ឆ្នាំ ២០១០-២០១៩
កាត់​ពពកភ្លៀង​ផ្គរ​ថ្ងៃ សូម​គង់​នឹង​ខ្ញុំ !
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


កាត់​ពពកភ្លៀង​ផ្គរ​ថ្ងៃ សូម​គង់​នឹង​ខ្ញុំ !

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា « កាត់​ពពក​ភ្លៀង​ផ្គរ​ថ្ងៃ » ព្រះអម្ចាស់​នឹង​គង់​ជាមួយ​យើង ដើម្បី​ឲ្យ​« សេចក្ដីវេទនា​[របស់យើ​អាច​]​រសាយ​បាត់​នៅ​ក្នុង​អំណរ​នៃ​ព្រះគ្រីស្ទ » ។

ទំនុក​តម្កើង​ដ៏ពេញ​និយម​មួយ​បទ​របស់​យើង​បង្ហាញ​ការ​ទូល​អង្វរ​ថា « កាត់​ពពកភ្លៀង​ផ្គរ​ថ្ងៃ សូម​គង់​នឹង​ខ្ញុំ ! » មាន​ពេល​មួយ កាល​ខ្ញុំ​កំពុង​ជិះ​យន្ត​ហោះ​ មាន​ព្យុះ​ធំ​មួយ​បាន​កើត​ឡើង ។ ដោយ​សម្លឹង​មើល​តាម​បង្អួច ខ្ញុំ​អាច​ឃើញ​ពពក​ដ៏​ក្រាស់​នៅ​ពីក្រោម​យើង ។ រស្មី​នៃ​ថ្ងៃ​លិច​បាន​ជះ​ពន្លឺ​យ៉ាង​ភ្លឺត្រចះ​ត្រចង់​តាម​ដុំ​ពពក​ទាំង​នោះ ។ រំពេច​នោះ យន្ត​ហោះបាន​ហោះ​​ចុះ​កាត់​តាម​ពពក​ដ៏​ក្រាស់​នោះ ហើយ​យើង​បាន​គ្រប​ដណ្ដប់​ដោយ​ភាព​ងងឹង​ ដែល​ធ្វើ​ឲ្យ​បាត់បង់​ទាំង​ស្រុង​នូវ​ពន្លឺ​ត្រចះ​ត្រចង់​ដែល​ទើប​បាន​ឃើញ​មុន​នោះ​បន្តិច ។

រូបភាព
ពន្លឺ​នៃ​ព្រះអាទិត្យ
រូបភាព
ពពក​ខ្មៅ

ពពក​ខ្មៅ​ក៏​អាច​កើត​មាន​ក្នុង​ជីវិត​របស់​យើង​ដែរ ដែលវា​អាច​ធ្វើ​ឲ្យ​បាំង​នូវ​ពន្លឺ​របស់​ព្រះ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​សួរ​សំណួរ​ថាតើ​ពន្លឺ​នោះ​នៅ​មាន​សម្រាប់​យើង​ទៀត​ដែរ​ឬ​ទេ ។ ពពក​ទាំង​នោះ ខ្លះ​គឺ​ជា​ការ​ថប់​បារម្ភ ការ​ភ័យខ្លាច និង​ទម្រង់​ផ្សេង​ទៀត​នៃ​សេចក្ដី​វេទនា​ខាង​ផ្លូវចិត្ត និង​អារម្មណ៍ ។ វា​អាចផ្លាស់ប្ដូរ​របៀប​ដែល​យើង​មើល​ឃើញ​ខ្លួន​ឯង មនុស្ស​ដទៃ និង​សូម្បីតែ​ព្រះ ។ វា​ជះឥទ្ធិពល​ដល់​ស្ត្រី និង​បុរស​គ្រប់វ័យ​នៅ​គ្រប់​ទិស​ទី​នៃ​​ពិភពលោក​នេះ ។

ដូចគ្នា​នេះ​ដែរ ការ​បំផ្លិច​បំផ្លាញ​គឺ​ជា​ពពក​នៃ​ការ​សង្ស័យ​ដែល​អាច​ជះឥទ្ធិពល​ដល់​មនុស្ស​ដទៃ​ដែល​ពុំ​ធ្លាប់​ដក​ពិសោធន៍​ឧបសគ្គ​ទាំង​នេះ ។ ដូច​ជា​ផ្នែក​នានា​នៃ​រូបកាយ​ដែរ ខួរ​ក្បាល​គឺ​ជា​ចំណែក​ដែល​រង​នូវ​ជំងឺ ការឈឺ​ចុកចាប់ និង​អតុល្យភាព​ផ្នែក​គីមី ។ ពេល​ចិត្ត​យើង​កំពុង​រងទុក្ខ វា​គឺជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ព្រះ ពី​មនុស្ស​ជុំវិញ​ខ្លួន​យើង ព្រមទាំង​ពី​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ និង​សុខភាព​ផ្លូវ​ចិត្ត ។

« មនុស្ស​ទាំងអស់—ទាំងប្រុស ទាំងស្រី​—​ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​មាតា​បិតា​សួគ៌ …​ហើយ មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ » ។ ដូចជា​ព្រះមាតាបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​រ​បស់​យើង​ដែរ យើង​មាន​រូបកាយ​ហើយ​ដក​ពិសោធន៍​នូវ​ការ​រំជួល​ចិត្ត ។

បងប្អូន​ស្រី​ជាទីស្រឡាញ់​របស់ខ្ញុំ​ ការ​មាន​អារម្មណ៍​សោកសៅ ឬ​ការ​ព្រួយ​បារម្ភ​ម្ដង​ម្កាល​គឺជា​រឿង​ធម្មតា​ទេ ។ ភាពសោកសៅ និង​ការ​ភ័យ​ខ្លាច​គឺជា​អារម្មណ៍​ធម្មជាតិ​របស់​មនុស្ស ។ ប៉ុន្តែ​បើ​យើង​មាន​ភាព​សោក​សៅ​ជា​ទៀង​ទាត់ ហើយ​បើ​ការ​ឈឺចាប់​របស់​យើង​បង្អាក់​សមត្ថភាព​យើង​ ដើម្បី​មាន​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​យើង និង​ព្រះរាជ​បុត្រា​របស់​ទ្រង់ ព្រមទាំង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​ប្រហែល​ជា​រងទុក្ខ​ដោយ​សារ​តែ​ការ​ថប់បារម្ភ ការ​ភ័យខ្លាច ឬ​បញ្ហា​ផ្លូវ​ចិត្ត​ណា​មួយ​ពុំ​ខាន​ឡើយ ។

មាន​ពេល​មួយ​កូន​ស្រី​ខ្ញុំ​បាន​សរសេរ​ថា « មាន​គ្រាមួយ… [ជា​ពេល​ដែល​] ខ្ញុំ​មានភាពសោក​សៅយ៉ាង​ខ្លាំង​រាល់​ពេល ។ ខ្ញុំ​តែង​គិត​ថា ភាព​សោកសៅ​គឺជា​រឿង​មួយដែល​គួរ​ឲ្យ​ខ្មាស់អៀន ហើយ​ថា​វា​គឺជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ ។ ដូច្នេះ​ខ្ញុំ​បាន​លាក់​ទុក​ភាព​សោកសៅ​របស់​ខ្ញុំ ។… ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​តម្លៃ​សោះ » ។

មាន​មិត្ត​ម្នាក់​បាន​រៀបរាប់​វា​តាម​របៀប​នេះ​ថា « តាំងពីក្មេង​មក ខ្ញុំ​បាន​ធ្វើ​ការ​តតាំង​នឹង​អារម្មណ៍​នៃ​ភាព​អស់​សង្ឃឹម ភាព​ខ្មៅ​ងងឹត ភាព​ឯកោ និង​ភាព​ភ័យខ្លាច ព្រមទាំង​អារម្មណ៍​ដែល​មាន​បញ្ហា ឬ​ជំងឺ ។ ខ្ញុំ​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​លាក់​ទុក​ការ​ឈឺចាប់​របស់​ខ្ញុំ ហើយ​ខិតខំ​បង្ហាញ​ថា ខ្ញុំ​ធ្វើ​បាន​អ្វីៗទាំងអស់ប៉ុន្តែ​ខ្ញុំ​ព្យាយាម រឹងមាំ » ។

មិត្ត​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ វា​អាច​កើត​ឡើងចំពោះ​យើង​គ្រប់​គ្នា—ជាពិសេស​ ក្នុង​នាម​ជា​ពួក​អ្នក​ជឿ​លើ​ផែនការ​នៃ​សុភមង្គល ពេល​យើង​ដាក់​បន្ទុក​ដែល​ពុំ​ចាំបាច់​មក​ខ្លួន​ឯង ដោយ​គិត​ថា យើង​ត្រូវ​តែបាន​ល្អ​ឥត​ខ្ចោះ​នៅ​ពេល​នេះ ។ គំនិត​បែប​នោះ​អាច​ធ្វើ​ឲ្យ​មាន​ការ​ថប់​បារម្ភ ។ ការ​សម្រេច​បាន​នូវ​ភាព​ល្អ​ឥត​ខ្ចោះ​គឺជា​ដំណើរ​ការ​មួយ​ដែល​នឹង​កើត​មាន​ពេញ​មួយ​ជីវិត​យើង និង​លើស​ពី​នេះ​ទៀត—វា​មាន​តែ​តាមរយៈ​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។

ផ្ទុយ​ទៅ​វិញ ពេល​យើង​បង្ហាញ​ពី​បញ្ហា​អារម្មណ៍​របស់​យើង ដោយ​ទទួល​ស្គាល់​ថា​យើង​ពុំ​ល្អ​ឥត​ខ្ចោះ នោះ​យើង​អនុញ្ញាត​ឲ្យ​មនុស្សដទៃ​ចែកចាយ​ភាព​ស្មុគ​ស្មាញ​របស់​ពួកគេ ។ យើង​ដឹង​ទាំង​អស់​គ្នា​ថា មាន​សេចក្ដី​សង្ឃឹម ហើយ​យើង​ពុំចាំបាច់​ត្រូវ​រងទុក្ខ​តែ​ម្នាក់​ឯង​នោះ​ទេ ។១០

រូបភាព
សេចក្ដី​សង្ឃឹម​ទៅ​លើ​ការ​យាងមក​ជា​លើក​ទីពីរ

ក្នុង​នាមជា​ពួក​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​បាន​ចុះ​សេចក្ដី​សញ្ញា​មួយ​ជាមួយ​នឹង​ព្រះថា យើង​« ព្រមទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅមក » ហើយ « ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ » ។១១ ការណ៍​នេះ​អាច​រួម​មានការ​ទទួល​បាន​ព័ត៌មាន​អំពី​ជំងឺ​ផ្លូវចិត្ត ការ​ស្វែង​រក​ធន​ធាន​ដែល​អាច​ជួយដោះស្រាយ​បញ្ហា​ទាំង​នេះ ហើយ​ជាចុងក្រោយ​គឺ​ការ​នាំ​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៅ​រក​ព្រះគ្រីស្ទ ដែល​ជា​អង្គ​ព្យាបាល​ដ៏​ប៉ិនប្រសប់ ។ ១២ ទោះ​ជា​យើង​ពុំ​ដឹង​ពី​របៀប​ដើម្បី​ភ្ជាប់​ទៅ​នឹង​អ្វី​ដែល​មនុស្ស​ដទៃ​កំពុង​ឆ្លង​កាត់​ក្ដី ការ​បញ្ជាក់​ថា ការ​ឈឺចាប់​រ​បស់​ពួកគេ​មាន​ពិត​អាច​ជាជំហាន​ដ៏​សំខាន់​ដំបូង​បង្អស់​មួយ​នៅ​ក្នុង​ការ​ស្វែង​យល់ដឹង​ និងការ​ព្យាបាល ។១៣

ក្នុង​ករណី​មួយ​ចំនួន បុព្វហេតុ​នៃ​ការ​ថប់​បារម្ភ ឬ​ការ​ភ័យ​ខ្លាច​អាច​ត្រូវ​បាន​ស្គាល់ ខណៈ​ដែល​ពេលខ្លះ​ទៀត វា​ប្រហែល​ជា​ពិបាក​ដើម្បី​ដឹង ។១៤ ខួរក្បាល​របស់​យើង​ប្រហែល​ជា​រងទុក្ខ ដោយសារ​តែ​ភាព​តាន​តឹង១៥ ឬ​ការ​អស់​កម្លាំង​យ៉ាង​ខ្លាំង១៦ ពេលខ្លះ​អាច​ត្រូវបាន​កែលម្អ​តាមរយៈ ការ​កែសម្រួល​របប​អាហារ ដំណេក និង​លំហាត់​ប្រាណ ។ ពេលខ្លះ​ក៏​ប្រហែល​ជា​ត្រូវការ​ការ​ព្យាបាល ឬ​ថ្នាំពេទ្យ​មក​ពី​ពួក​អ្នក​ជំនាញផង​ដែរ ។

ជំងឺ​ផ្លូវ​ចិត្ត ឬ​ផ្លូវ​អារម្មណ៍​ដែល​ពុំ​មាន​ការ​ព្យាបាល​អាច​ដឹកនាំ​ទៅ​រក​ភាព​ឯកោ​កាន់​តែ​ច្រើន ការ​យល់​ខុស ការ​បែក​បាក់​ទំនាក់ទំនង ការ​ធ្វើ​បាប​ខ្លួន​ឯង សូម្បី​តែ​ការ​សម្លាប់​ខ្លួន​ផង​ដែរ ។ ខ្ញុំ​ដឹង​រឿង​នេះ​ដោយ​ផ្ទាល់ ដោយសារ​ឪពុក​ខ្ញុំ​បាន​សម្លាប់​ខ្លួន​ឯង ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ ។ ការ​ស្លាប់​របស់​គាត់​ធ្វើ​ឲ្យខ្ញុំ និង​គ្រួសារ​ខ្ញុំ​​មាន​ការ​ភ្ញាក់​ផ្អើល និង​ការ​ខូច​ចិត្ត​ ។ ខ្ញុំ​បាន​ចំណាយ​ពេល​ដប់​ឆ្នាំដើម្បី​បំភ្លេច​ការ​ឈឺចាប់​នេះ ហើយ​ថ្មីៗ​នេះទើប​ខ្ញុំ​បាន​រៀនថា ​ការនិយាយ​អំពី​ការ​សម្លាប់​ខ្លួន​តាម​របៀប​ត្រឹមត្រូវ​ពិត​ជា​ជួយ​ការពារ​វា​កុំ​ឲ្យ​កើត​ឡើង​ ។​១៧ ឥឡូវ​នេះ​ខ្ញុំបាន​ពិភាក្សា​ដោយ​បើក​ចំហ​ពី​ការ​ស្លាប់​របស់​ឪពុក​ខ្ញុំ​ជាមួយ​នឹង​កូនៗ​ខ្ញុំ ហើយ​បាន​ឃើញ​ពីការ​ព្យាបាល​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ប្រទាន​ឲ្យ​នៅ​ផ្នែក​ទាំង​សងខាង​នៃ​វាំង​នន ។១៨

ជាអកុសល មនុស្ស​ជាច្រើន​ដែល​រងទុក្ខ​មក​ពី​ការ​ថប់​បារម្ភ​ខ្លាំង​បាន​ដក​ខ្លួន​ឆ្ងាយ​ពី​ពួក​បរិសុទ្ធ ដោយសារ​តែ​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​ពុំ​ស័ក្ដិសម​នៅ​ក្នុង​ទី​មិន​ពិត​ប្រាកដ​មួយ​ចំនួន ។ យើង​អាច​ជួយ​ពួកគេ​ឲ្យ​ដឹង​ ហើយ​ទទួល​អារម្មណ៍​ថា ពួកគេ​ពិត​ជា​អាចនៅ​ជាមួយ​នឹង​យើង ។ វា​គឺជា​រឿង​សំខាន់​ដើម្បី​ស្គាល់​ថា ការ​ថប់បារម្ភ​ពុំ​មែន​ជា​លទ្ធផល​នៃ​ភាព​ទន់ខ្សោយ ឬ ជា​លទ្ធផល​នៃ​អំពើ​បាប​ឡើយ ។១៩ វា​« រាល​ដាល​ដោយ​សម្ងាត់ ប៉ុន្តែ​រួញ​តូច​ដោយ​ការ​យល់ចិត្ត » ។២០ យើង​អាច​ឆ្លង​កាត់​ពពក​នៃ​ភាព​ឯកោ និង​ការ​មាក់​ងាយ​បាន​ជាមួយគ្នា ដើម្បី​ឲ្យ​បន្ទុក​នៃ​ភាព​អាម៉ាស់​ត្រូវ​បាន​លើក​ឡើង ហើយ​អព្ភូតហេតុ​នៃ​ការ​ព្យាបាល​អាច​កើត​មាន​ឡើង ។

ក្នុង​ការ​ងារ​បម្រើ​នៅ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​ព្យាបាល​អ្នក​ឈឺ និង​អ្នក​រងទុក្ខ ប៉ុន្តែ​បុគ្គល​ម្នាក់ៗ​ត្រូវ​តែ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់ ហើយ​ធ្វើ​សកម្មភាព ដើម្បី​ទទួល​បាន​ការ​ព្យាបាល​របស់​ទ្រង់ ។ អ្នក​ខ្លះ​បាន​ដើរ​នៅ​លើ​ផ្លូវ​យ៉ាង​វែង​ឆ្ងាយ ខ្លះ​ទៀត​បាន​លូក​ដៃ​ទៅ​ប៉ះ​នឹង​ព្រះពស្ដ​រ​បស់​ទ្រង់ ហើយ​ខ្លះទៀត​ត្រូវបាន​គេ​សែង​ទៅ​រក​ទ្រង់​ដើម្បី​បាន​ការ​ព្យាបាល ។២១ នៅពេលត្រូវការ​ការ​ព្យាបាល តើ​យើង​គ្រប់​គ្នា​ពុំ​ត្រូវ​ការ​ទ្រង់​ទេ​ឬអី ? « តើ​យើង​ទាំងអស់​គ្នា​នេះ ពុំមែន​ជា​អ្នក​សុំទាន​ទេ​ឬ ? »២២

ចូរ​យើង​ធ្វើ​តាម​មាគ៌ា​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​បង្កើន​សេចក្ដី​មេត្តា​ករុណា​របស់​យើង លុប​បំបាត់​និន្នការ​​កាត់​សេចក្ដីវិនិច្ឆ័យ​របស់យើង ហើយ​ឈប់​ធ្វើ​ជា​អ្នក​ស៊ើប​អង្កេត​ពីជីវភាព​ខាង​វិញ្ញាណ​របស់​មនុស្ស​ដទៃ ។ ការ​ស្ដាប់​ដោយ​សេចក្ដី​ស្រឡាញ់​គឺជា​អំណោយ​ទាន​ដ៏​ធំ​បំផុត​មួយ​ដែល​យើង​អាច​ផ្ដល់​ឲ្យ ហើយ​យើង​ប្រហែល​ជា​អាច​ជួយ​លើក​ពពក​ដ៏​ធ្ងន់ ដែលធ្វើ​ឲ្យ​មនុស្ស​ជា​ទីស្រឡាញ់ និង​មិត្ត​របស់​យើង​ពិបាក​ដក​ដង្ហើម​ចេញ​២៣ ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​អារម្មណ៍​ជា​ថ្មី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ទទួល​ពន្លឺ​ដែលកើត​ចេញ​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​សេចក្ដី​ស្រឡាញ់​របស់​យើង ។

បើ​បងប្អូន​ហ៊ុមព័ទ្ធ​ដោយ​« អ័ព្ទ​នៃ​សេចក្ដី​ងងឹត » ២៤ ជា​ទៀងទាត់ សូម​ងាក​ទៅ​រក​ព្រះវរបិតា​សួគ៌ ។ គ្មាន​អ្វីដែល​បងប្អូន​បាន​ដក​ពិសោធន៍​អាច​ផ្លាស់ប្ដូរ​សេចក្ដី​ពិត​ដ៏អស់កល្ប ដែល​ថា បងប្អូន​ជា​បុត្រ​របស់​ទ្រង់ ហើយ​ថា​ទ្រង់​ស្រឡាញ់​បងប្អូន​នោះ​បាន​ឡើយ ។២៥ សូម​ចាំ​ថា ព្រះគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះ​ប្រោស​លោះ​រ​បស់​បងប្អូន ហើយ​ព្រះ​គឺជា​ព្រះ​វរបិតា​របស់​បងប្អូន ។ ពួក​ទ្រង់​យល់​ពី​បងប្អូន ។ សូម​នឹកស្រមៃ​ថា​ពួកទ្រង់​នៅ​ក្បែរ​បងប្អូន ដោយ​ស្ដាប់ ហើយ​ប្រទាន​ការ​គាំទ្រ ។២៦ « [ពួក]​ទ្រង់​នឹង​លួងលោម​ដល់​អ្នក ក្នុង​គ្រា​ដែល​អ្នក​មាន​ទុក្ខ​លំបាក » ។២៧ សូម​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ហើយ​ទុក​ចិត្ត​លើ​ព្រះគុណ​ដ៏​ធួន​របស់​ព្រះអម្ចាស់ ។​

ភាព​ស្មុគ​ស្មាញ​របស់​បងប្អូន​ពុំកំណត់​ពី​បុគ្គលិក​លក្ខណៈ​បងប្អូន​បាន​ទេ ប៉ុន្តែ​វា​អាច កែលម្អបងប្អូន​បាន ។២៨ ដោយសារ​តែ​« បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម » ២៩ នោះ​បងប្អូន​អាច​មាន​លទ្ធភាព​ដើម្បី​មាន​ចិត្ត​មេត្តា​ចំពោះ​មនុស្ស​ដទៃ ។ ពេល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​ចែកចាយ​ដំណើរ​រឿង​របស់​បងប្អូន ដើម្បី « ជួយ​អ្នកទន់ខ្សោយ លើកដៃ​ដែល​រោយ ហើយចម្រើន​​កម្លាំង​ដល់​ក្បាលជង្គង់​ដែល​ញ័រ​ផង » ។ ៣០

ចំពោះ​យើង​ដែល​ពេល​នេះ​កំពុង​ជួប​ភាពស្មុគស្មាញ ឬ​ជួយ​មនុស្ស​ម្នាក់​ដែល​កំពុង​ជួប​ភាព​ស្មុគ​ស្មាញ ចូរ​យើង​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​តាម​បទបញ្ញត្តិ​របស់​ព្រះ ដើម្បី​យើង​អាច​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង​ជានិច្ច ។៣១ ចូរ​យើង​ធ្វើ​« រឿង​តូចៗ ហើយ​សាមញ្ញៗ » ៣២ ដែល​នឹង​ផ្ដល់​កម្លាំង​ខាង​វិញ្ញាណ​ដល់​យើង ។ ដូច​ប្រធាន រ័សុល អិម ណិលសុន​បាន​មាន​ប្រសាសន៍​ថា « គ្មាន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានសួគ៌​បើក​ចំហរឡើង ដូចជាពេល​ដែល​មាន​ការប្រមូលផ្ដុំ នៃ​បរិសុទ្ធភាព កាន់តែ ខ្លាំង ការ​គោរព​ប្រតិបត្តិ​យ៉ាង​មុត​មាំ ការស្វែងរក​ដោយ​ស្មោះ ការ​ទទួល​ទានព្រះ​បន្ទូល​នៃ​ព្រះគ្រីស្ទ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​រៀង​រាល់​ថ្ងៃ និង​ការ​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ជា​ទៀង​ទាត់​នោះ​ឡើយ » ។៣៣

រូបភាព
ព្រះអង្គសង្គ្រោះ​កំពុង​ព្យាបាល

ចូរ​យើង​គ្រប់​គ្នា​ចាំថា ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ « [ បាន ]​ដាក់​លើ​រូប​អង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់ [ របស់យើង ] ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​ស្រប​តាម​សាច់​ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម … តើ​ត្រូវ​ជួយ [ យើង ]​បែបណា​តាម​ជំងឺ​របស់ [ យើង ] » ។៣៤ ទ្រង់​បាន​យាង​ « ទៅ​រុំ​របួស​ដួងចិត្ត​ប្រេះឆា … លួងលោមដល់​អស់អ្នក​ដែល​ទួញយំ … ដើម្បី​ផ្ដល់​​សម្រស់​ដល់​ផេះផង់ ផ្ដល់​ប្រេង​នៃ​សេចក្ដីអំណរ​សម្រាប់​ការ​ទួញ​យំ [ និង ] ​សម្លៀក បំពាក់​នៃ​ការ​សរសើរ​ចំពោះ​វិញ្ញាណ​ដែល​ធ្ងន់ជ្រប់ » ។៣៥

រូបភាព
ការយាងមក​ជា​លើក​ទីពីរ

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ថា « កាត់​ពពកភ្លៀង​ផ្គរ​ថ្ងៃ » នោះ​ព្រះអម្ចាស់​នឹង​គង់​ជាមួយ​យើង « សេចក្ដីវេទនា​[របស់យើ​អាច​]​រសាយ​បាត់​នៅ​ក្នុង​អំណរ​នៃ​ព្រះគ្រីស្ទ »​៣៦ ហើយ​« មាន​តែ​ដោយ​ព្រះគុណ​ទេ ទើប​យើង​បាន​សង្គ្រោះ បន្ទាប់ពី​អ្វីៗ​ទាំងអស់ ដែល​យើងអាច​ធ្វើ​បាន» ។៣៧ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​ត្រឡប់​មក​ផែនដី​វិញ ដោយ​« មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា នៅ​ក្នុង​ចំអេង​ស្លាប »​ទ្រង់ ។៣៨ នៅ​ទីបំផុត ទ្រង់​« នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក [ យើង ]​ចេញ និង​គ្មាន…​សេចក្តី​សោក​សង្រេង »​ទៀត​ឡើយ ។៣៩ ចំពោះ​អ្នក​ដែល​នឹង​« មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​ល្អ​ឥតខ្ចោះ​ក្នុង​ទ្រង់ »​៤០ នោះ​« ព្រះអាទិត្យ…​ ពី​ព្រោះ​ព្រះយេហូវ៉ា​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​[ យើង ] ហើយ​គ្រា​នៃ​សេចក្តី​សោកសៅ​របស់​[ យើង ]​នឹង​ផុត​ទៅ » ។៤១ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. « សូម​គង់​នឹង​ខ្ញុំ ! » ទំនុកតម្កើង ល.រ. ១៦៦ ។

  2. ពេល​យើង​ស្ថិត​នៅ​លើ​ពពក​ទាំង​នោះ យើង​ពុំ​អាច​មើល​ឃើញ​ភាព​ងងឹត​ដែល​មាន​នៅ​ពី​ក្រោម​យើង​ឡើយ ហើយ​ពេល​យើង​គ្រប​ដណ្ដប់​ដោយ​ភាពងងឹត​នៅ​ខាង​ក្រោម វា​ពិបាក​មើល​ឃើញ​ពី​រស្មីព្រះអាទិត្យ​ដែល​បាន​ជះរស្មី​នៅ​ពី​លើ​យើង​ខ្លាំង​ណាស់ ។

  3. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ។

  4. « វិញ្ញាណ និង រូបកាយ​គឺជា​ព្រលឹង​មនុស្ស » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១៥ ) ។ « រូបកាយអ្នកជាព្រះវិហារសម្រាប់វិញ្ញាណអ្នក ។ ហើយ​របៀប​ដែលអ្នក​ប្រើ​រូបកាយ​អ្នក ជះឥទ្ធិពល​ដល់វិញ្ញាណ​អ្នក » ( រ័សុល អិម ណិលសុន​ « Decisions for Eternity » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ទំព័រ ១០៧) ។

  5. ឧទាហរណ៍ សូមមើល អេសាយ ៦៥:១៩, លូកា ៧:១៣, នីហ្វៃទី ៣ ១៧:៦–៧, ម៉ូសេ ៧:២៨ ។ ការ​រៀនស្គាល់ ហើយ​ឲ្យ​តម្លៃ​ដល់​អារម្មណ៍​របស់​យើង​អាច​ជួយ​យើង​ឲ្យ​ប្រើ​វាដោយ​វិជ្ជមាន​ដើម្បី​ប្រែ​ក្លាយ​កាន់​តែ​ដូច​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ ។

  6. សូមមើល « Sadness and Depression» kidshealth.org/en/kids/depression.html ។

  7. ប្រព័ន្ធ​បណ្ដាញ ​ហ៊ឺម៉ាណា អេឡេណា អាប៊ឺតូ​ hermanaelenaaburto.blogspot.com/២០១៥/០៨ ។ គាត់​ក៏​បាន​សរសេរ​ផង​ដែរ​ថា ៖

    « ការ​សាកល្បង​នោះ​​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ព្រោះ​ខ្ញុំ​បាន​ដឹង​ថា ព្រះវរបិតា​សួគ៌​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ហើយ​ថា​ទ្រង់​មាន​ផែនការ​មួយ​សម្រាប់​ខ្ញុំ ហើយ​ថា ព្រះគ្រីស្ទ​បាន​យល់​ជ្រាប​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ឆ្លង​កាត់ » ។

    « ព្រះពុំ​បាន​ធ្វើ​ឲ្យ​បងប្អូន​អាម៉ាស់​ទេ ពេល​បងប្អូន​មាន​ការ​ខ្វះ​ខាត​ជំនាញ​មួយ​នោះ ។ ទ្រង់​រីករាយ​ដើម្បី​ជួយ​បងប្អូន​ឲ្យ​កែលម្អ ហើយ​ប្រែ​ចិត្ត ។ ទ្រង់​ពុំ​បាន​រំពឹង​ទុក​ឲ្យ​បងប្អូន​ជួស​ជុល​អ្វី​គ្រប់​យ៉ាង​ក្នុង​ពេល​តែ​មួយ​ឡើយ ។ បងប្អូន​ពុំ​ចាំបាច់​ត្រូវ​ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់​ឯង​នោះទេ »​( iwillhealthee.blogspot.com/2018/09 ) ។

  8. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។ គាត់​បាន​សរសេរ​ផង​ដែរ​ថា ៖ « ថ្នាំ​ព្យាបាល​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ខ្ញុំ​គឺជា​ប្រភព​នៃ​ភាព​សុខសាន្ត និង​ទីជម្រក​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ពេល​ខ្ញុំមាន​ភាព​ឯកោ ខ្ញុំ​នឹក​ចាំ​ថា ទ្រង់​បាន​ដក​ពិសោធន៍​រួច​ហើយ​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​ឆ្លង​កាត់ ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្ញុំ ។… ការ​ដឹង​ថា ការ​ដឹង​ថា រូបកាយ​ដ៏​ល្អ​ឥត​ខ្ចោះ ហើយ​បាន​រស់​ឡើង​វិញរបស់​ខ្ញុំ​នា​ពេល​អនាគត​នឹង​ពុំ​មាន​ការ​រំខាន​ដោយ[សេចក្ដីវេទនា]​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ វា​ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ច្រើន » ។

  9. សូមមើល រ័សុល អិម ណិលសុន​ « Perfection Pending,Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៩៥ ទំព័រ ៨៦–៨៨, ជែហ្វ្រី អ័រ ហូឡិន « Be Ye Therefore Perfect—Eventually» Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ទំព័រ ៤០–៤២, ជេ ឌេន ខ័រនីស « Am I Good Enough? Will I Make It? » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ទំព័រ៣២–៣៤,សេស៊ីល អូ សាំយ៉ូអែលសិន « What Does It Mean to Be Perfect? » New Eraខែមករា ឆ្នាំ ២០០៦ ទំព័រ ១០–១៣ ។

  10. វា​គឺជា​រឿង​សំខាន់​ដើម្បី​និយាយ​ពី​បញ្ហា​ទាំង​នេះ​ជាមួយ​នឹង​កូនៗ ក្រុម​គ្រួសារ និង​មិត្ត​របស់​យើង​នៅ​ក្នុង​គេហដ្ឋាន វួដ និង​សហគមន៍ ។

  11. ម៉ូសាយ ១៨:៨–៩ ។

  12. សូមមើល « Jesus Christ—the Master Healer» Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៥ ទំព័រ ៨៥–៨៨, ខារ៉ូល អិម ស្តេហ្វិន « The Master Healer» Liahona ខែវិច្ឆិកា ឆ្នាំ​២០១៦ ទំព័រ ៩–១២ ។

  13. ការ​ដឹង​ពី​របៀប​ដើម្បី​ស្គាល់​សញ្ញា និង​រោគ​សញ្ញា​ក្នុង​ខ្លួន​យើង និង​មនុស្ស​ដទៃ​អាច​ជា​រឿង​មាន​ប្រយោជន៍ ។ យើង​ក៏​អាច​រៀន​ស្គាល់​ពី​គន្លង​ការ​គិត​មិន​ត្រឹមត្រូវ ឬ​ខុស​ឆ្គង និង​របៀប​ជំនួស​វា​ជាំមួយ​នឹង​ការ​គិត​មួយ​ដែល​ត្រឹមត្រូវ ហើយ​ល្អ ។

  14. ភាព​តាន​តឹង​ក៏​អាច​កើត​មក​ពី​ការ​ផ្លាស់​ប្ដូរ​វិជ្ជមាន​ក្នុង​ជីវិត​ផង​ដែរ—ដូចជា​កំណើត​កូន ឬ​ការ​ងារ​ថ្មី—និង​វា​អាចកើត​ឡើង​ពេល​រឿង​ល្អ​កើត​មាន​នៅ​ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់ ។

  15. សូមមើល « Understanding Stress » Adjusting to Missionary Lifeឆ្នាំ​២០១៣ ) ទំព័រ ៥–១០ ។

  16. សូមមើល ជែហ្វ្រី អ័រ ហូឡិន « Like a Broken Vessel» Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤០ ។

  17. សូមមើល ឌែល ជី រ៉ង់ឡាន់ « Understanding Suicide » (វិដេអូ), ChurchofJesusChrist.org « Talking about Suicide » (វីដេអូ), ChurchofJesusChrist.org Kenishi Shimokawa « Understanding Suicide: Warning Signs and Prevention » Ensign ខែ​តុលា ឆ្នាំ​២០១៦ ទំព័រ ៣៥–៣៩ ។

  18. « ការ​ចាប់ផ្ដើម​នៃ​ការ​ព្យាបាល​តម្រូវ​មាន​សេចក្ដី​ជំនឿ​ដូចជា​កូន​ក្មេង​លើ​​ការពិត​ដែល​ពុំ​អាច​ផ្លាស់​ប្ដូរ​បាន​ថា ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ស្រឡាញ់​បងប្អូន ហើយ​បាន​ប្រទាន​វិធី​មួយ​ដើម្បី​ព្យាបាល ។ បុត្រា​ស្ងួន​ភ្ញា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បាន​លះបង់​ព្រះជន្ម​របស់​ទ្រង់​ដើម្បី​ប្រទាន​​ការ​ព្យាបាល​នោះ ។ ប៉ុន្តែ​ពុំ​មាន​ដំណោះ​ស្រាយ​ដ៏​អស្ចារ្យ គ្មាន​ថ្នាំ​សាមញ្ញ​ដើម្បី​ផ្ដល់​ការ​ព្យាបាល ឬ​ផ្លូវ​ងាយ​ស្រួល​ទៅ​កាន់​ដំណោះស្រាយ​ដ៏​ពេញ​លេញ​នោះ​បាន​ឡើយ ។ ការ​ជា​សះស្បើយ​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដ៏​ខ្លាំង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​លើ​សមត្ថភាព​ជា​និរន្តរ​របស់​ទ្រង់​ដើម្បី​ព្យាបាល »​( រីឆាដ ជី ស្កត « To Heal the Shattering Consequences of Abuse » Liahonaខែ​ឧសភា ឆ្នាំ​២០០៨ ទំព័រ ៤២ ) ។ ពេល​មាន​បញ្ហា​មួយ​កើត​ឡើង យើង​មាន​និន្នាការ​ថា​ត្រូវ​តែដោះ​ស្រាយ​វា ។ ប៉ុន្តែ យើង​ពុំ​ចាំបាច់​ត្រូវ​ក្លាយ​ជា​អ្នក​ដោះ​ស្រាយ​ដ៏​សំខាន់​ចំពោះ​បញ្ហា​ខ្លួន​ឯង ឬ​បញ្ហា​របស់​មនុស្ស​ដទៃ​ឡើយ ។ យើង​ពុំ​ចាំបាច់​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តែ​ម្នាក់​ឯង​នោះ​ទេ ។ នៅ​គ្រា​ជាច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​បាន​ស្វែង​រក​អ្នក​ព្យាបាល​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ប្រឈម​នឹង​គ្រា​លំបាកៗ ។

  19. សូមមើល យ៉ូហាន ៩:១–៧ ។

  20. ជេន ក្លេសុន ចនសុនSilent Souls Weeping ( ឆ្នាំ​២០១៨ ) ទំព័រ ១៩៧ ។

  21. សូមមើល ម៉ាថាយ ៩:២–៧, ២០–២២, ១៤:៣៥–៣៦, ម៉ាកុស ១:៤០–៤២, ២:៣–៥, នីហ្វៃទី ៣ ១៧:៦–៧ ។

  22. ម៉ូសាយ ៤:១៩ សូមមើល​ផង​ដែរ ជែហ្វ្រី អ័រ ហូឡិន « Are We Not All Beggars? » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤០–៤២ ។

  23. សូមមើល រ៉ូម ២:១៩, ១៣:១២ សូមមើល​ផង​ដែរ ជែហ្វ្រី អ័រ ហូឡិន « Come unto Me » (Brigham Young University devotional ថ្ងៃ​ទី ២ ខែ​មីនា ឆ្នាំ​១៩៩៧ ), speeches.byu.edu ។

  24. នីហ្វៃទី ១ ៨:២៣ សូម​មើល​ផង​ដែរ នីហ្វៃទី ១ ១២:៤, ១៧, នីហ្វៃទី ៣ ៨:២២ ។

  25. សូមមើល ទំនុក​ដំកើង ៨២:៦, រ៉ូម ៨:១៦–១៨, គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤:១, ៧៦:២៤, ម៉ូសេ ១:១–៣៩ ។

  26. សូមមើល ការ​សម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ទំព័រ ២០ សូមមើល​ផង​ដែរ មីកា ៧:៨,  ; ម៉ាថាយ ៤:១៦, លូកា ១:៧៨–៧៩, យ៉ូហាន ៨:១២ ។

  27. យ៉ាកុប ៣:១ សូមមើល​ផង​ដែរ អេភេសូរ ៥:៨, កូលូស ១:១០–១៤, ម៉ូសាយ ២៤:១៣–១៤, អាលម៉ា ៣៨:៥ ។ សូម​អាន​ពរជ័យ​អយ្យកោ​របស់​បងប្អូន ឬ​សុំ​ការ​ប្រសិទ្ធពរ​បព្វជិតភាព​មួយ ដើម្បី​បងប្អូន​អាច​ស្ដាប់​ឮ ហើយ​ចាំ​ពី​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតា​សួគ៌​មាន​ចំពោះ​បងប្អូន ហើយ​ទ្រង់​សព្វព្រះទ័យ​ឲ្យ​ចង់​ប្រទាន​ពរ​ដល់​បងប្អូន ។

  28. សូមមើល កូរិនថូស​ទី ២ ៤:១៦–១៨, គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៧–៨, ៣៣, ១២២:៥–៩ ។

  29. កូរិនថូសទី២ ១២:៧ ។

  30. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១:៥ សូមមើល​ផង​ដែរ អេសាយ ៣៥:៣ ។

  31. សូមមើល មរ៉ូណៃ ៤:៣, គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ។

  32. អាលម៉ា ៣៧:៦ ។

  33. រ័សុល អិម ណិលសុន « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង» Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ។

  34. អាលម៉ា ៧:១២ សូមមើល​ផង​ដែរ អេសាយ ៥៣:៤, នីហ្វៃទី ២ ៩:២១, ម៉ូសាយ ១៤:៤ ។

  35. អេសាយ ៦១:១–៣ សូមមើល​ផង​ដែរ លូកា ៤:១៨ ។

  36. អាលម៉ា ៣១:៣៨, សូមមើល​ផង​ដែរ អាលម៉ា ៣២:៤៣, ៣៣:២៣ ។

  37. នីហ្វៃទី២ ២៥:២៣ ។

  38. ម៉ាឡាគី ៤:២, នីហ្វៃទី ៣ ២៥:២ ។

  39. វិវរណៈ ២១:៤ ។

  40. មរ៉ូណៃ ១០:៣២ ។

  41. អេសាយ ៦០:២០ ។