ឆ្នាំ ២០១០-២០១៩
រួម​មក​តែ​មួយ​នៅ​ក្នុង​ព្រះគ្រីស្ទ
ខែ តុលា ឆ្នាំ ២០១៨


រួម​មក​តែ​មួយ​នៅ​ក្នុង​ព្រះគ្រីស្ទ

ដៃគូ​ជាទីស្រឡាញ់​របស់​ខ្ញុំ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​អើយ ខ្ញុំ​ជឿ​ថា យើង​អាច​ធ្វើ​បាន​កាន់តែ​ប្រសើរ​ឡើង ហើយ​យើង​គួរតែ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​នៅក្នុង​ការស្វាគមន៍​មិត្តភក្តិ​ថ្មី​ដែល​ចូល​មក​សាសនាចក្រ ។

សាយ័ណ្ហសួស្តី បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ។ យើង​និយាយ​ពាក្យ​នេះ​ជា​ភាសា​ព័រទុយហ្គាយ​ប្រេស៊ីល​ថា « Boa tarde ! » ខ្ញុំ​ទទួល​អារម្មណ៍​ថា មាន​ពរ​ដើម្បី​ជួបប្រជុំ​ជាមួយ​បងប្អូន​នៅក្នុង​សន្និសីទ​ទូទៅ​ដ៏​អស្ចារ្យ​នេះ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ក្រោម​ការដឹកនាំ​របស់​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​គឺ​ប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំ​មាន​ក្តីអស្ចារ្យ​ចំពោះ​ឱកាស​ដ៏​ប្រពៃ​ដែល​យើង​ម្នាក់ៗ​មាន ដើម្បី​ស្តាប់​សំឡេង​នៃ​ព្រះអម្ចាស់ តាមរយៈ​អ្នក​បម្រើ​ទ្រង់​នៅលើ​ផែនដី​នៅថ្ងៃ​ចុង​ក្រោយ ដែល​យើង​កំពុង​រស់​នៅ​នេះ ។

រូបភាព
ទន្លេ​អាម៉ាស្សូន
រូបភាព
ទន្លេ​អាម៉ាស្សូន​កើត​ឡើង​ដោយ​ទន្លេ​ពីរ​ហូរ​ជួប​គ្នា

នៅ​ប្រេស៊ីល​ជា​ប្រទេស​កំណើត​របស់​ខ្ញុំ​មាន​នូវ​ធនធាន​ធម្មជាតិ​សម្បូរ​ហូរហៀរ​ណាស់ ។ ធនធាន​មួយ​ដ៏​ល្បីល្បាញ​នោះ​គឺ​ទន្លេ​អាម៉ាស្សូន ជា​ទន្លេ​មួយ​ដែល​ធំ ហើយ​វែង​ជាង​គេ​បំផុត​នៅលើ​ពិភពលោក ។ វា​បង្កើត​ឡើង​ដោយ​ទន្លេ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​គឺ​ទន្លេ​សូលីម័អេស និង​ទន្លេ​ណេហ្គ្រូ ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ទន្លេ​ទាំង​ពីរ​ហូរ​រួម​គ្នា​អស់រយៈ​ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ​ពីមុន​ទឹក​ទន្លេ​នោះ​លាយ​ចូល​គ្នា ដោយសារ​ទន្លេ​ទាំង​នោះ​មាន​ប្រភព​ដើម ល្បឿន សីតុណ្ហភាព និង​សមាសធាតុ​គីមី​ផ្សេង​ពី​គ្នា​ខ្លាំង​ណាស់ ។ បន្ទាប់​ពី​ហូរ​អស់​រយៈ​ចម្ងាយ​ជា​ច្រើន​គីឡូ​ម៉ែត្រ ទើប​ទឹក​ទន្លេ​នោះ​លាយ​ចូល​ជាមួយ​គ្នា ក្លាយ​ជា​ទន្លេ​មួយ​ផ្សេង​ពី​ប្រភព​ដើម​នៃ​ទន្លេ​នីមួយៗ ។ បន្ទាប់​ពី​ផ្នែក​នៃ​ទន្លេ​ទាំង​នេះ​រួម​ចូល​គ្នា នោះ​ទន្លេ​អាម៉ាស្សូន​ប្រែ​ជា​មាន​កម្លាំង​ខ្លាំង ដែល​នៅពេល​វា​ហូរ​ទៅដល់​មហាសមុទ្រ​អាត្លង់ទិច នោះ​វា​ហូរ​ច្រាល​ចូលទៅ​ក្នុងទឹក​សមុទ្រ ដូច្នេះ​គេ​អាច​នៅតែ​ឃើញ​ទឹក​សាប​ជា​ច្រើន​គីឡូម៉ែត្រ​នៅក្នុង​មហា​សមុទ្រ​នោះ ។

រូបភាព
ទឹកហូរ​ចូលគ្នា​នៃ​ទន្លេ​អាម៉ាស្សូន

ស្រដៀង​គ្នា​ទៅ​នឹង​ទន្លេ​សូលីម័អេស និង​ទន្លេ​ណេហ្គ្រូ​ហូរ​ជាមួយ​គ្នា ដើម្បី​បង្កើត​បាន​ជា​ទន្លេ​អាម៉ាស្សូន​ដ៏​ធំ​ដែរ នោះ​បុត្រាបុត្រី​របស់​ព្រះ​ដែល​មាន​ប្រវត្តិ​សង្គម ប្រពៃណី និង​វប្បធម៌​ផ្សេងៗ​គ្នា មក​រួម​គ្នា​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ បង្កើត​បាន​ជា​សហគមន៍​ពួកបរិសុទ្ធ​ដ៏​អស្ចារ្យ​នៅក្នុង​ព្រះគ្រីស្ទ ។ ទីបំផុត នៅពេល​យើង​លើក​ទឹកចិត្ត គាំទ្រ ហើយ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក នោះ​យើង​រួមគ្នា​បង្កើត​បាន​ជា​កម្លាំង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សេចក្តីល្អ​នៅក្នុង​ពិភពលោក​នេះ ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ការហូរ​ចូលគ្នា​តែ​មួយ​នៅក្នុង​ទន្លេ​នៃ​សេចក្ដី​ល្អ​នេះ យើង​នឹង​អាច​ផ្តល់ « ទឹកសាប » នៃ​ដំណឹងល្អ​ដល់​ពិភពលោក​ដែល​ស្រេក​ទឹក​នេះ ។

រូបភាព
សមាជិក​ថ្មី​មក​ជាមួយ​គ្នា​ជាមួយ​បុត្រាបុត្រា​ផ្សេង​ទៀត​នៃ​ព្រះ
រូបភាព
សហគមន៍​នៃ​ពួក​បរិសុទ្ធ​ត្រូវបាន​បង្កើត​ឡើង

ព្រះអម្ចាស់​បាន​បំផុសគំនិត​ដល់​ពួកព្យាការី​ទ្រង់ ឲ្យ​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​គាំទ្រ និង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដូច្នេះ​យើង​អាច​មាន​ភាពសាមគ្គី​គ្នា​នៅក្នុង​សេចក្តីជំនឿ និង​គោលបំណង​ក្នុងការ​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុល​សាវក​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​បាន​បង្រៀន​ថា អស់​អ្នក​ដែល « បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ​ហើយ… ៖ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់ រួម​មក​តែ​មួយ​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ » ។

ពេល​យើង​សន្យា​នៅ​ពិធីបុណ្យ​ជ្រមុជ​ទឹក​ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ នោះ​យើង​ធ្វើ​ជា​សាក្សី​ចំពោះ​ព្រះវរបិតា​ថា យើង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះគ្រីស្ទ ។ ពេល​យើង​ព្យាយាម​ទទួល​បាន​លក្ខណៈ​នៃ​ភាព​ជា​ព្រះ​របស់​ទ្រង់​នៅក្នុង​ជីវិត​យើង​នោះ​យើង​ក្លាយ​ជា​មនុស្ស​ផ្សេង​ពីមុន តាមរយៈ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ជា​អម្ចាស់ ហើយ​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​មនុស្ស​ទាំងអស់​នឹង​កើន​ឡើង​យ៉ាង​ងាយ ។ យើង​មាន​កង្វល់​ចំពោះ​សុខុមាលភាព និង​សុភមង្គល​ចំពោះ​មនុស្ស​គ្រប់គ្នា​ដោយ​ស្មោះ ។ យើង​ចាត់​ទុក​គ្នា​ថា ជា​បងប្អូន​ប្រុសស្រី​នឹង​គ្នា ថា​ជា​បុត្រាបុត្រី​នៃ​ព្រះ​ដែលមាន​ប្រភព លក្ខណៈ និង​សក្តានុពល​នៃ​ភាព​ជាព្រះ ។ យើង​មាន​បំណង​មើល​ថែ​គ្នា​ទៅវិញ​ទៅមក ហើយ​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ។

នេះ​គឺ​ជា​អ្វី​ដែល​ប៉ុល​បាន​ពិពណ៌នា​ថា​ជា​សេចក្តីសប្បុរស ។ មរមន​ព្យាការី​នៅក្នុង​ព្រះគម្ពីរ​មរមន បាន​ពិពណ៌នា​អំពី​សេចក្តីសប្បុរស​ថា ជា « សេចក្តីស្រឡាញ់​ដ៏សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ »  ដែលជា​សេចក្តីស្រឡាញ់​ដ៏​ប្រសើរ​បំផុត ថ្លៃថ្នូរ​បំផុត និង​ខ្លាំងក្លា​បំផុត ។ ព្យាការី​បច្ចុប្បន្ន​របស់​យើង ប្រធាន រ័សុល អិម ណិលសុន បាន​ពិពណ៌នា​អំពី​ការបើក​សម្តែង​ថ្មីៗ​ស្តីពី​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ​នេះ​ថា ជា​ការងារ​បម្រើ ដែល​ជា​មធ្យោបាយ​មួយ​កាន់តែ​ផ្តោត​ចិត្ត​ទុកដាក់ និង​កាន់តែ​បរិសុទ្ធ ដើម្បី​ស្រឡាញ់ និង​មើល​ថែ​ដល់​បុគ្គល​ដទៃ​ទៀត ដូចជាព្រះអង្គសង្គ្រោះ​បាន​ធ្វើ ។

ចូរ​យើង​ពិចារណា​អំពី​គោលការណ៍​នេះ​ស្តីពី​សេចក្តីស្រឡាញ់ និង​ការមើល​ថែ ដូច​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ នៅក្នុង​បរិបទ​នៃ​ការលើក​ទឹកចិត្ត ការជួយ និង​ការគាំទ្រ​ដល់​អស់​អ្នក​ដែល​ទើប​ប្រែចិត្ត​ជឿ​ថ្មី និង​អស់​អ្នក​ដែល​ចាប់ផ្តើម​បង្ហាញ​ចំណាប់​អារម្មណ៍​នៅក្នុង​ការចូលរួម​ការបម្រើ​នៃ​សាសនាចក្រ​យើង ។

ពេល​មិត្តភក្តិ​ថ្មី​ទាំង​នេះ​ចេញ​ពី​លោកិយ ហើយ​ឱប​ក្រសោប​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ចូលរួម​សាសនាចក្រ​ទ្រង់ នោះ​ពួកគេ​ក្លាយ​ជា​ពួកសិស្ស​ទ្រង់ បាន​កើត​ម្តង​ទៀត​តាមរយៈ​ទ្រង់ ។ ពួកគេ​ទុក​ពិភព​មួយ​ដែល​ពួកគេ​បាន​ស្គាល់​យ៉ាង​ច្បាស់​មួយ​អន្លើ ហើយ​ជ្រើស​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ដោយ​បំណងចិត្ត​ដ៏​ពោរពេញ ចូលរួម​ក្នុង « ទន្លេ » ថ្មី​មួយ ដូចជា​ទន្លេ​អាម៉ាស្សូន​ដ៏​អស្ចារ្យ—ជា​ទន្លេ​ដែល​ឥទ្ធិពល​នៃ​សេចក្តី​អង់អាច​ស្តីពី​សេចក្តីល្អ និង​សេចក្តីសុចរិត​ដែល​ហូរ​ឆ្ពោះ​ទៅកាន់​វត្តមាន​របស់​ព្រះ ។ សាវក​ពេត្រុស​ពិពណ៌នា​អំពី​វា​ថា​ជា « ពូជ​ជ្រើសរើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ » ។ នៅពេល​មិត្តភក្តិ​ថ្មី​ទាំង​នេះ​ចូល​ទៅក្នុង​ទន្លេ​ថ្មី និង​មិន​ស្គាល់​នេះ ពួកគេ​អាច​មាន​អារម្មណ៍​ថា វង្វេង​នៅ​គ្រា​ដំបូង ។ មិត្តភក្ដិ​ថ្មី​ទាំង​នេះ​ឃើញ​ថា ពួកគេ​លាយ​ខ្លួន​ចូល​ទៅក្នុង​ទន្លេ​មួយ​ជាមួយ​នឹង​ប្រភព​ដើម សីតុណ្ហភាព និង​សមាសធាតុ​គីមី​ពិសេស—ជា​ទន្លេ​ដែល​មាន​ប្រពៃណី វប្បធម៌ និង​វាក្យសព្ទ​ផ្ទាល់​របស់​វា ។ ជីវិត​ថ្មី​នេះ​នៅក្នុង​ព្រះគ្រីស្ទ​ហាក់​ដូច​ជា​ស្មុគស្មាញ​ចំពោះ​ពួកគេ ។ សូម​គិត​បន្តិច​អំពី​របៀប​ដែល​ពួកគេ​អាច​គិត ពេល​ពួកគេ​ឮ​ពាក្យ​ដូចជា « រាត្រី​ជួបជុំ​ក្រុម​គ្រួសារ », « គណៈកម្មការ​យុវវ័យ​នៃ​គណៈប៊ីស្សព », « សប្តាហ៍​តម​អាហារ », « បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន », « បណ្តុំ​ព្រះគម្ពីរ » ជាដើម ។

វា​ងាយ​ស្រួល​ដើម្បី​ឃើញ​ពី​មូលហេតុ​ដែល​ពួកគេ​អាច​មាន​អារម្មណ៍​ថា ពួកគេ​មិនមែន​ជា​សមាជិក​ទេ ។ នៅក្នុង​ស្ថានភាព​ដូចនេះ ពួកគេ​អាច​សួរ​ខ្លួន​ឯង​ថា « តើ​មាន​កន្លែង​មួយ​សម្រាប់​ខ្ញុំ​នៅ​ទីនេះ​ឬ​ទេ ? តើ​ខ្ញុំ​ស័ក្តិសម​នឹង​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែរ​ឬ​ទេ ? តើ​សាសនាចក្រ​ត្រូវការ​ខ្ញុំ​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​នឹង​រកបាន​មិត្តភក្តិ​ថ្មី​ដែល​ព្រម​ជួយ និង​គាំទ្រ​ខ្ញុំ​ដែរ​ឬ​ទេ ?

មិត្តភក្ដិ​ជា​ទីស្រឡាញ់​របស់​ខ្ញុំ នៅក្នុង​គ្រា​ដូចនោះ ពួកយើង​ដែល​ស្ថិត​នៅ​លើ​ចំណុច​ផ្សេងៗ​គ្នា​នៃ​ដំណើរ​ដ៏​វែង​ស្តីពី​ភាព​ជា​សិស្ស ត្រូវ​ឈោង​ដៃ​ដ៏​កក់​ក្តៅ​នៃ​ការ​រាប់អាន​ទៅដល់​មិត្តភក្តិ​ថ្មី​របស់​យើង ទទួល​ពួកគេ​ទោះបី​ពួកគេ​ជា​នរណា​ក៏​ដោយ ហើយ​ជួយ ស្រឡាញ់ និង​បញ្ចូល​ពួកគេ​មក​ក្នុង​ជីវិត​របស់​យើង ។ មិត្តភក្ដិ​ថ្មី​ទាំង​អស់​នេះ​គឺ​ជា​បុត្រាបុត្រី​ដ៏​មាន​តម្លៃ​របស់​ព្រះ ។១០ វា​សំខាន់​ណាស់​ដែល​យើង​មិន​ត្រូវ​ឲ្យ​បាត់បង់​សូម្បី​តែ​ម្នាក់​ឡើយ ដោយសារ​ដូចជា​ទន្លេ​អាម៉ាស្សូន​ដែល​ពឹងផ្អែក​លើ​ដៃ​ទន្លេ​ដែល​ហូរ​ចូល​មក​ក្នុង​វា​ដែរ នោះ​យើង​ត្រូវការ​ពួកគេ​យ៉ាង​ខ្លាំង​ដូច​ពួកគេ​ត្រូវការ​យើង​ផងដែរ ដើម្បី​ក្លាយ​ជា​កម្លាំង​ដ៏​មហិទ្ធិឬទ្ធ​សម្រាប់​សេចក្តីល្អ​នៅក្នុង​ពិភពលោក ។

មិត្តភក្ដិ​ថ្មី​របស់​យើង​នាំ​មក​នូវ​ទេពកោសល្យ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ ក្តីរំភើប និង​សេចក្តីល្អ​ជាមួយ​ពួកគេ ។ ក្តីរំភើប​របស់​ពួកគេ​ចំពោះ​ដំណឹងល្អ​អាច​រីក​សុះសាយ តាមរយៈ​រឿង​នោះ​អាច​ជួយ​យើង​ធ្វើ​ឲ្យ​ទីបន្ទាល់​របស់​យើង​ស្រស់ស្រាយ​ឡើង​វិញ ។ ពួកគេ​ក៏​នាំ​មក​នូវ​ទស្សនវិស័យ​ថ្មីៗ​មក​កាន់​ការយល់​ដឹង​របស់​យើង​ស្តីពី​ជីវិត និង​ដំណឹងល្អ ។

យើង​ត្រូវបាន​បង្រៀន​ជា​យូរ​មក​ហើយ អំពី​របៀប​ដែល​យើង​អាច​ជួយ​មិត្តភក្តិ​ថ្មី​របស់​យើង​ឲ្យ​ទទួល​អារម្មណ៍​ថា គាត់​មាន​គេ​ស្វាគមន៍ មាន​គេ​ស្រឡាញ់​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ ។ ពួកគេ​ត្រូវការ​ចំណុច​បី​យ៉ាង ដើម្បី​ពួកគេ​អាច​បន្ត​នៅ​រឹងមាំ និង​ស្មោះត្រង់​អស់​មួយ​ជីវិត​ពួកគេ ៖

ទីមួយ ពួកគេ​ត្រូវ​បងប្អូន​ប្រុសស្រី​នៅក្នុង​សាសនាចក្រ ដែល​ចាប់​អារម្មណ៍​លើ​ពួកគេ​ដោយ​ស្មោះសរ ជា​មិត្ត​ពិត និង​ស្មោះត្រង់​ដែល​ពួកគេ​នឹង​ងាក​ទៅរក​ជានិច្ច ជា​អ្នក​ដែល​នឹង​ដើរ​នៅ​ក្បែរ​ពួកគេ និង​ជា​អ្នក​ដែល​នឹង​ឆ្លើយ​សំណួរ​របស់​ពួកគេ ។ ក្នុងនាម​ជា​សមាជិក យើង​គួរតែ​យក​ចិត្ត​ទុកដាក់ ហើយ​រក​មើល​មនុស្ស​ថ្មីៗ​ជានិច្ច នៅពេល​ចូលរួម​សកម្មភាព និង​ការប្រជុំ​នៅ​ព្រះវិហារ ទោះបី​យើង​មាន​ការទទួល​ខុសត្រូវ ការចាត់តាំង ឬ​មាន​កង្វល់​បែប​ណា​ក៏​ដោយ ។ យើង​អាច​ធ្វើ​កិច្ចការ​សាមញ្ញៗ​ដើម្បី​ជួយ​មិត្តភក្តិ​ថ្មី​ទាំង​នេះ ឲ្យ​ទទួល​អារម្មណ៍​នៃ​ការឱប​ក្រសោប និង​ការស្វាគមន៍​នៅក្នុង​សាសនាចក្រ ដូចជា​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ស្នាម​ញញឹម​ដោយ​ស្មោះសរ​ចំពោះ​ពួកគេ អង្គុយ​ច្រៀង និង​ថ្វាយ​បង្គំ​ជាមួយ​គ្នា ហើយ​ណែនាំ​ពួកគេ​ឲ្យ​សមាជិក​ផ្សេង​ទៀត​ស្គាល់​ជាដើម ។ នៅពេល​យើង​បើក​ដួងចិត្ត​របស់​យើង​ចំពោះ​មិត្តភក្តិ​ថ្មី​របស់​យើង​នៅក្នុង​របៀប​មួយ​ចំនួន​ទាំង​នេះ នោះ​យើង​កំពុង​អនុវត្ត​ស្មារតី​នៃ​ការងារ​បម្រើ ។ នៅពេល​យើង​ផ្តល់​ការងារ​បម្រើ​ដល់​ពួកគេ​ដូច​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ នោះ​ពួកគេ​គ្មាន​អារម្មណ៍​ថា « ជា​ជន​ចម្លែក​នៅក្នុង​ព្រះវិហារ​យើង​ឡើយ » ។ ពួកគេ​នឹង​ទទួល​អារម្មណ៍​ថា ពួកគេ​អាច​ចុះ​ចំណោម ហើយ​រាប់អាន​មិត្តភក្តិ​ថ្មី ហើយ​សំខាន់​បំផុត​នោះ ពួកគេ​នឹង​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ តាមរយៈ​ការមើល​ថែ​ដ៏​ស្មោះស្ម័គ្រ​របស់​យើង ។

ទី​ពីរ មិត្តភក្ដិ​ថ្មី​ត្រូវការ​ការចាត់តាំង​មួយ—ឱកាស​ដើម្បី​បម្រើ​ដល់​មនុស្ស​ដទៃ ។ ការបម្រើ​គឺ​ជា​ទេសកោសល្យ​មួយ​ដ៏​អស្ចារ្យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ វា​ជា​ដំណើរការ​មួយ​ដែល​ធ្វើ​ឲ្យ​សេចក្តីជំនឿ​របស់​យើង​រីកចម្រើន​កាន់តែ​ខ្លាំង ។ មិត្ត​ភក្ដិ​ថ្មី​គ្រប់​រូប​សម​នឹង​ទទួល​បាន​នូវ​ឱកាស​នោះ ។ ដោយសារ​តែ​ប៊ីស្សព និង​ក្រុមប្រឹក្សា​វួដ​មាន​ការទទួល​ខុសត្រូវ​ផ្ទាល់ ដើម្បី​ផ្តល់​ការចាត់តាំង​ភ្លាម បន្ទាប់ពី​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួកគេ នោះ​គ្មាន​អ្វី​ដែល​រារាំង​យើង​ក្នុង​នាម​ជា​សមាជិក​ពី​ការអញ្ជើញ​មិត្តភក្តិ​របស់​យើង ឲ្យ​ជួយ​យើង​បម្រើ​មនុស្ស​ដទៃ​ក្រៅ​ផ្លូវការ ឬ​តាមរយៈ​គម្រោង​បម្រើ​នានា​ឡើយ ។

ទីបី មិត្តភក្ដិ​ថ្មី​ត្រូវតែ​បាន « បីបាច់​ដោយ​ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ » ។១១ យើង​អាច​ជួយ​ពួកគេ​ឲ្យ​ស្រឡាញ់ ហើយ​ស្គាល់​ព្រះគម្ពីរ នៅពេល​យើង​អាន និង​ពិភាក្សា​ការបង្រៀន​ជាមួយ​ពួកគេ ផ្តល់​បរិបទ​ទៅ​នឹង​រឿង​នានា ហើយ​ពន្យល់​ពាក្យ​ពិបាកៗ ។ យើង​អាច​បង្រៀន​ពួកគេ​អំពី​របៀប​ទទួល​ការណែនាំ​ផ្ទាល់​ខ្លួន តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់ ។ ក្រៅពី​នោះ យើង​អាច​ឈោង​ទៅ​ជួយ​មិត្តភក្តិ​ថ្មី​របស់​យើង​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ផ្ទាល់ ហើយ​អញ្ជើញ​ពួកគេ​មក​ផ្ទះ​របស់​យើង នៅ​គ្រា​ផ្សេងៗ​ក្រៅ​ពី​កាលវិភាគ​ប្រជុំ និង​សកម្មភាព​សាសនាចក្រ​ជា​ទៀងទាត់​របស់​យើង ដោយ​ជួយ​ពួកគេ​ឲ្យ​លាយ​បញ្ចូល​ខ្លួន​គេ​ទៅក្នុង​ទន្លេ​ដ៏​ធំ​នៃ​សហគមន៍​ពួក​បរិសុទ្ធ ។

ការទទួល​ស្គាល់​នូវ​ការសម្រប​ខ្លួន និង​ឧបសគ្គ​នានា​របស់​មិត្តភក្តិ​ថ្មី​យើង​នៅក្នុង​ការក្លាយ​ជា​សមាជិក​នៃ​គ្រួសារ​ព្រះ ដូចជា​បងប្អូន​ប្រុសស្រី​របស់​យើង នោះ​យើង​អាច​ចែកចាយ​របៀប​ដែល​យើង​យក​ឈ្នះ​លើ​ឧបសគ្គ​ស្រដៀង​គ្នា​នោះ​នៅក្នុង​ជីវិត​របស់​ពួកយើង ។ ការណ៍​នេះ​នឹង​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ពួកគេ​ពុំ​ឯកោ​ឡើយ ហើយ​ថា ព្រះ​នឹង​ប្រទាន​ពរ​ដល់​ពួកគេ នៅពេល​ពួកគេ​អនុវត្ត​សេចក្តីជំនឿ​លើ​ការសន្យា​របស់​ទ្រង់ ។១២

នៅពេល​ទន្លេ​សូលីម័អេស និង​ទន្លេ​ណេហ្គ្រូ​ហូរ​ចូល​គ្នា នោះ​ទន្លេ​អាម៉ាស្សូន​ក្លាយ​ជា​ទន្លេ​ដ៏​ធំ ហើយ​ខ្លាំង ។ នៅក្នុង​របៀប​ដូច​គ្នា​នេះ ពេលយើង និង​មិត្តភក្តិ​ថ្មី​របស់​យើង​ពិត​ជា​រួម​បញ្ចូល​គ្នា នោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ​ប្រែ​កាន់តែ​រឹងមាំ និង​ខ្ជាប់ខ្ជួន​ឡើង ។ ភរិយា​ជា​ទីស្រឡាញ់​របស់​ខ្ញុំ រ៉ូសាណា និង​ខ្ញុំ​មាន​អំណរគុណ​ដល់​អស់​អ្នក​ដែល​បាន​ជួយ​ពួកយើង ឲ្យ​លាយ​បញ្ចូល​ខ្លួន​យើង​ទៅ​ក្នុង​ទន្លេ​ថ្មី​នេះ​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ ពេល​យើង​ឱប​ក្រសោប​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ប្រទេស​កំណើត​របស់​យើង​នៅ​ប្រេស៊ីល ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ មនុស្ស​អស្ចារ្យ​ទាំង​នេះ​បាន​ផ្តល់​ការងារ​បម្រើ​យ៉ាង​ពិតប្រាកដ​ដល់​ពួកយើង ហើយ​បាន​ជួយ​យើង​ឲ្យ​បន្ត​ហូរ​ទៅក្នុង​សេចក្តីសុចរិត ។ ពួក​យើង​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ពួក​លោក ។

ពួកព្យាការី​នៅក្នុង​អឌ្ឍគោល​ខាង​លិច​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​របៀប​រក្សា​មិត្តភក្តិ​ថ្មី​ឲ្យ​ហូរ​រួម​គ្នា​ដោយ​ស្មោះត្រង់​ទៅក្នុង​ទន្លេ​នៃ​សេចក្តីល្អ​ថ្មី​នេះ​ឆ្ពោះទៅកាន់​ជីវិត​អស់​កល្ប​ជានិច្ច ។ ឧទាហរណ៍ ការមើល​ឃើញ​ជំនាន់​របស់​យើង និង​ការដឹង​ថា យើង​នឹង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ស្រដៀង​គ្នា​នេះ ១៣ មរ៉ូណៃ​បាន​បញ្ចូល​នូវ​ជំហាន​សំខាន់​ទាំង​នោះ​ទៅក្នុង​ការសរសេរ​របស់​លោក​ក្នុង​ព្រះគម្ពីរ​មរមន ៖

« ហើយ​បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ចំពោះ​បុណ្យ​ជ្រមុជ​ទឹក ហើយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ ហើយ​លាង​ជម្រះ នោះ​ពួក​គេ​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសនាចក្រ​របស់​ព្រះ​គ្រីស្ទ ហើយ​ឈ្មោះ​របស់​ពួក​គេ​ត្រូវ​បាន​យក​ទៅ ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​នឹក​ចាំ ហើយ​ចិញ្ចឹម​បីបាច់​ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ ដើម្បី​រក្សា​ពួក​គេ​ឲ្យ​នៅ​ក្នុង​ផ្លូវ​ត្រូវ ដើម្បី​ឲ្យ​ពួក​គេ​ចាំ​យាម​ក្នុង​ការ​អធិស្ឋាន​ជានិច្ច ដោយ​ពឹង​ផ្អែក​ទៅ​លើ​តែ​ព្រះ​គុណ​នៃ​ព្រះ​គ្រីស្ទ ដែល​ជា​មេ​ផ្ដើម ហើយ​ជា​មេ​សម្រេច​នូវ​សេចក្ដី​ជំនឿ​របស់​ពួក​គេ ។

ហើយ​សាសនាចក្រ​បាន​ជួបជុំ​គ្នា​ជា​ញឹកញាប់ ដើម្បី​តម​អាហារ ហើយ​អធិស្ឋាន ហើយ​ពិគ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក អំពី​សុខុមាល​ភាព​ដល់​ព្រលឹង​ពួក​គេ » ។១៤

ដៃគូ​ជាទីស្រឡាញ់​របស់​ខ្ញុំ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​អើយ ខ្ញុំ​ជឿ​ថា យើង​អាច​ធ្វើ​បាន​កាន់តែ​ប្រសើរ​ឡើង ហើយ​យើង​គួរតែ​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​នៅក្នុង​ការស្វាគមន៍​មិត្តភក្តិ​ថ្មី​ដែល​ចូល​មក​សាសនាចក្រ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​កាន់តែ​ឱប​ក្រសោប កាន់តែ​ទទួល​យក ហើយ​កាន់តែ​ជា​ជំនួយ​ដល់​ពួកគេ ដោយ​ចាប់ផ្តើម​ពី​សប្តាហ៍​ក្រោយ​នេះ​តទៅ ។ ចូរ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​ការចាត់តាំង​នៃ​សាសនាចក្រ​របស់​អ្នក រារាំង​អ្នក​ពី​ការស្វាគមន៍​មិត្តភក្តិ​ថ្មី​នៅ​ឯ​ការប្រជុំ និង​សកម្មភាព​សាសនាចក្រ​ឡើយ ។ លើស​ពី​អ្វីៗ​ទាំងអស់ ព្រលឹង​ទាំង​នេះ​មាន​តម្លៃ​នៅ​ចំពោះ​ព្រះនេត្រ​ព្រះ ហើយ​មាន​សារៈសំខាន់​ខ្លាំង​ជាង​កម្មវិធី និង​សកម្មភាព​នានា​ទៅ​ទៀត ។ ប្រសិនបើ​យើង​ផ្តល់​ការងារ​បម្រើ​ដល់​មិត្តភក្តិ​ថ្មី​របស់​យើង​ដោយ​ដួងចិត្ត​ដែល​ពោរពេញ​ដោយ​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ ដូច​ព្រះអង្គសង្គ្រោះ​ស្រឡាញ់ នោះ​ខ្ញុំ​សូម​សន្យា​នឹង​អ្នក​នៅក្នុង​ព្រះនាម​ទ្រង់​ថា ទ្រង់​នឹង​ជួយ​យើង​នៅក្នុង​ការខិតខំ​របស់​យើង ។ ពេល​យើង​ផ្តល់​ការងារ​បម្រើ​ដោយ​ស្មោះត្រង់​ដូច​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ នោះមិត្តភក្តិ​ថ្មី​របស់​យើង​នឹង​មាន​ជំនួយ​ដែល​ពួកគេ​ត្រូវការ ដើម្បី​បន្ត​នៅ​រឹងមាំ លះបង់ និង​ស្មោះត្រង់​រហូត​ដល់​ចុង​បំផុត ។ ពួកគេ​នឹង​ចូលរួម​ជាមួយ​យើង នៅពេល​យើង​ក្លាយ​ជា​មនុស្ស​ដ៏​ខ្លាំង​នៃ​ព្រះ ហើយ​នឹង​ជួយ​ពួកយើង​ឲ្យ​នាំ​ទឹក​សាប​ទៅក្នុង​ពិភពលោក​ដែល​ត្រូវការ​យ៉ាង​ខ្លាំង​នូវ​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ បុត្រាបុត្រី​របស់​ព្រះទាំង​នេះ នឹង​ទទួល​អារម្មណ៍​ថា ពួកគេ « មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​មួយ​នឹង​ពួក​បរិសុទ្ធ » ។១៥ ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា ពួកគេ​នឹង​ទទួល​ស្គាល់​វត្តមាន​របស់​ព្រះអង្គសង្គ្រោះ​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់​ផ្ទាល់ ។ ពួកគេ​នឹង​បន្ត​ហូរ​ទៅ​ជាមួយ​យើង​ជាទន្លេ​មួយ​ទៅក្នុង​ប្រភព​នៃ​សេចក្តី​ល្អ​ទាំងអស់ រហូត​ដល់​ពួកគេ​ត្រូវបាន​ទទួល​ដោយ​ព្រះហស្ត​លាត​សន្ធឹង​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ហើយ​ពួកគេ​ឮ​ព្រះវរបិតា​មាន​បន្ទូល​ថា « អ្នករាល់​គ្នា នឹង មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។១៦

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ ដើម្បី​ស្រឡាញ់​មនុស្ស​ដទៃ​ដូច​ទ្រង់​បាន​ស្រឡាញ់​បងប្អូន ។ ចូរ​យើង​ទាំងអស់​គ្នា​ធ្វើ​តាម​ការទូន្មាន​របស់​មរមន​ថា ៖ « ហេតុដូច្នេះ​ហើយ ឱ​បងប្អូន [ ទាំង​ប្រុសស្រី ] ដ៏​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នករាល់​គ្នា​បាន​ពោរពេញ​ដោយ​សេចក្ដីស្រឡាញ់​នេះ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ » ។១៧ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​នៃ​សេចក្ដីពិត​ទាំងនេះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។