ឆ្នាំ ២០១០-២០១៩
ការតាំងចិត្ត​មិន​វៀចវេរ​ពី​ព្រះយេស៊ូវ​គ្រីស្ទ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ការតាំងចិត្ត​មិន​វៀចវេរ​ពី​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះ​អញ្ជើញ​យើង​ឲ្យ​បោះ​ផ្លូវ​ចាស់​របស់​យើង​​ចោល​ឲ្យ​អស់ ហើយ​ចាប់ផ្ដើម​ជីវិត​ថ្មី​មួយ​នៅក្នុង​ព្រះគ្រីស្ទ ។

កាល​ពី​ខែ​មេសា​កន្លង​ទៅ ខ្ញុំ​មាន​ឯកសិទ្ធិ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ឃិនស្សាសា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ។ គ្មាន​ពាក្យពេចន៍​ណា​អាច​បង្ហាញ​ពី​អំណរ​របស់​ប្រជាជន​កុងហ្គោ​ដ៏​ស្មោះត្រង់ និង​ខ្ញុំ ពេល​ឃើញ​ព្រះវិហារ​បរិសុទ្ធ​បាន​ឧទ្ទិស​នៅ​លើ​ដែនដី​របស់​ពួកគេ​ឡើយ ។

រូបភាព
គំនូរ​អំពី​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​កុងហ្គោ

បុគ្គល​ដែល​ចូលទៅ​ព្រះវិហារ​បរិសុទ្ធ​ឃិនស្សាសា ឃើញ​គំនូរ​ដើម​មួយ​ឈ្មោះ​ថា រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​កុងហ្គោ វា​រំឭក​ដល់​អ្នក​ដែល​ទៅ​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ពិសេស អំពី​ការតាំងចិត្ត​ដ៏​មិន​វៀចវេរ​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​ចាក់គ្រឹះ​ខ្លួន​ពួកគេ​​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​បន្ដ​ដើរតាម​ផ្លូវ​សេចក្ដី​សញ្ញា​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង ។ ទឹកជ្រោះ​លើ​ផ្ទាំង​គំនូរ​នោះ​បង្ហាញ​ពី​ការអនុវត្ត​មួយ ដែល​អនុវត្ត​ជាទូទៅនៅក្នុង​ចំណោម​អ្នកប្រែចិត្ត​ជឿ​លើ​គ្រិស្ដសាសនា​​ជាង​មួយ​សតវត្សរ៍​មកហើយ​នៅក្នុង​ប្រទេស​កុងហ្គោ​ពីជំនាន់​ដើម ។

រូបភាព
គំនូ​នៃ​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​កុងហ្គោ

មុន​ការប្រែចិត្ត​ជឿរបស់ពួកគេ ពួកគេ​បាន​ថ្វាយ​បង្គំ​វត្ថុ​គ្មាន​វិញ្ញាណ​ ដោយ​ជឿ​ថា វត្ថុ​នោះ​មាន​អំណាច​អរូបី​ដ៏​ស័ក្ដិសិទ្ធិ ។ ​បន្ទាប់​​ពី​ការប្រែចិត្ត​ជឿ ពួកគេ​ជាច្រើន​បាន​ធ្វើ​ធម្មយាត្រា​ទៅ​កាន់​ទឹកជ្រោះ​មួយ​នៅតាម​ទន្លេ​កុងហ្គោ ដូចជា​ទឹកជ្រោះ​សុនហ្គោ​ជាដើម ។ ពួកអ្នក​ប្រែ​ចិត្ត​ជឿ​ទាំង​នេះ​បាន​បោះ​រូប​ព្រះ​នានា​របស់​គេ​កាល​ពី​មុន​ទៅក្នុង​ទឹកជ្រោះ​នោះ ជា​និមិត្តសញ្ញា​ដល់​ព្រះ និង​មនុស្ស​ដទៃ​ថា ពួកគេ​បោះបង់​ប្រពៃណី​ចាស់​របស់​ខ្លួន ហើយ​ទទួល​យក​​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​មិន​បាន​បោះ​វត្ថុ​នោះ​ទៅក្នុង​ទឹកជ្រោះ​រាក់ស្ងប់ស្ងាត់​ឡើយ ពួកគេ​មាន​ចេតនា​បោះ​វា​ទៅក្នុង​ទឹក​ធ្លាក់​ដ៏​កញ្ជ្រោល​ខ្លាំង ជា​ទី​ដែល​របស់​នោះ​មិន​អាច​រកឃើញ​វិញ​បាន ។ ទង្វើ​ទាំងនេះ​គឺជា​និមិត្តរូប​នៃ​ការចាប់​ផ្ដើម​មួយ​នៃ​ការតាំងចិត្ត​មិន​វៀចវេរ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រជាជន​នៅ​កន្លែង និង​សម័យកាល​ផ្សេង​ទៀត​បាន​បង្ហាញ​ការតាំងចិត្ត​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ស្រដៀង​គ្នា​នេះ ។ ប្រជាជន​ក្នុង​ព្រះគម្ពីរ​មរមន​ដែល​គេ​ស្គាល់​ថា​ជា អាន់តៃ‑នីហ្វៃ‑លីហៃ « បាន​ដាក់​គ្រឿង​សស្ដ្រាវុធ​នៃ​ការបះបោរ​របស់​គេ​ចុះ » ដោយ​កប់​វា « យ៉ាង​ជ្រៅ​ទៅក្នុង​ដី » ទុក​ជា « ទីបន្ទាល់​ចំពោះ​ព្រះ…ថា​គេ​នឹង​ពុំ​ប្រើ​គ្រឿង​សស្ដ្រាវុធ [ របស់​ពួកគេ ] ទៀតទេ » ។ ការធ្វើ​ដូច្នេះ ពួកគេ​បាន​សន្យា​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះ ហើយ​មិន​បោះបង់​ការតាំងចិត្ត​របស់​គេ​ឡើយ ។ ទង្វើ​នេះ​គឺជា​ការចាប់ផ្ដើម​នៃ​ការ « ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ » ហើយ​មិន​រេរា​ចិត្ត​ឡើយ ។

ការ « ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ » មាន​ន័យ​ថា ការចាក​ចេញ​ពី​គន្លង​សកម្មភាព​មួយ​ដែល​ដឹកនាំ​ដោយ​ប្រព័ន្ធ​ជំនឿ​ចាស់ ហើយ​សម្រប​ខ្លួន​ទៅ​នឹង​គន្លង​ថ្មី​មួយ ដោយ​ផ្អែក​លើ​សេចក្ដី​ជំនឿ​លើ​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ ការ​ផ្លាស់ប្ដូរ​នេះ​គឺ​លើស​ពី​ការ​ទទួល​យក​ការ​បង្រៀន​នៃ​ដំណឹងល្អ​ទៅ​ទៀត ។ វា​បង្កើត​ជា​អត្តសញ្ញាណ​យើង កែប្រែ​ការយល់​ដឹង​យើង​ពី​អត្ថន័យ​នៃ​ជីវិត ហើយ​ដឹកនាំ​ទៅរក​ភាពស្មោះត្រង់​ដ៏​ឥត​ងាករេ​ពី​ព្រះ ។ បំណង​ប្រាថ្នា​ផ្ទាល់ខ្លួន​ដែល​ផ្ទុយ​ទៅ​នឹង​ការ​ចាក់គ្រឹះ​លើ​ព្រះអង្គ​សង្គ្រោះ និង​ការ​​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា នឹង​រសាត់​ចេញ ហើយ​ជំនួស​ដោយ​ការប្ដេជ្ញា​ចិត្ត​ដើម្បី​ចុះចូល​នឹង​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​វិញ ។

ការប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់​ចាប់ផ្ដើម​ដោយ​ការតាំងចិត្ត​ដ៏​មិន​វៀចវេរ​ពី​ព្រះ បន្ដ​ដោយ​ការធ្វើ​ឲ្យ​ការតាំងចិត្ត​នោះក្លាយ​ជា​ផ្នែក​មួយ​នៃ​ខ្លួន​យើង ។ ការធ្វើឲ្យ​ការតាំងចិត្ត​នោះ​ដុះ​ក្នុង​ខ្លួន​យើង គឺជា​ដំណើរការ​អស់​មួយ​ជីវិត ដែល​តម្រូវ​ឲ្យ​មាន​ភាព​អំណត់ និង​ការប្រែចិត្ត​ជា​បន្ត​បន្ទាប់ ។ នៅ​ទីបំផុត ការ​តាំង​ចិត្ត​នេះ​ក្លាយ​ជា​ផ្នែក​នៃ​ជីវិត​របស់​យើង ដែល​បាន​បង្កប់​នៅ​ក្នុង​អារម្មណ៍​របស់​យើង ហើយ​មាន​វត្តមាន​នៅ​ក្នុង​ជីវិត​របស់​យើង ។ ដូចជា​យើង​មិន​ដែល​ភ្លេច​ឈ្មោះ​របស់​យើង​ដែរ មិន​ថា​យើង​គិត​ដល់​អ្វី​ផ្សេងទៀត​នោះ​ទេ នោះ​យើង​ក៏​មិន​ដែល​ភ្លេច​ការតាំងចិត្ត​ដែល​បាន​ឆ្លាក់​ជាប់​ក្នុង​ចិត្ត​យើង​ដែរ ។

ព្រះ​អញ្ជើញ​យើង​ឲ្យ​បោះ​ផ្លូវ​ចាស់​របស់​យើង​​ចោល​ឲ្យ​អស់ ហើយ​ចាប់ផ្ដើម​ជីវិត​ថ្មី​មួយ​នៅក្នុង​ព្រះគ្រីស្ទ ។ ការណ៍​នេះ​កើត​ឡើង​ពេល​យើង​អភិវឌ្ឍ​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ ដែល​ចាប់ផ្ដើម​ដោយ​ការ​ស្ដាប់​ឮ​ទីបន្ទាល់​របស់​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ ។ បន្ទាប់មក សេចក្ដី​ជំនឿ​ចាក់ឬស​យ៉ាង​ជ្រៅ​ពេល​យើង​ធ្វើ​សកម្មភាព​តាម​របៀប​ដែល​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​លើ​ទ្រង់ ។១០

វា​អាច​ជា​រឿង​ល្អ បើ​សេចក្ដីជំនឿ​ដែល​កើន​ឡើង​ត្រូវ​បាន​​ចម្លង​​ដូច​យើង​ចម្លង​ជំងឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ធម្មតា​នោះ ។ ដូច្នេះ « ការកណ្ដាស់ខាង​វិញ្ញាណ » ធម្មតា​មួយ​ឆែត​នឹង​ស្ថាបនា​សេចក្តី​ជំនឿ​របស់​អ្នកដទៃ ។ ប៉ុន្ដែ​វា​មិន​កើតឡើង​តាមរបៀប​នោះ​ទេ ។ របៀប​តែ​មួយ​គត់​ដែល​សេចក្ដី​ជំនឿ​នឹង​ដុះដាល​ឡើង គឺ​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។ ជារឿយៗ សកម្មភាព​ទាំង​នេះ​ត្រូវបាន​បំផុស​តាម​ការ​អញ្ជើញ​ពី​មនុស្សដទៃ ប៉ុន្តែ​យើង​ពុំ​អាចធ្វើ​ឲ្យ​ជំនឿ​របស់​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ « រីកចម្រើន » ឬ​ផ្អែក​លើ​មនុស្ស​ដទៃ​ទាំង​ស្រុង​ដើម្បី​ទ្រទ្រង់​សេចក្ដី​ជំនឿ​របស់​យើង​ផ្ទាល់​នោះឡើយ ។ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ​យើង​កើនឡើង យើង​ត្រូវតែ​ជ្រើសរើស​សកម្មភាព​ដែល​បណ្ដុះ​សេចក្ដី​ជំនឿ​ដូចជា ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការទទួល​ទាន​សាក្រាម៉ង់ ការរក្សា​បទបញ្ញត្តិ និង​ការបម្រើ​អ្នកដទៃ ។

នៅពេល​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កើនឡើង នោះ​ព្រះ​អញ្ជើញ​យើង​ឲ្យ​ធ្វើ​សេចក្ដី​សន្យា​ជាមួយ​ទ្រង់ ។ សេចក្ដី​សញ្ញា​ទាំង​នេះ ដូច​ជា​ការ​សន្យា​បែប​នោះ គឺ​ការ​បើក​បង្ហាញ​នៃ​ការ​ប្រែចិត្តជឿ​របស់​យើង ។ សេចក្ដី​សញ្ញា​ក៏​បង្កើត​នូវ​គ្រឹះ​ដ៏​រឹង​មាំ​មួយ​សម្រាប់​ការ​រីកចម្រើន​ខាង​វិញ្ញាណ​ដែរ ។ ពេល​យើង​ជ្រើស​រើស​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក យើង​ចាប់ផ្ដើម​លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ១១ហើយ​ជ្រើស​រើសដើម្បី​ស្គាល់​ទ្រង់ ។ យើង​សន្យា​ដើម្បី​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ហើយ​អភិវឌ្ឍ​ឥរិយាបថ​របស់​ទ្រង់ ។

សេចក្ដី​សញ្ញា ធ្វើ​ឲ្យ​យើង​នៅ​ជាប់​នឹង​ព្រះអង្គ​សង្គ្រោះ ហើយ​ជួយ​យើង​ឲ្យ​ដើរ​នៅ​លើ​ផ្លូវ ដែល​នាំ​ទៅ​ផ្ទះ​សួគ៌ា​របស់​យើង​វិញ ។ អនុភាព​នៃ​សេចក្ដី​សញ្ញា​ជួយ​យើង​ឲ្យ​ថែរក្សា​ការ​ផ្លាស់ប្ដូរ​ក្នុង​ដួង​ចិត្ត​ដ៏​ធំ ពង្រឹង​ការ​ប្រែចិត្ត​ជឿ​របស់​យើង​ចំពោះ​ព្រះអម្ចាស់ ហើយ​ទទួល​យក​រូប​ភាព​របស់​ព្រះគ្រីស្ទ​យ៉ាង​ពេញ​លេញ​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង ។១២ ប៉ុន្ដែ​ការ​តាំង​ចិត្ត​ខ្លះៗ​ចំពោះ​សេចក្ដី​សញ្ញា នឹង​មិន​ធានា​យើង​​អ្វី​នោះ​ទេ ។១៣ យើង​ប្រហែល​ជា​ត្រូវបាន​ល្បួង​ឲ្យ​ខ្វះ​ការ​តាំងចិត្ត ដោយ​ពុំ​ផ្លាស់ប្ដូរ​ផ្លូវ​ចាស់​របស់​យើង​ ។ ប៉ុន្តែ​ការ​តាំងចិត្ត​មិន​ប្រាកដ​​ចំពោះ​សេចក្ដី​សញ្ញា​របស់​យើង​នឹង​ពុំ​បើក​ទ្វារ​ទៅ​រក​ព្រះចេស្ដា​ដ៏​បរិសុទ្ធ​នៃ​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។

រូបភាព
ព្រះវិហារបរិសុទ្ធឃិនស្សាសា

ការតាំងចិត្ត​របស់​យើង​ដើម្បី​កាន់តាម​សេចក្ដី​សញ្ញា​មិន​គួរ​មាន​លក្ខខណ្ឌ ឬ​ផ្លាស់ប្ដូរ​តាម​ស្ថានភាព​ក្នុង​ជីវិត​យើង​ឡើយ ។ ភាពខ្ជាប់ខ្ជួន​នឹង​ព្រះ​របស់​យើង​គួរតែ​ដូចជា​ទន្លេ​កុងហ្គោ​ដ៏​ទុកចិត្ត​បាន ដែល​ហូរ​នៅក្បែរ​ព្រះវិហារ​បរិសុទ្ធ​ឃិនស្សាសា​ដែរ ។ ទន្លេ​នេះ​មិន​ដូចជា​ទន្លេ​ភាគច្រើន​ក្នុង​ពិភពលោក​ឡើយ វា​ហូរ​ជាទៀង​ទាត់ពេញ​មួយ​ឆ្នាំ១៤ហើយ​ចាក់​ទៅ​មហាសមុទ្រ​អាត្លង់ទិច​ជិត ៤២ លាន​លីត្រ​ក្នុង​មួយ​វិនាទី ។

ព្រះអង្គសង្គ្រោះ​បាន​អញ្ជើញ​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​គេ​អាច​ទុក​ចិត្ត​បាន ហើយ​ខ្ជាប់​ខ្ជួននេះ ។ ទ្រង់​មាន​បន្ទូល​ថា « តាំង​វា​នៅក្នុង​ដួងចិត្ត​របស់​អ្នក ដើម្បី​អ្នក​នឹង​ធ្វើ​នូវ​រឿង​ទាំងឡាយ ដែល​យើង​នឹង​បង្រៀន ហើយ​បញ្ជា​ដល់​អ្នក » ។១៥ ការប្ដេជ្ញាចិត្ត​ដែល « តាំង » ឡើង​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​របស់​យើង អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​សន្យា​របស់​ព្រះ​នូវ​អំណរដ៏​ឋិតថេរ ។១៦

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​ជាច្រើន​បង្ហាញ​ថា ពួកគេ « តាំង » ចិត្ត​ក្នុង​ការរក្សា​សេចក្ដីសញ្ញា​របស់​គេ​ជាមួយ​ព្រះ ហើយ​បាន​ផ្លាស់ប្ដូរ​ជា​រៀង​រហូត ។ ខ្ញុំ​សូម​ប្រាប់​បងប្អូន​អំពី​បុគ្គល​ដូចនេះ​បី​រូប—បងប្រុស​បានហ្សា មូស៊ីអូកូ បងស្រី​បានហ្សា រីហ្គីនឺ និង​បងប្រុស​ប៊ូយី និឃីតាប៊ុងហ្គី ។

រូបភាព
គ្រួសារបានហ្សា

ក្នុង​ឆ្នាំ ១៩៧៧ គ្រួសារ​បានហ្សា​បាន​រស់នៅ​ក្នុង​ក្រុង​ឃិនស្សាសា​នៃ​ប្រទេស​ស៊ែរ ដែល​សព្វថ្ងៃ​ស្គាល់​ថា​ជា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ។ ពួកគេ​ទទួល​បាន​ការគោរព​យ៉ាង​ខ្លាំង​ពី​សំណាក់​សហគមន៍​ព្រះវិហារ​ប្រូតេស្ដង់ ។ ដោយសារ​តែ​ទេពកោសល្យ​របស់​ពួកគេ នោះ​ព្រះវិហារ​របស់​ពួកគេ​បាន​រៀបចំ​គ្រួសារ​វ័យ​ក្មេង​របស់​ពួកគេ​ទៅ​កាន់​ប្រទេស​ស្វីស ដើម្បី​សិក្សា ហើយ​ផ្ដល់​ជា​អាហារូបករណ៍​មួយ​នៅ​សាកលវិទ្យាល័យ ។

ខណៈ​នៅទីក្រុង​ហ្សឺណែវ លើ​ឡានក្រុង​ទៅ​សាលារៀន បង​ប្រុស​បានហ្សា​បាន​ឃើញ​សាលាប្រជុំ​​តូច​មួយ​ជាញឹកញាប់ ដែល​មាន​ឈ្មោះ​ថា « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។ គាត់​បាន​ឆ្ងល់​ថា « តើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ពួកបរិសុទ្ធ​នៅ​សម័យ​ថ្ងៃ​ចុង​ក្រោយនេះ​ឬ ? » ទីបំផុត គាត់​បាន​សម្រេច​ចិត្ត​ទៅ​មើល ។

បង​ប្រុស និង​បង​ស្រី​បានហ្សា​ត្រូវបាន​សមាជិក​ទទួល​យ៉ាង​កក់ក្ដៅ​នៅ​ឯ​សាខា​នោះ ។ ពួកគេ​បាន​សួរ​សំណួរ​មិន​អស់​មិនហើយ​មួយ​ចំនួន ដែល​ពួកគេ​មាន​អំពី​លក្ខណៈ​របស់​ព្រះ​ដូចជា « បើ​ព្រះ​គឺជា​វិញ្ញាណ​មួយ​ដូចជា​ខ្យល់ តើ​យើង​អាច​ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​របស់​ទ្រង់​ដូច​ម្ដេច​ទៅ ? តើ​ទ្រង់​អាច​ប្រថាប់​លើ​បល្ល័ង្ក​ដោយ​របៀប​ណា ? » ពួក​គេ​ពុំ​បាន​ទទួល​ចម្លើយ​មួយ​ដែល​ពេញ​ចិត្ត​ឡើយ រហូត​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ពន្យល់​ពី​គោលលទ្ធិ​ដែល​បាន​ស្ដារ​ឡើង​វិញ​នៅ​ក្នុង​មេរៀន​ដ៏​ខ្លី​មួយ ។ ពេល​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ចេញ​ទៅ គ្រួសារ​បានហ្សា​បាន​មើល​មុខ​គ្នា ហើយ​និយាយ​ថា « តើ​នេះ​មិនមែន​ជា​ការពិត ដែល​យើង​ទើប​បាន​ស្ដាប់​ឮ​ទេ​ឬ ? » ពួកគេ​បាន​បន្ត​មក​ព្រះវិហារ និង​ជួប​អ្នកផ្សព្វផ្សាយ​សាសនា ។ ពួកគេ​បាន​ដឹង​ថា ពិធីបុណ្យជ្រមុជទឹក​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​បញ្ហា ។ ពួកគេ​នឹង​ត្រូវ​បាន​គេ​ដក​យក​អាហារូបករណ៍ ហើយ​ទិដ្ឋការ​របស់​ពួកគេ​នឹង​ត្រូវ​បាន​ដក​ហូត ហើយ​ពួកគេ និង​កូន​តូច​ទាំង​ពីរ​នាក់​របស់​ពួកគេ​នឹង​តម្រូវ​ឲ្យ​ចេញ​ពី​ប្រទេស​ស្វីស ។ ទោះយ៉ាងណា ពួកគេ​នៅតែ​សម្រេច​ចិត្ត​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​ពិធីបញ្ជាក់​នៅ​ខែ តុលា ឆ្នាំ ១៩៧៩ ។

ពីរ​សប្ដាហ៍​ក្រោយពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួកគេ បងប្រុស និង​បងស្រី​បានហ្សា​បាន​ត្រឡប់​ទៅ​ក្រុង​ឃិនស្សាសា​វិញ ជា​សមាជិក​ដំបូង​ពីរ​រូប​នៃ​សាសនាចក្រ​នៅ​ប្រទេស​របស់​ខ្លួន ។ សមាជិក​នៃ​សាខា​ហ្សឺណែវ​បាន​បន្ដ​ទាក់ទង​ពួកគេ ហើយ​បាន​ជួយ​ពួកគេ​ឲ្យ​ទាក់ទង​អ្នកដឹកនាំ​សាសនាចក្រ ។ គ្រួសារ​បានហ្សា​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​រង់ចាំ​ដោយ​ស្មោះត្រង់​នូវពេល​ដែល​បាន​សន្យា ពេល​ព្រះ​នឹង​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​នៅ​ប្រទេស​ស៊ែរ ។

រូបភាព
អែលឌើរ អិមប៊ូយី

ពេលនោះ និស្សិត​ម្នាក់​ទៀត​មក​ពី​ប្រទេស​ស៊ែរ ឈ្មោះ​បងប្រុស អិមប៊ូយី កំពុង​សិក្សា​នៅ​ប្រទេស​បែលហ្ស៊ិក ។ គាត់​បាន​ជ្រមុជទឹក​នៅ​ឆ្នាំ ១៩៨០ នៅ​ក្នុង​វួដ ប្រ៊ូសេល ។ បន្ដិច​ក្រោយមក គាត់​បាន​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​នៅ​ប្រទេស​អង់គ្លេស ។ ហើយ​ព្រះ​បាន​ធ្វើ​អព្ភូតហេតុ ។ បងប្រុស​ប៊ូយី​បាន​ត្រឡប់​មក​ប្រទេស​ស៊ែរ​វិញ ជា​សមាជិក​ទី​បី​នៃ​សាសនាចក្រ​ក្នុង​ប្រទេស​របស់​គាត់ ។ ដោយ​មាន​ការអនុញ្ញាត​ពី​ឪពុក​ម្ដាយ ការប្រជុំ​សាសនាចក្រ​បាន​ធ្វើឡើង​នៅក្នុង​ផ្ទះ​គ្រួសារ​របស់​គាត់ ។ នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ មាន​ញ្ញត្តិ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ទទួល​ស្គាល់​សាសនាចក្រជា​ផ្លូវ​ការមកពី​រដ្ឋាភិបាល​​ ។ វា​តម្រូវ​ឲ្យ​មាន​ហត្ថលេខា​ពី​ពលរដ្ឋ​ប្រទេស​ស៊ែរ​បី​រូប ។ ហត្ថលេខី​បី​រូប​ដ៏​រីករាយ​លើ​ញ្ញត្តិ​នោះ​គឺ បងប្រុស​បានហ្សា បងស្រី​បានហ្សា និង​បងប្រុស​ប៊ូយី ។

រូបភាព
បងប្រុស អិមប៊ូយី និង​បានហ្សា

សមាជិក​ដ៏​រឹងមាំ​ទាំងនេះ​បាន​ស្គាល់​សេចក្ដីពិត នៅពេល​ពួកគាត់​បាន​ស្ដាប់​ឮ​វា ពួកគាត់​បាន​ចុះ​សេចក្ដី​សញ្ញា​នៅឯ​បុណ្យ​ជ្រមុជ​ទឹក ដែល​បាន​ចាក់គ្រឹះ​លើ​ព្រះអង្គ​សង្គ្រោះ ។ ពួកគាត់​បាន​បោះចោល​ផ្លូវ​ចាស់​របស់​ខ្លួន​ទៅក្នុង​ទឹកជ្រោះ​ដ៏​កញ្ជ្រោល ដោយ​គ្មាន​បំណង​យក​វា​មក​វិញ​នោះ​ទេ ។ ផ្លូវ​សេចក្ដីសញ្ញា​នោះ​មិន​ដែល​ងាយស្រួល​ទេ ។ ចលាចល​នយោបាយ ទំនាក់ទំនង​រអាក់រអួលជាមួយ​អ្នកដឹកនាំ​សាសនាចក្រ ព្រមទាំង​ឧបសគ្គ​នានា​ដែល​មាន​ក្នុង​ការកសាង​សហគមន៍​ពួកបរិសុទ្ធ អាច​ធ្វើ​ឲ្យ​បុគ្គល​ដែល​មិន​សូវ​តាំងចិត្ត​រុញរា​បាន ។ ប៉ុន្តែ​បង​ប្រុស និង​បង​ស្រី​បានហ្សា ព្រមទាំង​បងប្រុស អិមប៊ូយី​បាន​រក្សា​សេចក្ដី​ជំនឿ​របស់​ពួកគាត់ ។ ពួកគាត់​បាន​មាន​វត្តមាន​នៅ​ឯ​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ឃិនស្សាសា ៣៣ ឆ្នាំ​ក្រោយ​ដែល​ពួកគាត់​បាន​ចុះ​ហត្ថលេខា​លើ​ញ្ញត្តិ​ដែល​នាំឲ្យមាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ចំពោះ​សាសនាចក្រ​នៅ​ប្រទេស​ស៊ែរ ។

រូបភាព
បងប្អូន​ប្រុស​ស្រី​បានហ្សា​​កំពុង​សិក្សា

គ្រួសារ​បានហ្សា​នៅ​ក្នុង​មជ្ឈមណ្ឌល​សន្និសិទ្ធ​នា​ថ្ងៃ​នេះ ។ ពួកគាត់​អម​ដំណើរ​ដោយ​កូន​ប្រុស​ទាំង​ពីរ​របស់​គាត់ ឈ្មោះ ជុញ្ញ័រ និង​ហ្វីល ព្រមទាំង​កូន​ប្រសារ​ស្រី ឈ្មោះ​អេននី និង​យូយូ ។ នៅឆ្នាំ ១៩៨៦ ជុញ្ញ័រ និង ហ្វីល គឺជា​បុគ្គល​ពីរ​រូប​ដំបូង​គេ​ដែល​បាន​ជ្រមុជ​ទឹក​នៅក្នុង​សាសនាចក្រ​នៃ​ប្រទេស​ស៊ែរ ។ បងប្រុស អិមប៊ូយី​កំពុង​ទស្សនា​ការ​ប្រជុំ​នេះ​នៅ​រដ្ឋ​គិន​ស្សា​សា​ជាមួយ​នឹង​ភរិយា​របស់​គាត់ និង​កូន​ទាំង​ប្រាំ​នាក់​របស់​ពួកគាត់ ។

រូបភាព
បងស្រី និង​បងប្រុស អិមប៊ូយី

អ្នកត្រួសត្រាយ​ផ្លូវ​ទាំងនេះ​បាន​យល់​ពី​អត្ថន័យ និង​លទ្ធផល​នៃ​សេចក្ដី​សញ្ញា រហូត​ពួកគេ​បាន « ស្គាល់ ព្រះអម្ចាស់​ជា​ព្រះ​របស់​គេ ហើយ​ដើម្បី​អររីករាយ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​ប្រោសលោះ​របស់​គេ » ។១៧

តើ​យើង​ភ្ជាប់​ខ្លួន​យើង​ទៅ​នឹង​ព្រះអង្គ​សង្គ្រោះ ហើយ​បន្ត​ស្មោះត្រង់​ដូចជា​បុគ្គល​ទាំង​នេះ និង​ពួកបរិសុទ្ធ​កុងហ្គូ​រាប់​ម៉ឺន​នាក់​ទៀត​ដែល​បាន​ធ្វើ​តាម​ពួកគាត់ និង​មនុស្ស​រាប់លាន​នាក់​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​តាម​របៀបណា ? ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​យើង​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ ។ រៀងរាល់សប្ដាហ៍ យើង​ទទួល​ទាន​សាក្រាម៉ង់ ហើយ​ចុះ​សេចក្ដីសញ្ញា​មួ​យជាមួយ​នឹង​ព្រះវរបិតា​សួគ៌​យើង ។ យើង​សន្យា​ដើម្បី​ភ្ជាប់​អត្តសញ្ញាណ​របស់​យើង​ទៅ​នឹង​អត្តសញ្ញាណ​របស់​ទ្រង់​ដោយ​សន្យា​ថា​យល់​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ទ្រង់ ចងចាំ​ទ្រង់​ជានិច្ច ហើយ​គោរព​បទបញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ ។១៨ ការរៀបចំ​ខ្លួន​ដោយ​មនសិការ និង​ការចុះ​សេចក្ដី​សញ្ញា​ទាំងនេះ​ដោយ​ស័ក្ដិសម​រាល់​សប្ដាហ៍ ធ្វើឲ្យ​យើង​ចាក់គ្រឹះ​យ៉ាង​មាំ​លើ​ព្រះអង្ក​សង្គ្រោះ ជួយ​យើង​ឲ្យ​សម្រប​ការ​តាំង​ចិត្ត​របស់​យើង ១៩ ហើយ​ជម្រុញ​យើង​យ៉ាង​ខ្លាំង​នៅតាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​តាំងចិត្ត​លើ​ដំណើរការ​ពេញ​មួយ​ជីវិត​នៃ​ភាព​ជាសិស្ស ។ សូម​ចុះ ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ ។ បោះចោល​ផ្លូវ​ចាស់​របស់​បងប្អូន​ទៅក្នុង​ទឹកជ្រោះ​ដ៏​កញ្ជ្រោល​យ៉ាង​ជ្រៅ ។ សូម​កប់​អាវុធនៃ​ការ​បះបោរ​របស់​បងប្អូនចោល​ទាំង​ស្រុង ។ ដោយសារតែ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការចុះ​សេចក្ដី​សញ្ញា​ដោយ​បំណង​ប្រាថ្នា​ដ៏​ពិត​ប្រាកដ​ដើម្បី​គោរព​តាម​​យ៉ាង​ស្មោះត្រង់ នឹង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​បងប្អូន​ជា​រៀងរហូត​តទៅ ។ បងប្អូន​នឹង​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ នៅពេល​បងប្អូន​ចងចាំ​ដល់​ទ្រង់​ជានិច្ច ធ្វើតាម​ទ្រង់ និង​សរសើរ​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺជា​គ្រឹះ​ដ៏​រឹង​មាំ ។ ទ្រង់​អាច​ពឹង​ផ្អែក​បាន ហើយ​ការ​សន្យា​របស់​ទ្រង់​ពិត ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ការឧទ្ទិស​បាន​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​មុន​បុណ្យ​អ៊ីសស្ទើរ ទី ១៤ ខែ មេសា ឆ្នាំ ២០១៩ ដែល​ត្រូវបាន​ចាត់តាំង​ដោយ​ប្រធាន រ័សុល អិម ណិលសុន ។

  2. ជាងគំនូរ ដេវីឌ ម៉ាយខល បាន​គូរ រដូវ​ស្លឹកជ្រុះ​នៅ​កុងហ្គោ ចេញពី​រូបថត​ទឹកជ្រោះ​គីអ៊ូប៊ូ ។ ទឹកជ្រោះ​គីអ៊ូប៊ូ​ស្ថិត​នៅ​ប្រហែល ៤០០ គីឡូម៉ែត្រ​ភាគ​ខាងជើង​ក្រុង​លូប៊ូមបាស៊ី នៅ​ផ្នែក​អាគ្នេយ៍​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ។

  3. វត្ថុ​ទាំងនេះ​ហៅ​ថា ​inkisi ជា​ភាសា​កុងហ្គោ និង ​fétiches ជា​ភាសា​បារាំង ។ ពាក្យ​នេះ​បកប្រែ​ជា​ភាសា​អង់គ្លេស​ថា « amulets », « talismans », ឬ « fetishes » ។

  4. ដេវីឌ ម៉ាយខល ក៏​បាន​គូរ ទឹកជ្រោះ​សុនហ្គោ ចេញពី​រូបថត​ទឹកជ្រោះ​ដែរ ។ ទឹកជ្រោះ​សុនហ្គោ​ស្ថិត​នៅ​ប្រហែល ១៣០ គីឡូម៉ែត្រ​ពី​ក្រុង​ឃិនស្សាសា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ។ គេ​ស្គាល់​ទន្លេ​នៅ​ទឹកជ្រោះ​ទាំងនេះ​ថា​ជា Nzadi Inkisi ឬ « ទន្លេ​ហ្វេធីស » ។ ឈ្មោះ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការអនុវត្ត​ដែល​បាន​រៀបរាប់​ក្នុង​អត្ថបទ​នេះ ។

  5. នៅ​ឆ្នាំ ១០០០ នៃ គ.ស ប្រធាន​បក្ស​សម្ព័ន្ធ​អ៊ីសស្លង់​បាន​ជួបគ្នា​ក្នុង​ការប្រជុំ​ប្រចាំ​ឆ្នាំ​រយៈពេល​ពីរ​សប្ដាហ៍​ហៅ​ថា Allting ការប្រជុំ​មិន​ផ្លូវការ​ដើម្បី​បង្កើត​ច្បាប់ ដែល​ចូល​ជា​ធរមាន​ចំពោះ​មនុស្ស​ទាំងអស់ ។ បុរស​ម្នាក់​ឈ្មោះ ធ័រហ្គេរ ត្រូវបាន​សូម​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​សម្រាប់​មនុស្ស​គ្រប់គ្នា​អំពី​ការប្រែចិត្ត​ជឿ​លើ​គ្រិស្ដសាសនា ឬ​ការបន្ដ​ថ្វាយ​បង្គំ​ព្រះ​ន័ស ។ ក្រោយពី​បី​ថ្ងៃ​នៃ​ឯកវាសភាព​ក្នុង​ត្រសាល​របស់​លោក​មក លោក​ធ័រហ្គេរ​បាន​ប្រកាស​ការសម្រេចចិត្ត​របស់​លោក បក្សសម្ព័ន្ធ​ទាំងអស់​នឹង​ក្លាយជា​គ្រីស្ទាន ។ កាល​លោក​ធ័រហ្គេរ​បាន​ត្រឡប់​ទៅកាន់​ភូមិ​របស់​លោក​វិញ លោក​បាន​យក​រូប​ព្រះ​ន័ស​សំណព្វ​របស់​គាត់​ទៅ​បោះ​ចោល​ក្នុង​ទឹកជ្រោះ​មួយ ដែល​ឥឡូវ​គេ​ស្គាល់​ថា ហ្គតអាហ្វ័ស ឬ « ទឹកជ្រោះ​របស់​ព្រះ » ។ ទង្វើ​នេះ​បញ្ជាក់​ពី​ការប្រែចិត្ត​ជឿ​ដ៏​ពេញលេញ​របស់​លោក​ធ័រហ្គេរ​ចំពោះ​គ្រិស្ដសាសនា ។

  6. អាលម៉ា ២៣:១៣២៤:១៧–១៨ ។

  7. សូមមើល អាលម៉ា ២៣:៦ David A. Bednar « Converted unto the Lord» Liahonaខែ​វិច្ឆិកា ឆ្នាំ​២០១២ ទំព័រ ១០៦–៩ ។

  8. សូមមើល អេសេគាល ១១:១៩–២០កូរិនថូស ទី​២ ៣:៣ ។

  9. សូមមើល រ៉ូម ១០:១៤, ១៧ ។

  10. សូមមើល ប្រកាស​ដំណឹងល្អ​របស់យើង ៖ មគ្គុទេសក៍​ចំពោះ​ការ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា បាន​ធ្វើ​កំណែ ( ឆ្នាំ ២០១៨ ) ទំព័រ ២០៣ ។

  11. សូមមើល ដាល្លិន អេក អូក « Taking upon Us the Name of Jesus Christ» Ensignខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៨០–៨៣ ។

  12. សូមមើល អាលម៉ា ៥:១២–១៤ ។

  13. សូមមើល គោលលទ្ធិ និង សេចក្តី សញ្ញា ៨២:១០ ។

  14. ទន្លេ​កុងហ្គោ​គឺជា​ទន្លេ​ដែល​ជ្រៅ​ជាង​គេ​បំផុត ហូរ​ខ្លាំង​ជាង​គេ​បំផុត​ទីពីរ និង​វែង​ជាង​គេ​បំផុត​ទី​ប្រាំបួន​នៅក្នុង​ពិភពលោក ។ ដោយសារ​វា​ឆ្លង​ខ្សែ​អេក្វាទ័រ​ពីរ​ដង ហើយ​យ៉ាង​ហោចណាស់​ផ្នែក​មួយ​នៃ​ទន្លេ​នេះ​នៅក្នុង​រដូវ​ភ្លៀង​ជានិច្ច នោះ​នាំ​ឲ្យ​មាន​ទឹក​ហូរ​យ៉ាង​ទៀងទាត់ ។ លំហូរ​គឺ​ថេរ​ពេញ​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ ជា​មធ្យមភាគ​ទឹក ៤១០០០ ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី ខណៈ​អាត្រា​លំហូរ​អាច​ខុស​គ្នា​បន្ដិច​បន្ដួច​ក្នុង​ពេល​ជាច្រើន​ឆ្នាំ ( ចាប់ពី ២៣០០០–៧៥០០០ ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី ) ។

  15. ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ១៤:២៨ ( នៅ​ក្នុង លូកា ១៤:២៧, លេខ​យោង ) ។

  16. សូមមើល នីហ្វៃទី ២ ៩:១៨ រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨១–៨៤ ។ ប្រធាន​ណិលសុន​បាន​ពោល​ថា « អំណរ​គឺជា​អំណោយទាន​ចំពោះ​អ្នក​ស្មោះត្រង់ »​ ( ទំព័រ ៨៤ ) ។

  17. អាលម៉ា ៣៧:៩ ។

  18. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៧ ។ នៅក្នុង​សិក្ខាសាលា​ថ្នាក់​ដឹកនាំ​បេសកកម្ម​នៅ​ខែ មិថុនា ឆ្នាំ ២០១៩ ក្រោយពី​ការទទួល​ទាន​សាក្រាម៉ង់ ពីមុន​ចាប់ផ្ដើម​សារ​ជា​ផ្លូវការ​របស់​លោក ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា « មាន​គំនិត​មួយ​បានផុស​ក្នុងគំនិត​ខ្ញុំ​ថា ការដែល​ខ្ញុំ​ចុះ​សេចក្ដី​សញ្ញា​ថ្ងៃនេះ​សំខាន់​ខ្លាំង​ជាង​សារលិខិត​ដែល​ខ្ញុំ​បាន​រៀបចំ​ទៅ​ទៀត ។ ខ្ញុំ​បាន​ចុះ​សេចក្ដី​សញ្ញា​មួយ កាល​ខ្ញុំ​បាន​ទទួល​ទាន​សាក្រាម៉ង់​ថា ខ្ញុំ​នឹង​មាន​ឆន្ទៈ​លើក​ដាក់​លើ​ខ្លួន​ខ្ញុំ​នូវ​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថា​ខ្ញុំ​មាន​ឆន្ទៈ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ជាញឹកញាប់ ខ្ញុំ​ស្ដាប់​ឮ​ការនិយាយ​ថា យើង​ទទួលទាន​សាក្រាម៉ង់​ដើម្បី​រំឭក​សេចក្ដី​សញ្ញា​នៅ​ឯ​បុណ្យ​ជ្រមុជទឹក​ជាថ្មី ។ ខណៈ​ដែល​ការណ៍​នោះ​ត្រឹមត្រូវ វា​មាន​ច្រើន​ជាង​នោះ​ទៅ​ទៀត ។ ខ្ញុំ​បាន​ចុះ​សេចក្ដី​សញ្ញា​ថ្មី​មួយ ។ បងប្អូន​បាន​ចុះ​សេចក្ដី​សញ្ញា​ថ្មី ។… វា​ជា​ការតប​វិញ​នាពេល​នេះ ដែល​ទ្រង់​បាន​ថ្លែង​ថា យើង​នឹង​តែងតែ​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​យើង​ជានិច្ច ។ ឱ វា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ ! »

  19. សូមមើល នីហ្វៃ​ទី​៣ ១៨:១២ ។