ឆ្នាំ ២០១០-២០១៩
មនុស្ស​ទាំងអស់​ត្រូវ​យក​ព្រះ​នាម​ដែល​បាន​ប្រទាន​មក​ពី​ព្រះ​វរបិតា​មក​ដាក់​លើ​ខ្លួន
ខែ តុលា ឆ្នាំ ២០១៨


មនុស្ស​ទាំងអស់​ត្រូវ​យក​ព្រះ​នាម​ដែល​បាន​ប្រទាន​មក​ពី​ព្រះ​វរបិតា​មក​ដាក់​លើ​ខ្លួន

ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ​មាន​ព្រះចេស្ដា​អស្ចារ្យ​ប្លែក និង ចាំបាច់ ។ នេះ​ជា​ព្រះនាម​តែ​មួយ​គត់ ដែល​នាំ​ឲ្យ​មាន​សេចក្ដីសង្គ្រោះ ។

ពីរ​បី​សប្ដាហ៍​មុន ខ្ញុំ​បាន​ចូលរួម​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​កុមារ​អាយុ​ប្រាំបី​ឆ្នាំ​ប្រហែល​បួន​ប្រាំ​នាក់ ។ ពួកគេ​បាន​ចាប់ផ្ដើម​រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ពី​ឪពុកម្ដាយ និង​គ្រូបង្រៀន​របស់​ពួកគេ ។ គ្រាប់​ពូជ​នៃ​សេចក្ដីជំនឿ​លើ​ទ្រង់​បាន​លូតលាស់​ឡើង ។ ហើយ​ឥឡូវ​នេះ ពួកគេ​ចង់​ធ្វើតាម​ទ្រង់​ចុះ​ទៅ​ក្នុង​ទឹក​នៃ​ពិធីបុណ្យជ្រមុជ ដើម្បី​ក្លាយ​ជា​សមាជិក​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ ។ ពេល​ខ្ញុំ​ឃើញ​ភាពក្លៀវក្លា​របស់​ពួកគេ ខ្ញុំ​បាន​ឆ្ងល់​ថា តើ​ពួកគេ​បាន​យល់​ដល់​កម្រិត​ណា​អំពី​ទិដ្ឋភាព​ដ៏​សំខាន់​មួយ​នៃ​សេចក្ដីសញ្ញា​បុណ្យជ្រមុជ​ទឹក​របស់​ពួកគេ ៖ ដែល​ជា​ការតាំងចិត្ត​លើក​ដាក់​មក​លើ​ខ្លួន​គេ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

តាំង​ពី​ដំបូង​រៀង​មក ព្រះ​បាន​ប្រកាស​អំពី​សារៈសំខាន់​នៃ​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ផែនការ​ទ្រង់​សម្រាប់​យើង ។ ទេវតា​មួយ​អង្គ​បាន​បង្រៀន​ឪពុក​ដំបូង​យើង លោក​អ័ដាម​ថា « អ្នក​នឹង​ត្រូវ​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​អ្នក​ធ្វើ ដោយ​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា ហើយ​អ្នក​ត្រូវ​ប្រែចិត្ត ហើយ​អំពាវនាវ​ដល់​ព្រះ ដោយ​នូវ​ព្រះនាម​នៃ​ព្រះរាជបុត្រា​ជា​រៀង​ដរាប​រហូត​តទៅ » ។

ព្យាការី​ព្រះគម្ពីរ​មរមន​គឺ​ស្ដេច​បេនយ៉ាមីន​បាន​បង្រៀន​ប្រជាជន​ទ្រង់​ថា « ពុំ​មាន​នាម​ណា​មួយ ឬ​ផ្លូវ ឬ​ក៏​មធ្យោបាយ​ឯ​ណា​ទៀត​ឡើយ ដែល​អាច​នាំ​សេចក្ដីសង្គ្រោះ » ។

ព្រះអម្ចាស់​មាន​បន្ទូល​ម្ដង​ទៀត​ទៅ​ដល់​ព្យាការី​ទ្រង់​គឺ យ៉ូសែប ស៊្មីធ ថា « មើល​ចុះ ព្រះ​យេស៊ូវ​គ្រីស្ទ គឺជា​នាម ដែល​បាន​ប្រទាន​មក​ពី​ព្រះវរបិតា ហើយ​គ្មាន​នាម​ណា​ទៀត ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នោះ​ឡើយ » ។

នៅ​ជំនាន់​របស់​យើង ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា « អ្នក​ទាំងឡាយ​ដែល​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះ​នាម​ដ៏​ពិសិដ្ឋ​របស់​ព្រះយេស៊ូវគ្រីស្ទ … រួច​ចុះ​សេចក្ដីសញ្ញា … អាច​ទទួល​បាន​ពលិកម្មធួន​របស់​ព្រះយេស៊ូវគ្រីស្ទ » ។

ព្រះវរបិតាសួគ៌​យើង​សព្វព្រះទ័យ​ឲ្យ​យើង​យល់​យ៉ាង​ច្បាស់​ថា ព្រះនាម​ព្រះរាជបុត្រា​ទ្រង់គឺ​ព្រះយេស៊ូវគ្រីស្ទ ពុំ​មែន​ជា​នាម​មួយ​ក្នុង​ចំណោម​នាម​ព្រះ​ជា​ច្រើន​ទេ ។ ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ​មាន​ព្រះចេស្ដា​អស្ចារ្យ​ប្លែក និង ចាំបាច់ ។ នេះ​ជា​ព្រះនាម​តែ​មួយ​គត់ ដែល​នាំ​ឲ្យ​មាន​សេចក្ដីសង្គ្រោះ ។ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​សេចក្ដីពិត​នេះ​ក្នុង​គ្រប់​គ្រា​កាន់កាប់​ត្រួតត្រា នោះ​ព្រះវរបិតា​ពេញ​ដោយ​ក្ដី​ស្រឡាញ់ អះអាង​ដល់​បុត្រាបុត្រី​ទ្រង់​ថា មាន​មាគ៌ា​មួយ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។ ប៉ុន្តែ​ការមាន​មាគ៌ា​ដ៏​ពិត​មួយ​ពុំ​មាន​ន័យ​ថា យើង​ត្រូវបាន​ធានា​ថា​នឹង​បាន​ត្រឡប់​ទៅ​វិញ​ដោយ​ស្វ័យប្រវត្តិ​ឡើយ ។ ព្រះ​មាន​បន្ទូល​ប្រាប់​យើង​ថា សកម្មភាព​របស់​យើង​គឺ​តម្រូវ​ឲ្យ​មាន ៖ « ហេតុដូច្នោះ​ហើយ មនុស្ស​ទាំងអស់ [ ទាំង​ប្រុស​ទាំងស្រី ] ត្រូវ យក ព្រះ​នាម ដែល​បាន​ប្រទាន​មក​ពី​ព្រះ​វរបិតា មក​ដាក់​លើ​ខ្លួន » ។

ដើម្បី​បាន​ព្រះចេស្ដា​សង្គ្រោះ​ដែល​កើត​មាន​តែ​តាមរយៈ​ព្រះនាម​នៃ​ព្រះគ្រីស្ទ យើង​ត្រូវតែ « បន្ទាប​ខ្លួន [ យើង ] នៅ​ចំពោះ​ព្រះ … ហើយ​មក​ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប … ហើយ [ យល់ ] ព្រម លើក​ដាក់​មក​លើ​ខ្លួន [ យើង ]​នូវ​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ » ដើម្បី​ឲ្យ​យើង​អាច​ស័ក្ដិសម​ដូច​មិត្ត​អាយុ​ប្រាំបី​ឆ្នាំ​របស់​ខ្ញុំ « ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចូល​សាសនាចក្រ​របស់​ទ្រង់ » ។

អ្នក​ទាំងឡាយ​ដែល​មាន​បំណង​លើក​ដាក់​មក​លើ​ខ្លួន​ពួកគេ​នូវ​ព្រះនាម​ព្រះអង្គសង្គ្រោះ ត្រូវតែ​មាន​ភាពស័ក្ដិសម ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជ​ទឹក ទុក​ជា​សាក្សី​ខាង​រូបកាយ​ដល់​ព្រះ​អំពី​ការសម្រេចចិត្ត​របស់​ពួកគេ ។ ប៉ុន្តែ​ពិធីបុណ្យ​ជ្រមុជទឹក​គ្រាន់តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ ។

ពាក្យ លើក​ដាក់ មិន​មែន​អកម្ម​នោះ​ទេ ។ វា​គឺ​ពាក្យ​សកម្ម​ដែល​មាន​និយមន័យ​ច្រើន ។ ដូចគ្នា​នេះ​ដែរ ការតាំងចិត្ត​របស់​យើង​ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ តម្រូវ​ឲ្យ​មាន​សកម្មភាព និង​មាន​ធាតុ​ជា​ច្រើន ។

ឧទាហរណ៍ អត្ថន័យ​មួយ​នៃ​ពាក្យ លើក​ដាក់ គឺ​ជា​ការទទួលទាន ឬ​ទទួល​យក​ទៅ​ក្នុង​រូបកាយ​របស់​បុគ្គល​ម្នាក់ ដូចជា​ពេល​យើង ទទួលទាន ភេសជ្ជៈ ។ ដោយ​ការលើកដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ យើង​តាំងចិត្ត​ដើម្បី ទទួលយក ការបង្រៀន លក្ខណៈសម្បត្តិ​របស់​ទ្រង់ និង​ទីបំផុត​សេចក្ដីស្រឡាញ់​ទ្រង់​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ខ្លួន​យើង ដើម្បី​ឲ្យ​ធាតុ​ទាំងនោះ​ក្លាយ​ជា​ចំណែក​នៃ​ខ្លួន​យើង ។ ដូច្នេះ សារៈសំខាន់​នៃ​ការអញ្ជើញ​របស់​ប្រធាន រ័សុល អិម ណិលសុន​ដល់​យុវមជ្ឈិមវ័យ​ឲ្យ « [ ព្យាយាម ] យល់​ដឹង​ប្រកប​ដោយ​ការអធិស្ឋាន និង​ក្លៀវក្លា អំពី​ងារ និង​ព្រះនាម​ផ្សេងៗ​គ្នា [ របស់​ព្រះអង្គសង្គ្រោះ ] មាន​ន័យ​យ៉ាង​ផ្ទាល់ខ្លួន សម្រាប់ [ ពួកគេ ] »  ជា​ការទទួលទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​នៅ​ក្នុង​ព្រះគម្ពីរ ជា​ពិសេស​ព្រះគម្ពីរ​មរមន ។១០

អត្ថន័យ​មួយ​ទៀត​នៃ​ពាក្យ លើក​ដាក់ គឺ​ការទទួល​យក​បុគ្គល​ម្នាក់​ក្នុង​តួនាទី​មួយ​ជាក់លាក់ ឬ​ឱបក្រសោប​យក​សេចក្ដីពិត​នៃ​គំនិត ឬ​គោលការណ៍​មួយ ។ នៅ​ពេល​យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ យើង​ទទួល​យក​ទ្រង់​ជា​ព្រះអង្គសង្គ្រោះ និង​បន្ត​ឱប​ក្រសោប​យក​ការបង្រៀន​របស់​ទ្រង់​ទុក​ជា​មគ្គុទេសក៍​សម្រាប់​ជីវិត​យើង ។ ក្នុង​គ្រប់​ការសម្រេចចិត្ត​ដ៏​មាន​ខ្លឹមសារ​របស់​យើង យើង​អាច ទទួលយក ដំណឹងល្អ​របស់​ទ្រង់​ថា ជា​ការពិត ហើយ​រស់នៅ​តាម​ដោយ​ការគោរព​ប្រតិបត្តិ​អស់​ពី​ចិត្ត ពលំ គំនិត និង​កម្លាំង ។

ពាក្យ លើក​ដាក់ ក៏​អាច​មាន​ន័យ​ថា ការភ្ជាប់​បុគ្គល​ម្នាក់​ទៅ​នឹង​នាម ឬ​បុព្វហេតុ​មួយ​ដែរ ។ យើង​ភាគ​ច្រើន​មាន​បទពិសោធន៍​នៃ ការលើក​ដាក់ ករណីយកិច្ច​នៅ​កន្លែង​ធ្វើការ ឬ ការលើក​ឡើង ពី​បុព្វហេតុ ឬ​ចលនា​មួយ ។ ពេល​យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ នោះ​យើង​លើក​ដាក់​ករណីយកិច្ច​នៃ​សិស្ស​ដ៏​ពិត យើង​គាំទ្រ​បុព្វហេតុ​របស់​ទ្រង់ ហើយ​យើង « ឈរ​ជា​សាក្សី​ដល់ [ ទ្រង់ ] នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទី​កន្លែង ដែល [ យើង ] អាច​នៅ » ។១១ ប្រធាន​ណិលសុន​បាន​អំពាវនាវ​ឲ្យ « យុវនារីគ្រប់រូប និង​យុវជន គ្រប់​រូប …ចូល​បម្រើ​ក្នុង​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់​ដើម្បី​ជួយ​ប្រមូល​វង្ស​អ៊ីស្រាអែល » ។១២ ហើយ​យើង​ទាំងអស់​គ្នា​មាន​អំណរគុណ​ដើម្បី​ទទួលយក​ការអំពាវនាវ​របស់​ព្យាការី​ដែល​ប្រាប់​ឲ្យ​យើង​ហៅ​ឈ្មោះ​ជា​ផ្លូវការ​របស់​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ទ្រង់ ដូច​បាន​បើក​សម្ដែង​ដោយ​ព្រះអង្គសង្គ្រោះ​ផ្ទាល់​ថា​ជា ៖ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។១៣

នៅ​ក្នុង​ដំណើរការ​នៃ​ការលើកដាក់​ព្រះនាម​ទ្រង់​មក​លើ​ខ្លួន​យើង យើង​ត្រូវតែ​យល់​ថា បុព្វហេតុ​របស់​ព្រះគ្រីស្ទ និង​សាសនាចក្រ​ទ្រង់​គឺ​តែ​មួយ និង​ដូចគ្នា ។ ការណ៍​នោះ​ពុំ​អាច​បែក​គ្នា​បាន​ឡើយ ។ ស្រដៀង​គ្នា​នេះ​ដែរ ភាពជា​សិស្ស​ផ្ទាល់ខ្លួន​របស់​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ និង​សមាជិកភាព​ដ៏​សកម្ម​នៅ​ក្នុង​សាសនាចក្រ​ទ្រង់​ក៏​មិន​អាច​បំបែក​គ្នា​បាន​ដែរ ។ បើ​យើង​រារែក​ក្នុង​ការតាំងចិត្ត​ចំពោះ​អ្វី​មួយ នោះ​ការតាំងចិត្ត​យើង​ចំពោះ​អ្វី​ផ្សេង​ទៀត​នឹង​ថយចុះ ហើយ​ប្រាកដ​ជា​រលាយ​អស់​ទៅ ។

មនុស្ស​ខ្លះ​ស្ទាក់ស្ទើរ​ក្នុង​ការលើក​ដាក់​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​បុព្វហេតុ​របស់​ទ្រង់ ព្រោះ​ពួកគេ​ចាត់ទុក​ថា​ជា​ការដាក់កំហិត​គ្មាន​ហេតុផល ដាក់​កម្រិត និង​កំណត់​ព្រំដែន ។ ការពិតទៅ ការលើក​ដាក់​ព្រះនាម​នៃ​ព្រះគ្រីស្ទ​គឺ​ធ្វើ​ឲ្យ​មាន​សេរីភាព​ផង និង ពង្រីក​ដែន​កំណត់​ផង ។ វា​ដាស់​បំណងប្រាថ្នា​ដែល​យើង​ធ្លាប់​មាន​កាល​ពី​យើង​បាន​ទទួល​ផែនការ​របស់​ព្រះ តាមរយៈ​សេចក្ដីជំនឿ​លើ​ព្រះអង្គសង្គ្រោះ ។ ដោយ​មាន​បំណងប្រាថ្នា​ដ៏​សប្បុរស​នេះ​នៅ​ក្នុង​ដួងចិត្ត យើង​អាច​រកឃើញ​គោលបំណង​ពិត​ប្រាកដ​នៃ​អំណោយទាន និង​ទេពកោសល្យ​ដែល​បាន​ប្រទាន​មក​ពី​ព្រះ ដក​ពិសោធន៍​ក្ដីស្រឡាញ់​ដ៏​មាន​អានុភាព ហើយ​ធ្វើ​ឲ្យ​យើង​ខ្វាយខ្វល់​ពី​សុខុមាលភាព​នៃ​មនុស្ស​ដទៃ​កាន់តែ​ច្រើន ។ ពេល​យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​ព្រះអង្គសង្គ្រោះ យើង​ពិតជា​ទទួល​យក​អ្វី​គ្រប់​យ៉ាង ហើយ​ក្លាយ​ដូច​ទ្រង់ ។១៤

វា​សំខាន់​ដែល​ត្រូវ​ចងចាំ​ថា ការលើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​ព្រះអង្គសង្គ្រោះ គឺ​ជា​ការតាំងចិត្ត​ខាង​សេចក្ដីសញ្ញា—ដោយ​ចាប់ផ្ដើម​ជាមួយ​សេចក្ដីសញ្ញា​ដែល​យើង​ធ្វើ​នៅ​ពិធីបុណ្យ​ជ្រមុជ​ទឹក ។ ប្រធាន​ណិលសុន​បាន​បង្រៀន​ថា « ការតាំង​ចិត្ត [ របស់​យើង ] ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​តាមរយៈ​ការចុះ​សេចក្តីសញ្ញា​ជាមួយ​ទ្រង់ ហើយ​បន្ទាប់​មក​រក្សា​សេចក្តីសញ្ញា​ទាំង​នោះ នឹង​បើក​ទ្វារ​ឆ្ពោះ​ទៅរក​ឯកសិទ្ធិ​ដែល​មាន » ។១៥ អភ័យឯកសិទ្ធ​ដ៏​ខ្ពស់​បំផុត​មួយ​នៃ​ការលើកដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​ព្រះអង្គសង្គ្រោះ​តាមរយៈ​ពិធីបុណ្យជ្រមុជទឹក គឺ​ជា​ការបើក​ផ្លូវ​ដែល​វា​ផ្ដល់​ឲ្យ​ទៅ​ដល់​ពិធីបរិសុទ្ធ​បន្ទាប់​នៅ​លើ​មាគ៌ា​នៃ​សេចក្ដីសញ្ញា ដែល​ជា​ពិធីបញ្ជាក់​របស់​យើង ។ ពេល​ខ្ញុំ​សួរ​ក្មេង​ស្រី​អាយុ​ប្រាំ​បី​ឆ្នាំ​ម្នាក់​អំពី​ខ្លឹមសារ​នៃ​ការលើក​ដាក់​ព្រះនាម​នៃ​ព្រះគ្រីស្ទ​ចំពោះ​នាង នាង​បាន​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា « វា​មាន​ន័យ​ថា ខ្ញុំ​អាច​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ នាង​និយាយ​ត្រូវ​ណាស់ ។

អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ទទួល​បាន​ដោយ​ពិធីបញ្ជាក់ បន្ទាប់​ពី​យើង​ទទួល​បាន​ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យជ្រមុជ​ទឹក ។ អំណោយទាន​នេះ​គឺ​ជា​សិទ្ធិ និង​ឱកាស​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​ជាប់លាប់​មួយ ។ បើ​យើង​ស្ដាប់ ហើយ​ធ្វើតាម​សំឡេង​តូច​រហៀង​ទ្រង់ ទ្រង់​នឹង​រក្សា​យើង​នៅ​លើ​មាគ៌ា​នៃ​សេចក្ដីសញ្ញា​ដែល​យើង​បាន​ចូល​តាមរយៈ​ពិធីបុណ្យ​ជ្រមុជ​ទឹក ព្រមាន​យើង​នៅ​ពេល​យើង​ត្រូវបាន​ល្បួង​ឲ្យ​ចេញ​ពី​មាគ៌ា​នោះ ហើយ​លើកទឹកចិត្ត​យើង​ឲ្យ​ប្រែចិត្ត និង​កែប្រែ​តាម​ការចាំបាច់ ។ ការផ្ដោត​អារម្មណ៍​របស់​យើង​បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក​គឺ ត្រូវ​រក្សា​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់​ជាមួយ​យើង ដើម្បី​យើង​អាច​បន្ត​រីកចម្រើន​នៅ​តាម​មាគ៌ា​នៃ​សេចក្ដីសញ្ញា ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​គង់​ជាមួយ​យើង​តែ​នៅ​ពេល​យើង​រក្សា​ជីវិត​យើង​បាន​ស្អាត និង​គ្មាន​អំពើបាប​ប៉ុណ្ណោះ ។

ដោយ​មូលហេតុ​នេះ​ហើយ ទើប​ព្រះអម្ចាស់​បាន​ប្រទាន​មធ្យោបាយ​ឲ្យ​យើង​បន្ត​ការងារ​បន្សុទ្ធ​នៃ​ពិធីបុណ្យជ្រមុជទឹក​តាមរយៈ​ពិធីបរិសុទ្ធ​មួយ​ទៀត—គឺ​ពិធីសាក្រាម៉ង់ ។ រាល់​សប្ដាហ៍ យើង​អាច « ធ្វើ​បន្ទាល់ … ថា [ ពួក​យើង ] នឹង ព្រម​លើក​ដាក់​មក​លើ [ ខ្លួន​យើង ] នូវ​ព្រះនាម [ នៃ ] ព្រះរាជ​បុត្រា​របស់​ព្រះអង្គ » ១៦ ជា​ថ្មី​ម្ដង​ទៀត ដោយ​ការលូក​ដៃ ហើយ យក និមិត្តរូប​នៃ​ព្រះកាយ និង​ព្រះលោហិត​របស់​ព្រះអម្ចាស់—ដែល​ជា​នំប៉័ង និង ទឹក—និង​ការទទួល ទាន​ចូល​ទៅ​ក្នុង​ព្រលឹង​របស់​យើង ។ ជា​ការតបស្នង​វិញ ព្រះអង្គសង្គ្រោះ​សម្ដែង​អព្ភូតហេតុ​នៃ​ការសម្អាត​របស់​ទ្រង់​ម្ដង​ទៀត ហើយ​ធ្វើ​ឲ្យ​យើង​ស័ក្ដិសម​នឹង​បាន​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ឥត​ឈប់ឈរ ។ តើ​នេះ​មិន​មែន​ជា​ភស្ដុតាង​បង្ហាញ​ឲ្យ​ឃើញ​ពី​សេចក្ដីមេត្តាករុណា​ដ៏​និរន្តរ៍ ដែល​មាន​តែ​តាមរយៈ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ​ទេ​ឬ ? គឺ​ដូច​ជា​យើង​លើក​ដាក់​ព្រះនាម​ទ្រង់​មក​លើ​ខ្លួន យើង នោះ ទ្រង់ លើក​ដាក់​អំពើបាប និង​ទុក្ខព្រួយ​របស់​យើង​ទៅ​លើ អង្គទ្រង់ រី​ឯ « ព្រះហស្ត​ទ្រង់​ចេះ​តែ​លូក​មក​ទៀត » ១៧ ដើម្បី​ឱបក្រសោប​យើង​ក្នុង​រង្វង់​ព្រះហស្ដ​នៃ​ក្ដីស្រឡាញ់​ទ្រង់ ។១៨

ពិធីសាក្រាម៉ង់​គឺ​ជា​អ្នក​រំឭក​ប្រចាំ​សប្ដាហ៍​ថា ការលើកដាក់ មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជាការតាំងចិត្ត​ដ៏​សកម្ម និង​ឥតឈប់ឈរ​មួយ មិនមែន​ជា​ព្រឹត្តិការណ៍​តែ​មួយ​ដែល​កើតឡើង​តែ​ម្ដង​នៅ​ថ្ងៃ​បុណ្យ​ជ្រមុជទឹក​ឡើយ ។១៩ យើង​អាច​បន្តី​រីករាយ​ឥត​ឈប់ឈរ និង​រីករាយ​ម្ដង​ហើយ​ម្ដង​ទៀត​អំពី « ដង្វាយ​ដ៏​ពិសិដ្ឋ​នោះ​ដែល​មនុស្ស​មិន​អាច​យល់ ដើម្បី​លោះលាង​បាប​នៃ​យើង ហើយ​ទទួល​សាច់ និង​ឈាម » ។២០ វា​ជា​រឿង​អច្ឆរិយ​នៅ​គ្រប់​ពេល​ដែល​បុត្រាបុត្រី​នៃ​ព្រះ​យល់​អំពី​ពរជ័យ​ដ៏​មាន​អានុភាព និង​ខាង​វិញ្ញាណ ដែល​អាច​កើត​មក​ពី​ការលើក​ដាក់​មក​លើ​ខ្លួន​ពួកគេ​នូវ​ព្រះនាម​ព្រះគ្រីស្ទ នោះ​អារម្មណ៍​របស់​ពួកគេ​តែងតែ​មាន​អំណរ​ជានិច្ច ហើយ​បំណងប្រាថ្នា​ពួកគេ​តែងតែ​ចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​ព្រះ​ជានិច្ច ។២១

នៅ​ពេល​យើង​ដើរតាម​មាគ៌ា​នៃ​សេចក្ដីសញ្ញា​ដែល​បាន​រៀបចំ​ដោយ​ព្រះ នោះ​ការតាំងចិត្ត និង​កិច្ចខិតខំ​របស់​យើង​ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ នឹង​ផ្ដល់​ភាពរឹងមាំ​ដល់​យើង « ដើម្បី​រក្សា​ព្រះ​នាម [ ទ្រង់ ] ដោយ​ចារិក​នៅ​ក្នុង​ដួង​ចិត្ត [ របស់​យើង ] ជានិច្ច » ។២២ យើង​នឹង​ស្រឡាញ់​ព្រះ និង​អ្នក​ជិតខាង​យើង ហើយ​មាន​បំណងប្រាថ្នា​ធ្វើ​ការងារ​បម្រើ​ដល់​ពួកគេ ។ យើង​នឹង​គោរព​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ចង់​ខិត​កាន់តែ​ជិត​ទ្រង់​តាមរយៈ​ការចុះ​សេចក្ដីសញ្ញា​បន្ថែម​ជាមួយ​ទ្រង់ ។ ហើយ​ពេល​យើង​ឃើញ​ថា ខ្លួន​យើង​ទន់ខ្សោយ និង​មិន​អាច​ធ្វើ​តាម​បំណងប្រាថ្នា​សុចរិត​យើង​បាន​ទេ យើង​នឹង​ទូលអង្វរ​សូម​ភាពរឹងមាំ​ដែល​កើត​ចេញ​តែ​តាមរយៈ​ព្រះនាម​ទ្រង់ ហើយ​ទ្រង់​នឹង​ប្រទាន​ជំនួយ​ដល់​យើង ។ ពេល​យើង​កាន់ខ្ជាប់​ក្នុង​ភាពស្មោះត្រង់ ថ្ងៃ​នោះ​នឹង​មក​ដល់​ដែល​យើង​នឹង​ឃើញ ហើយ​រស់នៅ​ជាមួយ​ទ្រង់ ហើយ​យើង​នឹង​ឃើញ​ថា យើង​បាន​ក្លាយ​ដូច​ទ្រង់ ដូច្នេះ​ការណ៍​នោះ​ធ្វើ​ឲ្យ​យើង​ស័ក្ដិសម​ត្រឡប់​ទៅ​ឯ​វត្តមាន​ព្រះវរបិតា​វិញ ។

ដ្បិត​បន្ទូល​សន្យា​របស់​ព្រះអង្គសង្គ្រោះ​គឺ​ពិត ៖ អ្នក​ទាំងឡាយ​ដែល « ជឿ​ដល់​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ថ្វាយ​បង្គំ​ដល់​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​របស់​ទ្រង់ ហើយ​កាន់ខ្ជាប់​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​របស់​ទ្រង់​ដរាប​ដល់​ចុង​បំផុត » ២៣ នឹង​ត្រូវបាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ ។ ខ្ញុំ​សូម​អរសប្បាយ​ជាមួយ​បងប្អូន ដែល​ពរជ័យ​គ្មាន​អ្វី​ប្រៀបផ្ទឹម​បាន​នេះ​អាច​មាន​ដោយសារតែ​ការលើកដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ ជា​អង្គ និង​ជា​ព្រះ​នាម​ដែល​ខ្ញុំ​ថ្លែង​ទីបន្ទាល់ អាម៉ែន ។

កំណត់ចំណាំ

  1. ម៉ូសេ ៥:៨ ។

  2. ម៉ូសាយ ៣:១៧ ។

  3. គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២៣ ។

  4. ដាល្លិន អេក អូក « Taking upon Us the Name of Jesus Christ » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៨២ ។

  5. គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២៤ បាន​គូសបញ្ជាក់​បន្ថែម ។

  6. គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧ បាន​គូសបញ្ជាក់​បន្ថែម ។

  7. ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា « យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​របស់​ព្រះអង្គសង្គ្រោះ នៅ​ពេល​យើង​ក្លាយ​ជា​សមាជិក​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ … ក្នុង​នាម​ជា​អ្នក​ជឿ​ដ៏​ស្មោះត្រង់​លើ​ព្រះយេស៊ូវគ្រីស្ទ ក្នុង​នាម​ជា​គ្រិស្ដបរិស័ទ យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​របស់​ទ្រង់​ដោយ​រីករាយ » ( « Taking upon Us the Name of Jesus Christ » ទំព័រ ៨០ ) ។

  8. វចនានុក្រម​លើ​អ៊ិនធើរណែត Merriam-Webster មាន​និយមន័យ​ចំនួន ២០​ផ្សេងៗ​គ្នា​នៃ​ទម្រង់​ប្រែប្រួល​របស់​កិរិយាសព្ទ take ជា​ទម្រង់​ដែល​កិរិយាសព្ទ​នេះ​ត្រូវបាន​ប្រើ​ក្នុង​ឃ្លា « take upon us the name of Jesus Christ » (merriam-webster.com/dictionary/take) ។

  9. រ័សុល អិម ណិលសុន « Prophets, Leadership, and Divine Law » ( ការប្រជុំធម្មនិដ្ឋាន​សម្រាប់​យុវមជ្ឈិមវ័យ​ទូទាំង​ពិភពលោក ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០១៧ ) គេហទំព័រ broadcasts.lds.org ។

  10. សូម​មើល រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦៣ ។

  11. ម៉ូសាយ ១៨:៩ ។

  12. រ័សុល អិម ណិលសុន « Hope of Israel » ( ការប្រជុំធម្មនិដ្ឋាន​សម្រាប់​យុវវ័យ ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៨ ) គេហទំព័រ Hopeofisrael.lds.org ។

  13. « ព្រះអម្ចាស់​បាន​បំផុស​គំនិត​ដល់​ខ្ញុំ​អំពី​សារៈសំខាន់​នៃ​ឈ្មោះ​ដែលទ្រង់​បាន​បើក​សម្ដែង​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ យើង​មាន​កិច្ចការ​នៅ​ចំពោះ​មុខ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​បាន​ស្រប​នឹង​ព្រះទ័យ​របស់​ទ្រង់ » ( រ័សុល អិម ណិលសុន « The Name of the Church » [ សេចក្ដី​ថ្លែង​ការណ៍​ជា​ផ្នូវការ នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ​២០១៨ ] គេហទំព័រ mormonnewsroom.org ) ។

  14. សូម​មើល មរ៉ូណៃ ៧:១៩ ។

  15. រ័សុល អិម ណិលសុន « As We Go Forward Together » Liahona ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ។

  16. គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៧ បាន​គូសបញ្ជាក់​បន្ថែម ។

  17. នីហ្វៃទី ៣ ៩:១៤ សូម​មើល​ផង​ដែរ អាលម៉ា ៥:៣៣–៣៤ ។

  18. សូម​មើល នីហ្វៃទី២ ១:១៥ ។

  19. « នៅ​ពេល​យើង​បង្ហាញ ឆន្ទៈ របស់​យើង​ដើម្បី​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​កំពុង​តែ​បង្ហាញ​ការតាំងចិត្ត​ដើម្បី​ធ្វើ​រាល់​កិច្ចការ​ដែល​យើង​អាច​ធ្វើ ដើម្បី​សម្រេច​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​នៅ​ក្នុង​នគរ​របស់​ព្រះវរបិតា​យើង ។ យើង​កំពុង​បង្ហាញ​ការស្ម័គ្រចិត្ត—ការប្ដេជ្ញាចិត្ត​ដើម្បី​ពុះពារ​ឲ្យ​បាន—ភាពតម្កើងឡើង​នៅ​ក្នុង​នគរ​សេឡេស្ទាល ។ …

    … អ្វី​ដែល​យើង​បង្ហាញ គឺ​មិន​គ្រាន់តែ​យើង លើក​ដាក់ មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​ទ្រង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង មាន​ឆន្ទៈ ដើម្បី​ធ្វើ​ដូច្នោះ ។ នៅ​ក្នុង​ន័យ​នេះ ការបង្ហាញ​របស់​យើង​ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍ ឬ​ស្ថានភាព​មួយ​ចំនួន​ពេល​អនាគត ដែល​ការសម្រេច​មិន​មែន​ជា​ការសន្មត់​ដោយ​ខ្លួន​ឯង​ទេ ប៉ុន្តែ​ផ្អែក​ទៅ​លើ​សិទ្ធិអំណាច ឬ​ការផ្ដួចផ្ដើម​របស់​ព្រះអង្គសង្គ្រោះ​ផ្ទាល់​ទៅ​វិញ » ( ដាល្លិន អេក អូក « Taking upon Us the Name of Jesus Christ » ទំព័រ ៨២, ៨៣ ) ។

  20. « ឱ​ព្រះ​ជា​ព្រះវរបិតា » ទំនុកតម្កើង លេខ ១០៤ ។

  21. សូម​មើល ម៉ូសាយ ៥, , ១៨, នីហ្វៃទី៣ ១៩ ។

  22. ម៉ូសាយ ៥:១២ ។

  23. គោលលទ្ធិ និង សេចក្តីសញ្ញា ២០:២៩ ។