ឆ្នាំ ២០១០-២០១៩
គោរព​ដល់​ព្រះនាម​ទ្រង់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


គោរព​ដល់​ព្រះនាម​ទ្រង់

ហេតុដូច្នេះ ជាមួយ​អត្តសញ្ញាណ និង​កម្មសិទ្ធិ​នៃ​សេចក្ដី​សញ្ញា យើង​ត្រូវបាន​ហៅ​តាម​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

កាល​ឪពុក​ម្ដាយ​រង់ចាំ​កំណើត​កូន​ម្នាក់​ដោយ​ក្ដី​រំភើប ពួកគេ​ទទួល​ខុសត្រូវ​លើ​ការជ្រើសរើស​ឈ្មោះ​មួយ​សម្រាប់​ទារក​ថ្មី​របស់​គេ​នោះ ។ ប្រហែល​ពេល​បងប្អូន​កើត​មក បងប្អូន​បាន​ទទួល​ឈ្មោះ​មួយ ដែល​បន្ដ​ក្នុង​គ្រួសារ​របស់​បងប្អូន​រាប់​ជំនាន់​មក ។ ឬ​ប្រហែល​ឈ្មោះ​ដែល​បងប្អូន​ទទួល​នោះ​ល្បីល្បាញ​នៅ​ឆ្នាំ ឬ​តំបន់​ដែល​បងប្អូន​កើត​នោះ ។

ព្យាការី​ហេលេមិន និង​ភរិយា​របស់​លោក​ដាក់​ឈ្មោះ​គ្រួសារ​ដ៏​មាន​អត្ថន័យ​ដល់​កូនប្រុស​គាត់​ថា នីហ្វៃ និង​លីហៃ ។ ហេលេមិន​បាន​ប្រាប់​កូនប្រុស​របស់​លោក​ក្រោយមក​ថា ៖

« ឪពុក​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​តាម​ឈ្មោះ​ពួក​ឪពុក​ដើម​របស់​យើង … ដើម្បី​កាលណា​កូន​ចាំ​ឈ្មោះ​របស់​កូន នោះ​កូន​អាច​នឹកចាំ​ដល់​ពួកគេ ហើយ​កាលណា​កូន​នឹកចាំ​ដល់​ពួកគេ នោះ​កូន​អាច​នឹកចាំ​ដល់​កិច្ចការ​ទាំងឡាយ​របស់គេ … ដែល​បាន​និយាយ ហើយ​បាន​សរសេរ​ទុកមក​ផង​ថា ជា​ការល្អ ។

ហេតុ​ដូច្នេះ​ហើយ ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ ឪពុក​ចង់​ឲ្យ​កូន​ធ្វើ​នូវ​អ្វីៗ ដែល​ជា​ការ​ល្អ » ។

ឈ្មោះ​របស់​នីហ្វៃ និង​លីហៃ​បាន​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ដល់​ការល្អ​របស់​បុព្វបុរស​គេ ហើយ​លើក​ទឹកចិត្ត​គេ​ឲ្យ​ធ្វើ​ល្អ​ផង​ដែរ ។

បងប្អូន​ស្រី មិន​ថា​យើង​រស់នៅ​ទីណា និយាយ​ភាសា​អ្វី ឬ​ថា​យើង​អាយុ ៨ ឆ្នាំ ឬ ១០៨ ឆ្នាំ​ទេ យើង​មាន​ឈ្មោះ​ដ៏​ពិសេស​មួយ ដែល​មាន​គោលបំណង​ដូចគ្នា​នេះ ។

« ព្រោះ​អស់ [ យើង ] ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ … ពី​ព្រោះ [ យើង ] ទាំងអស់​រួមមក​តែមួយ នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ » ។

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ « ដំបូង យើង​សន្យា​ដោយ​ឆន្ទៈ​យើង​ថា នឹង​លើក​ដាក់​មក​ខ្លួនយើង​នូវ​ព្រះនាម​របស់​ព្រះគ្រីស្ទ …តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជ​ទឹក » ។ តាមរយៈ​សេចក្ដី​សញ្ញា​នេះ យើង​សន្យា​ថា​នឹង​ចងចាំ​ដល់​ទ្រង់​ជានិច្ច កាន់តាម​បទបញ្ញត្តិ​របស់​ទ្រង់ និង​បម្រើ​មនុស្ស​ដទៃ ។ ឆន្ទៈ​របស់​យើង​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​នេះ ត្រូវបាន​រំឭក​រាល់​ថ្ងៃ​ឈប់​សម្រាក ពេល​យើង​ទទួលទាន​សាក្រាម៉ង់ ហើយ​អរ​រីករាយ​ម្ដងទៀត​ក្នុង​ពរជ័យ​នៃ « [ ការ ] ដើរ​ក្នុង​ជីវិត​បែប​ថ្មី » ។

ឈ្មោះ​ដែល​យើង​ទទួល​ពី​កំណើត​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​បុគ្គល​របស់​យើង ហើយ​ផ្ដល់​កម្មសិទ្ធិ​ឲ្យ​យើង​នៅក្នុង​ក្រុមគ្រួសារ​យើង​លើ​ផែនដី​នេះ ។ ប៉ុន្ដែ​ពេល​យើង « កើត​ម្ដងទៀត » នៅឯ​បុណ្យ​ជ្រមុជ​ទឹក ការយល់ដឹង​របស់​យើង​អំពី​ខ្លួន​យើង​បាន​រីកចម្រើន​ឡើង ។ « មក​ពី​សេចក្តីសញ្ញា​ដែល​អ្នករាល់​គ្នា​បាន​ធ្វើ អ្នករាល់​គ្នា​នឹង​ត្រូវបាន​ហៅថា​ជា​កូនចៅ​នៃ​ព្រះគ្រីស្ទ … ដ្បិត​មើលចុះ … ទ្រង់​បាន​អ្នក​ខាង​វិញ្ញាណ ហើយ​ដ្បិត​អ្នក​រាល់គ្នា​បាន​និយាយ​ថា ចិត្ត​របស់​អ្នក​បាន​ផ្លាស់ប្តូរ​តាមរយៈ​សេចក្តីជំនឿ​ជឿ​ដល់​ព្រះនាម​ទ្រង់ ហេតុដូច្នោះ​ហើយ អ្នករាល់គ្នា​បាន​កើត​មក​ពី​ទ្រង់ » ។

ហេតុដូច្នេះ ជាមួយ​អត្តសញ្ញាណ និង​កម្មសិទ្ធិ​នៃ​សេចក្ដី​សញ្ញា យើង​ត្រូវបាន​ហៅ​តាម​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ « ពុំ​មាន​នាម​ណា​មួយ ឬ​ផ្លូវ ឬ​ក៏​មធ្យោបាយ​ឯណា​ទៀត​ឡើយ ដែល​អាច​នាំ​សេចក្ដី​សង្គ្រោះ​មក​ឲ្យ​កូនចៅ​មនុស្ស មាន​តែ​មធ្យោបាយ​មួយ​ប៉ុណ្ណោះ គឺ​ដោយ ហើយ​តាមរយៈ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ជា​ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ព្រះចេស្ដា » ។

ព្រះនាម​របស់​ព្រះយេស៊ូវ​ត្រូវ​គេ​ស្គាល់​ជាយូរ​ពីមុន​ការប្រសូត​របស់​ទ្រង់ ។ ទេវតា​បាន​ព្យាករ​ទៅកាន់​ស្ដេច​ប៊េនយ៉ាមីន​ថា « ហើយ​ទ្រង់​នឹង​ត្រូវបាន​ហៅថា ព្រះយេស៊ូវ​គ្រីស្ទ ព្រះរាជបុត្រា​នៃ​ព្រះ … ហើយ​មាតា​របស់​ព្រះអង្គ​នឹង​ត្រូវបាន​ហៅថា​ម៉ារា » ។ កិច្ចការ​របស់​ទ្រង់​អំពី « សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ » ក៏​ត្រូវបាន​បុត្រា​បុត្រី​របស់​ព្រះ​ដឹង​ផងដែរ ពេល​ណា​ដែល​មាន​ដំណឹងល្អ​លើ​ផែនដី ពី​ជំនាន់​របស់​អ័ដាម និង​អេវ៉ា រហូតដល់​ជំនាន់​យើង​សព្វថ្ងៃ ដើម្បី​ឲ្យ​ពួកគេ​អាច​ដឹង « ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ទឹក​ណាមួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួកគេ » ។

ឆ្នាំ​មុន ប្រធាន រ័សុល អិម ណិលសុន « បាន​អង្វរ​ក្នុងនាម​ជា​ព្យាការី »​ទៅកាន់​បងប្អូនស្រី​ឲ្យ « រៀបចំ​អនាគត​ដោយ​ជួយ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ » ។ លោក​អញ្ជើញ​យើង​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ហើយ « គូស​ចំណាំ​ខគម្ពីរ​នីមួយៗ​ដែល​លើក​ឡើង ឬ​និយាយ​ពី​ព្រះអង្គ​សង្គ្រោះ » ។ លោក​បាន​សូម​ឲ្យ​យើង « មាន​បំណង​និយាយ​អំពី​ព្រះគ្រីស្ទ អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ និង​ផ្សាយ​អំពី​ព្រះគ្រីស្ទ​ជាមួយ​នឹង​ក្រុម​គ្រួសារ និង​មិត្ត​ភក្ដិ​របស់ [ យើង ] » ។ ប្រហែលជា​អ្នក​បាន​ចាប់​ផ្ដើម​ទទួល​ស្គាល់​ផលផ្លែ​នៃ​ការ​សន្យា​របស់​លោក « បងប្អូន និង​ពួកគេ​នឹង​ខិត​ទៅកាន់តែ​ជិត​ព្រះអង្គសង្គ្រោះ ។… ហើយ​ការ​ផ្លាស់​ប្ដូរ សូម្បី​អព្ភូតហេតុ នឹង​ចាប់ផ្ដើម​កើត​មាន​ឡើង ។១០

ការសន្យា​របស់​យើង​ដើម្បី​ចងចាំ​ព្រះអង្គ​សង្គ្រោះ​ជានិច្ច ផ្ដល់​កម្លាំង​ឲ្យ​យើង​ឈរ​ការពារ​សេចក្ដីពិត និង​សេចក្ដី​សុចរិត—​មិន​ថា​យើង​នៅក្នុង​ហ្វូង​មនុស្ស​មួយ​ដ៏​ធំ ឬ​នៅ​តែឯង ជា​ទី​ដែល​គ្មាន​នរណា​ម្នាក់​ដឹង​ពី​សកម្មភាព​របស់​យើង លើកលែង​តែ​ព្រះ​នោះ​ទេ ។ ពេល​យើង​ចងចាំ​ទ្រង់ និង​ព្រះនាម​ទ្រង់​ដែល​យើង​លើក​ដាក់​មក​លើ​ខ្លួន​នោះ យើង​គ្មាន​កន្លែង​សម្រាប់​ការប្រៀបធៀប​ដែល​បន្ថយ​តម្លៃ​ខ្លួន​យើង ឬ​ការកាត់​សេចក្ដី​ហួសហេតុ​ទេ ។ ដោយ​ផ្ចង់​ភ្នែក​យើង​លើ​ព្រះអង្គ​សង្គ្រោះ យើង​ឃើញ​ខ្លួន​យើង​ថា​ជា​នរណា​យ៉ាង​ពិតប្រាកដ—គឺ​បុត្រ​សំណព្វ​របស់​ព្រះ ។

ការចងចាំ​ដល់​សេចក្ដី​សញ្ញា​របស់​យើង​រម្ងាប់​ការព្រួយ​ខាង​លោកិយ បង្វែរ​ការ​សង្ស័យ​លើ​ខ្លួន​ឯង​ទៅជា​ចិត្ត​ក្លាហាន ហើយ​ផ្ដល់​ក្ដី​សង្ឃឹម​ក្នុង​គ្រា​មាន​ឧបសគ្គ ។

ហើយ​ពេល​យើង​ជំពប់​ដួល​នៅក្នុង​ដំណើរ​ការរីក​ចម្រើន​របស់​យើង​នៅ​លើ​ផ្លូវ​សេចក្ដី​សញ្ញា យើង​មានតែ​ត្រូវ​ចងចាំ​ដល់​ព្រះនាម​ទ្រង់ និង​ព្រះទ័យ​ល្អ​ជាទី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​ប៉ុណ្ណោះ ។ « ត្បិត​ទ្រង់​មាន​គ្រប់​ព្រះចេស្ដា គ្រប់​ទាំង​ប្រាជ្ញា និង​គ្រប់​ទាំង​យោបល់ ទ្រង់​ជ្រាប​នូវ​គ្រប់​ការណ៍​ទាំងអស់ ហើយ​ទ្រង់​ជា​តួអង្គ​មួយ​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា … ដល់​អស់​អ្នកណា​ដែល​នឹង​ប្រែចិត្ត ហើយ​ជឿ​ដល់​ព្រះនាម​ទ្រង់ » ។១១ ប្រាកដ​ណាស់ គ្មាន​សំឡេង​ណា​ផ្អែមល្ហែម​ជាង​ព្រះនាម​របស់​ព្រះយេស៊ូវ​ចំពោះ​អ្នក​ទាំងអស់​ដែល​មាន​ដួងចិត្ត​សោក​សង្រេង និង​វិញ្ញាណ​ទន់ទាប ដែល​ខំ « ធ្វើ​ល្អ​ជាង ហើយ​ជា​មនុស្ស​ប្រសើរ​ជាង »​ឡើយ ។១២

ប្រធាន​ណិលសុន​បាន​បង្រៀន ៖ « ថ្ងៃ​នោះ​នឹង​កន្លង​ហួស ពេល​អ្នក​អាច​នៅ​ជា​គ្រិស្ដសាសនិក​ស្ងៀមស្ងាត់ និង​សុខស្រួល ។ សាសនា​របស់​អ្នក​មិនមែន​គ្រាន់តែ​មក​ព្រះវិហារ​នៅ​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ​ទេ ។ ប៉ុន្ដែ​ក៏​ត្រូវ​បង្ហាញ​ថា អ្នក​ជា​សិស្ស​ដ៏​ពិត​ម្នាក់​តាំងពី​ព្រឹក​ថ្ងៃអាទិត្យ​ដល់​យប់​ថ្ងៃសៅរ៍​ផង​ដែរ ។ … ព្រោះ​មិន​មាន​ងារ​ថា​ជា​សិស្ស​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ក្រៅ​ម៉ោង​នោះ​ទេ » ។១៣

ឆន្ទៈ​យើង​ដើម្បី​លើក​ដាក់​ព្រះនាម​នៃ​ព្រះគ្រីស្ទ​​មក​លើ​ខ្លួន​យើង​គឺ លើស​ពី​ការសន្ទនា​ផ្លូវការ​ជា​ពាក្យ​សម្ដី​ទៅ​ទៀត ។ វា​មិនមែន​ជា​ការសន្យា​អកម្ម ឬ​ការបង្កើត​វប្បធម៌​ក្លែងក្លាយ​នោះ​ទេ ។ វា​មិនមែន​ជា​ពិធី​អបអរ​ក្នុង​ជីវិត ឬ​ស្លាក​ឈ្មោះ​ដែល​យើង​ពាក់​នោះ​ទេ ។ វា​មិនមែន​ជា​ឃ្លា ដែល​យើង​គ្រាន់តែ​ដាក់តាំង​លើ​ធ្នើរ ឬ​ព្យួរ​លើ​ជញ្ជាំង​នោះ​ទេ ។ ព្រះនាម​ទ្រង់​គឺជា​ព្រះនាម​ដែល « បាន​ប្រដាប់​កាយ »១៤ ឆ្លាក់​ក្នុង​ចិត្ត​យើង ហើយ « ឆ្លាក់​លើ​មុខ​របស់ [ យើង ] » ។១៥

ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​គួរ​បាន​ចងចាំ​ជានិច្ច ទាំង​ក្នុង​គំនិត សកម្មភាព និង​ការប្រាស្រ័យ​ទាក់ទង​របស់​យើង​ជាមួយ​មនុស្ស​ដទៃ ។ ទ្រង់​មិន​គ្រាន់តែ​ចាំ​ឈ្មោះ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែមទាំង​ចងចាំ​យើង​ជានិច្ច​ទៀតផង ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស ៖

« ត្បិត​អី ស្ត្រី​នឹង​ភ្លេច​កូន ដែល​កំពុង​បៅ​ដោះ​ឬ ? ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ ? « មែន​ហើយ ឱ​វង្ស​អ៊ីស្រាអែល​អើយ គេ​នឹង​ខភ្លេច​បាន ប៉ុន្តែ​យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ ។

មើល​ចុះ យើង​បាន​ចារិក​អ្នក​ទុក​នៅ​ផ្ទៃ​បាតដៃ​របស់​យើង » ។១៦

ប្រធាន ចច អាល់ប៊ើត ស្ម៊ីធ បាន​បង្រៀន​ថា « សូម​គោរព​ព្រះនាម​ដែល​អ្នក​​លើក​ដាក់​មក​លើ​ខ្លួន ព្រោះ​ថ្ងៃ​ណាមួយ​អ្នក​នឹង​មាន​ឯកសិទ្ធិ និង​កាតព្វកិច្ច​ដើម្បី​រាយការណ៍​… ជូន​ព្រះវរបិតា​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌​… ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ជាមួយ​ព្រះនាម [ ទាំងនោះ ] » ។១៧

ដូចជា​ការរើស​ឈ្មោះ​យ៉ាង​ប្រយ័ត្ន​របស់​នីហ្វៃ និង​លីហៃ​ដែរ តើ​វា​អាច​និយាយ និង​សរសេរ​អំពី​យើង​ថា យើង​ជា​សិស្ស​ពិត​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ដែរ​ទេ ? តើ​យើង​គោរព​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​យើង​បាន​លើក​ដាក់​មក​លើ​ខ្លួន​យើង​ដោយ​ស្ម័គ្រចិត្ត​ដែរ​ទេ ? តើ​យើង​ជា « អ្នក​បំរើ ហើយ​ជា​ទី​បន្ទាល់ »១៨​នៃ​សេចក្ដី​ល្អ​ជាទី​ស្រឡាញ់​របស់​ទ្រង់ និង​ព្រះចេស្ដា​ប្រោសលោះ​របស់​ទ្រង់​ឬ​ទេ ?

កន្លងទៅ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ស្ដាប់​ព្រះគម្ពីរ​មរមន ។ នៅ​ជំពូក​ចុងបញ្ចប់​នៃ​នីហ្វៃ​ទី ២ ខ្ញុំ​បាន​​នីហ្វៃ​និយាយ​អ្វីមួយ ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​អាន​តាម​របៀប​នេះ​ពីមុន​មក ។ ពេញ​កំណត់ត្រា​របស់​លោក​ទាំងអស់ លោក​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី « ព្រះប្រោសលោះ » « ព្រះដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល » « កូនចៀម​នៃ​ព្រះ » និង « ព្រះមែស៊ី » ។ ប៉ុន្ដែ​កាល​លោក​បញ្ចប់​ដំណើររឿង​របស់​លោក ខ្ញុំ​បាន​ឮ​លោក​និយាយ​ពាក្យ​ទាំងនេះ ៖ « ខ្ញុំ​សរសើរ​តម្កើង​នៅ​ក្នុង​សេចក្ដី​ច្បាស់លាស់ ខ្ញុំ​សរសើរ​តម្កើង​នៅ​ក្នុង​សេចក្ដី​ពិត ខ្ញុំ​សរសើរ​តម្កើង​នៅ​ក្នុង​ព្រះយេស៊ូវ​របស់​ខ្ញុំ ព្រោះ​ទ្រង់​បាន​ប្រោសលោះ​ព្រលឹង​ខ្ញុំ » ។១៩ កាល​ខ្ញុំ​ឮ​ពាក្យ​ទាំងនេះ ដួងចិត្ត​ខ្ញុំ​រីករាយ ហើយ​ខ្ញុំ​បាន​ស្ដាប់​វា​ម្ដង​ហើយ​ម្ដង​ទៀត ។ ខ្ញុំ​បាន​ស្គាល់ និង​ឆ្លើយតប​នឹង​ខគម្ពីរ​នោះ ដូចជា​ខ្ញុំ​ស្គាល់ និង​ឆ្លើយតប​នឹង​ឈ្មោះ​របស់​ខ្លួន​ខ្ញុំ​ដែរ ។

ព្រះអម្ចាស់​មាន​បន្ទូល​ថា « មែន​ហើយ មាន​ពរ​ហើយ ដល់​ប្រជាជន​នេះ​ដែល​ស្ម័គ្រ​ចិត្ត​លើក​យក​នាម​យើង ត្បិត​ដោយ​នូវ​នាម​យើង​នេះ​ហើយ​ដែល​ពួកគេ​នឹង​ត្រូវ​បាន​ហៅ ហើយ​ពួកគេ​ជា​រាស្ត្រ​របស់​យើង » ។២០

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ សូម​យើង « លើក​យក​ដាក់​លើ​ខ្លួន​ដោយ​រីករាយ នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ »២១ តាមរយៈ​ការគោរព​ព្រះនាម​ទ្រង់​ដោយ​ក្ដី​ស្រឡាញ់ ភក្ដីភាព និង​កិច្ចការ​ល្អ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺជា « កូនចៀម​នៃ​ព្រះ មែន​ហើយ គឺជា​ព្រះរាជបុត្រា​នៃ​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។២២ នៅក្នុង​ព្រះនាម​នៃ​ព្រះរាជបុត្រា​ដ៏​បរិសុទ្ធ​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕