ឆ្នាំ ២០១០-២០១៩
ឥឡូវ​នេះ​គឺ​ជា​ពេល​វេលា
ខែ តុលា ឆ្នាំ ២០១៨


ឥឡូវ​នេះ​គឺ​ជា​ពេល​វេលា

ប្រសិនបើ​ជីវិត​របស់​បងប្អូន​មាន​អ្វី​មួយ​ដែល​បងប្អូន​ត្រូវ​គិត​ពិចារណា ឥឡូ​វ​នេះ​គឺ​ជា​ពេល​វេលា ។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន កាល​កំពុង​រៀបចំខ្លួន​សម្រាប់​ដំណើរ​អាជីវកម្ម​មួយ ខ្ញុំ​បាន​ចាប់ផ្ដើម​ឈឺ​ទ្រូង ។ ដោយ​ក្ដីបារម្ភ ភរិយា​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​អម​ដំណើរ​ខ្ញុំ ។ អំឡុង​ពេល​យន្តហោះ​ជើង​ទីមួយ​របស់​យើង ខ្ញុំ​កាន់​តែ​ឈឺ​ទ្រូង​ខ្លាំង​ឡើង​រហូត​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាកដក​ដង្ហើម ។ នៅពេល​យន្ត​ហោះ​បាន​ចុះ​ចត យើង​បាន​ចេញ​ពី​អាកាស​យាន្ត​ដ្ឋាន ហើយ​ទៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​មូលដ្ឋាន បន្ទាប់​ពី​ធ្វើ​ការ​ពិនិត្យ​មួយ​ចំនួន វេជ្ជបណ្ឌិត​បាន​ប្រាប់​ថា យើង​មាន​សុវត្ថិភាព​ដើម្បី​បន្ត​ធ្វើ​ដំណើរ​បាន ។

យើង​បាន​ត្រឡប់​ទៅ​អាកាស​យាន្ត​ដ្ឋាន​វិញ ហើយ​ជិះ​យន្ត​ហោះ​ទៅកាន់​គោលដៅ​ចុង​ក្រោយ​របស់​យើង ។ នៅពេល​យន្តហោះ​រៀប​ចុះ នោះ​អាកាសយានិក​បាន​និយាយ​តាម​វិទ្យុ​ទាក់ទង​រក​ខ្ញុំ ។ អ្នក​បម្រើ​លើ​យន្ត​ហោះ​បាន​មក​រក​ខ្ញុំ ហើយ​និយាយ​ថា ពួកគេ​ទើប​ទទួល​ទូរសព្ទ​បន្ទាន់​មួយ ហើយ​បាន​ប្រាប់​ខ្ញុំ​ថា មាន​រថយន្ត​សង្គ្រោះ​មួយ​កំពុង​រង់​ចាំ​នៅ​អាកាស​យាន្ដ​ដ្ឋាន ដើម្បី​នាំ​ខ្ញុំ​ទៅ​កាន់​មន្ទីរ​ពេទ្យ ។

យើង​បាន​ឡើង​ជិះ​រថយន្ត​សង្គ្រោះ​នោះ ហើយ​បាន​ប្រញាប់​ប្រញាល់​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ក្នុង​មូលដ្ឋាន ។ នៅទីនោះ យើង​បាន​ជួប​នឹង​វេជ្ជបណ្ឌិត​ដ៏​ព្រួយ​បារម្ភ​ពីរ​រូប​ដែល​បាន​ពន្យល់​ថា ខ្ញុំ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ខុស ហើយ​តាម​ពិត​ខ្ញុំ​មាន​ការ​ស្ទះ​សរសៃ​ឈាម​ក្នុង​សួត​ធ្ងន់​ធ្ងរ ឬ​កំណក​ឈាម​នៅ​ក្នុង​សួត​របស់​ខ្ញុំ ដែល​តម្រូវឲ្យ​មាន​ការ​ព្យាបាល​ជា​បន្ទាន់ ។ វេជ្ជបណ្ឌិត​ទាំង​នោះ​បាន​ប្រាប់​យើង​ថា មាន​អ្នក​ជំងឺ​ជា​ច្រើន​នាក់​ពុំ​អាច​នៅ​រស់​ក្នុង​ដំណាក់​នេះ​បាន​ឡើយ ។ ដោយ​ដឹង​ថា យើង​បាន​ចេញ​ឆ្ងាយ​ពី​ផ្ទះ ហើយ​ពុំ​ប្រាកដ​ថា យើង​បាន​រៀបចំ​ខ្លួន​រួច​ស្រេច​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ផ្លាស់​ប្ដូរ​ជីវិត​បែប​នោះ​នៅ​ឡើយ នោះ​វេជ្ជបណ្ឌិត​បាន​និយាយ​ថា ប្រសិនបើ​ជីវិត​របស់​យើង​មាន​អ្វី​មួយ​ដែល​យើង​ត្រូវ​គិត​ពិចារណា ឥឡូវ​នេះ​គឺ​ជា​ពេល​វេលា​ហើយ ។

ខ្ញុំ​ចាំ​យ៉ាង​ច្បាស់​ថា នៅ​ក្នុង​គ្រា​ដ៏​ព្រួយ​បារម្ភ​នោះ ទស្សនវិស័យ​របស់​ខ្ញុំ​ទាំង​ស្រុង​បាន​ផ្លាស់​ប្ដូរ​ភ្លាមៗ ។ អ្វី​ដែល​ទំនង​ជា​រឿង​សំខាន់​កាល​ពីមុន ឥឡូវ​នេះ​លែង​សំខាន់​ទៀត​ហើយ ។ គំនិត​របស់​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ពីការ​ព្រួយ​បារម្ភ​ខាង​លោកិយ​ទៅ​រក​ទស្សនវិស័យ​ដ៏​អស់​កល្ប​មួយ—ជា​ការ​គិត​ពី​គ្រួសារ កូនចៅ ហើយ​ចុង​បញ្ចប់​គឺ​ការ​វាយ​តម្លៃ​ពី​ជីវិត​របស់​ខ្ញុំ​ផ្ទាល់ ។

តើ​យើង​សម្រេច​បាន​អ្វី​ខ្លះ​ហើយ​ជា​គ្រួសារ និង​ជា​បុគ្គល​ម្នាក់ៗ ? តើ​យើង​បាន​រស់​នៅ​សម​ស្រប​តាមសេចក្ដី​សញ្ញា​ដែល​យើង​បាន​ធ្វើ និង​ការ​រំពឹង​ទុក​របស់​ព្រះអម្ចាស់​ដែរ​ឬ​ទេ ឬ​តើ​យើង​បាន​អនុញ្ញាត​ដោយ​អចេតនា ឲ្យ​ការ​ព្រួយ​បារម្ភ​ខាង​លោកិយ​អូស​ទាញ​យើង​ចេញ​ពី​រឿង​ដែល​សំខាន់​បំផុត​ដែរ​ឬ​ទេ ?

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ពី​មេរៀន​ដ៏​សំខាន់​មួយ​ចេញ​ពី​បទពិសោធន៍​នេះ​គឺ ការ​ឈប់​ផ្ដោត​លើ​កង្វល់​ខាង​លោកិយ ហើយ​ធ្វើ​ការ​វាយ​តម្លៃ​ពី​ជីវិត​របស់​បងប្អូន ។ ឬ​ដូច​អ្វី​ដែល​វេជ្ជបណ្ឌិត​នោះ​បាន​និយាយ​ថា ប្រសិនបើ​ជីវិត​របស់​បងប្អូន​មាន​អ្វី​មួយ​ដែល​បងប្អូន​ត្រូវ​គិត​ពិចារណា ឥឡូវ​នេះ​គឺ​ជា​ពេល​វេលា​ហើយ ។

ការ​វាយ​តម្លៃពី​ជីវិត​របស់​យើង

យើង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ពេញ​ដោយ​ព័ត៌មាន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ គ្រប់​គ្រង​ដោយ​ការ​រំខាន​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​ការ​លំបាក ដើម្បី​តម្រៀប​ការ​ភាន់​ច្រឡំ​នៃ​ជីវិត​នេះ ហើយ​ផ្ដោត​លើ​រឿង​ដែល​មាន​តម្លៃ​អស់​កល្ប​ជានិច្ច ។ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង យើង​ងាយ​នឹង​ឃើញ​នូវ​មាតិកា​រឿង​ដែល​ត្រូវ​បាន​រៀប​រៀង​ឡើង ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​យើង​ដែល​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​តាម​រយៈ​ការ​ផ្លាស់ប្ដូរ​ផ្នែក​បច្ចេកវិទ្យា​យ៉ាង​លឿន ។

យើង​ពុំ​អាច​ដឹង​ពី​ឥទ្ធិពល​នៃ​បរិយាកាស​ដែល​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​នេះ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង និង​ការ​ជ្រើស​រើស​ដែល​យើង​ធ្វើ​បាន​ឡើយ​ដរាប​ណា​យើង​ចំណាយ​ពេល​សញ្ជឹង​គិត ។ យើង​ប្រហែល​ជា​រក​ឃើញ​ថា ជីវិត​របស់​យើង​បាន​ចំណាយ​ច្រើន​ជាមួយ​នឹង​ព័ត៌មាន​មួយ​ចំនួន​តូច​តាមរយៈគំនិត​ដែល​ពេញ​និយម​លើ​អ៊ិនធើរណែត វីដេអូ និង​មាតិកា​រឿង​នានា​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​យើង ។ ទោះ​ជា​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​រីករាយ​ក្ដី ប៉ុន្តែ​ភាគច្រើន​នៃ​មាតិកា​រឿង​ទាំង​នេះ​ជួយ​តិច​តួច​ណាស់​ដល់​ការ​រីកចម្រើន​ដ៏​អស់​កល្ប​របស់​យើង ហើយ​វា​ក៏​ជះ​ឥទ្ធិពល​ដល់​របៀប​ដែល​យើង​គិត​ពី​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង​ផង​ដែរ ។

ការ​ទាក់ទាញ​ខាង​លោកិយ​ទាំង​នេះ​អាច​ប្រៀប​បាន​ទៅ​នឹង​ការ​ទាក់​ទាញ​ទាំងឡាយ​នៅ​ក្នុង​សុបិន​របស់​លីហៃ​ដែរ ។ នៅ​ពេល​យើង​រីកចម្រើន​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ដោយ​មាន​ដៃ​របស់​យើង​កាន់​ជាប់​ទៅ​នឹង​ដំបង​ដែក នោះ​យើង​ស្ដាប់​ឮ ហើយ​ឃើញ « អាកប្បកិរិយា​ចំអក​ឡកឡឺយ ហើយ​ចង្អុល​ដៃ »​ទាំង​នោះ​មក​ពី​អគារ​ដ៏​ធំ ហើយ​ទូលាយ ( នីហ្វៃទី ១ ៨:២៧ ) ។ យើង​ប្រហែល​ជា​គ្មាន​ចេតនា​ធ្វើ​រឿង​ទាំងនោះ​ឡើយ ប៉ុន្តែ​ពេល​ខ្លះ​យើង​បាន​ឈប់ ហើយ​មើល​ទៅ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​លើ​អគារ​នោះ ។ មាន​យើង​មួយ​ចំនួន​ថែមទាំង​បាន​លែង​ដៃ​ពី​ដំបង​ដែក ហើយ​ដើរ​ទៅ​ជិត​ដើម្បី​មើល​ឲ្យ​បាន​ច្បាស់​បន្តិច ។ មនុស្ស​ផ្សេង​ទៀត​ប្រហែល​ជា​ឃ្លាត​ចេញ​ទាំង​ស្រុង « ពី​ព្រោះ​តែ​ពួក​អ្នក​ដែល​ចំអក​ដាក់​គេ »​នោះ ( នីហ្វៃទី ១ ៨:២៨ ) ។

ព្រះអង្គ​សង្គ្រោះ​បាន​ហាម​យើង​ឲ្យ​« ប្រយ័ត្ន​ខ្លួន…ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​កំពុង​តែ​ផ្ទុក​នូវ​សេចក្តី​វក់​នឹង…សេចក្តី​ខ្វល់ខ្វាយ​នៅ​ជីវិត » ( លូកា ២១:៣៤ ) ។ វិវរណៈ​សម័យ​បច្ចុប្បន្ន​រំឭក​យើង​ថា មាន​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​បាន​ហៅ ប៉ុន្តែ​មាន​មនុស្ស​តែ​បន្តិច​ទេ​ដែល​ត្រូវ​បាន​រើស ។ ពួកគេ​ពុំ​ត្រូវ​បាន​រើស​« ពី​ព្រោះ​ចិត្ត​របស់​ពួក​គេ​ត្រូវ​បាន​ភ្ជាប់…ទៅ​លើ​អ្វីៗ​ទាំង​ឡាយ​នៃ​លោក​នេះ ហើយ​ប្រាថ្នា​ចង់​បាន​កិត្តិយស​នៃ​មនុស្ស​លោក »​( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៥ សូមមើល​ផងដែរ ខ​ទី ៣៤ ) ។ ការ​វាយ​តម្លៃ​ពី​ជីវិត​របស់​យើង​ផ្ដល់​ដល់​យើង​នូវ​ឱកាស​មួយ​ដើម្បី​ថយ​មួយ​ជំហានពី​លោកិយ សញ្ជឹង​គិត​ពី​កន្លែង​ដែល​យើង​ឈរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​នោះ ហើយ​ធ្វើ​ការ​កែតម្រូវ ប្រសិន​បើ​ចាំបាច់ ដើម្បី​ប្រាកដ​ថា ដៃ​យើង​ក្ដាប់​តោង​ដំបង​ដែក​យ៉ាង​ណែន និង​ការ​ផ្ដោត​មើល​ទៅ​មុខ ។

ថ្មីៗ​នេះ នៅក្នុង​ប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យុវវ័យ​ឲ្យ​ដក​ថយ​ពី​លោកិយ ដោយ​ដកខ្លួន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តាមរយៈការ​ឈប់​ប្រើ​វា​ចំនួន​ប្រាំពីរ​ថ្ងៃ ។ ហើយ​ទើប​តែ​ពី​ល្ងាច​ម្សិលមិញ​នេះ លោក​បាន​ធ្វើ​ការអញ្ជើញ​ស្រដៀង​គ្នា​នេះ​ដល់​បងប្អូន​ស្រី នៅ​សម័យ​ប្រជុំ​ស្ត្រី​ទូទៅ​នៃ​សន្និសីទ ។ បន្ទាប់មក លោក​បាន​សុំ​ឲ្យ​ពួកយុវវ័យ​កត់​សម្គាល់​ពី​ភាពខុស​គ្នា​នានា​នៅ​ក្នុង​អារម្មណ៍ គំនិត​របស់​ពួកគេ ឬ​របៀប​ដែល​ពួកគេ​គិត​ផង​ដែរ ។ បន្ទាប់​មក លោក​បាន​អញ្ជើញ​ពួកគេ​ឲ្យ « ធ្វើ​ការ​វាយតម្លៃ​ពី​ជីវិត​ជាមួយ​នឹង​ព្រះអម្ចាស់​ដោយ​ហ្មត់ចត់…ដើម្បី​ប្រាកដ​ថា​ជើង​របស់​ប្អូនៗ​ឈរ​យ៉ាង​មុតមាំ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា » ។ លោក​បាន​លើក​ទឹក​ចិត្ត​ពួកគេ​ថា ប្រសិន​បើ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ មាន​រឿង​ដែល​ត្រូវ​ផ្លាស់ប្ដូរ « ថ្ងៃ​នេះគឺ​ជា​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​ផ្លាស់ប្ដូរ » ។

នៅ​ក្នុង​ការ​វាយតម្លៃ​នូវ​រឿង​ទាំងឡាយ​ក្នុង​ជីវិត​របស់​យើង​ដែល​ត្រូវ​ផ្លាស់​ប្ដូរ យើង​ប្រហែល​ជា​អាច​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដ៏​ជាក់​លាក់​មួយ​ថា តើ​យើង​យក​ឈ្នះ​ការ​អូស​ទាញ​នៃ​លោកិយ​នេះ ហើយ​បន្ត​ផ្ដោត​លើ​ទស្សន​វិស័យ​នៃ​ភាព​អស់​កល្ប​នៅ​ចំពោះ​មុខ​យើង​តាម​របៀប​ណា ?

នៅ​ក្នុង​សុន្ទរកថា​មួយ​នៃ​សន្និសីទ​ទូទៅ​ឆ្នាំ​២០០៧ ដែល​មាន​ចំណង​ជើង​ថា « ល្អ ល្អ​ជាង ល្អ​បំផុត » នោះ​ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ពី​របៀប​ដើម្បី​ដាក់​អាទិភាព​ការ​ជ្រើស​រើស​នានា​នៅ​ក្នុង​ចំណោម​តម្រូវការ​ខុសៗ​គ្នា​ជាច្រើន​របស់​យើង​ខាង​លោកិយ ។ លោក​បាន​ទូន្មាន​ថា « យើង​ត្រូវតែ​លះបង់​ការដែល​ល្អ ដើម្បី​ជ្រើសរើស​អ្វី​ដែល​ល្អ​ជាង ឬ ល្អ​បំផុត ពីព្រោះ​ការណ៍​ទាំងនោះ​អភិវឌ្ឍ​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង​ពង្រឹង​ក្រុមគ្រួសារ​របស់​យើង » ។

ខ្ញុំ​សូម​ជូន​ជា​យោបល់​ថា រឿង​ល្អ​បំផុត​នៅ​ក្នុង​ជីវិត​នេះ​គឺ​ការ​ផ្ដោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​យល់​ដឹង​ពី​សេចក្ដី​ពិត​ដ៏​អស់​កល្ប​ថា ទ្រង់​ជា​នរណា ហើយ​ថា​យើង​ជា​នរណា​នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​នឹង​ទ្រង់ ។

ស្វែង​រក​សេចក្ដី​ពិត

នៅពេល​យើង​ចង់​ស្គាល់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​ពុំ​គួរ​មើល​រំលង​សេចក្ដី​ពិត​ដ៏​សំខាន់​ថា យើង​ជា​នរណា និង​ហេតុផល​ដែល​យើង​នៅ​ទីនេះ​ឡើយ ។ អាមូលេក​រំឭក​យើង​ថា « ជីវិត​នេះ​គឺ​ជា​ពេល​វេលា​សម្រាប់…ប្រុងប្រៀប​ខ្លួន​ទៅ​ជួប​នឹង​ព្រះ » ជា​ពេល « ដែល​បាន​ប្រទាន​ដល់​យើង ដើម្បី​ប្រុងប្រៀប​ខ្លួន​សម្រាប់​ដល់​ភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( អាលម៉ា ៣៤:៣២–៣៣ ) ។ ដូចជា​ពាក្យ​ដ៏​ល្បី​ល្បាញ​មួយ​ឃ្លា​រំឭក​យើង​ថា « យើង​ពុំ​មែន​ជា​មនុស្ស​ដែល​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​នោះ​ទេ ។ យើង​គឺជា​តួអង្គ​ខាង​វិញ្ញាណ​ដែល​មាន​បទពិសោធន៍​របស់​មនុស្ស » ។

ការ​យល់ដឹង​ពី​ដើម​កំណើត​ជា​ព្រះ​របស់​យើង​គឺ​មាន​សារៈសំខាន់​ចំពោះ​ការ​រីកចម្រើន​ដ៏​អស់​កល្ប​របស់​យើង ហើយ​វា​អាច​ជួយ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ទាក់​ទាញ​នៃ​ជីវិត​នេះ ។ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ថា ៖

« បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន

អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច »​( យ៉ូហាន ៨:៣១–៣២ ) ។

ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​ប្រកាស​ថា « ជោគជ័យ​ដ៏​ធំ​បំផុត​ដែល​មនុស្ស​អាច​សម្រេច​បាន​នៅក្នុង​ពិភពលោក​នេះ​គឺការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្គាល់​សេចក្ដី​ពិត​ដ៏​ទេវភាព ឲ្យ​បាន​ហ្មត់​ចត់ ឲ្យ​បាន​ល្អ​ឥតខ្ចោះ ដែល​គ្មាន​គំរូ ឬ​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ណា​ម្នាក់​នៅ​ក្នុង​ពិភពលោក​នេះ​អាច​បង្វែរ​ពួកគេ​ចេញ​ពី​ចំណេះដឹង​ដែល​ពួកគេ​បាន​ទទួល​ឡើយ » ។

នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ ការ​ពិភាក្សា​ពី​សេចក្ដីពិត​បាន​ឈាន​ទៅ​ដល់​ចំណុច​កំពូល​មួយ ដោយ​គ្រប់​ភាគី​ប្រកាស​ថា សេចក្ដីពិត​គឺជា​គំនិត​ដែល​មាន​អត្ថន័យ​ស្រប​តាម​ការ​បកស្រាយ​ផ្ទាល់​ខ្លួន ។ យុវជន​វ័យ​ក្មេង​យ៉ូសែប ស៊្មីធ​បាន​រក​ឃើញ​ថា មាន « ការរំជើបរំជួល និង ការឈ្លោះ​ប្រកែក​គ្នា​ជា​ខ្លាំង »​ក្នុង​ជីវិត​របស់​លោក រហូត​« ពិបាក​… ឲ្យ​ចេះ​សម្រេច​ចិត្ត​ថា នរណា​មួយ​ត្រូវ ហើយ​នរណា​មួយ​ខុស » ខ្លាំង​ណាស់ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨ ) ។ គឺ​« នៅ​កណ្ដាល​ចម្បាំង​ខាង​ពាក្យ​សម្តី និង​ការ​ជ្រួលច្របល់​ខាង​គំនិត​ជឿ​នេះ »​ហើយ​ទើប​លោក​បាន​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះតាមរយៈ​ការ​ស្វែង​រក​សេចក្ដីពិត ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០ ) ។

នៅ​ក្នុង​សន្និសីទ​ខែ​មេសា ប្រធាន​ណិលសុន បាន​បង្រៀន​ថា « បើ​យើង​សង្ឃឹម​ចង់​ស្វែង​រក​អ្វី​មួយ​ដែល​មាន​តម្លៃ​តាមរយៈ​ទស្សន​ជាច្រើន និង​ទស្សនវិជ្ជា​របស់​មនុស្ស​ដែល​វាយ​ប្រហារ​ដល់​សេចក្ដី​ពិត នោះ​យើង​ត្រូវ​តែ​រៀន​ទទួល​វិវរណៈ » ។ យើង​ត្រូវ​រៀន​ពឹង​ផ្អែក​លើ​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត ដែល« ​លោកីយ៍​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ »​( យ៉ូហាន ១៤:១៧ ) ។

កាល​ពិភពលោក​នេះ​ផ្លាស់​ប្ដូរ​យ៉ាង​លឿន​ទៅ​រក​ជីវិត​ក្លែង​ក្លាយ នោះ​យើង​ត្រូវ​តែ​ចងចាំ​ពាក្យ​សម្ដី​របស់​យ៉ាកុប​ថា « ព្រះ​វិញ្ញាណ ទ្រង់​មាន​ព្រះ​បន្ទូល​តែ​ការ​ពិត ហើយ​មិន​កុហក​ឡើយ។ ហេតុ​ដូច្នោះ​ហើយ ព្រះ​វិញ្ញាណ ទ្រង់​មាន​ព្រះ​បន្ទូល​អំពី​រឿង​ទាំង​ឡាយ តាម​ដែល​មាន​នៅ​ពេល​នេះ ហើយ​អំពី​រឿង​ទាំង​ឡាយ​តាម​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ ហេតុ​ដូច្នោះ​ហើយ រឿង​ទាំង​នេះ​ត្រូវ​បាន​សម្ដែង​ដល់​យើង​យ៉ាង​ច្បាស់​សម្រាប់​ការ​សង្គ្រោះ​ដល់​ព្រលឹង​យើង »​( យ៉ាកុប ៤:១៣ ) ។

នៅពេល​យើង​ដក​ថយ​ពី​លោកិយ ហើយ​វាយ​តម្លៃ​ជីវិត​របស់​យើង ឥឡូវ​នេះ​គឺ​ជា​ពេល​ដើម្បី​ពិចារណា​ថា យើង​ត្រូវ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ ។ យើង​អាច​មាន​សេចក្ដី​សង្ឃឹម​ដ៏​ធំ​ដោយ​ដឹង​ថា ព្រះអង្គ​ដ៏​គំរូ​របស់​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដឹកនាំ​ផ្លូវ​នេះ​ជា​ថ្មី​ម្ដង​ទៀត ។ ពីមុន​ការ​សុគត និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ កាល​ទ្រង់​បាន​ធ្វើ​ការ​ដើម្បី​ជួយ​មនុស្ស​ដែល​នៅ​ជុំវិញ​ទ្រង់​ឲ្យ​យល់​ពី​តួនាទី​ជា​ព្រះ​របស់​ទ្រង់ នោះ​ទ្រង់​បាន​រំឭក​ពួកគេ​ថា « ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្តី​សុខ​សាន្ត ។ ដោយសារ​ខ្ញុំ​នៅ​លោកិយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ( យ៉ូហាន ១៦:៣៣ ) ។ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​អំពី​ទ្រង់ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ប្រធាន រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) គេហទំព័រ HopeofIsrael.lds.org ។

  2. ដាល្លិន អេក អូក « Good, Better, Best » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៧ ។

  3. ជារឿយៗ ទាក់ទង​នឹង Pierre Teilhard de Chardin ។

  4. Teachings of Presidents of the Church: Joseph F. Smith( ឆ្នាំ ១៩៩៨ ) ទំព័រ ៤២ ។

  5. រ័សុល អិម ណិលសុន « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ។