ឆ្នាំ ២០១០-២០១៩
ការប្រែចិត្ត​ជឿ​ដ៏​រឹងប៉ឹង និង​យូរ​អង្វែង​ទៅលើ​ព្រះវរបិតា​សួគ៌ និង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ
ខែ តុលា ឆ្នាំ ២០១៨


ការប្រែចិត្ត​ជឿ​ដ៏​រឹងប៉ឹង និង​យូរ​អង្វែង​ទៅលើ​ព្រះវរបិតា​សួគ៌ និង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ

គោលបំណង​របស់​យើង​គឺ​ធ្វើ​ឲ្យ​មាន​តុល្យភាព​លើ​បទពិសោធន៍​ទាំង​នៅ​ព្រះវិហារ និង​នៅ​គេហដ្ឋាន ក្នុង​របៀប​មួយ​ដែល​នឹង​បង្កើន​សេចក្តីជំនឿ និង​ជីវភាព​ខាង​វិញ្ញាណ​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​ប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង ។

ដូច​ប្រធាន រ័សុល អិម ណិលសុន ទើបតែ​បាន​ថ្លែង​យ៉ាង​ប្រពៃ និង​ដោយ​ឥទ្ធិពល នោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​កំពុង​ធ្វើ​ការ​អស់ពេល​ជា​យូរ​ទៅលើ « ផែនការ​ដែល ផ្តោត​ទៅលើគេហដ្ឋាន និង ការគាំទ្រ​ពី​សាសនាចក្រ ដើម្បី​រៀន​គោលលទ្ធិ ពង្រឹង​សេចក្តីជំនឿ ហើយ​ជំរុញ​ឲ្យ​មាន​ការថ្វាយ​បង្គំ​ផ្ទាល់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង ។ បន្ទាប់​មក ប្រធាន​ណិលសុន​បាន​ប្រកាស​អំពី​ការកែតម្រូវ​មួយ​ដើម្បី​សម្រេច​បាន​នូវ « តុល្យភាព និង​ទំនាក់ទំនង​ថ្មី​មួយ​រវាង​ការណែនាំ​ដំណឹង​ល្អ​នៅក្នុង​គេហដ្ឋាន និង​ព្រះវិហារ » ។

ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ទាំង​នេះ—ដែល​បាន​ពិពណ៌នា និង​នៅក្រោម​ការ​ដឹកនាំ​របស់​ប្រធាន រ័សុល អិម ណិលសុន ព្រមទាំង​ការធ្វើ​តាម​ការសម្រេ​ចិត្ត​របស់​ក្រុមប្រឹក្សា​នៃ​គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់—នោះកាល​វិភាគ​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​នឹង​ត្រូវបាន​កែតម្រូវ​តាម​របៀប​ដូចតទៅ​នេះ ដោយ​ចាប់ផ្តើម​ពី​ខែ​មករា​ឆ្នាំ ២០១៩ តទៅ ។

កាលវិភាគ​ការប្រជុំ​ថ្ងៃ​អាទិត្យ

ការប្រជុំ​ទាំងឡាយ​នៃ​សាសនាចក្រ​នៅ​ថ្ងៃ​អាទិត្យ​នឹង​រួម​មាន ការប្រជុំ​សាក្រាម៉ង់​រយៈពេល ៦០ នាទី រៀងរាល់​សប្តាហ៍ ដោយ​ផ្តោត​ទៅលើ​ព្រះអង្គសង្គ្រោះ ពិធីបរិសុទ្ធ​នៃ​ពិធី​សាក្រាម៉ង់ និង​សារលិខិត​ខាង​វិញ្ញាណ ។ បន្ទាប់​មក ពេល​ម៉ោង​ទៅ​ថ្នាក់​រៀន​នានា សមាជិក​សាសនាចក្រ​នឹង​ចូលរួម​ថ្នាក់​មួយ​មាន​រយៈពេល ៥០ នាទី ដែល​នឹង​ឆ្លាស់​គ្នា​រៀងរាល់​សប្តាហ៍ ។

  • ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​នឹង​ត្រូវ​បង្រៀន​នៅ​សប្តាហ៍​ទី​មួយ និង​សប្តាហ៍​ទី​បី​រៀងរាល់​ខែ ។

  • ការប្រជុំ​កូរ៉ុម​បព្វជិតភាព សមាគម​សង្គ្រោះ និង​យុវនារី នឹង​ធ្វើ​ឡើង​នូវ​សប្តាហ៍​ទី​ពីរ និង​សប្តាហ៍ទី​បួន ។

  • ការប្រជុំ​នានា​នៅ​សប្តាហ៍​ទី​ប្រាំ​គឺ​នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ។

ថ្នាក់​អង្គការបឋម​សិក្សា​នឹង​ធ្វើ​ឡើង​រៀងរាល់​សប្តាហ៍ អំឡុងពេល​ដូច​គ្នា​នេះ​គឺ ៥០ នាទី ដោយ​បញ្ចូល​ម៉ោង​ច្រៀង និង​ថ្នាក់​រៀន​ជាមួយ​គ្នា ។

រូបភាព
កាលវិភាគ​ថ្ងៃ​អាទិត្យ

ទាក់ទង​នឹង​កាលវិភាគ​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ នោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​រៀម​ច្បង បាន​ដឹង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា កាលវិភាគ​នៅ​ថ្ងៃ​អាទិត្យ​នា​ម៉ោង​ទី​បី​នៅ​ព្រះវិហារ​អាច​ជា​ការពិបាក​ដល់​សមាជិក​ជា​ទីស្រឡាញ់​មួយ​ចំនួន​របស់​យើង ។ រឿង​នេះ​វា​ពិតជា​កើត​ឡើង​ចំពោះ​ឪពុក​ម្តាយ​ដែល​មាន​កូន​តូចៗ ថ្នាក់​អង្គការ​បឋម​សិក្សា សមាជិក​ចាស់​ជរា អ្នក​ប្រែចិត្ត​ជឿ​ថ្មី និង​មនុស្ស​ដទៃ​ទៀត ។

ប៉ុន្តែ​មាន​ចំណុច​ជា​ច្រើន​ទៀត​លើ​ការកែតម្រូវ​នេះ ជាជាង​ការគ្រាន់តែ​កាត់បន្ថយ​កាល​វិភាគ​នៅ​ថ្ងៃ​អាទិត្យ​នៅ​សាលា​ប្រជុំ ។ ប្រធាន​ណិលសុន​បាន​ទទួល​ស្គាល់​ដោយ​អំណរគុណ ចំពោះ​ការសម្រេច​បាន​ដ៏​ធំធេង​នូវ​ការអញ្ជើញ​ពី​មុនៗ ដែល​កើត​មក​ពី​ភាព​ស្មោះត្រង់​របស់​បងប្អូន ។ លោក និង​ថ្នាក់​ដឹកនាំ​ទូទាំង​សាសនាចក្រ មាន​បំណង​នាំ​យក​អំណរ​នៃ​ដំណឹងល្អ​ដ៏​ប្រសើរ​ទៅ​កាន់—ឪពុក​ម្ដាយ កុមារ យុវវ័យ អ្នក​នៅ​លីវ ចាស់​ជរា អ្នក​ប្រែចិត្ត​ជឿ​ថ្មី និង​មនុស្ស​ផ្សេង​ទៀត ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន—តាមរយៈ​កិច្ចខិតខំ​មួយ​ដែល​ធ្វើ​ឲ្យ​មាន​តុល្យភាព​លើ ការផ្តោត​ទៅលើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ ។ គោលបំណង និង​ពរជ័យ​នានា​ដែល​ទាក់ទង​ជាមួយ​ការកែតម្រូវ​នេះ និង​ការផ្លាស់ប្តូរ​ថ្មីៗ​ផ្សេង​ទៀត​រួមមាន​ដូច​តទៅ​នេះ ៖

  • ការប្រែចិត្ត​ជឿ​ដ៏​រឹងប៉ឹង​លើ​ព្រះវរបិតាសួគ៌ និង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ពង្រឹង​សេចក្តីជំនឿ​លើ​ពួក​ទ្រង់ ។

  • ការពង្រឹង​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​តាមរយៈ​ការផ្តោត​ទៅលើ​គេហដ្ឋាន កម្មវិធី​សិក្សា​ដែល​គាំទ្រ​ពី​សាសនាចក្រ ដែល​រួមចំណែក​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ​ដែល​ពោរពេញ​ដោយ​អំណរ ។

  • ការគោរព​ថ្ងៃ​ឈប់​សម្រាក​ដោយ​ផ្តោត​ទៅលើ​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ ។

  • ការជួយ​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ទាំង​នៅ​សង្ខាង​វាំងនន តាមរយៈ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ព្រមទាំង​ការទទួល​ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា និង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្តោត​លើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ

កាលវិភាគ​ថ្ងៃ​អាទិត្យ​នេះ​អនុញ្ញាត​ឲ្យ​មាន​ពេល​ច្រើន​សម្រាប់​រាត្រី​គ្រួសារ និង​សិក្សា​ដំណឹងល្អ​នៅ​គេហដ្ឋាន​នៅ​ថ្ងៃ​អាទិត្យ ឬ​នៅ​គ្រា​ផ្សេង​ទៀត​តាម​បុគ្គល​ម្នាក់ៗ និង​គ្រួសារ​អាច​ជ្រើសរើស ។ សកម្មភាពរាត្រី​គ្រួសារ​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​ចន្ទ ឬ​នៅ​ពេល​ផ្សេង​ទៀត ។ ដោយ​គោលបំណង​នេះ​ហើយ ទើប​ថ្នាក់​ដឹកនាំ​គួរតែ​បន្ត​រក្សា​ល្ងាច​ថ្ងៃ​ចន្ទ​ឲ្យ​ទំនេរ​ពី​ការប្រជុំ​សាសនាចក្រ និង​សកម្មភាព​នានា ។ ប៉ុន្តែ ម៉ោង​ដែល​បាន​ចំណាយ​នៅក្នុង​រាត្រី​គ្រួសារ ការសិក្សា​ដំណឹងល្អ និង​សកម្មភាព​នានា​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ អាច​ដាក់​កាលវិភាគ​ស្របទៅ​តាម​ស្ថានភាព​នីមួយៗ​របស់​ពួកគេ ។

រូបភាព
ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គលៗ និង​ក្រុមគ្រួសារ

ការសិក្សា​ដំណឹងល្អ​ជា​គ្រួសារ និង​បុគ្គល​ម្នាក់ៗ​នៅ​គេហដ្ឋាន​នឹង​ត្រូវ​បាន​លើក​កម្ពស់​យ៉ាង​ខ្លាំង តាមរយៈ​កម្មវិធី​សិក្សា​ដែល​ស្រប​គ្នា និង​ថ្មី​មួយ​គឺ ធនធាន ចូរ​មក​តាម​ខ្ញុំ សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ដែល​ត្រូវ​គ្នា​នឹង​អ្វី​ដែល​បាន​បង្រៀន​នៅថ្នាក់​សាលា​ថ្ងៃ​អាទិត្យ និង​ថ្នាក់​អង្គការ​បឋម​សិក្សា ។ នៅ​ខែ​មករា ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​យុវវ័យ និង​មនុស្ស​ពេញវ័យ ព្រមទាំង​ថ្នាក់​អង្គការ​បឋម​សិក្សា​របស់​សាសនាចក្រ​នឹង​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ ធនធាន​ថ្មី ចូរ​មក​តាម​ខ្ញុំ សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​សម្រាប់​សិក្សា​នៅ​គេហដ្ឋាន​នេះ—ក៏​មាន​ជា​ព្រះគម្ពីរ​សញ្ញា​ថ្មី—ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សមាជិក​ឲ្យ​រៀន​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន ។ វា​ពន្យល់​ថា ៖ « ធនធាន​នេះ​គឺ​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ទាំងអស់​នៅ​ក្នុង​សាសនាចក្រ ។ វា​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ [ យើង ] រៀន​ដំណឹងល្អ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង—ទោះ​ដោយ​ខ្លួន [ យើង ] ឬ​ជា​មួយ​ក្រុមគ្រួសារ [ យើង ] ក្ដី ។ គម្រោង​មេរៀន​នៅ​ក្នុង​ធនធាន [ ថ្មី ] នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​កាលវិភាគ…ប្រចាំ​សប្ដាហ៍ » ។

មេរៀន​នានា​នៅក្នុង ចូរ​មក​តាម​ខ្ញុំ សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា​ថ្មី ដែល​បង្រៀន​នៅ​ព្រះវិហារ​នឹង​ធ្វើ​តាម​កាលវិភាគ​ប្រចាំ​សប្តាហ៍​ដូច​គ្នា​នេះ​ផងដែរ ។ ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​មនុស្ស​ពេញវ័យ និង​យុវវ័យ​នៅ​សប្តាហ៍​ទី​មួយ និង​ទីបី​នឹង​មាន​ភាព​ត្រូវគ្នា ដើម្បី​ឲ្យ​វា​គាំទ្រ​ដល់​ធនធាន​ថ្មី ចូរ​មក​តាម​ខ្ញុំ នៅ​គេហដ្ឋាន ។ នៅ​សប្តាហ៍​ទីពីរ និង​ទី​បួន មនុស្ស​ពេញវ័យ​នៅក្នុង​បព្វជិតភាព និង​សមាគម​សង្គ្រោះ នឹង​បន្ត​សិក្សា​ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ជាមួយ​នឹង​ការសង្កត់​ធ្ងន់​លើ​សារលិខិត​ថ្មីៗ​ពី​ពួកព្យាការី​សម័យ​ទំនើប ។ យុវនារី និង​យុវជន​ក្នុង​បព្វជិតភាព​អើរ៉ុន​នឹង​សិក្សា​ប្រធាន​បទ​ដំណឹងល្អ​នៅ​ក្នុង​សប្តាហ៍​ទាំង​នោះ ។

ធនធាន​ថ្មី​សម្រាប់​សិក្សា​នៅ​គេហដ្ឋាន​នេះ​ផ្តល់ « គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ » ។ គម្រោង​មេរៀន​សម្រាប់​សប្តាហ៍​នីមួយៗ​មាន គំនិត​យោបល់ និង​សកម្មភាព​នានា​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ ធនធាន ចូរ​មក​តាម​ខ្ញុំ សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ក៏​មាន​រូបភាព​នានា​ដែល​នឹង​ជួយ​លើក​កម្ពស់​ការរៀន​សូត្រ​របស់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ជាពិសេស​សម្រាប់​កុមារ ។ ធនធានថ្មី​នេះ​នឹង​ត្រូវបាន​ផ្តល់​ជូន​ដល់​គ្រួសារ​នីមួយៗ​ត្រឹម​ខែ​ធ្នូ​ឆ្នាំ​នេះ ។

ដកស្រង់​ពី​សុន្ទរកថា​ដំបូង​របស់​លោក​ទៅកាន់​សមាជិក​សាសនាចក្រ​កាល​ពី​ខែ​មករា ប្រធាន​ណិលសុន​បាន​ដាស់តឿន​យើង​ឲ្យ​រៀបចំ​ខ្លួន សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​ដើរ​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។

ស្ថានភាព​នានា​នៃ​ពិភពលោក តម្រូវ​ឲ្យ​មាន​ការបង្កើន​នូវ​ការប្រែចិត្ត​ជឿ​ដ៏​រឹងប៉ឹង​របស់​បុគ្គល​ម្នាក់ៗ ហើយ​ពង្រឹង​សេចក្ដី​ជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​ដង្វាយធួន​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​រៀបចំ​យើង មួយ​បន្ទាត់​ម្តងៗ សម្រាប់​គ្រា​លំបាកៗ​ដែល​យើង​ប្រឈម​មុខ​ក្នុង​ពេល​នេះ ។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ព្រះអម្ចាស់​បាន​ដឹកនាំ​យើង​ឲ្យ​ដោះស្រាយ​កង្វល់​ធំៗ​ដែល​ទាក់ទង រួម​មាន ៖

  • ការគោរព​ថ្ងៃ​ឈប់​សម្រាក និង​ពិធី​បរិសុទ្ធ​ពិសិដ្ឋ​នៃ​សាក្រាម៉ង់​ដែល​ត្រូវបាន​គូស​បញ្ជាក់​ឡើង​វិញ​នៅ​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ។

  • ក្រោម​ការដឹកនាំ​របស់​ប៊ីស្សព កូរ៉ុម​អែលឌើរ និង​សមាគមសង្គ្រោះ​ដែល​បាន​ពង្រឹង បាន​ផ្តោត​ចិត្ត​ទុកដាក់​ទៅលើ​គោលបំណង និង​ការទទួល​ខុសត្រូវ​ដែល​បាន​ចាត់​មក​ពី​ព្រះ​នៃ​សាសនាចក្រ  និង​ការជួយ​សមាជិក​ឲ្យ​ចុះ និង​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ ។

  • ការងារ​បម្រើ​នៅក្នុង​មធ្យោបាយ​មួយ​កាន់តែ​ប្រសើរ​ឡើង និង​កាន់តែ​បរិសុទ្ធ​ត្រូវបាន​អនុវត្ត​ដោយ​អំណរ ។

  • ដោយ​ចាប់ផ្តើម​ជាមួយ​នឹង​ទស្សនៈវិស័យ​ដ៏​ច្បាស់លាស់ នោះ​សេចក្តីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ​កំពុង​ក្លាយ​ជា​ផ្នែក​មួយដ៏​រឹងមាំ​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។

ប៉ុន្តែ ការកែតម្រូវ​ដែល​បាន​ប្រកាស​នា​ព្រឹក​នេះ​គឺជា​ឧទាហរណ៍​មួយ​ផ្សេង​ទៀត​នៃ​ការណែនាំ​សម្រាប់​ឧបសគ្គ​នានា​នៃ​ជំនាន់​យើង​នេះ ។

កម្មវិធី​សិក្សា​ជា​ទម្លាប់​របស់​សាសនាចក្រ​បាន​គូស​បញ្ជាក់​អំពី​បទពិសោធន៍​នៅ​ព្រះវិហារ​នា​ថ្ងៃ​អាទិត្យ ។ យើង​ដឹង​ថា ពេល​យើង​មាន​ការបង្រៀន​កាន់តែ​ប្រសើរ ហើយ​សមាជិក​ថ្នាក់​បានរៀបចំ​ខ្លួន​ខាង​វិញ្ញាណ​កាន់តែ​ច្រើន នោះ​យើង​មាន​បទពិសោធន៍នៅ​ព្រះវិហារ​នា​ថ្ងៃ​អាទិត្យ​កាន់តែ​ប្រសើរ​ឡើង ។​ យើង​មាន​ពរ​ដែល​ជារឿយៗ ព្រះវិញ្ញាណ​បង្កើន និង​ពង្រឹង​ការប្រែចិត្ត​ជឿ​នៅក្នុង​មជ្ឈដ្ឋាន​សាសនាចក្រ ។

កម្មវិធីសិក្សា​ថ្មី​នេះ​ដែល​ផ្តោត​ទៅលើ​គេហដ្ឋាន និង​ការ​គាំទ្រ​ពី​សាសនាចក្រ ត្រូវតែមាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​លើ​ការគោរព​ប្រតិបត្តិ និង​ឥរិយាបថ​ខាង​សាសនា​លើ​គ្រួសារ និង​ផ្ទាល់​ខ្លួន ។ យើង​ដឹង​ថា ឥទ្ធិពល​ខាង​វិញ្ញាណ និង​ការប្រែចិត្ត​ជឿ​ដ៏​រឹងប៉ឹង និង​យូរ​អង្វែង​នោះ អាច​សម្រេច​បាន​នៅក្នុង​មជ្ឈដ្ឋាន​គ្រួសារ ។ ជាច្រើន​ឆ្នាំ​កន្លង​ទៅ ការសិក្សា​មួយ​បាន​រក​ឃើញ​ថា សម្រាប់​យុវជន និង​យុវនារី ភាគច្រើន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​កើតមក​ជារឿយៗ​ជាមួយ​ការសិក្សា​ផ្ទាល់​ខ្លួន និង​ការអធិស្ឋាន​នៅ​គេហដ្ឋាន ។ គោលបំណង​របស់​យើង​គឺ​ធ្វើ​ឲ្យ​មាន​តុល្យភាព​លើ​បទពិសោធន៍​ទាំង​នៅ​ព្រះវិហារ និង​នៅ​គេហដ្ឋាន ក្នុង​របៀប​មួយ​ដែល​នឹង​បង្កើន​សេចក្តីជំនឿ និង​ជីវភាព​ខាង​វិញ្ញាណ​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​ប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង​លើ​ព្រះវរបិតាសួគ៌ និង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

នៅក្នុង​ផ្នែក​នៃ​ការកែតម្រូវ​នេះ ដែល​ផ្តោត​ទៅលើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ នោះ​មាន​ភាព​បត់បែន​សម្រាប់​បុគ្គល និង​គ្រួសារ​នីមួយៗ ដើម្បី​កំណត់​អំពី​របៀប និង​ពេលវេលា​ដែល​ត្រូវ​អនុវត្ត​កម្មវិធី​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ។ ឧទាហរណ៍ ដោយសារ​កម្មវិធី​នេះ​នឹង​ផ្តល់​ពរ​កាន់តែ​ច្រើន​ដល់​គ្រួសារ​ទាំងអស់ ដោយ​ផ្អែក​លើ​តម្រូវការ​ក្នុង​មូលដ្ឋាន នោះ​វា​នឹង​មាន​អំណរគុណ​ទាំងស្រុង​សម្រាប់​យុវវ័យ​នៅ​លីវ មនុស្ស​ពេញវ័យ​នៅលីវ សមាជិក​គ្រួសារ​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ សមាជិក​ថ្មី ១០ និង​មនុស្ស​ដទៃ​ទៀត​ជួបជុំ​គ្នា​ជា​ក្រុមៗ​ក្រៅ​ពី​កម្មវិធី​ថ្វាយ​បង្គំ​ធម្មតា​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​រីករាយ​នឹង​ទំនាក់ទំនង​ក្នុង​ដំណឹងល្អ ហើយ​ត្រូវបាន​ពង្រឹង​តាមរយៈ​ការសិក្សា​ជាមួយ​គ្នា​នូវ​ធនធាន​ដែល​ផ្តោត​ទៅលើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ ។ ការណ៍​នេះ​អាច​សម្រេច​បាន​ដោយ​ក្រៅ​ផ្លូវការ​ពី​អស់​អ្នកដែល​មាន​បំណង​ធ្វើ​ដូច្នោះ ។

នៅក្នុង​ផ្នែក​ជា​ច្រើន​នៃ​ពិភពលោក សមាជិក​ជ្រើសរើស​បន្ត​នៅ​សាលា​ប្រជុំ បន្ទាប់​ពី​កាលវិភាគ​ធម្មតា​នៅ​ថ្ងៃ​អាទិត្យ​ចប់ ដើម្បី​រីករាយ​នឹង​ទំនាក់ទំនង​ជាមួយ​គ្នា ។ គ្មាន​អ្វី​មួយ​នៅក្នុង​ការប្រកាស​កែតម្រូវ​នេះ ដែល​នឹង​រំខាន​ដល់​ទម្លាប់​ដ៏​អស្ចារ្យ និង​ល្អ​នេះ​ក្នុង​ហេតុផល​ណា​មួយ​ឡើយ ។

ដើម្បី​ជួយ​សមាជិក​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក វួដ​មួយ​ចំនួន​រួច​ទៅ​ហើយ​បាន​ផ្ញើ​ព័ត៌មាន​តាម​អ៊ីម៉ែល ផ្ញើសារ​តាម​ទូរសព្ទ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅថ្ងៃ​ពាក់​កណ្តាល​សប្តាហ៍ ។ ដោយសារ​ការកែតម្រូវ​នេះ យើង​លើក​ទឹកចិត្តយ៉ាង​ខ្លាំង​ឲ្យ​ប្រើ​ទំនាក់ទំនង​បែប​នេះ ។ ការអញ្ជើញ​ទាំង​នេះ​នឹង​រំឭក​សមាជិក​អំពី​កាលវិភាគ​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​សម្រាប់​សប្តាហ៍​នោះ រួមមាន​ប្រធាន​បទ​មេរៀន​បន្ទាប់ និង​គាំទ្រ​ការបន្ត​ការ​សន្ទនា​អំពី​ដំណឹង​ល្អ​នៅ​គេហដ្ឋាន ។​ ក្រៅ​ពីនេះ ការប្រជុំ​សម្រាប់​មនុស្ស​ពេញវ័យ​នៅ​ថ្ងៃ​អាទិត្យ​ក៏​នឹង​ផ្តល់​ព័ត៌មាន​ដើម្បី​ទាក់ទង​ការសិក្សា​នៅ​ព្រះវិហារ និង​គេហដ្ឋាន​រៀងរាល់​សប្តាហ៍​ផងដែរ ។

ការប្រជុំ​សាក្រាម៉ង់ និង​អំឡុងពេល​រៀន​នឹង​តម្រូវ​ឲ្យ​មាន​ការពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ប្រាកដ​ថា អាទិភាព​ខាង​វិញ្ញាណ​ត្រូវបាន​សង្កត់​ធ្ងន់​ជាង​ទៅ​លើ​ដំណើរការ​ផ្នែក​រដ្ឋបាល ។ ឧទាហរណ៍ ការប្រកាស​នានា​អាច​ធ្វើ​ឡើង​ជា​ផ្នែក​មួយ​នៅក្នុង​ការអញ្ជើញ​នៅ​ថ្ងៃ​ពាក់កណ្តាល​សប្តាហ៍ ឬ​បោះពុម្ព​នៅលើ​ក្រដាស​កម្មវិធី ។ ខណៈ​ដែល​ការប្រជុំ​សាក្រាម៉ង់​គួរតែ​មាន​ការអធិស្ឋាន​បើក និង​បិទ នោះ​ការប្រជុំ​លើក​ទី​ពីរ​គ្រាន់តែ​មាន​ការអធិស្ឋាន​បិទ​ទៅ​បាន​ហើយ ។១១

ដូច​បាន​លើក​ឡើង​ពី​ខាង​ដើម កាលវិភាគ​ថ្មី​នៅ​ថ្ងៃ​អាទិត្យ​នេះ​នឹង​ពុំ​ទាន់​ចាប់ផ្តើម​ឡើង រហូត​ដល់​ខែ​មករា​ឆ្នាំ ២០១៩ ។ មាន​ហេតុផល​មួយ​ចំនួន​សម្រាប់​រឿង​នេះ ។ ហេតុផល​ពីរ​សំខាន់​បំផុត​នោះគឺ ទី​មួយ ដើម្បី​មាន​ពេល​ចែកចាយ​ធនធាន ចូរ​មក​តាម​ខ្ញុំ សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ហើយ​ហេតុផល​ទី​ពីរ​គឺ ដើម្បី​ទុក​ពេល​ឲ្យ​ប្រធាន​ស្តេក និង​ប៊ីស្សព​រៀបចំ​កាលវិភាគ​ប្រជុំ​ជាមួយ​នឹង​គោលដៅ​ឲ្យ​វួដ​កាន់តែ​ច្រើន​ជួបប្រជុំ​ពេល​ព្រឹកៗ​នៅ​ថ្ងៃ​ប្រជុំ​នោះ ។

ពេល​ថ្នាក់​ដឹកនាំ​បាន​ស្វែងរក​វិវរណៈ នោះ​ការណែនាំ​បាន​ទទួល​កាល​ពី​ពីរ​បី​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ ដើម្បី​ពង្រឹង​ការប្រជុំ​សាក្រាម៉ង់ គោរព​ថ្ងៃ​ឈប់​សម្រាក ហើយ​លើកទឹកចិត្ត និង​ជួយ​ឪពុក​ម្តាយ​ព្រមទាំង​បុគ្គល​ម្នាក់ៗ ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​ពួកគេ​ជា​ប្រភព​មួយ​នៃ​កម្លាំង​ខាង​វិញ្ញាណ និង​បង្កើន​សេចក្តីជំនឿ—ជា​កន្លែង​មួយ​នៃ​អំណរ និង​សុភមង្គល ។

ពរជ័យ​ដ៏​អស្ចារ្យ

តើ​ការកែតម្រូវ​ទាំង​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ? យើង​មាន​ទំនុក​ចិត្ត​ថា សមាជិក​នឹង​មាន​ពរ​ក្នុង​របៀប​នានា​ដ៏​អស្ចារ្យ ។ ថ្ងៃ​អាទិត្យ​អាច​ក្លាយ​ជា​ថ្ងៃ​មួយ​នៃ​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​នៅ​ព្រះវិហារ និង​នៅ​គេហដ្ឋាន ។ នៅពេល​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ចូលរួម​ក្នុង​ក្រុមប្រឹក្សា​គ្រួសារ ពង្សប្រវត្តិ ការងារ​បម្រើ ការបម្រើ ការថ្វាយ​បង្គំ​ផ្ទាល់ខ្លួន និង​ពេលវេលា​រីករាយ​ជាមួយ​គ្រួសារ នោះ​ថ្ងៃ​ឈប់​សម្រាក​នឹង​ក្លាយ​ជា​ថ្ងៃ​ដ៏​រីករាយ​ចិត្ត​ពិតប្រាកដ ។

រូបភាព
គ្រួសារ​ខាវ៉ាហូ

គ្រួសារ​មួយ​មក​ពី​ប្រទេស​ប្រេស៊ីល​គឺជា​សមាជិក​មួយ​ក្នុង​ស្តេក ដែល​ធនធាន​ថ្មី ចូរ​មក​តាម​ខ្ញុំ នេះ​ត្រូវបាន​ដាក់​ឲ្យ​សាកល្បង ។ ហ្វើណាន់ដូ​អ្នក​ត្រឡប់​ពី​បេសកកម្ម និង​ភរិយា​គាត់​ឈ្មោះ​ណាន់ស៊ី គឺជា​ឪពុកម្តាយ​មាន​កូន​បួន​នាក់​បាន​រាយការណ៍​ថា ៖ « នៅពេល​កម្មវិធី ចូរ​មក​តាម​ខ្ញុំ ត្រូវបាន​ណែនាំ​មក​ក្នុង​ស្តេក​យើង នោះ​ខ្ញុំ​មាន​ចិត្ត​រំភើប​ណាស់ ហើយ​ខ្ញុំ​បាន​គិត​ថា ‹ របៀប​ដែល​យើង​សិក្សា​ព្រះគម្ពីរ​នៅ​ផ្ទះ​នឹង​មាន​ការផ្លាស់ប្តូរ › ។ វា​ពិតជា​បាន​កើត​ឡើង​នៅក្នុង​ផ្ទះ​ខ្ញុំ​មែន ហើយ​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​សាសនាចក្រ ខ្ញុំ​បាន​ឃើញ​ថា វា​បានកើត​ឡើង​នៅ​ផ្ទះ​ផ្សេង​ទៀត​ដែរ ។… វា​បាន​ជួយ​យើង​ឲ្យ​ពិភាក្សា​អំពី​ព្រះគម្ពីរ​នៅ​ក្នុង​ផ្ទះ​របស់​យើង​ពិត​មែន ។ ភរិយា​ខ្ញុំ និង​ខ្ញុំ​មាន​ការយល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ប្រធាន​បទ​ដែល​បាន​សិក្សា ។… វា​បាន​ជួយ​យើង…បង្កើន​ចំណេះ​ដឹង​ខាង​ដំណឹង​ល្អ​របស់​យើង ហើយ​លើក​កម្ពស់​ដល់​សេចក្តីជំនឿ និង​ទីបន្ទាល់​របស់​យើង ។… ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ…ថា ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​បាន​បំផុសគំនិត​ឲ្យ​មាន​កម្មវិធី​នេះ ដូច្នោះ​ភាព​ខ្ជាប់ខ្ជួន និង​ការសិក្សា​គោលការណ៍ និង​គោលលទ្ធិ​ដែលមាន​នៅក្នុង​ព្រះគម្ពីរ​ប្រកប​ដោយ​ប្រសិទ្ធភាព នាំ​មក​នូវ​សេចក្តី​ជំនឿ ទីបន្ទាល់ និង​ពន្លឺ​កាន់តែ​ខ្លាំង​ឡើង​ដល់​គ្រួសារ…នៅក្នុង​ពិភពលោក​ដែល​កើន​នូវ​អំពើ​ទុច្ចរិត​នេះ » ។១២

នៅក្នុង​ស្តេក​នានា​ទូទាំង​ពិភពលោក​ដែល​បាន​សាកល្បង​កម្មវិធី​នេះ មាន​ការឆ្លើយ​តប​យ៉ាង​ពេញចិត្ត​ខ្លាំង​មួយ​ចំពោះ​ធនធាន​ថ្មី ចូរ​មក​តាម​ខ្ញុំ សម្រាប់​គេហដ្ឋាន​នេះ ។ សមាជិក​ជា​ច្រើន​បាន​រាយការណ៍​ថា ពួកគេ​បាន​រីកចម្រើន​ពី​ការអាន​ព្រះគម្ពីរ ទៅ​រក​ការសិក្សា​ព្រះគម្ពីរ​យ៉ាង​ពិតប្រាកដ ។ ពួកគេ​ក៏ទទួល​អារម្មណ៍​ដូច​គ្នា​នូវ​បទពិសោធន៍​ដែល​ជំរុញ​ឲ្យ​មាន​សេចក្តីជំនឿ និង​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​លើ​វួដ ។១៣

ការប្រែចិត្ត​ជឿ​ដ៏​រឹងប៉ឹង និង​យូរ​អង្វែង

គោលដៅ​នៃ​ការកែតម្រូវ​ទាំងនេះ​គឺ​ដើម្បី​ទទួល​បាន​ការប្រែចិត្ត​ជឿ​ដ៏​រឹងប៉ឹង និង​យូរ​អង្វែង​របស់​សមាជិក​ពេញវ័យ និង​ជំនាន់​ដែល​កំពុង​ពេញវ័យ ។ ទំព័រ​ទីមួយ​នៃ​ធនធាន​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​បាន​គូស​បញ្ជាក់​ថា ៖ « គោលបំណង​នៃ​ការ​រៀនសូត្រ និង​ការ​បង្រៀន​ដំណឹងល្អ​ទាំងអស់ គឺ​ដើម្បី​ធ្វើ​ឲ្យ​ការប្រែចិត្ត​ជឿ​របស់​យើង​មាន​កាន់តែ​ខ្លាំង​ឡើង ហើយ​ជួយ​យើង​ឲ្យ​ប្រែកាន់​តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ។… នេះ​មាន​ន័យ​ថា ជា​ការ​ពឹង​ផ្អែក​ទៅ​លើ​ព្រះគ្រីស្ទ​ដើម្បី​ផ្លាស់​ប្ដូរ​ដួងចិត្ត​របស់​យើង » ។១៤ ការណ៍​នេះ​ត្រូវបាន​ជួយ តាមរយៈ​ការឈោង​ទៅ​ជួយ « លើស​ពីនៅ​ក្នុង​ថ្នាក់​រៀន​ទៅ​ទៀត គឺ​ជួយ​ដល់​ដួង​ចិត្ត និង​ក្នុង​គេហដ្ឋាន​របស់​បុគ្គល​ម្នាក់ៗ ។ វា​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ដ៏​ខ្ជាប់​ខ្ជួន និង​ជាប្រចាំ​ថ្ងៃ ដើម្បី​យល់ ហើយ​រស់នៅ​តាម​ដំណឹងល្អ ។ ការប្រែចិត្តជឿ​ពិតប្រាកដ​តម្រូវ​ឲ្យ​មាន​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ។១៥

គោលដៅ​សំខាន់​បំផុត និង​ពរជ័យ​ដ៏​ធំធេង​នៃ​ការប្រែចិត្ត​ជឿ​ដ៏​រឹងប៉ឹង និង​យូរ​អង្វែង គឺ​ការទទួល​សេចក្តីសញ្ញា និង​ពិធិបរិសុទ្ធ​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​ដោយ​ស័ក្តិសម ។១៦

យើង​ទុកចិត្ត​បងប្អូន​ឲ្យ​ប្រឹក្សា​រួម​គ្នា ហើយ​ស្វែងរក​វិវរណៈ​ដើម្បី​អនុវត្ត​ការកែតម្រូវ​ទាំង​នេះ—​ដោយ​ពុំមើល​ហួស​ទីដៅ ឬ​ព្យាយាម​ដាក់​វិន័យ​តឹងរឹង​ឲ្យ​បុគ្គល​ម្នាក់ ឬ​ក្រុមគ្រួសារ​ឡើយ ។ ព័ត៌មាន​បន្ថែម​នឹង​ត្រូវបាន​ចែកចាយ​នៅក្នុង​ទំនាក់ទំនង​បន្ទាប់​ទៀត រួមមាន​លិខិត​គណៈប្រធាន​ទី​មួយ និង​ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ថា នៅក្នុង​ការពិភាក្សា​នៃ​ក្រុមប្រឹក្សា​គណៈប្រធាន​ទី​មួយ និង​កូរ៉ុមនៃ​ពួក​សាវក​ដប់​ពីរ​នាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​បន្ទាប់​ពី​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង បាន​ទូល​អង្វរ​សូម​វិវរណៈ​ពី​ព្រះអម្ចាស់ ដើម្បី​ចាប់ផ្តើម​ដំណើរ​ការ​ការកែតម្រូវ​ទាំង​នេះ នោះ​ពួកលោក​គ្រប់​រូប​បាន​ទទួល​ការបញ្ជាក់​ដ៏​មាន​ឥទ្ធិពល​មួយ ។ រ័សុល អិម ណិលសុន គឺជា​ប្រធាន និង​ព្យាការី​នៅរស់​របស់​យើង ។ ការប្រកាស​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ នឹង​នាំ​ឲ្យ​មាន​ពរជ័យ​ដ៏​ធំធេង ដល់​អស់​អ្នក​ដែល​ទទួល​យក​ការកែតម្រូវ​នានា​ដោយ​ចិត្ត​រំភើប ហើយ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​នឹង​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​ដែល​ខ្ញុំ​ធ្វើ​ជា​សាក្សី​យ៉ាង​រឹងមាំ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. រ័សុល អិម ណិលសុន « Opening Remarks » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨ ។

  2. យើង​ក៏​ដឹង​ផងដែរ​ថា នៅក្នុង​សង្គម​ទូទៅ​មួយ ព្រឹត្តិការណ៍​ធំៗ​បំផុត​ជាច្រើន​សម្រាប់​ព័ត៌មាន ការអប់រំ ហើយ​សូម្បី​តែ​ការកម្សាន្ត​ក្តី​ត្រូវបាន​បំព្រួញ​ខ្លី​គួរ​ឲ្យ​កត់សម្គាល់ ។

  3. កម្មវិធី​សិក្សា​នេះ​នឹង​មាន​ទាំង​ក្នុង​ទម្រង់​ឌីជីថល និង​បោះពុម្ព ។

  4. ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ( ឆ្នាំ ២០១៩ ) ទំព័រ vi ។

  5. សូមមើល « ចូរ​មក​តាម​ខ្ញុំ— សម្រាប់​កូរ៉ុម​អែលឌើរ និង សមាគមសង្គ្រោះ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១៤០ ។ ជំនួស​ឲ្យ​សប្តាហ៍​ទី​ពីរ និង​សប្តាហ៍ទី​បី នោះ​សារលិខិត​នៃ​សន្និសីទ​ទូទៅ​នឹង​ត្រូវបាន​ពិភាក្សា​នៅ​សប្តាហ៍​ទី​ពីរ និង​ទីបួន​វិញ ។

  6. សូមមើល ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ទំព័រ ៤ ។ បុគ្គលម្នាក់ៗ និង​ក្រុមគ្រួសារ​កំណត់​ពី​ផ្នែក​នៃ​ការសិក្សា​ដំណឹងល្អ​នៅ​គេហដ្ឋាន រាត្រី​គ្រួសារ និង​សកម្មភាព​គ្រួសារ​គឺជា​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ( ដែល​សមាជិក​ជា​ច្រើន​បាន​ហៅ​ថា រាត្រី​គ្រួសារ រួច​ទៅហើយ ) ។ ដោយសារ​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នឹង​ធ្វើ​ការសម្រេច​ចិត្ត​នេះ នោះ រាត្រី​គ្រួសារ និង រាត្រីជួបជុំ​ក្រុមគ្រួសារ គឺ​ត្រូវបាន​ប្រើ​មាន​ន័យ​ដូច​គ្នា​នៅក្នុង​ការកែតម្រូវ ដែល​បាន​ប្រកាស​នេះ ។

  7. សូមមើល ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ទំព័រ ២៩ ។

  8. សូមមើល រ័សុល អិម ណិលសុន « As We Go Forward Together » Liahona ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។

  9. សូមមើល ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ២.២ ។ ការទទួលខុសត្រូវ​ទាំងនេះ​ដែល​បាន​ចាត់​មក​ពី​ព្រះ រួមមាន « ការជួយ​ដល់​សមាជិក​ឲ្យ​រស់នៅ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ការប្រមូល​ពួកសាសន៍​អ៊ីស្រាអែល តាមរយៈ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ការមើល​ថែ​ដល់​ជន​ទ័លក្រ និង​ជន​ទុរគត៌ និង​ការធ្វើ​ឲ្យ​មរណជន​ទទួល​បាន​សេចក្ដីសង្គ្រោះ តាមរយៈ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ និង​ការធ្វើ​ពិធីបរិសុទ្ធ​ជំនួស​ទាំងឡាយ » ។ សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០ ដែលមាន​ដំណើរ​រឿង​នៃ​ការស្តារ​ឡើង​វិញ​នៃ​កូនសោ​សំខាន់ៗ ។

  10. សូម​ផ្តោត​ចិត្ត​ទុកដាក់​ជា​ពិសេស​ដល់​កុមារ​ដែល​មាន​ឪពុកម្តាយ​ពុំមែន​ជា​សមាជិក ឬ​ពុំ​បាន​ចូលរួម​ព្រះវិហារ​ជា​ទៀងទាត់ ។ អ្នក​នៅលីវ និង​មនុស្ស​ដទៃ​ទៀត​ក៏​អាច​ជួប​ជាមួយ​គ្រួសារ​មួយ ប្រសិនបើ​វា​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​ទាំងអស់​ដែល​មាន​កង្វល់ ។

  11. ជាទូទៅ ចម្រៀង និង​អធិស្ឋាន​បើក​ពុំ​មែន​ជា​ផ្នែក​នៃ​ការប្រជុំ​លើក​ទីពីរ​ទេ ។

  12. គ្រួសារ ហ្វើណាន់ដូ និង​ណាន់ស៊ី ឌឺ ខាវ៉ាហូ ប្រទេស​ប្រេស៊ីល ។

  13. បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ដែល​ចូលរួម​នៅក្នុង​គម្រោង​សាកល្បង​លើ​ការសិក្សា​ជា​មធ្យម​អំពី​ដំណឹងល្អ​កាន់តែ​ញឹកញាប់ និង​មាន​ការសិក្សា​ព្រះគម្ពីរ និង​ការពិភាក្សា​អំពី​ដំណឹងល្អ​នៅក្នុង​គេហដ្ឋាន កាន់តែ​ប្រកប​ដោយ​អត្ថន័យ ។ ពួកគេ​បាន​រាយការណ៍​ថា មាន​ការពិភាក្សា​ព័ត៌មាន​ដំណឹងល្អ​កាន់តែ​ច្រើន​ជាមួយ​គ្រួសារ និង​សមាជិក​វួដ ព្រមទាំង​មាន​អំណរគុណ​ដោយ​ការសិក្សា​បណ្តុំព្រះគម្ពីរ​ដូច​គ្នា​នឹង​គ្រួសារ​ពួកគេ​ដែរ ។ ជាពិសេស​រឿង​នេះ​កើត​ឡើង​យ៉ាង​ពិតប្រាកដ​ចំពោះ​យុវវ័យ ។

  14. ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ទំព័រ v សូមមើល​ផងដែរ កូរិនថូស​ទី ២ ៥:១៧ ។

  15. ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គលៗ និង​ក្រុមគ្រួសារ ទំព័រ v ។

  16. រ័សុល អិម ណិលសុន « As We Go Forward Together » ទំព័រ ៧ ។