ឆ្នាំ ២០១០-២០១៩
បរិសុទ្ធភាព និង ផែនការ​នៃ​សុភមង្គល
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


បរិសុទ្ធភាព និង ផែនការ​នៃ​សុភមង្គល

សុភមង្គល​ដ៏​ធំ​កើត​ឡើង​​តាមរយៈ​ភាព​បរិសុទ្ធ​ផ្ទាល់​ខ្លួន​ដ៏​ធំ ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​ព្រះចេស្តា​ជួយ​បងប្អូន​ក្នុង​ការស្វែងរក​សុភមង្គល​ផ្ទាល់ខ្លួន​បងប្អូន ។ បងប្អូន​មួយ​ចំនួន​អាច​មាន​អារម្មណ៍​រីករាយ​គ្រប់គ្រាន់​ហើយ ប៉ុន្ដែ​ប្រាកដ​ណាស់ គ្មាន​នរណាម្នាក់​បដិសេធ​ការផ្ដល់​សុភមង្គល​បន្ថែម​នោះ​ទេ ។ គ្រប់គ្នា​អន្ទះសា​ទទួល​យក​ការធានា​ដែល​ផ្ដល់​សុភមង្គល​ជា​និរន្ដរ៍ ។

នោះ​ជា​អ្វី​ដែល​ព្រះវរបិតាសួគ៌ ព្រះរាជបុត្រា​សំណព្វ​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ផ្ដល់​ដល់​បុត្រ​ខាង​វិញ្ញាណ​គ្រប់គ្នា​របស់​ព្រះវរបិតាសួគ៌ ដែល​រស់នៅ​ឥឡូវ​នេះ នឹង​រស់នៅ ឬ​ធ្លាប់​បាន​រស់នៅ​លើ​ពិភពលោក​នេះ ។ ពេលខ្លះ​គេ​ហៅ​ការផ្ដល់​នោះ​ថា ផែនការ​នៃ​សុភមង្គល ។ វា​ត្រូវបាន​ហៅ​ដូច្នេះ​ដោយ​ព្យាការី​អាលម៉ា កាល​លោក​បង្រៀន​កូនប្រុស​របស់​លោក ដែល​រងទុក្ខ​នឹង​ការវេទនា​នៃ​អំពើបាប ។ អាលម៉ា​បាន​ដឹង​ថា អំពើទុច្ចរិត​មិន​អាច​ជា​សុភមង្គល​សម្រាប់​កូនប្រុស​លោក—ឬ​សម្រាប់​បុត្រ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​ឡើយ ។

លោក​បាន​បង្រៀន​កូនប្រុស​លោក​ថា ការបង្កើន​ភាពបរិសុទ្ធ​គឺជា​ផ្លូវ​តែមួយ​គត់​ទៅ​កាន់​សុភមង្គល ។ លោក​ពន្យល់​យ៉ាងច្បាស់​ថា បរិសុទ្ធភាព​ដ៏ធំ​មហិមា​អាច​កើត​ឡើង​បាន តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​សម្អាត​យើង និង​ធ្វើឲ្យ​យើង​ឥតខ្ចោះ ។ មានតែ​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការបន្ដ​ប្រែចិត្ត និង​ការរក្សា​សេចក្ដី​សញ្ញា​ប៉ុណ្ណោះ ទើប​យើង​អាច​ទទួល​បាន​សុភមង្គល​ជា​និរន្ដរ៍ ដែល​យើង​ទាំងអស់​គ្នា​ចង់​បាន និង​ដក​ពិសោធន៍ ។

ការអធិស្ឋាន​ខ្ញុំ​នៅ​ថ្ងៃនេះ​គឺ​ថា ខ្ញុំ​អាច​ជួយ​បងប្អូន​ឲ្យ​យល់​ថា សុភមង្គល​ដ៏ធំ​មហិមា​កើតឡើង​ពី​បរិសុទ្ធភាព​ផ្ទាល់ខ្លួន​កាន់តែ​ខ្លាំង ដើម្បី​ឲ្យ​បងប្អូន​ប្រព្រឹត្ត​តាម​ជំនឿ​នោះ ។ រួច​ខ្ញុំ​នឹង​ចែករំលែក​អ្វី​ដែល​ខ្ញុំ​ដឹង​សម្រាប់​ខ្លួន​ខ្ញុំ អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​អំណោយ​ក្នុង​ការក្លាយ​មនុស្ស​កាន់តែ​បរិសុទ្ធ​នោះ ។

ព្រះគម្ពីរ​បង្រៀន​យើង​ថា ក្នុង​ចំណោម​រឿង​ផ្សេងទៀត យើង​អាច​ត្រូវ​បន្សុទ្ធ ឬ​កាន់តែ​មាន​ភាពបរិសុទ្ធ ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ បង្ហាញ​ការគោរព​របស់​យើង ប្រែចិត្ត លះបង់​សម្រាប់​ទ្រង់ ទទួល​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ និង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ទ្រង់ ។ ការមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​អំណោយ​នៃ​បរិសុទ្ធភាព​តម្រូវ​ឲ្យ​យើង​ចេះ​រាបសា បន្ទាប​ខ្លួន និង​មាន​អំណត់ ។១០

បទពិសោធន៍​មួយ​នៃ​ការចង់​បាន​បរិសុទ្ធភាព​កាន់តែ​ខ្លាំង​កើត​មាន​ដល់​ខ្ញុំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។ ខ្ញុំ​បាន​ចូល​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង ដោយ​បាន​ដឹង​តិចតួច​អំពី​អ្វី​ដែល​ត្រូវ​រំពឹង ។ ខ្ញុំ​បាន​ឃើញ​អក្សរ​នៅលើ​អគារ ៖ « បរិសុទ្ធភាព​ដល់​ព្រះអម្ចាស់ » និង « ព្រះដំណាក់​នៃ​ព្រះអម្ចាស់ » ។ ខ្ញុំ​បាន​គិត​ទុក​មុន​យ៉ាងច្រើន ។ ប៉ុន្ដែ​ខ្ញុំ​បាន​ឆ្ងល់​ថា តើ​ខ្ញុំ​បាន​ត្រៀមខ្លួន​ដើម្បី​ចូល​ឬ​នៅ ។

ម្តាយ និង​ឪពុក​ខ្ញុំ​បាន​ដើរ​ពីមុខ​ខ្ញុំ កាល​យើង​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ យើង​ត្រូវបាន​សូម​ឲ្យ​បង្ហាញ​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ដែល​បញ្ជាក់​ពី​ភាពស័ក្ដិសម​របស់​យើង ។

ឪពុក​ម្ដាយ​ខ្ញុំ​ស្គាល់​បុរស​នៅឯ​តុ​ទទួល​បណ្ណ​ព្រះវិហារ​បរិសុទ្ធ​នោះ ។ ដូច្នេះ ពួកគាត់​បង្អង់​មួយ​ភ្លែត​ដើម្បី​សួរ​សុខទុក្ខ​គាត់ ។ ខ្ញុំ​ដើរ​ទៅមុន​ម្នាក់ឯង ទៅក្នុង​កន្លែង​ធំ​មួយ ដែល​គ្រប់យ៉ាង​មាន​ពណ៌​ស-ក្បុស ។ ខ្ញុំ​មើល​ទៅ​ពិដាន​យ៉ាង​ខ្ពស់​ពី​លើ​ខ្ញុំ វា​ដូចជា​មេឃ​បើក​ចំហ ។ គ្រា​នោះ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ដ៏​ច្បាស់​មួយ​ថា ខ្ញុំ​ធ្លាប់​បាន​នៅ​ទីនោះ​ពីមុន​មក ។

ប៉ុន្តែ​បន្ទាប់មក ខ្ញុំ​បាន​ឮ​សំឡេង​ដ៏​តូច​រហៀង​មួយ—ពុំ​មែន​ជា​សំឡេង​របស់​ខ្ញុំ​ឡើយ ។ សម្ដី​ថ្លែង​ដ៏​ស្រទន់​ទាំងនេះ​គឺ ៖ « កូន​មិន​ដែល​មក​ទីនេះ​ពីមុន​ទេ ។ កូន​កំពុង​ចាំ​ដល់​គ្រា​មួយ​ពីមុន​កូន​កើត​មក ។ កូន​ធ្លាប់​នៅ​ទី​ដ៏​ពិសិដ្ឋ​មួយ​ដូច​នេះ​ដែរ ។ កូន​មាន​អារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ​រៀប​នឹង​មក​ទីនេះ កន្លែង​ដែល​កូន​ឈរ ។ ហើយ​កូន​មាន​អារម្មណ៍​មាន​សុភមង្គល ដោយសារ​កូន​អន្ទះសា​ចង់​ឃើញ​ទ្រង់ » ។

បទពិសោធន៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក នោះ​កើត​មាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ។ ប៉ុន្ដែ​ការចងចាំ​អំពី​វា​នៅតែ​នាំ​សេចក្ដី​សុខសាន្ដ អំណរ និង​សុភមង្គល​ដ៏​ស្ងប់ស្ងាត់ ។

ខ្ញុំ​បាន​រៀន​មេរៀន​ជាច្រើន​នៅ​ថ្ងៃ​នោះ ។ មេរៀន​មួយ​គឺ​ថា ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ជា​សំឡេង​តូច​រហៀង ។ ខ្ញុំ​អាច​ឮ​ទ្រង់ ពេល​មាន​សេចក្ដី​សុខសាន្ដ​ខាង​វិញ្ញាណ​ក្នុង​ចិត្ត​ខ្ញុំ ។ ទ្រង់​នាំ​មក​នូវ​អារម្មណ៍​សុភមង្គល និង​ការធានា​ថា ខ្ញុំ​កាន់តែ​បរិសុទ្ធ​ជាង​មុន ។ ហើយ​ការណ៍​នោះ​តែង​នាំ​សុភមង្គល​មក​ខ្ញុំ ក្នុង​គ្រា​ដំបូង​ទាំងនោះ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ ។

បងប្អូន​បាន​សង្កេត​ឃើញ​អព្ភូតហេតុ​នៃ​សុភមង្គល​ក្នុង​ជីវិត​ផ្ទាល់​របស់​បងប្អូន និង​ជីវិត​របស់​អ្នកដទៃ ដែល​កើត​មកពី​ការកាន់តែ​មាន​បរិសុទ្ធភាព ដោយ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។ ប៉ុន្មាន​អាទិត្យ​កន្លង​មក​នេះ ខ្ញុំ​បាន​នៅ​ក្បែរ​មនុស្ស​ដែល​ប្រឈមមុខ​នឹង​ការស្លាប់ ដែល​ពេញ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ និង​មាន​ទឹកមុខ​រីករាយ ។

មាន​បុរស​ម្នាក់​ដែល​ហ៊ុមព័ទ្ធ​ដោយ​គ្រួសារ​គាត់ ។ គាត់ និង​ភរិយា​គាត់​បាន​ជជែក​ស្ងាត់ៗ កាល​កូនប្រុស​ខ្ញុំ និង​ខ្ញុំ​បាន​ចូល​ទៅ ។ ខ្ញុំ​ស្គាល់​ពួកគាត់​ច្រើន​ឆ្នាំ​ហើយ ។ ខ្ញុំ​បាន​ឃើញ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើការ​ក្នុង​ជីវិត​របស់​ពួកគាត់ និង​ក្នុង​ជីវិត​សមាជិក​គ្រួសារ​របស់​ពួកគាត់ ។

ពួកគាត់​បាន​គិត​គ្នា​ថា​ជ្រើសរើស​បញ្ចប់​ការព្យាបាល​វេជ្ជសាស្ដ្រ​ដែល​ពន្យារ​ជីវិត​គាត់ ។ យើង​មាន​អារម្មណ៍​ស្រងូត​ស្រងាត់ កាល​គាត់​និយាយ​មកកាន់​យើង ។ គាត់​ញញឹម កាល​គាត់​បង្ហាញ​អំណរគុណ​ចំពោះ​ដំណឹងល្អ និង​កិច្ចខិតខំ​នៃ​ដំណឹងល្អ​ដើម្បី​បន្សុទ្ធ​គាត់ និង​គ្រួសារ​ដែល​គាត់​ស្រឡាញ់ ។ គាត់​បាន​ថ្លែង​អំពី​ការបម្រើ​ដ៏​រីករាយ​រាប់​ឆ្នាំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ តាម​សំណើ​របស់​បុរស​រូប​នេះ កូនប្រុស​ខ្ញុំ​បាន​ចាក់ប្រេង​តាំង​លើ​ក្បាល​គាត់ ។ ខ្ញុំ​បាន​ផ្សារភ្ជាប់​ការចាក់ប្រេង​នោះ ។ កាល​ខ្ញុំ​ផ្សារភ្ជាប់ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ដ៏​ច្បាស់​មួយដើម្បី​ប្រាប់​គាត់​​ថា គាត់​នឹង​ជួប​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​មុខ​គាត់ ។

ខ្ញុំ​បាន​សន្យា​នឹង​គាត់​ថា គាត់​នឹង​មាន​អារម្មណ៍​នៃ​សុភមង្គល ក្ដី​ស្រឡាញ់ និង​ការអនុម័ត​របស់​ព្រះអង្គ​សង្គ្រោះ ។ គាត់​ញញឹម​យ៉ាង​កក់ក្ដៅ កាល​យើង​ចាកចេញ​មក ។ សម្ដី​ចុងក្រោយ​របស់​គាត់​មក​ខ្ញុំ​គឺ « សូម​ប្រាប់ ខេធី ថា​ខ្ញុំ​ស្រឡាញ់​នាង » ។ កាល​ពី​ច្រើនឆ្នាំ​មុន ភរិយា​ខ្ញុំ ខេតលីន បាន​លើក​ទឹកចិត្ត​គ្រួសារ​គាត់​ច្រើន​ជំនាន់​ឲ្យ​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​មក​រក​ទ្រង់ ចុះ​និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ដើម្បី​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​គ្រាប់គ្រាន់​ទទួល​សុភមង្គល​ដែល​កើតមាន​ជាលទ្ធផលនៃ​ភាព​បរិសុទ្ធ​ដ៏​ធំ​នោះ ។

គាត់​បាន​ស្លាប់​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ។ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​គាត់​ស្លាប់ ភរិយា​មេម៉ាយ​របស់​គាត់​បាន​យក​អំណោយ​មួយ​មក​ឲ្យ​ភរិយា​ខ្ញុំ និង​ខ្ញុំ ។ គាត់​ញញឹម កាល​យើង​ជជែក​គ្នា ។ គាត់​ថ្លែង​ដោយ​រីករាយ​ថា « ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មាន​អារម្មណ៍​ក្រៀមក្រំ និង​ឯកោ ។ តែ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ណាស់ ។ តើ​លោក​គិត​ថា វា​មិន​អី​ទេ​ឬ ? »

ដោយ​ដឹង​ថា​គាត់​ស្រឡាញ់​ស្វាមី​គាត់​ខ្លាំង​ប៉ុណ្ណា និង​របៀប​ដែល​ពួកគាត់​ទាំងពីរ​មក​ស្គាល់ ស្រឡាញ់ និង​បម្រើ​ព្រះអម្ចាស់ ខ្ញុំ​បាន​ប្រាប់​គាត់​ថា អារម្មណ៍​នៃ​សុភមង្គល​របស់​គាត់​ជា​អំណោយ​ដែល​បាន​សន្យា​មួយ ដោយសារ​គាត់​កាន់តែ​បរិសុទ្ធ តាមរយៈ​ការបម្រើ​ដ៏​ស្មោះត្រង់​របស់​គាត់ ។ បរិសុទ្ធភាព​របស់​គាត់​ធ្វើ​ឲ្យ​គាត់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទទួល​សុភមង្គល​នោះ ។

មនុស្ស​មួយ​ចំនួន​ដែល​ស្ដាប់​នៅ​ថ្ងៃនេះ​អាច​ឆ្ងល់ ៖ « ហេតុអ្វី​ខ្ញុំ​មិន​មាន​អារម្មណ៍​សុខសាន្ដ និង​សុភមង្គល ដែល​បាន​សន្យា​ដល់​អ្នក​ដែល​ស្មោះត្រង់ ? ខ្ញុំ​បាន​ស្មោះត្រង់​ឆ្លងកាត់​គ្រោះ​ក៏​កាច​សាហាវ ប៉ុន្ដែ​ខ្ញុំ​មិន​មាន​សុភមង្គល​ទេ » ។

សូម្បី​ព្យាការី យ៉ូសែប ស៊្មីធ​ក៏​បាន​ជួប​នឹង​ការសាកល្បង​នេះ​ដែរ ។ លោក​បាន​អធិស្ឋាន​សូម​ការធូរស្បើយ កាល​លោក​ជាប់​គុក​នៅ​លើប៊ើធី រដ្ឋ​មិសសួរី ។ លោក​បាន​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ។ លោក​បាន​បង្កើន​ភាពបរិសុទ្ធ ។ ប៉ុន្ដែ​លោក​មាន​អារម្មណ៍​ថា គ្មាន​សុភមង្គល​ឡើយ ។

ព្រះអម្ចាស់​បាន​បង្រៀន​លោក​នូវ​មេរៀន​នៃ​ការអត់ធន់ ដែល​យើង​ទាំងអស់​គ្នា​នឹង​ត្រូវការ​ពេលខ្លះ ហើយ​ប្រហែល​ជា​សម្រាប់​រយៈពេល​យូរ ក្នុង​ការសាកល្បង​ជីវិត​រមែង​ស្លាប់​របស់​យើង ។ នេះ​គឺជា​សារលិខិត​របស់​ព្រះអម្ចាស់​ទៅកាន់​ព្យាការី​ដ៏​ស្មោះត្រង់ និង​រងទុក្ខ​របស់​ទ្រង់ ៖

« ហើយ​បើ​សិន​ជា​អ្នក​ត្រូវ​បាន​បោះ​ទៅ​ក្នុង​រណ្ដៅ ឬ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ឃាតករ ហើយ​អ្នក​ត្រូវ​គេ​កាត់ទោស​ដល់​ស្លាប់ បើសិន​ជា​អ្នក​បោះ​ទៅក្នុង​ជម្រៅ បើសិន​ជា​ទឹក​រលក​បោក​បាច​ទាស់​នឹង​អ្នក បើសិន​ជា​ខ្យល់​កួច​ត្រឡប់​ជា​ខ្មាំង​សត្រូវ​ដល់​អ្នក បើសិន​ជា​ផ្ទៃ​មេឃ​ទៅជា​ងងឹតឈឹង ហើយ​អស់​ទាំង​ធនធាតុ​ប្រមូល​គ្នា​រារាំង​ផ្លូវ ហើយ​ទោះបី​លើស​ជាង​អ្វីៗ​ទាំង​អស់ បើសិន​ជា​ចង្ការ​មាត់​នៃ​ស្ថាននរក​នឹង​ហារ​ត្របាក់​អ្នក​ក្ដី បុត្រ​យើង​អើយ ចូរ​អ្នក​ដឹង​ថា គ្រប់​ការណ៍​ទាំង​នេះ​នឹង​ផ្ដល់​ការពិសោធន៍​ដល់​អ្នក ហើយ​នឹង​ទៅជា​ការល្អ​ដល់​អ្នក​ទៅ​វិញ ។

កូន​មនុស្ស​បាន​ចុះទាប​ជាង​ការណ៍​ទាំង​នោះ​ទៅ​ទៀត ។ តើ​អ្នក​ធំ​ជាង​ទ្រង់​ឬ​អី ?

ហេតុដូច្នេះ​ហើយ កូន​កាន់​ផ្លូវ​ឲ្យ​ខ្ជាប់ ហើយ​បព្វជិតភាព​នឹង​នៅ​ជាមួយ​អ្នក ត្បិត​កម្រិត​ទាំងឡាយ​របស់​ពួកគេ​ត្រូវបាន​ចាត់ទុក ពួកគេ​ពុំ​អាច​បង្ហួស​បាន​ឡើយ ។ ថ្ងៃ​របស់​អ្នក​ត្រូវបាន​រាប់​ទុក ហើយ​ឆ្នាំ​របស់​អ្នក​មិន​ត្រូវ​បាន​រាប់ទុក​ជា​តិច​ឡើយ ហេតុ​ដូច្នេះ​ហើយ ចូរ​កុំ​ខ្លាច​នូវ​អ្វី ដែល​មនុស្ស​អាច​ប្រព្រឹត្ត​នោះ​ឡើយ ត្បិត​ព្រះ​ទ្រង់​នឹង​គង់នៅ​ជាមួយ​អ្នក​ជា​រៀង​ដរាប​តទៅ » ។១១

នោះ​ជា​មេរៀន​ណែនាំ​ដូចគ្នា ដែល​ព្រះអម្ចាស់​បាន​ផ្ដល់​ឲ្យ​យ៉ូប ដែល​បាន​បង់​ថ្លៃ​ដ៏​ធ្ងន់ ដើម្បី​អនុញ្ញាត​ឲ្យ​ដង្វាយធួន​ធ្វើឲ្យ​លោក​កាន់តែ​បរិសុទ្ធ ។ យើង​ដឹង​ថា យ៉ូប​បរិសុទ្ធ​តាំង​ពី​សេចក្ដី​ផ្ដើម​ដែល​យើង​អាន​ពី​គាត់ ៖ « នៅ​ស្រុក​អ៊ូស មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូប ជា​អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ ដែល​គោរព​កោតខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្តី​អាក្រក់ » ។១២

បន្ទាប់មក​យ៉ូប​បាន​បាត់បង់​ទ្រព្យសម្បត្តិ គ្រួសារ ហើយ​សូម្បីតែ​សុខភាព​របស់​លោក ។ បងប្អូន​អាច​ចាំ​ថា យ៉ូប​បាន​សង្ស័យ​ពី​បរិសុទ្ធភាព​កាន់តែ​ខ្លាំង​របស់​លោក ដែល​ទទួល​បាន​តាមរយៈ​គ្រោះកាច​ដ៏​ខ្លាំង ដែល​ធ្វើឲ្យ​លោក​ស័ក្ដិសម​នឹង​សុភមង្គល​កាន់តែ​ខ្លាំង ។ យ៉ូប​ហាក់​គិត​ថា បរិសុទ្ធភាព​នាំ​មក​នូវ​ទុក្ខ​វេទនា ។

ប៉ុន្ដែ​ព្រះអម្ចាស់​បាន​ផ្ដល់​មេរៀន​កែតម្រូវ​ដូចគ្នា​នេះ ដែល​លោក​បាន​ផ្ដល់​ឲ្យ​យ៉ូសែប ស្ម៊ីធ ។ ទ្រង់​ឲ្យ​យ៉ូប​ឃើញ​ស្ថានភាព​ដ៏​ក្រៀមក្រំ​របស់​លោក​ដោយ​ភ្នែក​ខាង​វិញ្ញាណ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ៖

« ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ អញ​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​អញ ។

តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែនដី​ឡើង ចូរ​ប្រាប់​មក បើ​ឯង​មាន​យោបល់ ។

បើ​ឯង​ដឹង តើ​អ្នក​ណា​បាន​កំណត់​ទំហំ​ផែនដី តើ​អ្នក​ណា​បាន​សន្ធឹង​ខ្សែ​ទៅ​វាស់ ?

តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី តើ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ ។

ក្នុង​កាល​ដែល​ផ្កាយ​ព្រឹក​បាន​ច្រៀង​ជា​មួយ​គ្នា ហើយ​អស់​ទាំង​កូន​ព្រះ​បាន​ស្រែក​អរ​សាទរ » ។១៣

បន្ទាប់មក ក្រោយពី​យ៉ូប​បាន​ប្រែចិត្ត​ពី​ការហៅ​ព្រះ​ថា​មិន​យុត្តិធម៌ យ៉ូប​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឃើញ​ឧបសគ្គ​របស់​លោក​ក្នុង​របៀប​ដ៏​ខ្ពស់ និង​បរិសុទ្ធ​ជាង​មួយ ។ គាត់​បាន​ប្រែចិត្ត ។

« លំដាប់​នោះ​យ៉ូប​ក៏​ទូល​ឆ្លើយ​ដល់​ព្រះយេហូវ៉ា​ថា

ទូលបង្គំ​ដឹង​ថា​ទ្រង់​ធ្វើ​ទាំង​អស់​កើត ហើយ​ថា នឹង​ឃាត់​ព្រះ​ដំរិះ​ទ្រង់​ណា​មួយ​មិន​បាន ។

តើ​អ្នក​ណា​នេះ​ដែល​បង្អាប់​ព្រះ​ដំរិះ​ដោយ​ឥត​ប្រាជ្ញា​ដូច្នេះ គឺ​ទូលបង្គំ​នេះ​ឯង​បាន​ពោល​ពាក្យ​ដែល​ទូលបង្គំ​មិន​បាន​យល់ ជា​សេចក្តី​ដែល​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ ដែល​ទូលបង្គំ​មិន​បាន​ស្គាល់​ឡើយ ។

ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ស្តាប់​ចុះ អញ​នឹង​និយាយ​សិន អញ​នឹង​សួរ​ឯង ចូរ​ឯង​ឆ្លើយ​ប្រាប់​អញ ។

កាល​ពី​ដើម​ត្រចៀក​ទូលបង្គំ​បាន​គ្រាន់​តែ​ឮ​ថ្លែង​ពី​ទ្រង់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ភ្នែក​ទូលបង្គំ​បាន​ឃើញ​ទ្រង់​ជាក់​វិញ ។

បាន​ជា​ទូលបង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផែះ » ។១៤

ក្រោយពី​យ៉ូប​បាន​ប្រែចិត្ត ហេតុ​ដូច្នេះ​ហើយ​បាន​កាន់តែ​បរិសុទ្ធ នោះ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​លោក​លើស​អ្វីៗ ដែល​លោក​បាន​បាត់បង់​ទៅទៀត ។ ប៉ុន្ដែ​ប្រហែល​ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​យ៉ូប​នោះ​គឺ ការកាន់តែ​មាន​បរិសុទ្ធភាព​តាមរយៈ​គ្រោះកាច និង​ការប្រែចិត្ត ។ លោក​បាន​ស័ក្ដិសម​នឹង​មាន​សុភមង្គល​កាន់តែ​ខ្លាំង​ក្នុង​ជីវិត ដែល​លោក​នៅរស់​បន្ដ ។

បរិសុទ្ធភាព​កាន់តែ​ខ្លាំង​មិន​កើតឡើង​ងាយ​ស្រួល តាមរយៈ​ការសូម​វា​ឡើយ ។ វា​មក​តាមរយៈ​ការធ្វើ​អ្វី​ដែល​ចាំបាច់ ដើម្បី​ឲ្យ​ព្រះ​ផ្លាស់ប្ដូរ​យើង ។

ប្រធាន រ័សុល អិម ណិលសុន បាន​ផ្ដល់​ការប្រឹក្សា​ដែល​មើល​ទៅ​ល្អ​បំផុត ពី​របៀប​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ឆ្ពោះ​ទៅកាន់​បរិសុទ្ធភាព​កាន់តែ​ខ្លាំង​ឡើង ។ លោក​បាន​បង្ហាញ​ផ្លូវ កាល​លោក​បាន​ជម្រុញ​ថា

« សូម​ទទួល​បទពិសោធន៍​នៃ​ការពង្រឹង​អំណាច​នៃ​ការប្រែចិត្ត​ប្រចាំ​ថ្ងៃ— ក្នុង​ការប្រព្រឹត្ត និង​ធ្វើជា​មនុស្ស​ប្រសើរ​ជាង​បន្ដិច​ម្ដងៗ​ជា​រៀងរាល់ថ្ងៃ ។

នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត នោះ​យើង​ជ្រើសរើស​ផ្លាស់ប្ដូរ ! យើង​ទុក​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ផ្លាស់ប្រែ​យើង​ទៅ​កំណែថ្មី​ដ៏​ល្អ​បំផុត​នៃ​ខ្លួន​យើង ។ យើង​ជ្រើសរើស​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ទទួល​បាន​អំណរ— ជា​អំណរ​នៃ​ការប្រោសលោះ​នៅក្នុង​ទ្រង់ ។ នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត យើង​ជ្រើសរើស​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ! »

ប្រធាន ណិលសុន បាន​បន្ដ​លើក​ទឹកចិត្ត​ក្នុង​កិច្ចខិតខំ​របស់​យើង​ដើម្បី​កាន់តែ​មាន​ភាពបរិសុទ្ធ​ថា ៖ « ព្រះអម្ចាស់​ពុំ​រំពឹង​ភាព​ល្អឥតខ្ចោះ​ពី​យើង អំឡុង​ពេល​នៃ​ការរីកចម្រើន​អស់កល្ប​ជានិច្ច​របស់​យើង​នេះ​ឡើយ ។ ប៉ុន្តែ​ទ្រង់​រំពឹង​ឲ្យ​យើង​កាន់តែ​បាន​បរិសុទ្ធ ។ ការប្រែចិត្ត​ប្រចាំ​ថ្ងៃ គឺជាច្រកទ្វារ​ទៅ​កាន់​បរិសុទ្ធភាព ហើយ​បរិសុទ្ធភាព​នាំ​មក​នូវ​កម្លាំង » ។១៥

ប្រធាន ដាល្លិន អេច អូក នៅក្នុង​សុន្ទរកថា​សន្និសីទ​មុន​មួយ ក៏​បាន​ជួយ​ខ្ញុំ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​របៀប​យើង​កាន់តែ​មាន​ភាពបរិសុទ្ធ និង​របៀប​យើង​អាច​ដឹង​ថា យើង​កំពុង​ឈាន​ទៅរក​វា​ផងដែរ ។ លោក​មាន​ប្រសាសន៍ ៖ « តើ​យើង​សម្រេច​បាន​ជីវភាព​ខាងវិញ្ញាណ​ដោយ​របៀប​ណា ? តើ​យើង​ទទួល​បាន​កម្រិត​នៃ​បរិសុទ្ធភាព ដែល​យើង​អាច​មាន​ភាពជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀបណា ? តើ​យើង​មើល និង​វាយ​តម្លៃ​រឿង​ខាង​លោកិយ​ដោយ​ទស្សនវិស័យ​នៃ​ភាពអស់កល្ប​ដោយ​របៀប​ណា ? »១៦

ចម្លើយ​របស់​ប្រធាន អូក ចាប់ផ្ដើម​ដោយ​សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​ជាទី​ស្រឡាញ់​នៃ​យើង ។ ការណ៍​នោះ​នាំ​យើង​ឲ្យ​ស្វែងរក​ការអភ័យ​ទោស​រាល់ថ្ងៃ និង​ចងចាំ​ទ្រង់​រៀង​រាល់​ថ្ងៃ តាមរយៈ​ការរក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។ សេចក្ដីជំនឿ​កាន់តែ​ខ្លាំង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​កើតមាន កាល​យើង​ទទួល​ទាន​បន្ទូល​របស់​ទ្រង់​ប្រចាំថ្ងៃ ។

ទំនុក​តម្កើង « ឲ្យ​ខ្ញុំ​កាន់តែ​វិសុទ្ធ » ប្រាប់​ពី​របៀប​មួយ​ដើម្បី​អធិស្ឋាន​សូម​ជំនួយ ដើម្បី​បាន​កាន់តែ​បរិសុទ្ធ ។ អ្នកនិពន្ធ​ផ្ដល់​យោបល់​យ៉ាង​វាងវៃ​ថា បរិសុទ្ធភាព​ដែល​យើង​ស្វែងរក គឺជា​អំណោយ​មួយ​មក​ព្រះ​ជាទី​ស្រឡាញ់ ផ្ដល់​ឲ្យ​តាម​ពេលវេលា ក្រោយពី​អ្វី​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន ។ បងប្អូន​ចងចាំ​វគ្គ​ចុងក្រោយ ៖

ឲ្យ​ខ្ញុំ​កាន់​តែ​វិសុទ្ធ

កាន់​តែ​អាច​យក​ឈ្នះ

កាន់​តែ​ផុត​ពី​កម្ម​លោកិយ

កាន់​តែ​ចង់​ទៅ​ផ្ទះ

កាន់​តែ​ស័ក្តិសម​នឹង​រាជ្យ

កាន់​តែ​មាន​ប្រយោជន៍

កាន់​តែ​មាន​ពរ​វិសុទ្ធ—

កាន់​តែ​ដូច​ព្រះ​អង្គ ។១៧

មិន​ថា​ស្ថានភាព​ផ្ទាល់ខ្លួន​យើង​យ៉ាង​ណា មិន​ថា​យើង​អាច​នៅលើ​ផ្លូវ​សេចក្ដី​សញ្ញា​ទៅ​ផ្ទះ​វិញ​ឬ​អត់ សូម​ឲ្យ​ការអធិស្ឋាន​យើង​សម្រាប់​បរិសុទ្ធភាព​កាន់តែ​ខ្លាំង​បាន​ទទួល​ចម្លើយ ។ ខ្ញុំ​ដឹង​ថា កាល​ការអង្វរ​យើង​ត្រូវបាន​ប្រទាន សុភមង្គល​យើង​នឹង​កើនឡើង ។ វា​អាច​កើតឡើង​យឺតៗ ប៉ុន្ដែ​វា​នឹង​កើតឡើង​ពិត ។ ខ្ញុំ​មាន​ការធានា​នោះ​មកពី​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់ និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា យ៉ូសែប ស៊្មីធ​គឺជា​ព្យាការី​នៃ​ព្រះ ថា​ប្រធាន រ័សុល អិម ណិលសុន គឺជា​ព្យាការី​នៅរស់​របស់​យើង​នា​សព្វថ្ងៃ​នេះ ។ ព្រះ​ជា​ព្រះវរបិតា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​យើង ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​មក​រក​ទ្រង់​នៅ​ផ្ទះ​វិញ​ជា​ក្រុមគ្រួសារ ។ ព្រះអង្គ​សង្គ្រោះ​ជាទី​ស្រឡាញ់​របស់​យើង​អញ្ជើញ​យើង​ឲ្យ​ធ្វើតាម​ទ្រង់ នៅលើ​ដំណើរ​យើង​ទៅ​ទីនោះ ។ ពួកទ្រង់​បាន​រៀបចំ​ផ្លូវ​ហើយ ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។