ឆ្នាំ ២០១០-២០១៩
ពួក​សាក្សី កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ពួក​សាក្សី កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី

ការ​កែ​សម្រួលនានា​ដែល​យើង​នឹង​ប្រកាស​នៅ​ពេល​នេះ​ គឺក្នុង​គោលបំណង​ជួយដល់​យុវជន និង​យុវនារី​អភិវឌ្ឍ​សក្ដានុពល​ដ៏ពិសិដ្ឋ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ វា​អស្ចារ្យ​ណាស់ដែល​បាន​នៅ​ជាមួយ​នឹង​បងប្អូន​ម្ដង​ទៀត​ក្នុង​សន្និសីទ​ទូទៅ ។ នៅ​ដើម​សប្ដាហ៍​នេះ មាន​សេចក្ដី​ប្រកាស​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​សមាជិក​សាសនាចក្រ​អំពី​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​ស្ដីពី​អ្នក​ដែល​អាច​បម្រើ​ជា​ពួក​សាក្សី​ក្នុង​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បរិសុទ្ធ​នៃ​ពិធី​ផ្សារ​ភ្ជាប់ ។ ខ្ញុំ​ចង់​គូស​បញ្ជាក់​ពី​ចំណុច​ទាំង​បី​នោះ ។

  1. ពិធីបុណ្យជ្រមុជទឹក​ជំនួស​មរណជន អាច​មាន​សាក្សី​ជានរណា​ម្នាក់​ដែល​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មាន​សុពលភាព រួម​ទាំង​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ការ​ប្រើ​ប្រាស់​ផងដែរ ។

  2. រាល់​សមាជិក​ដែល​ទទួល​អំណោយទាន​ពិសិដ្ឋ​រួចហើយ ដែល​កាន់​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​សុពលភាព​ អាច​បម្រើ​ជា​សក្សី​ម្នាក់​ក្នុង​ពិធី​បរិសុទ្ធ​នៃ​ពិធី​ផ្សារភ្ជាប់​សម្រាប់​អ្នក​នៅរស់ និង​ពិធី​ជំនួស​បាន ។

  3. រាល់​សមាជិក​សាសនាចក្រ​ដែល​បាន​ជ្រមុជទឹក​រួច​អាច​បម្រើ​ជា​សាក្សី​ក្នុង​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​អ្នក​នៅ​រស់​បាន ។ ការ​ផ្លាស់ប្ដូរ​នេះ​ទាក់ទង​នឹង​ពិធី​បុណ្យ​ជ្រមុជទឹក​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធទាំងអស់ ។

ការ​កែ​សម្រួល​គោលនយោបាយ​ទាំង​នេះ​គឺជា​ទម្រង់ការ ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា​ជាមូលដ្ឋាន គឺ​ពុំ​ផ្លាស់ប្ដូរទេ ។ វាមានភាព​ពិសិដ្ឋ​ស្មើគ្នា​នៅ​គ្រប់​ពិធីបរិសុទ្ធ​ទាំងអស់ ។ ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​គួរ​តែ​បង្កើន​ការ​ចូល​រួម​យ៉ាង​ច្រើន​ពី​គ្រួសារ​នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំង​នេះ ។

ខ្ញុំ​ក៏​ចង់​និយាយ​ទៅ​កាន់​បងប្អូន​នៅ​ពេល​នេះ ឲ្យ​ណែនាំ​ពី​ការ​កែសម្រួល​នានា​ដែល​ទាក់ទង​ទៅ​យុវវ័យ​និង​ថ្នាក់​ដឹកនាំ​របស់​ពួកគេ​ផង​ដែរ ។

បងប្អូន​នឹង​ចងចាំ​ថា ខ្ញុំ​បាន​អញ្ជើញ​​យុវវ័យ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឲ្យ​ចូល​រួម​នៅ​ក្នុង​ទ័ព​ចម្បាំង​យុវវ័យ​របស់​ព្រះអម្ចាស់ ដើម្បី​ចូល​រួម​នៅ​ក្នុង​បុព្វហេតុ​ដ៏​ធំ​បំផុត​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ—គឺ​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ ខ្ញុំ​បាន​ធ្វើ​ការ​អញ្ជើញ​នេះ​ដល់​យុវវ័យ​របស់​យើង ដោយសារ​ពួកគេ​មាន​អំណោយ​ទាន​អស្ចារ្យ​នៅ​ក្នុង​ឈោង​ទៅ​ជួយ​មនុស្ស​ដទៃ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​ជឿ​តាម​របៀប​ដែលធ្វើ​ឲ្យ​ជឿ ។ បុព្វហេតុ​នៃ​ការ​ប្រមូល​ផ្ដុំ​នេះ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ជួយ​រៀបចំ​ពិភពលោក​នេះ និង​មនុស្ស​ទាំងអស់​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

ក្នុង​វួដ​នីមួយៗ ទ័ព​ចម្បាំងយុវវ័យ​របស់​ព្រះអម្ចាស់​ត្រូវ​បាន​ដឹកនាំ​ដោយ​ប៊ីស្សព ជា​អ្នក​បម្រើ​ដ៏​លះបង់​ម្នាក់​របស់​ព្រះ ។ ការ​ទទួល​ខុសត្រូវ​ដ៏​សំខាន់​បំផុត​របស់​គាត់​គឺ ដើម្បី​មើល​ថែ​យុវជន និងយុវនារីនៅ​ក្នុង​វួដ​របស់​គាត់ ។ ប៊ីស្សព និង​ទីប្រឹក្សា​របស់​គាត់​ដឹកនាំ​កិច្ចការ​​ថ្នាក់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​ក្រុម​យុវនារី​នៅ​ក្នុង​វួដ ។

ការ​កែ​សម្រួលនានា​ដែល​យើង​នឹង​ប្រកាស​នៅ​ពេល​នេះ​ គឺក្នុង​គោលបំណង​ជួយដល់​យុវជន និង​យុវនារី​អភិវឌ្ឍ​សក្ដានុពល​ដ៏ពិសិដ្ឋ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ យើង​ក៏​ចង់​ពង្រឹង​ដល់​ថ្នាក់កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ហើយ​ផ្ដល់​ការ​គាំទ្រ​ដល់​ប៊ីស្សព និង​ថ្នាក់​ដឹកនាំ​ជា​មជ្ឈិមវ័យ​ផ្សេង​ទៀត​ផង​ដែរ ពេល​ពួកគេ​បម្រើ​ដល់​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ។

ឥឡូវ​នេះ អែលឌើរ ឃ្វីនធិន អិល ឃុក នឹង​ពិភាក្សា​ពី​ការ​កែសម្រួល​ដែល​ទាក់ទង​នឹង​យុវជន ។ ហើយ​នៅ​យប់​នេះ ក្នុង​សម័យប្រជុំ​ស្ត្រី​ទូទៅ ស៊ីស្ទើរ បូនី អេច ខ័រឌុន ប្រធាន​យុវនារី​ទូទៅ នឹង​ពិភាក្សា​ពី​ការ​កែសម្រួល​ដែល​ទាក់ទង​នឹង​យុវនារី ។

គណៈប្រធានទីមួយ និង​ពួកដប់ពីរ​នាក់​បាន​អនុម័ត​ព្រមគ្នា​ចំពោះ​កិច្ច​ខិតខំ​ទាំង​នេះ​ដើម្បី​ពង្រឹង​ដល់​យុវវ័យ​របស់​យើង ។ ឱ ! យើង​ពិត​ស្រឡាញ់​ពួកគេ ហើយ​អធិស្ឋាន​ឲ្យ​ពួកគេ​ខ្លាំង​ណាស់ ។ ពួកគេ​គឺជា​« សង្ឃឹម​នៃ​អ៊ីស្រាអែល កងទ័ព​ស៊ីយ៉ូន កូនចៅ​នៃ​ដែន​ដី​សន្យា » ។ យើង​សូម​សម្ដែង​នូវ​ទំនុកចិត្ត​ទាំង​ស្រុង​ទៅលើ​យុវវ័យ​របស់​យើង ហើយ​មាន​អំណរគុណ​ចំពោះ​ពួកគេ ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល​ផងដែរ រ័សុល អិម ណិលសុន « សង្ឃឹម​​អ៉ីស្រាអែលការប្រជុំ​​ធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣​ ខែ មិថុនា ឆ្នាំ ២០១៨ ) HopeofIsrael.ChurchofJesusChrist.org ។

  2. « សង្ឃឹម​នៃ​អ៊ីស្រាអែល » ទំនុកតម្កើង ល.រ. ២៥៩ ។