ឆ្នាំ ២០១០-២០១៩
អំណាច​ដើម្បី​យក​ឈ្នះ​មារសត្រូវ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


អំណាច​ដើម្បី​យក​ឈ្នះ​មារសត្រូវ

តើ​ស្វែង​រក​សេចក្ដីសុខសាន្ត​ ចងចាំ​ថា​យើង​ជា​នរណា ហើយ​យក​ឈ្នះ​លើ​សកម្មភាព​ទាំង​បី​របស់មារសត្រូវតាម​របៀបណា ?

បងប្អូន​ប្រុស​ស្រី សូម​អរគុណ​នូវ​អ្វីៗ​ដែល​បងប្អូន​បាន​ធ្វើ​ដើម្បី​ប្រែ​ក្លាយ ហើយ​ជួយ​មនុស្ស​ដទៃ​ឲ្យ​ប្រែ​ក្លាយ​ជា​ពួក​អ្នកដើរ​តាម​ដ៏​ពិត​រ​បស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​រីករាយ​នឹង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ សូម​អរគុណ​ចំពោះ​សេចក្ដី​ល្អ​របស់​បងប្អូន ។ បងប្អូន​អស្ចារ្យ បងប្អូន​ពិត​ជាស្រស់​ស្អាត​ណាស់ ។

ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​នឹង​ស្គាល់​ពី​ព្រះចេស្ដា​នៃ​ការ​បញ្ជាក់របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​យើង​យល់​យ៉ាង​ពេញ​លេញ​ថា យើង​គឺជា​បុត្រា​បុត្រី​របស់​ព្រះ ។ « ក្រុម​គ្រួសារ–ការប្រកាស​ដល់​ពិភពលោក » ​ចែង​ថា « មនុស្ស​ទាំងអស់—ទាំងប្រុស​ទាំងស្រី—ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃ​ព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​មាតា​បិតា​សួគ៌ ដូច្នេះ​ហើយ មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ » ។ យើង​គឺជា​ « ​ពួក​វិញ្ញាណ​ជម្រើសៗ​ឯ​ទៀត ដែល​បាន​ករក្សាទុក​ឲ្យ​មក​នៅ​ពេល​ពេញ​កំណត់ ដើម្បី​ចូល​រួម​ក្នុង​ការ​ដាក់គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ​នៅ​ថ្ងៃ​ចុង​ក្រោយ » ។ ប្រធាន រ័សុល អិម ណិលសុន​ បាន​ប្រកាស​ថា « បងប្អូន​​ត្រូវបាន​បង្រៀន​នៅ​ឯ​ពិភព​វិញ្ញាណ ដើម្បី​ត្រៀមខ្លួន​សម្រាប់​អ្វីៗ​ដែលបងប្អូននឹង​ជួប​ប្រទះ​អំឡុង​សម័យ​ចុង​បង្អស់​នៅ​ថ្ងៃ​ចុងក្រោយ​នេះ (សូមមើល គ.&ស. ១៣៨:៥៦) ។ ការបង្រៀន​នោះ​ស្ថិតស្ថេរ​នៅ​ជាមួយ​បងប្អូន » ។​

បងប្អូន​​គឺ​ជា​បុត្រាបុត្រីជម្រើស​របស់​ព្រះ ។ បងប្អូន​មាន​អំណាច​ដើម្បី​យក​ឆ្នះ​លើ​មារសត្រូវ ។ ប៉ុន្តែ​មារសត្រូវ​ដឹង​ថាបងប្អូន​ជា​នរណា ។ វា​ដឹង​ពី​មរតក​ដ៏​ទេវភាព​របស់​បងប្អូន ហើយ​ខិតខំ​កំណត់​សក្ដានុពល​របស់​បងប្អូន​តាមរយៈ​ការ​ប្រើ​សកម្ម​ទាំង​បី​ដូច​តទៅ​នេះ ៖

  • សេចក្ដីបំភាន់

  • ការ​អូស​ទាញ

  • ការបំបាក់​ទឹកចិត្ត

សេចក្ដីបំភាន់

មារសត្រូវ​បាន​បើ​ឧបករណ៍​នៃ​សេចក្ដី​បំភាន់​នៅ​ជំនាន់​របស់​ម៉ូសេ ។ ព្រះអម្ចាស់​បាន​ប្រកាស​ទៅ​ម៉ូសេ​ថា

« មើល​ចុះ អ្នក​ជា​បុត្រ​របស់​យើង ។…

« ហើយ​យើង​មាន​កិច្ចការ​សម្រាប់​អ្នក …ហើយ​អ្នក​នៅ​ក្នុង​រូប​​ដូច​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង » ។

រំពេច​ក្រោយ​មក ​បន្ទាប់​ពី​ការ​និមិត្ត​ដ៏​រុង​រឿង​នេះ សាតាំង​បាន​ព្យាយាម​​បំភាន់​ម៉ូសេ ។ ពាក្យ​ដែល​វា​បាន​ប្រើ​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍ណាស់ ៖ « ម៉ូសេ ជា​កូន​មនុស្ស​អើយ ចូរ​ថ្វាយ​បង្គំ​យើង » ។ សេចក្ដី​បំភាន់​ពុំ​មែន​គ្រាន់​តែ​មាន​នៅ​ក្នុង​ការ​អញ្ជើញ​ឲ្យ​ថ្វាយ​បង្គំ​សាតាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​នៅ​ក្នុង​របៀប​ដែល​វា​បាន​រៀបរាប់ថា​ម៉ូសេ ជា​កូន​មនុស្ស​ផង​ដែរ ។ សូម​ចាំ​ថា ព្រះអម្ចាស់​ទើ​ប​តែ​មា​នបន្ទូល​ប្រាប់​ម៉ូសេ​ថា លោក​គឺជា​បុត្រា​របស់​ព្រះ ដែល​បាន​បង្កើត​នៅ​ក្នុង​រូប​​ដូច​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ ។

មារសត្រូវ​បាន​ព្យាយាម​ឥត​ឈប់​ឈរ​ដើម្បី​បំភាន់​ម៉ូសេ ប៉ុន្តែ​ម៉ូសេបាន​ជម្នះ ដោយ​ពោល​ថា « ៖ នែ៎​សាតាំង ចូរ​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ត្បិត​ខ្ញុំ​នឹង​ថ្វាយ​បង្គំ​ដល់​ព្រះ​តែ​មួយ​អង្គ​ប៉ុណ្ណោះ គឺជា​ព្រះ​នៃ​សិរី​ល្អ » ។ ម៉ូសេ​បាន​ចាំ​ថាលោក​ជា​នរណា—គឺជា​បុត្រា​របស់​ព្រះ ។

បន្ទូល​របស់​ព្រះអម្ចាស់​ទៅ​ម៉ូសេ​អនុវត្ត​ចំពោះ​បងប្អូន និង​រូបខ្ញុំ ។ យើង​ត្រូវ​បាន​បង្កើត​តាម​រូប​​របស់​ព្រះ ហើយ​ទ្រង់​មាន​កិច្ចការ​ឲ្យ​យើង​ធ្វើ ។ មារសត្រូវ​ព្យាយាម​បំភាន់ ដោយ​ធ្វើ​ឲ្យ​យើង​បំភ្លេចថា​យើង​ជានរណា​ពិត​ប្រាកដ ។ បើ​យើង​ពុំ​យល់​ថាយើង​ជានរណា នោះ​វា​ពិបាក​ក្នុង​ការ​ស្គាល់ពី​អ្វី​ដែល​យើង​អាច​ប្រែ​ក្លាយ​ណាស់ ។

ការ​អូស​ទាញ

មារសត្រូវ​ក៏​ព្យាយាម​អូសទាញ​យើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​ព្រះគ្រីស្ទ និង​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​រ​បស់​ទ្រង់​ផង​ដែរ ។ អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​ចែកចាយ​ដូច​តទៅ​នេះ​ថា « ខណៈ​ពេល​ដែលព្រះ​អម្ចាស់​សព្វ​ព្រះទ័យ​បំភ្លឺ ហើយរក្សាយើងក្នុង​កិច្ចការទ្រង់ នោះ​បច្ចាមិត្ត​គ្រោង​ផែនការ​ដើម្បី​បំភាន់​យើងពីសាក្សី​ខាងវិញ្ញាណ » ។

នៅ​ជំនាន់​របស់​យើង មាន​ការ​អូសទាញ​ជាច្រើន រួម​មាន Twitter, Facebook, ហ្គេម​លើ​អ៊ិនធើរណែត និង​ច្រើន​ទៀត ។ ការ​ជឿនលឿន​ខាង​បច្ចេកវិទ្យា​ទាំង​នេះ​គឺ​អស្ចារ្យ​ណាស់ ប៉ុន្តែ​បើ​យើង​ពុំ​ប្រុង​ប្រយ័ត្ន វា​អាច​អូសទាញ​យើង​ចេញ​ពី​ការ​បំពេញ​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង​បាន ។ ការ​ប្រើប្រាស់​វា​ដោយ​សមរម្យ​អាច​នាំ​មក​នូវ​អំណាច​នៃ​ស្ថានសួគ៌ ហើយ​អនុញ្ញាត​ឲ្យ​យើង​ឃើញ​អព្ភូតហេតុ ពេល​យើង​ខិតខំ​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែលដែល​ខ្ចាត់​ព្រាត់​នៅ​ផ្នែក​ទាំង​សងខាង​នៃ​វាំង​នន ។

ចូរ​យើង​ប្រុងប្រយ័ត្ន ហើយ​​ពុំ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​យើងដោយព្រងើយកន្តើយ​ឡើយ ។ សូម​ស្វែង​រក​ជា​បន្ត​បន្ទាប់​នូវ​វិធី​ដែល​បច្ចេកវិទ្យា​អាច​នាំ​យើង​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ ហើយ​អនុញ្ញាត​ឲ្យ​យើង​សម្រេច​កិច្ចការ​របស់​ទ្រង់ ពេល​យើង​រៀបចំខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

ការបំបាក់​ទឹកចិត្ត

ចំណុច​ចុង​ក្រោយ មារសត្រូវ​មានបំណង​ចង់​ឲ្យ​យើង​បាក់​ទឹក​ចិត្ត ។ យើង​អាច​នឹង​មាន​ការ​បាក់ទឹក​ចិត្ត ពេល​យើង​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​មនុស្ស​ដទៃ ឬ​មាន​អារម្មណ៍​ថា យើង​ពុំ​បាន​បំពេញ​តាម​ការ​រំពឹង​ទុកនានា រួម​ទាំង​ការ​រំពឹង​ទុក​របស់​យើង​ផ្ទាល់​ផង​ដែរ ។

ពេល​ខ្ញុំ​បាន​ចាប់ផ្ដើម​កម្មវិធី​ថ្នាក់​បណ្ឌិត​របស់​ខ្ញុំ ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត ។ កម្មវិធី​នេះ​បាន​ទទួល​យក​តែ​និស្សិត​បួនរូប​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នោះ ហើយ​និស្សិត​ផ្សេង​ទៀតសុទ្ធ​តែ​មាន​សមត្ថភាព​អស្ចារ្យ ។ ពួកគេ​មាន​ពិន្ទុ​ប្រឡង​ប្រសើរខ្ពស់ ហើយ​មាន​បទពិសោធន៍​ការ​ងារ​ច្រើន​នៅ​ក្នុង​មុខ​តំណែង​គ្រប់​គ្រង​ជាន់​ខ្ពស់ ហើយ​ពួកគេ​បាន​ជឿ​ជាក់​យ៉ាង​ខ្លាំង​លើ​សមត្ថភាព​របស់​ខ្លួន ។ បន្ទាប់​ពី​ខ្ញុំ​ចូល​រួម​កម្មវិធី​នោះ​បាន​ពីរ​សប្ដាហ៍ អារម្មណ៍​នៃ​ការ​បាក់​ទឹក​ចិត្ត និង​ការ​សង្ស័យ​បាន​ចាប់ផ្ដើម​មាន​កាន់​តែ​ខ្លាំង ស្ទើរ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ថប់​បារម្ភ ។

ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា បើ​ខ្ញុំ​ចង់​បញ្ចប់​កម្មវិធី​នេះ​រយៈពេល​បួន​ឆ្នាំ ខ្ញុំ​នឹងបញ្ចប់​ការ​អាន​ព្រះគម្ពីរ​មរមន​រៀងរាល់​ឆមាស ។ ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​នោះ​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​បាន​ស្គាល់​ពី​ការ​ប្រកាស​រ​បស់​ព្រះអង្គ​សង្គ្រោះ​ថា ព្រះវិញ្ញាណ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​ខ្ញុំ​គ្រប់សេចក្ដី ហើយ​នឹង​រំឭក​ខ្ញុំ​ពី​គ្រប់​ទាំង​សេចក្ដី ។ ខ្ញុំ​បាន​ទទួល​ការ​បញ្ជាក់​ជា​ថ្មី​ថាខ្ញុំ​ជានរណា ជា​បុត្រា​របស់​ព្រះ វា​បាន​រំឭក​ខ្ញុំ​កុំ​ឲ្យ​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​មនុស្ស​ដទៃ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​លើ​តួនាទី​ដ៏​ទេវភាព​របស់​ខ្ញុំ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ ។១០

មិត្ត​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​កុំ​បណ្ដោយ​ឲ្យ​នរណា​ម្នាក់​លួច​យក​សុភមង្គល​របស់​បងប្អូន​ឲ្យ​សោះ ។ សូម​កុំ​ប្រៀបធៀប​ខ្លួន​ឯង​ទៅនឹងមនុស្ស​ដទៃទៀត ។ សូម​ចាំ​ពី​បន្ទូល​គួរ​ឲ្យ​ស្រឡាញ់​​របស់​ព្រះអម្ចាស់ថា « ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូចជា​លោកិយ​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភឬ​ភ័យ​ឡើយ » ។​១១

ដូច្នេះ​តើយើងធ្វើវាយ៉ាងដូចម្តេចទៅ ? តើ​ស្វែង​រក​សេចក្ដីសុខសាន្ត​នេះ ចងចាំ​ថា​យើង​ជា​នរណា ហើយ​យក​ឈ្នះ​លើ​សកម្មភាព​ទាំង​បី​របស់មារសត្រូវតាម​របៀបណា ?

ទីមួយ សូម​ចាំ​ថា បទបញ្ញត្តិ​ដ៏​ធំ​ទីមួយគឺ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ដួង​​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង ។១២ អ្វី​ៗ​ដែល​យើង​ធ្វើ​គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ដោយ​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ និង​ចំពោះ​ព្រះរាជ​បុត្រា​របស់​ទ្រង់ ។ ពេល​យើង​អភិវឌ្ឍ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ពួក​ទ្រង់ ដោយ​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ នោះ​សមត្ថភាព​របស់​យើង​ដើម្បី​ស្រឡាញ់​ខ្លួនឯង និង​មនុស្ស​ដទៃនឹង​កើន​ឡើង ។ យើង​នឹង​ចាប់ផ្ដើម​បម្រើគ្រួសារ មិត្តភក្ដិ និង​អ្នក​ជិត​ខាង ដោយសារយើង​នឹង​មើល​ឃើញ​ពួកគេ​ ដូចជា​ព្រះអង្គ​សង្គ្រោះទត​ឃើញ​ពួកគេ—ជាបុត្រា​បុត្រី​របស់​ព្រះ ។១៣

ទីពីរ សូម​អធិស្ឋានទៅកាន់​ព្រះវរបិតា​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​រៀង​រាល់ថ្ងៃ ។១៤ តាមរយៈការ​អធិស្ឋាន​នោះ​ហើយ ទើប​យើង​អាច​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។ តាមរយៈ​ការ​អធិស្ឋាន យើង​បង្ហាញ​ការ​ដឹងគុណ ហើយ​ទូល​សូម​កម្លាំង និង​ភាព​ក្លាហាន​ដើម្បី​ចុះចូល​ឆន្ទៈ​របស់​យើង​តាម​ព្រះទ័យ​របស់​ទ្រង់ ព្រមទាំង​បាន​ដឹកនាំ ហើយ​ណែនាំ​នៅ​គ្រប់​សេចក្ដី ។

ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​បងប្អូន​ឲ្យ « អធិស្ឋានដល់​ព្រះ​វរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ… ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ក្លាយ​ទៅ​ជា​បុត្រា [ និង​បុត្រី ] ​ព្រះ ដើម្បី​កាលណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់​គ្នា​នឹង​​បានដូច​ជា​ទ្រង់ » ។១៥

ទីបី សូម​អាន ហើយ​សិក្សា​ព្រះគម្ពីរ​មរមន​រៀង​រាល់ថ្ងៃ ។១៦ ការ​សិក្សា​ព្រះគម្ពីរមរមន​របស់​ខ្ញុំ​មាន​ភាព​ប្រសើរ​ឡើង ពេល​ខ្ញុំ​អាន​ដោយ​មាន​សំណួរមួយ​នៅ​ក្នុង​ចិត្ត ។ ពេល​យើង​អាន​ដោយ​មាន​សំណួរ​មួយ យើង​អាច​ទទួល​វិវរណៈ ហើយ​ដឹង​ថា ព្យាការី យ៉ូសែប ស៊្មីធ បាន​ថ្លែង​ពីសេចក្ដីពិត ពេល​លោក​បា​នប្រកាស​ថា « ព្រះគម្ពីរមរមន [គឺ​ជា]​ គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅ​លើ​ផែនដី​នេះ… ហើយ [បុរស​ម្នាក់ ឬ​ស្ត្រី​ម្នាក់​នឹង]​ អាច​ចូល​ទៅ​ជិត​ព្រះ​បាន ដោយសារ​ធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ ជាជាង​គម្ពីរ​ដទៃ​ទាំងអស់ » ។១៧ ព្រះគម្ពីរ​មរមន​មាន​នូវ​បន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​ជួយ​យើង​ឲ្យ​ចាំ​ថា​យើង​ជា​នរណា ។

ជា​ចុង​ក្រោយ សូម​ទទួល​ទាន​សាក្រាម៉ង់​រៀងរាល់​សប្ដាហ៍​ប្រកប​ដោយ​ការ​អធិស្ឋាន ។ តាមរយៈ​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាពទាំង​នេះ​ហើយ រួម​ទាំងពិធី​សាក្រាម៉ង់​ដែរ​ ទើបអំណាច​នៃ​ព្រះ​ត្រូវបាន​បើកបង្ហាញ​នៅក្នុង​ជីវិត​របស់​យើង ។១៨ អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា « ពិធីបរិសុទ្ធនៃ​សាក្រាម៉ង់ គឺជា​ការ​អញ្ជើញ​ដ៏​ពិសិដ្ឋ និង ដដែលៗឲ្យប្រែចិត្តដោយ​ស្មោះ និង រំឭកជាថ្មីខាងវិញ្ញាណ ។ ទង្វើនៃការទទួលទានសាក្រាម៉ង់ផ្ទាល់ ពុំបានផ្ដាច់បាបទេ ។ ប៉ុន្តែនៅពេលយើងរៀបចំដោយយកចិត្តទុកដាក់ និង​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​នេះ​ដោយដួងចិត្តសង្រេង និងវិញ្ញាណ​ទន់ទាប នោះការសន្យានឹងមានចំពោះយើងថា យើង​អាច​មាន​ព្រះវិញ្ញាណព្រះអម្ចាស់គង់នៅជាមួយយើងជានិច្ច១៩

ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ចិត្ត​រាបសា នោះ​យើង​ចាំ​ពី​ការ​រងទុក្ខ​របស់​ព្រះយេស៊ូវ​​នៅ​ក្នុង​សួន​ច្បារ​ពិសិដ្ឋ​នោះ​ ដែល​ហៅ​ថា គែតសាម៉ានី និង​ពលិកម្ម​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង ។ យើង​បង្ហាញ​អំណរគុណ​ចំពោះ​ព្រះវរបិតា​សម្រាប់​ការ​បញ្ជូន​ព្រះរាជបុត្រាស្ងួន​ភ្ងា​របស់​ទ្រង់ ជាព្រះដ៏​ប្រោស​លោះ​របស់​យើង​ ហើយ​បង្ហាញ​ពី​ឆន្ទៈ​របស់​យើង​ដើម្បី​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​ចងចាំ​ទ្រង់​ជានិច្ច ។២០ ពិធី​សាក្រាម៉ង់​មាន​នូវ​ការ​បំភ្លឺ​ខាង​វិញ្ញាណមួយ—វា​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន វា​មាន​អនុភាព ហើយ​វា​ត្រូវការ​ជា​ចាំបាច់ ។

មិត្ត​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​សន្យា​ថា ពេល​យើង​ខិតខំ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត​របស់​យើង អធិស្ឋាន​ក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ សិក្សា​ព្រះគម្ពីរ​មរមន ហើយ​ទទួល​ទាន​សាក្រាម៉ង់​ប្រកបដោយ​ការ​អធិស្ឋាន យើង​នឹង​មាន​សមត្ថភាព ដោយ​មាន​កម្លាំង​របស់​ព្រះអម្ចាស់ ដើម្បី​យក​ឈ្នះ​លើ​ការ​អនុវត្ត​ដែលបំភាន់​របស់​មារ​សត្រូវ កាត់បន្ថយ​ការ​អូសទាស​ដែល​កំណត់​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង ហើយ​តតាំង​នឹង​ការ​បាក់​ទឹក​ចិត្តដែល​ធ្វើ​ឲ្យ​សមត្ថភាព​របស់​យើងដើម្បី​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះរាជ​បុត្រា​របស់​ទ្រង់​​ចុះ​ថយ ។ យើង​នឹង​យល់ដឹងយ៉ាង​ពេញ​លេញថា​យើង​ជានរណា ជា​បុត្រា​បុត្រី​របស់​ព្រះ ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ចែកចាយ​នឹង​បងប្អូន​នូវ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ហើយ​ប្រកាស​ពី​សាក្សី​របស់​ខ្ញុំចំពោះ​បងប្អូន​​ថា ខ្ញុំ​ដឹង​ថា ព្រះវរបិតា​សួគ៌​មាន​ព្រះជន្ម​រស់ ហើយ​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ ខ្ញុំ​ស្រឡាញ់ពួក​ទ្រង់ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយគឺ​ជា​នគរ​ព្រះនៅ​លើ​ផែនដី​នេះ ។ យើងមានកិច្ចការ​ដ៏​ទេវភាពមួយ​ដើម្បី​រៀបចំ​ពិភពលោក​នេះ​សម្រាប់ការ​យាងមក​ជាលើក​ទីពីរ​របស់​ព្រះមែស៊ី ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។