ឆ្នាំ ២០១០-២០១៩
បទបញ្ញត្តិ​ធំ​ទីពីរ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


បទបញ្ញត្តិ​ធំ​ទីពីរ

អំណរ​ដ៏​ធំ​បំផុត​របស់​យើង​កើត​មាន ពេល​យើង​ជួយ​បងប្អូន​ប្រុស​ស្រី​របស់​យើង ។

បងប្អូនប្រុសស្រី​ជា​ទីស្រឡាញ់ អរគុណ​អ្នកទាំងអស់គ្នា​ដែល​កំពុង​ជួយ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ទាំង​នៅ​សង្ខាន​នៃ​វាំងនន ដើម្បី​ពង្រឹង​គ្រួសារ​អ្នក ហើយ​ប្រទានពរ​ដល់ជីវិត​នៃ​អ្នក​ដែល​ខ្វះខាត ។ អរគុណ​ចំពោះ​ការរស់នៅ​ជា​អ្នកដើរតាម​ពិត​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​ដឹង ហើយ​ចូលចិត្ត​គោរព​តាម​បទបញ្ញត្តិ​ធំទាំងពីរ គឺ​ស្រឡាញ់ព្រះ និង​ស្រឡាញ់​អ្នក​ជិត​ខាង ។

អំឡុង​ប្រាំមួយ​ខែ​មុន ស៊ិស្ទើរ ណិលសុន និង​ខ្ញុំ បាន​ជួប​ពួកបរិសុទ្ធ​រាប់ពាន់​នាក់ នៅពេល​យើង​ធ្វើ​ដំណើរ​ទៅកាន់​អាមេរិកកណ្ដាល និង​អាមេរិក​ខាងត្បូង កោះ​នៅប៉ាស៊ីហ្វិក និង​ទីក្រុង​ផ្សេងៗ​នៅ​សហរដ្ឋ​អាមេរិក ។ នៅពេល​យើង​ធ្វើ​ដំណើរ សេចក្ដីសង្ឃឹម​របស់​យើង​គឺ ស្ថាបនា ជំនឿ របស់​អ្នក ។ ប៉ុន្តែ​ពេល​យើង​ត្រឡប់មកវិញ ជំនឿរបស់​យើង​ត្រូវ​បាន​ពង្រឹងឡើង​ដោយសារ​សមាជិក និង​មិត្តភក្ដិ​ដែលយើង​បាន​ទៅ​ជួប​នោះ ។ សូម​ឲ្យ​ខ្ញុំ​ចែកចាយ​គ្រា​ដ៏​មាន​អត្ថន័យ​ចំនួន​បី​ដែល​យើង​មានបទពិសោធន៍​ថ្មីៗ​នេះបានទេ ?

រូបភាព
ប្រធាន​ណែល​សិន​នៅ​ប្រ​ទេស​ញូហ្សេលឡែន
រូបភាព
ប្រធាន​ណែល​សិន​នៅ​ប្រ​ទេស​ញូហ្សេលឡែន

នៅ​ខែ​ឧសភា ស៊ិស្ទើរ ណិលសុន និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ជាមួយ​អែលឌើរ ហ្គែរីត ដបុលយូ ហ្គង និង សូសាន ហ្គង ទៅ​ប៉ាស៊ីហ្វិក​ខាង​ត្បូង ។ ខណៈ​នៅ​ក្នុងទីក្រុង អូកឡែន ប្រទេស​នូវវែលសេឡង់ នោះ​យើង​មាន​កិត្តិយស​ជួប​នឹងសម្ដេច​សង្ឃ​មកពី​វិហារ​អ៊ីស្លាម​ចំនួនពីរ​នៅ​ក្នុងព្រះវិហារគ្រីស្ទ នូវវែលសេឡង់ ជាកន្លែង​ដែល​រយៈពេលពីរខែ​មុន​នោះ មាន​អ្នក​ថ្វាយបង្គំស្លូតត្រង់​ជាច្រើន​ត្រូវ​បាន​គេ​បាញ់​ប្រហារ​ដោយ​ទង្វើរ​ដ៏​សាហាវយ៉ង់ឃ្នង ។

យើង​សូមសម្ដែង​ការ​សោកស្ដាយ​ដល់​បងប្អូន​ប្រុស​នៃ​ជំនឿ​ផ្សេង​នោះ ហើយបញ្ជាក់អះអាង​ជាថ្មី​អំពី​ការតាំងចិត្តចំពោះគ្នាទៅវិញទៅមក​ទៅលើ​សេរីភាព​ខាង​សាសនា ។

យើង​ក៏​ស្ម័គ្រចិត្ត​ផ្ដល់​កម្លាំង​ពលកម្ម និង​ជំនួយ​ហិរញ្ញវត្ថុ​សមរម្យ​មួយ​ដើម្បី​សាងសង់​វិហារ​អ៊ីស្លាម​​របស់​ពួកគេ​ឡើងវិញ​ផងដែរ ។ ការប្រជុំ​របស់​យើង​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ម៉ូស្លីម​ទាំងនេះ គឺ​មាន​ពោរពេញ​ទៅ​ដោយ​ភារតភាព​ដ៏​ទន់ភ្លន់ ។

រូបភាព
អ្នក​ទទួល​រទេះ​រុញ​នៅ​អាហ្សង់ទីន
រូបភាព
អ្នក​ទទួល​រទេះ​រុញ​នៅ​អាហ្សង់ទីន

នៅ​ខែ​សីហា ព្រមជាមួយ​នឹង​អែលឌើរ ឃ្វីនធីន អិល និងស៊ីស្ទើរ ម៉ារី ឃុក នោះ​ស៊ីស្ទើរ ណិលសុន និង​ខ្ញុំ បានជួបផ្ទាល់ជាមួយ​នឹង​អ្នក​ដែល​ពុំ​មានជំនឿ​ដូច​យើង—នៅ ប៊ុយណូហ្សែ ប្រទេស អាហ្សង់ទីន— ដែល​ជីវិត​របស់​ពួកគេ​បាន​ផ្លាស់ប្ដូរ ពេល​អង្គការ​សប្បុរស​ធម៌​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ផ្ដល់​ជំនួយ​រទេះជនពិការ​ដល់ពួកគេ ។ ពួក​យើង​ត្រូវ​បាន​បំផុសគំនិត​នៅពេល​ពួកគេ​សម្ដែង​ការ​ដឹងគុណ​ពោរពេញ​ដោយ​អំណរ​ចំពោះ​ភាព​បត់បែន​ថ្មី​របស់​ពួកគេ ។

គ្រា​ដ៏​មាន​តម្លៃ​ទីបី បាន​កើត​ឡើង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នៅ​ទីនេះ​ក្នុង​ទីក្រុង​សលត៍ លេក ។ វាមកពី​សំបុត្រ​ពិសេស​មួយ​ដែល​ខ្ញុំ​បាន​ទទួល​នៅថ្ងៃ​បុណ្យកំណើត​របស់ខ្ញុំ​មកពី​យុវនារី​ម្នាក់ ដែល​ខ្ញុំ​នឹង​ហៅ​ថា ម៉ារី — អាយុ ១៤ ឆ្នាំ ។

ម៉ារី​បាន​សរសេរ​អំពី​រឿង​ដែល​នាង និង​ខ្ញុំ​មាន​អ្វី​ដូចគ្នា ៖ អ្នក​មាន​កូន ១០ នាក់ ។ ពួក​យើង​​មាន​កូន ១០ នាក់ ។ លោក​និយាយ​ភាសា ចិនកាតាំង ។ កូន​ប្រាំពីរ​នាក់​ក្នុង​គ្រួសារ​ខ្ញុំ រួមទាំងខ្ញុំ ពួក​យើង​ត្រូវ​បាន​យក​មកចិញ្ចឹម​ពី​ប្រទេស​ចិន ដូច្នេះ​ភាសា​ចិនកាតាំង គឺជា​ភាសា​ដំបូង​របស់​យើង ។ លោក​ជា​វេជ្ជបណ្ឌិត​វះកាត់​បេះដូង ។ បងស្រី​ខ្ញុំ មាន​ [ការវះកាត់] បេះដូង​ចំហរ​ពីរ​ដង ។ លោក​ចូលចិត្តទៅព្រះវិហារ​ពីរ​ម៉ោង ។ ពួក​យើង​ចូលចិត្តទៅព្រះវិហារ​ពីរ​ម៉ោង ។ លោក​ចេះនិពន្ធភ្លេង​យ៉ាងឥតខ្ចោះ ។ បងប្រុស​ខ្ញុំ​ចេះនិពន្ធភ្លេង​យ៉ាងឥតខ្ចោះផងដែរ ។ គាត់​ពិការ​ភ្នែក​ដូច​ខ្ញុំ » ។

ពាក្យសម្ដី​របស់​ម៉ារី បាន​ប៉ះ​នឹង​ក្រអៅដួងចិត្ត​ខ្ញុំ មិនត្រឹមតែបង្ហាញ​ពីវិញ្ញាណ​ដ៏អស្ចារ្យ​របស់​នាង​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​បង្ហាញ​ពី​ការ​ថ្វាយ​របស់​ម្ដាយឪពុក​របស់​នាង​ផងដែរ ។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រមជាមួយ​នឹង​អ្នកដើរតាម​​ព្រះយេស៊ូវគ្រីស្ទដទៃទៀត​ គឺ​តែងតែ​ស្វែងរក​វិធី​ដើម្បី​ជួយ លើក​ស្ទួយ និង​ស្រឡាញ់​អ្នកដទៃ ។ ពួកគេ​ដែល​មាន​ឆន្ទៈ​ដើម្បី​ត្រូវ​បាន​ហៅ​ជា​រាស្ត្រ​របស់​ព្រះអម្ចាស់ « ព្រម​ទទួល​បន្ទុក​គ្នា​ទៅវិញទៅមក… ព្រម​ទួញ​យំ​ជាមួយ​នឹង​អ្នកណា​ដែល​ទួញ​យំ … ហើយកម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នកណា​ដែល​កំពុង​ត្រូវការ​កម្សាន្ដ​ទុក្ខ » ។

ពួកគេ​ពិតជា​ព្យាយាម​រស់នៅ​តាម​បទបញ្ញត្តិ​ធំទីមួយ និងទីពីរ ។ នៅពេល​យើង​ស្រឡាញ់ ព្រះ ដោយអស់​ពីដួងចិត្ត​របស់​យើង នោះទ្រង់​បង្វែរ​ដួងចិត្ត​របស់​យើង​ទៅ​រក​សុខមាភាព​របស់ អ្នក​ដទៃ​ នៅក្នុង​វដ្ដដ៏ស្រស់ស្អាត និង​ប្រកបដោយគុណធម៌ ។

យើង​ពុំ​អាច​គណនា​អំពី​ចំនួននៃ​ការបម្រើ​ដែល​ពួកបរិសុទ្ធ​បាន​ផ្ដល់​ឲ្យ​នៅ​ជុំវិញ​សាកលលោក​ជារៀងរាល់ថ្ងៃ​ជារៀងរាល់ឆ្នាំ​បានទេ ប៉ុន្តែ​គឺអាច​គណនា​សេចក្ដីល្អ​នៃ​សាសនាចក្រ​​ជា​អង្គការ​មួយ​ដែល​បាន​ប្រទានពរ​ដល់​បុរស​ស្ត្រី— កុមារាកុមារី —ដែលត្រូវការ​ដៃជំនួយ ។

កម្មវិធី​អង្គការ​សប្បុរសធម៌​របស់​សាសនាចក្រ​​​បាន​ចាប់ផ្ដើម​ឡើងនៅ​ឆ្នាំ ១៩៨៤ ។ ហើយ​ការតមអាហារ​នៅទូទាំង​សាសនាចក្រ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​រៃអង្គាសមូលនិធិ​ដើម្បី​ជួយ​អ្នកទាំងឡាយ​ដែល​រងទុក្ខ​ដោយ​គ្រោះ​រាំងស្ងួត​នៅ​អាហ្វ្រិក​ភាគ​ខាង​កើត ។ សមាជិក​សាសនាចក្រ​បាន​បរិច្ចាគ ៦.៤ លាន​ដុល្លារ​នៅ​ថ្ងៃ​តមអាហារ តែមួយថ្ងៃ នោះ ។

រូបភាព
បន្ទាប់មក​អែលឌើរ បាឡឺត​នៅ​អេធីអូពៀ

បន្ទាប់មក អែលឌើរ អិម រ័សុល បាឡឺដ និង បងប្រុស គ្លិន អិល ផេស ត្រូវ​បាន​បញ្ជូន​ទៅ អេធីយ៉ូពី ដើម្បី​ប៉ាន់​ប្រមាណ​អំពី​របៀប​ដែល​មូលនិធិ​ឧទ្ទិស​ថ្វាយ​​ទាំងនេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​បាន​ល្អ​បំផុត ។ ការ​ខិតខំ​នេះ​បាន​បង្ហាញថាជា​ការ​ចាប់​ផ្ដើម​អំពី​អ្វី​ដែល​នឹង​ក្រោយ​មក​ត្រូវ​បាន​ស្គាល់​ថា​ជា​អង្គការ​សប្បុរសធម៌​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ចាប់តាំង​ពី​គ្រានោះ អង្គការ​សប្បុរស​ធម៌​​​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ផ្ដល់​ឲ្យ​ច្រើនជាង ពីរលាន ដុល្លារ​នៅ​ក្នុង​ជំនួយ​ដែល​ផ្ដល់​ទៅ​ដល់អ្នកដែលខ្វះខាត​នៅទូទាំង​ពិភពលោក ។ ជំនួយ​នេះ ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នកទទួលដោយ​ពុំ​គិត​ពី​សមាគម​សាសនាចក្រ ជាតិសាសន៍ ពូជអម្បូរ ភេទ ឬ​ការ​បញ្ចុះបញ្ជូល​ខាង​នយោបាយ ។

នោះ​ពុំ​ទាន់​អស់​នោះ​ទេ ។ ដើម្បី​ជួយ​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ដែលកំពុង​មានវិបត្តិ យើង​ស្រឡាញ់ ហើយ​រស់នៅ​តាម​ច្បាប់​តមអាហារ​ពី​បុរាណ ។ យើង​ចង់​ជួយ​អ្នក​ដទៃ​ដែល​ស្រេកឃ្លាន ។ មួយ​ថ្ងៃ​​ជា​រៀងរាល់ខែ យើង​ពុំ​ទទួល​ទាន​អាហារ ហើយ​បរិច្ចាគថ្លៃ​ចំណាយ​នៃ​អាហារ ( និងច្រើនទៀត) ដើម្បី​ជួយ​អ្នក​ទាំងឡាយ​ដែល​ខ្វះខាត ។

ខ្ញុំ​នឹង​ពុំដែលភ្លេច​ការ​ជួប​ជា​លើកដំបូង​របស់​ខ្ញុំ​នៅ​អាហ្វ្រិក​ខាង​លិចក្នុង​ឆ្នាំ ១៩៨៦ ​ទេ ។ ពួក​បរិសុទ្ធ​បាន​មក​ការ​ប្រជុំ​របស់​យើងយ៉ាង​ច្រើនកុះករ ។ ទោះ​ជា​ពួកគេ​​មាន​ទ្រព្យ​បន្ដិចបន្តួច​ក្ដី ប៉ុន្តែភាគ​ច្រើន ពួកគេបាន​មក​ដោយមាន​សម្លៀក​បំពាក់ស​ពុំ​មានប្រឡាក់ស្នាម ។

ខ្ញុំ​បាន​សួរ​ប្រធាន​ស្ដេក​ថា​តើគាត់​អាច​មើលថែ​ដល់​សមាជិក​ដែល​មាន​តែបន្ដិចបន្ដួច​នោះដោយ​របៀបណា ។ គាត់​បាន​តប​ថា ពួក​ប៊ីស្សព​ស្គាល់​មនុស្ស​របស់​ពួកគេ​ច្បាស់ ។ បើ​សមាជិក​អាច​ទិញ​អាហារ​ពីរពេល​ក្នុង​មួយ​ថ្ងៃ​បាន នោះ​ពួកគេ​ពុំ​ត្រូវ​ការ​ជំនួយ​នោះទេ ។ ប៉ុន្តែ​បើ​ពួកគេ​អាច​ទិញ​បាន​តែ​អាហារ​មួយ​ពេល ឬ​តិចជាងនោះ— ទោះជា​មានជំនួយ​ពី​គ្រួសារ​ហើយ​ក្ដី— នោះ​ពួក​ប៊ីស្សព​បាន​ផ្ដល់​អាហារ ដែល​បានផ្ដល់​ប្រាក់មក​ពី​ដង្វាយ​តមអាហារ ។ បន្ទាប់មក គាត់​បាន​បន្ថែម​ភាព​ពិត​ដ៏អស្ចារ្យ​នេះ ៖ ការ​បរិច្ចាគ​ដង្វាយតមអាហារ​របស់ពួកគេ ជាធម្មតា គឺបរិច្ចាគ លើស​ការ​ចំណាយ​របស់ពួកគេ ។ ហើយ​ដង្វាយតមអាហារ​ដែល​លើស​នោះ ត្រូវ​បានបញ្ជូន​ទៅកាន់​មនុស្ស​​នៅ​កន្លែង​ផ្សេងទៀត ដែល​ត្រូវការច្រើនជាង​ពួកគេ ។ ពួក​បរិសុទ្ធ​អាហ្វ្រិក​ស្មោះត្រង់​ទាំង​នោះ បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ដ៏​អស្ចារ្យ​មួយ​អំពី​អំណាច​នៃក្រឹត្យវិន័យ និងស្មារតីនៃ​ការ​តម ។

ក្នុង​នាមជា​សមាជិក​សាសនាចក្រ យើង​មានអារម្មណ៍ភ្ជាប់នឹង​អ្នកទាំងនោះ​ដែល​រងទុក្ខ​គ្រប់ប្រភេទ ។​ ក្នុងនាមជា​បុត្រាបុត្រី​របស់ព្រះ យើងទាំងអស់គ្នា​គឺ​ជា​បងប្អូននឹង​គ្នា ។ យើង​ស្ដាប់​តាម​ដំបូន្មាន​ពី​ព្រះគម្ពីរសញ្ញាចាស់ថា ៖ « ត្រូវ​ឲ្យ​ឯង​លា​ដៃ​ដល់​បង​ប្អូន និង​ពួក​អ្នក​ទាល់​ក្រ ហើយ​នឹង​ពួក​កំសត់​ទុរគត » ។

យើង​ក៏​ព្យាយាម​ដើម្បី​រស់នៅ​តាម​ការ​បង្រៀន​ដែល​ព្រះអម្ចាស់ ព្រះ​យេស៊ូវ គ្រីស្ទ បាន​កត់ត្រា​នៅក្នុង​ម៉ាថាយ ២៥ ៖

« ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ៖ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក ៖ យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង ៖

« យើងនៅអាក្រាតហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង ៖ យើងបានឈឺហើយអ្នករាល់គ្នាបានមកសួរយើង ។…

ដែលអ្នករាល់គ្នា​ធ្វើការ​ទាំងនោះ​ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា​បាន​ធ្វើ​ដល់​យើង​ដែរ » ។

ខ្ញុំ​សូម​ចែកចាយឧទាហរណ៍​ខ្លះៗ​អំពី​របៀប​ដែល​សាសនាចក្រ​ធ្វើតាម​ការ​បង្រៀន​ទាំងនេះរបស់ព្រះអង្គសង្គ្រោះ​ ។

រូបភាព
ឃ្លាំងរបស់ប៊ីស្សព

ដើម្បី​ជួយ​សម្រាល​អ្នក​ស្រេកឃ្លាន សាសនាចក្រ​​ប្រតិបត្តិ​​ឃ្លាំង​ស្ដុក​របស់​ប៊ីស្សព​មានចំនួន ១២៤ នៅទូទាំង​ពិភពលោក ។ តាមរយៈ​ឃ្លាំង​ទាំងនោះ មាន​ការបញ្ជាទិញ​អាហារ​ប្រហែលជា ៤០០,០០០ ​ផ្ដល់​ទៅ​ឲ្យ​បុគ្គល​ម្នាក់ៗ​ដែលខ្វះខាត​ជា​រៀងរាល់ឆ្នាំ ។ នៅ​ទីតាំង​ដែល​គ្មាន​ឃ្លាំង​ស្ដុក ប៊ីស្សព និង​ប្រធាន​សាខា​បាន​ដក​ចេញ​ពី​មូលនិធិ​តមអាហារ​របស់សាសនាចក្រ​ដើម្បី​ផ្ដល់​អាហារ និង​សម្ភារ​សម្រាប់​សមាជិក​ខ្វះខាត​របស់ពួកគេ ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​បញ្ហា​ប្រឈម​នៃ​ភាព​អត់​ឃ្លាន​គឺ​ហួស​ពី​ព្រំ​ដែន​នៃ​សាសនា​ចក្រ វា​កំពុង​តែ​រីក​លូត​លាស់់​ទូ​ទាំង​ពិភព​លោក របាយការណ៍​សហរដ្ឋ​ថ្មីៗ​បាន​ចង្អុល​បង្ហាញ​ថា ចំនួន​មនុស្ស​ស្រេកឃ្លាន​នៅលើ​ពិភពលោក​មាន​ច្រើនជាង ៨២០ លានឥឡូវនេះ— ឬ​ស្ទើរតែមួយភាគប្រាំបួន​នៃ​ចំនួន​ប្រជាជន​លើ​ពិភព​លោក ។

ស្ថិតិនោះ​គឺ​ធ្ងន់ធ្ងរណាស់ ! យើង​មាន​អំណរគុណណាស់​ចំពោះ​ការបរិច្ចាគ​របស់​អ្នក ។ អរគុណ​ចំពោះ​ដួងចិត្ត​សប្បុរស​របស់អ្នក មនុស្ស​រាប់លាន​នៅទូទាំង​ពិភពលោក​នឹង​ទទួល​បាន​អាហារ​ដែលត្រូវការ សម្លៀកបំពាក់ ជម្រក​បណ្ដោះអាសន្ន រទេះ​ជនពិការ ថ្នាំពេទ្យ ទឹក​ស្អាត ជាច្រើនទៀត​ ។

ជំងឺជាច្រើន​នៅទូទាំង​ពិភពលោក​បណ្ដាលមក​ពី​ទឹក​មិនស្អាត ។ មកដល់​សព្វថ្ងៃ អង្គការ​សប្បុរធម៌​សាសនាចក្រ​បាន​ជួយ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ក្នុងសហគមន៍​រាប់រយកន្លែង​នៅ​ក្នុង​ប្រទេស​ចំនួន ៧៦ ប្រទេស ។

គម្រោង​មួយ​នៅ លូពូតា នៅ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ គឺជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយ ។ ទីក្រុងដែល​មាន​ចំនួន​ប្រជាជន​លើសពី ១០០,០០០ គ្មានទឹក ទេ ។ ពលរដ្ឋ​ត្រូវ​ដើរ​ផ្លូវ​វែងឆ្ងាយ​ទៅរកប្រភព​ទឹក​សុវត្ថិភាព ។ ទឹកចេញពីភ្នំនោះ គឺ​ត្រូវ​បាន​រកឃើញ​នៅ​ចម្ងាយ ២៩ គ.ម. អ្នក​ភូមិ​ពុំ​អាច​ទៅ​ទទួល​បាន​ទឹក​ជា​ទៀងទាត់​នោះទេ ។

រូបភាព
ការ​ជីក​ប្រឡាយ​ទឹក

នៅពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​ខាង​សប្បុរសធម៌​របស់​យើង​បាន​ដឹង​អំពី​បញ្ហា​នេះ ពួកគេ​បាន​ធ្វើការ​ជាមួយ​អ្នក​ដឹកនាំនៅ លូពូតា តាមរយៈ​ការ​ផ្ដល់សម្ភារ និង​ការ​បំពាក់បំប៉នអំពី​ទុយោទឹក​ទៅកាន់ទីក្រុង ។ ប្រជាជន​នៅ​លូពូតា បាន​ចំណាយពេល បីឆ្នាំ ជីក​ប្រឡាយ​ជម្រៅ​មួយ​ម៉ែត​តាមព្រៃ និង​ថ្ម ។ ទីបំផុត​ថ្ងៃ​ដ៏​អំណរ​បាន​មកដល់ នៅពេល​ទឹក​ស្អាត​មាន​សម្រាប់​មនុស្ស​គ្រប់រូប​នៅក្នុងភូមិនោះ ដោយសារតែ​ការ​ធ្វើការ​ជាមួយគ្នា ។

រូបភាព
ការ​ទូល​ទឹក

សាសនាចក្រ​ក៏​ជួយ​ជនភៀសខ្លួន​ផងដែរ មិន​ថា​ពួកគេ​មកពី​ជម្លោះស៊ីវិល គ្រោះធម្មជាតិ ឬ​ការបៀតបៀន​ខាង​សាសនា​នោះទេ ។ មាន​មនុស្ស​ច្រើន​ជាង​៧០ លាន​នាក់ ឥឡូវនេះ​ពុំ​អាច​រស់នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​បានទេ ។

រូបភាព
ការងារបម្រើដល់ជនភៀសខ្លួន

តែ​ក្នុង​ឆ្នាំ ២០១៨ សាសនាចក្រ​បាន​ផ្ដល់​សម្ភារ​សង្គ្រោះ​បន្ទាន់​ដល់​ជនភៀសខ្លួន​ចំនួន ៥៦ ប្រទេស ។ បន្ថែម​ពី​លើ​នោះ សមាជិក​សាសនាចក្រ​ជាច្រើន​ស្ម័គ្រចិត្ត​ចំណាយពេល​វេលា​របស់ពួកគេ​ដើម្បី​ជួយ​ជនភៀសខ្លួន​​ចូល​ចុះ​ក្នុង​សហគមន៍​ថ្មី ។ យើង​អរគុណ​មនុស្ស​គ្រប់រូប​ដែល​បាន​ឈោងទៅ​ជួយ​អ្នក​ទាំងឡាយ​ដែល​ព្យាយាមសង់​ផ្ទះថ្មី ។

រូបភាព
ការ​ចែក​ចាយ​សម្លៀក​បំពាក់

តាមរយៈ​ការ​បរិច្ចាគ​ដោយ​សប្បុរស​ទៅកាន់​ហាង​ឧស្សាហកម្ម​ដេសេរ៉ែត​នៅ​សហរដ្ឋ​អាមេរិក នោះ​សម្លៀកបំពាក់ជា​ច្រើន​លាន​តោន​ត្រូវ​បាន​ប្រមូលផ្ដុំ និងស្តុកទុក​ជា​រៀងរាល់ឆ្នាំ ។ ខណៈ​ដែល​ប៊ីស្សព​ប្រើ​ស្ដុក​ដ៏ធំ​នេះ​ដើម្បី​ជួយ​សមាជិក​ខ្វះខាត នោះ​ចំណែក ដ៏​ធំបំផុត គឺត្រូវ​បាន​បរិច្ចាគ​ទៅកាន់​អង្គការ​សប្បុរសធម៌​ដទៃទៀត​ដែល​ចែកចាយ​សម្ភារ​ទៅកាន់ពិភពលោកទាំងមូល ។

កាល​ពី​ឆ្នាំ​មុន សាសនាចក្រ​បាន​ផ្ដល់​ការ​ថែទាំភ្នែក​សម្រាប់​ប្រជាជន​ជាង ៣០០,០០០ នាក់​នៅក្នុង​ប្រទេស​ចំនួន ៣៥ ប្រទេស និង​ការ​មើលថែទារកទើបកើត​សម្រាប់​មាតា​រាប់ពាន់នាក់ និង​ទារកនៅ​ក្នុងប្រទេស​ចំនួន ៣៩ ប្រទេស និង​រទេះជនពិការ​ច្រើនជាង ៥០,០០០ នាក់​ដែល​រស់នៅ​ក្នុង​ប្រទេស​ជាច្រើន ។

សាសនាចក្រ​ត្រូវ​បាន​គេស្គាល់​ថា ជា​អ្នក​ឆ្លើយតប​មុនគេ​នៅពេល​មាន​បញ្ហាសោកនាដកម្ម ។ សូម្បីពីមុនព្យុះវាយ​ប្រហារ ថ្នាក់​​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ និង​បុគ្គលិក​នៅ​ទីតាំង​ដែល​រងគ្រោះ បាន​រៀបចំ​ផែនការ​អំពី​របៀប​ដែល​ពួកគេ​នឹង​ដឹកជញ្ជូន​សម្ភារ​ជួយ​សង្គ្រោះ និង​ជំនួយ​អ្នក​ស្ម័គ្រចិត្ត​ទៅកាន់ជនរង​គ្រោះ ។

រូបភាព
ការ​បំរើ​ជា​មួយ​នឹង​ដៃ​ជំនួយ

កាល​ពី​ឆ្នាំ​មុនប៉ុណ្ណោះ សាសនាចក្រ​បាន​អនុវត្ត​គម្រោង​ច្រើនជាង ១០០ គម្រោង​ដើម្បី​ជួយ​សង្គ្រោះ​ពីគ្រោះធម្មជាតិ​នៅជុំវិញពិភពលោក ការជួយ​ដល់​ជនរងគ្រោះ​ពី​ព្យុះ អគ្គិសភ័យ ទឹកជំនន់ រញ្ជួយដី និង​គ្រោះធម្មជាតិ​ដទៃទៀត ។ នៅពេល​ណា​ដែល​អាច​ធ្វើ​ទៅបាន សមាជិក​សាសនាចក្រជា​ច្រើន​របស់​យើង​នឹង​ពាក់​អាវ​កាក់​ពណ៌លឿង​ដៃជំនួយ​ ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ។ ការបម្រើ​ដោយ​សន្ដានចិត្តល្អ​ ដែល​ផ្ដល់​ឲ្យ​ដោយ​បងប្អូន​យើង​ជាច្រើនេះ គឺ​សំខាន់ណាស់​នៅក្នុងការងារ​បម្រើ ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់របស់ខ្ញុំ សកម្មភាព​ដែល​ខ្ញុំ​បាន​ពិពណ៌នា​គឺគ្រាន់តែ​ជា​ចំណែក​តូចមួយ​នៃ​ការរីកចម្រើន​នៃ​សុខុមាលភាព និង​សប្បុរសធម៌​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយប៉ុណ្ណោះ ។១០ ហើយ អ្នក គឺជា​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​អ្វីៗ​ទាំងអស់​កើតមានឡើងបាន ។ ដោយសារ​តែ​ជីវិត​ជា​គំរូ​របស់អ្នក ដួងចិត្ត​សប្បុរស​របស់អ្នក និង​ដៃជំនួយ​របស់អ្នក វាពុំគួរ​ងឿង​ឆ្ងល់​ទេថា សហគមន៍​ជាច្រើន និងថ្នាក់ដឹកនាំ​រដ្ឋាភិបាល កោតសរសើរ​ដល់​កិច្ចខិតខំ​របស់​អ្នក ។១១

ចាប់តាំង​ពីក្លាយជា​ប្រធាន​នៃ​សាសនាចក្រ​មក ខ្ញុំ​មាន​ការ​ស្ងើចសរសើរ​ចំពោះ​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​អគ្គរាជទូត​ជាច្រើន​បាន​ថ្លែង​អំណរគុណ​ដោយ​ស្មោះ​ចំពោះ​ខ្ញុំ​សម្រាប់​ជំនួយ​សប្បុរសធម៌​ទៅ​ដល់​ប្រជាជន​លោក ។ ហើយ​លោក​បាន​ថ្លែង​ការ​ដឹងគុណ​ចំពោះ​កម្លាំង​ដែលសមាជិក​ស្មោះត្រង់​របស់​យើង​បាន​នាំ​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ពួក​លោក ជា​ប្រជាពលរដ្ឋ​មាន​ភក្ដីភាព និង​មានការ​បរិច្ចាគ ។

ខ្ញុំ​ក៏​ស្ងើចសរសើរ​ផងដែរ​ដល់​ថ្នាក់ដឹកនាំ​លើ​ពិភពលោក​ដែលបាន​ទៅ​ជួប​គណៈប្រធានទីមួយ ដើម្បី​សម្ដែង​នូវក្ដីសង្ឃឹម​របស់​ពួកលោក ចំពោះ​សាសនាចក្រ​ដែលបាន​ស្ថាបនា​នៅលើ​ទឹកដី​ពួកលោកនោះ ។ ហេតុអ្វី ? ដោយសារ​ពួកគេ​បាន​ដឹង​ថា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នឹង​ជួយ​ស្ថាបនាគ្រួសារ​និង​សហគមន៍​រឹងមាំ ធ្វើ​ឲ្យជីវិត​បាន​ល្អប្រសើរ​ចំពោះ​អ្នកដទៃ គ្រប់កន្លែង ដែល​ពួកគេ​រស់នៅ ។

មិន​ថា​យើង​រស់នៅទីណា សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​មានអារម្មណ៍​មេត្តាករុណា​អំពី​ភាពជាបិតា​នៃ ព្រះ និង​ភារតភាព​នៃ​មនុស្ស ។ ដូច្នេះ​អំណរ​ដ៏​មហិមាបំផុត​របស់​យើង កើត​មាន​នៅពេល​យើង​ជួយ​បងប្អូន​ប្រុសស្រី​របស់​យើង មិន​ថា​យើង​រស់នៅកន្លែងណា​នៅក្នុងពិភពលោក​ដ៏​ស្រស់ស្អាត​នេះ ។

ការ​ផ្ដល់​ជំនួយ​ដល់​មនុស្ស​ដទៃ— ការ​ខិតខំ​ប្រកប​ដោយ​មនសិកា​ដើម្បី​មើលថែ​អ្នកដទៃឲ្យ​បាន​ច្រើន ឬ ច្រើនជាង ដែល​យើង​អាច​មើលថែ​ខ្លួនឯង— គឺ​ជា​អំណរ​របស់​យើង ។ ជាពិសេស​ ខ្ញុំ​អាច​បន្ថែម​ថា នៅពេល​វា​ពុំ​ងាយស្រួល ហើយ​នៅ​ពេល​យើង​ចេញ​ពីភាព​ងាយ​ស្រួល​របស់​យើង ។ការរស់នៅ តាមបទបញ្ញត្តិ​ធំទីពីរ ជាគន្លឹះ ដើម្បី​ប្រែក្លាយជា​សិស្ស​ពិត​របស​ព្រះយេស៊ូវគ្រីស្ទ ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ អ្នក​កំពុង​រស់នៅ​ជា​គំរូ​នៃ​ផលផ្លែ​ដែល​កើត​ចេញ​មកពី​ការ​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំសូម​​អរគុណ ! ខ្ញុំ​​ស្រឡាញ់បងប្អូន !

ខ្ញុំ​ដឹង​ថា ព្រះ​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ សាសនាចក្រ​របស់​ទ្រង់​ត្រូវ​បាន​ស្ដារ​ឡើងវិញ​នៅ​ថ្ងៃ​ចុង​ក្រោយនេះ​ដើម្បី​បំពេញ​តាម​គោលបំណង​ដ៏​ទេវភាព​របស់​សាសនាចក្រ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល មរ៉ូណៃ ៧:៤៨ ។

  2. សូមមើល ម៉ាថាយ ២២:៣៧-៣៩, លូកា ១០:២៧ ។

  3. ម៉ូសាយ ១៨:៨–៩ ។

  4. សូមមើល អេសាយ ៥៨:៣–១២ ។

  5. នៅក្នុង​ប្រវត្តិសាសនាចក្រ​ជំនាន់​មុន អ្នកត្រួសត្រាយផ្លូវ​ដ៏ក្លាហាន ក៏​ស្រេកឃ្លាន គ្មានជម្រក និង​ទុក្ខព្រួយ​ផងដែរ ។

  6. ចោទិយកថា ១៥:១១ ។

  7. ម៉ាថាយ ២៥:៣៥-៣៦, ៤០ ។

  8. សូមមើល Food and Agriculture Organization of the United Nations and others, The State of Food Security and Nutrition in the World 2019, 6, fao.org/3/ca5162en/ca5162en.pdf ។

  9. សូមមើល « Worldwide Displacement Tops 70 Million, UN Refugee Chief Urges Greater Solidarity in Response,» United Nations High Commissioner for serve.org website, June 19, 2019, unhcr.org/en-us ។

  10. សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ការ​ខិតខំ​ផ្នែក​មនុស្ស​ធម៌​របស់​សាសនាចក្រ សូម​មើល ChurchofJesusChrist.org/topics/welfare; LatterDaySaintCharities.org; facebook.com/LatterDaySaintCharities; JustServe.org ។

  11. « ផ្លូវ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដែល​យើង​នឹង​ធ្វើ នឹង​ជា​សេចក្ដី​ល្អ​របស់​ជីវិត និង​គំរូ​យើង​ផ្ទាល់ » ( ហ្គ័រដិន ប៊ី ហ៊ិងគ្លី « Find the Lambs, Feed the Sheep» Liahona ខែ​កក្កដា ឆ្នាំ​១៩៩៩ ទំព័រ ១២១ ) ។