ឆ្នាំ ២០១០-២០១៩
អំណរ​នៃ​ពួកបរិសុទ្ធ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


អំណរ​នៃ​ពួកបរិសុទ្ធ

អំណរ​កើត​ចេញ​ពី​ការ​គោរព​បទបញ្ញត្តិ​របស់​ព្រះគ្រីស្ទ ​ការ​យក​ឈ្នះ​ភាព​សោកសៅ និង​ភាព​ទន់ខ្សោយ​តាមរយៈ​ទ្រង់ និង​ការ​បម្រើ​ដូច​ដែល​ទ្រង់​បាន​បម្រើ ។

ព្យាការី​អេណុស​ក្នុង​ព្រះគម្ពីរ​មរមន ជា​ចៅ​ប្រុស​របស់​លីហៃ បាន​សរសេរ​អំពី​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​ដែល​បាន​កើត​ឡើង​កាល​លោក​នៅ​ក្មេង ។ កាល​នៅតែ​ម្នាក់​ឯង​ក្នុង​ព្រៃ អេណុស ចាប់ផ្តើម​ពិចារណា​អំពី​​ការបង្រៀន​របស់​ឪពុកលោក យ៉ាកុប ។ លោកបាន​និយាយថា « ពាក្យ​ទាំងឡាយ​ដែលខ្ញុំតែង​បានឮ​ឪពុក​ខ្ញុំ​និយាយ​ជាញឹកញាប់អំពីជីវិត​ដ៏នៅ​អស់កល្បជានិច្ច និង​សេចក្តី​អំណរ​នៃពួកបរិសុទ្ធ បានជ្រួតជ្រាប​ទៅក្នុង​ដួងចិត្តខ្ញុំ » ។ នៅក្នុង​ព្រលឹង​​ដែល​ស្រេកឃ្លា​ន​ខាង​វិញ្ញាណរបស់លោក អេណុស បានលុត​ជង្គង់ចុះ​អធិស្ឋាន​ដ៏​អស្ចារ្យ តាំងពី​ពេលថ្ងៃ​ដល់​យប់ ជាការអធិស្ឋាន​ដែល​បាននាំ​លោក​ឲ្យ​ទទួល​​វិវរណៈ​ដ៏សំខាន់ ការធានាបញ្ជាក់ និង​ការសន្យា​ទាំងឡាយ ។

មានរឿង​ជាច្រើន​ដែល​ត្រូវ​រៀន​មក​ពី​បទពិសោធន៍​របស់​អេណុស ប៉ុន្តែ​នៅថ្ងៃនេះ អ្វី​ដែល​ផុសនៅ​ក្នុង​គំនិត​ខ្ញុំ គឺ​ការចងចាំ​របស់​អេណុស អំពីការ​និយាយ​ជាញឹកញាប់​​របស់​ឪពុកលោកអំពី « សេចក្តីអំណរ​នៃ​ពួកបរិសុទ្ធ » ។២

នៅក្នុង​សន្និសីទ​ដូចនេះ​ កាលពីបីឆ្នាំ​កន្លងទៅហើយ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ពី​សេចក្តី​អំណរ ។ ក្នុង​ចំណោម​រឿង​ផ្សេងៗទៀត លោក​បាន​មាន​ប្រសាសន៍​ថា ៖

« អំណរ​ដែល​យើង​មាន​នោះ វា​មាន​ឥទ្ធិពល​តិច​តួច​លើស្ថានភាព​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​លើ​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅលើ ។

« ពេល​យើង​ផ្ដោត​ជីវិត​របស់​យើង​លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ… និង​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដំណឹងល្អ​របស់​ទ្រង់ យើង​អាច​មាន​នូវ​អំណរ ទោះ​ជា​មាន​អ្វី​កំពុង​កើត​ឡើង—ឬ​មិន​កើត​ឡើង—នៅ​ក្នុង​ជីវិត​យើង​ក៏​ដោយ ។ អំណរ​កើត​មាន​ឡើង ហើយ​ដោយសារ​តែ​ទ្រង់ ។ … សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ព្រះយេស៊ូវ គ្រីស្ទ គឺជា​អំណរ ! »

ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ គឺជា​ជនទាំង​ឡាយណា​ដែល​បាន​ចូល​ទៅ​ក្នុង​សេចក្តី​សញ្ញា​នៃ​ដំណឹងល្អ​តាមរយៈ​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​ព្យាយាម​ធ្វើ​តាម​ព្រះគ្រីស្ទ​ក្នុង​នាម​ជា​សិស្ស​របស់​ទ្រង់ ។ ហេតុដូច្នោះហើយ « សេចក្តី​អំណរ​នៃ​ពួកបរិសុទ្ធ » ចង្អុល​បង្ហាញ​ពី​អំណរ​នៃ​ការក្លាយ​ដូចជា​ព្រះគ្រីស្ទ ។

ខ្ញុំ​ចង់​និយាយ​ពី​អំណរ​ដែល​បានមកពី​ការគោរព​បទបញ្ញត្តិ​របស់​ទ្រង់ អំណរ​ដែល​កើតមានមក​ពី​ការ​យកឈ្នះ​លើ​ទុក្ខព្រួយ និង​ភាពទន់ខ្សោយ​តាមរយៈទ្រង់ និង​អំណរ​ដែល​ទទួលបាន​ពីការបម្រើ​ដូចជា​ទ្រង់​បានបម្រើ ។

អំណរ​ពី​ការគោរព​បទបញ្ញត្តិ​របស់​ព្រះគ្រីស្ទ

យើងរស់នៅក្នុង​យុគសម័យ​តម្រេក​និយម នៅពេល​មាន​មនុស្ស​ជាច្រើន​សង្ស័យ​អំពី​សារៈសំខាន់​នៃ​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ឬ​មិន​យកចិត្ត​ទុកដាក់​នឹង​​បទបញ្ញត្តិ​ទាំងនោះ ។ ជារឿយៗ មនុស្ស​ដែល​បំពាន​លើ​​សេចក្ដី​បង្គាប់​របស់​ព្រះ ដូចជា​ច្បាប់​ព្រហ្មចារីយភាព បទដ្ឋាន​នៃ​សេចក្ដី​ទៀងត្រង់ និង​បរិសុទ្ធភាព​នៃ​ថ្ងៃ​ឈប់​សម្រាក ពេល​ខ្លះ​ហាក់​ដូចជា​រីកចម្រើន ហើយ​រីករាយ​នឹង​អ្វីល្អៗ​ក្នុង​ជីវិត ​ច្រើន​ជាង​អ្នក​ដែល​កំពុង​​ខំ​គោរព​ប្រតិបត្តិ​ទៅ​ទៀត ។ មាន​មនុស្ស​ខ្លះ​ចាប់ផ្ដើម​ងឿង​ឆ្ងល់​ថាតើ​ការ​ខិតខំ និង​ពលិកម្ម​ទាំង​នោះ​ស័ក្ដិសម​នឹង​តម្លៃ​ដែរ​ឬ​ទេ ។ មាន​គ្រា​មួយ ប្រជាជន​អ៊ីស្រាអែល​កាល​ពី​បុរាណ​បាន​ត្អូញ​ត្អែរ​ថា ៖

« ការ​ដែល​ខំ​គោរព​តាម​ព្រះ ៖ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះ​ទ្រង់​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី ?

« ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើងឆ្មៃ​ទុក​ជា​សប្បាយ​ហើយ អើ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង អើ គេ​ល្បងល​ព្រះ ហើយ​ក៏​រួច​ផង » ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ចូរ​រង់​ចាំ​ដល់ ​« ថ្ងៃ​ដែល​អញ​ធ្វើ​ការ​នេះ » ។ « គ្រា​នោះ​ឯង​រាល់​គ្នា​នឹង​ត្រឡប់​ជា​ចេះ​ញែក​សេចក្តី​សុចរិត និង​សេចក្តី​អាក្រក់​ចេញ​ពី​គ្នា ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ និង​មនុស្ស​ដែល​មិន​គោរព​ផង » ។ មនុស្ស​ទុច្ចរិត​អាច​នឹង « បាន​សេចក្ដី​អំណរ​នៅ​ក្នុង​កិច្ចការ​ទាំង​ឡាយ​របស់​ពួកគេ​មួយ​រដូវ​តែ​ប៉ុណ្ណោះ » ប៉ុន្តែ​វា​ជា​រឿង​បណ្ដោះ​អាសន្ន​ជានិច្ច ។ អំណរ​នៃ​ពួកបរិសុទ្ធ​មាន​ជានិរន្តរ៍ ។

ព្រះ​ទត​ឃើញ​អ្វីៗ​នៅ​ក្នុង​ទិដ្ឋភាព​ពិត​របស់​វា ហើយ​ទ្រង់​ចែកចាយ​ទិដ្ឋភាព​នោះ​ជាមួយ​នឹង​យើង​តាមរយៈ​បទបញ្ញត្តិ​របស់​ទ្រង់ ដោយ​ដឹកនាំ​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ និងគ្រលុក​នៃ​ជីវិត​រមែង​ស្លាប់​ឆ្ពោះ​ទៅ​រក​អំណរ​អស់​កល្ប​ជានិច្ច ។ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ពន្យល់​ថា ៖ « នៅពេលបទបញ្ញត្តិ​របស់​ទ្រង់​បង្រៀន វា​គឺ​ស្ថិត​នៅក្នុង ដ្បិត​យើង​ត្រូវបាន​ទតមើល​ដោយព្រះ ដូចជា​យើង​ស្ថិតនៅក្នុងភាព​អស់កល្បជានិច្ច ព្រះ​គង់នៅ​អស់កល្បជានិច្ច ហើយ​ពុំ​ទតឃើញ​ដូចជា​យើង​មើលឃើញ​នោះទេ » ។

ខ្ញុំ​ពុំ​ធ្លាប់​ជួប​នរណា​ម្នាក់​ដែល​បាន​រកឃើញ​ដំណឹងល្អ​នៅក្នុង​ជីវិត​នេះ​ហើយ មិន​ប្រាថ្នា​ថាចង់​បាន​​​ស្គាល់​ដំណឹងល្អ​ឲ្យ​បានលឿន​ជាង​​នេះ​នោះទេ ។ ពួកគេ​នឹង​និយាយថា « ស្តាយណាស់ ! ខ្ញុំ​មិនគួរ​ជ្រើសរើស​ខុស និង​ធ្វើមិនល្អនោះទេ » ។ បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​គឺជា​មគ្គុទេសន៍​របស់​យើង​នាំទៅ​រក​ការ​ជ្រើសរើស​ដ៏​ប្រសើរ និង​លទ្ធផល​ដ៏​រីករាយ ។ ឱ! យើង​គួរ​តែ​រីករាយ ហើយ​ថ្លែង​អំណរ​គុណ​ទ្រង់​សម្រាប់​ការ​បង្ហាញ​​មាគ៌ា​ដ៏​ល្អ​ប្រពៃ​នេះមកកាន់យើង ។

រូបភាព
ស៊ីស្ទើរ ខាំវ៉ានយ៉ា

កាល​ពី​ក្មេង ប្អូន​ស្រី កាលុមបូ រូសេត ខាំវ៉ានយ៉ា មក​ពី សាធារណៈរដ្ឋ​កុង​ហ្គូ ឥឡូវ​នេះ​កំពុង​បម្រើ​នៅ​ក្នុង​បេសកកម្ម​កូតេ ឌីវ៉ូ អាប៊ីចាន់​ខាង​លិច បាន​តម​អាហារ ហើយ​អធិស្ឋាន​រយៈពេល​បី​ថ្ងៃ​ដើម្បី​ស្វែង​រក​ទិសដៅ​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​នាង​ទៅ ។ នៅ​ក្នុង​ការ​និមិត្ត​មួយ​នា​វេលា​យប់ នាង​បាន​ឃើញ​អគារ​ពីរ និង​អ្វី​ដែល​នាង​ឥឡូវ​នេះ​ដឹង​ថា​ជា​ព្រះវិហារ​បរិសុទ្ធ ។ នាង​បាន​ចាប់ផ្ដើម​ស្រាវ​ជ្រាវ ហើយ​រំពេច​នោះ​បាន​រក​ឃើញ​សាលា​ប្រជុំ​ដែល​នាង​បាន​សុបិន​ឃើញ ។ ស្លាក​សញ្ញា​នោះ​បាន​សរសេរ​ថា « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។ ប្អូន​ស្រី ខាំ​វ៉ាន់​យ៉ា បាន​ជ្រមុជទឹក រួចហើយ​ម្ដាយ​នាង ព្រមទាំង​ប្អូន​ប្រុស​ប្រាំ​មួយ​នាក់​របស់​នាង​ផងដែរ ។ ប្អូន​ស្រី ខាំ​វ៉ាន់យ៉ា បាន​ថ្លែង​ថា « ពេល​ខ្ញុំ​បាន​ទទួល​ដំណឹងល្អ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​សត្វ​ចាប​មួយ​ក្បាល​ដែល​ជាប់​ទ្រុង​ត្រូវ​បាន​លែង​មាន​ឲ្យ​សេរីភាព ។ ដួង​ចិត្ត​របស់​ខ្ញុំ​បាន​ពេញ​ដោយ​អំណរ ។… ខ្ញុំ​មាន​ការ​ជឿ​ជាក់​ថា ព្រះ​ស្រឡាញ់​ខ្ញុំ » ។

ការ​គោរព​បទ​បញ្ញត្តិ​របស់​ព្រះ​ជួយ​យើង​ឲ្យ​ងាយ​ទទួល​សេចក្ដី​​ស្រឡាញ់​របស់​ទ្រង់​យ៉ាង​ពេញ​លេញ ។ ផ្លូវតូច​ ហើយចង្អៀត​នៃ​ដំណឹងល្អ នាំ​ទៅកាន់​ដើមឈើ​នៃ​ជីវិត​ដោយ​ផ្ទាល់ ហើយ​ដើមឈើ និង​ផ្លែវា គឺផ្អែមបំផុត ហើយ « គួរ​ឲ្យ​ប្រាថ្នា​លើស​អ្វីៗទាំងអស់ » ១០ គឺ​ជា​តំណាង​ឲ្យ​សេចក្ដីស្រឡាញ់​នៃ​ព្រះ ហើយ​បំពេញព្រលឹង « ដោយសេចក្ដីអំណរ​ដ៏​មហិមា » ។១១ ព្រះអង្គសង្គ្រោះ​មាន​បន្ទូលថា ៖

« បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្តិ​​នៃ​ព្រះវរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ដែរ ។

« ខ្ញុំ​បាន​និយាយ​សេចក្តី​ទាំងនេះ ប្រាប់​ដល់​អ្នករាល់គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ របស់​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្តី​អំណររបស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ផង » ។១២

សេចក្តីអំណរ​បានមក​ពី​ការយកឈ្នះ​ឧបសគ្គ​តាមរយៈ​ព្រះគ្រីស្ទ

ទោះបីជា​យើង​ជាអ្នក​គោរព​បទបញ្ញត្តិ​ដោយ​ស្មោះត្រង់​ក្តី ក៏​យើង​នៅ​តែ​ជួប​ឧបសគ្គ និង​ទុក្ខលំបាក​ដែល​បង្អាក់​​សេចក្តី​អំណរ​យើងដែរ ។ ប៉ុន្តែ នៅពេល​យើងព្យាយាម​យកឈ្នះ​ឧបសគ្គ​ទាំងនេះ​ដោយមាន​ជំនួយ​ពី​ព្រះអង្គ​សង្រ្គោះ វា​នឹង​រក្សា​សេចក្តីអំណរ​ដែល​យើង​ទទួល​អារម្មណ៍​ឥឡូវនេះ និង​សេចក្តីអំណរ​ដែល​យើង​ប្រាថ្នា ។ ព្រះ​គ្រីស្ទ​បានបញ្ជាក់​ដល់​ពួកសិស្ស​របស់ទ្រង់ថា « នៅ​លោកិយ​នេះ ​នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ។១៣ ជាការ​តបស្នង​ដល់ទ្រង់​វិញ គឺ​ត្រូវ​គោរពទ្រង់ ចងភ្ជាប់ខ្លួន​យើង​ទៅនឹងទ្រង់ នោះ​ការសាក​ល្បង និង​ទុក្ខសោក​នោះ​នឹង​ប្រែ​​ទៅជា​សេចក្តី​អំណរ​វិញ ។ ខ្ញុំ​សូមលើក​ពី​ឧទាហរណ៍​មួយ ។

នៅក្នុង​ឆ្នាំ ១៩៨៩ ប្រធាន ចាក រូសតុន ​កំពុង​បម្រើ​ជា​ប្រធាន​នៃ​ស្តេក អាយវីន កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ។ ក្នុងអំឡុង​ពេល​វិស្សមកាល​គ្រួសារ​នៅ​ឆ្នេរ​សមុទ្រ​កាលីហ្វ័រញ៉ា ចាក​កំពុង​ជិះស្គីលើទឹក នៅពេល​រលកបាន​បោកបក់​គាត់ចូល​ទៅលើផ្ទាំងថ្ម ​បាក់-ក​របស់គាត់ និង​រងរបួស​ធ្ងន់​ធ្ងរដល់ខួរ​ឆ្អឹងខ្នង ។ ក្រោយមក ចាក បាននិយាយថា ​« ពេល​ខ្ញុំ​ប៉ះនឹង​ថ្ម​ភ្លាម ខ្ញុំដឹងថា ខ្ញុំ​នឹង​ខ្វិន​​ហើយ » ។១៦ គាត់​មិន​អាចនិយាយ ទាំង​មិនអាច​ដក​ដង្ហើម​បាន​ដោយ​ខ្លួន​គាត់​ឡើយ ។​១៧

រូបភាព
គ្រួសារ និង​មិត្តភក្ដិ​កំពុង​ជួយ​ដល់ រូស​តុន

ក្រុមគ្រួសារ មិត្តភក្តិ និង​សមាជិក​ស្តេក​បាន​ជួបជុំ​គ្នា​នៅជុំវិញ​បងប្រុស រូសតុន និង​ភរិយា​គាត់ បងស្រី ចូ អាន ហើយ​នៅក្នុង​ចំណោម​កិច្ចការ​ជាច្រើន ក៏ត្រូវមាន​កិច្ចការមួយ​ត្រូវ​ធ្វើ គឺ​ត្រូវ​កែច្នៃ​ផ្ទះ​របស់​គាត់​ឲ្យ​ត្រូវនឹង​រទេះ​រុញ​របស់​ចាក ។ ចូ អាន បានក្លាយ​ជា​អ្នកជួយ​ដ៏សំខាន់​របស់​ចាក​រយៈពេល ២៣ ឆ្នាំ ។ យោងតាម​ដំណើររឿង​ព្រះគម្ពីរ​មរមន អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​យាង​ទៅ​ជួប​រាស្រ្ត​របស់ទ្រង់ កាល​ពួកគេ​ជួបទុក្ខ​លំបាក ហើយ​បាន​ធ្វើ​ឲ្យ​បន្ទុក​របស់ពួកគេ​បាន​ធូរស្រាល ១៦ចូ អាន បាន​និយាយថា « ជាញឹកញាប់ ខ្ញុំ​ស្ងប់ស្ងែង​នឹង​ពន្លឺ​នៃ​ដួងចិត្ត​របស់​ខ្ញុំ ដែល​ខ្ញុំ​មាន​ក្នុង​ការថែរក្សា​ស្វាមី​ខ្ញុំ » ។១៧

រូបភាព
ចាក និង ចូ អាន រ៉ូសតុន

ការផ្លាស់​ប្តូរប្រព័ន្ធ​ដកដង្ហើម​របស់​គាត់ បាន​ស្តារ​សមត្ថភាព​របស់​ចាក ក្នុងការ​និយាយ ហើយ​ក្នុងមួយឆ្នាំ ចាក​ត្រូវ​បាន​គេហៅ​ឲ្យ​​បង្រៀន​គោលលទ្ធិ​ដំណឹងល្អ និងជា​អយ្យកោ​ប្រចាំ​ស្តេក ។ នៅពេល​គាត់អាច​ផ្តល់​ពរជ័យ​អយ្យកោ នោះ​អ្នកកាន់​បព្វជិតភាព​ម្នាក់ទៀត​ដាក់ដៃ​របស់​បងប្រុស រ៉ូសតុន នៅលើក្បាល​របស់​បុគ្គល​ដែល​កំពុងទទួល​ពរជ័យ ហើយ​ជួយ​ទប់ដៃ​របស់គាត់​អំឡុង​ធ្វើពិធី​ប្រសិទ្ធពរ ។ ចាក បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស​នាឆ្នាំ ២០១២ បន្ទាប់ពី​បាន​បម្រើ​យ៉ាង​ស្មោះត្រង់​អស់រយៈពេល ២២ ឆ្នាំ ។

រូបភាព
ចាក រ៉ូសតុន

នៅពេលមួយ​ក្នុង​ការសម្ភាសន៍ ចាក បាន​សង្កេត​ឃើញថា « បញ្ហា​នានា​នឹង​កើតឡើង​នៅក្នុង​ជីវិតរបស់​យើង​ទាំងអស់​គ្នា វាគឺជា​ផ្នែក​មួយ​នៃ​ការមកកាន់​ផែនដី​នេះ ។ ហើយ​មនុស្ស​មួយចំនួន​គិតថា សាសនា ឬ​ការមាន​ជំនឿ​លើ​ព្រះ​នឹង​ការពារ​អ្នក​ពី​រឿង​អាក្រក់​ទាំងនោះ ។ ខ្ញុំ​គិតថា នោះ​មិន​ត្រឹមត្រូវ​ទេ ។ ខ្ញុំ​គិតថា រឿង​ដែលសំខាន់​នោះ​គឺ បើ​ជំនឿ​របស់​យើង​រឹងមាំ នៅពេល​រឿង​អាក្រក់ៗ​កើត​ឡើង ដែល​វា​ប្រាកដ​ជាកើត​ឡើង នោះ​យើងអាច​ប្រឈមមុខ​នឹង​វា​បាន ។ … សេចក្តីជំនឿ​របស់ខ្ញុំ​មិនដែល​វៀចវេរទេ ប៉ុន្តែ​នោះមិនមាន​ន័យ​ថា ខ្ញុំ​មិនដែល​មាន​រឿង​ស្មុគ​ស្មាញ​​នោះដែរ ។ ខ្ញុំ​គិតថា ជាលើកដំបូង​នៅក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​ត្រូវបាន​រុញ​ច្រាន​ឲ្យ​ទ័លច្រក ហើយ​គ្មាន​កន្លែងណា​ឲ្យ​ខ្ញុំ​ងាកទៅ​រក​ជំនួយទេ ដូច្នេះ​ខ្ញុំ​ក៏បាន​ងាក​ទៅ​សូម​​ជំនួយ​ពី​ព្រះអម្ចាស់ ហើយនៅ​ថ្ងៃនេះ ខ្ញុំ​​​មាន​អារម្មណ៍​ថា​មាន​សេរីភាព » ។​២០

នេះគឺជា​សម័យ​ដែលពេលខ្លះ មានការ​វាយលុកដោយគ្មាន​មេត្តានៅក្នុង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​សង្គម និង​ដោយផ្ទាល់ ​​ប្រឆាំង​ដល់​ជនទាំងឡាយ​ណា​ដែល​ស្វែងរក​ដើម្បី​លើកតម្កើង​បទដ្ឋាន​របស់​ព្រះអម្ចាស់ ទាំងសម្លៀក​បំពាក់ ការកម្សាន្ត និង​បរិសុទ្ធភាព​ខាងផ្លូវភេទ ។ ជាញឹកញាប់ គឺជា​យុវវ័យ និង​យុវមជ្ឈិមវ័យ​ក្នុង​ចំណោម​ពួកបរិសុទ្ធ ក៏ដូចជា​ស្រ្តី និង​ម្តាយ​ទាំងឡាយ ដែល​ស៊ូទ្រាំ​នឹង​ការ​សើចចំអក និង​ការ​ធ្វើទុក្ខ​បុកម្នេញ​នេះ ។ វា​មិនមែន​ងាយស្រួលទេ​ក្នុងការ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការ​បៀតបៀន​នេះ ប៉ុន្តែ​សូមចងចាំ​ពាក្យ​សម្ដី​​របស់​ពេត្រុសថា ៖ « បើសិនជា​គេ​តិះដៀល​អ្នករាល់គ្នា​ដោយ​ព្រោះ​ព្រះគ្រីស្ទ នោះ​មាន​ពរហើយ​ ពីព្រោះ​ព្រះវិញ្ញាណ​ដ៏​មាន​សិរីល្អ គឺជា​ព្រះវិញ្ញាណ​នៃ​ព្រះ​ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ » ។២១

នៅក្នុង​សួនច្បារ​អេដែន អ័ដាម និង នាង​អេវ៉ា « គ្មាន​សេចក្ដីអំណរ ព្រោះ​ពួកគេ​មិនស្គាល់​សេចក្ដីទុក្ខវេទនា » ។​២០ ឥឡូវនេះ នៅពេល​ការទទួលខុសត្រូវ​ចាប់ផ្តើម យើង​រកឃើញ​សេចក្តីអំណរ​នៅក្នុងការ​យកឈ្នះ​លើ​សេចក្តីវេទនា​មិនថា​តាមទម្រង់ណា​នោះទេ មិនថា​វា​ជា​អំពើបាប ការសាកល្បង ភាព​ទន់ខ្សោយ ឬ​ឧបសគ្គ​ណាផ្សេងទៀត​ដែល​រារាំង​មិនឲ្យ​យើង​​មាន​សុភមង្គលនោះឡើយ ។ នេះគឺជា​សេចក្តី​អំណរ​នៃ​រកឃើញ​ការរីកចម្រើន​នៅលើ​ផ្លូវ​នៃ​ភាពជា​សិស្ស សេចក្តី​អំណរ​នៃ​ការ « ​បាន​ទទួល​​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​គេ ហើយ​ដោយ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ » ២១ សេចក្តី​អំណរ​នៃ​ការមាន​អារម្មណ៍​ថា​ព្រលឹងមួយ​បាន​​រីកចម្រើន​​ឡើង​តាមរយៈ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ ។ ២២

សេចក្តីអំណរ​ក្នុង​ការ​បម្រើ​ដូចជា​ព្រះគ្រីស្ទ

ព្រះ​អង្គ​សង្រ្គោះ​មានសេចក្តី​អំណរ​នៅក្នុង​ការនាំមក​នូវ​ជីវិត​អមតៈ និង​អស់កល្ប​ជានិច្ច ។២៣ ពេល​និយាយ​ពី​ដង្វាយធួន​របស់​ព្រះ​អង្គសង្រ្គោះ ​ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា ៖

« ដូច​នៅក្នុង​គ្រប់រឿង​ទាំងអស់ដែរ ព្រះយេស៊ូវ​គ្រីស្ទ​គឺជាគំរូ​ដ៏អស្ចារ្យ​បំផុត ‹ ដែល​ទ្រង់បានរង​ទ្រាំ​នៅឈើឆ្កាង › [ ហេព្រើរ ១២:២ ] ។ ចូរគិត​ទៅមើល ! ដើម្បី​ទ្រង់អាច​ស៊ូទ្រាំបទ​ពិសោធន៍​ដ៏ឈឺចាប់​បំផុត​ដែលទ្រង់​បានស៊ូទ្រាំ​នៅលើ​ផែនដីនេះ នោះ​ព្រះអង្គ​សង្គ្រោះ​យើង​បាន​ផ្តោត​ព្រះទ័យ​ទ្រង់​ទៅលើ​សេចក្តីអំណរ !

« ហើយ​តើ​មានអំណរ​អ្វីខ្លះ​ដែល​នៅ​ចំពោះ​ទ្រង់ ? ប្រាកដណាស់​វារួមមាន​អំណរ​នៃ​ការជ្រះស្អាត ការព្យាបាល និង ការពង្រឹង​ដល់យើង អំណរ​នៃ​ការបង់ថ្លៃ​ចំពោះ​អំពើបាប​នៃអស់អ្នក​ដែល​ប្រែចិត្ត អំណរ​នៃការ​ធ្វើឲ្យ​បងប្អូន និង រូបខ្ញុំ​អាចត្រឡប់​ទៅផ្ទះវិញ—ឲ្យ​ជ្រះស្អាត និង មាន​ភាពស័ក្តិសម—ដើម្បី​រស់នៅ​ជាមួយ​ព្រះមាតា​បិតា និង​ក្រុម​គ្រួសារសួគ៌ា » ។២៤

ស្រដៀងគ្នា​នេះដែរ សេចក្តីអំណរ « នៅចំពោះ​យើង » គឺជា​សេចក្តី​អំណរ​នៃ​ការជួយ​ព្រះអង្គ​សង្រ្គោះ​នៅក្នុងកិច្ចការ​ប្រោសលោះ​របស់​ទ្រង់ ។ ក្នុងនាម​ជា​ពូជពង្ស និង​កូនចៅ​របស់​អ័ប្រាហាំ២៥យើង​ទទួលពរជ័យ​ជា​ក្រុម​គ្រួសារ​ទាំងអស់​នៅលើ​ផែនដី « ដោយ​ព្រះពរ​ទាំងឡាយ​នៃ​ដំណឹងល្អ ដែល​ជា​ព្រះពរ​ទាំងឡាយ​ខាង​សេចក្ដីសង្គ្រោះ គឺ​ខាង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។២៦

ពាក្យសំដី​របស់​អាលម៉ា​ក៏​ផុសឡើង​ក្នុង​គំនិត ៖

« នេះ​គឺជា​ការ​អួត​របស់​ខ្ញុំ ក្រែង​ខ្ញុំ​អាច​បាន​ទៅ​ជា​គ្រឿង​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ ដើម្បី​នាំ​មនុស្ស​ខ្លះ​ទៅ​កាន់ការ​ប្រែ​ចិត្ត ហើយ​នេះ​គឺ​សេចក្ដី​អំណរ​របស់​ខ្ញុំ ។

« ហើយ​មើល​ចុះ កាល​ខ្ញុំ​ឃើញ​បង​ប្អូន​ខ្ញុំ​ជា​ច្រើន​បាន​ប្រែ​ចិត្ត​ជា​ពិតប្រាកដ ហើយ​មក​រក​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ នៅ​ពេល​នោះ ព្រលឹង​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ ។ …

« ប៉ុន្តែ​ខ្ញុំ​មិន​មាន​សេចក្ដី​អំណរតែ​នៅ​ក្នុង​ការ​ជោគជ័យ​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​សេចក្ដី​អំណរ​របស់​ខ្ញុំ​ពោរពេញ​ថែម​ឡើង ដោយ​ព្រោះ​ភាព​ជោគជ័យ​របស់​បង​ប្អូន​ខ្ញុំ ដែល​បាន​ឡើង​ទៅ​ឯ​ដែនដី​នីហ្វៃ ។ …

« ឥឡូវ​នេះ កាល​ខ្ញុំ​នឹក​ដល់​ការ​ជោគជ័យ​របស់​បង​ប្អូន​ទាំង​នេះ នោះ​ព្រលឹង​ខ្ញុំ​ត្រូវ​បាន​បណ្ដែត​ចេញ​ទៅ គឺ​ឃ្លាត​ចេញ​ពី​រូប​កាយ នៅ​ពេល​នោះ​សេចក្ដី​អំណរ​របស់​ខ្ញុំ​ធំ​អស្ចារ្យ​ណាស់ » ។​២៧

ផលផ្លែ​នៃ​ការបម្រើ​របស់យើង​ចំពោះ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​សាសនាចក្រ​គឺជា​ផ្នែក​នៃ​សេចក្តី​អំណរ « នៅចំពោះ​យើង » ។ ទោះបីជា​នៅគ្រា​ដែល​បាក់ទឹកចិត្ត ឬ ស្មុគស្មាញ​ក្តី យើង​អាច​ធ្វើការងារ​បម្រើ​ដោយ​អំណត់ ប្រសិនបើ​យើង​ផ្តោត​សំខាន់​នៅលើ​សេចក្តី​អំណរ​ដែល​គាប់ព្រះហឫទ័យ​ព្រះ និង​ការនាំមក​នូវ​ពន្លឺ ការធូរស្បើយ និង​សុភមង្គល​​មកកាន់​កូនចៅ​របស់​ទ្រង់ ដែល​ជា​បងប្អូន​ប្រុសស្រី​របស់​យើង ។

ពេលនៅ ហៃទី កាលពីខែមុន​ដើម្បី​ធ្វើការ​ឧទិ្ទសឆ្លង​ព្រះវិហារ​បរិសុទ្ធ ផត អូ ព្រីន អែលឌើរ ដេវីឌ និង ស៊ីស្ទើរ ស៊ូសាន បែដណា បាន​ជួបជាមួយនឹង​ប្អូនស្រី​ម្នាក់​ដែល​ស្វាមី​នាង​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ដ៏​រន្ធត់​កាលពីរបី​ថ្ងៃ​មុន ។ ពួកគាត់​បានយំ​ជាមួយនឹងនាង ។ ប៉ុន្តែ នៅថ្ងៃអាទិត្យ​ប្អូនស្រី​ជាទីស្រឡាញ់​ម្នាក់​នេះ​បាន​បម្រើ​ការងារ​នាង​ជា​អ្នក​នាំផ្លូវ​នៅក្នុង​ពិធី​ធ្វើការ​ឧទិ្ទសឆ្លង​នេះ ដោយមាន​ស្នាម​ញញឹម​ដ៏​ទន់ភ្លន់ និង​រាក់ទាក់​ចំពោះ​មនុស្ស​គ្រប់គ្នា​ដែល​ចូល​ព្រះវិហារបរិសុទ្ធ ។

ខ្ញុំ​ជឿ​ថា « អំណរ​នៃ​ពួក​បរិសុទ្ធ » ​ដ៏​ធំ​បំផុត​កើត​មានឡើង​តាមរយៈ​ការ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ទូល​អង្វរ​ចំពោះ​បុព្វហេតុ​របស់​ពួកគេ ២៨ ហើយ​គ្មាន​អ្នក​ណាមួយ​អាច​យល់​នូវ​សេចក្ដី​អំណរ​ដែល [នឹង] ​ពោរពេញ​នៅ​ក្នុង​ព្រលឹង​នៃ​យើង [កាល] ​យើង​បាន​ឮ ​[ព្រះយេស៊ូវ] ​អធិស្ឋាន​ដល់​ព្រះ​វរបិតា​សម្រាប់​យើង​នោះ​ទេ » ។ ២៩ ជាមួយ​ប្រធាន រ័សុល អិម ណិលសុន ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា សេចក្តីអំណរ​គឺជា​អំណោយទាន​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ « ដែល​បាន​ស៊ូទ្រាំ​នូវ​​ឈើឆ្កាង​ទាំង​ឡាយ​នៃ​ពិភពលោក »​៣០ ហើយ​ពួកគេ « មានចេតនា​ព្យាយាម​រស់នៅ​ក្នុង​ជីវិត​សុចរិត ដូចដែល​បានបង្រៀន​ដោយ​ព្រះគ្រីស្ទ » ។​៣១ សូម​ឲ្យ​បងប្អូន​ពោរពេញ​ដោយ​សេចក្តីអំណរ ខ្ញុំ​សូម​អធិស្ឋាន​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។