ឆ្នាំ ២០១០-២០១៩
ការលើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ
ខែ តុលា ឆ្នាំ ២០១៨


ការលើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ

សូម​ឲ្យ​យើង​យក​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដាក់​លើ​ខ្លួន​យើង​ដោយ​ស្មោះត្រង់—តាមរយៈ​ការ​មើល​មនុស្ស​ដូច​ទ្រង់​ទត​មើល​ពួកគេ តាមរយៈ​ការបម្រើ​ដូច​ទ្រង់​បាន​បម្រើ និង​តាមរយៈ​ការទុកចិត្ត​ថា ព្រះគុណ​របស់​ទ្រង់​គឺ​មាន​ល្មម​គ្រប់គ្រាន់ ។

បងប្អូន​ប្រុស​ស្រី ថ្មីៗ​នេះ ពេល​ខ្ញុំ​កំពុង​ពិចារណា​អំពី​ភារកិច្ច​របស់​ប្រធាន រ័សុល អិម ណិលសុន អំពី​ការហៅ​សាសនាចក្រ​តាម​ឈ្មោះ​ដែល​បាន​បើក​សម្តែង នោះ​ខ្ញុំ​បាន​មើល​គម្ពីរ​ត្រង់​កន្លែង​ដែល​ព្រះអង្គសង្គ្រោះ​ត្រាស់​បង្គាប់​ពួកសាសន៍​នីហ្វៃ​អំពី​ឈ្មោះ​របស់​សាសនាចក្រ ។ ពេល​ខ្ញុំ​អាន​បន្ទូល​របស់​ព្រះអង្គសង្គ្រោះ នោះ​ខ្ញុំ​ចាប់​អារម្មណ៍​អំពី​របៀប​ដែល​ទ្រង់​ក៏​បាន​ប្រាប់​ប្រជាជន​ថា « អ្នក​រាល់​គ្នា​ត្រូវ​យក​ព្រះ​នាម​ព្រះ​គ្រីស្ទ​ដាក់​លើ​ខ្លួន » ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មើល​ខ្លួន​ឯង ហើយ​សួរ​ថា « តើ​ខ្ញុំ​កំពុង​យក​ព្រះ​នាម​ព្រះអង្គសង្គ្រោះ​ដាក់​លើ​ខ្លួន​ខ្ញុំ ដូច​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​ដែរ​ឬ​ទេ ? » ថ្ងៃ​នេះ ខ្ញុំ​ចង់​ចែកចាយ​ការបំផុស​គំនិត​មួយ​ចំនួន ដែល​ខ្ញុំ​បាន​ទទួល​នៅក្នុង​ចម្លើយ​ចំពោះ​សំណួរ​ខ្ញុំ ។

ទីមួយ ដើម្បី​លើក​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះនាម​ព្រះគ្រីស្ទ វា​មាន​ន័យ​ថា យើង​ព្យាយាម​ដោយ​ស្មោះត្រង់​ដើម្បី​មើល​មនុស្ស​ដូច​ទ្រង់​ទត​មើល​ពួកគេ ។ តើ​ទ្រង់​ព្រះតម្រិះ​ពី​មនុស្ស​ដោយ​របៀប​ណា ? យ៉ូសែប ស៊្មីធ មាន​ប្រសាសន៍​ថា « ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​កំពុង​វិនិច្ឆ័យ និង​ថ្កោលទោស​មនុស្ស​ដទៃ​ដោយ​គ្មាន​ក្តីមេត្តា នោះ​ព្រះវរបិតា​ដ៏​អស្ចារ្យ​នៃ​សាកល​លោក​ទត​មើល​គ្រួសារ​មនុស្ស​ជាតិ​ទាំងអស់​ដោយ​ការមើល​ថែ និង​ក្តីរាប់​អាន​ប្រកប​ដោយ​ភាព​ជា​ឪពុក ដ្បិត « ក្តីស្រឡាញ់​របស់​ទ្រង់ [ គឺ ] ធំធេង​ណាស់ » ។

ពីរ​បី​ឆ្នាំ​កន្លង​ទៅ បងស្រី​ខ្ញុំ​បាន​ស្លាប់ ។ គាត់​មាន​ការលំបាក​ក្នុង​ជីវិត​គាត់ ។ គាត់​មាន​ភាពស្មុគស្មាញ​អំពី​ដំណឹងល្អ ហើយ​ពុំ​សូវ​សកម្ម​ទេ ។ ស្វាមី​គាត់​បាន​បោះបង់​អាពាហ៍ពិពាហ៍​ពួកគេ ហើយ​ចេញ​ពី​គាត់​ដោយ​ទុក​ឲ្យ​គាត់​ចិញ្ចឹម​កូន​បួន​នាក់ ។ នា​ល្ងាច​ថ្ងៃ​ដែល​គាត់​ទទួល​មរណភាព នៅក្នុង​បន្ទប់​មួយ​ដែល​មាន​វត្តមាន​កូនៗ​របស់​គាត់ ខ្ញុំ​បាន​ផ្តល់​ការប្រសិទ្ធពរ​ឲ្យ​គាត់​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​ស្ថានសួគ៌​វិញ​ប្រកប​ដោយ​ភាពសុខសាន្ត ។ នៅគ្រា​នោះ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​ថ្លែង​យ៉ាង​ច្រើន​ជា​ញឹក​ញាប់​អំពី​ជីវិត​បងស្រី​ខ្ញុំ​ដោយ​គិត​តែ​អំពី​ការសាកល្បង និង​ភាព​អសកម្ម​របស់​គាត់ ។ ពេល​ខ្ញុំ​ដាក់​ដៃ​លើ​ក្បាល​គាត់​នា​ល្ងាច​នោះ ខ្ញុំ​បាន​ទទួល​ការស្តីបន្ទោស​យ៉ាង​ខ្លាំង​ពី​ព្រះវិញ្ញាណ ។ ខ្ញុំ​ត្រូវបាន​ប្រាប់​ឲ្យ​ដឹង​ជា​ប្រាកដ​អំពី​សេចក្តីល្អ​របស់​គាត់ ហើយ​ធ្វើ​ខ្ញុំ​ឲ្យ​ឃើញ​គាត់​ដូច​ព្រះ​ទ្រង់​ទត​ឃើញ​គាត់—គឺ​គាត់​ពុំ​មែន​ជា​បុគ្គល​ម្នាក់​ដែល​មាន​ភាពស្មុគស្មាញ​អំពី​ដំណឹងល្អ និង​លំបាក​ក្នុង​ជីវិត​ទេ ប៉ុន្តែ​គាត់​ជា​បុគ្គល​ដែល​ត្រូវតែ​ជម្នះ​លើ​ឧបសគ្គ​លំបាកៗ​ដែល​ខ្ញុំ​ពុំ​ធ្លាប់​មាន ។ ខ្ញុំ​បាន​ឃើញ​ថា គាត់​គឺ​ជា​ម្តាយ​ដ៏​អស្ចារ្យ​មួយ​រូប​ដែល​បាន​ចិញ្ចឹម​កូន​ដ៏​ស្រស់​ស្អាត​បួន​នាក់​គឺ​ជា​កូន​ដ៏​ប្រពៃ ទោះបី​មាន​ឧបសគ្គ​យ៉ាង​ណា​ក្តី ។ ខ្ញុំ​បាន​ឃើញ​ថា គាត់​គឺ​ជា​មិត្ត​ម្នាក់​របស់​ម្តាយ​យើង​ដែល​បាន​ឆ្លៀត​ពេល​មើល​ថែ និង​ធ្វើ​ជា​ដៃគូ​នឹង​ម្តាយ​យើង បន្ទាប់​ពី​ឪពុក​យើង​បាន​ចែកឋាន​ទៅ ។

អំឡុងពេល​ល្ងាច​ចុង​ក្រោយ​នៃ​ជីវិត​របស់​បងស្រី​ខ្ញុំ ខ្ញុំ​ជឿ​ថា ព្រះ​បាន​សួរ​ខ្ញុំ​ថា « តើ​អ្នក​ពុំ​អាច​មើល​ឃើញ​ថា មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​អ្នក​គឺជា​មនុស្ស​ពិសិដ្ឋ​ទេ​ឬ​អី ? »

ព្រិកហាំ យ៉ង់ បាន​បង្រៀន ៖

« ខ្ញុំ​ចង់​បង្រៀន​ពួក​បរិសុទ្ធ…ឲ្យ​យល់​អំពី​បុរស និង​ស្ត្រី​ថា តើ​ពួកគេ​គឺ​ជា​មនុស្ស​បែប​ណា ហើយ​ពុំ​មែន​យល់​ពី​ពួកគេ​តាម​ការយល់​ឃើញ​របស់​អ្នក​នោះ​ទេ » ។

ជារឿយៗ​គេ​បាន​និយាយ​ថា—‹ បុគ្គល​នេះ​បាន​ធ្វើ​ខុស ហើយ​គាត់​ពុំ​អាច​ក្លាយ​ជា​ពួកបរិសុទ្ធ​ឡើយ › ។… យើង​ឮ​មនុស្ស​មួយ​ចំនូន​និយាយ​ពាក្យ​ប្រមាថ និង​កុហក…[ ឬ ] រំលង​ថ្ងៃ​ឈប់​សម្រាក ។… សូម​កុំ​វិនិច្ឆ័យ​បុគ្គល​បែប​នេះ ដ្បិត​អ្នក​ពុំ​ដឹង​ពី​ការរៀបចំ​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​ពួកគេ​ឡើយ ។… [ ផ្ទុយ​ទៅ​វិញ ] ចូរ​អត់​ធ្មត់​នឹង​ពួកគេ » ។

តើ​បងប្អូន​ណា​ម្នាក់​អាច​ស្រមៃ​ឃើញ​ព្រះអង្គសង្គ្រោះ​ទុក​ឲ្យ​បងប្អូន និង​បន្ទុក​របស់​បងប្អូន​កើត​ឡើង​ដោយ​ទ្រង់​ពុំ​ដឹង​ដែរ​ឬ​ទេ ? ព្រះអង្គ​សង្គ្រោះ​បាន​ទត​មើល​ពួក​សាសន៍​សាម៉ារី មនុស្ស​កំផិត អ្នក​យក​ពន្ធ មនុស្ស​ឃ្លង់ មនុស្ស​ឆ្កួត និង​មនុស្ស​មាន​បាប​ដោយ​ការយល់​ឃើញ​ដូចគ្នា ។ ពួកគេ​ទាំងអស់​គ្នា​គឺ​ជា​បុត្រ​របស់​ព្រះវរបិតាសួគ៌ ។ ហើយ​ពួកគេ​ទាំងអស់​អាច​ត្រូវបាន​ប្រោសលោះ ។

តើ​បងប្អូន​អាច​ស្រមៃ​ឃើញ​ថា ទ្រង់​ងាក​ចេញ​ពី​បុគ្គល​ដែល​មាន​ចម្ងល់​អំពី​កន្លែង​របស់​ពួកគ​នៅក្នុង​នគរ​ព្រះ ឬ​ទ្រង់​ងាក​ចេញ​ឆ្ងាយ​ពី​បុគ្គល​ដែល​ត្រូវ​រង​ទុក្ខ​ដោយ​ហេតុ​ណា​ផ្សេង​ទៀត​ដែរ​ឬ​ទេ ? ខ្ញុំ​ពុំ​អាច​ស្រមៃ​ឃើញ​ទេ ។ នៅក្នុង​ព្រះនេត្រ​នៃ​ព្រះគ្រីស្ទ ព្រលឹង​គ្រប់​រូប​គឺ​មាន​តម្លៃ​ពុំ​អាច​កាត់​ថ្លៃ​បាន​ឡើយ ។ គ្មាន​នរណា​ម្នាក់​ត្រូវបាន​តាក់តែង​ពីមុន​កើត​មក​ឲ្យ​បរាជ័យ​នោះ​ទេ ។ ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​អាច​មាន​ដល់​មនុស្ស​ទាំង​អស់ ។

តាមរយៈ​ការស្តី​បន្ទោស​របស់​ព្រះ​វិញ្ញាណ​នៅ​ក្បែរ​គ្រែ​ដេក​របស់​បងស្រី​ខ្ញុំ នោះ​ខ្ញុំ​បាន​រៀន​មេរៀន​ដ៏​អស្ចារ្យ​មួយ​ថា ៖ ពេល​យើង​មើល ដូច​ទ្រង់​ទត​មើល នោះ​យើង​នឹង​សម្រេច​បាន​នូវ​គោលដៅ​ពីរ—គឺ​ការប្រោសលោះ​នៃ​អស់​អ្នក​ដែល​យើង​ទាក់ទង និង​ការប្រោសលោះ​ខ្លួន​យើង ។

ទីពីរ ដើម្បី​លើក​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះនាម​ព្រះ​គ្រីស្ទ យើង​ពុំ​គ្រាន់តែ​មើល​មនុស្ស​ដូច​ទ្រង់​ទត​មើល​ពួកគេ​នោះ​ទេ យើង​ថែម​ទាំង​ត្រូវ​ធ្វើ​កិច្ចការ​ទ្រង់ ហើយ​បម្រើ​ដូច​ទ្រង់​បាន​បម្រើ​ផងដែរ ។ យើង​រស់នៅ​តាម​ក្រឹត្យវិន័យ​ធំ​ពីរ ចុះចូល​នឹង​ព្រះទ័យ​ព្រះ ប្រមូល​សាសន៍​អ៊ីស្រាអែល ហើយ​ឲ្យ​ពន្លឺ​យើង « ភ្លឺ​នៅ​មុខ​មនុស្ស​លោក » ។១០ យើង​ទទួល ហើយ​រស់នៅ​តាម​សេចក្តី​សញ្ញា និង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​នៃ​សាសនាចក្រ​ទ្រង់​ដែល​បាន​ស្តារ​ឡើង​វិញ ។១១ ពេល​យើង​ធ្វើ​បែប​នេះ ព្រះ​ប្រទាន​អំណាច​ដល់​យើង​ដើម្បី​ផ្តល់​ពរ​ដល់​ខ្លួន​យើង គ្រួសារ និង​ជីវិត​មនុស្ស​ដទៃ​ទៀត ។១២ សូម​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​ស្គាល់​នរណា​ម្នាក់​ដែល​ពុំ​ត្រូវការ​អំណាច​នៃ​ស្ថានសួគ៌​ក្នុង​ជីវិត​របស់​ពួកគេ​ដែរ​ឬ​ទេ ? »

ព្រះ​នឹង​ធ្វើ​ការអស្ចារ្យ​ក្នុង​ចំណោម​ពួកយើង ពេល​យើង​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ។១៣ យើង​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​តាមរយៈ​ការបន្សុទ្ធ​ចិត្ត​យើង ។១៤ យើង​បន្សុទ្ធ​ចិត្ត​យើង នៅពេល​យើង​ស្តាប់​ទ្រង់ ១៥ ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង ១៦ បាន​ប្រែ​ចិត្ត​ជឿ ១៧ ហើយ​ស្រឡាញ់ ដូច​ទ្រង់​ស្រឡាញ់ ។១៨ ព្រះអង្គ​សង្គ្រោះ​បាន​សួរ​យើង​ថា « ដ្បិត​បើ​អ្នក​រាល់គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច់​អ្វី? » ១៩

ថ្មីៗ​នេះ ខ្ញុំ​បាន​រៀន​អំពី​បទពិសោធន៍​នៅក្នុង​ជីវិត​អែលឌើរ ជេម អ៊ី ថាល់មេហ្គ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​អំពី​របៀប​ដែល​ខ្ញុំ​ស្រឡាញ់ និង​បម្រើ​អស់​អ្នក​នៅ​ជុំវិញ​ខ្ញុំ ។ កាល​ជា​សាស្ត្រាចារ្យ​វ័យ​ក្មេង ពីមុន​គាត់​ក្លាយ​ជា​សាវក នៅក្នុង​អំឡុង​ពេល​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារ​ការផ្ទុះ​នូវ​ជំងឺ​ខាន់ស្លាក់​ក្នុង​ឆ្នាំ ១៨៩២ អែលឌើរ ថាល់មេហ្គ បាន​ជួប​គ្រួសារ​មួយ​ដែល​លោក​ពុំ​ស្គាល់ ដែល​ពុំមែន​ជា​សមាជិក​សាសនាចក្រ បាន​រស់នៅ​ក្បែរ​លោក ហើយ​កំពុង​កើត​ជំងឺ​នោះ ។ គ្មាន​នរណា​ម្នាក់​ចង់​ប្រថុយ​ខ្លួន​ទៅ​ក្នុង​ផ្ទះ​អ្នក​ជំងឺ​ទាំង​នោះ​ឡើយ ។ ប៉ុន្តែ អែលឌើរ​ថាល់មេហ្គេ​បាន​ទៅ​ផ្ទះ​គ្រួសារ​នោះ​ភ្លាម ។ លោក​បាន​ឃើញ​ក្មេង​បួន​នាក់ ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​ពីរ​ឆ្នាំ​កន្លះ​បាន​ស្លាប់​នៅលើ​គ្រែ ក្មេង​ស្រី​អាយុ​ប្រាំ​ឆ្នាំ និង​ក្មេង​ប្រុស​អាយុ​ដប់​ឆ្នាំ​កំពុង​ឈឺ​ចាប់​យ៉ាង​ខ្លាំង ព្រម​ទាំង​ក្មេងស្រី​អាយុ​ដប់​បី​ឆ្នាំ​ម្នាក់​ទៀត​ដែល​ទន់ខ្សោយ ។ ឪពុក​ម្ដាយ​កំពុង​ឈឺចាប់​ជាមួយ​នឹង​ក្តី​សោកសៅ ហើយ​នឿយហត់ ។

អែលឌើរ​ថាល់មេហ្គ​បាន​រៀបចំ​ក្មេង​ដែល​ស្លាប់ ហើយ​មើល​ថែ​អ្នក​នៅ​រស់ បោស​សម្អាត​ផ្ទះ បោក​សម្លៀកបំពាក់​ប្រឡាក់ ហើយ​ដុត​កម្រាល​ជួត​ជើង​កខ្វក់​ដែល​មាន​មេរោគ​នោះ​ចោល ។ លោក​បាន​ធ្វើការ​ពេញ​មួយ​ថ្ងៃ ហើយ​ក្រោយ​មក​បាន​ត្រឡប់​ទៅ​វិញ​នៅ​ព្រឹក​បន្ទាប់​ទៀត ។ ក្មេង​ប្រុស​អាយុ​ដប់​ឆ្នាំ​បាន​ស្លាប់​នៅ​អំឡុង​យប់​នោះ ។ លោក​បាន​លើក ហើយ​បី​ក្មេង​ស្រី​អាយុ​ប្រាំ​ឆ្នាំ​នោះ ។ នាង​បាន​ក្អក​ចេញ​មក​មាន​ស្លេស​លាយ​ឈាម​ប្រឡាក់​ពេញ​មុខ និង​សម្លៀកបំពាក់​លោក ។ លោក​កត់ត្រា​ថា « ខ្ញុំ​ពុំ​អាច​ដាក់​នាង​ចុះ​ពី​ដៃ​ខ្ញុំ​ឡើយ » ហើយ​លោក​បាន​បី​នាង​រហូត​ដល់​នាង​បាន​ស្លាប់​នៅក្នុង​រង្វង់​ដៃ​លោក ។ លោក​បាន​ជួយ​កប់​សព​ក្មេង​ទាំង​បី ហើយ​រៀបចំ​អាហារ និង​បោក​សម្លៀកបំពាក់​ឲ្យ​គ្រួសារ​ដ៏​សោក​សង្រែង​នេះ ។ ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ បងប្រុស​ថាល់មេហ្គ​បាន​បោះ​សម្លៀកបំពាក់​គាត់​ចោល ងូត​ទឹក​ដោយ​ប្រើ​សូលុយស្យុង​ស័ង្កសី ញែក​ខ្លួន​គាត់​នៅ​ដោយ​ឡែក​ពី​គ្រួសារ​គាត់ ហើយ​បាន​កើត​ជំងឺ​នោះ​កម្រិត​ស្រាល ។២០

មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​យើង​ប្រឈម​មុខ​នឹង​បញ្ហា ។ ពួកបរិសុទ្ធ​យក​ព្រះនាម​ព្រះអង្គសង្គ្រោះ​ដាក់​លើ​ខ្លួន​ពួកគេ តាមរយៈ​ការប្រែ​ជា​បរិសុទ្ធ និង​ផ្តល់​ការងារ​បម្រើ​ដល់​មនុស្ស​ទាំង​អស់​ដោយ​មិន​គិត​ពី​ទីកន្លែង ឬ​ថា​ពួកគេ​ជា​នរណា​ឡើយ—នៅពេល​យើង​ធ្វើ​ដូច្នេះ​យើង​នឹង​សង្គ្រោះ​ជីវិត​ជាច្រើន ។២១

ចុងក្រោយ ខ្ញុំ​ជឿ​ថា ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ទ្រង់​គឺ​យើង​ត្រូវ​ទុកចិត្ត​ទ្រង់ ។ នៅក្នុង​ការប្រជុំ​មួយ​ដែល​ខ្ញុំ​បាន​ចូលរួម​នៅ​ថ្ងៃ​អាទិត្យ យុវនារី​ម្នាក់​បាន​សួរ​សំណួរ​មួយ​ដូចនេះ ៖ « ថ្មីៗ​នេះ មិត្ត​ប្រុស​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ចែក​ផ្លូវ​គ្នា ហើយ​គាត់​បាន​ជ្រើសរើស​ចាកចេញ​ពី​សាសនាចក្រ ។ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​ពុំ​ធ្លាប់​សប្បាយ​ជាង​នេះ​ទេ ។ តើ​រឿង​នេះ​វា​កើត​ឡើង​ដូចម្តេច​ទៅ ? »

ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយ​សំណួរ​នេះ នៅពេល​ទ្រង់​មាន​បន្ទូល​ទៅ​ពួកសាសាសន៍​នីហ្វៃ​ថា « ប៉ុន្តែ ប្រសិនបើ [ ជីវិត​របស់​អ្នក ] ពុំ​បាន​សង់​លើ​ដំណឹង​ល្អ​របស់​យើង​ទេ ហើយ​បាន​សង់​លើ​កិច្ចការ​ទាំងឡាយ​របស់​មនុស្ស ឬ​ក៏​លើ​កិច្ចការ​ទាំងឡាយ​របស់​អារក្ស​វិញ នោះ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា [ អ្នក​នឹង ] បាន​សេចក្ដី​អំណរ​នៅ​ក្នុង​កិច្ចការ​ទាំង​ឡាយ [ របស់​អ្នក ] មួយ​រដូវ​តែ​ប៉ុណ្ណោះ ហើយ​មិន​យូរ​មិន​ឆាប់ ទី​បញ្ចប់​នឹង​មក​ដល់ » ។២២ គ្មាន​អំណរ​យូរ​អង្វែង​នៅក្រៅ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។

ប៉ុន្តែ នៅ​ឯ​ការប្រជុំ​នោះ ខ្ញុំ​បាន​គិត​អំពី​មនុស្ស​ល្អ​ជាច្រើន ខ្ញុំ​ស្គាល់​បុគ្គល​ដែល​មាន​ការលំបាក​ជាមួយ​បន្ទុក​ដ៏​ធំ និង​បទបញ្ញត្តិ​នានា​ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្មុគស្មាញ​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា « តើ​ព្រះអង្គសង្គ្រោះ​អាច​ថ្លែង​អ្វី​ទៀត​ទៅ​កាន់​ពួកគេ ? »២៣ ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​សួរ​ថា « តើ​អ្នក​ទុកចិត្ត​យើង​ដែរ​ឬ​ទេ ? »២៤ ចំពោះ​ស្ត្រី​ដែល​មាន​បញ្ហា​ធ្លាក់​ឈាម ទ្រង់​បាន​មាន​បន្ទូល​ថា « សេចក្តីជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខសាន្ត​ចុះ » ។២៥

ខគម្ពីរ​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្ត​គឺ យ៉ូហាន ៤:៤ ដែល​ចែង​ថា « ហើយ​ទ្រង់​ត្រូវ​តែ​យាង​កាត់​ស្រុក​សាម៉ារី » ។

ហេតុអ្វី​ខ្ញុំ​ចូលចិត្ត​ខគម្ពីរ​នេះ ? ដោយសារ​ព្រះយេស៊ូវ​ពុំ ត្រូវ យាង​កាត់​ស្រុក​សាម៉ារី​ឡើយ ។ ពួកសាសន៍​យូដា​នៅ​ជំនាន់​ទ្រង់​ស្អប់​សាសន៍​សាម៉ារី​ណាស់ ហើយ​បាន​ធ្វើ​ដំណើរ​វាង​ចេញ​ពី​ស្រុក​សាម៉ារី ។ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​រើស​ទៅ​ទីនោះ​វិញ​ដើម្បី​ប្រកាស​ដល់​ពិភពលោក​ទាំងមូល​ជា​លើក​ដំបូង​ថា ទ្រង់​គឺ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា​ថា​នឹង​យាង​មក ។ សម្រាប់​សារលិខិត​នេះ ទ្រង់​ពុំ​គ្រាន់តែ​រើស​យក​ក្រុម​មនុស្ស​ដែល​គេ​បោះបង់​ចោល​ប៉ុណ្ណោះ​ទេ តែ​សូម្បី​តែ​ស្ត្រី​ម្នាក់​ផងដែរ—ហើយ​ពុំមែន​គ្រាន់តែ​ជា​ស្ត្រី​ទេ តែ​ជា​ស្ត្រី​ដែល​រស់​ក្នុង​អំពើ​បាប​ផង—នៅ​គ្រា​នោះ​មនុស្ស​បាន​ចាត់ទុក​ស្ត្រី​ថា តូចទាប​បំផុត ។ ខ្ញុំ​ជឿ​ថា ព្រះយេស៊ូវ​បាន​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​ពួកយើង​ម្នាក់ៗ​អាច​យល់​ជានិច្ច​ថា សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​គឺ​ធំ​ជាង​សេចក្តីខ្លាច របួស ការញៀន មន្ទិលសង្ស័យ ការល្បួង អំពើបាប គ្រួសារ​បែកបាក់ ការបាក់​ទឹកចិត្ត និង​ការថប់បារម្ភ​របស់​យើង ជំងឺ​រាំរ៉ៃ ភាព​ក្រីក្រ ការរំលោភបំពាន អស់សង្ឃឹម និង​ភាព​ឯកោ​របស់​យើង ។២៦ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​មនុស្ស​ទាំងអស់​ដឹង​ថា គ្មាន​អ្វី ហើយ​គ្មាន​នរណា​ម្នាក់​ដែល​ទ្រង់​ពុំ​អាច​ព្យាបាល និង​រំដោះ​ឲ្យ​ទៅ​កាន់​អំណរ​អស់កល្ប​ឡើយ ។២៧

ព្រះគុណ​របស់​ទ្រង់​គឺ​មាន​ល្មម​គ្រប់គ្រាន់ ។២៨ ទ្រង់​តែ​អង្គ​ឯង​បាន​យាង​ចុះ​មក​ក្រោម​អ្វីៗ​ទាំងអស់ ។ អំណាច​នៃ​ដង្វាយធួន​របស់​ទ្រង់​គឺ​ជា​អំណាច​ដើម្បី​យក​ឈ្នះ​លើ​បន្ទុក​នានា​នៅក្នុង​ជីវិត​យើង ។២៩ សារលិខិត​អំពី​ស្ត្រី​នៅ​ឯ​អណ្តូង​ទឹក​គឺ​ថា ទ្រង់​ជ្រាប​ពី​ស្ថានភាព​នៃ​ជីវិត​យើង ៣០ ហើយ​ថា យើង​អាច​ដើរ​ជាមួយ​ទ្រង់​ជានិច្ច មិន​ថា​យើង​ជា​នរណា​នោះ​ទេ ។ ទៅកាន់​ស្ត្រី​នោះ និង​ពួកយើង​ម្នាក់ៗ ទ្រង់​មាន​បន្ទូល​ថា « អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ [ នឹង​ត្រឡប់ ] ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ​ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច » ។៣១

នៅក្នុង​ការធ្វើ​ដំណើរ​នៃ​ជីវិត​នេះ ហេតុអ្វី​អ្នក​បែរ​ចេញ​ពី​ព្រះអង្គសង្គ្រោះ​តែ​មួយ​អង្គ​ដែល​មាន​គ្រប់​ព្រះចេស្តា​ទាំងអស់​ដើម្បី​ព្យាបាល និង​រំដោះ​អ្នក​ដូច្នេះ ? ការបង់​ថ្លៃ​អ្វី​ក៏​ដោយ​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ទុកចិត្ត​ទ្រង់​គឺ​ស័ក្តិសម​ណាស់ ។ បងប្អូន​ប្រុសស្រី​អើយ ចូរ​យើង​ជ្រើសរើស​ដើម្បី​បង្កើន​សេចក្តីជំនឿ​យើង​លើ​ព្រះវរបិតា និង ព្រះអង្គសង្គ្រោះ​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ដោយ​ស្មោះអស់​ពី​ព្រលឹង​ខ្ញុំ ខ្ញុំសូម​ថ្លែងទីបន្ទាល់​ថា សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជា​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ ដែល​បាន​ដឹកនាំ​ដោយ​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន​រស់ តាមរយៈព្យាការី​ពិត ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​នឹង​យក​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដាក់​លើ​ខ្លួន​យើង​ដោយ​ស្មោះត្រង់—តាមរយៈ​ការ​មើល​មនុស្ស​ដូច​ទ្រង់​ទត​មើល​ពួកគេ តាមរយៈ​ការបម្រើ​ដូច​ទ្រង់​បាន​បម្រើ និង​តាមរយៈ​ការទុកចិត្ត​ថា ព្រះគុណ​របស់​ទ្រង់​គឺ​មាន​ល្មម​គ្រប់គ្រាន់​ដើម្បី​រំដោះ​យើង​ឲ្យ​ទៅ​ផ្ទះ​វិញ និង​ទៅរក​អំណរ​អស់កល្ប ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើល នីហ្វៃ​ទី ៣ ២៧:៣–៨ ។

  2. សូមមើល នីហ្វៃ​ទី ៣ ២៧:៥–៦ សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ និង​សេចក្តីសញ្ញា​នៃ​ពិធីសាក្រាម៉ង់ ។

  3. សូមមើល ដាល្លិន អេក អូក His Holy Name ( ឆ្នាំ ១៩៩៨ ) សម្រាប់​ការសិក្សា​ឲ្យ​យល់​ដឹង​អំពី​ការលើក​ដាក់​លើ​ខ្លួន​យើង និង​ធ្វើ​ជា​ទីបន្ទាល់​អំពី​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  4. សូមមើល ម៉ូសាយ ៥:២–៣ ។ ផ្នែក​នៃ​ការផ្លាស់ប្តូរ​ដ៏​ធំ​នៅក្នុង​ចិត្ត​ក្នុង​ចំណោម​ប្រជាជន​ស្តេច​បេនយ៉ាមីន​ដែល​បាន​លើក​ដាក់​លើ​ខ្លួន​ពួកគេ​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ​គឺ​ថា ភ្នែក​របស់​ពួកគេ​បាន​បើក​ឡើង​ទៅ​កាន់ « ទស្សនវិស័យ​ដ៏​អស្ចារ្យ » ។ អស់​អ្នក​ដែល​គ្រង​នគរ​សេឡេស្ទាល​ទុក​ជា​មរតក​គឺ​ជា​បុគ្គល​ទាំង​ឡាយ​ណា​ដែល « មើល​ឃើញ​ដូច​ជា​ពួក​គេ​ត្រូវ​បាន​មើល​ឃើញ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៩៤ ) ។

  5. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៣៩ ។

  6. Brigham Young នៅក្នុង Journal of Discourses នាទី ៨:៣៧ ។

  7. Discourses of Brigham Young sel. John A. Widtsoe ( ឆ្នាំ ១៩៥៤ ) ទំព័រ ២៧៨ ។

  8. សូមមើល នីហ្វៃ​ទី ៣ ១៧:៧ ។

  9. សូមមើល យ៉ូហាន ៣:១៤–១៧; កិច្ចការ ១០:៣៤; នីហ្វៃ​ទី ១ ១៧:៣៥; នីហ្វៃ​ទី ២ ២៦:៣៣; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០:៤១–៤២; ម៉ូសេ ១:៣៩ ។ អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ក៏​បាន​បង្រៀន​ដែរ​ថា ៖ « ដោយ​ទំនុកចិត្ត យើង​ថ្លែង​ទីបន្ទាល់​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​រំពឹង​រង់ចាំ​ជាមុន ហើយ​នៅ​ទីបំផុត នឹង​បង់​សង​រាល់​ការខូចខាត ការខ្វះខាត និង​ការបាត់បង់​ទាំងអស់​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ងាក​ទៅរក​ទ្រង់ ។ គ្មាន​នរណា​ម្នាក់ ត្រូវបាន​កំណត់​វាសនា​មក​ឲ្យ​ទទួល​តិច​ជាង​អ្វីៗ​ទាំងអស់ ដែល​ព្រះវរបិតា​មាន​សម្រាប់​កូនចៅ​របស់​ទ្រង់​នោះទេ » ( « Why Marriage, Why Family » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥២ ) ។

  10. សូមមើល ម៉ាថាយ ៥:១៤–១៦, ២២:៣៥–៤០, ម៉ូសាយ ៣:១៩, គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥០:១៣–១៤, ១៣៣:៥ សូមមើល​ផងដែរ រ័សុល អិម ណិលសុន « The Gathering of Scattered Israel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧៩–៨១ ។

  11. សូមមើល លេវីវិន័យ ១៨:៤; នីហ្វៃ​ទី ២ ៣១:៥–១២; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១:១២–១៦; ១៣៦:៤; មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៣–៤ ។

  12. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:២០–២១; ១១០:៩ ។

  13. សូមមើល យ៉ូស្វេ ៣:៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:១៦ សូមមើល​ផងដែរ យ៉ូហាន ១៧:១៩ ។ ព្រះអង្គ​សង្គ្រោះ​បាន​ញែក​ព្រះអង្គ​ទ្រង់​ជា​បរិសុទ្ធ​ដើម្បី​មាន​ព្រះចេស្តា​ប្រទាន​ពរ​ដល់​យើង ។

  14. សូមមើល ហេលេមិន ៣:៣៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ១២:៦–៩; ៨៨:៧៤ ។

  15. សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៧ បទបញ្ញត្តិ​ដំបូង​ដែល​ព្រះ​បាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ស៊្មីធ នៅក្នុង​ការនិមិត្ត​ដំបូង សូមមើល​ផងដែរ នីហ្វៃ​ទី ២ ៩:២៩, នីហ្វៃ​ទី ៣ ២៨:៣៤ ។

  16. សូមមើល ម៉ាកុស ១:១៥, កិច្ចការ ៣:១៩, អាលម៉ា ៥:៣៣, ៤២:២២–២៣, គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៤–២០ ។ សូម​ពិចារណា​អំពី​ការស្មឹងស្មាធ​ពីរ​នេះ​ស្តីពី​អំពើ​បាប​ផងដែរ ។ ទីមួយ ហុង នីប្លី សរសេរ​ថា ៖ « អំពើ​បាប​គឺ​ជា​សម្រាម ។ វា​ជា​ការធ្វើ​អ្វី​មួយ ខណៈដែល​អ្នក​គួរតែ​ធ្វើ​អ្វី​មួយ​ផ្សេង​ទៀត និង​កិច្ចការ​ដែល​ប្រសើរ​ជាង​ដែល​អ្នក​មាន​សមត្ថភាព​ធ្វើ » ( Approaching Zion, ed. Don E. Norton [ ឆ្នាំ ១៩៨៩ ] ទំព័រ ៦៦ ) ។ ម្តាយ​របស់ ចន វែស្លី គឺ​លោកស្រី សូសាន វែស្លី បាន​សរសេរ​ទៅ​កូន​ប្រុស​គាត់​ថា ៖ « ចូរ​ប្រកាន់​ច្បាប់​នេះ ។ អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ហេតុផល​របស់​កូន​ទន់ខ្សោយ ធ្វើ​ឲ្យ​ភាព​រឹងប៉ឹង​នៃ​មនសិការ​ទន់ខ្សោយ បិតបាំង​ការយល់​ដឹង​របស់​កូន​ពី​ព្រះ ឬ​ធ្វើ​ឲ្យ​ការរីករាយ​ខាង​វិញ្ញាណ​របស់​កូន​អន់ថយ…អ្វី​ក៏​ដោយ​ដែល​បង្កើន…អំណាច​រូបកាយ​លើ​គំនិត នោះ​គឺ​ជា​អំពើ​បាប​ចំពោះ​កូន ទោះ​វា​មើល​ទៅ​ដូចជា​មិន​អី​ក៏​ដោយ ក៏​វា​អាច​ជា​អំពើបាប​ដែរ » ( Susanna Wesley: The Complete Writings ed. Charles Wallace Jr. [ ឆ្នាំ ១៩៩៧ ] ទំព័រ ១០៩ ) ។

  17. សូម​មើល លូកា ២២:៣២; នីហ្វៃ​ទី ៣ ៩:១១,២០ ។

  18. សូមមើល យ៉ូហាន ១៣:២–១៥, ៣៤ ។ នៅ​យប់​មុន​ការ​ធ្វើ​ដង្វាយធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​លាង​ជើង​ឲ្យ​សិស្ស​ម្នាក់​ដែល​ក្បត់​ទ្រង់ និង​សិស្ស​ម្នាក់​ទៀត​ដែល​បដិសេធ​ទ្រង់ និង​សិស្ស​ផ្សេង​ទៀត​ដែល​ដេក​លង់លក់​ក្នុង​គ្រា​ដែល​ទ្រង់​ត្រូវការ​ពួកគេ​ខ្លាំង​បំផុត ។ ទ្រង់​បាន​បង្រៀន​ថា « ខ្ញុំ​ឲ្យ​សេចក្ដីបញ្ញត្តិ​មួយ​ថ្មី​ដល់​អ្នករាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញទៅមក ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់​គ្នា​ដែរ » ។

  19. ម៉ាថាយ ៥:៤៦ ។

  20. សូមមើល John R. Talmage T he Talmage Story: Life of James E. Talmage—Educator, Scientist, Apostle ( ឆ្នាំ ១៩៧២ ) ទំព័រ ១១២–១១៤ ។

  21. សូមមើល អាលម៉ា ១០:២២–២៣; ៦២:៤០ ។

  22. នីហ្វៃទី ៣ ២៧:១១ ។

  23. នៅក្នុង ម៉ាថាយ ១១:២៨–៣០ ព្រះអម្ចាស់​មាន​បន្ទូល​ថា ៖ « អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក » ។… ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។ ក៏​សូម​ពិចារណា​ផងដែរ កូរិនថូស​ទី ២ ១២:៧–៩ ៖ ប៉ុល​បាន​ពិពណ៌នា​ការរងទុក្ខ​ក្នុង​របៀប​ដ៏​មាន​ឥទ្ធិពល​មួយ​ថា « បន្លា​នៅក្នុង​សាច់ » ដែល​លោក​បាន​អធិស្ឋាន​សូម​ឲ្យ​វា​ត្រូវបាន​ដកចេញ ។ ព្រះគ្រីស្ទ​មាន​បន្ទូល​ទៅ​លោក​ថា « គុណ​របស់​យើង​ល្មម​ដល់​អ្នក​ហើយ ដ្បិត​កម្លាំង​យើង​បាន​ពេញ​ខ្នាត​ដោយ​សេចក្តី​កម្សោយ » ។ សូមមើល​ផងដែរ អេធើរ ១២:២៧ ។

  24. សូមមើល ម៉ូសាយ ៧:៣៣; ២៩:២០; ហេលេមិន ១២:១; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៤:៨៧ ។

  25. សូមមើល លូកា ៨:៤៣–៤៨; ម៉ាកុស ៥:២៥–៣៤ ។ ស្ត្រី​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម​ត្រូវការ​ជំនួយ​យ៉ាង​ខ្លាំង ហើយ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ឡើយ ។ គាត់​បាន​ឈឺ​អស់រយៈពេល ១២ ឆ្នាំ បាន​ចំណាយ​ធនធាន​ស្ទើរតែ​ទាំងអស់​របស់​គាត់​ទៅលើ​គ្រូពេទ្យ ហើយ​ជំងឺ​គាត់​កាន់តែ​ដុនដាប​ទៅៗ ។ ដោយ​បាន​បណ្តេញ​ចេញ​ពី​មនុស្ស និង​គ្រួសារ គាត់​មាន​ចេតនា​ធ្វើ​ដំណើរ​នៅ​ក្នុង​ហ្វូង​មនុស្ស​ដ៏​ច្រើន ហើយ​នៅ​ឲ្យ​គៀក​ព្រះអង្គសង្គ្រោះ ។ គាត់​មាន​ទំនុកចិត្ត និង​ជំនឿ​អស់​ពី​ចិត្ត​លើ​ព្រះអង្គសង្គ្រោះ ហើយ​ទ្រង់​បាន​ទទួល​អារម្មណ៍​ពី​ការប៉ះ​ដែល​គាត់​បាន​ប៉ះ​ជាយ​ព្រះពស្ត​ទ្រង់ ។ ដោយសារ​តែ​សេចក្តីជំនឿ​នោះ ទ្រង់​បាន​ព្យាបាល​នាង​ឲ្យ​ជា​ទាំងស្រុង​ភ្លាម ។ ក្រោយ​មក​ទ្រង់​បាន​ហៅ​គាត់​ថា « កូនស្រី​អើយ » ។ គាត់​ពុំមែន​ជា​អ្នក​ដែល​គេ​បណ្តេញ​ចេញ​ទៀត​ឡើយ ប៉ុន្តែ​ជា​សមាជិក​នៃ​គ្រួសារ​ព្រះ​វិញ ។ ការព្យាបាល​របស់​គាត់​គឺ​ទាំង​ខាង​រូបកាយ សង្គម ផ្លូវចិត្ត និង​ខាង​វិញ្ញាណ ។ ឧបសគ្គ​អាច​មាន​នៅ​រហូត​ដល់​រាប់​ឆ្នាំ ឬ​ពេញ​មួយ​ជីវិត ប៉ុន្តែ​ការសន្យា​ស្តីពី​ការព្យាបាល​របស់​ទ្រង់​គឺ​ពិតប្រាកដ និង​រឹងប៉ឹង ។

  26. សូមមើល លូកា ៤:២១; យ៉ូហាន ៤:៦–២៦ ។ លូកា​មិន​មែន យ៉ូហាន​ទេ​ដែល​កត់ត្រា​ថា នៅ​ក្នុង​ការងារ​បម្រើ​ដំបូង​របស់​ព្រះអង្គសង្គ្រោះ ទ្រង់​បាន​យាង​ទៅ​សាលា​ប្រជុំ​ទ្រង់​ផ្ទាល់​នៅក្នុង​ស្រុក​ណាសារ៉ែត បាន​អាន​សារលិខិត​មក​ពី​ការព្យាករ​របស់​អេសាយ​ស្តីពី​ព្រះមែស៊ី ហើយ​ក្រោយ​មក​បាន​ប្រកាស​ថា « នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ » ។ នេះ​គឺ​ជា​អ្វី​ដែល​បាន​កត់ត្រា​លើក​ដំបូង ពេល​ព្រះអង្គសង្គ្រោះ​ថ្លែង​អំពី​អង្គទ្រង់​ថា ជា​ព្រះមែស៊ី ។ ប៉ុន្តែ​នៅ​ឯ​អណ្តូង​របស់​យ៉ាកុប យ៉ូហាន​កត់ត្រា​លើក​ដំបូង​ថា ព្រះយេស៊ូវ​ប្រកាស​អំពី​ភាព​ជា​ព្រះ​មែស៊ី​របស់​ទ្រង់​នៅក្នុង​ទីសាធារណៈ ។ នៅក្នុង​មជ្ឈដ្ឋាន​នេះ ដោយសារ​ពួកសាសន៍​សាម៉ារី​ត្រូវបាន​ចាត់ទុក​ថា ពុំ​មែន​ជា​សាសន៍​យូដា នោះ​ព្រះយេស៊ូវ​ក៏​បាន​បង្រៀន​ថា ដំណឹងល្អ​របស់​ទ្រង់​ក៏​សម្រាប់​មនុស្ស​ទាំងអស់​ផងដែរ ទាំង​សាសន៍​យូដា និង​សាសន៍​ដទៃ ។ ការប្រកាស​នេះ​កើត​ឡើង​នៅ « យាម​ទី​ប្រាំ​មួយ » ឬ​នៅ​ពេល​រសៀល ពេល​ផែនដី​ទទួល​ពន្លឺ​ព្រះអាទិត្យ​ពេញលេញ​បំផុត​មក​លើ​វា ។ អណ្តូង​របស់​យ៉ាកុប​ក៏​នៅ​ក្នុង​ជ្រលង​ភ្នំ​នៅ​ក្បែរ​កន្លែង​ដែល​ពួកសាសន៍​អ៊ីស្រាអែល​ចុះ​សេចក្តីសញ្ញា​ដោយ​ពិធី​នានា​ជាមួយ​ព្រះអម្ចាស់​បន្ទាប់​ពី​ចូល​ទៅក្នុង​ដែនដី​សន្យា ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ជ្រលង​ភ្នំ​គឺជា​ភ្នំ​មួយ​ដែល​ស្ងួត​ហែង ហើយ​នៅ​ផ្នែក​ម្ខាង​ទៀត​គឺជា​ភ្នំ​ដែល​ពោរពេញ​ដោយ​ទឹក​ដែល​ហូរ​ស្រោច​ស្រព ។

  27. អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា ៖ « ពេល​នៅក្នុង​ស្ថានភាព​នៃ​ការតានតឹង​ចិត្ត យើង​ឆ្ងល់​ថា តើ​មាន​អ្វី​នៅក្នុង​ខ្លួន​យើង​ដែល​យើង​អាច​ផ្តល់​ឲ្យ​ដែរ​ឬ​ទេ តើ​យើង​អាច​បាន​ការលួងលោម​ដើម្បី​ដឹង​ថា ព្រះ​ដែល​ជ្រាប​ដឹង​សមត្ថភាព​យើង​យ៉ាង​ឥតខ្ចោះ បាន​ដាក់​យើង​នៅ​ទីនេះ​ដើម្បី​ទទួល​ជោគជ័យ​ដែរ​ឬ​ទេ ។ គ្មាន​នរណា​ម្នាក់​ត្រូវបាន​តាក់តែង​ពីមុន​កើត​មក​ឲ្យ​បរាជ័យ ឬ​ទុច្ចរិត​នោះ​ទេ ។… ពេល​យើង​មាន​អារម្មណ៍​ស្មុគស្មាញ ចូរ​យើង​នឹក​អំពី​ការអះអាង​ដែល​ថា ព្រះ​នឹង​ពុំ​ប្រទាន​កម្មវិធី​ច្រើន​ហួសហេតុ​ដល់​យើង​ឡើយ » ( « Meeting the Challenges of Today » [ ការប្រជុំធម្មនិដ្ឋាន​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១០ ខែ តុលា ឆ្នាំ ១៩៧៨ ] ទំព័រ ៩ គេហទំព័រ speeches.byu.edu ) ។

  28. ប្រធាន រ័សុលអិម ណិលសុន បាន​បង្រៀន​ថា ៖

    « នា​ថ្ងៃ​ខាង​មុខ អ្នក​នឹង​បង្ហាញ​ខ្លួន​អ្នក​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គសង្គ្រោះ ។ អ្នក​នឹង​រំជួលចិត្ត​រហូត​ដល់​អ្នក​យំ​ដែល​បាន​នៅ​ក្នុង​ទីវត្តមាន​ដ៏​បរិសុទ្ធរបស់​ទ្រង់ ។ អ្នក​នឹង​ពិបាក​ក្នុងការ​រក​ពាក្យ​ថ្លែង​អំណរគុណ​ទ្រង់​សម្រាប់​ការបង់​ថ្លៃ​អំពើ​បាប​របស់​អ្នក សម្រាប់​ការអភ័យទោស​ដល់​អ្នក​ដែល​អ្នក​ពុំ​បាន​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ សម្រាប់​ការព្យាបាល​អ្នក​ពី​របួស និង​ភាព​អយុត្តិធម៌​នានា​នៃ​ជីវិត​នេះ ។

    អ្នក​នឹង​ថ្លែង​អំណរគុណ​ទ្រង់​សម្រាប់​ការពង្រឹង​អ្នក​ឲ្យ​ធ្វើ​កិច្ចការ​ដែល​ពុំ​អាច​ធ្វើ​បាន សម្រាប់​ការបង្វែរ​ភាពទន់ខ្សោយ​របស់​អ្នក​ឲ្យ​ទៅ​ជា​ភាពខ្លាំង​វិញ និង​សម្រាប់​ធ្វើ​ឲ្យ​អ្នក​អាច​រស់នៅ​ជាមួយ​ទ្រង់ និង​គ្រួសារ​របស់​អ្នក​ជា​រៀង​រហូត ។ អត្តសញ្ញាណ​របស់​ទ្រង់ ដង្វាយធួន​របស់​ទ្រង់ និង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​នឹង​ក្លាយ​ជា​រឿង​ផ្ទាល់​ខ្លួន និង​ពិតប្រាកដ​ចំពោះ​អ្នក » ( « Prophets, Leadership, and Divine Law » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០១៧ ] គេហទំព័រ broadcasts.lds.org ) ។

  29. សូមមើល អេសាយ ៥៣:៣–៥, អាលម៉ា ៧:១១–១៣, គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២២:៥–៩ ។

  30. សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៧, អេលែន អេស. ដាល់ថុន « He Knows You by Name » Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ១០៩–១១១ ។

  31. យ៉ូហាន ៤:១៤ ។