ឆ្នាំ ២០១០-២០១៩
បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ
ខែ តុលា ឆ្នាំ ២០១៨


បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ

អំណាច​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​កែប្រែ ហើយ​ប្រទានពរ​យើង កើត​ចេញ​ពី​ការញាណដឹង និង​ការអនុវត្ត​តាម​ភាពប្រទាក់ក្រឡា​គ្នា​នៃ​គោលលទ្ធិ គោលការណ៍ និង​ការអនុវត្ត ។

ខ្សែ​ពួរ​គឺ​ជា​ឧបករណ៍​ចាំបាច់​មួយ​ដែល​យើង​ទាំងអស់​គ្នា​ស្គាល់ ។ ខ្សែ​ពួរ​ត្រូវបាន​ផលិត​ពី​របុំ​អំបោះ រុក្ខជាតិ ខ្សែកាប ឬ​សម្ភារ​ផ្សេងៗ​ទៀត​ដែល​សម្ភារ​នីមួយៗ​ត្រូវបាន​វេញ ឬ​ក្រង​បញ្ចូល​គ្នា ។ គួរ​ឲ្យ​ចាប់​អារម្មណ៍ រូបធាតុ​នានា​ដែល​ពិសេស​អាច​ត្រូវបាន​ត្បាញ​បញ្ចូល​គ្នា ហើយ​ក្លាយ​ជា​វត្ថុ​មួយ​ដ៏​រឹងមាំ ។ ដូច្នេះ ការភ្ជាប់ ឬ​ការដាក់​បញ្ចូល​សម្ភារ​ធម្មតាៗ​ជាមួយ​គ្នា អាច​បង្កើត​បាន​ជា​ឧបករណ៍​វិសាមញ្ញ​មួយ ។

រូបភាព
អំបោះ​វេញ​ចូលគ្នា​ជា​ខ្សែ​ពួរ

គឺ​ដូច​ខ្សែ​ពួរ​ដែល​មាន​ភាពរឹងមាំ​មក​ពី​របុំ​អំបោះ​ជា​ច្រើន​វ័ណ្ដ​បញ្ចូល​គ្នា​ដែរ នោះ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​នូវ​ទស្សនវិស័យ​ដ៏​អស្ចារ្យ​នៃ​សេចក្ដីពិត ថែមទាំង​ផ្ដល់​ពរជ័យ​ធំធេង​នៅ​ពេល​យើង​ស្ដាប់​តាម​ការក្រើនរំឭក​របស់​ប៉ុល​ដើម្បី « បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ ទាំង​របស់​នៅ​ស្ថានសួគ៌ និង​របស់​នៅ​ផែនដី​ផង » ។ អ្វី​ដែល​សំខាន់​នោះ ការបំព្រួម​ដ៏​ចាំបាច់​នៃ​សេចក្ដីពិត​នេះ​ត្រូវបាន​ផ្ដោត​សំខាន់ និង​យកចិត្ត​ទុកដាក់​ទៅ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ដោយសារតែ​ទ្រង់ « ជា​ផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត » ។

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំភ្លឺ​គំនិត​យើង​ម្នាក់ៗ នៅ​ពេល​យើង​ពិចារណា​អំពី​របៀប​ដែល​គោលការណ៍​នៃ ការបំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ អនុវត្ត​តាម​របៀប​ដ៏​មាន​ប្រសិទ្ធភាព​ចំពោះ​ការរៀនសូត្រ និង​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់​ដែល​បាន​ស្ដារឡើងវិញ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យើង ។

ជំនាន់​ដែល​មាន​វិវរណៈ

យើង​រស់នៅ​ក្នុង​ជំនាន់​ដ៏​អស្ចារ្យ និង​ដែល​មាន​វិវរណៈ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ ។ ការផ្លាស់ប្ដូរ​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ មាន​គោលបំណង​សំខាន់​តែ​មួយ​គត់​គឺ ៖ ដើម្បី​ពង្រឹង​សេចក្ដីជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់​ទ្រង់ និង​លើ​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ កាល​វិភាគ​សម្រាប់​ការ​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យពុំ​មែន​គ្រាន់​តែ​បង្រួម​ឲ្យ​ខ្លី​ប៉ុណ្ណោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ឥឡូវ​នេះ យើង​បាន​បង្កើន​ឱកាស និង​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ដើម្បីប្រើ​ប្រាប់​ពេលវេលា​របស់​យើង ដើម្បី​កែលម្អ​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​ដ៏​រីករាយ​មួយ​នៅ​ឯ​គេហដ្ឋាន និង​ព្រះវិហារ ។

កាល​ពី​ខែ​មេសា រចនាសម្ព័ន្ធ​នៃ​អង្គការ​កូរ៉ុម​បព្វជិតភាព​មាន​ការផ្លាស់ប្ដូរ​យ៉ាង​ធំ ។ ការផ្ដោត​សំខាន់ និង​ភាពរឹងមាំ​ត្រូវបាន​ផ្ដល់​ឲ្យ​ដល់​របៀប​កាន់តែ​ខ្ពស់ និង​កាន់តែ​បរិសុទ្ធ​នៃ​ការងារបម្រើ​ទៅ​ដល់​បងប្អូន​ប្រុសស្រី​យើង ។

ប្រាកដ​ដូច​របុំ​អំបោះ​នៃ​ខ្សែពួរ​ដែល​ត្រូវបាន​ក្រង​បង្កើត​បាន​ជា​ឧបករណ៍​វិសាមញ្ញ​មួយ​ដែល​មាន​កម្លាំង និង​ស្ថិតស្ថេរ​បាន​យូរ នោះ​រាល់​សកម្មភាព​ដែល​ប្រទាក់​ក្រឡា​គ្នា​ទាំងនេះ​គឺ​ជា​ចំណែក​នៃ​កិច្ចខិតខំ​ដ៏​សាមគ្គី​មួយ​ឆ្ពោះ​ទៅ​រក​ការផ្ដោត​អារម្មណ៍ ធនធាន និង​កិច្ចការ​ក្នុង​សាសនាចក្រ​ព្រះអង្គសង្គ្រោះ​ដែល​បាន​ស្ដារឡើងវិញ​ដែល​មាន​បេសកកម្ម​គោល​មួយ​គឺ ៖ ជួយ​ព្រះ​ក្នុង​កិច្ចការ​របស់​ទ្រង់​ដើម្បី​នាំ​ឲ្យ​មាន​សេចក្ដីសង្គ្រោះ និង​ភាពតម្កើងឡើង​ដល់​បុត្រាបុត្រី​ទ្រង់ ។ សូម​កុំ​ផ្ដោត​ជា​ចម្បង​ទៅ​លើ​ទិដ្ឋភាព​សមហេតុផល​នៃ​អ្វី​ដែល​បាន​កើត​ឡើង​ឲ្យ​សោះ ។ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ភាពពិស្ដារ​នៃ​នីតិក្រម​មក​គ្រប​បាំង​លើ​ហេតុផល​ខាង​វិញ្ញាណ​ដ៏​សំខាន់ ដែល​យើង​កំពុង​ធ្វើ​ការផ្លាស់ប្ដូរ​ទាំងនេះ​នៅ​ពេល​នេះ​ឡើយ ។

បំណងប្រាថ្នា​របស់​យើង​គឺ​ថា សេចក្តីជំនឿ​លើ​ផែនការ​របស់​ព្រះវរបិតា និង​លើ​បេសកកម្ម​ប្រោសលោះ​របស់​ព្រះអង្គសង្គ្រោះ​អាច​កើនឡើង​លើ​ផែនដី និង​ថា​សេចក្ដីសញ្ញា​អស់កល្ប​អស់កាល​របស់​ព្រះ​អាច​ត្រូវបាន​បង្កើត​ឡើង ។ គោលបំណង​តែ​មួយ​គត់​របស់​យើង​គឺ​ដើម្បី​សម្របសម្រួល​ការសន្ទនា​ឥត​ឈប់ឈរ​ទៅ​កាន់​ព្រះអម្ចាស់ និង​ដើម្បី​ស្រឡាញ់​កាន់តែ​ពេញលេញ ព្រមទាំង​បម្រើ​ដល់​បងប្អូន​ប្រុសស្រី​យើង​កាន់តែ​មាន​ប្រសិទ្ធភាព ។

ការដាក់​បញ្ចូល​គ្នា និង​ការបំបែកគ្នា

ពេល​ខ្លះ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​យើង​ដាក់​បញ្ចូលគ្នា បំបែកគ្នា ហើយ​អនុវត្ត​តាម​ដំណឹងល្អ​នៅ​ក្នុង​ជីវិត​យើង​តាមរយៈ​ការបង្កើត​បញ្ជី​កិច្ចការ​ត្រូវ​ធ្វើ​ដ៏​វែង​មួយ​អំពី​ប្រធានបទ​នីមួយៗ​ដែល​ត្រូវ​សិក្សា និង​កិច្ចការ​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន ។ ប៉ុន្តែ​វិធី​បែប​នេះ​អាច​រារាំង​យើង​ពី​ការយល់ដឹង និង​ទស្សនវិស័យ ។ យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ព្រោះ​ការផ្ដោត​តែ​ទៅ​លើ​បញ្ជី​ដែល​ត្រូវ​ធ្វើ​នោះ អាច​រារាំង​យើង​ពី​ការខិត​ទៅ​កាន់តែ​ជិត​ព្រះអម្ចាស់ ។

គោលបំណង និង​ការបន្សុទ្ធ សុភមង្គល និង​អំណរ និង​ការសន្ទនា​ឥតឈប់ឈរ និង​ការ​ការពារ​ដែល​បាន​មក​ពី « ការប្រគល់​ចិត្ត [ របស់​យើង ] ដល់​ព្រះ »  និង « [ ការទទួល ] ព្រះភក្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ទឹកមុខ [ របស់​យើង ] »  ពុំ​អាច​ទទួល​បាន​តាម​តែ​រយៈ​ការធ្វើ ហើយ​គូស​សញ្ញា​កែង​លើ​កិច្ចការ​ខាង​វិញ្ញាណ​ដែល​យើង​កំណត់​ថា​នឹង​ធ្វើ​ប៉ុណ្ណោះ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ អំណាច​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​កែប្រែ ហើយ​ប្រទានពរ​យើង កើត​ចេញ​ពី​ការញាណដឹង និង​ការអនុវត្ត​តាម​ភាពប្រទាក់ក្រឡា​គ្នា​នៃ​គោលលទ្ធិ គោលការណ៍ និង​ការអនុវត្ត ។ មាន​តែ​នៅ​ពេល​ដែល​យើង បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការផ្ដោត​ដ៏​ខ្លាំង​ទៅ​លើ​ទ្រង់​ប៉ុណ្ណោះ ទើប​សេចក្ដីពិត​នៃ​ដំណឹងល្អ​អាច​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​ព្រះ​សព្វព្រះទ័យ​ឲ្យ​យើងប្រែ​ក្លាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព  ថែមទាំង​កាន់ខ្ជាប់​ដល់​ចុងបញ្ចប់​យ៉ាង​ក្លាហាន ។

ការរៀនសូត្រ និង ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​សេចក្ដីពិត​នៃ​ដំណឹងល្អ

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​វាំងនន​ប៉ាក់​ដ៏​វិចិត្រ​មួយ​នៃ​សេចក្ដីពិត « បាន​ផ្គុំ​ភ្ជាប់​គ្នា »  និង​វេញ​ត្បាញ​បញ្ចូល​គ្នា ។ ពេល​យើង​រៀន ហើយ​ភ្ជាប់​ទំនាក់ទំនង​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​ជាមួយ​គ្នា នោះ​យើង​មាន​ពរ​ដើម្បី​ទទួលបាន​ទស្សនវិស័យ​ដ៏​អស្ចារ្យ ហើយ​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​តាមរយៈ​ភ្នែក​ដែល​អាច​មើល​ឃើញ​ព្រះចេស្ដា​ព្រះអម្ចាស់​ក្នុង​ជីវិត និង​ត្រចៀក​ដែល​អាច​ឮ​ព្រះសូរសៀង​ទ្រង់ ។ ហើយ​គោលការណ៍​នៃ ការបំព្រួម​គ្រប់​ទាំងអស់—ក្នុង​ទ្រង់—អាច​ជួយ​យើង​ផ្លាស់ប្ដូរ​បញ្ជី​ដែល​យើង​ធ្លាប់​ប្រើ​ទៅ​ជា​អ្វី​មួយ​ដែល​បាន​រួបរួម ដាក់​បញ្ចូល​គ្នា និង​ពេញលេញ ។ ខ្ញុំ​សូម​ផ្ដល់​នូវ​ទាំង​ឧទាហរណ៍​មួយ​ខាង​គោលលទ្ធិ និង​សាសនាចក្រ​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ណែនាំ ។

ឧទាហរណ៍ទី ១ ។ មាត្រា​ទី​បួន​នៃ​សេចក្ដីជំនឿ​គឺ​ជា​ការបង្ហាញ​ដ៏​អស្ចារ្យ​មួយ​អំពី​ការបំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ ៖ « យើង​ខ្ញុំ​ជឿ​ថា គោលការណ៍​ទី​មួយ និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​គឺ ៖ ទីមួយ សេចក្ដីជំនឿ​ជឿ​ដល់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ទីពីរ ការប្រែចិត្ត ទីបី បុណ្យ​ជ្រមុជ​ទឹក ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់បាប ទី​បួន ការដាក់ដៃលើ​សម្រាប់​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ » ។១០

រូបភាព
សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ

សេចក្តីជំនឿ​ពិត​ផ្ដោត​ទៅ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ—ជឿ​ថា​ទ្រង់​គឺ​ជា​ព្រះអាទិទេព និង​ជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ព្រះវរបិតា និង​លើ​ទ្រង់ និង​លើ​បេសកកម្ម​ប្រោសលោះ​ដែល​ទ្រង់​បាន​បំពេញ ។ « ដ្បិត​ទ្រង់​បាន​ឆ្លើយតប​ចុង​បំផុត​នៃ​ក្រឹត្យវិន័យ ហើយ​ទ្រង់​បាន​ទទួល​យក​អស់​អ្នក​ណា​ដែល​មាន​សេចក្ដីជំនឿ​ជឿ​ដល់​ទ្រង់ ហើយ​ពួក​អ្នក​ណា​ដែល​មាន​សេចក្ដីជំនឿ​ជឿ​ដល់​ទ្រង់ នោះ​តោង​ទៅ​នឹង​អ្វី​ដែល​ល្អ​គ្រប់​យ៉ាង ហេតុដូច្នោះ​ហើយ ទ្រង់​ជួយ​តវ៉ា ដើម្បី​ឧត្ដម​គតិ​របស់​កូន​ចៅ​មនុស្ស » ។១១ ការអនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ​គឺ ការទុកចិត្ត និង​ការដាក់​ទំនុកចិត្ត​របស់​យើង​លើ​ទ្រង់​ជា​ព្រះអង្គសង្គ្រោះ លើ​ព្រះនាម​ទ្រង់ និង​លើ​បន្ទូល​សន្យា​របស់​ទ្រង់ ។

រូបភាព
ការប្រែចិត្ត

លទ្ធផល​ទីមួយ និង​ដោយ​ស្វ័យប្រវត្តិ​នៃ​ការទុកចិត្ត​លើ​ព្រះអង្គសង្គ្រោះ​គឺ​ជា​ការប្រែចិត្ត និង​ការបែរ​ចេញ​ពី​សេចក្ដីអាក្រក់ ។ ពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់ យើង​បែរ​មក​រក យើង​ចូល​មក ហើយ​ពឹងផ្អែក​លើ​ទ្រង់ ។ ដូច្នេះ ការប្រែចិត្ត​គឺ​ជា ការទុកចិត្ត និង ការពឹងផ្អែក ទៅ​លើ​ព្រះអង្គប្រោសលោះ​ឲ្យ​ធ្វើ​កិច្ចការ​ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ខ្លួន​យើង​បាន ។ យើង​ម្នាក់ៗ​ត្រូវតែ « [ ពឹងផ្អែក ] ទាំងស្រុង ទៅ​លើ​បុណ្យ​គុណ​របស់​ទ្រង់ ដែល​មាន​ឥទ្ធិឫទ្ធិ​ដើម្បី​សង្គ្រោះ » ១២ ព្រោះ​មាន​តែ « ដោយ​បុណ្យ​គុណ និង​សេចក្ដី​មេត្តាករុណា និង​ព្រះ​គុណ​នៃ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ » ១៣ ប៉ុណ្ណោះ ទើប​យើង​អាច​កើត​ជា​ថ្មី​ក្នុង​ព្រះគ្រីស្ទ ១៤ ហើយ​ទីបំផុត​ត្រឡប់​ទៅ​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ​វិញ ។

រូបភាព
ពិធីបុណ្យ​ជ្រមុជ​ទឹក

ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក​ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់បាប តម្រូវ​ឲ្យ​យើង ទុកចិត្ត លើ​ទ្រង់ ពឹងផ្អែក លើ​ទ្រង់ និង ធ្វើតាម ទ្រង់ ។ នីហ្វៃ​បាន​ប្រកាស​ថា « ហេតុ​ដូច្នោះ​ហើយ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​ដឹង​ថា បើ​អ្នក​រាល់​គ្នា​នឹង​ដើរ​តាម​ព្រះ​រាជ​បុត្រា ដោយ​ពេញចិត្ត​ប្រាថ្នា គឺ​ពុំ​មាន​ការ​លាក់ពុត ឬ​ការ​បោក​បញ្ឆោត​នៅ​ចំពោះ​ព្រះ​ឡើយ ប៉ុន្តែ​ដោយ​ស្មោះ​អស់​ពី​ចិត្ត គឺ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ធ្វើ​បន្ទាល់​ចំពោះ​ព្រះ​វរបិតា​ថា អ្នក​រាល់​គ្នា​យល់​ព្រម​ទទួល​យក​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​មក​លើ​ខ្លួន ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក—មែន​ហើយ ដោយ​ដើរ​តាម​ព្រះ​អម្ចាស់​របស់​អ្នក និង​ព្រះ​អង្គ​សង្គ្រោះ​របស់​អ្នក​ចុះ​ទៅ​ក្នុង​ទឹក ស្រប​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ មើល​ចុះ ពេល​នោះ អ្នក​នឹង​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ មែន​ហើយ បន្ទាប់​មក ក៏​មាន​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។១៥

រូបភាព
ពិធី​បញ្ជាក់

ពិធីបរិសុទ្ធ​នៃ​ការដាក់ដៃ​លើ​ក្បាល​សម្រាប់​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ តម្រូវ​ឲ្យ​យើង ទុកចិត្ត លើ​ទ្រង់ ពឹងផ្អែក លើ​ទ្រង់ ដើរតាម ទ្រង់ និង ឆ្ពោះ​ទៅ​មុខ ជាមួយ​ទ្រង់​ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ដូច​នីហ្វៃ​បាន​ប្រកាស​ថា « ហើយ​ឥឡូវ​នេះ…ខ្ញុំ​ដឹង​ថា អ្នក​នោះ​នឹង​ពុំ​អាច​បាន​សង្គ្រោះ​ឡើយ លើកលែងតែ​អ្នក​ណា​ដែល​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ដោយ​ធ្វើ​តាម​គំរូ​នៃ​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ​នោះ » ។១៦

រូបភាព
ប្រមូល​ផ្តុំ​ជាមួយ​គ្នា​ជា​តែ​មួយ

មាត្រា​ទី​បួន​នៃ​សេចក្ដី​ជំនឿ​ពុំ​គ្រាន់តែ​ប្រាប់​អំពី​គោលការណ៍​គ្រឹះ និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​ប៉ុណ្ណោះ​ទេ ។ ផ្ទុយទៅវិញ សេចក្ដីថ្លែងការណ៍​ដ៏​បំផុសគំនិត​អំពី​ជំនឿ​នៃ​ការបំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ​នេះ​គឺ ៖ ការទុកចិត្ត លើ​ទ្រង់ ការពឹងផ្អែក លើ​ទ្រង់ ការដើរតាម ទ្រង់ និង ការឆ្ពោះ​ទៅ​មុខ ជាមួយ​ទ្រង់—និង​ក្នុង​ទ្រង់​ផងដែរ ។

ឧទាហរណ៍​ទី ២ ។ ឥឡូវ​នេះ ខ្ញុំ​ចង់​ពិពណ៌នា​អំពី​របៀប​ដែល​កម្មវិធី និង​ការផ្ដួចផ្ដើម​គំនិត​ទាំងអស់​របស់​សាសនាចក្រ ត្រូវបាន​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ ។ ការបង្ហាញ​ជា​ច្រើន​បន្ថែម​ទៀត​អាច​ត្រូវបាន​បង្ហាញ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រើ​តែ​ពីរ​បី​ចំណុច​ប៉ុណ្ណោះ ។

រូបភាព
ស្ថាបនា និង​ពង្រឹង​ក្រុង​ស៊ីយ៉ូន

ក្នុង​ឆ្នាំ ១៩៧៨ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ណែនាំ​សមាជិក​សាសនាចក្រ​ឲ្យ​ស្ថាបនា​ភាពរឹងមាំ​នៃ​ក្រុង​ស៊ីយ៉ូន​ពាសពេញ​ពិភពលោក ។ លោក​បាន​ទូន្មាន​ឲ្យ​ពួកបរិសុទ្ធ​បន្ត​រស់នៅ​ក្នុង​ដែនដី​កំណើត​ខ្លួន ហើយ​ស្ថាបនា​ស្តេក​ដ៏​រឹងមាំ​តាមរយៈ​ការប្រមូល​ផ្ដុំ​ក្រុម​គ្រួសារ​នៃ​ព្រះ និង​ការបង្រៀន​ពួកគេ​អំពី​មាគ៌ា​របស់​ព្រះអម្ចាស់ ។ លោក​បាន​បង្ហាញ​បន្ថែម​ថា ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ច្រើន​នឹង​ត្រូវបាន​កសាង និង​ពរជ័យ​ដែល​បាន​សន្យា​សម្រាប់​ពួកបរិសុទ្ធ​នៅ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​រស់នៅ​លើ​ពិពភលោក ។១៧

រូបភាព
បី​ម៉ោង
រូបភាព
ការ​ប្រកាស​ស្តីពី​ក្រុម​គ្រួសារ

នៅ​ពេល​ចំនួន​ស្តេក​កើនឡើង មាន​តម្រូវការ​ឲ្យ​ពង្រឹង​ដល់​ផ្ទះ​របស់​សមាជិក​ដើម្បី​ឲ្យ « ក្លាយ​ជា [ ទីកន្លែង ] សមាជិក​ក្រុម​គ្រួសារ [ ចូលចិត្ត ] រស់នៅ ជា​ទី​ដែល​ពួកគេ [ អាច ] បន្ថែម​រសជាតិ​ជីវិត ហើយ​រក​ឃើញ​ក្ដីស្រឡាញ់​រួម គាំទ្រ ថ្លែង​អំណរគុណ និង​លើកទឹកចិត្ត » ។១៨ ជា​លទ្ធផល​ក្នុង​ឆ្នាំ ១៩៨០ ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​ត្រូវបាន​ដាក់​បញ្ចូល​គ្នា​ទៅ​ជា​បី​ម៉ោង​ដើម្បី « ផ្ដោត​សំខាន់​ឡើង​វិញ​អំពី​ករណីយកិច្ច​ផ្ទាល់ខ្លួន និង​ជា​គ្រួសារ​សម្រាប់​ការរៀនសូត្រ ការរស់នៅ និង​ការបង្រៀន​ដំណឹងល្អ » ។១៩ ការផ្ដោត​សំខាន់​ទៅ​លើ​ក្រុម​គ្រួសារ និង​គេហដ្ឋាន​ឡើង​វិញ​ត្រូវបាន​បញ្ជាក់​នៅ​ក្នុង « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ដែល​ត្រូវបាន​ប្រកាស​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ក្នុង​ឆ្នាំ ១៩៩៥ ។២០

រូបភាព
កសាង​ព្រះវិហារ​បរិសុទ្ធ

ក្នុង​ខែ​មេសា ឆ្នាំ ១៩៩៨ ប្រធាន​ហ៊ិងគ្លី​បាន​ប្រកាស​អំពី​ការដ្ឋាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ​តូចៗ​ជា​ច្រើន​ទៀត តាម​របៀប​នោះ​យើង​អាច​នាំ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋៗ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​ទៅ​កាន់តែ​ជិត​ពួកបរិសុទ្ធ​ដែល​ជា​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ​ពាសពេញ​ពិភពលោក ។២១ ឱកាស​ដែល​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ទាំងនេះ​ដើម្បី​ឲ្យ​មាន​ភាពរីកចម្រើន និង​ការវិវឌ្ឍ​ខាង​វិញ្ញាណ ត្រូវបាន​អនុវត្ត​ដោយ​ការបង្កើន​នៃ​ភាពខ្លួនទីពឹងខ្លួន​ខាង​សាច់ឈាម​ដែល​ជាប់​ទាក់ទង តាមរយៈ​ការណែនាំ​ឲ្យ​ស្គាល់​មូលនិធិ​ដែល​មាន​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ ២០០១ ។២២

រូបភាព
មើល​ថែ​ជន​ក្រីក្រ និង​មនុស្ស​ទុករគត៌

អំឡុង​ពេល​ការគ្រប់គ្រង​របស់​លោក ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ទូន្មាន​ពួក​បរិសុទ្ធ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​ចេញ​ទៅ « សង្គ្រោះ » ហើយ​ផ្ដោត​សំខាន់​ទៅ​លើ​ការមើលថែ​ជនក្រីក្រ និង​ទុរគតជន​ទុក​ជា​ករណីយកិច្ច​មួយ​ដែល​ព្រះ​ចាត់តាំង​ក្នុង​សាសនាចក្រ ។ នៅ​ពេល​បន្ត​ផ្ដោត​សំខាន់​ទៅ​លើ​ការរៀបចំ​ខ្លួន​ខាង​សាច់ឈាម នោះ​កម្មវិធី​សេវា​ភាពខ្លួនទីពឹងខ្លួន​ត្រូវបាន​អនុវត្ត​ក្នុង​ឆ្នាំ ២០១២ ។

រូបភាព
ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​ជា​ទី​រីករាយ​ចិត្ត

ប៉ុន្មាន​ឆ្នាំ​មុន​នេះ គោលការណ៍​ដ៏​ចាំបាច់​អំពី​ការធ្វើ​ឲ្យ​ថ្ងៃ​ឈប់សម្រាក​ក្លាយ​ជា​ទី​រីករាយ​នៅ​ក្នុង​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ ត្រូវបាន​ផ្ដោត​សំខាន់ និង​ពង្រឹង​ឡើង​វិញ ២៣ ដូច្នេះ​ការណ៍​នោះ​រៀបចំ​យើង​សម្រាប់​ការកែតម្រូវ​កាលវិភាគ​ប្រជុំ​ថ្ងៃ​អាទិត្យ​ដែល​ត្រូវបាន​ប្រកាស​នៅ​ក្នុង​សម័យ​ប្រជុំ​សន្និសីទ​ទូទៅ​នេះ ។

រូបភាព
កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​បាន​សម្រប​ជាមួយ​នឹង​អង្គការ​ជំនួយ

កាល​ពី​ប្រាំមួយ​ខែ​មុន កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក​ត្រូវបាន​ពង្រឹង និង​មាន​ទំនាក់ទំនង​កាន់តែ​មាន​ប្រសិទ្ធភាព​ជាមួយ​អង្គការ​ជំនួយ​ផ្សេងៗ ដើម្បី​សម្រេច​បាន​វិធីសាស្រ្ត​នៃ​ការងារបម្រើ​កាន់តែ​ខ្ពស់ និង​បរិសុទ្ធ ។

រូបភាព
កិច្ចការ​មួយ​ដែល​សាមគ្គី​គ្នា

ខ្ញុំ​ជឿ​ថា លំដាប់លំដោយ និង​ពេលវេលា​នៃ​សកម្មភាព​ទាំងនេះ​ជា​ច្រើន​ទសវត្សរ៍​អាច​ជួយ​យើង​ឃើញ​កិច្ចការ​ដ៏​មាន​សាមគ្គីភាព និង​ទូលំទូលាយ​មួយ និង​មិន​គ្រាន់តែ​ជា​កម្មវិធី​ដ៏​ឯករាជ្យ និង​ដាច់​ដោយ​ឡែក​ឡើយ ។ « ព្រះ​បាន​បើកសម្តែង​នូវ​លំនាំ​នៃ​ការរីកចម្រើន​ខាង​វិញ្ញាណ​មួយ​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ តាមរយៈ​ពិធីបរិសុទ្ធ ការបង្រៀន កម្មវិធី និង​សកម្មភាព​នានា ដែល​ត្រូវបាន​ផ្តោត​ទៅ​លើ​គេហដ្ឋាន និង​គាំទ្រ​ពី​សាសនាចក្រ ។ អង្គការ និង​កម្មវិធី​នៃ​សាសនាចក្រ បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់ពរ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​មិន​បញ្ចប់​នៅ​ត្រឹម​ប៉ុណ្ណោះ​នោះ​ទេ » ។២៤

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​ទទួលស្គាល់​កិច្ចការ​របស់​ព្រះអម្ចាស់​ថា​ជា​កិច្ចការ​ដ៏​អស្ចារ្យ​មួយ​ទូទាំង​ពិភពលោក ដែល​នឹង​ក្លាយ​ជា​ការផ្ដោត​ទៅ​លើ​គេហដ្ឋាន និង​គាំទ្រ​ដោយ​សាសនាចក្រ ។ ខ្ញុំ​ដឹង ហើយ​ថ្លែងទីបន្ទាល់​ថា ព្រះអម្ចាស់​កំពុង​បើក​សម្ដែង ព្រមទាំង​នឹង​បើក​សម្ដែង​រឿង​ដ៏​ធំ និង​សំខាន់ៗ​ជា​ច្រើន​ដែល​ទាក់ទង​ទៅ​នឹង​នគរ​នៃ​ព្រះ » ។២៥

ការសន្យា និង ទីបន្ទាល់

ខ្ញុំ​បាន​ចាប់ផ្ដើម​សារលិខិត​របស់​ខ្ញុំ​ដោយ​ការលើក​យក​ភាពរឹងមាំ​ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​របុំ​នៃ​សម្ភារ​នីមួយៗ​ដែល​ត្រូវបាន​វេញ ឬ​ក្រង​បញ្ចូល​គ្នា​បង្កើត​ជា​ខ្សែពួរ ។ តាម​របៀប​ស្រដៀងគ្នា​នេះ​ដែរ ខ្ញុំ​សន្យា​ថា ទស្សនវិស័យ គោលបំណង និង​អំណាច​កាន់តែ​ច្រើន​នឹង​ជា​ភស្ដុតាង​ក្នុង​ការរៀនសូត្រ និង​ការរស់នៅ​របស់​យើង​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ​នៅ​ពេល​យើង​ខិតខំ​បំព្រួម​គ្រប់​ទាំងអស់​ក្នុង​ព្រះគ្រីស្ទ—ថែម​ទាំង​នៅលើ​ទ្រង់​ផងដែរ ។

រាល់​ឱកាស និង​ពរជ័យ​នៃ​លទ្ធផល​ដ៏​អស់កល្ប​មាន​ប្រភព​មក​ពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​អាច​ធ្វើ​ទៅ​បាន និង​មាន​គោលបំណង​ដោយសារតែ​ព្រះយេស៊ូវគ្រីស្ទ និង​នៅ​ស្ថិតស្ថេរ​តាមរយៈ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ដូច​អាលម៉ា​បាន​ថ្លែងទីបន្ទាល់​ថា « គ្មាន​ផ្លូវ ឬ​មធ្យោបាយ​ឯណា​ផ្សេង​ទៀត​ទេ ដែល​នាំ​ឲ្យ​មនុស្ស​បាន​សង្គ្រោះ មាន​តែ​ដោយ និង​តាមរយៈ​ព្រះគ្រីស្ទ​មួយ​ប៉ុណ្ណោះ ។ ទ្រង់​គឺជា​ជីវិត ហើយ​ជា​ពន្លឺ​នៃ​ពិភពលោក » ។២៦

ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ដោយ​អំណរ​អំពី​ទេវភាព និង​សេចក្ដីពិត​ដ៏​សកម្ម​របស់​ព្រះវរបិតាសួគ៌ និង​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​រក​ឃើញ​អំណរ​ក្នុង​ព្រះអង្គសង្គ្រោះ​យើង ។ ហើយ​ក្នុង​ទ្រង់ យើង​រក​ឃើញ​ការអះអាង​នៃ « សេចក្ដីសុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​បរលោក » ។២៧ ខ្ញុំ​ថ្លែង​ទី​បន្ទាល់​ដូច្នោះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។