ឆ្នាំ ២០១០-២០១៩
ការ​ទុក​ចិត្ត​ដ៏​ថិតថេរ ហើយ​រឹងមាំ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៩


ការ​ទុក​ចិត្ត​ដ៏​ថិតថេរ ហើយ​រឹងមាំ

ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ រាប់​បញ្ចូល​ទាំង​ការ​ទុក​ចិត្ត​លើ​កាល​វេលា​របស់​ទ្រង់ ហើយ​វា​តម្រូវ​ឲ្យ​មាន​ការ​អត់ធ្មត់ និង​ការ​ស៊ូទ្រាំ​ដែល​លើស​ពី​ខ្យល់​ព្យុះ​នៃ​ជីវិត ។

កូន​ប្រុស​របស់​ខ្ញុំ​ឈ្មោះ ដានីយ៉ែល បាន​ឈឺ​នៅ​ក្នុង​បេសកកម្ម​របស់​គាត់​នៅ​អាហ្វ្រិក ហើយ​ត្រូវ​បាន​នាំទៅ​មន្ទីរ​ពេទ្យមួយ​ដែល​ធនធាន​មាន​កំណត់ ។ ពេល​យើង​អានសំបុត្រ​ដំបូង​ដែល​គាត់​បាន​ផ្ញើ​មក​យើង បន្ទាប់​ពី​គាត់​មាន​ជំងឺ​នោះ យើង​បាន​រំពឹង​ថា គាត់​នឹង​​បាក់​ទឹក​ចិត្ត​ជាមិន​ខាន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គាត់​បាន​សរសេរ​ថា « ទោះ​ជា​កូន​ដេក​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ក្ដី ក៏​កូន​មាន​ភាព​សុខសាន្ត​ដែរ ។ កូន​ពុំ​ធ្លាប់​មាន​ភាព​រីករាយ​ដ៏​ថិតថេរ ហើយរឹងមាំបែប​នេះ​ក្នុង​ជីវិត​របស់​កូន​ឡើយ » ។

កាល​ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​អាន​ពាក្យ​ទាំង​នេះ​ហើយ យើង​ក្តុកក្តួលយ៉ាងខ្លាំង ។ ដោយ​ក្ដី​រីករាយដ៏​ថិតថេរ ហើយរឹងមាំ ។ យើង​ពុំធ្លាប់​ឮ​ពាក្យ​សុភមង្គល​ត្រូវ​បាន​រៀបរាប់​តាម​របៀប​នោះ​ឡើយ ប៉ុន្តែ​ពាក្យ​គាត់​មាន​នូវ​ការពិត ។ យើង​បាន​ដឹង​ថា សុភមង្គល​ដែល​គាត់​បាន​ពិពណ៌នា​ពុំ​គ្រាន់​តែ​ជា​ភាព​រីករាយ ឬ​ជា​អារម្មណ៍​មួយ​ដែល​កើត​ឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ភាព​សុខសាន្ត និង​អំណរ​មួយ​ដែល​កើត​ឡើង នៅពេល​យើង​ចុះ​ចូល​ខ្លួន​យើង​ចំពោះ​ព្រះ ហើយ​ដាក់​ការ​ទុក​ចិត្ត​របស់​យើង​លើ​ទ្រង់​នៅ​គ្រប់​រឿង​ទាំងអស់ ។ ក្នុង​ជីវិត​របស់​យើង យើង​ក៏​ធ្លាប់​ជួប​គ្រា​បែប​នោះ​ដែរ ពេល​ព្រះ​បាន​មាន​បន្ទូល​នូវ​ភាព​សុខសាន្ត​មក​កាន់​ព្រលឹង​យើង ហើយ​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះគ្រីស្ទ សូម្បី​តែ​ពេល​ជីវិត​មាន​ការ​លំបាក និង​ខ្វះ​ភាព​ច្បាស់​លាស់​ក្ដី ។

លីហៃ​បង្រៀន​ថា បើ​អ័ដាម និង នាងអេវ៉ា​ពុំ​បាន​ធ្លាក់​ទេ « ពួក​គេ​នឹង​នៅ​ក្នុង​ភាព​ឆោតល្ងង់ ដោយ​គ្មាន​សេចក្ដី​អំណរ ព្រោះ​ពួក​គេ​មិន​ស្គាល់​សេចក្ដី​ទុក្ខវេទនា ។ …

« ប៉ុន្តែ​មើល​ចុះ អ្វីៗ​សព្វសារពើ​បាន​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ប្រាជ្ញា​របស់​ទ្រង់ ដែល​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ ។

« លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដី​អំណរ » ។

តាម​របៀប​មួយ ការ​រងទុក្ខ និង​ភាព​សោក​សៅ​រៀបចំ​យើង​ឲ្យ​ដក​ពិសោធន៍​នូវ​អំណរ បើ​យើង​នឹង​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ និង​ផែនការ​របស់​ទ្រង់​សម្រាប់​យើង ។ សេចក្ដីពិត​នេះ ត្រូវ​បាន​បង្ហាញ​យ៉ាង​ប្រពៃ​នៅ​ក្នុង​កំណាព្យ​ទស្សវត្សន៍​ទី ១៣ ថា ៖ « សេចក្ដី​សោកសៅ​រៀបចំ​អ្នក​សម្រាប់​អំណរ ។ វា​បោស​សម្អាត​អ្វីៗ​ចេញ​ពី​ផ្ទះ​រ​បស់​អ្នក​យ៉ាង​គំហុក ដើម្បី​ឲ្យ​អំណរ​ថ្មី​អាច​ចូល​មក​បាន ។ វា​ជម្រុះ​ស្លឹក​ឈើ​ចាស់ៗ​ចេញពី​មែក​ឈើ​នៃ​ដួង​ចិត្ត​របស់​អ្នក ដើម្បី​ស្លឹក​ឈើ​ខ្ចី​ថ្មី​អាច​លូត​លាស់​ជំនួស​វិញ ។ វា​ទាញ​ឫស​រលួយ​ចេញ ដើម្បី​ឲ្យ​ឫស​ថ្មី​ដែល​កប់​នៅ​ខាង​ក្រោម​អាច​លូតលាស់​បាន ។ ទោះ​ជា​ភាព​សោកសៅ​ជម្រុះ​អ្វី​ចេញ​ពី​ដួង​ចិត្ត​របស់​អ្នក​ក៏​ដោយ ក៏​រឿង​ដ៏​ប្រសើរ​ទាំងឡាយ​នឹង​កើត​ឡើង​ជំនួស​វិញ » ។

ប្រធាន រ័សុល អិម ណិលសុន​ បាន​បង្រៀន​ថា « អំណរ​ដែល​ព្រះអង្គសង្គ្រោះ​ផ្ដល់​ឲ្យ [ យើង ] … គឺជា​អះអាង​យ៉ាង​ខ្ជាប់ខ្ជួន​ដល់​យើង​ថា ‹ សេចក្ដីទុក្ខលំបាក​របស់​អ្នក នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ › [គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១២១:៧ ] ហើយ​ឧទ្ទិស​សម្រាប់​ជា​ប្រយោជន៍​របស់​យើង » ។ ការ​សាកល្បង និង​ការ​រងទុក្ខ​របស់​យើង អាចធ្វើ​ឲ្យ​មាន​ចម្លោះ​សម្រាប់​អំណរ​កាន់តែ​ខ្លាំង ។

ដំណឹងល្អ​ពុំ​មែន​ជា​ការ​សន្យា​នៃ​ការ​មាន​ជីវិត​ដោយ​គ្មាន​ភាព​សោកសៅ និង​ទុក្ខ​វេទនា​នោះ​ទេ ប៉ុន្តែ​ជា​ជីវិត​មួយ​ដែល​ពោរពេញ​ដោយ​គោលបំណង និង​អត្ថន័យ–ជា​ជីវិត​មួយ​ដែល​ភាព​សោកសៅ និង​សេចក្ដីវេទនា​របស់​យើង​អាច​ត្រូវ​បាន​លុប​បំបាត់​នៅ​ក្នុង​អំណរ​នៃ​ព្រះគ្រីស្ទ » ។ ព្រះអង្គ​សង្គ្រោះ​បា​នប្រកាស​​ថា « នៅ​លោកិយ​នេះ​នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ។ ដំណឹងល្អ​របស់​ទ្រង់​គឺជា​សារ​លិខិត​មួយ​នៃ​សេចក្ដីសង្ឃឹម ។ ភាព​សោក​សៅ​រួម​ផ្សំ​នឹង​សេចក្ដី​សង្ឃឹម​​លើ​ព្រះយេស៊ូវគ្រីស្ទបង្កើត​ឲ្យ​មាន​ការ​សន្យា​នៃ​អំណរ​ដ៏​ខ្ជាប់​ខ្ជួន ។

ដំណើរ​រឿង​អំពី​ការ​ធ្វើ​ដំណើរ​របស់​សាសន៍​យ៉ារេឌ​ទៅ​កាន់​ដែន​ដី​សន្យា​អាច​​ត្រូវបានប្រើ​ជា​រឿង​ប្រៀប​ប្រដូច​មួយ​សម្រាប់​ដំណើរ​របស់​យើង​ក្នុង​ជីវិត​រមែង​ស្លាប់ ។ ព្រះអម្ចាស់​បាន​សន្យា​ដល់​បងប្រុស​របស់​យ៉ារេឌ និង​ប្រជាជន​របស់​គាត់​ថា ទ្រង់​នឹង​«​នាំ​[ពួកគេ]​ទៅ​ឯ​ដែនដី​មួយ ដែល​ជាជម្រើស​លើ​ដែនដី​ទាំង​អស់​នៃ​ផែនដី » ។​ ទ្រង់​បាន​បង្គាប់​ពួកគេ​ឲ្យ​សង់​ភេត្រា ហើយ​ពួកគេ​បានចេញ​ទៅ​ធ្វើ​ភេត្រា​ទាំង​​នោះ​ដោយ​គោរព​តាម​សេចក្ដី​បង្គាប់​របស់​ព្រះអម្ចាស់ ។ ប៉ុន្តែ កាល​កិច្ចការ​នោះ​បាន​ដំណើរ​ការ​ទៅ​មុខ បងប្រុស​របស់​យ៉ារេឌ​មាន​កង្វល់​ថា​ការ​រចនា​របស់​ព្រះអម្ចាស់​សម្រាប់​ភេត្រា​ទាំង​នោះ​ពុំ​គ្រប់​គ្រាន់​ទេ ។ លោក​បាន​ទូល​ថា

« ឱ​ព្រះ​អម្ចាស់​អើយ ទូលបង្គំ​បាន​ធ្វើ​នូវ​កិច្ចការ​ដែល​ទ្រង់​បាន​បញ្ជា​ទូលបង្គំ​ហើយ ហើយ​ទូលបង្គំ​បាន​ធ្វើ​ភេត្រា​ទាំង​ឡាយ ស្រប​តាម​ដែល​ទ្រង់​បាន​ដឹកនាំ​ទូលបង្គំ ។

« ហើយ​មើល​ចុះ ឱ​ព្រះ​អម្ចាស់​អើយ នៅ​ក្នុង​ភេត្រា​ទាំង​នោះ​គ្មាន​ពន្លឺ​ទេ » ។១០

« ឱ​ព្រះ​អម្ចាស់​អើយ តើ​ព្រះ​អង្គ​ទុក​ឲ្យ​យើង​ខ្ញុំ​ឆ្លងកាត់​ទឹក​ដ៏​ធំ​នេះ​ក្នុង​ភាព​ងងឹត​ឬ? »១១

តើ​បងប្អូន​ធ្លាប់ទូល​ទៅ​ព្រះ​ដោយ​អស់​ពី​ចិត្ត​តាម​របៀប​នេះ​ដែរ​ឬទេ ? កាល​ការ​ខិតខំរស់​នៅ​តាម​អ្វីដែល​ព្រះអម្ចាស់​បង្គាប់ ហើយ​ការ​រំពឹង​ទុក​ដ៏សុច​រិត​ពុំ​ត្រូវបាន​បំពេញ តើ​បងប្អូន​ធ្លាប់​ងឿង​ឆ្ងល់ថា បងប្អូន​ត្រូវ​តែ​ឆ្លង​កាត់​ជីវិត​នេះ​ក្នុង​សេចក្ដី​ងងឹត​ដែរ​ឬទេ ?១២

បងប្រុស​របស់​យ៉ារេឌ​បាន​បង្ហាញ​នូវ​កង្វល់​ដ៏​ធំ​មួយ​ទៀត​អំពី​លទ្ធភាព​របស់​ពួកគេ​ដើម្បី​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​ភេត្រា​នោះ ។ លោក​បាន​ទូល​ថា « ហើយ​យើង​ខ្ញុំ​នឹង​វិនាស​បង់​ផង ត្បិត​នៅ​ក្នុង​នោះ យើង​ខ្ញុំ​មិន​អាច​ដកដង្ហើម​បាន​ទេ ក្រៅ​តែ​ពី​ខ្យល់​ដែល​នៅ​ក្នុង​នោះ » ។១៣ តើ​ភាព​លំបាក​នៃ​ជីវិត​ធ្លាប់​ធ្វើ​ឲ្យ​បងប្អូនពិបាក​ដកដង្ហើម ហើយ​ធ្វើ​ឲ្យ​បងប្អូន​ងឿង​ឆ្ងល់​ថា បងប្អូន​អាច​ឆ្លង​ផុត​ថ្ងៃ​នោះ ហើយ​ត្រឡប់ទៅ​ផ្ទះ​សួគ៌ា​របស់​បងប្អូន​វិញ​តាម​របៀប​ណា​ដែរ​ឬទេ ?​

បន្ទាប់ពី ព្រះអម្ចាស់​បាន​ធ្វើ​ការ​ជាមួយ​នឹង​បងប្រុស​យ៉ារេឌ ដើម្បី​កង្វល់​នីមួយៗ​របស់​គាត់ រួច​មាន​បន្ទូល​ពន្យល់​ថា « ត្បិត​អ្នក​រាល់​គ្នា​មិន​អាច​ឆ្លងកាត់​ទី​ជម្រៅ​ដ៏​ធំ​នេះ​បាន​ទេ លើក​លែងតែ​​យើង​រៀបចំ វិធី​មួយ​សម្រាប់​ឲ្យ​អ្នក​តទល់​នឹង​រលក​នៃ​សមុទ្រ ហើយ​ខ្យល់​ដែល​បក់ និង​ទឹកជំនន់​ដែល​នឹង​មក » ។១៤

ព្រះអម្ចាស់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា នៅ​ទីបំផុត សាសន៍​យ៉ារេឌ​ពុំ​អាច​ទៅ​ដល់​ដែនដី​សន្យា​ដោយ​គ្មាន​ទ្រង់​បាន​ឡើយ ។ ពួកគេ​ពុំ​អាច​គ្រប់​គ្រង​ស្ថានភាព​បាន​ទេ ហើយ​វិធី​​តែ​មួយ​គត់​ដែល​ពួកគេ​អាច​ឆ្លង​សមុទ្រ​ដ៏​ធំ​នោះ​បាន​ គឺការ​ដាក់​ការ​ទុក​ចិត្ត​របស់​ពួកគេ​លើទ្រង់ ។ បទពិសោធន៍ និង​ការ​បង្រៀន​ទាំង​នេះ​មក​ពី​ព្រះអម្ចាស់​ទំនង​ជា​បាន​ពង្រឹង​ដល់​សេចក្ដីជំនឿ​ និង​ការ​ទុក​ចិត្ត​របស់​បងប្រុស​យ៉ារេឌ​លើ​ព្រះអម្ចាស់ ។

សូម​កត់​ចំណាំ​ពី​របៀប​ដែល​ការ​អធិស្ឋាន​របស់​គាត់​បាន​ផ្លាស់ប្ដូរ​ពី​សំណួរ និង​កង្វល់​ទៅ​ជា​ការ​បង្ហាញ​នូវ​សេចក្ដី​ជំនឿ និង​ការ​ទុក​ចិត្តថា ៖

« ឱ​ព្រះ​អម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា ទ្រង់​មាន​អស់​ទាំង​ព្រះ​ចេស្ដា ហើយ​អាច​ធ្វើ​អ្វី​ក៏​ដោយ ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស ។…

« មើល​ចុះ ឱ​ព្រះ​អម្ចាស់​អើយ ទ្រង់​អាច​ធ្វើ​ការ​នេះ ។ យើង​ខ្ញុំ​ដឹង​ថា ទ្រង់​អាច​បង្ហាញ​ព្រះ​ចេស្ដា​ដ៏​មហិមា ដែល​មើល​ដូច​ជា​តូច​ចំពោះ​យោបល់​របស់​មនុស្ស » ។១៥

បន្ទាប់​មក វា​ត្រូវ​បាន​កត់ត្រា​ថា សាសន៍​យ៉ារេឌ « នោះ​ពួក​គេ​ចុះ​ភេត្រា …ហើយ​ចេញ​ទៅ​សមុទ្រ ដោយ​ទីពឹង ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ » ។១៦ ការ​ទីពឹង មានន័យ​ថា ការ​ទុក​ចិត្ត ឬ​ការ​ចុះ​ចូល ។ សាសន៍​យ៉ារេឌ ពុំបាន​ចូល​ទៅ​ក្នុង​ភេត្រា​ដោយ​សារ​ពួកគេ​បាន​ដឹង​ថានឹង​មាន​រឿង​អ្វីខ្លះ​កើត​ឡើង​នៅ​ក្នុង​ដំណើរ​របស់​ពួកគេ​នោះ​ទេ ។ ពួកគេ​បាន​ចុះភេត្រា ដោយសារ​ពួកគេ​បាន​រៀន​ទុក​ចិត្ត​លើ​ព្រះចេស្ដា​ សេចក្ដី​ល្អ និង​សេចក្ដី មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ដូច្នេះហើយ​ពួកគេ​យល់​ព្រម​ដាក់​ខ្លួន ព្រមទាំង​ភាព​សង្ស័យ ឬ​ភាព​ភ័យ​ខ្លាច​ណា​មួយ​ដែល​ពួកគេ​អាច​មាន​ដើម្បី​ចុះ​ចូល​នឹង​ព្រះអម្ចាស់ ។

ថ្មីៗនេះ ចៅ​របស់​យើង អាប៊ី ខ្លាច​ក្នុង​ការ​ជិះ​សត្វ ដែល​វា​ងើបឡើង​ចុះ ។ គាត់​ចង់​ជិះ​សត្វដែល​វា​ឥត​កំរើក ។ ទីបំផុត ជីដូន​គាត់​បាន​បញ្ចុះបញ្ចូល​គាត់​ថា​វា​សុវត្ថិភាពទេ ដូច្នេះ​គាត់​បាន​ឡើង​ជិះ ដោយ​ទុកចិត្ត​ជីដូន ។ បន្ទាប់មក គាត់​បាន​និយាយ​ដោយ​ស្នាម​ញញឹម​ដ៏​ធំៗ​ថា « ខ្ញុំ​ពុំ​មាន​អារម្មណ៍​សុវត្ថិភាពទេ ប៉ុន្តែ​ខ្ញុំ​សុវត្ថិភាព » ។ ប្រហែល​នោះ ជា​របៀប​ដែល​ពួក​សាសន៍​យ៉ារ៉េត​មាន​អារម្មណ៍ ។ ការ​ទុកចិត្ត​ព្រះ ពុំ​តែងតែ​មានអារម្មណ៍​សុវត្ថិភាព​ពីដំបូងទេ ប៉ុន្តែ​មាន​អំណរ​មក​តាមក្រោយ ។

រូបភាព
អាប៊ី ជិះ​នៅលើ​សត្វ

ការ​ធ្វើ​ដំណើរ​មិន​ងាយ​ស្រួល​ទេ​សម្រាប់​សាសន៍​យ៉ារ៉េឌ ។ « ពួកគេ​បាន​ត្រូវ​បាន​លិច​ចូល​ក្នុង​ជម្រៅ​សមុទ្រ​យ៉ាង​ជ្រៅ​ជា​ច្រើន​ដង « ពី​ព្រោះ​មក​ពី​រលក​ទាំង​ឡាយ ដូច​ជា​ភ្នំ ដែល​បាន​បោក​មក​លើ​ពួក​គេ » ។១៧ ប៉ុន្តែ​វា​ត្រូវ​បាន​កត់ត្រា​ថា « ខ្យល់​បក់ [ពួកគេ] មិន​ឈប់​ឈរ​​ឆ្ពោះ​ទៅ ដែនដី​សន្យា » ។១៨ ទោះ​ជា​វា​ពិបាក​​យល់​ក្ដី ជា​ពិសេស​នៅ​គ្រា​ក្នុង​ជីវិត​របស់​យើង​ពេល​ដែល​ខ្យល់​មក​ខ្លាំង ហើយ​សមុទ្រ​មាន​ភាព​ខ្មួល​ខ្មាញ់ នោះ​យើង​អាច​មាន​ការ​លួង​លោម​ចិត្ត​ដោយ​ដឹង​ថា ព្រះ​តែង​តែ​បក់​យើង​នៅ​ក្នុង​សេចក្ដី​ល្អ​ជា​និរន្តរ៍​របស់​ទ្រង់​ឆ្ពោះ​ទៅ​រក​ផ្ទះ​ជានិច្ច ។

កំណត់​ត្រា​នោះ​បន្ត​ទៀត​ថា « ពួក​គេ​ត្រូវ​បាន​រុញ​ទៅ​មុខ ហើយ​គ្មាន​យក្ស​សមុទ្រ​អាច​បំបាក់​ពួក​គេ​ឡើយ ហើយ​ត្រី​បា​ឡែ​ន​ក៏​មិន​អាច​បៀតបៀន​ពួក​គេ​ដែរ ហើយ​ពួក​គេ​មាន​ពន្លឺ​ជាប់​រហូត ទោះ​ជា​នៅ​លើ​ទឹក ក៏​ដូច​ជា​នៅ​ក្រោម​ទឹក​ក្ដី » ។​១៩ យើង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ ទឹក​រលក​ដ៏​ធំ​នៃ​សេចក្ដី​ស្លាប់ ជំងឺ​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ព្រមទាំង​ការ​សាកល្បង និង​សេចក្ដី​វេទនា​គ្រប់​ប្រភេទ​​ធ្វើ​ឲ្យ​យើង​មាន​ការ​ថប់បារម្ភ ។ ប៉ុន្តែ​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ការ​ជ្រើស​ទុក​ចិត្ត​លើ​ទ្រង់​យើងអាច​មាន​ពន្លឺ​ជា​បន្ត​បន្ទាប់ មិន​ថា​នៅ​ក្រោម​ទឹក ឬ​នៅលើ​ទឹក​នោះ​ទេ ។ យើង​ អាច​មាន​នូវ​ការ​អះអាង​ថា ព្រះ​នឹង​ពុំ​បញ្ឈប់​បក់​យើង​ឆ្ពោះ​ទៅ​ផ្ទះ​សួគ៌ា​ឡើយ ។

កាល​ត្រូ​វបាន​បក់​បោក​នៅ​ក្នុង​ភេត្រា​នោះ សាសន៍​យ៉ារេឌ « ​បាន​ច្រៀង​សរសើរ​តម្កើង​ដល់​ព្រះ​អម្ចាស់… ហើយ [ពួកគេ]​បាន​ខថ្លែង​អំណរគុណ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​អម្ចាស់​ពេញ​មួយ​ថ្ងៃ ហើយ​កាល​វេលា​យប់​មក​ដល់ នោះ​ពួក​គេ​ពុំ​បាន​ឈប់​សរសើរ​តម្កើង​ដល់​ព្រះ​អម្ចាស់​ឡើយ » ។២០ ពួកគេ​មាន​អំណរ និង​បានថ្លែង​អំណរ​គុណ​ ទោះ​ជា​ស្ថិត​នៅ​ក្នុង​សេចក្ដី​វេទនា​របស់​ពួកគេ​ក្ដី ។ ពួកគេ​ពុំ​ទាន់​ទៅ​ដល់​ដែន​ដី​សន្យា​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួកគេ​បាន​រីករាយ​នៅ​ក្នុង​ពរជ័យ​ដែល​បាន​សន្យា ដោយសារ​តែ​ការ​ទុក​ចិត្ត ដ៏​ថិតថេរ ហើយ រឹងមាំ លើ​ទ្រង់ ។ ២១

សាសន៍​យ៉ារេឌ​បាន​ធ្វើដំណើរ​នៅ​លើ​ទឹក​រយៈពេល ៣៤៤ ថ្ងៃ ។២២ តើ​អ្នក​អាច​ស្រមៃ​គិត​អំពីរឿង​នោះ​បាន​ទេ ? ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ រាប់​បញ្ចូល​ទាំង​ការ​ទុក​ចិត្ត​លើ​កាល​វេលា​របស់​ទ្រង់ ហើយ​វា​តម្រូវ​ឲ្យ​មាន​ការ​អត់ធ្មត់ និង​ការ​ស៊ូទ្រាំ​ដែល​លើស​ពី​ខ្យល់​ព្យុះ​នៃ​ជីវិត ។២៣

នៅ​ទីបំផុត សាសន៍​យ៉ារេឌ « ​បាន​ឡើង​ទៅ​លើ​ត្រើយ​នៃ​ដែនដី​សន្យា ។ ហើយ​កាល​ពួក​គេ​បាន​ដាក់​ជើង​លើ​ត្រើយ​នៃ​ដែនដី​សន្យា​ហើយ នោះ​ពួក​គេ​បាន​ក្រាប​ទៅ​លើ​ដី ហើយ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​អម្ចាស់ ហើយ​បាន​ស្រក់​ទឹកភ្នែក​ដោយ​សេចក្ដី​អំណរ​នៅ​ចំពោះ​ព្រះ​អម្ចាស់ ដោយ​សារ​សេចក្ដី​មេត្តាករុណា​ដ៏​ទន់ភ្លន់​ឥត​គណនា​របស់​ទ្រង់​ដល់​ពួក​គេ » ។២៤

បើ​យើង​ស្មោះត្រង់​នៅ​ក្នុង​ការ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង នោះ​នៅ​ថ្ងៃ​ណា​មួយ យើង​នឹង​ទៅ​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព​ផង​ដែរ ហើយ​នឹង​ក្រាប​នៅ​ចំពោះ​ព្រះអម្ចាស់ ហើយ​សម្រក់​ទឹក​ភ្នែក​ដោយ​អំណរ​សម្រាប់​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់​ភ្លន់​យ៉ាង​ច្រើន​ឥត​គណនា​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​យើង រួម​ទាំង​ភាព​សោកសៅ​ដែល​បានបង្កើត​កន្លែង​សម្រាប់​អំណរ​ដ៏​ច្រើន​ផង​ដែរ ។២៥

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​យើង​ជ្រើស​ដើម្បី​មាន​ការ​ទុក​ចិត្ត​ដ៏​ថិតថេរ ហើយ​រឹងមាំ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះរាជ​បំណង​ដ៏​ទេវភាព​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​យើង នោះ​ទ្រង់​នឹង​យាង​មក​អះអាង​ដល់​យើង មាន​បន្ទូល​ធ្វើ​ឲ្យ​ព្រលឹង​យើង​បាន​សុខសាន្ត ហើយ​ធ្វើ​ឲ្យ​យើង « ​មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ការ​ប្រោសលោះរបស់​យើងនៅ​ក្នុង​ទ្រង់ » ។២៦

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ ទ្រង់​គឺ​ជា​ប្រភព​នៃ​អំណរ​ទាំងអស់ ។២៧ ព្រះគុណ​របស់​ទ្រង់​គឺ​គ្រប់គ្រាន់, ហើយ​ទ្រង់​មាន​ព្រះចេស្ដារ​ដើម្បី​សង្គ្រោះ។២៨ ព្រះអង្គ​គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក ។២៨ ទ្រង់​នឹង​ពុំ​អនុញ្ញាត​ឲ្យ​យើង​វិនាស​ឡើយ ។២៩ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕