​ក្ដីស្រឡាញ់​បរិសុទ្ធ​របស់ព្រះគ្រីស្ទ នោះ​អ្នកពុំ​មាន​គំនុំ វិនិច្ឆ័យ ឬ​អៀនខ្មាសទេ ។ អ្នក​រក្សា​បទបញ្ញត្តិ​របស់ព្រះ​ដោយ​សារ​អ្នកស្រឡាញ់ទ្រង់ ។ នៅក្នុងដំណើរការនេះ អ្នក​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ​សន្សឹមៗ​នៅក្នុងគំនិត និង​ទង្វើរ ។ ហើយ​តើមាន​ដំណើរ​ផ្សងព្រេង​ណា​ធំធេងជាងនេះ ?

ចែកចាយ​រឿង​របស់​អ្នក

រឿង​ទីបី​ដែល​យើង​ព្យាយាម​មាន​ជំនាញ​នៅក្នុង​ការធ្វើដំណើរនេះ គឺ​ត្រូវ​លើក​ដាក់មក​លើ​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពុំ​អៀនខ្មាស​នឹងខ្លួន​យើងជាសមាជិក​ម្នាក់​នៃ​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

យើង​មិន​លាក់​ជំនឿ​របស់​យើង ។

យើង មិនកប់វា​លាក់ទុកទេ ។

ផ្ទុយ​ទៅវិញ យើង​និយាយ​អំពី​ការ​ធ្វើដំណើរ​របស់​យើង​ជាមួយ​អ្នកដទៃ​តាមរបៀប​សាមញ្ញ និង​តាម​ធម្មតា ។ នោះជា​អ្វី​ដែល​មិត្តធ្វើ — ពួកគេ​និយាយ​អំពី​រឿង​ដែល​សំខាន់​ចំពោះ​ពួកគេ ។ រឿង​ដែល​ជិតនឹង​ដួងចិត្ត​របស់ពួកគេ ហើយធ្វើ​ឲ្យ​មានភាពខុសគ្នា​ចំពោះពួកគេ ។

នោះ​ជា​អ្វី​ដែល​អ្នក​ធ្វើ ។ អ្នក​ប្រាប់​រឿង​ និង​បទពិសោធន៍​របស់​អ្នក​ជាសមាជិក​នៃសាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ពេល​ខ្លះ​រឿង​របស់អ្នក​ធ្វើ​ឲ្យ​មនុស្ស​សើច ។ ពេល​ខ្លះ​វា​ធ្វើ​ឲ្យ​មនុស្ស​យំ ។ ពេល​ខ្លះ​ពួកគេ​នឹង​ជួយ​មនុស្សឲ្យ​បន្ដ​អត់ធ្មត់ តស៊ូ និង​ក្លាហាន​ប្រឈម​មុខ​បន្ដទៀត ពីមួយ​ថ្ងៃទៅមួយថ្ងៃ ហើយ​មកកាន់តែជិត​នឹង​ព្រះ ។

សូម​ចែកចាយ​បទពិសោធន៍​របស់អ្នក​ដោយ​ផ្ទាល់ នៅលើ​ប្រព័ន្ធផ្សព្វផ្សាយ នៅ​ក្នុង​ក្រុម នៅគ្រប់ទីកន្លែង ។

រឿង​ចុង​ក្រោយ​មួយ​ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​ដល់​ពួក​សិស្ស​របស់​ទ្រង់គឺ​ថា ពួកគេ​ត្រូវ​ចេញ​ទៅ​ក្នុងពិភពលោក ហើយ​ចែកចាយ​អំពី​ដំណើរឿង​នៃ​ការ​រស់ឡើងវិញ​របស់ព្រះគ្រីស្ទ ។ សព្វថ្ងៃ​នេះ យើង​រីករាយ​នឹង​ទទួល​យក​ការ​បង្គាប់​ដ៏​មហិមា​នោះផងដែរ ។

សារលិខិត​ដ៏​រុងរឿង​មួយ​ដែល​យើង​ត្រូវ​ចែកចាយគឺ ៖ ដោយសារ​តែ​ព្រះយេស៊ូវគ្រីស្ទ គ្រប់​បុរស ស្ត្រី និង​កុមារ អាច​ត្រឡប់ទៅ​ផ្ទះសួគ៌វិញ​ដោយ​សុវត្ថិភាព នៅទីនោះ រស់នៅក្នុង​សិរីល្អ និង​សេចក្ដីសុចរិត !

មាន​ដំណឹង​ល្អ​ជាច្រើន​ទៀត​ដើម្បី​ចែកចាយ ។

ព្រះបានលេចមកជួប​មនុស្ស​នៅ​ជំនាន់​របស់​យើង ! យើង​មាន​ព្យាការី​ដែល​មាន​ព្រះជន្មរស់

ខ្ញុំ​សូម​រំឭក​អ្នកថា ព្រះ​មិន​ត្រូវការ​​ឲ្យអ្នក « លក់ » ដំណឹងល្អ​ដែលបានស្ដារឡើងវិញ ឬ​សាសនាចក្រ​របស់ព្រះយេស៊ូវគ្រីស្ទទេ ។

ទ្រង់​គ្រាន់តែ​រំពឹង​ថា​អ្នក​មិន​លាក់​វា​នៅ​ក្រោម​ថាំង​ទេ ។

ហើយ​បើ​មនុស្ស​សម្រេច​ចិត្ត​ថាសាសនាចក្រ​នេះ​ពុំមែន​សម្រាប់ពួកគេទេ នោះគឺ​ជា​ការ​សម្រេចចិត្ត​របស់ពួកគេ ។

វា​ពុំ​មាន​ន័យ​ថា​អ្នក​បរាជ័យ​នោះទេ ។ អ្នក​បន្ដ​ប្រព្រឹត្ត​ល្អ​ចំពោះ​ពួកគេ ។ ហើយ​វា​រាប់បញ្ចូល​ទាំង​អ្នក​អញ្ជើញ​ពួកគេ​ម្ដងទៀត ។

ភាព​ខុសគ្នា​រវាង​ទំនាក់ទំនង​សង្គម​ធម្មតា និងភាពជាសិស្ស​ក្លាហាន​ដោយ​មេត្តាគឺ— ការអញ្ជើញ !​

យើង​ស្រឡាញ់ និង​គោរព​ដល់​កូនចៅ​របស់ព្រះ​គ្រប់រូប មិន​ថាពួកគេ​នៅ​ក្នុងឋានៈ​ណា​នៃ​ជីវិតពួកគេ​ មិន​គិត​ពី​ជាតិសាសន៍ ឬ​សាសនា មិនគិត​ពី​ការសម្រេចចិត្ត​ក្នុងជីវិត​របស់ពួកគេ​ជា​យ៉ាងណានោះទេ ។

សម្រាប់​ចំណែក​របស់​យើង យើង​នឹង​និយាយ​ថា « ចូរ​មក​ ហើយមើល ! សូមរកមើល​ដោយ​ខ្លួន​ឯង​អំពី​របៀប​ដើរ​នៅ​លើ​ផ្លូវ​នៃភាព​ជា​សិស្ស នោះ​នឹង​ទទួល​បាន​រង្វាន់ ហើយការលើកតម្កើង » ។

យើង​អញ្ជើញ​មនុស្ស​ឲ្យ « មក ហើយជួយ នៅពេល​យើង​ព្យាយាម​ធ្វើ​ឲ្យ​ពិភពលោក​ក្លាយជាកន្លែង​មួយ​កាន់តែ​ល្អប្រសើរ » ។

ហើយ​យើងនិយាយ​ថា « មក ហើយ​នៅជាមួយយើង ! យើង​ទាំងអស់​គ្នា​គឺជា​បងប្អូន​ប្រុស​ស្រី​នឹង​គ្នា ។ យើង​មិន​ឥតខ្ចោះ​នោះ​ទេ ។ យើង​ទុក​ចិត្ត​ព្រះ ហើយ​ព្យាយាម​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ។

« សូម​ចូលរួម​នឹង​យើង ហើយ​អ្នក​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​ល្អប្រសើរ ។ ហើយ​នៅ​ក្នុង​ដំណើរនោះ អ្នក​នឹង​ប្រែក្លាយ​កាន់តែ​ល្អ​ប្រសើរ​ផងដែរ ។ សូម​ឆក់យក​ឱកាស​នេះ​រួមគ្នា » ។

តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​នៅពេលណា ?

នៅពេល​មិត្ត​របស់​យើង ប៊ីលបូ បាហ្គីន ដឹង​ពី​ការហៅ​ឲ្យ​ចេញ​ដំណើរផ្សងព្រេង​នៅក្នុង​ខ្លួនគាត់ គាត់​បាន​សម្រេចចិត្ត​ថា​ទៅដេក​ឲ្យ​បាន​ស្កប់នៅពេល​យប់ រីករាយ​នឹង​អាហារពេលព្រឹក ហើយ​ចាប់​ផ្ដើម​ធ្វើវាជា​រឿង​ទីមួយ​នៅព្រឹកនោះ ។

នៅពេល​ប៊ីលបូ ភ្ញាក់ឡើង គាត់បាន​កត់សម្គាល់ថា​ផ្ទះ​របស់គាត់​រញ៉េរញ៉ៃ ហើយ​គាត់​ស្ទើរ​តែ​ត្រូវ​បាន​រំខាន​ទាំងស្រុង​មិន​ឲ្យ​ធ្វើ​ផែនការ​ល្អ​របស់គាត់ ។

ប៉ុន្តែ​មិត្ត​របស់គាត់ ហ្គានដាលហ្វ បានមក ហើយសួរ​ថា « តើ​ឯង​នឹង​មក​ដល់​នៅពេល​ណា ? » ដើម្បី​ឲ្យ​ទាន់មិត្តគាត់ ប៊ីលបូ ត្រូវ​សម្រេច​ចិត្ត​ថា​គាត់ត្រូវ​ធ្វើអ្វី ។

ដូច្នេះ​ មនុស្ស​តឿដ៏សាមញ្ញ​បាន​រកឃើញថា​ខ្លួន​គាត់កំពុង​ស្ថិត​នៅលើ​មាត់ច្រក​ទៅកាន់​ផ្លូវ​ធ្វើ​ដំណើរផ្សងព្រេង​យ៉ាងលឿន ​គាត់បាន​ភ្លេច​មួក ​ឈើច្រត់ និងកន្សែងដៃ ។ គាត់ថែមទាំង​​បាន​ទុក​អាហារ​ពេលព្រឹកទីពីរ​របស់គាត់ចោល ។

ប្រហែលជា​មានមេរៀន​មួយនៅ​ទីនេះ​សម្រាប់​យើង​ផងដែរ ។

បើ​អ្នក និង​ខ្ញុំ​មាន​អារម្មណ៍​រំជួលចិត្ត​ឲ្យ​ចូលរួម​ក្នុង​ដំណើរផ្សងព្រេង​ដ៏​មហិមា​អំពី​ការរស់នៅ និង​ការ​ចែកចាយ​អ្វី​ដែល​ព្រះវរបិតាសួគ៌​យើង​បាន​រៀបចំ​សម្រាប់​យើង​ជា​យូរ​លង់មក ខ្ញុំ​សូមអះអាង​នឹង​អ្នកថា ថ្ងៃនេះ​គឺជា​ថ្ងៃដើម្បីធ្វើ​តាម​ព្រះរាជបុត្រា​របស់ព្រះ និង​ព្រះអង្គសង្គ្រោះ​របស់ទ្រង់​នៅលើ​មាគ៌ា​នៃ​ការបម្រើ និងភាព​ជាសិស្ស​របស់​ទ្រង់ ។

យើង​អាច​ចំណាយពេល​ពេញ​មួយជីវិត​រងចាំ​ឱកាស​នោះ នៅពេល​អ្វីៗតម្រៀបគ្នា​យ៉ាង​ល្អឥតខ្ចោះ ។ ប៉ុន្ដែ​ឥឡូវ​គឺ​ជា​ពេល​ដើម្បី​តាំងចិត្ត​ពេញលេញ​ដើម្បី​ស្វែងរក​ព្រះ ផ្ដល់ការងារ​បម្រើ​ដល់អ្នកដទៃ ហើយចែកចាយ​បទពិសោធន៍​របស់​យើងជាមួយ​អ្នកដទៃ ។

សូមទុក​មួក ឈើច្រត់ កន្សែងដៃ និង​ផ្ទះរញ៉េរញ៉ៃចោល​សិនទៅ ។១០

ចំពោះ​គ្នា​យើង​ដែល​បាន​ដើរ​នៅលើ​ផ្លូវ​នោះ​រួចហើយ សូម​ក្លាហាន មានក្ដីមេត្តា មានទំនុកចិត្ត ហើយ​បន្ដទៅមុខ !

ចំពោះអ្នកដែល​បាន​ចាកចេញ​ពី​ផ្លូវ សូម​ត្រឡប់មកវិញ ចូលរួមនឹង​ពួក​យើង​ម្ដងទៀត សូម​ជួយ​យើង​ឲ្យ​កាន់តែខ្លាំង ។

ហើយ​ចំពោះ អ្នក​ដែលពុំទាន់​ដើរ​លើផ្លូវ​នៅឡើយ ហេតុអ្វី​ក៏​នៅពន្យាពេល​ទៀត ? បើ​អ្នក​ចង់​មានបទពិសោធន៍​ដំណើរខាង​វិញ្ញាណ​ដ៏​អស្ចារ្យនេះ សូម​ឈានជើង​របស់អ្នក​ក្នុង​ដំណើរផ្សងព្រេង​ដ៏​ធំ​ដោយខ្លួន​ឯង ! និយាយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ និយាយ​នឹង​មិត្ត​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​របស់អ្នក ។ សូម​និយាយ​នឹង​ពួកគេអំពី​កិច្ចការ​ដ៏​ធំ និងអស្ចារ្យនេះ ។ ១១

ដល់​ពេល​ត្រូវ​ចាប់ផ្ដើម​ហើយ ។

សូមមកចូលរួមជាមួយយើង !

បើ​អ្នក​បាន​ដឹង​ថា ជីវិត​របស់​អ្នកអាច​មានអត្ថន័យ​កាន់តែ​ច្រើន គោលបំណង​កាន់តែ​ខ្ពស់ ចំណង​គ្រួសារ​កាន់តែ​ខ្លាំង និង​ទំនាក់ទំនង​កាន់តែ​ជិតនឹង​ព្រះ សូមមកចូលរួមជាមួយយើង ។

បើ​អ្នក​ស្វែងរក​សហគមន៍​មនុស្ស​មួយ​ដែល​ធ្វើការ​ដើម្បី​ប្រែក្លាយ​ទៅ​ជា​ខ្លួន​ពួកគេល្អបំផុត សូមជួយ​ដល់អ្នកទាំងឡាយ​ដែល​ត្រូវការ ហើយ​ធ្វើ​ឲ្យពិភព​លោក​​ជាកន្លែង​កាន់តែ​ល្អប្រសើរ សូមមកចូលរួមជាមួយយើង !

សូមមក ហើយ​មើល​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ ស្រស់ស្អាត និង​មហិមា​ជា​អ្វី ។

នៅ​តាមផ្លូវនោះ អ្នក​នឹង​រកឃើញខ្លួន​អ្នក ។

អ្នក​នឹង​រកឃើញ​អត្ថន័យ ។

អ្នកនឹង​រកឃើញ​ព្រះ ។

អ្នក​នឹង​រកឃើញ​ដំណើរផ្សងព្រេងដ៏​រុងរឿង​បំផុត​នៅ​ក្នុងជីវិត​អ្នក ។

ខ្ញុំសូមថ្លែងទីបន្ទាល់ អំពីការណ៍នេះនៅក្នុងព្រះនាមនៃ​ព្រះប្រោសលោះ និងព្រះអង្គសង្គ្រោះរបស់យើង ជាព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ជេ. អរ. អរ. តូលខៀន, The Hobbit or There and Back Again (ប៊ូតុង ហូហ្វតុន មីហ្វីន ឆ្នាំ ១៩៣៧ ), ៣ ។

  2. ចំណងជើងរង​នៃរឿង The Hobbit។

  3. ម៉ូសេ ៣:១៧ ។

  4. សូមមើល យ៉ូប ៣៨:៤–៧ ( ពួកបុត្រា​នៃ​ព្រះ​បាន​ស្រែក​អរ សាទរ ); អេសាយ ១៤:១២–១៣ (« តម្កើង​បល័ង្គ​យើង​ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ផ្កាយ​របស់​ព្រះ »); វិវរណៈ ១២:៧–១១ ( មាន​សង្គ្រាម​នៅ​ស្ថានសួគ៌ ) ។

  5. « ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ពិពណ៌អំពី សិទ្ធិ​ជ្រើសរើស ថាជា ‹ គំនិតឯករាជ្យដែល​ស្ថានសួគ៌​បាន​ប្រទាន​ឲ្យប្រកប​ដោយ​ព្រះគុណ​ចំពោះ​គ្រួសារ​មនុស្ស​ជា​អំណោយ​ជម្រើស​បំផុត​មួយ › [Teachings of the Prophet Joseph Smith, comp. Joseph Fielding Smith ( ឆ្នាំ ១៩៧៧ ), ៤៩] ។ ‹ គំនិត​ឯករាជ្យ › ឬ​សិទ្ធិសេរីភាព គឺ​ជា​អំណាច​ដែល​អនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់ៗ ‹ ធ្វើ​ជា​ភ្នាក់ងារ​ខ្លួន​ឯង › (គ&ស ៥៨:២៨ ) ។ វាហ៊ុំព័ទ្ធ​ទាំង​ការ​អនុវត្ត​ឆន្ទៈ​ដើម្បី​ជ្រើសរើស​រវាង​សេចក្ដីល្អ និង​សេចក្ដីអាក្រក់ ឬ​ការ​ខុសកម្រិត​គ្នា​នៃ​សេចក្ដី​ល្អ ឬ​និង​សេចក្ដីអាក្រក់ ហើយ​ក៏​ជា​ឱកាស​ដើម្បី​មាន​បទពិសោធន៍​លទ្ធផល​នៃ​ជម្រើស​នោះ ។ ព្រះវរបិតាសួគ៌​ស្រឡាញ់​កូនចៅ​របស់​ទ្រង់​យ៉ាង​ខ្លាំង ដែលទ្រង់​ចង់​ឲ្យ​យើង​ទទួល​បាន​សក្ដានុពល​ពេញលេញ​របស់​យើង-ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ដើម្បី​រីកចម្រើន មនុស្ស​ម្នាក់​ត្រូវ​តែ​ទទួល​បាន​សមត្ថភាព​ដើម្បី​ធ្វើ​ការ​សម្រេចចិត្ត​ដែល​ពួកគេ​ប្រាថ្នា ។ សិទ្ធិសេរីភាព​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ផែនការ​របស់ទ្រង់​សម្រាប់​កូនចៅ​របស់​ទ្រង់​ដែល ‹ សូម្បី​តែ​ព្រះ​មិនអាច​បង្កើត​មនុស្ស​ដូចជា​រូបអង្គទ្រង់​ដោយ​ពុំ​ឲ្យ​ពួកគេមាន​សេរីភាព​នោះដែរ › [ ដាវីឌ អូ. ម៉ាក់ខេ, « Whither Shall We Go? Or Life’s Supreme Decision, » Deseret News, ថ្ងៃទី ៨, ១៩៣៥, ១] » ( Byron R. Merrill, « Agency and Freedom in the Divine Plan,» នៅ​ក្នុង Window of Faith: Latter-day Saint Perspectives on World History, បាន​បោះពុម្ព. Roy A. Prete [ ២០០៥], ១៦២ ) ។

  6. នៅ​ក្នុង​ប្រលោមលោក​របស់​នាង Harry Potter and the Chamber of Secrets, អ្នក​និពន្ធ ជេ. ខេ. រ៉ូលីង មាន ហកវើត ហែតម៉ាស្ទើរ ដាំប្លីដ័រ បាន​និយាយ​អ្វីមួយ​ដែល​ស្រដៀងគ្នា​នេះ​ទៅ​កាន់ ហារី ផតទើរ ។ វា​គឺ​ជា​ដំបូន្មាន​ដ៏​ល្អ​សម្រាប់​យើង​ផងដែរ ។ ខ្ញុំ​បាន​ប្រើវា​នៅ​ក្នុង​សារ​ពី​មុនមក ហើយ​គិត​ថា​វា​មាន​តម្លៃ​ដើម្បី​និយាយ​ឡើង​វិញ ។

  7. « ពួកស្ងួនភ្ងាអើយឥឡូវនេះយើងរាល់គ្នាជាកូន ព្រះ ហើយតែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណា ទៀតនោះមិនទាន់សំដែងមកនៅឡើយប៉ុន្តែយើងដឹង ថាកាលណាទ្រង់លេចមកនោះ យើងនឹងបានដូចជាទ្រង់ ដ្បិត ដែល ទ្រង់យ៉ាងណានោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង ( យ៉ូហាន១ ៣៖ ២ ជាការបញ្ចាក់បន្ថែម) ។

    ខណៈ​ដែល​ការ​ផ្លាស់ប្រែ​ដូច្នេះ​អាច​នឹង​ហួស​ពី​សមត្ថភាព​របស់​យើង​ដើម្បី​យល់ដឹង « ព្រះវិញ្ញាណ​ថ្លែង​ទីបន្ទាល់​ជាមួយ​វិញ្ញាណ​របស់​យើង ថា​យើង​គឺជា​កូនចៅ​របស់​ព្រះ ៖

    « បើសិនណាជាកូនព្រះហើយ នោះ យើង ក៏ បាន គ្រង មរដក ដែរ គឺ ជា អ្នក គ្រង មរដក នៃ ព្រះ ជា មួយ នឹង ព្រះគ្រីស្ទ ផងឲ្យតែយើងទទួលរងទុក្ខជាមួយនឹងទ្រង់ ចុះ ដើម្បី ឲ្យ បាន ដំកើង ឡើង ជា មួយ នឹង ទ្រង់ ដែរ។

    «ខ្ញុំ រាប់ អស់ ទាំង សេចក្តី ទុក្ខ លំបាក នៅ ជាន់ នេះ ថា ជា សេចក្តី មិន គួរ ប្រៀបផ្ទឹម នឹង សិរីល្អដែលនឹងបើក សំដែងមកឲ្យយើងរាល់គ្នាឃើញនោះទេ» (រ៉ូម ៨: ១៦–១៨ ជាការបញ្ចាក់បន្ថែម )។

  8. សូមមើល ម៉ាថាយ ២៨:១៦-២០ ។

  9. ថូលគិន, The Hobbit, ទំព័រ ៣៣ ។

  10. សូម​មើល លូកា ៩:៥៩–៦២

  11. សូម​មើល ឡឺក្រង់ រីឆាត, A Marvelous Work and a Wonder, rev. ed. (ឆ្នាំ ១៩៦៦ ) ។