ឆ្នាំ ២០១០-២០១៩
រឹងប៉ឹង ហើយ​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដី​ជំនឿ​ចំពោះ​ព្រះគ្រីស្ទ
ខែ តុលា ឆ្នាំ ២០១៨


រឹងប៉ឹង ហើយ​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដី​ជំនឿ​ចំពោះ​ព្រះគ្រីស្ទ

ដើម្បី​បន្ត​រឹងប៉ឹង ហើយ​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដី​ជំនឿ​ចំពោះ​ព្រះគ្រីស្ទ វា​តម្រូវ​ឲ្យ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទជ្រាប​ចូល​ទៅ​ក្នុង​ដួងចិត្ត និង​ព្រលឹង​របស់​មនុស្ស​ម្នាក់ ។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​គម្ពីរ​សញ្ញា​ចាស់ យើង​អាន​ពី​គ្រា​បន្ត​បន្ទាប់​គ្នា កាល​ដែល​កូនចៅ​អ៊ីស្រាអែល​បាន​គោរព​ដល់​សេចក្ដី​សញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះយេហូវ៉ា ហើយ​បាន​ថ្វាយ​បង្គំ​ទ្រង់ និង​នៅ​គ្រា​ផ្សេង​ទៀត ពួកគេ​បាន​បដិសេធ​សេចក្ដី​សញ្ញា​នោះ ហើយ​បាន​ថ្វាយ​បង្គំ​រូបព្រះ ឬព្រះបាល ។

រជ្ជកាល​ស្ដេច​អ័ហាប់​គឺជា​គ្រា​មួយ​នៃ​ការ​ក្បត់​សាសនា​នៅ​ភាគ​ខាង​ជើង​នគរ​អ៊ីស្រាអែល ។ មាន​គ្រា​មួយ ព្យាការី​អេលីយ៉ា​បាន​ទូល​ទៅ​ស្ដេច​អ័ហាប់​ឲ្យ​ប្រមូល​ប្រជាជន​អ៊ីស្រាអែល ក៏​ដូចជា​ពួកហោរា ឬ​ពួក​សង្ឃ​របស់​ព្រះបាល​នៅ​ភ្នំ​កើមែល ។ នៅ​ពេល​មនុស្ស​ម្នា​បាន​មក​ជុំ​គ្នា​ហើយ អេលីយ៉ា​បាន​ពោល​ទៅ​កាន់​ពួកគេ​ថា « តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់ស្ទើរ​នា​កណ្តាល​ផ្លូវ​ទាំង​២​នេះ ដល់​កាល​ណា​ទៀត ? [ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា « តើ​អ្នក​រាល់​គ្នា​នឹង​សម្រេច​ចិត្តទាំង​ស្រុង​នៅ​ពេល​ណា ? » ] បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះបាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិបត្តិ​តាម​ចុះ ។ តែ​ពួក​បណ្តាជន​មិន​បាន​ឆ្លើយ សូម្បី​១​ម៉ាត់​ឡើយ » ។ ដូច្នេះ អេលីយ៉ា​បាន​ណែនាំ​ថា ទាំង​លោក និង​ពួក​ហោរា​របស់​ព្រះបាល​សម្លាប់​កូន​គោ​ឈ្មោល​មួយ​ក្បាល ហើយ​ដាក់​វា​នៅ​លើ​ពំនូក​ឧស​នៅ​លើ​អាសនា​រៀងៗ​ខ្លួន ប៉ុន្តែ « កុំ​ឲ្យ​ដាក់​ភ្លើង​ឡើយ » ។ បន្ទាប់​មក « ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អំពាវនាវ​ដល់​ព្រះនាម​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ឯ​ក៏​ខ្ញុំ​នឹង​អំពាវនាវ​ដល់​ព្រះនាម​ព្រះយេហូវ៉ា​វិញ បើ​ព្រះ​ណា​ឆ្លើយ​មក​ដោយសារ​ភ្លើង​នោះ ចូរ​ឲ្យ​រាប់​ព្រះ​នោះ​ទុក​ជា​ព្រះ​ពិត​ចុះ ។ ពួក​បណ្តាជន​ទាំងឡាយ​ក៏​ឆ្លើយ​ឡើង​ថា ស្រួល​ហើយ » ។

បងប្អូន​នឹង​ចាំ​ថា ពួក​សង្ឃ​នៃ​ព្រះបាល​បាន​ស្រែក​ខ្លាំងៗ​ទៅ​កាន់​ព្រះ​ក្លែង​ក្លាយ​របស់​ពួកគេ​អស់​ជាច្រើន​ម៉ោង​ឲ្យ​បញ្ជូន​ភ្លើង​ចុះ​មក ប៉ុន្តែ​« គ្មាន​ឮ​សំឡេង ឬ​ចំឡើយ​ណា​ឆ្លើយ​សោះ ក៏​គ្មាន​អ្នក​ណា​ស្តាប់​ផង » ។ លុះ​ដល់​វេន​របស់​អេលីយ៉ា នោះ​លោក​បាន​ជួស​ជុល​អាសនានៃ​ព្រះអម្ចាស់​ដែល​បាន​រលំ ហើយ​បាន​ដាក់​ឧស និង​ដង្វាយ​នៅ​លើ​នោះ រួចហើយ​បាន​បង្គាប់​ថា ឲ្យ​ដង​ទឹក​មក​ចាក់​លើ​វា​ចំនួន​បី​ដង​មិនមែន​ម្តង​ទេ ។ ការណ៍​នោះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​អំណាច​ណា​មួយ​របស់​មនុស្ស​អាច​ដុត​ភ្លើង​ឲ្យ​ឆេះ​បាន​ឡើយ ។

« លុះ​ដល់​ពេល​ថ្វាយ​ដង្វាយ​ល្ងាច​នោះ ហោរា​អេលីយ៉ា​ក៏​ចូល​មក​ជិត​ទូល​ថា ឱ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ័ប្រាហាំ​នៃ​អ៊ីសាក ហើយ​នៃ​អ៊ីស្រាអែល សូម​ឲ្យ​មនុស្ស​បាន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ទ្រង់​ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល ហើយ​ថា ទូលបង្គំ​ជា​អ្នក​បម្រើ​ទ្រង់ ព្រម​ទាំង​ថា ទូលបង្គំ​បាន​ធ្វើ​ការ​ទាំង​នេះ​ដោយ​ស្តាប់​តាម​ព្រះបន្ទូល​ទ្រង់​ផង ។ …

ខណៈ​នោះ​ភ្លើង​នៃ​ព្រះយេហូវ៉ា​ក៏​ធ្លាក់​ចុះ​មក​បញ្ឆេះ​ដង្វាយ ព្រម​ទាំង​ឧស ថ្ម និង ធូលី​ដី ហើយ​ក៏​លិឍ​ទឹក​ដែល​នៅ​ក្នុង​ប្រឡាយ​អស់​ទៅ​ដែរ ។

កាល​ពួក​ជន​ទាំងឡាយ​បាន​ឃើញ នោះ​គេ​ក៏​ក្រាប​ផ្កាប់​មុខ​ពោល​ថា ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត​ហើយ » ។

នៅ​សព្វ​ថ្ងៃ​នេះ​អេលីយ៉ា​អាច​នឹង​ពោល​ថា ៖

  • ទោះ​ជាព្រះ​ជា​ព្រះវរបិតាសួគ៌​នៃ​យើង​មាន​ពិត ឬ​ក៏​ក្លែង​ក្លាយក្ដី ប៉ុន្តែ​ប្រសិន​បើ​ទ្រង់​មាន​ពិត សូម​ថ្វាយ​បង្គំទ្រង់ ។

  • ទោះជា​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះដ៏​ប្រោស​លោះដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​មនុស្ស​លោក ឬ​ក៏​ពុំ​មែន​ក្ដី ប៉ុន្តែ​ប្រសិន​បើ​ពិត​ជា​ទ្រង់​មែន សូម​ធ្វើ​តាម​ទ្រង់ ។

  • ទោះ​ជា​ព្រះគម្ពីរ​មរមន​គឺជា​បន្ទូល​នៃ​ព្រះ ឬ​ក៏​ពុំ​មែន​ក្ដី ប៉ុន្តែ​ប្រសិន​បើ​វា​ពិត នោះ​សូម « ចូល​ទៅ​ជិត​ព្រះ [ ដោយ​សិក្សា ហើយ ] ធ្វើ​តាម​សិក្ខាបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ » ។

  • ទោះ​ជា​យ៉ូសែប ស្ម៊ីធ​បាន​ឃើញ ហើយ​បាន​សន្ទនា​នឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា​នៅ​និទាឃ​រដូវ​នៃ​ឆ្នាំ ១៨២០ នោះ ឬ​ក៏​អត់​ក្ដី ប៉ុន្តែ​ប្រសិន​បើ​លោក​បាន​ឃើញ​មែន នោះ​សូម​ធ្វើ​តាម​ក្រមា​ព្យាការី​នោះ រួម​ទាំង​កូនសោ​នៃ​ការ​ផ្សារ​ភ្ជាប់​ដែល​ខ្ញុំ​ជា​អេលីយ៉ា​បាន​ប្រគល់​ដល់​លោក​ផង ។

នៅ​ក្នុង​សន្និសីទ​កាល​ពី​លើក​មុន ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា « បងប្អូន​ពុំ​ចាំបាច់​ឆ្ងល់​ថា តើ​អ្វី​គឺ​ពិត​នោះ​ទេ [ សូម​មើល មរ៉ូណៃ ១០:៥ ] ។ បងប្អូន​ពុំ​ចាំបាច់​ឆ្ងល់​ថា បងប្អូន​គួរ​ទុក​ចិត្ត​នរណា​ទើប​អាច​មាន​សុវត្ថិភាព​នោះ​ទេ ។ តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន បងប្អូន​អាច​ទទួល​សាក្សី​ដោយ​ផ្ទាល់​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​បន្ទូល​របស់​ព្រះ ថា​យ៉ូសែប ស៊្មីធ​គឺ​ជា​ព្យាការី ហើយ​ថា នេះ​គឺ​ជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ មិន​ថា​មនុស្ស​ដទៃ​និយាយ ឬ​ធ្វើ​អ្វី​នោះ​ទេ គ្មាន​នរណា​ម្នាក់​ដក​យក​សាក្សី​មួយ​ដែល​កើត​មាន​នៅ​ក្នុង​ដួង​ចិត្ត និង​គំនិត​របស់​បងប្អូន​អំពី​ការពិត​បាន​ឡើយ » ។

នៅ​ពេល​យ៉ាកុប​បាន​សន្យា​ថា ព្រះ « ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា » ដល់​អ្នក​ដែល​ស្វែង​រកព្រះ​បញ្ញា​ញាណ​របស់​ទ្រង់  នោះ​លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ៖

« តែ​ត្រូវ​ឲ្យ​អ្នក​នោះ សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ។ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ផាត់​ដោយ​ខ្យល់ ទាំង​រំពើក​ចុះ​ឡើង ។

« កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះអម្ចាស់​ឡើយ ។

ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត ២ ចេះ​តែ​សាវា​ក្នុង​គ្រប់​ទាំង​ផ្លូវ » ។​១០

ម្យ៉ាង​វិញ​ទៀត ព្រះអង្គ​សង្គ្រោះគឺជា​គំរូ​ដ៏​ឥត​ខ្ចោះ​នៃ​ស្ថេរភាព ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ទ្រង់​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ពី​ព្រោះ​ខ្ញុំ​ចេះ​តែ ធ្វើ​ការ ដែល​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ជា​ដរាប » ។១១ សូម​ពិចារណា​ពី​ការ​ពិពណ៌នា​ទាំង​នេះ​មក​ពី​បទគម្ពីរ​ស្ដីពី​បុរស និង​ស្ត្រី​ដែល​រឹងប៉ឹង ហើយ​ខ្ជាប់​ខ្ជួន​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ៖

ពួកគេ « បាន​ប្រែចិត្ត​ជឿ​ចំពោះ​សេចក្ដី​ជំនឿ​ពិត​ប៉ុណ្ណោះ ហើយ​ពួក​គេ​ពុំ​ចាក​ចេញ​ពី​សេចក្ដី​ជំនឿ​ពិត​ឡើយ ព្រោះ​ពួក​គេ​រឹងប៉ឹង និង​ខ្ជាប់ខ្ជួន និង​មុតមាំ ដោយ​សុខចិត្ត​ធ្វើ​ការ​ព្យាយាម​គ្រប់​យ៉ាង ដើម្បី​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ » ។១២

« គំនិត​គេ​រឹងប៉ឹង ហើយ​ពួក​គេ​ដាក់​ទី​ទុក​ចិត្ត​របស់​គេ​ទៅ​លើ​ព្រះ​រហូត » ។១៣

« ហើយ​មើល​ចុះ អ្នក​រាល់​គ្នា​ក៏​ដឹង​ដោយ​ខ្លួន​ឯង​យ៉ាង​នេះ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឃើញ​ការណ៍​នេះ​យ៉ាង​ច្បាស់​ថា ពួក​គេ​ជា​ច្រើន​ត្រូវ​បាន​នាំ​ឲ្យ​ស្គាល់​សេចក្ដី​ពិត …រឹងប៉ឹង និង​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ និង​នៅ​ក្នុង​ការ​ដែល​នាំ​មក​ឲ្យ​គេ​នូវ​សេរីភាព » ។១៤

« អ្នក​ទាំង​នោះ​ក៏​នៅ​តែ​ព្យាយាម​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវក ហើយ​ក្នុង​សេចក្តី​ប្រកប​គ្នា ព្រម​ទាំង​ការ​កាច់​នំបុ័ង និង សេចក្តី​អធិស្ឋាន​ផង » ។១៥

ដើម្បី​បន្ត​រឹងប៉ឹង ហើយ​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដី​ជំនឿ​ចំពោះ​ព្រះគ្រីស្ទ វា​តម្រូវ​ឲ្យ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជ្រាប​ចូល​ទៅ​ក្នុង​ដួងចិត្ត និង​ព្រលឹង​របស់​មនុស្ស​ម្នាក់ វា​មានន័យ​ថា ដំណឹងល្អ​ពុំមែន​គ្រាន់​តែ​ក្លាយ​ជា​ឥទ្ធិពល​មួយ​នៅ​ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់​នោះ​ទេ ប៉ុន្តែ​ក្លាយ​ជា​អាទិភាព​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត និង​បុគ្គលិក​លក្ខណៈ​របស់​គាត់ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖

« យើង​នឹង​ឲ្យ​ឯង​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ឯង​ដែរ យើង​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​ឯង​ចេញ រួច​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ ។

យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​នៅ​ក្នុង​ឯង​រាល់​គ្នា ហើយ​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ក្រឹត្យក្រម ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ។

« នោះ…ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​បាន​ជា​ព្រះ​ដល់​ឯង » ។១៦

នេះគឺជា​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​តាមរយៈពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង និង​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ពុំ​ទាន់​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ចូល​ទៅ​ក្នុង​ជីវិត​របស់​ពួកគេ​ពេញលេញ​នៅ​ឡើយ​ទេ ។ ដូចជា​ប៉ុល​បាន​ពោល​ថា ទោះ​ជា​ពួកគេត្រូវ « កប់​ជាមួយ​នឹង [ ព្រះគ្រីស្ទ ] ហើយ ដោយ​ទទួល​ជ្រមុជ » ក្ដី ក៏​ពួកគេ​នៅ​តែ​ខ្វះ​ផ្នែក​ដែល « ដូច​ជា​ព្រះគ្រីស្ទ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ … ដើម្បី​ឲ្យ​យើង​បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី [ មួយ ] » ដែរ ។​១៧ ដំណឹងល្អ​ពុំ​ទាន់​មាន​ន័យ​ចំពោះ​ពួកគេ​នៅ​ឡើយ ។ ពួកគេ​ពុំ​ទាន់​ផ្ដោត​សំខាន់​លើ​ព្រះគ្រីស្ទ​នៅ​ឡើយ ។ ពួកគេ​ជ្រើស​យក​គោលលទ្ធិ និង​បទបញ្ញត្តិ​ដែល​ពួកគេ​នឹង​ធ្វើ​តាម ព្រមទាំង​ទីកន្លែង និង​ពេលវេលា​ដែល​ពួកគេ​នឹង​បម្រើ​ក្នុង​សាសនាចក្រ ។ ផ្ទុយ​ទៅវិញ ការ​រក្សា​សេចក្ដី​សញ្ញា​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ជា « ពួក​រើស​តាំង ស្រប​តាម​សេចក្ដី​សញ្ញា » ១៨ ចៀស​ផុត​ពី​ការ​ឆបោក ហើយ​បន្ត​រឹងប៉ឹង​នៅ​ក្នុង​សេចក្ដី​ជំនឿ​ចំពោះ​ព្រះគ្រីស្ទ ។

យើង​ភាគច្រើន​ដឹង​ថា ខ្លួន​ឯង​ស្ថិត​នៅ​ក្នុង​ចន្លោះ​នៃ​ការ​ធ្វើ​តាម​ច្បាប់​ដំណឹងល្អ​ដោយ​សារ​តែ​ការ​លើក​ទឹក​ចិត្ត​របស់​សង្គម និង​ការ​អភិវឌ្ឍ​ការ​តាំង​ចិត្ត​ឲ្យ​បាន​ពេញ​លេញ​ដូចជា​ព្រះគ្រីស្ទ ដើម្បី​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ ។ នៅ​ត្រង់​ចំណុច​ណា​មួយ​នៃ​ចន្លោះ​នោះ សេចក្ដី​ល្អ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ចូល​ទៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ហើយ​គ្រប់​គ្រង​ព្រលឹង​របស់​យើង ។ វា​ប្រហែល​ជា​ពុំ​កើត​ឡើង​ភ្លាមៗ​នោះ​ទេ ប៉ុន្តែ​យើង​គ្រប់​គ្នា​គួរ​តែ​ដើរ​ឆ្ពោះទៅ​រក​ស្ថានភាព​ដ៏​មាន​ពរ​នោះ ។

វា​មាន​ការ​លំបាក ប៉ុន្តែ​វា​សំខាន់​ដើម្បី​បន្ត​រឹងប៉ឹង ហើយ​ខ្ជាប់​ខ្ជួន នៅ​ពេល​យើង​ដឹង​ថា ខ្លួន​ឯង​ត្រូវ​បាន​សម្រាំង « នៅ​ក្នុង​ឡ​នៃ​សេចក្ដី​វេទនា » ១៩ នូវ​អ្វី​មួយ​ដែល​មិន​យូរ​មិន​ឆាប់​នឹង​កើត​មាន​ចំពោះ​យើង​គ្រប់​គ្នា​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ ប្រសិន​បើ​គ្មាន​ព្រះ​ទេ បទពិសោធន៍​ដ៏​ខ្មៅ​ងងឹត​ទាំង​នេះ​មុខ​ជា​មាន​នូវ​ការ​ខូច​ចិត្ត ភាព​អស់​សង្ឃឹម និង​ភាព​ជូរ​ចត់ ។ ប្រសិន​បើ​មាន​ព្រះ នោះ​មាន​ការ​លួង​លោម​ចិត្ត​ជំនួស​ឲ្យ​ការ​ឈឺចាប់ ភាព​សុខ​សាន្ត​ជំនួស​ឲ្យ​ភាពចលាចល និង​សេចក្ដី​សង្ឃឹម​ជំនួស​ឲ្យ​ភាព​សោកសៅ ។ ការ​បន្ត​រឹងប៉ឹង ហើយ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ​ចំពោះ​ព្រះគ្រីស្ទ​នឹង​នាំ​មក​នូវ​ព្រះគុណ និង​ការ​គាំទ្រ​របស់​ទ្រង់​ឥតដាច់ ។២០ ទ្រង់​នឹង​បម្លែង​ការ​សាកល្បង​ទៅ​ជា​ពរជ័យ ហើយ​នៅ​ក្នុង​ពាក្យ​របស់​អេសាយ​គឺ « ចែក​ឲ្យ…បាន​ភួង​លំអ​ជំនួស​ផេះ » ។២១

ខ្ញុំ​សូម​លើក​ឡើង​នូវ​ឧទាហរណ៍​ចំនួន​បី​ដែល​ខ្ញុំ​បាន​ដឹង​ដោយ​ខ្លួន​ឯង ៖

មាន​ស្ត្រី​ម្នាក់​មាន​ជំងឺ​ដ៏​រ៉ាំរៃ​មួយ ទោះ​ជា​មាន​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ ការ​ប្រសិទ្ធពរ​បព្វជិតភាព ព្រមទាំង​ការតម​អាហារ និង​ការ​អធិស្ឋាន​ក្ដី ។ ប៉ុន្តែ​សេចក្ដី​ជំនឿ​របស់​នាង​លើ​អនុភាពនៃ​ការ​អធិស្ឋាន និង​ភាព​ពិត​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​នាង​ពុំ​ចុះ​ថយ​ឡើយ ។ នាង​បន្ត​បម្រើ​រៀង​រាល់​ថ្ងៃ ( ហើយ​ពេល​ខ្លះ​រាល់​ម៉ោង ) នៅ​ក្នុង​សាសនាចក្រ ហើយ​មើល​ថែ​គ្រួសារ​ក្មេង​ខ្ចី​ជាមួយ​នឹង​ស្វាមី​របស់​នាង ដោយ​ស្នាម​ញញឹម​តាម​ដែល​នាង​អាច​ធ្វើ​បាន ។ សេចក្ដី​មេត្តា​របស់​នាង​ចំពោះ​មនុស្ស​ដទៃ​មាន​ភាព​ជ្រាល​ជ្រៅ វា​សម្រាំង​ដោយ​កា​រ​រងទុក្ខ​របស់​នាង​ផ្ទាល់ ហើយ​ជា​រឿយៗ នាង​បំភ្លេច​បញ្ហា​របស់​នាង​នៅ​ក្នុង​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ។ នាង​បន្ត​ខ្ជាប់​ខ្ជួន ហើយ​មនុស្ស​ទូទៅ​មាន​ចិត្ត​រីករាយ ពេល​នៅ​ជិត​នាង ។

មាន​បុរស​ម្នាក់​ធំ​ដឹង​ក្ដី​ឡើង​នៅ​ក្នុង​សាសនាចក្រ គាត់​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ហើយ​បាន​រៀបការ​នឹង​ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់ ហើយ​គាត់​មាន​ការភ្ញាក់​ផ្អើល​នៅពេល​បងប្អូន​របស់​គាត់​មួយ​ចំនួន​បាន​ចាប់ផ្ដើម​និយាយ​រិះគន់​អំពី​សាសនាចក្រ និង​ព្យាការី យ៉ូសែប ស្ម៊ីធ ។ មួយ​រយៈក្រោយ​មក ពួកគេ​បាន​ចាក​ចេញ​ពី​សាសនាចក្រ ហើយ​ខិតខំ​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​ចេញ​តាម​ដែរ ។ ជារឿយៗ​អ្វី​ដែល​កើត​ឡើង​ក្នុង​ករណី​បែប​នេះ គឺ​ពួកគេ​បាន​វាយ​ប្រហារ​គាត់​ដោយ​ប្រើ​សំណេរ ផត​ខាស និង​វីដេអូ​ដែល​ផលិត​ឡើង​ដោយ​ពួក​អ្នក​រិះគន់ ដែល​ភាគច្រើន​ពួកគេ​គឺជា​អតីត​សមាជិក​ដែល​មាន​ការ​ខឹង​សម្បារ​នឹង​សាសនាចក្រ ។ បងប្អូន​របស់​គាត់​បាន​សើច​ចំអក​សេចក្ដីជំនឿ​របស់​គាត់ ដោយ​ប្រាប់​គាត់​ថា គាត់​ជា​មនុស្ស​ដែល​ងាយ​ជឿ ហើយ​ត្រូវ​គេ​បោក​បញ្ឆោត ។ គាត់​ពុំ​មាន​ចម្លើយ​សម្រាប់​រាល់​ការអះអាង​របស់​ពួកគេ​ទេ ហើយ​សេចក្ដី​ជំនឿ​របស់​គាត់​បាន​ចាប់ផ្ដើម​ងាក​រេ ដោយស្ថិត​នៅ​ក្រោមការ​ជំទាស់​ឥត​ឈប់​ឈរ ។ គាត់​បាន​ងឿង​ឆ្ងល់ថា តើ​គាត់​គួរ​ឈប់​ទៅ​ព្រះវិហារ​ឬ​យ៉ាង​ណា ។ គាត់​បាន​និយាយ​នឹង​ភរិយា​របស់​គាត់ ។ គាត់​បាន​និយាយ​នឹង​មនុស្ស​ដែល​គាត់​ទុក​ចិត្ត ។ គាត់​បាន​អធិស្ឋាន ។ នៅពេល​គាត់​ស្មឹងស្មាធ​នៅ​ក្នុង​គំនិត​ដ៏​ច្របូក​ច្របល់​នេះ នោះ​គាត់​បាន​នឹក​ចាំពី​គ្រា​ដែល​គាត់​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បាន​ទទួល​សាក្សី​មួយ​អំពី​សេចក្ដី​ពិត​តាមរយៈ​ព្រះវិញ្ញាណ ។ គាត់​បាន​សន្និដ្ឋាន​ថា « ប្រសិន​បើ​ខ្ញុំ​ស្មោះត្រង់​ចំពោះ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​សារភាព​ថា ព្រះវិញ្ញាណ​បាន​រំជួល​ដួង​ចិត្ត​ខ្ញុំ​ជា​ច្រើន​លើក ហើយ​ទីបន្ទាល់​អំពី​ព្រះវិញ្ញាណ​គឺ​មាន​ពិត » ។ គាត់​បាន​មាន​អារម្មណ៍​ថ្មី​មួយ​នៃ​សុភមង្គល និង​សេចក្ដី​សុខសាន្ត ដែល​វា​ក៏​កើត​មាន​ដល់​ភរិយា និង​កូនៗ​របស់​គាត់​ផង​ដែរ ។

មាន​ស្វាមី​ភរិយា​មួយ​គូ​ដែល​បាន​ធ្វើ​តាម​ការ​ប្រឹក្សា​របស់​បងប្អូន​ប្រុស​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​យ៉ាង​ទៀង​ទាត់ ហើយ​ដោយ​រីករាយ ប៉ុន្តែ​ពួកគេ​មាន​ភាព​សោកសៅ​ដោយសារ​តែ​ពួកគេ​ពិបាក​នឹង​មាន​កូន ។ ពួកគេ​បាន​ចំណាយ​ប្រាក់​ជាច្រើន​ជាមួយ​ពួក​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​មាន​សមត្ថភាព ហើយ​ក្រោយមក ពួកគេ​មាន​ពរ​ដោយ​មាន​កូន​ប្រុស​ម្នាក់ ។ ប៉ុន្តែ​ជា​អកុសល បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ទារក​នោះ​បាន​ជួប​នឹង​គ្រោះថ្នាក់​មួយ ដែល​វា​ពុំ​មែន​ជា​កំហុស​របស់​នរណា​ម្នាក់​ឡើយ ហើយ​វា​បាន​ធ្វើ​ឲ្យ​គាត់​លែង​ដឹង​ខ្លួន ដោយសារ​មាន​ការ​ប៉ះទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ខួរ​ក្បាល ។ គាត់​បាន​ទទួលការ​មើល​ថែ​យ៉ាង​ល្អ ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​ពុំ​អាច​ទាយ​ទុក​ថា​ស្ថានភាព​របស់​គាត់​នឹង​ទៅ​ជា​យ៉ាង​ណា​នា​ពេល​អនាគត​ឡើយ ។ កូន​ដែល​ស្វាមីភរិយា​មួយ​គូ​នេះ​បាន​ខិតខំ ហើយ​បាន​អធិស្ឋាន​យ៉ាង​ខ្លាំ​ង​ដើម្បី​នាំ​មក​កាន់​ពិភពលោក​នេះហាក់​ដូចជា​ត្រូវបាន​គេ​នាំ​យក​ទៅ​វិញ ទាំង​ពួកគេ​ពុំ​បាន​ដឹង​ថា គាត់​នឹង​វិល​ត្រឡប់​មក​រក​ពួកគេ​វិញ ឬ​ក៏​អត់​នោះ​ទេ ។ ឥឡូវ​នេះ ពួកគេ​ជួប​ភាព​ស្មុគស្មាញ​ដើម្បី​មើល​ថែដល់​សេចក្ដី​ត្រូវការ​ដ៏​ចាំបាច់​របស់​កូន​ពួកគេ ខណៈ​ដែល​ពួកគេ​ត្រូវ​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ​ផ្សេង​ទៀត ។ នៅ​ក្នុង​គ្រា​ដ៏​លំបាក​បំផុត​នេះ ពួកគេ​បាន​ងាក​ទៅ​រក​ព្រះអម្ចាស់ ។ ពួកគេ​បាន​ពឹង​ផ្អែក​ទៅ​លើ « នំប៉័ង​ប្រចាំ​ថ្ងៃ » ដែល​ពួកគេបាន​ទទួល​មក​ពី​ទ្រង់ ។ ពួកគេ​បាន​ទទួល​ជំនួយ​មក​ពី​មិត្ត​ភក្ដិ និង​គ្រួសារ​ដែល​មាន​ចិត្ត​មេត្តា ហើយ​បាន​ពង្រឹង​តាមរយៈ​ការ​ប្រសិទ្ធពរ​បព្វជិតភាព ។ ពួកគេ​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា ឥឡូវ​នេះ​​សាមគ្គីភាព​របស់​ពួកគេប្រហែល​ជា​​មាន​ភាព​ស៊ីជម្រៅ ហើយ​មា​នភាព​ពេញលេញ​ជាង​ពេល​ណាៗ​ទាំងអស់ ។

នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​១៨៣៧ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​មួយ​ដល់ ថូម៉ាស ប៊ី ម៉ាស ដែល​កាល​នោះ លោក​គឺជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។ វា​រួម​មាន​ដូច​ខាង​ក្រោមនេះ ៖

« ហើយ​ចូរ​អធិស្ឋាន​ឲ្យ​ពួក​បង​ប្អូន​របស់​អ្នក​ក្នុង​ពួក ១២ នាក់។ ចូរ​ព្រមាន​ដាស់តឿន​ដល់​ពួក​គេ​ដោយ​តឹង​រឹង ដោយ​យល់​ដល់​ព្រះ​នាម​របស់​យើង ហើយ​ចូរ​ឲ្យ​ពួក​គេ​ទទួល​ការ​ព្រមាន​ដាស់តឿន​ចំពោះ​អំពើ​បាប​ទាំង​អស់​របស់​ពួក​គេ ហើយ​ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស្មោះត្រង់ ចំពោះ​ព្រះ​នាម​របស់​យើង នៅ​ចំពោះ​យើង​ចុះ។

« ហើយ​បន្ទាប់​ពី​សេចក្ដី​ល្បួង និង​សេចក្ដី​វេទនា​ជា​ច្រើន​របស់​ពួក​គេ មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់​នឹង​រាវរក​ពួក​គេ ហើយ​បើ​សិន​ជា​ពួក​គេ​មិន​ពង្រឹង​ចិត្ត​របស់​ពួក​គេ ហើយ​ធ្វើ​ក្បាល​រឹងរូស​ទាស់​នឹង​យើង​ទេ នោះ​ពួក​គេ​នឹង​ត្រូវ​បាន​ប្រែ​ចិត្ត​ជឿ ហើយ​យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា » ។២២

ខ្ញុំ​ជឿ​ថា គោលការណ៍​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​អនុវត្ត​ចំពោះ​យើង​គ្រប់​គ្នា ។ ការ​ល្បួង និង​ទុក្ខ​វេទនា​ដែល​យើង​មាន រួម​ទាំង​ការ​សាកល្បង​នានា​ដែល​ព្រះអម្ចាស់​ទត​ឃើញ​ថា វា​ចំបាច់​ចំពោះ​យើង អាច​ដឹកនាំ​ទៅ​រក​ការ​ប្រែ​ចិត្ត​ជឿ​ពេញលេញ​របស់​យើង និង​ការ​ព្យាបាល ។ ប៉ុន្តែ​ការណ៍​នេះ​កើត​ឡើង ដរាប​ណា​យើង​ពុំ​មាន​ចិត្ត​រឹង​រូស ឬ​ពង្រឹង​ក​របស់​យើង​ទាស់​នឹង​ទ្រង់ ។ ប្រសិន​បើ​យើង​បន្ត​រឹងប៉ឹង ហើយ​ខ្ជាប់​ខ្ជួន ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ នោះ​យើង​សម្រេច​បាន​នូវ​ការ​ប្រែ​ចិត្ត​ជឿ​ដែល​ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ នៅ​ពេល​ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពេត្រុស​ថា « កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចម្រើន​ឲ្យ​បង​ប្អូន​អ្នក​បាន​ខ្ជាប់ខ្ជួន​ឡើង » ២៣ ជា​ការ​ប្រែ​ចិត្ត​ជឿ​មួយ​ដ៏​ពេញលេញ ដែល​ត្រូវតែ​សម្រេច​ឲ្យ​បាន ។ ការ​ព្យាបាល​ដែល​បាន​សន្យា​គឺជា​ការ​លាង​សម្អាត និង​ការ​ធ្វើ​ឲ្យ​បរិសុទ្ធ​ដល់​ព្រលឹង​របស់​យើង​ដែល​បាន​រង​របួស​ដោយ​អំពើបាប ដោយ​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ ។

ខ្ញុំ​នៅ​ចាំ​ពី​ពាក្យ​ទូន្មាន​របស់​អ្នក​ម្ដាយ​យើង​ប្រាប់​ថា « ញ៉ាំ​បន្លែ​ឲ្យ​ច្រើន ទើប​កូន​មាន​សុខភាព​ល្អ » ។ ពួកគាត់​និយាយ​ត្រូវ ហើយ​នៅ​ក្នុង​បរិបទ​នៃ​ភាព​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ នោះ​ការ « ញ៉ាំ​បន្លែ​ឲ្យ​ច្រើន » គឺជា​ការ​អធិស្ឋាន​ជា​ទៀង​ទាត់ ការ​ទទួល​ទាន​បទគម្ពីរ​ប្រចាំ​ថ្ងៃ ការបម្រើ និង​ការថ្វាយ​បង្គំ​នៅក្នុង​សាសនាចក្រ ការទទួល​ទាន​សាក្រាម៉ង់​ដោយ​ស័ក្ដិសម​រាល់​សប្ដាហ៍ ការ​ស្រឡាញ់​អ្នក​ជិត​ខាង និង​ការផ្ទុក​ឈើ​ឆ្កាង​របស់​បងប្អូន​ក្នុង​ការ​គោរព​ប្រតិបត្តិ​ចំពោះ​ព្រះ​រៀង​រាល់​ថ្ងៃ ។២៤

សូម​ចងចាំ​ការ​សន្យា​នេះ​ជានិច្ច​ថា រឿង​ល្អៗ​នឹង​កើត​មាន​ឡើង ទាំង​នៅ​ពេល​នេះ និង​បន្ទាប់​ពី​ជីវិត​នេះ ចំពោះ​អស់​អ្នក​ដែល​រឹង​ប៉ឹង ហើយ​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដី​ជំនឿ​ចំពោះ​ព្រះគ្រីស្ទ ។ សូម​ចងចាំ​ពី « ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​សេចក្ដី​អំណរ​នៃ​ពួក​បរិសុទ្ធ » ។២៥ « ឱ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ទាំង​អស់​គ្នា​អើយ ចូរ​ងើប​ក្បាល​ឡើង ហើយ​ទទួល​ព្រះ​បន្ទូល​ដ៏​ផ្អែមល្ហែម​នៃ​ព្រះ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចុះ ព្រោះ​បើ​សិន​ជា​អ្នក​មាន​គំនិត​រឹងប៉ឹង នោះ​អ្នក​នឹង​បាន​ទទួល​ការណ៍​ទាំង​នេះ​ដរាប​ត​ទៅ » ។២៦ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។