ឆ្នាំ ២០១០-២០១៩
ស្ត្រី​នៃសេចក្ដី​សញ្ញា​រួប​រួម​ជាមួយ​នឹង​ព្រះ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ស្ត្រី​នៃសេចក្ដី​សញ្ញា​រួប​រួម​ជាមួយ​នឹង​ព្រះ

ការប្រែក្លាយជា​ស្ត្រី​ក្នុង​សេចក្ដីសញ្ញា​ម្នាក់​រួបរួម​ជាមួយ​នឹង​ព្រះ គឺ​ជា​បុត្រី​ដ៏អស្ចារ្យ និង​ល្អ​របស់​ព្រះ​ដែល​តែងតែ​បីបាច់ ដឹកនាំ និង​ផ្ដល់​ការងារ​បម្រើ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ពរជ័យ​នៃ​ការ​ថ្លែង​ទៅ​កាន់​បងប្អូន ជា​បុត្រី​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ ។ នារាត្រី​នេះ គោលបំណង​រ​បស់​ខ្ញុំ​គឺ​ដើម្បីលើក​ទឹក​ចិត្ត​បងប្អូន​នៅ​ក្នុង​ការ​បម្រើ​ដ៏​ធំ​ដែល​បងប្អូន​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ ។ ពិតណាស់ បុត្រី​របស់ព្រះគ្រប់​រូប​បាន​ទទួល​ការ​ហៅ​មួយ​មក​ពី​ព្រះអម្ចាស់ ព្រះយេស៊ូវ គ្រីស្ទ ។

ការ​ហៅ​រ​បស់​បងប្អូនបាន​ចាប់ផ្ដើម ពេល​បងប្អូន​បាន​កើត​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ក្នុង​ទីកន្លែង​មួយ និង​ពេលវេលា​មួយដែលបាន​ជ្រើស​រើស​សម្រាប់​បងប្អូនដោយ ព្រះ​​ដែល​ស្គាល់​ ហើយ​ស្រឡាញ់​បងប្អូន​យ៉ាង​ល្អ​ឥត​ខ្ចោះ ក្នុង​នាម​ជា​បុត្រី​របស់​ទ្រង់ ។ ក្នុង​ពិភព​វិញ្ញាណ ទ្រង់​បាន​ស្គាល់​បងប្អូន ហើយ​បាន​បង្រៀន​បងប្អូន ហើយ​ដាក់​បងប្អូន​នៅ​កន្លែង​ដែល​បងប្អូន​នឹង​មាន​ឱកាស​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលទៅ​ក្នុង​អាង​ជ្រមុជទឹក​មួយ ដែល​ជា​ឱកាស​ដ៏​កម្រ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភព​លោក​នេះ ។ នៅ​ទីនោះ បងប្អូន​នឹង​បាន​ឮ​អ្នក​បម្រើ​ដែល​បាន​ហៅ​មួយ​រូប​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​បន្លឺ​ឡើង​នូវ​ពាក្យ​ពេចន៍​ទាំង​នេះ​ថា « ដោយ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ព្រះ​យេស៊ូវគ្រីស្ទ ខ្ញុំ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​អ្នក ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​វរបិតា និង​នៃ​ព្រះ​រាជបុត្រា និង​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ អាម៉ែន » ។

ពេល​បងប្អូន​ចេញ​​ពី​ទឹក​នោះ​មក បងប្អូន​បាន​ទទួល​យក​ការ​ហៅ​ឲ្យ​បម្រើ​មួយ​ទៀត ។ ក្នុង​នាម​ជា​បុត្រី​នៃ​សេចក្ដី​សញ្ញា​ថ្មី​របស់​ព្រះ បងប្អូន​បាន​ធ្វើ​ការ​សន្យា​មួយ ហើយ​បាន​ទទួល​កិច្ចការ​មួយ​នៅ​ក្នុង​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​បន្ទាប់​មក​បងប្អូន​ត្រូវ​បាន​បញ្ជាក់​ជា​សមាជិក ។ បងប្អូន​បាន​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​បម្រើ​ទ្រង់ ។

សម្រាប់​បុគ្គល​ម្នាក់ៗ​ដែល​ចុះ​សេចក្ដី​សញ្ញា​ទាំង​នេះ ការ​បម្រើ​ដែល​ព្រះអម្ចាស់​ហៅ​គាត់​ឲ្យ​ធ្វើ​នឹង​ស័ក្ដិសម​យ៉ាង​ល្អ​ឥត​ខ្ចោះ​ចំពោះ​បុគ្គល​នោះ ។ ប៉ុន្តែ បុត្រី និង​បុត្រា​​នៃសេចក្ដី​សញ្ញា​របស់​ព្រះ ចែកចាយ​នូវ​ការ​ហៅ​មួយ​ដ៏​សំខាន់​ ហើយ​ពេញ​ដោយ​អំណរ ។ វា​គឺជា​ការ​បម្រើ​មនុស្ស​ដទៃ​ជំនួស​ទ្រង់ ។

ដោយ​ថ្លែង​ទៅ​កាន់​បងប្អូ​នស្រី ប្រធាន រ័សុល អិម ណិលសុន បាន​ផ្ដល់​ការ​សង្ខេប​ដ៏​មាន​ខ្លឹម​សារ​មួយ​អំពី​ការអំពាវ​នាវរបស់​ព្រះអម្ចាស់​ចំពោះ​បងប្អូន​ឲ្យ​ចូល​រួម​នឹង​ទ្រង់​ក្នុង​កិច្ចការ​របស់​ទ្រង់​។ ប្រធាន ណិលសុន បាន​ពិពណ៌នា​អំពី​ការហៅ​របស់​អ្នក​តាមរបៀប​នេះ​ថា ៖ « ព្រះអម្ចាស់​បា​ន​មាន​បន្ទូល​ថា ‹ កិច្ចការ និង​សិរីល្អ​របស់យើង គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស › ។( ​ម៉ូសេ ១:៣៩) ។ ដូច្នេះ បុត្រី​ដែល​មាន​ការ​លះបង់​ខ្ពស់​របស់​ទ្រង់​អាច​នឹង​ថ្លែង​ឡើង​ថា ‹ កិច្ចការ​ និង​សិរីល្អ​របស់​ខ្ញុំ​គឺ​ដើម្បី​ជួយ​ឲ្យ​មនុស្ស​ជាទីស្រឡាញ់​របស់​ខ្ញុំ​ឈាន​ដល់​គោលដៅ​សួគ៌ា​នោះ › ។

« ដើម្បី​ជួយ​មនុស្ស​ម្នាក់​ទៀត​ឲ្យ​ឈាន​ដល់​សក្ដានុពល​ខាង​សេឡេស្ទាល​របស់​មនុស្ស​គឺជា​ផ្នែក​នៃ​បេសកកម្ម​ដ៏​ទេវភាព​របស់​ស្ត្រី ។ ក្នុង​នាម​ជា​ម្ដាយ គ្រូបង្រៀន ឬ​ពួក​បរិសុទ្ធ​ដែល​ចិញ្ចឹម​បី​បាច់ គាត់សូន​ដី​ឥដ្ឋ​ដែល​មាន​ជីវិត​នោះ​ឲ្យ​ចេញ​ជា​រូប​រាង​តាម​សេចក្ដី​សង្ឃឹម​របស់​គាត់ ។ ដោយ​រួបរួម​ជាមួយ​នឹង​ព្រះ បេសកកម្ម​ដ៏​ទេវភាព​របស់​គាត់​គឺ​ដើម្បី​ជួយ​វិញ្ញាណ​ឲ្យ​រស់ ហើយ​​ព្រលឹងត្រូវ​បាន​តម្កើង​ឡើង ។ នេះ​គឺជា​រង្វាស់​នៃ​ការ​បង្ក​បង្កើត​របស់​គាត់ ។ វា​មាន​ភាព​រុងរឿង ស្អាង​ឡើង ហើយ​តម្កើង​ឡើង » ។

អ្នក​ពុំ​អាច​ដឹង​ថា បេសកកម្ម​របស់​បងប្អូន​ផ្ទាល់​នឹង​ផ្ដោត​លើ​ការ​បម្រើ​នៅ​ក្នុង​ការ​ហៅ​ដូចជា ម្ដាយ ថ្នាក់​ដឹកនាំ ឬ​បងប្អូន​ស្រី​ដែលផ្ដល់​ការងារ​បម្រើ​នៅ​ពេលណា ឬ​រយៈពេល​ប៉ុណ្ណា​នោះទេ ។ ដោយសារ​តែ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ព្រះអម្ចាស់ទុក​ឲ្យ​យើង​ជ្រើស​កាល​វេលា រយៈពេល ឬ​លំដាប់​នៃ​កិច្ចការ​របស់​យើង​ឡើយ ។ ប៉ុន្តែ​បងប្អូន​ដឹង​មក​ពី​បទគម្ពីរ និង​ពួក​ព្យាការី​នៅ​រស់​ថា រាល់​កិច្ចការ​ទាំង​នេះ​នឹង​កើត​មានចំពោះ​បុត្រី​គ្រប់​រូប​របស់​ព្រះ ទោះជា​ក្នុង​ជីវិត​នេះ ឬ​ក្នុង​ជីវិត​ក្រោយ​ក្ដី ។ ហើយ​អ្វីទាំងអស់​គឺ​ជា​ការ​រៀបចំ​សម្រាប់​ជីវិត​អស់​កល្ប​ជានិច្ច​នៅក្នុង​ក្រុម​គ្រួសារ​ជា​ទីស្រឡាញ់—« ជា​អំណោយទាន​ដ៏​ធំ​បំផុត​របស់​ព្រះ » ។

បងប្អូន​នឹង​មាន​ភាព​ឆ្លាត​វៃ​បើ​ខិតខំ​ប្រឹង​ប្រែង​រៀបចំខ្លួន​នៅ​ពេល​នេះ​ដោយ​គិត​ពី​គោលដៅ​ចុងក្រោយ​នោះ ។ កិច្ចការ​នោះ​គឺ​មាន​ភាព​ងាយ ដោយសារ​កិច្ចការ​ទាំង​នេះ​នីមួយៗ​តម្រូវ​ឲ្យ​មាន​ការ​រៀបចំខ្លួន​ដូច​គ្នា ។

ចូរ​យើង​ចាប់ផ្ដើម​ជាមួយ​នឹង​កិច្ចការ​ដើម្បី​ក្លាយ​ជា​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារបម្រើ ។ មិន​ថា​បងប្អូន​មាន​ការ​ចាត់​តាំង​នោះ ក្នុង​នាម​ជា​កូន​ស្រី​ម្នាក់​អាយុ ១០ ឆ្នាំ ក្នុង​គ្រួសារ​មួយ​ដែល​ឪពុក​បាន​ស្លាប់ ឬ​ជា​ប្រធាន​សមាគមសង្គ្រោះ ដែល​ទីក្រុង​របស់​គាត់​ទើប​តែ​មាន​ភ្លើង​ឆេះ ឬ​ពេល​បងប្អូន​សម្រាកក្នុង​មន្ទីរ​ពេទ្យ​ព្យាបាល​ខ្លួន​ក្រោយ​ពី​ការ​វះកាត់​នោះទេ–បងប្អូនមាន​ឱកាស​មួយ​ដើម្បី​បំពេញ​ការ​ហៅ​របស់​បងប្អូន​មក​ពី​ព្រះអម្ចាស់​ដើម្បីធ្វើ​ជា​បុត្រី​ដែល​ផ្ដល់​ការងារ​បម្រើ​រ​បស់​ទ្រង់ ។

អ្នក​ទាំង​នោះ​ទំនង​ជា​មាន​ការ​ចាត់​តាំង​ឲ្យ​ផ្ដល់​ការងារបម្រើ​ខុសៗ​គ្នា ។ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​មាន​ការ​រៀបចំខ្លួន​នៃ​ដួងចិត្ត​គួរ​ឲ្យ​ស្រឡាញ់​ពេញ​ដោយ​អនុភាព សេចក្ដី​ជំនឿ​ដ៏​រឹង​មាំ​ថា ព្រះអម្ចាស់ពុំ​ប្រទាន​បទបញ្ញត្តិ​ណា​មួយ​ឡើយ លើក​លែង​តែ​ទ្រង់​រៀបចំ​ផ្លូវ​មួយ និង​បំណង​ប្រាថ្នា​ដើម្បី​ចេញ​ទៅ​ធ្វើ​ជំនួស​ទ្រង់ » ។

ដោយសារ​នាងបាន​រៀបចំខ្លួន កូនស្រី​អាយុ ១០ ឆ្នាំ​នោះ​បាន​ឱប​ម្ដាយ​នាង​ដែល​ជា​ស្ត្រី​មេម៉ាយ ហើយ​អធិស្ឋាន​ដើម្បី​ដឹង​ពី​របៀប​ជួយ​ដល់​គ្រួសារ​នាង ។​ ហើយ​នាង​បន្ត​អធិស្ឋាន ។

ប្រធាន​សមាគមសង្គ្រោះ​បាន​រៀបចំខ្លួន​ផ្ដល់​ការងារបម្រើ​ពីមុន​ភ្លើង​ឆេះ​ដែល​ពុំ​បាន​រំពឹង​នោះ​កើត​ឡើង​ក្នុង​តំបន់​របស់​គាត់ ។ គាត់​បាន​ស្គាល់ ហើយ​ស្រឡាញ់​មនុស្ស​ទូទៅ ។ សេចក្ដី​ជំនឿ​របស់​គាត់​លើ​ព្រះយេស៊ូវគ្រីស្ទ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួ​យឆ្នាំ ដោយ​ការ​ទទួល​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​គាត់ សូមព្រះអម្ចាស់​ឲ្យ​ជួយគាត់ក្នុង​ការ​បម្រើ​តូច​តាច​សម្រាប់​ទ្រង់ ។ ដោយសារ​តែ​ការ​រៀបចំខ្លួន​រយៈពេល​យូរ​របស់​គាត់ គាត់​បាន​ត្រៀម​ជាស្រេច ហើយ​មាន​ចិត្ត​អន្ទះសារ​ចង់​រៀបចំ​បងប្អូន​ស្រី​របស់​គាត់​ឲ្យ​ផ្ដល់​ការងារបម្រើ​ដល់​មនុស្ស​ទូទៅ និង​ក្រុម​គ្រួសារ​ដែល​មាន​បញ្ហា ។

បងប្អូន​ស្រី​ម្នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្រោយ​ពី​ការ​វះកាត់​បាន​រៀបចំ​ខ្លួន​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ជំងឺ​ផ្សេង​ទៀត​ដូច​គាត់​ដែរ ។ គាត់​បាន​ចំណាយ​ពេល​ពេញ​មួ​យជីវិត​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ទូទៅ​ជំនួស​ព្រះអម្ចាស់ ដូចជា​ពួកគេ​ជា​អ្នក​ជិត​ខាង ឬ​ជា​មិត្ត​ម្នាក់​របស់​គាត់​ដូច្នោះ​ដែរ ។ ពេល​គាត់ទទួល​អារម្មណ៍​ក្នុង​ដួង​ចិត្ត​ឲ្យ​ផ្ដល់​ការងារបម្រើ​នៅ​ក្នុង​មន្ទីរ​ពេទ្យ គាត់​បា​នបម្រើ​មនុស្ស​ដទៃ​យ៉ាង​ឧស្សាហ៍ ហើយ​ដោយ​សេចក្ដី​ស្រឡាញ់​បែប​នេះ ទើប​អ្នក​ជំងឺ​ផ្សេង​ទៀតពុំ​ចង់​ឲ្យ​គាត់​ឆាប់​ជា​សះស្បើយ​ឡើយ ។​

តាម​របៀប​ដូច​គ្នា​ដែល​បងប្អូន​រៀបចំខ្លួន​ដើម្បី​ផ្ដល់​ការងារបម្រើ បងប្អូន​អាច ហើយ​ត្រូវ​តែ​រៀបចំខ្លួន​សម្រាប់​ការ​ហៅ​របស់​បងប្អូន​ដើម្បី​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​ម្នាក់​សម្រាប់​ព្រះអម្ចាស់ នៅពេល​វា​មក​ដល់ផងដែរ ។ វា​នឹង​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទដែល​បាន​ចាក់​ឫស​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​បងប្អូន​ចំពោះ​បទគម្ពីរ ដើម្បី​ដឹកនាំ​មនុស្ស​ទូទៅ ហើយ​បង្រៀន​បន្ទូល​របស់​ទ្រង់​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ។ បន្ទាប់​មក​ បងប្អូន​នឹង​ត្រូវ​រៀបចំខ្លួន​ឲ្យ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ ធ្វើ​ជា​​ដៃ​គូ​ដ៏​ខ្ជាប់​ខ្ជួន​របស់​បងប្អូន ។ បងប្អូននឹង​និយាយ​ដោយ​ចិត្ត​អន្ទះសារ​ថា « ខ្ញុំ​នឹងធ្វើ » នៅពេល​ទីប្រឹក្សា​របស់​បងប្អូន​នៅ​ក្នុង​គណៈប្រធាន​យុវនារី ពោល​ដោយ​សំឡេង​ភ័យ​ខ្លាច​ថា « ​ថ្ងៃ​នេះ ​បងស្រី អាល់វ៉ារេស ឈឺ ។ តើ​នរណា​នឹង​បង្រៀន​ថ្នាក់​គាត់​ទៅ ? »

វា​តម្រូវ​ឲ្យ​មាន​ការ​រៀបចំខ្លួន​ដូចគ្នា​សម្រាប់​ថ្ងៃ​ដ៏​អស្ចារ្យ​ដែល​ព្រះអម្ចាស់​ហៅ​បងប្អូន​ឲ្យ​ធ្វើ​ជា​ម្ដាយ​ម្នាក់ ។ ប៉ុន្តែ​វា​ក៏តម្រូវ​ឲ្យ​មាន​ដួង​ចិត្ត​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ច្រើន​ជាងអ្វី​ដែល​បងប្អូន​ត្រូវ​ការ​ពី​មុន​ផង​ដែរ ។ វា​នឹង​តម្រូវ​ឲ្យ​មា​នសេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​លើស​ពីអ្វី​ដេល​ធ្លាប់​មាន​នៅ​ក្នុង​ដួង​ចិត្ត​បងប្អូន​កាល​ពី​មុន ។ ហើយ​វា​នឹង​តម្រូវ​ឲ្យ​សមត្ថភាព​ដើម្បី​អធិស្ឋាន​សូម​ព្រះចេស្ដា ការ​ដឹកនាំ និង​ការ​លួង​លោម​ពី​ព្រះវិញ្ញាណបរិសុទ្ធ​លើស​ពី​អ្វី​ដែល​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ថា​អាច​ធ្វើ​បាន ។

បងប្អូន​អាច​នឹង​សួរ​សំណួរ​ដ៏សមហេតុផល​ថា តើ​បុរសម្នាក់​ មិន​ថា​វ័យ​ណា​ទេ អាច​ដឹង​ពី​អ្វី​ដែល​ម្ដាយ​ត្រូវការ​តាម​របៀប​ណា ។ វា​គឺជា​សំណួរ​មួ​យដ៏​ត្រឹមត្រូវ ។ បុរស​ពុំ​អាច​ដឹង​អ្វី​ទាំងអស់នេះ​ទេ ប៉ុន្តែ​យើង​អាច​រៀន​មេរៀន​មួយ​ចំនួន​តាមរយៈ​វិវរណៈ​មក​ពី​ព្រះ ។ ហើយ​យើង​ក៏​អាច​រៀន​ច្រើន​តាមរយៈ​ការ​សង្កេត​មើល​ផង​ដែរ ពេល​យើង​យកឱកាស​ដើម្បី​ស្វែង​រក​ព្រះវិញ្ញាណ​ឲ្យ​ជួយ​យើង​យល់​ពី​អ្វី​ដែល​យើង​សង្កេត​មើល ។

ខ្ញុំ​ធ្លាប់​សង្កេត​មើល ខាតធ្លីន ចនសុន អាវរិង អស់​រយៈពេល ៥៧ ឆ្នាំ ដែល​យើង​បាន​រៀប​ការ​ជាមួយ​គ្នា ។ គាត់​គឺជា​ម្ដាយ​ដែល​មាន​កូន​ប្រុស​បួ​ន​នាក់ និង​កូន​ស្រី​ពីរ​នាក់ ។ គិត​ត្រឹម​បច្ចុប្បន្ន​នេះ គាត់​បាន​ទទួល​យក​ការ​ហៅ​ឲ្យ​​ធ្វើជា​ម្ដាយ​ដែល​មាន​ឥទ្ធិពល​លើ​សមាជិក​គ្រួសាររាប់​រយ​នាក់​ដោយ​ផ្ទាល់​ហើយ​បាន​ទទួល​រាប់​រយ​នាក់​ទៀត មក​ចិញ្ចឹម​នៅ​ក្នុង​ដួង​ចិត្ត​ជា​ម្ដាយ​របស់​គាត់ ។

បងប្អូន​ចាំ​ពី​ការ​ពិពណ៌នា​ដ៏​ល្អ ឥត​ខ្ចោះ​របស់​ប្រធាន​ណិលសុន​អំពី​បេសកកម្ម​ដ៏​ទេវភាព​របស់​ស្ត្រី—រួម​ទាំង​បេសកកម្ម​របស់​គាត់​នៃ​ការ​ធ្វើ​ជា​ម្ដាយ​ដែរ​ថា « ក្នុង​នាម​ជា​ម្ដាយ គ្រូបង្រៀន ឬ​ពួក​បរិសុទ្ធ​ដែល​ចិញ្ចឹម​បី​បាច់ គាត់សូន​ដី​ឥដ្ឋ​ដែល​មាន​ជីវិត​នោះ​ឲ្យ​ចេញ​ជា​រូប​រាង​តាម​សេចក្ដី​សង្ឃឹម​របស់​គាត់ ។ ដោយ​រួបរួម​ជាមួយ​នឹង​ព្រះ បេសកកម្ម​ដ៏​ទេវភាព​របស់​គាត់​គឺ​ដើម្បី​ជួយ​វិញ្ញាណ​ឲ្យ​រស់ ហើយ​​ព្រលឹងត្រូវ​បាន​តម្កើង​ឡើង ។ នេះ​គឺជា​រង្វាស់​នៃ​ការ​បង្ក​បង្កើត​របស់​គាត់ » ។

តាម​ដែល​ខ្ញុំ​អាច​យល់​ ភរិយា​របស់​ខ្ញុំ ខាធ្លីន បាន​ធ្វើ​តាម​ការ​ទទួល​ខុសត្រូវ​នោះ ដោយ​ផ្ដល់​វា​ទៅ​ឲ្យ​បុត្រី​នៃ​ព្រះវរបិតា​នៃ​យើង ។ ផ្នែក​ដ៏​សំខាន់​ចំពោះ​ខ្ញុំ​គឺ​ជា​ពាក្យថា « គាត់សូន​ដី​ឥដ្ឋ​ដែល​មាន​ជីវិត​នោះ​ឲ្យ​ចេញ​ជា​រូប​រាងទៅ​តាម​សេចក្ដី​សង្ឃឹម​របស់​គាត់…ដោយ​រួបរួម​ជាមួយ​នឹង​ព្រះ » ។ គាត់​ពុំ​បាន​បង្ខំ​ទេ ។ គាត់​បាន​សូន ។ ហើយ​គាត់បាន​មាន​គំរូ​មួយ​សម្រាប់​សេចក្ដី​សង្ឃឹម​របស់​គាត់ ហើយ​ដែល​គាត់​បាន​ព្យាយាម​សូន​មនុស្ស​ដែល​គាត់​ស្រឡាញ់ ហើយ​បាន​ចិញ្ចឹម​បី​បាច់ ។ គំរូ​របស់​គាត់​គឺជា​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ—ដោយ​សារ​ខ្ញុំ​អាច​មើល​ឃើញ​តាម​រយៈការ​សង្កេត​មើល​ប្រកប​ដោយ​ការ​អធិស្ឋាន​អស់​ជា​ច្រើន​ឆ្នាំ ។

ការ​ក្លាយ​ជា​ស្ត្រី​នៃ​សេចក្ដី​សញ្ញា​ម្នាក់ ដោយ​រួប​រួម​នឹង​ព្រះ​គឺជារបៀប​ដែល​បុត្រីដ៏​ល្អ​ប្រពៃ​របស់​ព្រះ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់ ដឹកនាំ ហើយ​ផ្ដល់​ការងារ​បម្រើជានិច្ច ដោយ​បម្រើ​តាមរបៀប និង​ទីកន្លែង​ដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​ពួកគេ ។ ខ្ញុំ​សូម​សន្យា​ថា បងប្អូន​នឹង​រក​ឃើញ​អំណរ​នៅ​ក្នុង​ដំណើរ​របស់​បងប្អូន​ទៅ​កាន់​ផ្ទះ​សួគ៌ា ពេល​បងប្អូន​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ក្នុង​នាម​ជា​បុត្រី​ដែល​រក្សា​សេចក្ដី​សញ្ញា​របស់​ព្រះ ។

ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះ​ជា​ព្រះវបិតា​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​បងប្អូន ។ ទ្រង់ នឹង ឆ្លើយ តប ការ អធិស្ឋាន របស់ បងប្អូន ។ ព្រះរាជបុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់​ដឹកនាំនៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គ្រប់​កិច្ចការ​ទាំងអស់ ។ ប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការី​ដែល​កំពុង​រស់នៅ​របស់ទ្រង់ ។ ហើយ​យ៉ូសែប ស្ម៊ីធ​បាន​ឃើញ ហើយ​បាន​ទូល​នឹង​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ព្រៃ​នៅទីក្រុង ប៉ាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក ។ ខ្ញុំ​ដឹង​ថា នោះ​គឺ​ជា​ការពិត ។ ខ្ញុំ​ក៏​សូម​ថ្លែង​ទីបន្ទាល់​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​អង្គ​សង្រ្គោះ​ថា​ទ្រង់​ស្រ​លាញ់​អ្នក ។ ហើយ​តាម​រយៈ​ដង្វាយ​ធួន​របស់​ទ្រង់​អ្នក​នឹង​អាច​ត្រូវ​បាន​បរិសុទ្ធ​និង​លើក​អ្នក​ឡើង​ទៅ​ទី​ខ្ពស់​ព្រម​ទាំង​ការ​ហៅ​បំ​រើ​ដ៏​ពិសិដ្ឋ​ដែល​នឹង​មក​ឲ្យ​អ្នក ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។